បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៨ ទំ. ៦-១១
  • ចូរព្រមទទួលព្រះគម្ពីរតាមភាពដ៏ពិតនោះចុះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរព្រមទទួលព្រះគម្ពីរតាមភាពដ៏ពិតនោះចុះ
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បាន​មាន​បំណង​មក​ដើម្បី​ឲ្យ​អាន​ហើយ​ឲ្យ​បាន​យល់
  • ការ​អាន​ព្រះ​គម្ពីរ​នៅ​ក្នុង​សាលា​ប្រជុំ
  • ការ​ប្រព្រឹត្ត​តប​និង​អនុវត្ត​ផ្ទាល់​ខ្លួន
  • ភារកិច្ច​របស់​ពួក​អ្នក​ដែល​មាន​មុខ​ងារ​មើល​ការ​ទទួល​ខុសត្រូវ
  • ការទទួលប្រយោជន៍ពីការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការអានព្រះគម្ពីរ គឺជាអ្វីដែលមានប្រយោជន៍និងជាទីពេញចិត្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូរបន្ដកាន់តាមយ៉ាងខ្ជាប់ខ្ជួននូវព្រះបន្ទូលរបស់ព្រះ
    ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចូរអ្នកឧស្សាហ៍អាន
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៨ ទំ. ៦-១១

ចូរ​ព្រម​ទទួល​ព្រះ​គម្ពីរ​តាម​ភាព​ដ៏​ពិត​នោះ​ចុះ

«ដោយ​ហេតុ​នេះ​ទៀត បាន​ជា​យើង​ខ្ញុំ​អរ​ព្រះ​គុណ​ដល់​ព្រះ​ឥត​មាន​ដាច់ គឺ​ដោយ​ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​បន្ទូល ជា​ដំណឹង​ពី​ព្រះ ដោយសារ​យើង​ខ្ញុំ​នោះ មិន​បាន​ទទួល​ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​បណ្ដាល​មក​ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ»។—ថែស្សាឡូនីចទី១ ២:១៣

១. តើ​មាន​ពត៌មាន​យ៉ាង​ណា​ខ្លះ​នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​ធ្វើ​ឲ្យ​សៀវភៅ​នេះ​ពិត​ជា​អស្ចារ្យ​មែន​នោះ?

ព្រះ​គម្ពីរ​បរិសុទ្ធ​ជា​សៀវភៅ​មួយ​ដែល​បាន​បកប្រែ​មក ហើយ​បាន​ចែក​ចាយ​ពាស​ពេញ​ពិភពលោក។ មនុស្ស​ជា​ច្រើន​បាន​ទទួល​ស្គាល់​ថា​ព្រះ​គម្ពីរ​ជា​ស្នា​ដៃ​ដ៏​ឆ្នើម​មួយ​នៃ​ប្រកាសនវត្ថុ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ​ថា ព្រះ​គម្ពីរ​អាច​ផ្ដល់​ឲ្យ​ការ​ណែនាំ​ដែល​មនុស្ស​គ្រប់​សាសន៍​គ្រប់​សញ្ជាតិ​ត្រូវ​ការ​ជា​បន្ទាន់ មិន​ថា​ពួក​គេ​មាន​អាជីព​ឬ​ឋានៈ​យ៉ាង​ណា​ក្នុង​ជីវិត​ឡើយ។ (វិវរណៈ ១៤:៦, ៧) តាម​របៀប​ដែល​ធ្វើ​ឲ្យ​ចិត្ត​និង​គំនិត​ស្កប់ស្កល់​នោះ ព្រះ​គម្ពីរ​ក៏​ឆ្លើយ​នឹង​សំនួរ​ទាំង​ឡាយ​ដូច​ជា៖ តើ​គោល​បំណង​នៃ​ជីវិត​របស់​មនុស្ស​ជា​អ្វី? (លោកុប្បត្តិ ១:២៨; វិវរណៈ ៤:១១) ហេតុ​អ្វី​ក៏​រដ្ឋាភិបាល​របស់​មនុស្ស​មិន​អាច​ធ្វើ​ឲ្យ​មាន​សន្ដិភាព​និង​សន្ដិសុខ​ជា​ស្ថាពរ​បាន​នោះ? (យេរេមា ១០:២៣; វិវរណៈ ១៣:១, ២) ហេតុ​អ្វី​ក៏​មនុស្ស​ស្លាប់​អញ្ចឹង? (លោកុប្បត្តិ ២:១៥​-​១៧; ៣:១​-​៦; រ៉ូម ៥:១២) នៅ​ក្នុង​លោកីយ៍​ដែល​មាន​បញ្ហា​នេះ តើ​យើង​អាច​មាន​ជ័យជំនះ​ទៅ​លើ​បញ្ហា​ទាំង​ឡាយ​នៃ​ជីវិត​យ៉ាង​ណា​បាន? (ទំនុកដំកើង ១១៩:១០៥; សុភាសិត ៣:៥, ៦) តើ​អនាគត​មាន​យ៉ាង​ណា​ដែរ​សំរាប់​យើង?—ដានីយ៉ែល ២:៤៤; វិវរណៈ ២១:៣​-​៥

២. ហេតុ​អ្វី​ក៏​ព្រះ​គម្ពីរ​ផ្ដល់​នូវ​ចម្លើយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ចំពោះ​សំនួរ​របស់​យើង?

២ ហេតុ​អ្វី​ក៏​ព្រះ​គម្ពីរ​ឆ្លើយ​នឹង​សំនួរ​បែប​នេះ​យ៉ាង​ប្រាកដប្រជា​ម្ល៉េះ? ពីព្រោះ​ព្រះ​គម្ពីរ​ជា​ពាក្យ​បន្ទូល​របស់​ព្រះ។ ទ្រង់​បាន​ប្រើ​មនុស្ស​ឲ្យ​សរសេរ ប៉ុន្តែ​ដូច​ជា​បាន​ចែង​យ៉ាង​ច្បាស់​មក​នៅ​ធីម៉ូថេ​ទី​២ ៣:១៦៖ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ»។ នេះ​មិន​មែន​ជា​ផលិតផល​នៃ​ការ​បកស្រាយ​ផ្ទាល់​ខ្លួន​នៃ​ព្រឹត្ដិការណ៍​របស់​មនុស្ស​ណា​ម្នាក់​ឡើយ។ «ដ្បិត​សេចក្ដី​ទំនាយ​[នៃ​ការ​ថ្លែង​ដែល​នឹង​មក បញ្ជា​របស់​ព្រះ បមាណីយ​សីលធម៌​របស់​ព្រះ​គម្ពីរ]​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ​ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្ដាល​វិញ»។—ពេត្រុសទី២ ១:២១

៣. (ក) ចូរ​ឲ្យ​ឧទាហរណ៍​ដែល​បង្ហាញ​នូវ​របៀប​ដែល​មនុស្ស​នៅ​ក្នុង​ប្រទេស​ជា​ច្រើន បាន​ចាត់​ទុក​ព្រះ​គម្ពីរ​ជា​របស់​ដ៏​មាន​តម្លៃ​ក្រៃលែង​នោះ។ (ខ) ហេតុ​អ្វី​ក៏​មាន​បុគ្គល​ខ្លះ​ប្រថុយ​ជីវិត​របស់​គេ​ដើម្បី​នឹង​អាន​ព្រះ​គម្ពីរ​នោះ?

៣ ដោយ​អបអរ​នឹង​តម្លៃ​នៃ​ព្រះ​គម្ពីរ មនុស្ស​ជា​ច្រើន​បាន​ប្រថុយ​ជាប់​គុក សូម្បី​តែ​ទាំង​ស្លាប់​ផង ដើម្បី​ឲ្យ​បាន​មាន​ព្រះ​គម្ពីរ​មក​អាន​ជា​របស់​ផង​ខ្លួន។ នេះ​ជា​ការ​ជាក់​ស្តែង​ណាស់ ពីព្រោះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ដែល​មនុស្ស​ជា​ច្រើន​កាន់​សាសនា​កាតូលិក ពួក​បព្វជិត​នៅ​ទី​នោះ​បាន​ខ្លាច​ថា​ឥទ្ធិពល​របស់​គេ​នឹង​បាន​ទន់ខ្សោយ បើសិន​ជា​មនុស្ស​អាន​ព្រះ​គម្ពីរ​ក្នុង​ភាសា​របស់​គេ។ នៅ​ប្រទេស​អាល់បានី​ក៏​អញ្ចឹង​ដែរ ដែល​នៅ​ក្រោម​របប​ដែល​មិន​ជឿ​ព្រះ គេ​បាន​ចាត់​វិធានការ​ដ៏​តឹងរ៉ឹង ដើម្បី​នឹង​បញ្ចប់​ឥទ្ធិពល​នៃ​សាសនា​ទាំង​អស់។ ប៉ុន្តែ បុគ្គល​ដែល​កោត​ខ្លាច​ដល់​ព្រះ​បាន​ចាត់​ទុក​ព្រះ​គម្ពីរ​ថា​ជា​របស់​ដ៏​មាន​តម្លៃ​ក្រៃលែង ដោយ​អាន​ព្រះ​គម្ពីរ ហើយ​ចែក​គ្នា​អាន​ទៅ​វិញ​ទៅ​មក។ ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី២ នៅ​ក្នុង​បន្ទាយ​ឃុំ​ឃាំង​មនុស្ស​ឈ្មោះ​សាក​សិន​ហៃ​សិន មាន​គេ​ហុច​ព្រះ​គម្ពីរ​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ដោយ​ប្រយ័ត្នប្រយែង (ថ្វី​បើ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ក្ដី) ហើយ​អស់​អ្នក​ដែល​បាន​ទទួល​នោះ ក៏​បាន​ទន្ទេញ​មួយ​ផ្នែក​នៃ​ព្រះ​គម្ពីរ ដើម្បី​នឹង​និយាយ​ប្រាប់​ដល់​អ្នក​ផ្សេង​ទៀត។ ក្នុង​កំឡុង​ឆ្នាំ​១៩៥០ ប្រទេស​អា​ល្លីម៉ង់​ខាង​កើត​ជា​ប្រទេស​កុម្មុយនិស្ត ចំពោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ដោយសារ​ជំនឿ​របស់​គេ​នោះ បាន​ប្រថុយ​ជាប់​ការ​ឃុំ​ឃាំង​ស្ងាត់​ដាច់​ពី​គេ​ដ៏​យូរ កាល​ដែល​គេ​បាន​ហុច​ឲ្យ​ផ្នែក​តូចៗនៃ​ព្រះ​គម្ពីរ​ទៅ​អ្នក​ជាប់​គុក​ម្នាក់​ទៀត សំរាប់​ការ​អាន​នៅ​ពេល​យប់​នោះ។ ហេតុ​អ្វី​ក៏​ពួក​គេ​ធ្វើ​ដូច្នេះ? ពីព្រោះ​ពួក​គេ​បាន​ដឹង​ថា​ព្រះ​គម្ពីរ​ជា​ពាក្យ​បន្ទូល​របស់​ព្រះ ហើយ​ពួក​គេ​បាន​ដឹង​ថា​«មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំប៉័ង​ប៉ុណ្ណោះ​ទេ» ប៉ុន្តែ​«គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​យេហូវ៉ា​មក​ដែរ»។ (ចោទិយកថា ៨:៣) ពាក្យ​បន្ទូល​ទាំង​នេះ​ដែល​បាន​កត់​ទុក​នៅ​ក្នុង​ព្រះ​គម្ពីរ បាន​ជួយ​ស្មរបន្ទាល់​ទាំង​នោះ​ឲ្យ​បាន​នៅ​រស់​ខាង​វិញ្ញាណ ថ្វី​បើ​នៅ​ក្រោម​អំណាច​ដ៏​ឃោរឃៅ​យ៉ាង​ខ្លាំង​ក្ដី។

៤. តើ​ព្រះ​គម្ពីរ​ត្រូវ​មាន​ការ​សំខាន់​យ៉ាង​ណា​ក្នុង​ជីវិត​របស់​យើង?

៤ ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ ដែល​គ្រាន់​តែ​ដាក់​នៅ​លើ​ធ្នើរ​សំរាប់​ការ​ប្រើ​យូរៗម្ដង​នោះ​ទេ ឬ​ក៏​គ្រាន់​តែ​សំរាប់​យក​មក​ប្រើ​នៅ​ពេល​មក​ជួប​ជុំ​គ្នា​ដើម្បី​នឹង​ថ្វាយ​បង្គំ​នោះ​ដែរ​ទេ។ ជា​រៀង​រាល់​ថ្ងៃ​គឺ​ត្រូវ​តែ​យក​ព្រះ​គម្ពីរ​មក​ប្រើ​ដើម្បី​នឹង​បញ្ចេញ​ពន្លឺ​ទៅ​លើ​ស្ថានការណ៍​ដែល​យើង​ជួប​ប្រទះ ហើយ​ដើម្បី​នឹង​បង្ហាញ​យើង​នូវ​ផ្លូវ​ត្រឹម​ត្រូវ​ដែល​យើង​ត្រូវ​ដើរ។—ទំនុកដំកើង ២៥:៤, ៥

បាន​មាន​បំណង​មក​ដើម្បី​ឲ្យ​អាន​ហើយ​ឲ្យ​បាន​យល់

៥. (ក) បើសិន​ជា​អាច​ធ្វើ​ទៅ​បាន តើ​យើង​ម្នាក់ៗត្រូវ​មាន​អ្វី? (ខ) នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ តើ​តាម​របៀប​ណា​ដែល​បណ្ដាជន​ស្វែង​រក​នូវ​អ្វីៗដែល​មាន​ក្នុង​ព្រះ​គម្ពីរ​នោះ? (គ) តើ​ទំនុកដំកើង ១៩:៧​-​១១ មាន​ឥទ្ធិពល​ទៅ​លើ​អាកប្បកិរិយា​របស់​អ្នក​យ៉ាង​ណា ចំពោះ​ការ​អាន​ព្រះ​គម្ពីរ?

៥ នៅ​ក្នុង​សម័យ​យើង គឺ​មាន​ព្រះ​គម្ពីរ​ជា​ច្រើន​ក្បាល​នៅ​ក្នុង​ប្រទេស​ទាំង​ឡាយ ហើយ​យើង​សូម​ដាស់​តឿន​អ្នក​អាន​ទស្សនាវដ្ដី​ប៉មយាម​គ្រប់ៗគ្នា​ឲ្យ​មាន​ព្រះ​គម្ពីរ​មួយ​ក្បាល។ ក្នុង​កំឡុង​ពេល​ដែល​ព្រះ​គម្ពីរ​បាន​សរសេរ​មក​នោះ គឺ​ពុំ​មាន​ម៉ាស៊ីន​បោះ​ពុម្ព​ទេ។ មនុស្ស​ទូទៅ​ពុំ​មាន​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​ឡើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់​បាន​ឮ​នូវ​អ្វីៗដែល​បាន​សរសេរ​មក។ ដូច្នេះ នៅ​និក្ខមនំ ២៤:៧ រាយ​ការណ៍​ថា​ក្រោយ​ពី​ម៉ូសេ​បាន​សរសេរ​នូវ​អ្វីៗដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​មក​នោះ គាត់​ក៏​«យក​សៀវភៅ​សញ្ញា​មក​អាន មើល​ឲ្យ​បណ្ដាជន​ស្ដាប់»។ ដោយ​បាន​ឃើញ​នូវ​ការ​សម្ដែង​អធិធម្មជាតិ​នៅ​លើ​ភ្នំ​ស៊ីណាយ ពួក​គេ​បាន​ទទួល​ស្គាល់​ថា​អ្វីៗដែល​ម៉ូសេ​បាន​អាន​ឲ្យ​គេ​ស្ដាប់​នោះ គឺ​មក​ពី​ព្រះ ហើយ​ថា​ពួក​គេ​ត្រូវ​ការ​ឲ្យ​បាន​ដឹង​ឮ​អំពី​ពត៌មាន​ទាំង​នោះ។ (និក្ខមនំ ១៩:៩, ១៦​-​១៩; ២០:២២) យើង​ក៏​ត្រូវ​ការ​ដឹង​នូវ​អ្វីៗដែល​បាន​កត់​ទុក​ក្នុង​ពាក្យ​បន្ទូល​របស់​ព្រះ​ដែរ។—ទំនុកដំកើង ១៩:៧​-​១១

៦. (ក) មុន​នឹង​សាសន៍​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា​មក​នោះ តើ​ម៉ូសេ​បាន​ធ្វើ​អ្វី? (ខ) តើ​យើង​អាច​យក​គំរូ​តាម​លោក​ម៉ូសេ​ដោយ​ដូច​ម្ដេច?

៦ កាល​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ប្រុង​ប្រៀប​ឆ្លង​ទន្លេ​យ័រដាន់​ដើម្បី​នឹង​ចូល​ទៅ​ស្រុក​ដែល​បាន​សន្យា​មក​នោះ ដោយ​ចាក​ចេញ​ពី​ជីវភាព​នៅ​ក្នុង​ទី​រហោ​ស្ថាន ជា​ការ​ត្រឹម​ត្រូវ​ណាស់ ដែល​ពួក​គេ​ត្រូវ​ពិនិត្យ​មើល​ច្បាប់​របស់​ព្រះ​យេហូវ៉ា​និង​ការ​ប្រព្រឹត្ត​របស់​ទ្រង់​ជា​មួយ​ពួក​គេ​សា​ឡើង​វិញ។ ដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះ​បាន​បណ្ដាល​នោះ ម៉ូសេ​ក៏​ពិនិត្យ​មើល​ច្បាប់​ជា​មួយ​ពួក​គេ​សា​ឡើង​វិញ។ គាត់​បាន​រំឭក​គេ​អំពី​ច្បាប់ ហើយ​ក៏​បាន​បញ្ជាក់​នូវ​គោលការណ៍​និង​អាកប្បកិរិយា​ដ៏​សំខាន់ ដែល​គួរ​តែ​មាន​អានុភាព​ទៅ​លើ​ទំនាក់ទំនង​របស់​គេ​ជា​មួយ​ព្រះ​យេហូវ៉ា។ (ចោទិយកថា ៤:៩, ៣៥; ៧:៧, ៨; ៨:១០​-​១៤; ១០:១២, ១៣) កាល​ដែល​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ចាប់​ផ្ដើម​យក​កិច្ចការ​ឬ​ជួប​ប្រទះ​ស្ថានការណ៍​ថ្មី​ក្នុង​ជីវិត​នោះ ជា​ការ​ដ៏​មាន​ប្រយោជន៍​ណាស់ ដែល​យើង​ត្រូវ​ពិចារណា​នូវ​របៀប​ដែល​សេចក្ដី​ទូន្មាន​ពី​ព្រះ​គម្ពីរ​គួរ​តែ​មាន​ឥទ្ធិពល​ទៅ​លើ​អ្វី​ដែល​យើង​កំពុងតែ​ធ្វើ។

៧. មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ពួក​អ៊ីស្រាអែល​បាន​ឆ្លង​ទន្លេ​យ័រដាន់ តើ​មាន​អ្វី​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​គេ​ចាំ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​គំនិត​និង​ចិត្ត​របស់​គេ​នោះ?

៧ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ពួក​អ៊ីស្រាអែល​បាន​ឆ្លង​ទន្លេ​យ័រដាន់ ពួក​បណ្ដាជន​បាន​មក​ជួប​ជុំ​គ្នា​ម្ដង​ទៀត​ដើម្បី​នឹង​ពិនិត្យ​មើល​សា​ឡើង​វិញ​នូវ​អ្វីៗដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​គេ តាម​រយៈ​ម៉ូសេ។ សាសន៍​ទាំង​មូល​បាន​មក​ផ្ដុំ​គ្នា​ប្រមាណ​៥០​គ.ម.ឈៀង​ខាង​ជើង​នៃ​ទី​ក្រុង​យេរូសាឡិម។ កុលសម្ព័ន្ធ​មួយ​ចំហៀង​បាន​ឈរ​នៅ​ខាង​មុខ​ភ្នំ​អេបាល ហើយ​មួយ​ចំហៀង​ទៀត​ឈរ​នៅ​ខាង​មុខ​ភ្នំ​កេរិស៊ីម។ នៅ​ទី​នោះ យ៉ូស្វេ​«អាន​មើល​អស់​ទាំង​ពាក្យ​នៃ​ក្រិត្យ​វិន័យ ទោះ​ទាំង​ព្រះ​ពរ នឹង​សេចក្ដី​បណ្ដាសា​ទាំង​ប៉ុន្មាន​ផង»។ ដូច្នេះ​ពួក​បុរស ពួក​ស្ត្រី និង​ពួក​ក្មេងៗ ព្រម​ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ បាន​ឮ​ការ​ថ្លែង​សា​ឡើង​វិញ​នៃ​ច្បាប់​ចំពោះ​ចរិយា ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ ហើយ​បាន​ឮ​អំពី​ប្រសិទ្ធិពរ​ដែល​គេ​នឹង​ទទួល បើសិន​ជា​ពួក​គេ​បាន​គោរព​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​នោះ។ (យ៉ូស្វេ ៨:៣៤, ៣៥) ពួក​គេ​ត្រូវ​ការ​ដឹង​ឲ្យ​បាន​ច្បាស់​លាស់​នូវ​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់​ពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​ត្រូវ​តែ​ឆ្លាក់​ក្នុង​ចិត្ត​របស់​គេ ដោយ​ស្រឡាញ់​នូវ​អ្វី​ដែល​ល្អ និង​ស្អប់​នូវ​អ្វី​ដែល​អាក្រក់ ហើយ​យើង​សព្វ​ថ្ងៃ​នេះ​ក៏​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ដែរ។—ទំនុកដំកើង ៩៧:១០; ១១៩:១០៣,១០៤; អេម៉ុស ៥:១៥

៨. តើ​ការ​អាន​ពាក្យ​បន្ទូល​របស់​ព្រះ នៅ​ក្នុង​សាលា​ប្រជុំ​នៃ​សាសន៍​អ៊ីស្រាអែល​មាន​ផល​ប្រយោជន៍​យ៉ាង​ណា​ដែរ?

៨ ក្រៅ​ពី​ការ​អាន​នៃ​ច្បាប់​នៅ​គ្រា​ដ៏​សំខាន់​ទាំង​នោះ គឺ​មាន​សំវិធានការ​សំរាប់​ការ​អាន​ពាក្យ​បន្ទូល​របស់​ព្រះ​ឲ្យ​បាន​ទៀងទាត់ ដែល​បាន​ផ្ដល់​នូវ​ចំណុច​ដ៏​សំខាន់ៗក្នុង​ចោទិយកថា ៣១:១០​-​១២។ រៀង​រាល់​ឆ្នាំ​ទី​ប្រាំ​ពីរ សាសន៍​ទាំង​មូល​ត្រូវ​តែ​មក​ជួប​ជុំ​គ្នា​ដើម្បី​ស្ដាប់​ការ​អាន​ពាក្យ​បន្ទូល​របស់​ព្រះ។ ការ​នេះ​គឺ​សំរាប់​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ដល់​ពួក​គេ។ នេះ​ធ្វើ​ឲ្យ​គេ​ចង​ចាំ​កិច្ច​សន្យា​នៅ​ក្នុង​គំនិត​និង​ចិត្ត​របស់​គេ អំពី​ពូជ ហើយ​នេះ​ជា​ការ​ដឹក​នាំ​ពួក​ស្មោះ​ត្រង់​ទៅ​ព្រះមេស្ស៊ី។ ការ​រៀប​ចំ​ចំពោះ​ការ​បំប៉ន​ខាង​វិញ្ញាណ​ដែល​បាន​ផ្ដើម​ឡើង នៅ​ពេល​ពួក​អ៊ីស្រាអែល​នៅ​ក្នុង​ទី​រហោ​ស្ថាន​នោះ មិន​បាន​ឈប់​អនុវត្ត​ឡើយ នៅ​ពេល​ដែល​ពួក​គេ​បាន​ចូល​ក្នុង​ស្រុក​ដែល​បាន​សន្យា​មក​នោះ។ (កូរិនថូសទី១ ១០:៣, ៤) ផ្ទុយ​ទៅ​វិញ ពាក្យ​បន្ទូល​របស់​ព្រះ​បាន​ធ្វើ​ឲ្យ​មាន​ខ្លឹមសារ​ឡើង ដោយ​រួម​បញ្ចូល​ការ​បញ្ចេញ​ឲ្យ​ដឹង​ថែម​ទៀត​អំពី​ពួក​ព្យាការី។

៩. (ក) តើ​ពួក​អ៊ីស្រាអែល​អាន​ព្រះ​គម្ពីរ​នៅ​តែ​ពេល​ណា​ដែល​ពួក​គេ​មក​ជួប​ជុំ​គ្នា​តែ​ប៉ុណ្ណោះ​ទេ​ឬ? សូម​ពន្យល់។ (ខ) តើ​តាម​របៀប​ណា​ដែល​ពួក​ក្រុម​គ្រួសារ​បាន​ទទួល​បញ្ជា​ពី​ព្រះ​គម្ពីរ ហើយ​សំរាប់​គោល​បំណង​អ្វី?

៩ ការ​ពិនិត្យ​មើល​ពាក្យ​បន្ទូល​របស់​ព្រះ​សា​ឡើង​វិញ មិន​មែន​មាន​តែ​នៅ​គ្រា​ដែល​បណ្ដាជន​មក​ជួប​ជុំ​គ្នា​ប៉ុណ្ណោះ​ទេ។ ផ្នែក​ខ្លះ​នៃ​ពាក្យ​បន្ទូល​របស់​ព្រះ និង​គោលការណ៍​ដែល​តំណាង​នៅ​ក្នុង​នោះ បាន​តម្រូវ​ឲ្យ​ពិភាក្សា​ជា​រៀង​រាល់​ថ្ងៃ។ (ចោទិយកថា ៦:៤​-​៩) នៅ​កន្លែង​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ ពួក​ក្មេងៗអាច​មាន​ព្រះ​គម្ពីរ​ជា​របស់​ផ្ទាល់​ខ្លួន ហើយ​ជា​ការ​សំខាន់​ណាស់​ដែល​ពួក​គេ​បាន​មាន​នោះ។ ប៉ុន្តែ​នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ គឺ​មិន​មែន​ដូច្នេះ​ទេ។ នៅ​ពេល​នោះ កាល​ដែល​មាតា​បី​តា​បាន​បង្រៀន​ពី​ពាក្យ​បន្ទូល​របស់​ព្រះ គេ​ត្រូវ​តែ​ទុក​ចិត្ត​ទៅ​លើ​អ្វីៗដែល​បាន​ទន្ទេញ ហើយ​ទៅ​លើ​សេចក្ដី​ពិត​ដែល​គេ​ស្រឡាញ់​ក្នុង​ចិត្ត​របស់​គេ រួម​ទាំង​ការ​ដក​ស្រង់​ដ៏​តូច​ណា​ក្ដី ដែល​ពួក​គេ​បាន​សរសេរ​ចុះ​ទុក​នោះ។ ដោយ​ការ​និយាយ​ឡើង​វិញ​ដ៏​ញឹកញាប់​នោះ ពួក​គេ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​របស់​គេ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ផ្លូវ​របស់​ទ្រង់។ នេះ​មិន​មែន​មាន​គោល​បំណង​ឲ្យ​មាន​តែ​ចំណេះ​វិជ្ជា​ពេញ​ខួរ​ក្បាល​ទេ ប៉ុន្តែ​ដើម្បី​នឹង​ជួយ​សមាជិក​នៃ​ក្រុម​គ្រួសារ​និមួយៗឲ្យ​រស់​នៅ​តាម​របៀប​ដែល​សម្ដែង​សេចក្ដី​ស្រឡាញ់​សំរាប់​ព្រះ​យេហូវ៉ា​និង​ពាក្យ​បន្ទូល​របស់​ទ្រង់។—ចោទិយកថា ១១:១៨, ១៩, ២២, ២៣

ការ​អាន​ព្រះ​គម្ពីរ​នៅ​ក្នុង​សាលា​ប្រជុំ

១០, ១១. តើ​កម្មវិធី​នៃ​ការ​អាន​ព្រះ​គម្ពីរ​មួយ​ណា​ដែល​បាន​ធ្វើ​តាម​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​តើ​ព្រះ​យេស៊ូ​មាន​ទស្សនៈ​យ៉ាង​ណា​ដែរ​អំពី​គ្រា​នេះ?

១០ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ពួក​សាសន៍​យូដា​បាន​គេ​យក​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ីឡូន សាលា​ប្រជុំ​ត្រូវ​បាន​ស្ថាបនា​ឡើង​ជា​កន្លែង​សំរាប់​ការ​ថ្វាយ​បង្គំ។ ដើម្បី​ឲ្យ​ពាក្យ​បន្ទូល​របស់​ព្រះ​អាច​អាន​បាន​ហើយ​ពិភាក្សា​នៅ​កន្លែង​ប្រជុំ​ទាំង​អស់​នោះ ព្រះ​គម្ពីរ​ជា​ច្រើន​ក្បាល​ទៀត​ត្រូវ​បាន​ចម្លង​មក។ នេះ​ជា​កត្ដា​ចំពោះ​ការ​គង់​វង់​នៃ​ឯកសារ​ដៃ​ពី​បុរាណ​ដែល​មាន​ប្រមាណ​៦.០០០​ដែល​មាន​ផ្នែក​នៃ​បទ​គម្ពីរ​ភាសា​ហេព្រើរ។

១១ ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សាលា​ប្រជុំ​នោះ គឺ​ការ​អាន​ច្បាប់​ថូរ៉ា ដែល​ស្មើ​នឹង​សៀវភៅ​ប្រាំ​ដំបូង​នៃ​ព្រះ​គម្ពីរ​សម័យ​ថ្មី។ នៅ​កិច្ចការ ១៥:២១ រាយ​ការណ៍​ថា​នៅ​សតវត្ស​ទី​មួយ ស.យ. ការ​អាន​បែប​នេះ​បាន​ធ្វើ​ឡើង​រៀង​រាល់​ថ្ងៃ​សំរាក ហើយ​ម៉ីសណា​បង្ហាញ​ថា​មក​ដល់​សតវត្ស​ទីពីរ ក៏​មាន​ការ​អាច​ច្បាប់​ថូ​រ៉ា​នៅ​ថ្ងៃ​ទីពីរ​និង​ទី​ប្រាំ​នៃ​សប្ដាហ៍​ដែរ។ មាន​បុគ្គល​មួយ​ចំនួន​បាន​ចូល​រួម​ចែក​គ្នា​អាន​ផ្នែក​ដែល​ចាត់​មក​ដោយ​បន្ត​គ្នា។ ទំនៀម​ទំលាប់​របស់​សាសន៍​យូដា​ដែល​រស់​នៅ​ក្នុង​ស្រុក​បាប៊ីឡូន គឺ​ឲ្យ​អាន​ច្បាប់​ថូ​រ៉ា​ឲ្យ​បាន​ចប់​រៀង​រាល់​ឆ្នាំ។ ទំនៀម​ទំលាប់​នៅ​ស្រុក​ប៉ាឡាស្តែន​បាន​តម្រូវ​ឲ្យ​អាន​ក្នុង​កំឡុង​ពេល​បី​ឆ្នាំ។ ផ្នែក​នៃ​ព្រះ​គម្ពីរ​ដែល​មាន​ការ​សរសេរ​របស់​ពួក​ព្យាការី ក៏​ត្រូវ​បាន​អាន​ហើយ​ពន្យល់​ឲ្យ​ដឹង​ដែរ។ ជា​ទំនៀម​ទំលាប់ ព្រះ​យេស៊ូ​តែង​តែ​មាន​វត្តមាន​នៅ​ពេល​មាន​កម្មវិធី​អាន​ព្រះ​គម្ពីរ​នៅ​ថ្ងៃ​សំរាក នៅ​កន្លែង​ដែល​ទ្រង់​រស់​នៅ។—លូកា ៤:១៦​-​២១

ការ​ប្រព្រឹត្ត​តប​និង​អនុវត្ត​ផ្ទាល់​ខ្លួន

១២. (ក) នៅ​ពេល​ដែល​ម៉ូសេ​អាន​ច្បាប់​ជូន​ពួក​បណ្ដាជន តើ​ពួក​គេ​បាន​មាន​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ពួក​បណ្ដាជន​ប្រព្រឹត្ត​តប​យ៉ាង​ណា?

១២ ការ​អាន​ព្រះ​គម្ពីរ​ដែល​ព្រះ​បាន​បណ្ដាល​មក​នោះ មិន​មែន​ធ្វើ​ឡើង​ដោយ​គ្រាន់​តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ទេ។ នេះ​មិន​បាន​ធ្វើ​ឡើង​ដើម្បី​នឹង​គាប់​ការ​ចង់​ដឹង​របស់​មនុស្ស​ឡើយ។ នៅ​ពេល​ដែល​ម៉ូសេ​អាន​‹សៀវភៅ​នៃ​កិច្ច​ព្រម​ព្រៀង›​ជូន​ពួក​អ៊ីស្រាអែល​នៅ​ទី​វាល​ទល់​មុខ​ភ្នំ​ស៊ីណាយ គាត់​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ពួក​គេ​ដឹង​អំពី​ភារកិច្ច​របស់​គេ​ចំពោះ​ព្រះ ហើយ​ឲ្យ​បំពេញ​ភារកិច្ច​ទាំង​នេះ។ តើ​ពួក​គេ​នឹង​ធ្វើ​ទេ? ការ​អាន​គឺ​បាន​តម្រូវ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​តប។ ពួក​បណ្ដាជន​បាន​ទទួល​ស្គាល់​អំពី​រឿង​នេះ ហើយ​គេ​ក៏​និយាយ​ឡើង​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​អស់​ទាំង​សេចក្ដី ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​មក ហើយ​នឹង​ស្ដាប់​បង្គាប់​គ្រប់​ចំ​ពូក​ផង»។—និក្ខមនំ ២៤:៧; ប្រៀបធៀប និក្ខមនំ ១៩:៨; ២៤:៣

១៣. នៅ​ពេល​ដែល​យ៉ូស្វេ​អាន​ពាក្យ​បណ្ដាសា​ចំពោះ​ការ​មិន​គោរព​ស្ដាប់​បង្គាប់​ដល់​ព្រះ​នោះ តើ​ពួក​បណ្ដាជន​ត្រូវ​ធ្វើ​យ៉ាង​ណា ហើយ​ដោយ​មាន​គោលដៅ​យ៉ាង​ណា​ដែរ?

១៣ នៅ​ពេល​ក្រោយ​មក កាល​ដែល​យ៉ូស្វេ​បាន​អាន​ប្រាប់​ជូន​សាសន៍​នូវ​កិច្ច​សន្យា​អំពី​ប្រសិទ្ធិពរ​និង​ការ​បណ្ដាសា ពួក​គេ​បាន​តម្រូវ​ឲ្យ​ប្រព្រឹត្ត​តប។ ក្រោយ​ពី​ការ​បណ្ដាសា​និមួយៗ ក៏​បាន​ផ្ដល់​ឲ្យ​ការ​បញ្ជា៖ «នោះ​បណ្ដាជន​ទាំង​ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន»។ (ចោទិយកថា ២៧:៤​-​២៦) ដូច្នេះ ដោយ​បាន​ពិចារណា​ចំណុច​និមួយៗ ពួក​គេ​បាន​សម្ដែង​ការ​យល់​ស្រប​នឹង​ការ​កាត់​ទោស​របស់​ព្រះ​យេហូវ៉ា​នៃ​ការ​ប្រព្រឹត្ត​ខុស។ គឺ​ច្បាស់​ជា​មាន​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​មែន នៅ​ពេល​ដែល​សាសន៍​ទាំង​មូល​បាន​និយាយ​ការ​យល់​ស្រប​យ៉ាង​ដូច​ផ្គរ​លាន់​នោះ!

១៤. នៅ​សម័យ​នេហេមា ហេតុ​អ្វី​ក៏​អាន​ច្បាប់​តាម​សាធារណៈ​ជា​ការ​ដ៏​មាន​ប្រយោជន៍​នោះ?

១៤ នៅ​ក្នុង​សម័យ​របស់​លោក​នេហេមា នៅ​ពេល​ដែល​ពួក​បណ្ដាជន​មក​ជួប​ជុំ​គ្នា​នៅ​ទី​ក្រុង​យេរូសាឡិម​ដើម្បី​នឹង​មក​ស្ដាប់​ច្បាប់​នោះ ពួក​គេ​បាន​ឃើញ​ថា​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​តាម​បញ្ជា​ដែល​បាន​សរសេរ​មក​ឲ្យ​បាន​ពេញលេញ​ទេ។ នៅ​គ្រា​នោះ​ពួក​គេ​បាន​អនុវត្ត​យ៉ាង​រហ័ស​នូវ​អ្វីៗដែល​គេ​បាន​រៀន។ តើ​មាន​លទ្ធផល​យ៉ាង​ណា​ទៅ? គឺ​«មាន​សេចក្ដី​រីករាយ​កើត​ឡើង​ជា​ខ្លាំង»។ (នេហេមា ៨:១៣​-​១៧) ក្រោយ​ពី​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​កំឡុង​ការ​ធ្វើ​បុណ្យ​នោះ ពួក​គេ​បាន​ដឹង​ថា គឺ​នៅ​មាន​តម្រូវ​ថែម​ទៀត។ ដោយ​ការ​អធិស្ឋាន ពួក​គេ​បាន​ពិនិត្យ​សា​ឡើង​វិញ​នូវ​ប្រវត្ដិសាស្ត្រ​នៃ​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ប្រជា​រាស្ត្រ​របស់​ទ្រង់ តាំង​តែ​ពី​សម័យ​របស់​លោក​អ័ប្រាហាំ​មក។ ការ​ធ្វើ​ឡើង​ដូច​នេះ​បាន​ជំរុញ​ទឹក​ចិត្ត​គេ​ឲ្យ​ស្បថ​ក្នុង​ការ​អនុលោម​តាម​តម្រូវ​នៃ​ច្បាប់ ដើម្បី​ចៀស​វាង​ពី​ការ​រៀប​ការ​ជា​មួយ​ពួក​បរទេស ហើយ​ដើម្បី​នឹង​ព្រម​ទទួល​កាតព្វកិច្ច​ដើម្បី​មើល​រក្សា​ព្រះ​វិហារ​និង​កិច្ច​បំរើ​ដែរ។—នេហេមា ជំពូក​៨​-​១០

១៥. តើ​តាម​របៀប​ណា​ដែល​បញ្ជា​នៅ​ចោទិយកថា ៦:៦​-​៩ បង្ហាញ​ថា បទ​បញ្ជា​របស់​ព្រះ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្រាន់​តែ​បង្គ្រប់​កិច្ច​នៅ​ក្នុង​គ្រួសារ​នោះ?

១៥ តាម​ការ​ស្រដៀង​គ្នា​នេះ នៅ​ក្នុង​ក្រុម​គ្រួសារ ការ​បង្រៀន​ព្រះ​គម្ពីរ​គឺ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្រាន់​តែ​បង្គ្រប់​កិច្ច​នោះ​ទេ។ ដូច​ជា​យើង​បាន​ឃើញ​ស្រាប់​ហើយ តាម​អត្ថបដិរូប នៅ​ចោទិយកថា ៦:៦​-​៩ ពួក​បណ្ដាជន​បាន​បង្គាប់​ឲ្យ​‹ចង​ពាក្យ​បន្ទូល​របស់​ព្រះ​ជាប់​នៅ​ដៃ​របស់​គេ›—ដោយ​ធ្វើ​ដូច្នេះ​គឺ​សម្ដែង​ជា​គំរូ​និង​តាម​សកម្មភាព​នូវ​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​ផ្លូវ​របស់​ព្រះ​យេហូវ៉ា។ ហើយ​ពួក​គេ​ត្រូវ​ទុក​ពាក្យ​បន្ទូល​របស់​ព្រះ​ជា​‹ស្លា​ក​នៅ​កណ្ដាល​ថ្ងាស​របស់​គេ›—ដោយ​ធ្វើ​ដូច្នេះ​គឺ​រំឭក​ពួក​គេ​នូវ​គោលការណ៍​ដែល​តំណាង​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​ប្រើ​គោលការណ៍​ទាំង​នេះ​ជា​មូលដ្ឋាន​សំរាប់​សេចក្ដី​សម្រេច​ចិត្ត​របស់​គេ។ (ប្រៀបធៀប ពាក្យ​សំដី​ដែល​បាន​ប្រើ​នៅ​និក្ខមនំ ១៣:៩, ១៤​-​១៦) ពួក​គេ​បាន​តម្រូវ​ឲ្យ​‹កត់​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​គេ›—ដោយ​ធ្វើ​ដូច្នេះ​គឺ​សម្គាល់​ផ្ទះ​របស់​គេ​ពី​សហគមន៍​របស់​គេ ជា​កន្លែង​ដែល​ពាក្យ​បន្ទូល​របស់​ព្រះ​ត្រូវ​បាន​គោរព​និង​អនុវត្ត​តាម។ បើ​និយាយ​ឲ្យ​ចំ​ទៅ ជីវិត​របស់​គេ​គឺ​ត្រូវ​បង្ហាញ​ទី​សំអាង​ដ៏​បរិបូរ​ថា ពួក​គេ​ស្រឡាញ់​ហើយ​អនុវត្ត​តាម​បញ្ជា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ នេះ​គឺ​ច្បាស់​ជា​មាន​ផល​ប្រយោជន៍​មែន! តើ​ពាក្យ​បន្ទូល​របស់​ព្រះ​មាន​សារៈ​សំខាន់​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​ទេ​ឬ? ជា​ការ​គួរ​ឲ្យ​ស្ដាយ​ណាស់ ពួក​សាសន៍​យូដា​បាន​ប្រែ​កិច្ច​ទាំង​នេះ​ទៅ​ជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ដោយ​ពាក់​ប្រអប់​ដែល​មាន​ព្រះ​គម្ពីរ ហាក់បី​ដូច​ជា​របស់​នេះ​ជា​ស្នេហ៍​មុខ​អញ្ចឹង។ ការ​ថ្វាយ​បង្គំ​របស់​គេ​លែង​មាន​មក​ពី​ចិត្ត ហើយ​ព្រះ​យេហូវ៉ា​ក៏​បាន​បដិសេធ​ចោល​ពួក​គេ​ទៅ។—អេសាយ ២៩:១៣, ១៤; ម៉ាថាយ ១៥:៧​-​៩

ភារកិច្ច​របស់​ពួក​អ្នក​ដែល​មាន​មុខ​ងារ​មើល​ការ​ទទួល​ខុសត្រូវ

១៦. ហេតុ​អ្វី​ក៏​ការ​អាន​ព្រះ​គម្ពីរ​ទៀងទាត់​មាន​សារៈ​សំខាន់​ចំពោះ​យ៉ូស្វេ​ម្ល៉េះ?

១៦ ចំពោះ​ការ​អាន​ព្រះ​គម្ពីរ គឺ​មាន​ការ​យក​ចិត្ត​ទុក​ដ៏​ពិសេស​ដែល​បាន​សំដៅ​ទៅ​ពួក​អ្នក​ត្រួត​ពិនិត្យ​នៃ​សាសន៍។ ចំពោះ​យ៉ូស្វេ​វិញ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា៖ «ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​គ្រប់​ជំពូក»។ ដោយ​ដឹង​ថា​គាត់​នឹង​បំពេញ​ភារកិច្ច​នោះ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា៖ «គឺ​ត្រូវ​ឲ្យ​នឹក​ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ . . . ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង»។ (យ៉ូស្វេ ១:៧, ៨) នេះ​ក៏​ជា​ការ​ពិត​ចំពោះ​អ្នក​ត្រួត​ពិនិត្យ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ដោយ​យ៉ូស្វេ​អាន​ព្រះ​គម្ពីរ​ដ៏​ទៀងទាត់​នោះ នឹង​ជួយ​គាត់​ឲ្យ​ចាំ​ច្បាស់​លាស់​នូវ​បញ្ជា​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​មក​ទៅ​ប្រជា​រាស្ត្រ​របស់​ទ្រង់។ យ៉ូស្វេ​ក៏​ត្រូវ​តែ​យល់​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ជា​មួយ​ពួក​បំរើ​របស់​ទ្រង់​នៅ​ក្រោម​កាលៈទេសៈ​ផ្សេងៗដែរ។ កាល​ដែល​គាត់​អាន​សេចក្ដី​ថ្លែង​នៃ​គោល​បំណង​របស់​ព្រះ ជា​ការ​សំខាន់​ណាស់​ដែល​គាត់​ត្រូវ​គិត​អំពី​ភារកិច្ច​របស់​ខ្លួន​ដែល​ទាក់ទង​នឹង​គោល​បំណង​នោះ។

១៧. (ក) បើ​ស្តេច​ចង់​បាន​ផល​ប្រយោជន៍​ពី​ការ​អាន​ព្រះ​គម្ពីរ តាម​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​មក​នោះ តើ​ត្រូវ​ការ​អ្វី​ទៀត​ជា​មួយ​នឹង​ការ​អាន​របស់​គេ​នោះ? (ខ) ហេតុ​អ្វី​ក៏​ការ​អាន​ព្រះ​គម្ពីរ​ទៀងទាត់​និង​ការ​រំពឹង​គិត​ជា​ការ​សំខាន់​ចំពោះ​ពួក​ចាស់​ទុំ​ជន​គ្រីស្ទាន?

១៧ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ថា អ្នក​ណា​ដែល​សោយ​រាជ្យ​ជា​ស្តេច​ទៅ​លើ​ប្រជា​រាស្ត្រ​របស់​ទ្រង់ នៅ​ដើម​ការ​សោយ​រាជ្យ ស្តេច​នោះ​ត្រូវ​ចម្លង​ច្បាប់​របស់​ព្រះ ដែល​មាន​មូលដ្ឋាន​ពី​ការ​ចម្លង​ដែល​ពួក​សង្ឃ​បាន​រក្សា​ទុក​នោះ។ រួច​មក​ស្តេច​នោះ​ត្រូវ​«មើល​រាល់​តែ​ថ្ងៃ​ជានិច្ច​អស់​១​ជីវិត​ផង»។ នេះ​មិន​មាន​គោល​បំណង​ដើម្បី​នឹង​ទន្ទេញ​បញ្ជី​រឿង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​សំរាប់​«ឲ្យ​ចេះ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន» ហើយ​ថា​«កុំ​ឲ្យ​កើត​មាន​ចិត្ត​ធំ​លើ​ពួក​បងប្អូន​ខ្លួន»។ (ចោទិយកថា ១៧:១៨​-​២០) នេះ​គឺ​តម្រូវ​ឲ្យ​ស្តេច​នោះ​រំពឹង​គិត​ឲ្យ​បាន​ជ្រាល​ជ្រៅ​នូវ​អ្វីៗដែល​ទ្រង់​កំពុង​តែ​អាន។ យ៉ាង​ជាក់​ស្តែង​ណាស់ ស្តេច​ខ្លះ​បាន​គិត​ថា​គេ​មាន​ការ​រវល់​ក្នុង​ការ​ត្រួតត្រា​ណាស់ ឥត​បាន​បំពេញ​ភារកិច្ច​នេះ​ទេ ដូច្នេះ​ហើយ​សាសន៍​ទាំង​មូល​ក៏​បាន​រង​ទុក្ខ​ដោយសារ​តែ​ការ​មិន​អើពើ​របស់​គេ។ តួ​នាទី​នៃ​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុមជំនុំ​ជន​គ្រីស្ទាន គឺ​ប្រាកដ​ជា​មិន​មែន​ដូច​ជា​តួ​នាទី​របស់​ស្តេច​ទេ។ ប៉ុន្តែ ដូច​ជា​ការ​ពិត​ចំពោះ​ស្តេច​ដែរ ជា​ការ​សំខាន់​ណាស់​ដែល​ពួក​ចាស់​ទុំ​ត្រូវ​អាន​ហើយ​រំពឹង​គិត​លើ​ពាក្យ​បន្ទូល​របស់​ព្រះ​ដែរ។ បើ​គេ​ធ្វើ​ដូច្នេះ នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​អស់​អ្នក​ដែល​គេ​មើល​ថែរក្សា​នោះ។ ហើយ​នេះ​ក៏​ជួយ​ពួក​គេ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ជា​គ្រូ​បង្រៀន តាម​របៀប​ដែល​ឲ្យ​កិត្ដិយស​ដល់​ព្រះ ហើយ​ធ្វើ​ជន​គ្រីស្ទាន​គ្នីគ្នា​មាន​កម្លាំង​ខាង​វិញ្ញាណ​ខ្លាំង​ឡើង​ដែរ។—ទីតុស ១:៩; ប្រៀបធៀប យ៉ូហាន ៧:១៦​-​១៨; ធ្វើ​ឲ្យ​ឃើញ​ភាព​ខុស​គ្នា​នៅ​ធីម៉ូថេទី១ ១:៦, ៧

១៨. តើ​សាវ័ក​ប៉ុល​បាន​ទុក​គំរូ​ដ៏​ល្អ​យ៉ាង​ណា ដែល​ការ​អាន​និង​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀងទាត់​ជួយ​យើង​ឲ្យ​ធ្វើ​តាម​នោះ?

១៨ សាវ័ក​ប៉ុល ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ជន​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ ជា​បុគ្គល​ម្នាក់​ដែល​បាន​ស្គាល់​ព្រះ​គម្ពីរ​ច្បាស់​លាស់​ណាស់។ នៅ​ពេល​ដែល​គាត់​ធ្វើ​បន្ទាល់​ទៅ​មនុស្ស​នៅ​ថែស្សាឡូនីច​ពី​បុរាណ គាត់​អាច​វែកញែក​ដ៏​មាន​ប្រសិទ្ធិភាព​ជា​មួយ​ពួក​គេ​ពី​ព្រះ​គម្ពីរ ហើយ​បាន​ជួយ​ពួក​គេ​ឲ្យ​យល់​នូវ​អត្ថន័យ​ផង​ដែរ។ (កិច្ចការ ១៧:១​-​៤) គាត់​បាន​និយាយ​ដែល​ប៉ះ​ដល់​ចិត្ត​អ្នក​ស្ដាប់​ដែល​មាន​ចិត្ត​ស្មោះ។ ដូច្នេះ មនុស្ស​ជា​ច្រើន​ដែល​បាន​ឮ​គាត់​និយាយ​នោះ ក៏​បាន​ទៅ​ជា​អ្នក​ជឿ​ព្រះ​ដែរ។ (ថែស្សាឡូនីចទី១ ២:១៣) ដោយ​មាន​កម្មវិធី​នៃ​ការ​អាន​ព្រះ​គម្ពីរ​និង​សិក្សា​របស់​អ្នក តើ​អ្នក​អាច​វែកញែក​ដ៏​មាន​ប្រសិទ្ធិភាព​ពី​ព្រះ​គម្ពីរ​បាន​ទេ? តើ​នេះ​មាន​ការ​ត្រឹម​ត្រូវ​ក្នុង​ជីវិត​របស់​អ្នក ដោយ​ការ​អាន​ព្រះ​គម្ពីរ ហើយ​របៀប​ដែល​អ្នក​ធ្វើ​នោះ បង្ហាញ​ជា​ទី​សំអាង​ថា អ្នក​ពិត​ជា​អបអរ​នូវ​ន័យ​យ៉ាង​ណា​ក្នុង​ការ​មាន​ពាក្យ​បន្ទូល​របស់​ព្រះ​នោះ​ទេ? ក្នុង​អត្ថបទ​ជា​បន្ទាប់ យើង​នឹង​ពិចារណា​នូវ​ចម្លើយ​ល្អៗដែល​អាច​ផ្ដល់​មក​ចំពោះ​សំនួរ​ទាំង​នេះ សូម្បី​តែ​ពី​អស់​អ្នក​ដែល​មាន​គម្រោង​ការណ៍​ដ៏​ពេញ​ក្ដី។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

◻ ហេតុ​អ្វី​ក៏​មនុស្ស​បាន​ប្រថុយ​ជីវិត​ហើយ​សេរីភាព​ដើម្បី​ឲ្យ​បាន​អាន​ព្រះ​គម្ពីរ​នោះ?

◻ តើ​យើង​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ខ្លះ​ដោយ​ពិនិត្យ​មើល​សំវិធានការ​សា​ឡើង​វិញ ដែល​មាន​នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ដើម្បី​ឲ្យ​ឮ​ពាក្យ​បន្ទូល​របស់​ព្រះ​នោះ?

◻ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​នូវ​អ្វីៗដែល​យើង​បាន​អាន​នៅ​ក្នុង​ព្រះ​គម្ពីរ?

◻ ហេតុ​អ្វី​ក៏​ការ​អាន​ព្រះ​គម្ពីរ​និង​ការ​រំពឹង​គិត ជា​ការ​សំខាន់​ចំពោះ​ពួក​ចាស់​ទុំ​គ្រីស្ទាន​នោះ?

[រូបភាព​នៅ​ទំព័រ​៧]

ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​យ៉ូស្វេ​ថា៖ ‹ឯង​ត្រូវ​អាន​ទាំង​យប់​ទាំង​ថ្ងៃ›

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក