ចូរទុកចិត្តលើព្រះយេហូវ៉ាកាលដែលទីបញ្ចប់ជិតមកដល់
«ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ»។—អេ. ២៦:៤
១. តើអ្នកបម្រើព្រះនិងមនុស្សក្នុងពិភពលោកនេះខុសគ្នាយ៉ាងណា?
យើងរស់នៅក្នុងពិភពលោកមួយដែលមនុស្សរាប់លាននាក់លែងដឹងថាពួកគេអាចទុកចិត្តលើអ្នកណាម្នាក់ឬរបស់ណាមួយទៀតហើយ នេះប្រហែលជាដោយសារពួកគេបានត្រូវធ្វើឲ្យឈឺចិត្តឬខកចិត្តជាច្រើនលើកច្រើនសាពេក។ ប៉ុន្តែអ្នកដែលបម្រើព្រះយេហូវ៉ាខុសស្រឡះពីនេះ! ពួកគេបានត្រូវណែនាំដោយប្រាជ្ញារបស់ព្រះ ហេតុនេះពួកគេដឹងថាការទុកចិត្តលើពិភពលោកនេះ ឬពួក«អ្នកធំ»ក្នុងពិភពលោកនេះ នោះគ្មានប្រយោជន៍ទេ។ (ទំនុក. ១៤៦:៣) ផ្ទុយទៅវិញ ពួកគេផ្ញើជីវិតនិងអនាគតរបស់ពួកគេទៅលើព្រះយេហូវ៉ា ដោយដឹងថាលោកស្រឡាញ់ពួកគេ ហើយលោកសម្រេចតាមប្រសាសន៍របស់លោកជានិច្ច។—រ៉ូម ៣:៤; ៨:៣៨, ៣៩
២. តើយ៉ូស្វេបានបញ្ជាក់យ៉ាងណាថាព្រះជាអ្នកដែលគួរឲ្យទុកចិត្ត?
២ យ៉ូស្វេពីសម័យបុរាណបានបញ្ជាក់ថាព្រះជាអ្នកដែលគួរឲ្យទុកចិត្ត។ រហូតដល់ជិតចុងបញ្ចប់នៃជីវិតរបស់គាត់ យ៉ូស្វេបាននិយាយទៅកាន់បណ្ដាជនអ៊ីស្រាអែលថា៖ «នៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក»។—យ៉ូស. ២៣:១៤
៣. តើនាមរបស់ព្រះបង្ហាញយ៉ាងណាអំពីលោក?
៣ ព្រះយេហូវ៉ាបំពេញសេចក្ដីសន្យារបស់លោក មិនគ្រាន់តែដោយសារសេចក្ដីស្រឡាញ់ចំពោះអ្នកបម្រើលោកប៉ុណ្ណោះទេ តែជាពិសេសដោយសារនាមរបស់លោក។ (និក្ខ. ៣:១៤; ១សាំ. ១២:២២) ស្តីអំពីនាមរបស់ព្រះ ពាក្យផ្ដើមក្នុងសេចក្ដីបកប្រែរបស់លោករ៉ូថឺរ៉ាមចែងថា៖ «[នាមនោះ]គឺជាសេចក្ដីសន្យាមួយដ៏អស្ចារ្យ ជាសមត្ថភាពដែលលោកមានដើម្បីក្លាយទៅជាអ្វីដែលចាំបាច់តាមគ្រប់កាលៈទេសៈ គ្រប់ស្ថានការណ៍លំបាក គ្រប់អ្វីដែលអាចកើតឡើង . . . [នាមនោះគឺជា]សេចក្ដីសន្យាមួយដែលប្រាប់យើងអំពីព្រះ ហើយជួយយើងឲ្យនឹកចាំពីលោក។ ព្រះនឹងស្មោះត្រង់រហូតចំពោះនាមរបស់លោក ហើយលោកនឹងមិនធ្វើឲ្យខ្លួនលោកបាក់មុខឡើយ» (The Emphasized Bible)។
៤. (ក) តើអេសាយ ២៦:៤ដាស់តឿនយើងឲ្យធ្វើអ្វី? (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៤ សូមសួរខ្លួនអ្នកថា‹តើខ្ញុំស្គាល់ព្រះយេហូវ៉ាឲ្យបានច្បាស់ដើម្បីមានទំនុកចិត្តទាំងស្រុងទៅលើលោកឬទេ? ដោយដឹងថាព្រះមានអំណាចគ្រប់គ្រងទាំងស្រុង តើខ្ញុំមានទំនុកចិត្តចំពោះអនាគតឬទេ?›។ អេសាយ ២៦:៤ចែងថា៖ «ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ា ទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច»។ ពិតមែនតែសព្វថ្ងៃ ព្រះមិនលូកដៃក្នុងជីវិតរបស់មនុស្សដោយធ្វើការអស្ចារ្យដូចលោកបានធ្វើនៅសម័យគម្ពីរមែន ប៉ុន្តែក្នុងនាមជា«ថ្មដាដ៏នៅអស់កល្បជានិច្ច» នោះយើងអាចទុកចិត្តលោកបាន«ជាដរាប»។ សព្វថ្ងៃ តើព្រះរបស់យើងដែលគួរឲ្យទុកចិត្តជួយអ្នកដែលគោរពប្រណិប័តន៍លោកយ៉ាងដូចម្ដេច? សូមឲ្យយើងពិចារណានូវវិធីបីយ៉ាងដែលលោកជួយយើង ពោលគឺលោកផ្ដល់កម្លាំងឲ្យយើងដើម្បីទប់ទល់នឹងការល្បួង គាំទ្រយើងពេលដែលមនុស្សព្រងើយកន្តើយនិងបៀតបៀនយើង ហើយពង្រឹងកម្លាំងចិត្តយើងពេលដែលមានកង្វល់។ កាលដែលយើងពិចារណាអំពីវិធីទាំងនេះ សូមសញ្ជឹងគិតអំពីរបៀបដែលអ្នកអាចពង្រឹងទំនុកចិត្តរបស់អ្នកទៅលើព្រះយេហូវ៉ា។
ពេលមានការល្បួងឲ្យធ្វើខុស
៥. តើយើងប្រហែលជាពិបាកទុកចិត្តលើព្រះយេហូវ៉ាចំពោះរឿងបែបណា?
៥ ប្រហែលជាការស្រួលឲ្យយើងទុកចិត្តលើព្រះយេហូវ៉ាស្តីអំពីសួនឧទ្យាននិងការប្រោសឲ្យរស់ឡើងវិញដែលជាការសន្យារបស់លោក ពីព្រោះនេះជាអ្វីដែលយើងចង់បានយ៉ាងខ្លាំង។ ប៉ុន្តែ ស្តីអំពីខ្នាតតម្រាសីលធម៌វិញ នេះប្រហែលជាពិបាកជាងឲ្យយើងទុកចិត្តលោក ហើយជឿជាក់ក្នុងចិត្តថាការធ្វើតាមខ្នាតតម្រារបស់លោកគឺត្រឹមត្រូវ និងនាំឲ្យមានសុភមង្គលច្រើនបំផុត។ ស្តេចសាឡូម៉ូនបានសរសេរការដាស់តឿនមួយដែលថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។ (សុភ. ៣:៥, ៦) សូមកត់សម្គាល់នូវពាក្យដែលថា«ផ្លូវ»និង«ផ្លូវច្រក»។ ត្រូវហើយ ផ្លូវឬរបៀបរស់នៅរបស់យើងទាំងមូលគួរតែបង្ហាញអំពីទំនុកចិត្តរបស់យើងទៅលើព្រះ មិនគ្រាន់តែដោយសារសេចក្ដីសង្ឃឹមរបស់យើងជាគ្រិស្តសាសនិកប៉ុណ្ណោះទេ។ ដូច្នេះ ពេលយើងជួបការល្បួង តើយើងអាចបង្ហាញថា យើងមានទំនុកចិត្តបែបនេះយ៉ាងដូចម្ដេច?
៦. តើយើងអាចពង្រឹងការតាំងចិត្តរបស់យើងដើម្បីមិនគិតអំពីអ្វីដែលអាក្រក់យ៉ាងដូចម្ដេច?
៦ ការជៀសវាងពីអ្វីដែលអាក្រក់ត្រូវចាប់ផ្ដើមពីគំនិតរបស់យើង។ (សូមអាន រ៉ូម ៨:៥; អេភេសូរ ២:៣) បើដូច្នេះ តើអ្នកអាចពង្រឹងការតាំងចិត្តរបស់អ្នកដើម្បីមិនគិតអំពីអ្វីដែលអាក្រក់យ៉ាងដូចម្ដេច? សូមពិចារណាអំពីវិធីប្រាំយ៉ាង: ១. អធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា។ (ម៉ាថ. ៦:៩, ១៣) ២. រំពឹងគិតអំពីគំរូរបស់ពួកអ្នកដែលបានស្ដាប់និងពួកអ្នកដែលមិនបានស្ដាប់តាមព្រះយេហូវ៉ា។ បន្ទាប់មកកត់សម្គាល់អំពីលទ្ធផលរបស់ពួកគេ។a (១កូ. ១០:៨, ១១) ៣. ពិចារណាអំពីការឈឺចាប់ខាងផ្លូវចិត្តនិងខាងគំនិតដែលអ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកមានដោយសារអំពើខុសឆ្គង។ ៤. សូមគិតអំពីអារម្មណ៍របស់ព្រះពេលលោកឃើញអ្នកបម្រើម្នាក់របស់លោកប្រព្រឹត្តអំពើខុសឆ្គង។ (សូមអាន ទំនុកតម្កើង ៧៨:៤០, ៤១) ៥. សូមស្រមៃគិតអំពីអំណរដែលព្រះយេហូវ៉ាមាន ពេលលោកឃើញអ្នកដែលគោរពប្រណិប័តន៍លោកបដិសេធអ្វីដែលអាក្រក់ ហើយធ្វើអ្វីដែលត្រឹមត្រូវទោះជាគេនៅម្នាក់ឯងឬនៅមុខអ្នកឯទៀតក៏ដោយ។ (ទំនុក. ១៥:១, ២; សុភ. ២៧:១១) ដោយធ្វើដូច្នេះអ្នកអាចបង្ហាញថាអ្នកមានទំនុកចិត្តលើព្រះយេហូវ៉ាបាន។
ពេលមនុស្សព្រងើយកន្តើយ និងបៀតបៀនយើង
៧. តើយេរេមាប្រឈមមុខនឹងការល្បងលអ្វី? ហើយម្ដងម្កាល តើគាត់មានអារម្មណ៍យ៉ាងណា?
៧ បងប្អូនជាច្រើនបម្រើនៅតំបន់ផ្សាយដែលធ្វើឲ្យពួកគេពិបាកស៊ូទ្រាំ។ យេរេមាដែលជាអ្នកប្រកាសទំនាយបានបម្រើនៅកន្លែងដែលមានស្ថានភាពដូចនោះ គឺនៅពេលដែលរាជាណាចក្រយូដាជិតដួលរលំនិងមានស្ថានភាពច្របូកច្របល់។ ជារៀងរាល់ថ្ងៃ ជំនឿរបស់គាត់បានត្រូវល្បងល ដោយសារគាត់បានប្រកាសយ៉ាងស្មោះត្រង់អំពីសាររបស់ព្រះដែលកាត់ទោសដល់បណ្ដាជន។ នៅពេលមួយ សូម្បីតែបារូកដែលជាស្មៀនដ៏ស្មោះត្រង់របស់គាត់ក៏បានត្អូញត្អែរថាល្វើយហើយដែរ។ (យេ. ៤៥:២, ៣) តើយេរេមាចុះចាញ់ចំពោះការធ្លាក់ទឹកចិត្តឬទេ? ពិតមែន ម្ដងម្កាលគាត់បានធ្លាក់ទឹកចិត្តមែន ព្រោះគាត់បានឧទានថា៖ «សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្ដាសាចុះ! . . . ហេតុអ្វីបានជាខ្ញុំបានចេញពីផ្ទៃម្ដាយមក ឲ្យឃើញតែការនឿយហត់ នឹងសេចក្ដីទុក្ខព្រួយ ឲ្យថ្ងៃអាយុខ្ញុំបានសូន្យទៅ ដោយសេចក្ដីអាម៉ាស់ខ្មាសដូច្នេះ?»។—យេ. ២០:១៤, ១៥, ១៨
៨, ៩. ស្របតាមយេរេមា ១៧:៧, ៨ និងទំនុកតម្កើង ១:១-៣ តើយើងត្រូវធ្វើអ្វីដើម្បីបង្កើតផលល្អតទៅទៀត?
៨ ប៉ុន្តែ យេរេមាមិនបានរសាយចិត្តទេ។ គាត់នៅតែបន្តទុកចិត្តលើព្រះយេហូវ៉ា។ ជាលទ្ធផល អ្នកប្រកាសទំនាយដ៏ស្មោះត្រង់នេះបានឃើញការសម្រេចនៃបណ្ដាំរបស់ព្រះយេហូវ៉ា ដូចបានកត់ទុកនៅយេរេមា ១៧:៧, ៨ដែលថា៖ «មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងទ្រង់ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្ដៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតដ្បិតនៅឆ្នាំដែលរាំងរឹះឡើយ ក៏មិនដែលខាននឹងកើតផលដែរ»។
៩ ដូចដើមឈើហូបផ្លែដែល«ដាំនៅមាត់ទឹក» នោះយេរេមាមិនដែល«ខាននឹងកើតផល»ឡើយ។ គាត់មិនព្រមទទួលឥទ្ធិពលពីមនុស្សអាក្រក់នៅជុំវិញគាត់ដែលសើចចំអកគាត់នោះទេ។ ផ្ទុយទៅវិញ គាត់នៅជាប់នឹងព្រះយេហូវ៉ាដែលជាប្រភពនៃ«ទឹក»ដែលនាំឲ្យមានជីវិត ហើយធ្វើតាមអ្វីៗទាំងអស់ដែលលោកប្រាប់គាត់។ (សូមអាន ទំនុកតម្កើង ១:១-៣; យេ. ២០:៩) គំរូរបស់យេរេមាពិតជាគំរូដ៏ល្អសម្រាប់យើង ជាពិសេសសម្រាប់បងប្អូនដែលបម្រើព្រះនៅតំបន់ដែលពិបាកផ្សព្វផ្សាយ! បើអ្នកស្ថិតក្នុងកាលៈទេសៈនេះ សូមបន្តពឹងផ្អែកយ៉ាងខ្លាំងទៅលើព្រះយេហូវ៉ា ដែលលោកនឹងជួយឲ្យអ្នកចេះស៊ូទ្រាំកាលដែលអ្នក«ប្រកាសប្រាប់នាមរបស់លោកដល់អ្នកឯទៀត»។—ហេ. ១៣:១៥
១០. តើយើងមានពរអ្វីខ្លះ? ហើយតើយើងគួរសួរខ្លួនយើងនូវសំណួរអ្វី?
១០ ព្រះយេហូវ៉ាបានផ្ដល់អ្វីៗជាច្រើនដើម្បីជួយយើងឲ្យតស៊ូចំពោះការពិបាកដែលយើងមានក្នុងជីវិតក្នុងអំឡុងគ្រាចុងក្រោយនេះ។ ក្នុងចំណោមអ្វីៗទាំងនោះ លោកបានផ្ដល់នូវគម្ពីរទាំងមូល ដែលកំពុងបកប្រែក្នុងភាសាជាច្រើនយ៉ាងត្រឹមត្រូវ។ តាមរយៈក្រុមនៃខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា លោកបានផ្ដល់សេចក្ដីបង្រៀនយ៉ាងច្រើនលើសលប់ ដែលប្រៀបដូចជាអាហារតាមត្រូវពេល។ ម្យ៉ាងទៀត លោកបានផ្ដល់ឲ្យយើងមានបងប្អូនរួមជំនឿដែលគាំទ្រយើងនៅឯកិច្ចប្រជុំនិងសន្និបាតផ្សេងៗ។ តើអ្នកទាញយកប្រយោជន៍យ៉ាងពេញលេញពីការរៀបចំនេះឬទេ? អស់អ្នកដែលធ្វើដូច្នេះ«នឹងច្រៀងដោយមានចិត្តអំណរ»។ ប៉ុន្តែពួកអ្នកដែលមិនបានស្ដាប់ព្រះ«នឹងស្រែកឡើងដោយមានចិត្តព្រួយ ហើយនឹងទ្រហោយំដោយមានវិញ្ញាណគ្រាំគ្រាវិញ»។—អេ. ៦៥:១៣, ១៤
ពេលដែលយើងមានកង្វល់
១១, ១២. ដោយគិតអំពីបញ្ហារបស់ពិភពលោកនេះ តើពួកអ្នកដែលមានប្រាជ្ញាពិតនឹងប្រព្រឹត្តយ៉ាងណា?
១១ ដូចបានទាយទុកក្នុងគម្ពីរ មនុស្សជាតិកំពុងរងទុក្ខវេទនាកាន់តែច្រើនឡើងៗដែលប្រៀបដូចជាទឹកជំនន់។ (ម៉ាថ. ២៤:៦-៨; បប. ១២:១២) ពេលមានទឹកជន់ឡើង ធម្មតាយើងចង់រត់ទៅរកទីទួល ឬឡើងលើដំបូលផ្ទះ ឬរត់ទៅគ្រប់ទីកន្លែងដែលផុតពីទឹក។ ស្រដៀងគ្នាដែរ កាលដែលពិភពលោកមានបញ្ហាកាន់តែច្រើនឡើងៗ នោះមនុស្សរាប់លាននាក់ខំស្វែងរកទីពឹងជ្រកដែលមើលទៅអាចរួចផុតពីបញ្ហាទាំងនោះ ដូចជាទ្រព្យសម្បត្ដិ នយោបាយ ស្ថាប័នខាងសាសនា វិទ្យាសាស្ត្រ ឬបច្ចេកវិជ្ជាជាដើម។ ប៉ុន្តែ អ្វីៗទាំងនេះមិនអាចការពារពួកគេបានពិតប្រាកដទេ។ (យេ. ១៧:៥, ៦) ផ្ទុយទៅវិញ អ្នកបម្រើព្រះយេហូវ៉ាមានទីពឹងជ្រកដ៏ពិតប្រាកដ គឺ«ថ្មដាដ៏នៅអស់កល្បជានិច្ច»។ (អេ. ២៦:៤) អ្នកតែងទំនុកតម្កើងបានពោលថា៖ «[ព្រះយេហូវ៉ា]ជាថ្មដា ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំ»។ (សូមអាន ទំនុកតម្កើង ៦២:៦-៩) តើយើងអាចយកព្រះយេហូវ៉ាដែលជាថ្មដាធ្វើជាទីពឹងជ្រកយ៉ាងដូចម្ដេច?
១២ យើងនៅជាប់នឹងព្រះយេហូវ៉ា ដោយធ្វើតាមបណ្ដាំរបស់លោកដែលច្រើនតែផ្ទុយពីប្រាជ្ញារបស់មនុស្ស។ (ទំនុក. ៧៣:២៣,២៤) ជាឧទាហរណ៍ អ្នកដែលទទួលឥទ្ធិពលពីប្រាជ្ញារបស់មនុស្សប្រហែលជានិយាយថា៖ ‹អ្នកមានជីវិតតែមួយទេ ចូរធ្វើឲ្យខ្លួនអ្នកសប្បាយឲ្យអស់ចិត្តទៅ› ‹ចូរខំប្រឹងឲ្យមានអាជីពល្អ› ‹រកលុយឲ្យបានច្រើន› ‹ទិញអ្វីតាមចិត្តចង់› និង‹ចូរដើរលេងឲ្យបានគ្រប់ទីកន្លែងក្នុងពិភពលោកនេះ›។ ផ្ទុយទៅវិញ ប្រាជ្ញាដែលមកពីព្រះគឺសមស្របនឹងយោបល់ដែលថា៖ «[ចូរឲ្យ]អ្នកដែលប្រើអ្វីៗពីពិភពលោកត្រូវដូចជាអ្នកដែលមិនប្រើប្រាស់ពេញលេញ ព្រោះស្ថានភាពពិភពលោកកំពុងប្រែប្រួល»។ (១កូ. ៧:៣១) ដូចគ្នាដែរ លោកយេស៊ូបានដាស់តឿនយើងជានិច្ចឲ្យធ្វើកិច្ចការដែលទាក់ទងនឹងរាជាណាចក្ររបស់ព្រះជាមុនក្នុងជីវិតយើង ហើយដោយធ្វើដូច្នេះ យើងអាចប្រមូល«ទ្រព្យសម្បត្ដិ . . . នៅឯស្ថានសួគ៌»ដែលនៅទីនោះ គ្មានអ្វីអាចបង្ខូចទ្រព្យសម្បត្ដិនោះឡើយ។—ម៉ាថ. ៦:១៩, ២០
១៣. ដោយនឹកគិតអំពីយ៉ូហានទី១ ២:១៥-១៧ តើយើងគួរសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?
១៣ តើចិត្តគំនិតរបស់អ្នកចំពោះ«ពិភពលោកនេះ»និង«អ្វីៗក្នុងពិភពលោកនេះ»បង្ហាញថា អ្នកទុកចិត្តទាំងស្រុងលើព្រះឬទេ? (១យ៉ូន. ២:១៥-១៧) តើអ្នកចាត់ទុកពរដែលមកពីព្រះនិងកិច្ចបម្រើផ្សាយរបស់អ្នកថា ល្អជាងនិងសំខាន់ជាងអ្វីៗក្នុងពិភពលោកនេះឬទេ? (ភី. ៣:៨) តើអ្នកព្យាយាមឲ្យមាន‹ភ្នែកដែលមើលរបស់តែមួយ›ឬទេ? (ម៉ាថ. ៦:២២) ពិតមែន ព្រះមិនចង់ឲ្យអ្នកធ្វេសប្រហែសឬធ្វើជាមនុស្សដែលមិនចេះទទួលខុសត្រូវទេ ជាពិសេសបើអ្នកត្រូវទំនុកបម្រុងក្រុមគ្រួសាររបស់អ្នក។ (១ធី. ៥:៨) ប៉ុន្តែលោកចង់ឲ្យពួកអ្នកបម្រើលោកទុកចិត្តទាំងស្រុងទៅលើលោក ជាជាងទុកចិត្តលើពិភពលោករបស់សាថានដែលជិតផុតទៅហើយនេះ។—ហេ. ១៣:៥
១៤-១៦. ដោយសារបងប្អូនខ្លះរក្សាឲ្យមាន‹ភ្នែកដែលមើលរបស់តែមួយ› និងធ្វើកិច្ចការខាងរាជាណាចក្ររបស់ព្រះជាមុនក្នុងជីវិត តើពួកគេបានទទួលប្រយោជន៍យ៉ាងណា?
១៤ សូមគិតអំពីគំរូរបស់រីឆឺដនិងរូថ ដែលមានកូនបីនាក់ក្នុងបន្ទុក។ រីឆឺដស្រដីថា៖ «ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចពង្រីកកិច្ចបម្រើរបស់ខ្ញុំចំពោះព្រះយេហូវ៉ាបាន។ ខ្ញុំមានជីវិតស្រណុកស្រួល តែមានអារម្មណ៍ថាខ្ញុំគ្រាន់តែឲ្យព្រះនូវអ្វីដែលសល់ប៉ុណ្ណោះ។ ក្រោយពីបានអធិដ្ឋានអំពីរឿងនេះ ហើយគិតគូរឲ្យដឹងថាខ្ញុំនៅតែអាចចិញ្ចឹមក្រុមគ្រួសារបាន នោះរូថនិងខ្ញុំយល់ស្របថា ខ្ញុំនឹងសុំប្រធានរបស់ខ្ញុំឲ្យកាត់បន្ថយឲ្យខ្ញុំធ្វើការបួនថ្ងៃក្នុងមួយសប្ដាហ៍វិញ ទោះជាប្រទេសយើងកំពុងមានវិបត្ដិសេដ្ឋកិច្ចក៏ដោយ។ ប្រធានរបស់ខ្ញុំពេញចិត្តនឹងសំណូមពរនោះ ហើយក្នុងអំឡុងខែនោះ ខ្ញុំបានចាប់ផ្ដើមធ្វើការបួនថ្ងៃក្នុងមួយសប្ដាហ៍»។ សព្វថ្ងៃ តើរីឆឺដមានអារម្មណ៍យ៉ាងណា?
១៥ គាត់មានវាចាថា៖ «ពិតមែនតែខ្ញុំបានប្រាក់ខែ២០ភាគរយតិចជាងមុន ប៉ុន្តែឥឡូវ ក្នុងមួយឆ្នាំ ខ្ញុំមាន៥០ថ្ងៃច្រើនជាងមុនដើម្បីចំណាយពេលជាមួយក្រុមគ្រួសារ ហើយដើម្បីអប់រំកូនផងដែរ។ ខ្ញុំបានផ្សព្វផ្សាយច្រើនជាងមុនមួយទ្វេជាពីរ មានសិស្សគម្ពីរច្រើនជាងមុនទ្វេជាបី ហើយបាននាំមុខច្រើនជាងក្នុងក្រុមជំនុំ។ ម្យ៉ាងទៀត ដោយសារខ្ញុំមានទំនេរដើម្បីជួយកូន នោះរូថបានបម្រើជាអ្នកត្រួសត្រាយជំនួយម្ដងម្កាលដែរ។ ខ្ញុំតាំងចិត្តដើម្បីបន្តឲ្យមានកាលវិភាគដូចនេះឲ្យបានយូរបំផុត បើអាចធ្វើបាន»។
១៦ រ៉ូយនិងផាធីណា ដែលនៅតែមានកូនស្រីរស់នៅជាមួយ ពួកគេបានកាត់បន្ថយការងារដើម្បីអាចផ្សព្វផ្សាយពេញពេល។ រ៉ូយបាននិយាយថា៖ «ក្នុងមួយសប្ដាហ៍ ខ្ញុំធ្វើការបីថ្ងៃ ហើយផាធីណាធ្វើការពីរថ្ងៃ។ មួយវិញទៀត យើងបានរើទៅនៅផ្ទះតូចជាងមុន ហើយនេះស្រួលឲ្យយើងថែរក្សាជាង។ យើងធ្លាប់ត្រួសត្រាយពេញពេលមុនដែលយើងមានកូន ហើយយើងមិនដែលបាត់បង់បំណងចិត្តចង់ត្រួសត្រាយម្ដងទៀតឡើយ។ ហេតុនេះ ពេលកូនយើងធំឡើង យើងបានយកឱកាសដើម្បីចាប់ផ្ដើមកិច្ចបម្រើផ្សាយពេញពេលម្ដងទៀត។ លុយចំនួនប៉ុន្មានក៏មិនអាចប្រៀបផ្ទឹមនឹងពរដែលយើងទទួលបាននោះឡើយ»។
ចូរឲ្យ«សេចក្ដីសុខសាន្តរបស់ព្រះ»ការពារចិត្តរបស់អ្នក
១៧. ដោយមិនដឹងអំពីអ្វីដែលអាចកើតឡើងក្នុងជីវិត តើបទគម្ពីរបានសម្រាលទុក្ខអ្នកយ៉ាងដូចម្ដេច?
១៧ ដោយសារ«ពេលវេលានឹងឱកាស» គ្មានយើងណាម្នាក់អាចដឹងអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកនោះទេ។ (សាស្ដ. ៩:១១) ការមិនដឹងទុកជាមុនអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅថ្ងៃស្អែក ធ្វើឲ្យពួកអ្នកដែលគ្មានចំណងមេត្រីភាពជិតស្និទ្ធជាមួយនឹងព្រះបាត់បង់សេចក្ដីសុខសាន្តក្នុងចិត្ត។ ក៏ប៉ុន្តែ យើងមិនដូច្នោះទេ។ (ម៉ាថ. ៦:៣៤) សាវ័កប៉ូលបានសរសេរថា៖ «កុំខ្វល់ចិត្តអំពីអ្វីឡើយ តែដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ហើយសេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា»។—ភី. ៤:៦, ៧
១៨, ១៩. តើព្រះសម្រាលទុក្ខយើងតាមរបៀបណា? សូមលើកឧទាហរណ៍។
១៨ បងប្អូនប្រុសស្រីជាច្រើនដែលស្ថិតក្នុងស្ថានភាពពិបាក បានមានចិត្តស្ងប់និងសេចក្ដីសុខសាន្តដែលមកពីព្រះយេហូវ៉ា។ បងស្រីម្នាក់បានស្រដីថា៖ «ម្ដងហើយម្ដងទៀត គ្រូពេទ្យខំបំភ័យខ្ញុំឲ្យបញ្ចូលឈាម។ គាត់ធ្លាប់ស្តីឲ្យខ្ញុំដោយនិយាយថា៖ ‹ប្អូនល្ងីល្ងើម្ល៉េះ ម៉េចក៏មិនបញ្ចូលឈាមអីចឹង!›។ នៅពេលនោះនិងនៅពេលឯទៀត ខ្ញុំអធិដ្ឋានក្នុងចិត្តទៅព្រះយេហូវ៉ា ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមានសេចក្ដីសុខសាន្តរបស់ព្រះ។ ខ្ញុំបានរឹងមាំដូចថ្មដា។ ទោះជាខ្ញុំខ្សោយដោយសារចំនួនគោលិកាឈាមរបស់ខ្ញុំមានតិចជាងធម្មតាក៏ដោយ តែខ្ញុំបានបញ្ជាក់មូលហេតុច្បាស់លាស់ពីគម្ពីរដើម្បីពន្យល់អំពីជំហររបស់ខ្ញុំ»។
១៩ ជួនកាល ព្រះផ្ដល់ការគាំទ្រដែលយើងត្រូវការ តាមរយៈបងប្អូនរួមជំនឿ ឬសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារតាមត្រូវពេល។ អ្នកទំនងជាបានឮបងប្អូនប្រុសស្រីនិយាយថា៖ «អត្ថបទនេះជាអ្វីដែលខ្ញុំត្រូវការ ហើយបានត្រូវសរសេរសម្រាប់ខ្ញុំមែន!»។ ត្រូវហើយ ទោះជាយើងស្ថិតក្នុងកាលៈទេសៈណាក្ដី ឬមានសេចក្ដីត្រូវការបែបណាក្ដី បើយើងទុកចិត្តទៅលើព្រះយេហូវ៉ា នោះលោកនឹងបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើង។ យ៉ាងណាមិញ យើងជា«ចៀម»របស់លោក ហើយលោកក៏បានឲ្យយើងតំណាងនាមលោកដែរ។—ទំនុក. ១០០:៣; យ៉ូន. ១០:១៦; សកម្ម. ១៥:១៤, ១៧
២០. ពេលទីបញ្ចប់របស់ពិភពលោកសាថានមកដល់ ហេតុអ្វីអ្នកបម្រើរបស់ព្រះយេហូវ៉ានឹងនៅដោយសេចក្ដីសុខពិត?
២០ ក្នុងអំឡុង«ថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា» ដែលកាន់តែកៀកណាស់ហើយ នោះអ្វីៗទាំងអស់ដែលមនុស្សក្នុងពិភពលោករបស់សាថានទុកចិត្ត នឹងរលំរលាយជាមិនខាន។ មាស ប្រាក់ និងទ្រព្យសម្បត្ដិឯទៀតនឹងមិនអាចការពារពួកគេសោះ។ (សេផ. ១:១៨; សុភ. ១១:៤) នៅពេលនោះ មានទីពឹងជ្រកតែមួយគត់ គឺ«ថ្មដាដ៏នៅអស់កល្បជានិច្ច»។ (អេ. ២៦:៤) ដូច្នេះ តាំងពីឥឡូវនេះទៅ សូមឲ្យយើងបង្ហាញថាយើងទុកចិត្តព្រះយេហូវ៉ាទាំងស្រុងដោយ ធ្វើតាមយ៉ាងស្មោះត្រង់នូវមាគ៌ាដ៏សុចរិតរបស់លោក ផ្សាយដំណឹងអំពីរាជាណាចក្ររបស់ព្រះថ្វីបើមានមនុស្សព្រងើយកន្តើយនិងប្រឆាំងយើងក្ដី និងផ្ទេរកង្វល់ទាំងអស់របស់យើងទៅលើលោក។ កាលដែលយើងធ្វើតាមអ្វីៗទាំងនេះ យើងប្រាកដជានឹង«នៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសំរាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។—សុភ. ១:៣៣
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១០ ទំព័រ១០-១១ វគ្គ១៣-១៥ និងសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ជំពូកទី១១ វគ្គ១-២។
តើអ្នកអាចពន្យល់ឬទេ?
តើយើងអាចទុកចិត្តលើព្រះយ៉ាងដូចម្ដេច
• ពេលមានការល្បួងឲ្យធ្វើខុស?
• ពេលមនុស្សព្រងើយកន្តើយនិងបៀតបៀនយើង?
• ពេលដែលយើងមានកង្វល់?
[រូបភាពនៅទំព័រ១៥]
ការធ្វើតាមខ្នាតតម្រារបស់ព្រះនាំឲ្យមានសុភមង្គល
[រូបភាពនៅទំព័រ១៧]
«ព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច»