វិធីដែលលោកអ្នកអាចយល់គម្ពីរបរិសុទ្ធ
៣. ព្រមទទួលជំនួយពីអ្នកឯទៀត
ពេលអ្នករុករកម្នាក់ឈ្មោះយ៉ូន អឺធ្វើដំណើរឆ្លងកាត់វាលលំហធំមួយនៅប្រទេសអូស្ដ្រាលី មានពួកអ្នកស្រុកដើមនៅតំបន់នោះបង្រៀនគាត់ឲ្យចេះរកទឹកពីទួលខ្សាច់និងពីដើមឈើម្យ៉ាងដែលសម្បូរនៅទីនោះ។ ដោយសារគាត់ព្រមទទួលជំនួយពីអ្នកដែលស្គាល់តំបន់ដែលគាត់ឆ្លងកាត់ នោះគាត់បានរួចរស់ជីវិត។
ឧទាហរណ៍នេះបានបង្ហាញថា ជោគជ័យក្នុងកិច្ចការពិបាក ច្រើនតែតម្រូវឲ្យពឹងជំនួយពីបុគ្គលដែលមានបទពិសោធន៍ច្រើនជាងយើង។ នេះក៏ដូចគ្នាដែរ ពេលលោកអ្នកចាប់ផ្ដើមអានគម្ពីរ។
លោកយេស៊ូមិនដែលសង្ឃឹមថា អ្នកកាន់តាមលោកនឹងយល់គម្ពីរដោយខ្លួនឯងទេ។ នៅពេលមួយ«លោកបានបំភ្លឺគំនិតរបស់ពួកគាត់យ៉ាងពេញលេញ ដើម្បីយល់អត្ថន័យនៃបទគម្ពីរ»។ (លូកា ២៤:៤៥) លោកយេស៊ូដឹងថាអ្នកអានគម្ពីរត្រូវការជំនួយដើម្បីយល់សេចក្ដីបង្រៀនដែលមានក្នុងបទគម្ពីរ។
តើអ្នកណាអាចជួយលោកអ្នក?
លោកយេស៊ូបានបង្គាប់អ្នកកាន់តាមដ៏ពិតរបស់លោកឲ្យផ្ដល់ជំនួយនេះ។ មុនឡើងទៅស្ថានសួគ៌ លោកបានបង្គាប់ថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ . . . ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។ (ម៉ាថាយ ២៨:១៩, ២០) កិច្ចការចម្បងរបស់ពួកគ្រិស្តសាសនិកគឺការបង្រៀនហើយនេះរួមបញ្ចូលការពន្យល់ពីរបៀបដែលមនុស្សអាចអនុវត្តតាមគោលការណ៍គម្ពីរក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះហើយ ពួកគ្រិស្តសាសនិកពិតជួយអ្នកឯទៀតឲ្យយល់គម្ពីរ។
មិនយូរក្រោយពីលោកយេស៊ូប្រគល់ភារកិច្ចនោះឲ្យអ្នកកាន់តាមលោក មានអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍បានកើតឡើង។ គម្ពីរបានរៀបរាប់អំពីមន្ត្រីជាន់ខ្ពស់ជនជាតិអេចូពីម្នាក់ដែលកំពុងអានពីសៀវភៅអេសាយ។ គាត់បានអានបទគម្ពីរមួយដែលគាត់មិនយល់។ យោងទៅតាមកំណត់ហេតុគម្ពីរ ខដែលគាត់ពិបាកយល់នោះចែងថា៖ «លោកត្រូវគេនាំមកដូចជាដឹកចៀមមកសម្លាប់។ ម្យ៉ាងទៀត លោកមិនហើបមាត់សោះ ដូចជាកូនចៀមដែលនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោម។ ក្នុងអំឡុងពេលដែលលោកត្រូវគេបន្ទាបបន្ថោកនោះ គេបានដកសេចក្ដីយុត្ដិធម៌ចេញពីលោក។ តើអ្នកណានឹងរៀបរាប់អំពីជំនាន់របស់លោក? ពីព្រោះជីវិតរបស់លោកនឹងត្រូវផ្ដាច់ចេញពីផែនដី»។—សកម្មភាព ៨:៣២, ៣៣; អេសាយ ៥៣:៧, ៨
មន្ត្រីនោះសួរគ្រិស្តសាសនិកម្នាក់ឈ្មោះភីលីពដែលមានបទពិសោធន៍ ហើយមានចំណេះដឹងច្រើនអំពីគម្ពីរថា៖ «តើអ្នកប្រកាសទំនាយនិយាយដូច្នេះអំពីអ្នកណា? អំពីខ្លួនគាត់? ឬអំពីបុរសមួយផ្សេងទៀត?»។ (សកម្មភាព ៨:៣៤) ជនជាតិអេចូពីនោះទើបបានមកពីគោរពបូជាព្រះនៅឯក្រុងយេរូសាឡិម និងគាត់ទំនងជាបានអធិដ្ឋានសុំជំនួយពីព្រះរួចទៅហើយ។ តាមមើលទៅ ពេលគាត់កំពុងអានគម្ពីរ គាត់ចង់ដឹងព័ត៌មានថែមទៀតនិងមានចិត្តស្លូតបូត។ ប៉ុន្តែ គាត់នៅតែមិនយល់បទគម្ពីរនោះ។ ដូច្នេះ ដោយចិត្តរាបទាប គាត់សុំភីលីពឲ្យជួយគាត់។ ការពន្យល់របស់ភីលីពធ្វើឲ្យមន្ត្រីនោះត្រេកអរពន់ពេករហូតដល់គាត់ចង់ក្លាយទៅជាគ្រិស្តសាសនិកម្នាក់ដែរ។—សកម្មភាព ៨:៣៥-៣៩
សាក្សីព្រះយេហូវ៉ាបន្តធ្វើកិច្ចការដែលភីលីពនិងពួកគ្រិស្តសាសនិកឯទៀតនៅសម័យដើមបានធ្វើ។ ក្នុងជាង២៣៥ប្រទេស សាក្សីព្រះយេហូវ៉ាស្ម័គ្រចិត្តជួយអ្នកឯទៀតឲ្យយល់ពីអ្វីដែលគម្ពីរពិតជាបង្រៀន។ ពួកគេធ្វើដូចនេះដោយសិក្សាគម្ពីរតាមប្រធានបទផ្សេងៗ។ ការសិក្សាគម្ពីរបន្ដិចម្ដងៗនេះ ជាវិធីដែលទាក់ទងនឹងការពិនិត្យមើលអ្វីដែលគម្ពីររៀបរាប់អំពីរឿងណាមួយa (សូមមើលប្រអប់«សំណួរទាក់ទងគម្ពីរ ចម្លើយដែលនាំឲ្យអស់ចិត្ត»)។
«ចម្លើយចំពោះសំណួរខ្ញុំទាំងអស់មានក្នុងគម្ពីរ»
ស្ទីវេន វេលវ៉ាណេរ៉ា និងជោអែនដែលបានរៀបរាប់ពីអត្ថបទដើម បានចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ ស្ទីវេនបានពោលថា៖ «ដោយប្រៀបធៀបបទគម្ពីរដែលមានគោលការណ៍ឬកំណត់ហេតុផ្សេងៗ នោះខ្ញុំច្រើនតែរកឃើញចម្លើយក្នុងគម្ពីរតែម្ដង។ នេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែន ព្រោះមុនខ្ញុំសិក្សាជាមួយសាក្សីព្រះយេហូវ៉ា គ្មានអ្នកណាប្រាប់ខ្ញុំវិធីធ្វើដូចនោះសោះ។ ដោយដឹងថា មិនចាំបាច់មានការខ្វែងគំនិតនិងការប្រកែកគ្នារហូតអំពីគម្ពីរនិងព្រះ នោះធ្វើឲ្យខ្ញុំធូរក្នុងអារម្មណ៍មែន»។
វេលវ៉ាណេរ៉ាក៏យល់ស្របដែរ ហើយបាននិយាយថា៖ «អ្វីៗទាំងអស់ដែលខ្ញុំបានរៀនពីសាក្សីព្រះយេហូវ៉ាគឺស្រួលយល់ហើយសមហេតុសមផល។ ខ្ញុំបានរៀនថា ខ្ញុំមិនចាំបាច់ជឿដោយសារ‹សាសនា›បង្រៀននោះទេ តែពីព្រោះអ្វីៗទាំងអស់មានការពន្យល់ដែលសមត្រឹមត្រូវ»។ ជោអែនរៀបរាប់ថា៖ «ខ្ញុំពោរពេញទៅដោយការគោរពដ៏ជ្រាលជ្រៅចំពោះអ្នកនិពន្ធ ដោយសារចម្លើយចំពោះសំណួរខ្ញុំទាំងអស់មានក្នុងគម្ពីរ។ នេះធ្វើឲ្យខ្ញុំចង់គោរពប្រណិប័តន៍អ្នកនិពន្ធ ព្រោះលោកបានជ្រាបថា មនុស្សយើងនឹងមានសំណួរជាច្រើន ហើយក្នុងគម្ពីរបរិសុទ្ធ លោកបានទុកចម្លើយដែលនាំឲ្យយើងអស់ចិត្ត»។
តើលោកអ្នកស្គាល់សាក្សីព្រះយេហូវ៉ាម្នាក់ទេ? យកល្អលោកអ្នកសុំគាត់បង្ហាញវិធីសិក្សាគម្ពីរ។ បើលោកអ្នកមិនស្គាល់សាក្សីព្រះយេហូវ៉ាម្នាក់ទេ សូមអញ្ជើញទាក់ទងយើងដោយសរសេរសំបុត្រតាមអាសយដ្ឋានដែលមាននៅទំព័រទី២ក្នុងទស្សនាវដ្ដីនេះ។ ដោយមានសកម្មពលបរិសុទ្ធរបស់ព្រះ ទស្សនៈទូលំទូលាយ និងជំនួយពីអ្នកបង្រៀនគម្ពីរដែលមានលក្ខណៈគ្រប់គ្រាន់ នោះបណ្ដាំរបស់ព្រះនឹងក្លាយជាសៀវភៅមួយដែលស្រួលយល់។ លោកអ្នកពិតជាអាចយល់គម្ពីរបាន!
[កំណត់សម្គាល់]
a សៀវភៅមួយដែលបានជួយមនុស្សជាច្រើនឲ្យសិក្សាគម្ពីរតាមប្រធានបទផ្សេងៗគឺសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានត្រូវបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
[ប្រអប់/រូបភាពនៅទំព័រ៨]
សំណួរទាក់ទងគម្ពីរចម្លើយដែលនាំឲ្យអស់ចិត្ត
រឿងខ្លះៗដែលសាក្សីព្រះយេហូវ៉ាពិចារណាក្នុងកម្មវិធីសិក្សាគម្ពីរគឺ:
• តើអ្វីជាគោលបំណងរបស់ព្រះសម្រាប់ផែនដី?
• តើមនុស្សស្លាប់ទៅទីណា?
• តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?
• ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?
• តើខ្ញុំអាចធ្វើឲ្យមានសុភមង្គលក្នុងជីវភាពគ្រួសារតាមវិធីណា?
[រូបភាពនៅទំព័រ៧]
ដើម្បីយល់គម្ពីរបរិសុទ្ធ . . . ចូរអធិដ្ឋានសុំសកម្មពលរបស់ព្រះ អានដោយមានទស្សនៈទូលំទូលាយ ហើយព្រមទទួលជំនួយពីអ្នកឯទៀត