ជំពូកទីបី
ចូរបន្តកាន់តាមយ៉ាងខ្ជាប់ខ្ជួននូវព្រះបន្ទូលរបស់ព្រះ
១. (ក) តើពួកអ៊ីស្រាអែលពីសម័យបុរាណបានពិសោធន៍ នូវសច្ចភាពនៃបន្ទូលរបស់ព្រះយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីក៏យើងគួរចាប់អារម្មណ៍នឹងកំណត់ហេតុនោះ?
«ឯនៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក»។ (យ៉ូស្វេ ២៣:១៤-១៦) នេះហើយជាអ្វីដែលយ៉ូស្វេបានពោលប្រាប់ពួកមនុស្សចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក្រោយពីពួកគេបានរស់នៅក្នុងស្រុកសន្យាហើយនោះ។ មែនហើយ សេចក្ដីសន្យារបស់ព្រះយេហូវ៉ាបានសឲ្យឃើញថាជាអ្វីដែលគួរឲ្យទុកចិត្តបាន។ កំណត់ហេតុនោះ និងសៀវភៅឯទៀតក្នុងព្រះគម្ពីរ បានទុកសំរាប់យើង ដើម្បីឲ្យ«យើងបានសេចក្ដីសង្ឃឹម»។—រ៉ូម ១៥:៤
២. (ក) តើក្នុងន័យអ្វីដែល«ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង»ព្រះគម្ពីរនោះ? (ខ) តើយើងមានភារកិច្ចអ្វីដោយដឹងថា ព្រះបានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងព្រះគម្ពីរនោះ?
២ ថ្វីបើមានមនុស្សប្រមាណ៤០នាក់ ដែលព្រះយេហូវ៉ាបានប្រើឲ្យសរសេរព្រះគម្ពីរក៏ដោយ តែគឺទ្រង់ទេដែលជាអ្នកនិពន្ធព្រះគម្ពីរ។ តើនេះបានសេចក្ដីថា ទ្រង់ដឹកនាំការសរសេរនូវអ្វីទាំងអស់ក្នុងព្រះគម្ពីរឬទេ? មែនហើយ!។ ទ្រង់បានធ្វើដូច្នេះតាមរយៈព្រះវិញ្ញាណបរិសុទ្ធដ៏ខ្លាំងក្លារបស់ទ្រង់ គឺសកម្មពលរបស់ទ្រង់។ សាវ័កប៉ុលបានពោលយ៉ាងច្បាស់ៗថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ . . . ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។ មនុស្សនៅគ្រប់ទីកន្លែងដែលជឿជាក់ថា ព្រះគម្ពីរត្រូវព្រះបណ្ដាលឲ្យតែងនោះ ពួកគេធ្វើតាមព្រះគម្ពីរ និងសម្របជីវិតរបស់ខ្លួនទៅតាមសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ។—ធីម៉ូថេទី២ ៣:១៦, ១៧; ថែស្សាឡូនីចទី១ ២:១៣
ជួយអ្នកដទៃឲ្យយល់និងគោរពព្រះគម្ពីរ
៣. តើអ្វីជាវិធីដ៏ប្រសើរបំផុតដើម្បីជួយមនុស្សជាច្រើន ដែលមិនជឿស៊ប់ថាព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ?
៣ មនុស្សជាច្រើនដែលយើងនិយាយជាមួយ មិនជឿថាព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះទេ។ តើយើងអាចជួយពួកគេយ៉ាងដូចម្ដេចបាន? វិធីដ៏ប្រសើរ គឺបើកព្រះគម្ពីរនិងបង្ហាញនូវអ្វីដែលមានក្នុងព្រះគម្ពីរ។ «ព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ . . . ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេចដែរ»។ (ហេព្រើរ ៤:១២) «ព្រះបន្ទូលនៃព្រះ»មិនមែនជាកំណត់ហេតុស្តីអំពីប្រវត្ដិសាស្ត្រ ដែលលែងមានសារៈសំខាន់ចំពោះសម័យយើងនោះទេ។ ព្រះគម្ពីរមានអានុភាពខ្លាំងណាស់! សេចក្ដីសន្យាទាំងប៉ុន្មានក្នុងព្រះគម្ពីរកំពុងខិតឆ្ពោះទៅរកការសម្រេចដោយគ្មានអ្វីអាចរារាំងបានឡើយ។ សារព្រះគម្ពីរមានអានុភាពលើគំនិតក្នុងជំរៅចិត្តរបស់បុគ្គលម្នាក់ ហើយនេះមានប្រសិទ្ធិភាពខ្លាំងជាងអ្វីដែលយើងអាចនិយាយ ដើម្បីលើកទឹកចិត្តបុគ្គលម្នាក់នោះទៅទៀត។
៤. តើសេចក្ដីពន្យល់អ្វីអំពីព្រះគម្ពីរដែលបានធ្វើឲ្យមនុស្សខ្លះ ផ្លាស់ប្រែទស្សនៈចំពោះព្រះគម្ពីរ? ហើយហេតុអ្វី?
៤ ពេលឃើញព្រះនាមរបស់ព្រះក្នុងព្រះគម្ពីរនោះ នេះបានបណ្ដាលឲ្យមនុស្សជាច្រើនពិនិត្យមើលព្រះគម្ពីរតទៅទៀត។ អ្នកឯទៀតបានសម្រេចចិត្តសិក្សាព្រះគម្ពីរ ពេលពួកគេបានឃើញនូវអ្វីដែលព្រះគម្ពីរចែងអំពីគោលបំណងនៃជីវិត ហេតុដែលព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់ជួជាតិ អត្ថន័យនៃព្រឹត្ដិការណ៍ថ្មីៗ ឬក៏សេចក្ដីសង្ឃឹមអំពីជីវិតអស់កល្បជានិច្ចលើផែនដីមនោរម្យ។ នៅក្នុងប្រទេសដែលមានការប្រព្រឹត្តតាមទំនៀមទំលាប់ខ្លះៗខាងសាសនា បានធ្វើឲ្យពួកបិសាចមកពាធា នោះសេចក្ដីពន្យល់ក្នុងព្រះគម្ពីរស្តីអំពីមូលហេតុដែលនេះបានកើតឡើង និងវិធីរកជំនួយឲ្យបានរួចចេញពីការពាធានោះ បានធ្វើឲ្យមនុស្សចាប់អារម្មណ៍យ៉ាងខ្លាំង។ ហេតុអ្វីក៏ចំណុចទាំងនេះធ្វើឲ្យមនុស្សចិត្តស្មោះចាប់អារម្មណ៍? ពីព្រោះព្រះគម្ពីរជាប្រភពតែមួយគត់ដែលមានពត៌មានដ៏គួរឲ្យទុកចិត្ត ស្តីអំពីប្រធានសំខាន់ៗទាំងនេះ។—ទំនុកដំកើង ១១៩:១៣០
៥. (ក) នៅពេលមនុស្សពោលថាពួកគេមិនជឿលើព្រះគម្ពីរ តើនេះដោយសារមូលហេតុអ្វី? (ខ) តើយើងអាចជួយមនុស្សបែបនេះយ៉ាងដូចម្ដេច?
៥ ប៉ុន្តែ ចុះយ៉ាងណាវិញបើមនុស្សប្រាប់យើងថា ពួកគេឥតជឿលើព្រះគម្ពីរទេ? តើយើងឈប់និយាយភ្លាមឬទេ? យើងមិនឈប់និយាយទេ ប្រសិនបើគេចង់វែកញែកអំពីរឿងនោះតទៅទៀត។ ប្រហែលជាពួកគេរាប់ទុកព្រះគម្ពីរ ជាសៀវភៅរបស់ពិភពគ្រីស្ទសាសនា។ ភាពលាក់ពុតនិងការជ្រៀតជ្រែកខាងនយោបាយនៃពិភពគ្រីស្ទសាសនា និងការអង្គាសប្រាក់មិនឈប់ឈរ អាចជាដើមហេតុនៃប្រតិកម្មដ៏អវិជ្ជមានរបស់មនុស្សចំពោះព្រះគម្ពីរ។ គឺអាចជាការល្អបើយើងសួរគេអំពីរឿងនេះ។ បើពួកគេដឹងថាព្រះគម្ពីរផ្ដន្ទាទោសពិភពគ្រីស្ទសាសនា ថែមទាំងឃើញនូវទស្សនៈដ៏ខុសគ្នារវាងពិភពគ្រីស្ទសាសនានិងសាសនាគ្រីស្ទានពិតនោះ នេះអាចធ្វើឲ្យពួកគេចាប់អារម្មណ៍នឹងព្រះគម្ពីរវិញ។—មីកា ៣:១១, ១២; ម៉ាថាយ ១៥:៧-៩; យ៉ាកុប ៤:៤
៦. (ក) តើអ្វីដែលធ្វើឲ្យអ្នកផ្ទាល់ជឿជាក់ថា ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ? (ខ) តើអ្នកអាចវែកញែកបង្ហាញហេតុការណ៍ណាទៀត ដើម្បីជួយមនុស្សឲ្យយល់ថាព្រះគម្ពីរគឺពិតជាមកពីព្រះនោះ?
៦ ចំពោះអ្នកឯទៀត ការពិគ្រោះយ៉ាងចំៗអំពីភស្តុតាងដែលថា ព្រះគម្ពីរបានត្រូវបណ្ដាលដោយព្រះ ក៏អាចមានប្រយោជន៍ផងដែរ។ តើអ្វីដែលសឲ្យឃើញយ៉ាងច្បាស់ចំពោះអ្នក ថាព្រះគម្ពីរមកពីព្រះយេហូវ៉ានោះ? តើនេះដោយសារអ្វីដែលព្រះគម្ពីរផ្ទាល់ចែងអំពីប្រភពដើមឬទេ? ឬតើនេះដោយហេតុថាព្រះគម្ពីរមានទំនាយជាច្រើន ដែលបង្ហាញអំពីពត៌មានយ៉ាងល្អិតល្អន់អំពីអនាគត ពិតជាទំនាយដែលច្បាស់ជាមកពីប្រភពអធិធម្មជាតិនោះឬ? (ពេត្រុសទី២ ១:២០, ២១) តើប្រហែលជាដោយសារព្រះគម្ពីរមានភាពស្របគ្នាឬ ថ្វីបើមានមនុស្ស៤០នាក់បានសរសេរក្នុងរយៈពេល១.៦០០ឆ្នាំក៏ដោយនោះ? ឬក៏តើនេះមកពីភាពត្រឹមត្រូវខាងវិទ្យាសាស្ត្រ បើប្រៀបធៀបនឹងសៀវភៅឯទៀតពីសម័យនោះ? ឬតើនេះដោយសារពួកអ្នកសរសេរទាំងនោះមានភាពទៀងត្រង់ទៅវិញទេ? ឬក៏តើនេះដោយសារព្រះគម្ពីរនៅគង់វង្ស ទោះជាមានការខំប្រឹងកំទេចចោលព្រះគម្ពីរក៏ដោយនោះ? មូលហេតុណាក៏ដោយដែលធ្វើឲ្យអ្នកចាប់អារម្មណ៍នឹងព្រះគម្ពីរ ក៏អាចត្រូវយកមកប្រើដើម្បីជួយមនុស្សដទៃដែរ។a
ការអានព្រះគម្ពីរ
៧, ៨. (ក) តើយើងគួរធ្វើយ៉ាងណាចំពោះព្រះគម្ពីរ? (ខ) តើយើងត្រូវការអ្វីទៀតក្រៅពីការអានព្រះគម្ពីរផ្ទាល់ខ្លួន? (គ) តើតាមរបៀបណាដែលអ្នកផ្ទាល់បានទទួលការយល់ដឹងអំពីគោលបំណងរបស់ព្រះយេហូវ៉ា?
៧ ក្រៅពីការជួយមនុស្សឲ្យជឿលើព្រះគម្ពីរ យើងក៏ត្រូវការឆ្លៀតពេលអានព្រះគម្ពីរឲ្យបានទៀងទាត់ដោយខ្លួនឯងដែរ។ តើអ្នកកំពុងតែធ្វើដូច្នេះឬទេ? ព្រះគម្ពីរជាសៀវភៅដ៏សំខាន់បំផុតក្នុងចំណោមសៀវភៅទាំងអស់ដែលបានបោះពុម្ពមក។ ប្រាកដហើយ នេះមិនបានសេចក្ដីថា ប្រសិនបើយើងអានព្រះគម្ពីរដោយខ្លួនឯង នោះគឺគ្រប់គ្រាន់ហើយនោះទេ។ ព្រះគម្ពីរព្រមានយើងអំពីការញែកខ្លួនចេញពីអ្នកដទៃ។ យើងមិនគួរគិតថា យើងអាចរកចម្លើយឃើញទាំងអស់ ដោយការស្រាវជ្រាវរកមើលដោយខ្លួនឯងនោះឡើយ។ ប្រសិនបើយើងចង់ធ្វើជាគ្រីស្ទានដែលមានតុល្យភាពនោះ គឺត្រូវការការសិក្សាផ្ទាល់ខ្លួននិងការទៅកិច្ចប្រជុំជាទៀងទាត់ជាមួយរាស្ត្ររបស់ព្រះ។—សុភាសិត ១៨:១; ហេព្រើរ ១០:២៤, ២៥
៨ ស្តីអំពីរឿងនេះ ព្រះគម្ពីរចែងអំពីជនជាតិអេធីយ៉ូពីម្នាក់ ដែលបានអានព្រះគម្ពីរពីទំនាយរបស់អេសាយ។ ទេវតាមួយរូបបានដឹកនាំអ្នកផ្សាយដំណឹងល្អម្នាក់ឈ្មោះភីលីព ឲ្យសួរបុរសនេះថា៖ «លោកមើលយល់ឬទេ?»។ បុរសជនជាតិអេធីយ៉ូពីនេះឆ្លើយទាំងមានចិត្តរាបទាបថា៖ «បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្ដេចឲ្យខ្ញុំយល់បាន?»។ គាត់បានមានប្រសាសន៍ជំរុញឲ្យភីលីពពន្យល់ប្រាប់គាត់អំពីអ្វីដែលគាត់កំពុងតែអាន។ ភីលីពមិនគ្រាន់តែជាអ្នកអានព្រះគម្ពីរតែម្នាក់ឯង ដែលបានផ្ដល់នូវមតិរបស់គាត់អំពីបទគម្ពីរទាំងនោះប៉ុណ្ណោះទេ។ គាត់បានរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងអង្គការដែលមើលឃើញរបស់ព្រះ។ ហេតុដូច្នេះហើយ គាត់អាចជួយបុរសជនជាតិអេធីយ៉ូពីនេះ ឲ្យទទួលប្រយោជន៍ពីសេចក្ដីណែនាំ ដែលព្រះយេហូវ៉ាប្រទានមកតាមរយៈអង្គការរបស់ទ្រង់។ (កិច្ចការ ៦:៥, ៦; ៨:៥, ២៦-៣៥) នៅសព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ គឺគ្មានអ្នកណាម្នាក់អាចយល់ត្រឹមត្រូវអំពីគោលបំណងរបស់ព្រះយេហូវ៉ា ដោយខ្លួនឯងឡើយ។ យើងគ្រប់គ្នាត្រូវការជំនួយ ដែលព្រះយេហូវ៉ាប្រទានមកដោយសេចក្ដីស្រឡាញ់ តាមរយៈអង្គការដែលមើលឃើញរបស់ទ្រង់។
៩. តើមានកម្មវិធីណាសំរាប់ការអានព្រះគម្ពីរ ដែលមានប្រយោជន៍សំរាប់យើងរាល់គ្នា?
៩ អង្គការរបស់ព្រះយេហូវ៉ាផ្ដល់នូវពត៌មានដ៏ប្រសើរៗអំពីបទគម្ពីរ តាមរយៈប្រកាសនវត្ថុផ្សេងៗ ដើម្បីជួយយើងឲ្យយល់នូវពត៌មានក្នុងព្រះគម្ពីរ។ ក្រៅពីនេះគឺមានកាលវិភាគមួយដ៏ទៀងទាត់សំរាប់ការអានព្រះគម្ពីរ ដែលទាក់ទងនឹងសាលាកិច្ចបំរើព្រះធិបតេយ្យ ក្នុងក្រុមជំនុំទាំងអស់របស់ស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោក។ យើងនឹងទទួលប្រយោជន៍ច្រើនពីការពិនិត្យមើលព្រះគម្ពីរបរិសុទ្ធដោយផ្ទាល់ខ្លួន។ (ទំនុកដំកើង ១:១-៣; ១៩:៧, ៨) ចូរខំឆ្លៀតពេលអានព្រះគម្ពីរជាទៀងទាត់។ ទោះជាអ្នកមិនយល់អ្វីៗទាំងអស់ក៏ដោយ តែបើអ្នកយល់នូវគោលការណ៍សំខាន់ៗពីព្រះគម្ពីរ អ្នកក៏ទទួលប្រយោជន៍ច្រើនណាស់ដែរ។ ជាឧទាហរណ៍ ប្រសិនបើអ្នកអានព្រះគម្ពីរបួនឬប្រាំទំព័ររៀងរាល់ថ្ងៃ អ្នកអាចអានព្រះគម្ពីរចប់ក្នុងមួយឆ្នាំ។
១០. (ក) តើអ្នកអានព្រះគម្ពីរនៅពេលណា? (ខ) តើត្រូវរួមបញ្ចូលអ្នកណាទៀតពេលអ្នកអានព្រះគម្ពីរ? ហេតុអ្វីក៏ការអានព្រះគម្ពីរជាទៀងទាត់គឺសំខាន់ម្ល៉េះ?
១០ តើអ្នកអាចអានព្រះគម្ពីរនៅពេលណា? ទោះបើអ្នកកំណត់ពេលអានព្រះគម្ពីរតែ១០ឬ១៥នាទីរៀងរាល់ថ្ងៃប៉ុណ្ណោះ អ្នកនឹងទទួលប្រយោជន៍បានច្រើន។ បើមិនអាចធ្វើបានទេ យ៉ាងហោចណាស់ក៏មានកាលវិភាគជាទៀងទាត់ សំរាប់ការអានព្រះគម្ពីរប្រចាំសប្ដាហ៍ ហើយធ្វើតាមកាលវិភាគនោះទៅ។ ប្រសិនបើអ្នករៀបការហើយ អ្នកនិងគូរបស់អ្នកអាចអានព្រះគម្ពីរជាមួយគ្នា។ ប្រសិនបើមានបុត្រធីតាចេះអាន បុត្រធីតាក៏អាចផ្លាស់វេនគ្នាអានព្រះគម្ពីរឲ្យឮៗម្ដងម្នាក់ៗបានដែរ។ ការអានព្រះគម្ពីរគួរជាទម្លាប់ដែលមានអស់មួយជីវិត ដូចជាការបរិភោគអាហារដែរ។ អ្នកក៏ដឹងស្រាប់ហើយថា បើបុគ្គលម្នាក់មានទម្លាប់បរិភោគមិនទៀងពេល នោះសុខភាពគាត់មិនល្អទេ។ នេះដូចគ្នាដែរ សុខភាពខាងវិញ្ញាណនិងជីវិតអស់កល្បជានិច្ចរបស់យើង គឺពឹងទៅលើការបំពេញបំប៉នខ្លួនជាទៀងទាត់ ពី«គ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ»។—ម៉ាថាយ ៤:៤
គោលដៅរបស់យើង
១១. តើយើងគួរមានគោលដៅយ៉ាងណាពេលអានព្រះគម្ពីរ?
១១ តើយើងគួរមានគោលដៅយ៉ាងណាពេលអានព្រះគម្ពីរ? យើងមិនគួរមានគោលដៅដើម្បីគ្រាន់តែអានឲ្យបានច្រើនទំព័រនោះទេ។ យើងគួរមានគោលបំណងស្គាល់ព្រះឲ្យបានជិតស្និទ្ធថែមទៀត ដើម្បីឲ្យយើងអាចបង្កើននូវសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ និងឲ្យយើងថ្វាយបង្គំទ្រង់តាមរបៀបដែលទ្រង់យល់ព្រម។ (យ៉ូហាន ៥:៣៩-៤២) យើងគួរមានអាកប្បកិរិយាដូចអ្នកសរសេរព្រះគម្ពីរម្នាក់ ដែលបានពោលថា៖ «ឱព្រះយេហូវ៉ាអើយ! សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំ សូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់»។—ទំនុកដំកើង ២៥:៤
១២. (ក) ហេតុអ្វីក៏ត្រូវការចាំបាច់នូវ«ចំណេះត្រឹមត្រូវ»? ហើយដើម្បីទទួលចំណេះត្រឹមត្រូវនោះ តើបុគ្គលដែលអានព្រះគម្ពីរត្រូវខំប្រឹងធ្វើយ៉ាងណា? (ខ) តើត្រូវប្រើវិធីវែកញែកបួនយ៉ាងណា ដែលអាចជួយយើងពិនិត្យមើលឲ្យបានទទួលប្រយោជន៍ពីអ្វីដែលយើងអានក្នុងព្រះគម្ពីរនោះ? (សូមមើលក្នុងប្រអប់ទំព័រទី៣០) (គ) សូមពន្យល់ចំណុចទាំងនេះដោយឆ្លើយសំនួរដែលមានក្នុងវគ្គនេះ។ សូមមើលបទគម្ពីរដែលបានរៀបរាប់ក្នុងនោះ។
១២ ពេលយើងទទួលការបង្រៀនពីព្រះយេហូវ៉ា នោះយើងគួរប៉ងប្រាថ្នាទទួល«សេចក្ដីចេះដឹង[«ចំណេះត្រឹមត្រូវ», ព.ថ.]»។ បើយើងគ្មានចំណេះត្រឹមត្រូវទេ នោះយើងមិនអាចអនុវត្តតាមបន្ទូលរបស់ព្រះឲ្យបានល្អក្នុងជីវិតរបស់យើង ឬពន្យល់ពត៌មានក្នុងព្រះគម្ពីរឲ្យបានត្រឹមត្រូវដល់អ្នកដទៃបានឡើយ។ (កូល៉ុស ៣:១០; ធីម៉ូថេទី២ ២:១៥) ការទទួលចំណេះត្រឹមត្រូវតម្រូវឲ្យយើងអានព្រះគម្ពីរដោយយកចិត្តទុកដាក់ ហើយបើផ្នែកណាមួយដែលជ្រៅពិបាកយល់ យើងអាចអានច្រើនដង ដើម្បីឲ្យយល់អត្ថន័យ។ យើងក៏ទទួលប្រយោជន៍ផងដែរ ប្រសិនបើយើងឆ្លៀតពេលរំពឹងគិតលើពត៌មាននោះ ដោយគិតអំពីពត៌មាននោះប្រើក្នុងកាលៈទេសៈផ្សេងៗវិញ។ យើងអាចពិនិត្យមើលនូវវិធីវែកញែកបួនយ៉ាងដ៏មានតម្លៃ ដែលមាននៅទំព័រទី៣០។ យើងអាចពិនិត្យមើលផ្នែកជាច្រើនក្នុងបទគម្ពីរ ដោយប្រើវិធីវែកញែកមួយឬច្រើនជាង។ អ្នកនឹងឃើញថាមានប្រយោជន៍មែន ពេលអ្នកឆ្លើយនូវសំនួរទាំងឡាយដែលមានក្នុងទំព័រជាបន្ទាប់។
(១) ជារឿយៗក្នុងបទគម្ពីរដែលអ្នកកំពុងតែអាន ក៏អាចប្រាប់អ្នកនូវចំណុចខ្លះថាព្រះយេហូវ៉ាជាបុគ្គលបែបណាដែរ។ ជាឧទាហរណ៍ នៅទំនុកដំកើង ១៣៩:១៣, ១៤ យើងរៀនដឹងថាព្រះយកព្រះទ័យទុកដាក់នឹងទារកដែលមិនទាន់កើត។ «[ទ្រង់]បានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្ដាយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ។ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់! ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ»។ កិច្ចការបង្កើតរបស់ព្រះយេហូវ៉ាគឺអស្ចារ្យណាស់ហ្ន៎! របៀបដែលព្រះបានបង្កើតមនុស្ស ជាភស្តុតាងដែលបញ្ជាក់សេចក្ដីស្រឡាញ់ដ៏ឧត្តមរបស់ទ្រង់ចំពោះយើង។
ដោយដឹងនូវអ្វីដែលបានចែងមកនៅក្នុងយ៉ូហាន ១៤:៩, ១០ ពេលយើងអានអំពីរបៀបដែលព្រះយេស៊ូប្រព្រឹត្តចំពោះអ្នកដទៃ នោះយើងពិតជាឃើញរបៀបដែលព្រះយេហូវ៉ានឹងប្រព្រឹត្តដែរ។ ដោយនឹកចាំអំពីចំណុចនេះ តើយើងអាចធ្វើការសន្និដ្ឋានពីព្រះយេហូវ៉ាយ៉ាងណា ពីព្រឹត្ដិការណ៍ដែលបានកត់ទុកនៅក្នុងលូកា ៥:១២, ១៣ និងលូកា ៧:១១-១៥?
(២) ចូរពិចារណាមើលនូវរបៀបដែលកំណត់ហេតុនេះទាក់ទងនឹងប្រធានព្រះគម្ពីរ ការធ្វើយុត្ដិកម្មចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ា និងការធ្វើឲ្យព្រះនាមទ្រង់ បានបរិសុទ្ធតាមរយៈព្រះរាជាណាចក្រដែលគ្រប់គ្រងក្រោមបង្គាប់ព្រះយេស៊ូគ្រីស្ទ ជាពូជសន្យានោះ។
តើអេសេគាលនិងដានីយ៉ែលបានបញ្ជាក់យ៉ាងណាអំពីប្រធានរបស់ព្រះគម្ពីរ? (អេសេគាល ៣៨:២១-២៣; ដានីយ៉ែល ២:៤៤; ៤:១៧; ៧:៩-១៤)
តើតាមរបៀបណាដែលព្រះគម្ពីរសម្គាល់យ៉ាងច្បាស់ថា ព្រះយេស៊ូជាពូជសន្យានោះ? (កាឡាទី ៣:១៦)
តើសៀវភៅវិវរណៈពិពណ៌នានូវការសម្រេចផ្ដាច់ព្រាត់នៃប្រធានពីព្រះរាជាណាចក្រយ៉ាងដូចម្ដេច? (វិវរណៈ ១១:១៥; ១២:៧-១០; ១៧:១៦-១៨; ១៩:១១-១៦; ២០:១-៣; ២១:១-៥)
(៣) ចូរសួរខ្លួនអ្នកអំពីរបៀបដែលអ្នកផ្ទាល់អាចអនុវត្តតាមអ្វីដែលអ្នកកំពុងតែអាននោះ។ ជាឧទាហរណ៍ យើងអាននៅនិក្ខមនំទៅចោទិយកថា អំពីអំពើឥតសីលធម៌របស់អ៊ីស្រាអែលនិងការបះបោរនៃសាសន៍នេះ។ យើងរៀនដឹងថា ការមានចិត្តគំនិតនិងការប្រព្រឹត្តបែបនោះ នាំឲ្យមានលទ្ធផលអាក្រក់។ ដូច្នេះ យើងត្រូវជំរុញឲ្យផ្គាប់ព្រះទ័យរបស់ព្រះយេហូវ៉ា ដោយមិនយកតម្រាប់តាមគំរូដ៏អាក្រក់របស់សាសន៍អ៊ីស្រាអែលឡើយ។ «រីឯការទាំងនោះបានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុក សំរាប់ជាសេចក្ដីទូន្មានប្រដៅ ដល់យើងរាល់គ្នា ដែលយើងនៅគ្រាចុងបំផុតនៃអស់ទាំងកល្ប»។—កូរិនថូសទី១ ១០:១១
តើកំណត់ហេតុអំពីកាអ៊ីនសម្លាប់អេបិលមានមេរៀនអ្វីចំពោះយើង? (លោកុប្បត្តិ ៤:៣-១២; ហេព្រើរ ១១:៤; យ៉ូហានទី១ ៣:១០-១៥; ៤:២០, ២១)
តើឱវាទក្នុងព្រះគម្ពីរចំពោះពួកគ្រីស្ទានដែលមានសេចក្ដីសង្ឃឹមទៅស្ថានសួគ៌ ទាក់ទងនឹងពួកអ្នកដែលមានសេចក្ដីសង្ឃឹម ចំពោះជីវិតអស់កល្បជានិច្ចនៅលើផែនដីនេះដែរឬទេ? (ជនគណនា ១៥:១៦; យ៉ូហាន ១០:១៦)
ថ្វីបើយើងមានឋានៈល្អក្នុងក្រុមជំនុំគ្រីស្ទានក្ដី ហេតុអ្វីក៏យើងត្រូវពិចារណានូវរបៀបអនុវត្តតាមឲ្យបានដិតដល់ជាងនូវឱវាទក្នុងព្រះគម្ពីរ ដែលយើងដឹងរួចហើយនោះ? (កូរិនថូសទី២ ១៣:៥; ថែស្សាឡូនីចទី១ ៤:១)
(៤) ចូរគិតអំពីរបៀបដែលអ្នកប្រើអ្វីដែលអ្នកកំពុងតែអានដើម្បីជួយអ្នកដទៃ។ មនុស្សគ្រប់គ្នាគឺខ្វល់ខ្វាយអំពីបញ្ហាសុខភាព ដូច្នេះយើងអាចអានព្រះគម្ពីរឲ្យពួកគេស្ដាប់អំពីអ្វីដែលព្រះយេស៊ូបានធ្វើ ដើម្បីពន្យល់នូវអ្វីដែលទ្រង់នឹងធ្វើក្នុងកំរិតមួយដ៏ធំ ក្រោមអំណាចគ្រប់គ្រងនៃព្រះរាជាណាចក្រ ដែល«មានហ្វូងមនុស្សមកឯទ្រង់កកកុញ នាំទាំងមនុស្សខ្វិន ខ្វាក់ គ ពិការ នឹងមនុស្សឯទៀតជាច្រើន . . . ហើយទ្រង់ក៏ប្រោសឲ្យគេបានជា»។—ម៉ាថាយ ១៥:៣០
តើកំណត់ហេតុអំពីដំណើររស់ឡើងវិញនៃកូនស្រីរបស់យ៉ៃរ៉ុស អាចជួយអ្នកណាខ្លះ? (លូកា ៨:៤១, ៤២, ៤៩-៥៦)
១៣. តើយើងអាចសង្ឃឹមនូវលទ្ធផលយ៉ាងណា ពីការបន្តធ្វើតាមកម្មវិធីអាននិងសិក្សាព្រះគម្ពីរជាមួយនឹងអង្គការរបស់ព្រះយេហូវ៉ា?
១៣ ពេលយើងពិនិត្យមើលនូវចំណុចបួនយ៉ាងខាងលើនេះ នោះយើងនឹងទទួលប្រយោជន៍យ៉ាងវិសេសពីការអានព្រះគម្ពីរ! ប្រាកដហើយ ការអានដើម្បីឲ្យយល់ក្នុងព្រះគម្ពីរគឺពិបាក។ ប៉ុន្តែ យើងអាចទទួលប្រយោជន៍អស់មួយជីវិត ដ្បិតពេលយើងអានបទគម្ពីរ នោះយើងនឹងរីកចំរើនផ្នែកកម្លាំងខាងវិញ្ញាណ។ ការអានព្រះគម្ពីរជាទៀងទាត់នឹងនាំឲ្យយើងមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ជាព្រះវរបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយក៏មានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងបងប្អូនគ្រីស្ទានរបស់យើងផងដែរ។ នេះនឹងជួយយើងឲ្យធ្វើតាមឱវាទក្នុងព្រះគម្ពីរ និងបន្ត«កាន់តាមយ៉ាងខ្ជាប់ខ្ជួននូវព្រះបន្ទូលដែលផ្ដល់ជីវិត»។—ភីលីព ២:១៦, ព.ថ.
[កំណត់សម្គាល់]
a ចំពោះការពិគ្រោះនូវមូលហេតុដែលយើងគួរពិនិត្យមើលព្រះគម្ពីរ សូមមើលសៀវភៅស្តើង សៀវភៅសំរាប់មនុស្សទូទៅ ដែលបានបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។ (ជាភាសាអង់គ្លេស)
ការពិគ្រោះសាឡើងវិញ
• ហេតុអ្វីក៏ព្រះគម្ពីរបានត្រូវសរសេរទុកឲ្យមានរហូតមកដល់សព្វថ្ងៃយើងនេះ?
• តើតាមរបៀបណាដែលយើងអាចជួយអ្នកដទៃឲ្យយល់និងគោរពព្រះគម្ពីរ?
• ហេតុអ្វីក៏ការអានព្រះគម្ពីរជាទៀងទាត់គឺមានប្រយោជន៍? តើវិធីវែកញែកបួនយ៉ាងណា ដែលយើងអាចធ្វើការពិនិត្យមើលដើម្បីឲ្យបានប្រយោជន៍ពីអ្វីដែលយើងអាននោះ?
[ប្រអប់/រូបភាពនៅទំព័រ៣០]
ពេលអ្នកអានមួយភាគនៃព្រះគម្ពីរ ចូរពិនិត្យមើល
បទគម្ពីរនេះប្រាប់អ្នកនូវអ្វីខ្លះអំពីលក្ខណៈរបស់ព្រះយេហូវ៉ាជាបុគ្គលមួយអង្គ
របៀបដែលបទគម្ពីរនេះទាក់ទងនឹងប្រធានទាំងមូលនៃព្រះគម្ពីរ
របៀបដែលបទគម្ពីរគួរមានអានុភាពលើជីវិតរបស់អ្នកផ្ទាល់
របៀបដែលអ្នកអាចប្រើបទគម្ពីរនេះដើម្បីជួយអ្នកដទៃ