ការទទួលប្រយោជន៍ពីការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ
«មានពរហើយ អ្នកណាដែល . . . ត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ»។—ទំនុកដំកើង ១:១, ២
១. (ក) តើសញ្ញាដែលងាយឃើញមួយណា ដែលនៅចំហៀងអាគាររោងចក្រមួយ នៅសមាគមប៉មយាមនៃមន្ទីរចាត់ការពិភពលោកនោះ? (ខ) តើយើងនឹងអាចមានប្រយោជន៍យ៉ាងណា បើសិនជាយើងអនុវត្តតាមការដាស់តឿននោះ?
«ចូរអានពាក្យបន្ទូលរបស់ព្រះ ព្រះគម្ពីរបរិសុទ្ធជារៀងរាល់ថ្ងៃ»។ ពាក្យទាំងនេះបានមានជាអក្សរធំៗនៅចំហៀងអាគារមួយនៅរដ្ឋញូវយ៉ក ជាកន្លែងដែលព្រះគម្ពីរនិងប្រកាសនវត្ថុព្រះគម្ពីរត្រូវបានបោះពុម្ព ដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណ។ ការដាស់តឿននេះមិនមែនមានគោលបំណងសំរាប់តែមនុស្សនៃលោកីយ៍ដែលឃើញសញ្ញានេះឡើយ។ ស្មរបន្ទាល់ព្រះយេហូវ៉ាដឹងថា ពួកគេក៏ត្រូវការយកការដាស់តឿននេះមកអនុវត្តដែរ។ អស់អ្នកដែលអានព្រះគម្ពីរទៀងទាត់ ហើយអនុវត្តផ្ទាល់ខ្លួននោះ គឺបានទទួលផលប្រយោជន៍ពីការបង្រៀន ការប្រដៅ ទូន្មាន និងការប្រដៅតាមសេចក្ដីសុចរិតដែលព្រះគម្ពីរបានផ្ដល់មក។—ធីម៉ូថេទី២ ៣:១៦, ១៧
២. តើបងប្រុសរ៉ាសិលបានបញ្ជាក់អំពីសារៈសំខាន់នៃការអានព្រះគម្ពីរយ៉ាងណា?
២ ស្មរបន្ទាល់ព្រះយេហូវ៉ាអបអរយ៉ាងខ្លាំងនូវឧបករណ៍នៃការសិក្សាព្រះគម្ពីររបស់គេ ដែលរួមបញ្ចូលទស្សនាវដ្ដីប៉មយាមហើយពួកគេប្រើឧបករណ៍ទាំងនេះដ៏ទៀងទាត់។ ប៉ុន្តែ ពួកគេដឹងថាគ្មានឧបករណ៍ទាំងនេះណាសំខាន់លើសជាងព្រះគម្ពីរនោះឡើយ។ នៅឆ្នាំ១៩០៩ ឆាល្ស ថេស្ស រ៉ាសិល ជាប្រធានទីមួយនៃសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណ បានសរសេរទៅពួកអ្នកអានទស្សនាវដ្ដីប៉មយាមថា៖ «សូមកុំភ្លេចឡើយថា ព្រះគម្ពីរជាបមាណីយរបស់យើង ហើយអ្វីក៏ដោយដែលព្រះប្រទានឲ្យដើម្បីជួយយើងនោះ ទាំងនេះជា‹ជំនួយ›មិនមែនយកមកជំនួសព្រះគម្ពីរនោះទេ»។
៣. (ក) តើ«ព្រះបន្ទូលនៃព្រះ»មានឥទ្ធិពលយ៉ាងណាដែរ ចំពោះអស់អ្នកដែលអាននោះ? (ខ) តើពួកបេរាអានហើយសិក្សាព្រះគម្ពីរយ៉ាងញឹកញយយ៉ាងណាដែរ?
៣ ព្រះគម្ពីរដែលព្រះបានបណ្ដាលឲ្យសរសេរមកនោះ គឺមានជំរៅនិងឥទ្ធិពលដែលគ្មានសៀវភៅណាប្រៀបដូចឡើយ។ «ពីព្រោះ ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសម្រេចដែរ»។ (ហេព្រើរ ៤:១២) លូកាបានសរសើរពួកមនុស្សនៃស្រុកបេរ៉ា ដោយហៅពួកគេជាមនុស្សដែល‹មានសតិដ៏ប្រសើរ›។ ពួកគេមិនគ្រាន់តែមានចិត្តខ្នះខ្នែងទទួលពាក្យដែលបានផ្សាយដោយសាវ័កប៉ុលនិងគូកនរបស់គាត់ឈ្មោះស៊ីឡាសប៉ុណ្ណោះទេ ប៉ុន្តែពួកគេ‹ពិចារណាមើលគម្ពីរយ៉ាងផ្ចិតផ្ចង់រៀងរាល់ថ្ងៃ› ដើម្បីនឹងបញ្ជាក់ពីមូលដ្ឋានព្រះគម្ពីរចំពោះអ្វីដែលបានបង្រៀនមកនោះ។—កិច្ចការ ១៧:១១
ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ
៤. តើព្រះគម្ពីរបង្ហាញយ៉ាងណា នូវចំនួនប៉ុន្មានដែលយើងគួរតែអានព្រះគម្ពីរនោះ?
៤ ព្រះគម្ពីរមិនបានចែងយ៉ាងចំៗនូវចំនួនប៉ុន្មានដែលយើងគួរតែអានព្រះគម្ពីរនោះទេ។ ប៉ុន្តែ ព្រះគម្ពីរបានកត់ទុកនូវការទូន្មានរបស់ព្រះយេហូវ៉ាទៅយ៉ូស្វេឲ្យ‹អានសៀវភៅនៃច្បាប់ទាំងយប់ទាំងថ្ងៃ› ដើម្បីឲ្យគាត់ប្រព្រឹត្តដោយប្រាជ្ញា ហើយមានការជោគជ័យក្នុងការអនុវត្តន៍កិច្ចការដែលព្រះបានផ្ដល់ឲ្យមក។ (យ៉ូស្វេ ១:៨) ព្រះគម្ពីរចែងប្រាប់យើងថា ស្តេចណាដែលឡើងសោយរាជ្យទៅលើអ៊ីស្រាអែលពីសម័យបុរាណ ត្រូវតែអានព្រះគម្ពីរ‹អស់មួយជីវិតផង›។ (ចោទិយកថា ១៧:១៩) ហើយព្រះគម្ពីរចែងប្រាប់ថែមទៀតថា៖ «មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ . . . អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ»។ (ទំនុកដំកើង ១:១, ២) ម្យ៉ាងវិញទៀត ដំណឹងល្អដែលបានកត់ទុកដោយម៉ាថាយបានប្រាប់យើងថា នៅពេលដែលព្រះយេស៊ូគ្រីស្ទបដិសេធការខ្នះខ្នែងរបស់សាតាំងក្នុងការល្បួងទ្រង់នោះ ទ្រង់បានដកស្រង់ពីបទគម្ពីរភាសាហេព្រើរ ដោយមានបន្ទូលថា៖ «មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ»។ (ម៉ាថាយ ៤:៤) តើយើងត្រូវការម្ហូបអាហារខាងសាច់ឈាមជាញឹកញាប់យ៉ាងណាដែរ? គឺរាល់តែថ្ងៃ! ការបរិភោគអាហារខាងវិញ្ញាណរៀងរាល់ថ្ងៃគឺសំខាន់ជាងនោះទៅទៀត ពីព្រោះនេះទាក់ទងនឹងជីវិតជាអនន្តរបស់យើង។—ចោទិយកថា ៨:៣; យ៉ូហាន ១៧:៣
៥. តើការអានព្រះគម្ពីរជារៀងរាល់ថ្ងៃជួយយើងឲ្យ‹ដើរបែបគួរនឹងព្រះយេហូវ៉ា›យ៉ាងដូចម្ដេចបាន កាលដែលយើងជួបប្រទះការសាកល្បងនឹងជំនឿរបស់យើងនោះ?
៥ យើងគ្រប់ៗគ្នាត្រូវការបង្កើនឲ្យមានកម្លាំងជារៀងរាល់ថ្ងៃតាមរយៈបន្ទូលរបស់ព្រះ។ រៀងរាល់ថ្ងៃយើងតែងតែជួបប្រទះការសាកល្បងនឹងជំនឿរបស់យើង—នៅឯផ្ទះ កន្លែងធ្វើការ ឯសាលារៀន នៅតាមផ្លូវ នៅពេលទៅផ្សារ និងនៅក្នុងកិច្ចបំរើរបស់យើង។ តើយើងនឹងដោះស្រាយយ៉ាងណាបានចំពោះរឿងនេះ? តើយើងអាចនឹកចាំយ៉ាងរហ័សនូវបញ្ជានិងគោលការណ៍ពីព្រះគម្ពីរបានទេ? ជាជាងគាំទ្រឲ្យមានការទុកចិត្តទៅលើខ្លួនឯងនោះ ព្រះគម្ពីរព្រមានថា៖ «បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត ក្រែងលោដួល»។ (កូរិនថូសទី១ ១០:១២) ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃនឹងជួយយើងឲ្យ‹ដើរបែបគួរនឹងព្រះយេហូវ៉ា ដើម្បីឲ្យបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់› ជាជាងអនុញ្ញាតឲ្យលោកីយ៍នេះជំរុញយើងឲ្យធ្វើតាមវានោះ។—កូល៉ុស ១:៩, ១០; រ៉ូម ១២:២
ការចាំបាច់អានព្រះគម្ពីរម្ដងហើយម្ដងទៀត
៦. ហេតុអ្វីក៏មានប្រយោជន៍ក្នុងការអានព្រះគម្ពីរម្ដងហើយម្ដងទៀត?
៦ ការអានព្រះគម្ពីរគឺមានភាពខុសគ្នាឆ្ងាយណាស់ ពីការអានសៀវភៅប្រលោមលោក។ សៀវភៅប្រលោមលោកជាច្រើនគឺបានតម្រូវឲ្យអានតែម្ដងទេ ហើយក្រោយពីបុគ្គលម្នាក់ដឹងសាច់រឿងនិងទីបញ្ចប់ហើយនោះ គឺគ្មានគោលបំណងនឹងអានសៀវភៅនោះម្ដងទៀតឡើយ។ ផ្ទុយទៅវិញ មិនថាប៉ុន្មានដងក្ដីដែលយើងបានអានព្រះគម្ពីរនោះ យើងនឹងបានប្រយោជន៍យ៉ាងច្រើនក្រៃលែង ដោយអានម្ដងទៀត។ (សុភាសិត ៩:៩) ចំពោះមនុស្សដែលមានការវិនិច្ឆ័យល្អ គេតែងតែយល់អត្ថន័យព្រះគម្ពីរច្បាស់ឡើងថែមទៀត។ ទំនាយទាំងឡាយចំពោះថ្ងៃជាន់ក្រោយបង្អស់ គឺកាន់តែច្បាស់ឡើងថែមទៀត ក្នុងអ្វីៗដែលគាត់បានឃើញ ឮ ហើយបានពិសោធក្នុងខែថ្មីៗនេះ។ (ដានីយ៉ែល ១២:៤) កាលដែលគាត់មានការពិសោធច្រើនក្នុងជីវិត ហើយដោះស្រាយនឹងបញ្ហាទាំងឡាយនោះ ពួកអ្នកអានព្រះគម្ពីរដែលមានការវិនិច្ឆ័យល្អនឹងអបអរយ៉ាងពេញលេញថែមទៀត នូវឱវាទដែលគាត់ប្រហែលជាអានដោយមិនយកចិត្តទុកដាក់នៅពេលមុនៗ។ (សុភាសិត ៤:១៨) បើសិនជាគាត់បានទៅជាឈឺយ៉ាងធ្ងន់ធ្ងរ កិច្ចសន្យារបស់ព្រះគម្ពីរចំពោះការបំបាត់ការឈឺចាប់ ហើយធ្វើឲ្យមានសុខភាពយ៉ាងល្អវិញ ច្បាស់ជាមានអត្ថន័យយ៉ាងជ្រៅចំពោះគាត់ជាងមុនៗទៅទៀត។ នៅពេលដែលមិត្តដ៏ជិតស្និទ្ធនិងសមាជិកក្រុមគ្រួសារណាស្លាប់ទៅ កិច្ចសន្យាអំពីដំណើររស់ឡើងវិញក៏រឹតតែមានតម្លៃបំផុតដែរ។
៧. តើអ្វីដែលនឹងជួយយើងនៅពេលយើងទទួលភារកិច្ចថ្មីក្នុងជីវិត ហើយហេតុអ្វី?
៧ អ្នកប្រហែលជាបានអានព្រះគម្ពីរ ហើយបានអនុវត្តតាមឱវាទព្រះគម្ពីរជាច្រើនឆ្នាំមកផង។ ប៉ុន្តែ ឥឡូវនេះអ្នកប្រហែលជាកំពុងតែទទួលភារកិច្ចថ្មីក្នុងជីវិតរបស់អ្នក។ តើអ្នកបំរុងនឹងរៀបការឬ? តើអ្នកនឹងទៅជាមាតាបីតាម្នាក់ឬ? តើអ្នកបានទទួលភារកិច្ចក្នុងក្រុមជំនុំជាអ្នកចាស់ទុំឬជាអ្នកងារជំនួយម្នាក់ឬ? តើអ្នកបានទៅជាអ្នកផ្សាយដំណឹងល្អពេញពេល ដោយមានឱកាសជាច្រើនក្នុងការផ្សាយនិងការបង្រៀនព្រះគម្ពីរឬ? ជាការដ៏មានប្រយោជន៍ណាស់ ក្នុងការអានព្រះគម្ពីរទាំងមូលម្ដងទៀត ដោយចងចាំពីភារកិច្ចថ្មីនេះកាលដែលយើងអាននោះ!—អេភេសូរ ៥:២៤, ២៥; ៦:៤; ធីម៉ូថេទី២ ៤:១, ២
៨. តើការផ្លាស់ប្ដូរកាលៈទេសៈ បង្ហាញនូវសេចក្ដីត្រូវការរៀនឲ្យដឹងថែមទៀតអំពីអ្វីមួយ ដែលយើងគិតថាយើងបានដឹងហើយនោះយ៉ាងដូចម្ដេច?
៨ នៅអតីតកាល អ្នកប្រហែលជាបានអនុវត្តតាមយ៉ាងប្រសើរក្នុងការសម្ដែងផលផ្លែនៃវិញ្ញាណ។ (កាឡាទី ៥:២២, ២៣) ប៉ុន្តែ អ្នកប្រហែលជាជួបប្រទះនឹងការផ្លាស់ប្ដូរកាលៈទេសៈ ដែលអ្នកត្រូវការរៀនឲ្យបានច្រើនទៀតអំពីគុណសម្បត្ដិរបស់ព្រះទាំងនោះ។ (ប្រៀបធៀប ហេព្រើរ ៥:៨) អតីតអ្នកធ្វើដំណើរត្រួតពិនិត្យម្នាក់ បានចាកចេញពីកិច្ចបំរើដ៏ពិសេសរបស់គាត់ ដើម្បីនឹងមើលថែរក្សាមាតាបីតារបស់គាត់ បានមានប្រសាសន៍ថា៖ «ពីដើមខ្ញុំគិតថាខ្ញុំបានអនុវត្តបានយ៉ាងល្អក្នុងការសម្ដែងផលផ្លែនៃវិញ្ញាណ។ ឥឡូវនេះខ្ញុំគិតថា ខ្ញុំដូចជាកំពុងតែរៀនអនុវត្តសារឡើងវិញម្ដងទៀតទៅវិញ»។ យ៉ាងដូច្នោះដែរ ប្ដីនិងប្រពន្ធដែលគូរបស់ខ្លួនបានរងទុក្ខជម្ងឺខាងចិត្តឬកាយយ៉ាងធ្ងន់ធ្ងរ អាចដឹងថាក្នុងការមើលថែរក្សា នេះអាចធ្វើឲ្យគេមានភាពតានតឹង ដែលយូរៗម្ដងធ្វើឲ្យគេធ្លាក់ទឹកចិត្តបាន។ ការអានព្រះគម្ពីរទៀងទាត់ជាប្រភពនៃការសម្រាលទុក្ខនិងជំនួយយ៉ាងខ្លាំង។
ពេលដែលការអានព្រះគម្ពីរអាចធ្វើទៅបាន
៩. (ក) តើអ្វីដែលអាចជួយបុគ្គលដ៏រវល់ម្នាក់ ឲ្យស្វែងរកពេលវេលាសំរាប់ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃទៅបាន? (ខ) ហេតុអ្វីក៏ការអានពាក្យបន្ទូលរបស់ព្រះជាសារៈសំខាន់ចំពោះពួកចាស់ទុំ?
៩ ពិតហើយ ចំពោះមនុស្សដែលរវល់ណាស់នោះ ការស្វែងរកពេលដើម្បីនឹងធ្វើអ្វីថែមទៀតឲ្យបានទៀងទាត់គឺជាការពិបាកណាស់។ ប៉ុន្តែ យើងអាចទទួលប្រយោជន៍ពីគំរូរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរសម្ដែងឲ្យឃើញថាទ្រង់ធ្វើការ‹នៅគ្រាកំណត់›។ (លោកុប្បត្តិ ២១:២; និក្ខមនំ ៩:៥; លូកា ២១:២៤; កាឡាទី ៤:៤) ការអបអរចំពោះសារៈសំខាន់នៃការអានបន្ទូលរបស់ព្រះទៀងទាត់អាចជួយយើងឲ្យលៃលករកពេលវេលាសំរាប់ការអានព្រះគម្ពីរ នៅក្នុងគម្រោងពេលរៀងរាល់ថ្ងៃរបស់យើង។ (អេភេសូរ ៥:១៥-១៧) ជាពិសេស ពួកអ្នកចាស់ទុំទាំងឡាយត្រូវការលៃលកពេលសំរាប់ការអានព្រះគម្ពីរឲ្យបានទៀងទាត់ ដើម្បីឲ្យឱវាទដែលគេផ្ដល់មកនោះមានមូលដ្ឋានយ៉ាងជាក់លាក់ពីគោលការណ៍ក្នុងព្រះគម្ពីរ ហើយដើម្បីឲ្យគំនិតដែលគេបង្ហាញនោះ គឺមក«ប្រាជ្ញាដែលមកពីស្ថានលើ»។—យ៉ាកុប ៣:១៧; ទីតុស ១:៩
១០. តើពួកអ្នកអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ស្វែងរកពេលអាននៅពេលណា?
១០ មនុស្សជាច្រើនដែលមានការជោគជ័យក្នុងកម្មវិធីអានព្រះគម្ពីរផ្ទាល់ខ្លួនរបស់គេ តែងតែចាប់ផ្ដើមអានពីព្រលឹម មុននឹងគេចាប់ផ្ដើមនឹងសកម្មភាពរៀងរាល់ថ្ងៃរបស់គេ។ ចំពោះពួកអ្នកឯទៀត គេអាចអានបានទៀងទាត់នៅពេលផ្សេងៗដែរ។ ការស្ដាប់ខ្សែអាត់ព្រះគម្ពីរ (បើមាន) អាចជួយពួកអ្នកធ្វើដំណើរទៅធ្វើការដើម្បីនឹងប្រើពេលនោះឲ្យបានប្រយោជន៍ ហើយស្មរបន្ទាល់ខ្លះស្ដាប់ខ្សែអាត់ នៅពេលដែលគេសំអាតផ្ទះសម្បែង។
១១. ថ្វីបើមិនសូវមានពេលក្ដី តើការអានព្រះគម្ពីរជារៀងរាល់ថ្ងៃអាចសម្រេចបានយ៉ាងណាទៅ?
១១ អ្វីដែលសំខាន់ជាងគេនោះ គឺមិនមែនចំនួនម៉ោងដែលអ្នកបានចំណាយក្នុងការអានព្រះគម្ពីរនោះទេ ប៉ុន្តែគឺភាពទៀងទាត់នឹងរបៀបដែលធ្វើនោះវិញ។ អ្នកប្រហែលជាឃើញនូវផលដ៏ល្អក្នុងការអានមួយម៉ោងឬច្រើនទៀត ដោយស្រាវជ្រាវ ហើយយកចិត្តទុកដាក់យ៉ាងដិតដល់នឹងពត៌មាននោះ។ ប៉ុន្តែ តើគម្រោងពេលរបស់អ្នកអនុញ្ញាតឲ្យមានយ៉ាងទៀងទាត់ដូច្នេះទេ? តើពិតជាមិនប្រសើរទេឬ បើយើងអានព្រះគម្ពីរ១៥នាទីឬ៥នាទីជារៀងរាល់ថ្ងៃ ជាជាងឲ្យថ្ងៃកន្លងទៅដោយមិនបានអានព្រះគម្ពីរសោះនោះ? ចូរអ្នកតាំងចិត្តអានព្រះគម្ពីរឲ្យបានរៀងរាល់ថ្ងៃចុះ។ រួចមកបង្គ្រប់ការអាននោះដោយស្រាវជ្រាវឲ្យបានជ្រៅថែមទៀត នៅពេលណាដែលធ្វើទៅបាន។
វិធីផ្សេងៗក្នុងការអានព្រះគម្ពីរ
១២. តើពួកសមាជិកថ្មីនៃក្រុមគ្រួសារបេតអែលនិងសិស្សគីលាតមានកម្មវិធីអានព្រះគម្ពីរយ៉ាងណា?
១២ ការអានព្រះគម្ពីរគឺមានវិធីច្រើនយ៉ាងដែលយើងអាចធ្វើទៅបាន។ ជាការដ៏មានប្រយោជន៍បើយើងអានពីសៀវភៅលោកុប្បត្តិទៅសៀវភៅវិវរណៈ។ សមាជិកនៃក្រុមគ្រួសារបេតអែលទាំងអស់ដែលបំរើនៅឯមន្ទីរចាត់ការពិភពលោក ឬនៅឯការិយាល័យសាខារបស់សមាគម បានតម្រូវឲ្យអានព្រះគម្ពីរទាំងមូលក្នុងឆ្នាំដំបូងនៃបរិចារកិច្ចបេតអែល។ (នេះធម្មតាគឺអានបីទៅប្រាំជំពូក ស្រេចទៅលើប្រវែង ឬបួនទៅប្រាំទំព័ររៀងរាល់ថ្ងៃ) សិស្សនៅឯសាលាគីលាតខាងព្រះគម្ពីរនិងប៉មយាមក៏ត្រូវតែអានព្រះគម្ពីរទាំងមូលដែរ មុននឹងពួកគេសិក្សាចប់។ នេះគឺមានសង្ឃឹមថានឹងអាចជួយពួកគេឲ្យអានព្រះគម្ពីររៀងរាល់ថ្ងៃក្នុងជីវិតរបស់គេ។
១៣. តើគោលបំណងអ្វីដែលបានអនុសាសសំរាប់ស្មរបន្ទាល់ដែលទើបតែជ្រមុជទឹកនោះ?
១៣ ជាការដ៏មានប្រយោជន៍ណាស់ ចំពោះអ្នកស្មរបន្ទាល់ដែលទើបតែជ្រមុជទឹក ក្នុងការចាត់គោលបំណងអានព្រះគម្ពីរទាំងមូល។ នៅក្នុងឆ្នាំ១៩៧៥ កាលដែលគាត់កំពុងតែប្រុងប្រៀបជ្រមុជទឹក ចាស់ទុំម្នាក់បានសួរយុវជនជនជាតិបារាំងម្នាក់ ថាតើគាត់មានកម្មវិធីត្រឹមត្រូវសំរាប់ការអានព្រះគម្ពីរហើយឬនៅ។ តាំងពីពេលនោះមក គាត់បានអានព្រះគម្ពីរទាំងមូលចប់រៀងរាល់ឆ្នាំ ដែលធម្មតាគាត់អានព្រះគម្ពីរនៅពេលព្រឹកមុនទៅធ្វើការ។ ចំពោះលទ្ធផល គាត់មានប្រសាសន៍ថា៖ «ខ្ញុំបានស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ឡើង។ ខ្ញុំអាចឃើញនូវអ្វីៗដែលទ្រង់ធ្វើ គឺទាក់ទងនឹងគោលបំណងរបស់ទ្រង់ ហើយនូវរបៀបដែលទ្រង់ប្រព្រឹត្តនៅពេលមានឧបសគ្គ។ នៅពេលដដែលនេះ ខ្ញុំឃើញថាព្រះយេហូវ៉ាប្រកបដោយសុចរិតហើយល្អក្នុងសកម្មភាពរបស់ទ្រង់ទាំងអស់»។
១៤. (ក) ដើម្បីនឹងចាប់ផ្ដើមកម្មវិធីអានព្រះគម្ពីរផ្ទាល់ខ្លួននោះ តើត្រូវការអ្វីជាចាំបាច់? (ខ) តើអ្វីដែលអាចជួយយើងឲ្យចាំទម្រង់ការនៃសៀវភៅគម្ពីរនិមួយៗនោះ?
១៤ តើអ្នកបានអានចប់ព្រះគម្ពីរទាំងមូលហើយឬនៅ? បើមិនទាន់ទេ ឥឡូវនេះជាពេលវេលាដ៏ល្អក្នុងការចាប់ផ្ដើមអានហើយ។ ចូរគូសកម្មវិធីឲ្យបានប្រាកដ ហើយរួចមកធ្វើតាមឲ្យបានជាប់ចុះ។ ចូរសម្រេចចិត្តនូវប៉ុន្មានទំព័រឬប៉ុន្មានជំពូកដែលអ្នកនឹងអានរៀងរាល់ថ្ងៃ ឬសម្រេចចិត្តនូវប៉ុន្មានម៉ោងឬនៅពេលណានឹងចំណាយពេលនោះចុះ។ មិនមែនមនុស្សគ្រប់ៗគ្នាអាចអានព្រះគម្ពីរចប់ក្នុងមួយឆ្នាំនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺត្រូវអានបន្ទូលរបស់ព្រះឲ្យបានទៀងទាត់ ដោយអានជារៀងរាល់ថ្ងៃបើសិនជាអាចធ្វើបាន។ កាលដែលអ្នកអានព្រះគម្ពីរ អ្នកនឹងដឹងថា ការប្រើនូវសៀវភៅឯកសារយោងខ្លះៗនឹងមានប្រយោជន៍ ក្នុងការធ្វើឲ្យអ្នកចាំពត៌មាននោះ។ បើសិនជាសៀវភៅ ការពិនិត្យមើលក្នុងព្រះគម្ពីរមាននៅក្នុងភាសារបស់អ្នក មុននឹងអ្នកចាប់ផ្ដើមអានសៀវភៅគម្ពីរណាមួយ ចូរពិនិត្យមើលត្រួសៗនៅសេចក្ដីសំខាន់ៗដែលបានផ្ដល់នៅក្នុងសៀវភៅនេះចុះ។ ជាពិសេសចូរកត់សម្គាល់នូវអក្សរក្រាស់ៗនៅក្នុងទម្រង់ការនោះ។ ឬប្រើសៀវភៅដែលបានសង្ខេបយ៉ាងដិតដល់ ដែលមានចំណងជើង គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ក៏មានប្រយោជន៍»។
១៥. (ក) តើយោបល់ដែលផ្ដល់មកនៅទំព័រ១៤និង១៥អាចជួយអ្នកឲ្យអានព្រះគម្ពីរបានប្រសើរឡើងយ៉ាងណា? (ខ) ជាជាងគ្រាន់តែអានព្រះគម្ពីរជាទម្លាប់ឲ្យបានច្រើនទំព័រនោះ តើចំពោះរឿងដ៏សំខាន់ណាដែលយើងត្រូវយកចិត្តទុកដាក់?
១៥ ការអានព្រះគម្ពីរតៗគ្នាគឺមានប្រយោជន៍ ប៉ុន្តែកុំឲ្យទៅជាអ្នកអានដែលគ្រាន់តែធ្វើជាទម្លាប់នោះឡើយ។ សូមកុំគ្រាន់តែអានទំព័រមួយចំនួនរៀងរាល់ថ្ងៃ ដើម្បីឲ្យអាចនិយាយថាអ្នកបានអានព្រះគម្ពីរចប់ក្នុងមួយឆ្នាំនោះ។ ដូចជាបានបង្ហាញមកក្នុងប្រអប់ «ការឲ្យយោបល់ដើម្បីនឹងបង្កើនការអានព្រះគម្ពីររបស់អ្នក» គឺមានវិធីជាច្រើនយ៉ាងដែលអ្នកអាចអានហើយឲ្យចូលចិត្តព្រះគម្ពីរដែរ។ មិនថាអ្នកប្រើវិធីមួយណាក៏ដោយ ចូរធ្វើឲ្យបានប្រាកដថាអ្នកកំពុងតែបំប៉នគំនិតនិងចិត្តរបស់អ្នកចុះ។
ការយល់ន័យនូវអ្វីៗដែលអ្នកអាន
១៦. ហេតុអ្វីក៏ជាការសំខាន់ក្នុងការចំណាយពេលរំពឹងគិតនូវអ្វីៗដែលយើងបានអាននោះ?
១៦ នៅពេលដែលបង្រៀនសិស្សរបស់ទ្រង់ ព្រះយេស៊ូបានបញ្ជាក់នូវសារៈសំខាន់នៃការឲ្យគេយល់នូវអ្វីៗដែលទ្រង់បានមានបន្ទូលមក។ អ្វីដែលសំខាន់នោះ មិនមែនគ្រាន់តែយល់ក្នុងគំនិតនោះទេ ប៉ុន្តែឲ្យគេ«យល់ក្នុងចិត្ត» ដើម្បីឲ្យគេអាចអនុវត្តក្នុងជីវិតរបស់គេទៅបាន។ (ម៉ាថាយ ១៣:១៤, ១៥, ១៩,២៣) បុគ្គលដែលមានចិត្តយ៉ាងណានៅខាងក្នុងនោះ គឺសំខាន់ណាស់ចំពោះព្រះ ហើយនេះគឺជាអ្វីដែលតំណាងតាមចិត្ត។ (សាំយូអែលទី១ ១៦:៧; សុភាសិត ៤:២៣) ដូច្នេះ ដើម្បីឲ្យយល់នូវអ្វីៗដែលព្រះគម្ពីរចែងឲ្យបានច្បាស់លាស់នោះ យើងត្រូវតែរំពឹងគិតទៅលើអ្វីៗដែលយើងបានអាន ដោយពិចារណាពីការទាក់ទងក្នុងជីវិតរបស់យើង។—ទំនុកដំកើង ៤៨:៩; ធីម៉ូថេទី១ ៤:១៤
១៧. តើមានទិដ្ឋភាពណាខ្លះដែលយើងអាចរំពឹងគិតទៅលើអ្វីៗដែលយើងបានអានក្នុងព្រះគម្ពីរ?
១៧ ចូរខំខ្នះខ្នែងសម្គាល់នូវគោលការណ៍ដ៏សំខាន់ក្នុងដំណើររឿងព្រះគម្ពីរចុះ ដើម្បីឲ្យអ្នកអាចអនុវត្តក្នុងស្ថានការណ៍ដែលអ្នកជួបប្រទះ។ (ប្រៀបធៀប ម៉ាថាយ ៩:១៣; ១៩:៣-៦) កាលដែលអ្នកអាន ហើយរំពឹងគិតអំពីគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ចូរប្រើឱកាសនេះដើម្បីនឹងពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ក្នុងការបណ្ដុះឲ្យមានការគោរពប្រតិបត្ដិដល់ព្រះ។ នៅពេលដែលអ្នកអានសេចក្ដីថ្លែងនៃគោលបំណងរបស់ព្រះយេហូវ៉ា ចូរពិចារណានូវអ្វីៗដែលអ្នកអាចធ្វើឲ្យបានស្របនឹងរឿងទាំងនោះដែរ។ នៅពេលដែលអ្នកអានឱវាទទាំងនោះ ជាជាងនិយាយដល់ខ្លួនថា៖ ‹ខ្ញុំដឹងហើយ› ចូរសួរថា៖ ‹តើខ្ញុំធ្វើតាមឱវាទនេះទេ›? បើធ្វើតាមមែន ចូរសួរខ្លួនអ្នកចុះ តើតាមវិធីណាដែលខ្ញុំអាចធ្វើ«កាន់តែខ្លាំងឡើង»នោះ? (ថែស្សាឡូនីចទី១ ៤:១) កាលដែលអ្នករៀនតម្រូវរបស់ព្រះ ចូរកត់សម្គាល់នូវគំរូដ៏ពិតពីព្រះគម្ពីរនៃជីវិតរបស់ពួកអ្នកដែលបានប្រកបជីវិតស្របតាមតម្រូវទាំងនោះ ហើយនិងអស់អ្នកណាដែលមិនធ្វើតាមចុះ។ ចូរពិចារណានូវមូលហេតុដែលគេប្រព្រឹត្តដូចនេះ និងលទ្ធផលរបស់គេដែរ។ (រ៉ូម ១៥:៤; កូរិនថូសទី១ ១០:១១) នៅពេលដែលអ្នកអានអំពីព្រះជន្មរបស់ព្រះយេស៊ូគ្រីស្ទ ចូរចងចាំថាព្រះយេស៊ូជាអ្នកដែលព្រះយេហូវ៉ាបានប្រគល់នូវភាពជាស្តេចទៅលើផែនដីទាំងមូល ចូរប្រើឱកាសនេះដើម្បីឲ្យអ្នកមានចិត្តមាំមួនក្នុងការរង់ចាំពិភពលោកថ្មីរបស់ព្រះចុះ។ ហើយផងដែរ ចូរពិនិត្យនូវវិធីផ្សេងៗដែលអ្នកអាចយកគំរូតាមរាជបុត្រារបស់ព្រះឲ្យបានកាន់តែខ្លាំងឡើងថែមទៀត។—ពេត្រុសទី១ ២:២១
១៨. តើតាមរបៀបណាដែលយើងអាចថ្លឹងថ្លែងការអានព្រះគម្ពីរ ដោយប្រើពត៌មានសិក្សាដែលផ្ដល់មកតាមរយៈ‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ›?
១៨ ពិតហើយ ការអានព្រះគម្ពីរ មិនគួរធ្វើឲ្យអ្នកបំបាត់ការប្រើពត៌មានសិក្សាដ៏ល្អប្រសើរ ដែលផ្ដល់មកតាមរយៈ‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ›ឡើយ។ នេះក៏ជាផ្នែកមួយនៃសំវិធានការរបស់ព្រះយេហូវ៉ាដែរ—គឺជាអ្វីដែលមានតម្លៃណាស់។ (ម៉ាថាយ ២៤:៤៥-៤៧) ចូរធ្វើឲ្យបានប្រាកដថាការអានបន្ទូលរបស់ព្រះទៀងទាត់ ជាអ្វីដ៏សំខាន់ក្នុងជីវិតរបស់អ្នកចុះ។ បើសិនជាធ្វើបាននោះ «ចូរអានពាក្យបន្ទូលរបស់ព្រះ ព្រះគម្ពីរបរិសុទ្ធជារៀងរាល់ថ្ងៃ»។
[កំណត់សម្គាល់]
បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក (ជាភាសាអង់គ្លេស)
(ជាភាសាអង់គ្លេស)
(ជាភាសាអង់គ្លេស)
(ជាភាសាអង់គ្លេស)
(ជាភាសាអង់គ្លេស)
(ជាភាសាអង់គ្លេស)
(ជាភាសាអង់គ្លេស)
(ជាភាសាអង់គ្លេស)
(ជាភាសាអង់គ្លេស)
(ជាភាសាអង់គ្លេស)
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏ជាការមានប្រយោជន៍ក្នុងការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ?
◻ ហេតុអ្វីក៏យើងត្រូវការអានព្រះគម្ពីរម្ដងហើយម្ដងទៀត?
◻ ក្នុងគម្រោងពេលរបស់អ្នក តើម៉ោងណាដែលល្អសំរាប់ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃនោះ?
◻ កាលដែលអ្នកអានព្រះគម្ពីរម្ដងហើយម្ដងទៀត តើអ្វីទៅដែលអាចធ្វើឲ្យមានភាពផ្សេងៗក្នុងកម្មវិធីរបស់អ្នក?
◻ ហេតុអ្វីក៏ជាការសំខាន់ក្នុងការរំពឹងគិតទៅលើអ្វីៗដែលអ្នកបានអាននោះ?
[ប្រអប់នៅទំព័រ១៤, ១៥]
ការឲ្យយោបល់ដើម្បីនឹងបង្កើនការអានព្រះគម្ពីររបស់អ្នក
(១) មនុស្សជាច្រើនអានសៀវភៅគម្ពីរតាមរបៀបដែលមានជាលំដាប់ គឺពីសៀវភៅលោកុប្បត្តិទៅសៀវភៅវិវរណៈ។ អ្នកក៏អាចអានតាមលំដាប់ដែលគេបានសរសេរមកនោះដែរ។ ចូរចងចាំថា សៀវភៅទាំង៦៦ក្បាលដែលព្រះបានបណ្ដាលមកនេះ គឺជាបណ្ណាល័យរបស់ព្រះ។ ដើម្បីឲ្យមានភាពច្រើនផ្សេងគ្នា អ្នកប្រហែលជាអាចអានសៀវភៅដែលមានប្រវត្ដិសាស្ត្រ រួចមកសៀវភៅដែលមានទំនាយ ហើយក្រោយមកមើលសៀវភៅដែលមានឱវាទ ជាជាងគ្រាន់តែមើលតាមទំព័រនោះ។ ចូរចងចាំនូវអ្វីដែលអ្នកបានអាន ហើយធ្វើយ៉ាងណាឲ្យអានព្រះគម្ពីរទាំងមូល។
(២) ក្រោយពីអ្នកអានព្រះគម្ពីរមួយផ្នែកហើយ សូមសួរខ្លួនថា តើព្រះគម្ពីរបញ្ចេញឲ្យឃើញយ៉ាងណាដែរអំពីព្រះយេហូវ៉ា គោលបំណងរបស់ទ្រង់ របៀបដែលទ្រង់ធ្វើអ្វីមួយ និងនូវរបៀបដែលត្រូវមានឥទ្ធិពលទៅលើជីវិតរបស់អ្នក ហើយនូវរបៀបដែលអ្នកអាចប្រើដើម្បីនឹងជួយអ្នកផ្សេងទៀត។
(៣) ចំពោះការណែនាំ ចូរប្រើផែនទីដែលមានចំណងជើង «ព្រឹត្ដិការណ៍ដ៏សំខាន់នៃព្រះជន្មរបស់ព្រះយេស៊ូនៅលើផែនដី» ដែលបានបោះពុម្ពនៅក្នុងសៀវភៅ ការពិនិត្យមើលក្នុងព្រះគម្ពីរ (ហើយនៅក្នុងសៀវភៅ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ក៏មានប្រយោជន៍») ចូរអាននិទានកថាដែលទាក់ទងនឹងព្រឹត្ដិការណ៍ដូចគ្នានៃផ្នែកនិមួយៗនៃដំណឹងល្អដោយតៗគ្នា។ ចូរបន្ថែមនេះទៀតដោយមើលផ្នែករឿងស្រដៀងគ្នាក្នុងសៀវភៅ បុរសដ៏ឧត្តមបំផុតម្នាក់ដែលធ្លាប់មានព្រះជន្មរស់នៅ។
(៤) នៅពេលដែលអ្នកអានពីសៀវភៅកិច្ចការនៃដំណើររឿងរបស់ពួកសាវ័កនៃជីវិតនិងកិច្ចបំរើរបស់ប៉ុល ចូរអានសំបុត្រដែលទាក់ទងគ្នាផងដែរ។ ដូច្នេះ នៅពេលដែលនិយាយអំពីទីក្រុងផ្សេងៗឬទីកន្លែងដែលប៉ុលបានផ្សាយនោះ ចូរឈប់ហើយអានសំបុត្រដែលគាត់បានសរសេរនៅពេលក្រោយជូនទៅពួកជនគ្រីស្ទាននៅកន្លែងទាំងនោះ។ ហើយក៏មានប្រយោជន៍ដែរ ក្នុងការពិនិត្យមើលការធ្វើដំណើររបស់គាត់នៅលើផែនទី នៅក្នុងក្របសៀវភៅខាងក្រោយនៃសេចក្ដីបកប្រែព្រះគម្ពីរពិភពលោកថ្មី។
(៥) ក្នុងការអានសៀវភៅនិក្ខមនំនិងចោទិយកថា ចូរអានផងដែរនៅក្នុងសំបុត្រផ្ញើទៅពួកហេព្រើរដើម្បីឲ្យយល់នូវគំរូទំនាយជាច្រើន។ នៅក្រោមចំណងជើង «ច្បាប់» នៅក្នុងសៀវភៅការពិនិត្យមើលក្នុងព្រះគម្ពីរ ចូរមើលផែនទី «ទិដ្ឋភាពខ្លះនៃកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ»។
(៦) នៅពេលដែលអានសៀវភៅបទទំនាយ ចូរលៃលកពេលដើម្បីនឹងពិនិត្យមើលសាឡើងវិញនូវប្រវត្ដិសាស្ត្រដែលទាក់ទងនៅក្នុងព្រះគម្ពីរ។ ជាឧទាហរណ៍ នៅពេលអានសៀវភៅអេសាយ ចូរពិនិត្យមើលនៅកន្លែងផ្សេងទៀតដែរ នូវអ្វីដែលចែងអំពីអ័សារា យ៉ួថាម អេហាស និងហេសេគា ដែលបានរៀបរាប់មកនៅអេសាយ ១:១។ (ពង្សាវតារក្សត្រទី២ ជំពូក១៥-២០; របាក្សត្រទី២ ជំពូក២៦-៣២) ឬនៅពេលដែលអានសៀវភៅហាកាយនិងសាការី ចូរលៃលកពេលដើម្បីនឹងពិនិត្យមើលសាឡើងវិញនូវអ្វីដែលមាននៅក្នុងសៀវភៅអែសរ៉ា។
(៧) ចូររើសសៀវភៅព្រះគម្ពីរមួយ អានមួយផ្នែកសិនចុះ (ប្រហែលជាមួយជំពូក) រួចមកសូមធ្វើការស្រាវជ្រាវ ដោយប្រើលិបិក្រមនៃប្រកាសនវត្ថុប៉មយាម ឬបណ្ណាល័យប៉មយាមនៅក្នុងកុំព្យូទ័រ បើសិនជាមាននៅក្នុងភាសារបស់អ្នក។ ចូរអនុវត្តតាមពត៌មាននោះនៅក្នុងជីវិតរបស់អ្នកចុះ។ ចូរប្រើនៅពេលថ្លែងសុន្ទរកថា ឬនៅពេលទៅផ្សាយ។ រួចមកចូរអានផ្នែកមួយទៀតបន្តចុះ។
(៨) បើសិនជាមានទស្សនាវដ្ដីប៉មយាមដែលផ្ដល់នូវអត្ថាធិប្បាយទៅលើសៀវភៅគម្ពីរឬផ្នែកណាមួយ កាលដែលអ្នកកំពុងតែអានផ្នែកនៃព្រះគម្ពីរនោះ ចូរមើលឲ្យបានញឹកញាប់ពីទស្សនាវដ្ដីនោះផង។ (ជាឧទាហរណ៍៖ ចំពោះបទចំរៀងសាឡូម៉ូន ទស្សនាវដ្ដីប៉មយាម ១ធ្នូ ១៩៥៧ ទំព័រ ៧២០-៣៤; ចំពោះអេសេគាល «សាសន៍នឹងដឹងថាអញនេះហើយជាព្រះយេហូវ៉ា—ដោយដូចម្ដេច?» ចំពោះដានីយ៉ែល «គោលបំណងរបស់ទ្រង់នឹងបានសម្រេចនៅលើផែនដី» ឬរដ្ឋាភិបាលលោកដែលនឹងមាននៅខាងមុខនេះ—ព្រះរាជាណាចក្ររបស់ព្រះ ចំពោះហាកាយនិងសាការី សួនមនោរម្យដែលនឹងស្ដារឡើងជូនមនុស្សលោក—ដោយព្រះធិបតេយ្យភាព! ចំពោះសៀវភៅវិវរណៈ វិវរណៈ—កំរិតខ្ពស់បំផុតរបស់វាជិតមកដល់ហើយ!
(៩) កាលដែលអ្នកអាន ចូរមើលឯកសារយោងដែលទាក់ទងគ្នាផង។ ចូរកត់សម្គាល់នូវ៣២០វគ្គនៅក្នុងបទគម្ពីរគ្រីស្ទានភាសាក្រិក ដែលបានដកស្រង់ចេញពីបទគម្ពីរភាសាហេព្រើរ និងរាប់រយវគ្គព្រះគម្ពីរដែលមានឯកសារយោង ព្រមទាំងផ្ដល់នូវការអនុវត្តផង។ ឯកសារយោងដែលទាក់ទងគ្នាចង្អុលប្រាប់ចំពោះការសម្រេចដែលបានកត់ទុកនៅក្នុងព្រះគម្ពីរ។ ចំពោះសេចក្ដីល្អិតល្អន់នៃជីវប្រវត្ដិនិងភូមិសាស្ត្រ និងចំពោះគំនិតស្រដៀងគ្នាដែលធ្វើឲ្យច្បាស់នៃពាក្យ ដែលប្រហែលជាគិតថាពិបាកនឹងយល់នោះ។
(១០) ចូរប្រើឯកសារយោងនៃសេចក្ដីបកប្រែព្រះគម្ពីរពិភពលោកថ្មី បើសិនជាមាននៅក្នុងភាសារបស់អ្នក ហើយឆែកមើលកំណត់ចំណាំ និងអត្ថបទដែលទាក់ទងនូវអ្វីដែលកំពុងតែអាន។ ទាំងនេះបង្ហាញនូវមូលដ្ឋានក្នុងការឲ្យអត្ថន័យដែលប្រើ ហើយវិធីផ្សេងៗទៀតដែលពាក្យសំខាន់ៗអាចបកប្រែបាន។ អ្នកក៏ប្រហែលជាចង់ប្រៀបធៀបអត្ថន័យនៃខណាមួយជាមួយនឹងសេចក្ដីបកប្រែព្រះគម្ពីរផ្សេងទៀត។
(១១) ក្រោយពីអ្នកអានជំពូកនិមួយៗ ចូរសរសេរសង្ខេបនៃគោលចំណុចនៅក្នុងជំពូកនោះ។ ហើយប្រើវាដើម្បីពិនិត្យសាឡើងវិញនិងការរំពឹងគិតសំរាប់ពេលក្រោយ។
(១២) កាលដែលអ្នកអានព្រះគម្ពីរ ចូរគូសបទណាដែលអ្នកចង់ចាំ ឬចម្លងវាទៅនឹងប័ណ្ណ ហើយដាក់វានៅកន្លែងណាដែលអ្នកអាចឃើញរាល់តែថ្ងៃ។ ចូរទន្ទេញ រំពឹងគិត ហើយប្រើវាចុះ។ ចូរកុំព្យាយាមទន្ទេញទាំងអស់ឡើយ ប្រហែលជាទន្ទេញមួយឬពីររៀងរាល់អាទិត្យនិមួយៗចុះ រួចមកនៅពេលដែលអ្នកអានព្រះគម្ពីរទៀត ចូររើសយកបទគម្ពីរខ្លះទៀតទៅ។
[រូបភាពនៅទំព័រ១៣]
តើអ្នកកំពុងតែអានព្រះគម្ពីរឬស្ដាប់ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃទេ?