បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w11 ១/៦ ទំ. ១៥-១៩
  • ព្រះសម្ដែងឲ្យយើងឃើញសេចក្ដីស្រឡាញ់របស់លោក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះសម្ដែងឲ្យយើងឃើញសេចក្ដីស្រឡាញ់របស់លោក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​ស្រឡាញ់​របស់​ព្រះ​និង​ភាព​ខុស​ឆ្គង
  • អ្វី​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​មនុស្ស​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត
  • ការ​លើក​លែង​ទោស​ដោយ​ផ្អែក​លើ​ថ្លៃ​លោះ
  • ព្រះ​សម្ដែង​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត
  • ចូរ​ឲ្យ​ព្រះ​ចាត់​ទុក​អ្នក​ជា​មនុស្ស​សុចរិត​នៅ​ពេល​ឥឡូវ​នេះ
  • តម្លៃលោះរបស់ព្រះយេស៊ូជាអំណោយវិសេសបំផុតរបស់ព្រះ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ថ្លៃលោះជាអំណោយវិសេសបំផុតពីព្រះ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើអ្វីជាអំណោយដ៏ល្អបំផុត?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • តម្លៃលោះរបស់ព្រះគ្រីស្ទ—ជាផ្លូវរបស់ព្រះឲ្យបានសេចក្ដីសង្គ្រោះ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
w11 ១/៦ ទំ. ១៥-១៩

ព្រះ​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​លោក

​«​គុណ​ដ៏​វិសេស​លើស​លប់[​នឹង​]​គ្រប់​គ្រង​ជា​ស្តេច​តាម​រយៈ​សេចក្ដី​សុចរិត ដើម្បីឲ្យ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—រ៉ូម ៥:២១

១, ២. ហេតុ​អ្វី​អំណោយ​ពី​ព្រះ​ពិសេស​ពិសាល​ជាង​អំណោយ​ឯ​ទៀត?

សាស្ដ្រាចារ្យ​ ម្នាក់​ពី​សកលវិទ្យាល័យ​មែ​ល​ប៊​ន​នៃ​ប្រទេស​អូស្ដ្រាលី​បាន​សរសេរ​ថា ច្បាប់​ក្នុង​ចក្រភព​រ៉ូម​ជា​អំណោយ​មួយ​ដែល​មាន​តម្លៃ​ដ៏​ស្ថិតស្ថេរ​សម្រាប់​មនុស្ស​ជាតិ។ ប៉ុន្តែ គម្ពីរ​បង្រៀន​ថា​ព្រះ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អំណោយ​មួយ​ដ៏​មាន​តម្លៃ​ដែល​ពិសេស​ពិសាល​ជាង​នេះ​ទៅ​ទៀត។ អំណោយ​នេះ​ជា​ការ​រៀប​ចំ​របស់​ព្រះ​ដើម្បីឲ្យ​យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក និង​ឲ្យ​លោក​ចាត់​ទុក​យើង​ជា​មនុស្ស​សុចរិត ថែម​ទាំង​ដើម្បីឲ្យ​យើង​អាច​ទទួល​សេចក្ដី​សង្គ្រោះ​និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

២ ព្រះ​បាន​គិត​អំពី​ច្បាប់​របស់​លោក​ដើម្បី​អាច​ផ្ដល់​អំណោយ​នេះ​មក​យើង។ ក្នុង​សៀវភៅ​រ៉ូម​ជំពូក​ទី​៥ សាវ័ក​ប៉ូល​មិន​បាន​រៀប​រាប់​អំពី​អំណោយ​នេះ​តាម​របៀប​ដែល​សោះ​កក្រោះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ចាប់​ផ្ដើម​រៀប​រាប់​ដោយ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ថា​៖ ​«​យើង​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ [​ដូច្នេះ​]​ចូរ​យើង​រក្សា​ខ្លួន​ជា​អ្នក​ដែល​មាន​សន្ដិភាព​ជា​មួយ​នឹង​ព្រះ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង​»។ ពួក​អ្នក​ដែល​ទទួល​អំណោយ​របស់​ព្រះ​បាន​ត្រូវ​ជំរុញ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​វិញ។ ប៉ូល​ក៏​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ទាំង​នោះ​ដែរ។ គាត់​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​បាន​ត្រូវ​ចាក់​មក​ក្នុង​ចិត្ត​របស់​យើង​តាម​រយៈ​សកម្មពល​បរិសុទ្ធ​»។—រ៉ូម ៥:១, ៥

៣. តើ​មាន​សំណួរ​អ្វី​ខ្លះ​ដែល​យើង​អាច​សួរ?

៣ ក៏​ប៉ុន្តែ ហេតុ​អ្វី​ព្រះ​ត្រូវ​ផ្ដល់​អំណោយ​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​នេះ? តើ​ព្រះ​អាច​ឲ្យ​អំណោយ​នេះ​ដោយ​យុត្ដិធម៌ និង​អាច​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់​បាន​យ៉ាង​ដូច​ម្ដេច? តើ​មនុស្ស​ត្រូវ​ធ្វើ​អ្វី​ដើម្បី​អាច​ទទួល​អំណោយ​នោះ? សូម​ឲ្យ​យើង​ស្វែងរក​ចម្លើយ​ដែល​នាំ​ឲ្យ​ស្កប់​ចិត្ត ហើយ​យល់​អំពី​របៀប​ដែល​ចម្លើយ​ទាំង​នេះ​ដៅ​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។

សេចក្ដី​ស្រឡាញ់​របស់​ព្រះ​និង​ភាព​ខុស​ឆ្គង

៤, ៥. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​លោក​តាម​របៀប​ណា? (​ខ​)​ ដើម្បី​យល់​រ៉ូម ៥:១២ តើ​យើង​ត្រូវ​ដឹង​អំពី​ដើម​ហេតុ​នៃ​អ្វី?

៤ ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា នោះ​លោក​បាន​ចាត់​បុត្រ​តែ​មួយ​របស់​លោក​ដើម្បី​ជួយ​មនុស្ស​ជាតិ។ ប៉ូល​បាន​បញ្ជាក់​អំពី​រឿង​នេះ​ថា​៖ ​«​ព្រះ​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​លោក តាម​របៀប​នេះ​៖ គ្រិស្ត​ស្លាប់​ដើម្បី​យើង កាល​ដែល​យើង​នៅ​ជា​អ្នក​ធ្វើ​ខុស​នៅ​ឡើយ​»។ (​រ៉ូម ៥:៨​) សូម​គិត​អំពី​ហេតុ​ការណ៍​ពិត​មួយ​ដែល​បាន​បញ្ជាក់​ក្នុង​ខ​នេះ​ថា​៖ ​«​យើង​នៅ​ជា​អ្នក​ធ្វើ​ខុស​នៅ​ឡើយ​»។ តើ​អ្វី​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​យើង​ធ្វើ​ខុស? យើង​ទាំង​អស់​គ្នា​ត្រូវ​យល់​អំពី​រឿង​នេះ។

៥ ប៉ូល​បាន​ប្រាប់​អំពី​រឿង​នោះ ដោយ​ចាប់​ផ្ដើម​ពី​ចំណុច​នេះ​ថា​៖ ​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​ទាំង​អស់ ពីព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជាអ្នក​ធ្វើខុស​»។ (​រ៉ូម ៥:១២​) យើង​អាច​យល់​នូវ​រឿង​នេះ​ដោយ​សារ​ព្រះ​បាន​កត់​ទុក​អំពី​ដើម​កំណើត​របស់​មនុស្ស​ជាតិ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ពីរ​នាក់​ដំបូង គឺ​អាដាម​និង​អេវ៉ា។ ព្រះ​ដែល​ជា​អ្នក​បង្កើត លោក​ល្អ​ឥត​ខ្ចោះ ហើយ​មនុស្ស​ពីរ​នាក់​ដំបូង​នោះ​ដែលជា​ជីដូន​ជីតា​យើង​ក៏​ដូច្នេះ​ដែរ។ ព្រះ​បាន​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​អ្វីតែ​មួយ​ប៉ុណ្ណោះ ហើយ​ប្រាប់​ពួក​គេ​ថា​ការ​មិន​ស្ដាប់​តាម​ច្បាប់​របស់​លោក​នឹង​នាំ​ឲ្យ​ស្លាប់។ (​លោ. ២:១៧​) ប៉ុន្តែ ពួក​គេ​បាន​សម្រេច​ចិត្ត​ប្រព្រឹត្ត​ល្មើស​នឹង​បម្រាម​ដ៏​សម​ហេតុ​ផល​របស់​ព្រះ ហើយ​យ៉ាង​នេះ​ពួក​គេ​បាន​បដិសេធ​លោក​ដែល​ជា​អ្នក​បង្កើត​ច្បាប់ និង​ជាម​ហា​ក្សត្រ។—ចោ. ៣២:៤, ៥

៦. (​ក​) ហេតុ​អ្វី​កូន​ចៅ​របស់​អាដាម​ស្លាប់​ទាំង​មុន​និង​ក្រោយ​ពេល​ព្រះ​ឲ្យ​ច្បាប់​ដល់​លោក​ម៉ូសេ? (​ខ​)​ តើ​អ្វី​អាច​ប្រៀប​ដូច​ជា​ជំងឺ​ដែល​យើង​ឆ្លង​ពី​ឪពុក​ម្ដាយ?

៦ អាដាម​មាន​កូន​ក្រោយ​ពេល​គាត់​ធ្វើ​ខុស ហើយ​គាត់​បាន​ចម្លង​ភាព​ខុស​ឆ្គង​និង​ឥទ្ធិពល​ដែល​មក​ពី​ភាព​ខុស​ឆ្គង​នេះ​ដល់​កូន​ចៅ​ទាំង​អស់​របស់​គាត់។ ពិត​មែន ពួក​គេ​មិន​មែន​ជា​អ្នក​ដែល​បំពាន​ច្បាប់​របស់​ព្រះ​ដូច​អាដាម​នោះ​ទេ ដូច្នេះ​ពួក​គេ​មិន​មាន​ការ​ចោទ​ប្រកាន់​ពី​ទោស​កំហុស​ដូច​គាត់ ហើយ​ព្រះ​ក៏​មិន​ទាន់​ផ្ដល់​ច្បាប់​ឲ្យ​ពួក​គេ​ដែរ។ (​លោ. ២:១៧​) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ កូន​ចៅ​របស់​អាដាម​ឆ្លង​ភាព​ខុស​ឆ្គង​ពី​គាត់។ យ៉ាង​នេះ ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​បាន​គ្រប់​គ្រង​រហូត​មក​ដល់​ពេល​ដែល​ព្រះ​ឲ្យ​ច្បាប់​ដល់​បណ្ដា​ជន​អ៊ីស្រាអែល ដែល​ច្បាប់​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពួក​គេ​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ (​សូម​អាន រ៉ូម ៥:១៣, ១៤​) ឥទ្ធិពល​នៃ​ភាព​ខុស​ឆ្គង​គឺ​ដូច​ជំងឺ​ផ្សេង​ៗ​ដែល​យើង​ឆ្លង​ពី​ឪពុក​ម្ដាយ​យើង។ ជួនកាល​ក្នុង​ក្រុម​គ្រួសារ កូន​ខ្លះ​ឆ្លង​ជំងឺ តែ​កូន​ខ្លះ​ទៀត​មិន​ឆ្លង​ទេ។ ប៉ុន្តែ ភាព​ខុស​ឆ្គង​គឺ​មិន​មែន​ដូច្នេះ​ឡើយ។ មនុស្ស​ទាំង​អស់​បាន​ឆ្លង​ភាព​ខុស​ឆ្គង​ពី​អាដាម ហើយ​ដោយ​សារភាព​ខុស​ឆ្គង​នោះ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ស្លាប់។ តើ​បញ្ហា​នេះ​អាច​ត្រូវ​ដោះ​ស្រាយ​បាន​ឬ​ទេ?

អ្វី​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​មនុស្ស​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត

៧, ៨. តើ​ការ​ប្រព្រឹត្ត​របស់​បុរស​ល្អ​ឥត​ខ្ចោះ​ពីរ​នាក់​នាំ​ឲ្យ​មាន​លទ្ធផល​ផ្សេង​ពី​គ្នា​យ៉ាង​ណា?

៧ ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​វិធានការ​ដើម្បីឲ្យ​មនុស្ស​រួច​ពី​ភាព​ខុស​ឆ្គង។ សាវ័ក​ប៉ូល​បាន​ពន្យល់​ថា​នេះ​អាច​កើត​ឡើង​បាន​តាម​រយៈ​បុរស​ម្នាក់​ទៀត​ដែល​កើត​មក​ក្រោយ​អាដាម។ បុរស​នេះ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដែល​ប្រៀប​ដូច​ជា​អាដាម​ទី​២។ (​១កូ. ១៥:​៤៥​) ប៉ុន្តែ ការ​ប្រព្រឹត្ត​របស់​បុគ្គល​ទាំង​ពីរ​នេះ​បាន​នាំ​ឲ្យ​មាន​លទ្ធផល​ផ្សេង​ពី​គ្នា។ តើ​មាន​លទ្ធផល​ផ្សេង​ពី​គ្នា​យ៉ាង​ដូច​ម្ដេច?—សូម​អាន រ៉ូម ៥:១៥, ១៦

៨ ប៉ូល​បាន​សរសេរ​ថា​៖ ​«​អំណោយ​នោះ និង​កំហុស​នោះ មាន​លទ្ធផល​ខុស​គ្នា​»។ អាដាម​ជាប់​ទោស​ដោយ​សារ​គាត់​មាន​កំហុស​នោះ ហើយ​គាត់​បាន​ត្រូវ​កាត់​ទោស​យ៉ាង​ត្រឹម​ត្រូវ​ឲ្យ​ស្លាប់។ ប៉ុន្តែ គាត់​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​ត្រូវ​ស្លាប់​ទេ។ ប៉ូល​បាន​សរសេរ​បន្ត​ថា​៖ ​«​កំហុស​របស់​បុរស​ម្នាក់​[​នោះ​]​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់​»។ យោង​ទៅ​តាម​ខ្នាត​តម្រា​ដ៏​យុត្ដិធម៌​របស់​ព្រះ នោះ​កូន​ចៅ​ទាំង​អស់​របស់​អាដាម រួម​ទាំង​យើង សម​នឹង​ទទួល​ការ​កាត់​ទោស​ពី​លោក​ឲ្យ​ស្លាប់​ដូច​អាដាម​ដែរ។ ប៉ុន្តែ យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​លោក​យេស៊ូ​ដែល​ជា​បុរស​ល្អ​ឥត​ខ្ចោះ អាច​នាំ​ឲ្យ​យើង​ទទួល​លទ្ធផល​ផ្ទុយ​ពី​នេះ។ តើ​លទ្ធផល​នោះ​ជា​អ្វី​ទៅ? យើង​អាច​រក​ឃើញ​ចម្លើយ​ក្នុង​ពាក្យ​របស់​ប៉ូល​ដែល​ថា​៖ ​«​មនុស្ស​គ្រប់​ប្រភេទ​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ឲ្យ​បាន​ជីវិត​»។—រ៉ូម ៥:១៨

៩. ដូច​បាន​ចែង​នៅ​ក្នុង​រ៉ូម ៥:១៦, ១៨ តើ​ព្រះ​បាន​ធ្វើ​អ្វី​ក្នុង​ការ​ប្រកាស​ថា​មនុស្ស​គឺ​សុចរិត?

៩ តើ​ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា​«​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​»​ចង់​បញ្ជាក់​អំពី​អ្វី? អ្នក​បក​ប្រែ​គម្ពីរ​ម្នាក់​បាន​សរសេរ​អំពី​គំនិត​នេះ​ថា​៖ ​«​ពាក្យ​នេះ​ជា​ការ​ប្រៀប​ធៀប​មួយ​ដែល​បញ្ជាក់​ថា​រឿង​នេះ​ទាក់​ទង​នឹង​ច្បាប់។ ពាក្យ​នេះ​បញ្ជាក់​អំពី​ការ​ផ្លាស់​ប្ដូរ​ស្ថានភាព​របស់​បុគ្គល​ម្នាក់​នៅ​ចំពោះ​ព្រះ មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​ដែល​មាន​ក្នុង​ចិត្ត​នៃ​បុគ្គល​នោះ​ទេ . . . ពាក្យ​ប្រៀប​ធៀប​នេះ​ប្រដូច​ព្រះ​ទៅ​នឹង​ចៅ​ក្រម​ម្នាក់ ដែល​កាត់​ក្ដី​ឲ្យ​ខាង​ចុង​ចោទ ដែល​បាន​នាំ​មក​ក្នុង​តុលាការ ដោយ​សារ​គាត់​បាន​ត្រូវ​ចោទ​ថា​ជា​មនុស្ស​មិន​សុចរិត។ ប៉ុន្តែ​ព្រះ​ឲ្យ​ចុង​ចោទ​រួច​ពី​ទោស​»។

១០. ក្នុង​ការ​ធ្វើ​ជា​មូលដ្ឋាន​ដើម្បីឲ្យ​ព្រះ​អាច​ប្រកាស​ថា​មនុស្ស​គឺ​សុចរិត តើ​លោក​យេស៊ូ​បាន​ធ្វើ​យ៉ាង​ណា?

១០ តើ​«​ចៅ​ក្រម​[​ដ៏​សុចរិត​]​នៃ​ផែនដី​ទាំង​មូល​»​ឲ្យ​មនុស្ស​ដែល​មិន​សុចរិត​រួច​ពី​ទោស​ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​អ្វី? (​លោ. ១៨:២៥​) មុន​ដំបូង ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បាន​ចាត់​បុត្រ​តែ​មួយ​របស់​លោក​ឲ្យ​មក​ផែនដី។ លោក​យេស៊ូ​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ ទោះ​ជា​ជួប​ការ​ល្បួង ការ​មើល​ងាយ​យ៉ាង​ខ្លាំង និង​ការ​បៀតបៀន​ក៏​ដោយ។ លោក​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​រហូត​ដល់​ស្លាប់​នៅ​លើ​បង្គោល​ទារុណកម្ម។ (​ហេ. ២:១០​) ដោយ​លះ​បង់​ជីវិត​ល្អ​ឥត​ខ្ចោះ​របស់​លោក​ជា​គ្រឿង​បូជា នោះ​លោក​យេស៊ូ​បាន​ផ្ដល់​ថ្លៃ​លោះ​ដែល​អាច​រំដោះ​កូន​ចៅ​របស់​អាដាម​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។—ម៉ាថ. ២០:២៨; រ៉ូម ៥:៦​-​៨

១១. តើ​ថ្លៃ​លោះ​មាន​តម្លៃ​ស្មើ​នឹង​អ្វីដែល​បាន​បាត់បង់​ក្នុង​ន័យ​អ្វី?

១១ ថ្លៃ​លោះ​សំដៅ​ទៅ​«​តម្លៃ​ដែល​ស្មើ​នឹង​អ្វីដែល​បាន​បាត់បង់​»។ (​១ធី. ២:៦, កំណត់​សម្គាល់​) តើ​ថ្លៃ​លោះ​មាន​តម្លៃ​ស្មើ​នឹង​អ្វីដែល​បាន​បាត់បង់​ក្នុង​ន័យ​អ្វី? អាដាម​នាំ​ឲ្យ​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​សេចក្ដី​ស្លាប់​ដល់​មនុស្ស​ទាំង​អស់​ដែល​ជា​កូន​ចៅ​របស់​គាត់។ លោក​យេស៊ូ​ជា​បុរស​ដែល​ល្អ​ឥត​ខ្ចោះ​ក៏​អាច​មាន​កូន​ចៅ​រាប់​លាន​នាក់​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដែរ។ អាស្រ័យ​ហេតុ​នេះ យើង​ធ្លាប់​យល់​ថា​ជីវិត​របស់​លោក​យេស៊ូ​គួប​ផ្សំ​ជា​មួយ​នឹង​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​កូន​ចៅ​ដែល​លោក​អាច​មាន នោះ​រួម​គ្នា​ធ្វើ​ជា​គ្រឿង​បូជា​មួយ​ដែល​ស្មើ​នឹង​ជីវិត​របស់​អាដាម​និង​កូន​ចៅ​ដែល​មិន​ល្អ​ឥត​ខ្ចោះ​របស់​គាត់។ ប៉ុន្តែ គម្ពីរ​មិន​បាន​ចែង​អំពី​កូន​ចៅ​ណា​ម្នាក់​ដែល​លោក​យេស៊ូ​អាច​មាន​នឹង​រួម​ចំណែក​ជា​ថ្លៃ​លោះ​នោះ​ទេ។ រ៉ូម ៥:១៥​-​១៩​បាន​បញ្ជាក់​ថា​សេចក្ដី​ស្លាប់​របស់​«​បុរស​តែ​ម្នាក់​»​បាន​ផ្ដល់​ជា​ថ្លៃ​លោះ។ ពិត​មែន​ហើយ ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ​ស្មើ​នឹង​ជីវិត​របស់​អាដាម។ ដូច្នេះ យើង​គួរ​ប្រមូល​អារម្មណ៍​ទៅ​លើ​លោក​យេស៊ូ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ផ្ដល់​អ្វីដែល​អាដាម​បាន​បាត់​បង់។ ដោយ​សារ​«​ការ​តែ​មួយ​ដ៏​សុចរិត​»​របស់​លោក​យេស៊ូ ការ​ចេះ​ស្ដាប់​បង្គាប់​របស់​លោក និង​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​រហូត​ដល់​ស្លាប់ នោះ​បាន​នាំ​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ទទួល​អំណោយ​ទាន​និង​ជីវិត​ពី​ព្រះ។ (​២កូ. ៥:១៤, ១៥; ១ពេ. ៣:១៨​) តើ​ដោយ​ដូច​ម្ដេច?

ការ​លើក​លែង​ទោស​ដោយ​ផ្អែក​លើ​ថ្លៃ​លោះ

១២, ១៣. ហេតុ​អ្វី​ពួក​អ្នក​ដែល​ព្រះ​បាន​ប្រកាស​ថា​ជា​មនុស្ស​សុចរិត ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្ដា​ករុណា​របស់​លោក?

១២ ព្រះ​យេហូវ៉ា​បាន​ទទួល​យក​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​ដែល​បុត្រ​របស់​លោក​បាន​ផ្ដល់​ឲ្យ។ (​ហេ. ៩:២៤; ១០:១០, ១២​) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ រួម​ទាំង​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក នៅតែ​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ ទោះ​ជា​ពួក​គេ​ព្យាយាម​មិន​ធ្វើ​ខុស​ក៏​ដោយ តែ​ពួក​គេ​នៅតែ​ចេះ​ធ្វើ​ខុស។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​មាន​ភាព​ខុស​ឆ្គង​ដែល​ឆ្លង​មក​ពី​អាដាម។ (​រ៉ូម ៧:១៨​-​២០​) ប៉ុន្តែ ព្រះ​អាច​ធ្វើ ហើយ​ក៏​ពិត​ជា​បាន​ធ្វើ​អ្វី​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​ដែរ។ លោក​ទទួល​យក​«​ថ្លៃ​លោះ​»​ដែល​មាន​តម្លៃ​ស្មើ​នឹង​អ្វីដែល​បាន​បាត់បង់ ហើយ​ស្ម័គ្រ​ចិត្ត​ប្រើ​ថ្លៃ​លោះ​នោះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​អ្នក​បម្រើ​របស់​លោក​នៅ​ផែនដី។

១៣ ព្រះ​បាន​ប្រើ​ថ្លៃ​លោះ​នោះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​សាវ័ក​និង​មនុស្ស​ឯ​ទៀត នេះ​មិន​មែន​ដោយ​សារ​ព្រះ​ជំពាក់​ពួក​គេ ឬ​ដោយ​សារ​ពួក​គេ​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ធ្វើ​ដូច្នេះ​ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង និង​មាន​សេចក្ដី​មេត្ដា​ករុណា​ដល់​ពួក​គេ។ លោក​បាន​សម្រេច​ចិត្ត​ឲ្យ​ពួក​សាវ័ក​និង​អ្នក​ឯ​ទៀត​រួច​ពី​ការ​ចោទ​ប្រកាន់ ដោយ​ចាត់​ទុក​ថា​ពួក​គេ​គ្មាន​ទោស​ដែល​បាន​ឆ្លង​ពី​អាដាម​មក​ទៀត​ទេ។ ប៉ូល​បាន​បញ្ជាក់​អំពី​គំនិត​នេះ​យ៉ាង​ច្បាស់​ដោយ​ប្រាប់​ថា​៖ ​«​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​នេះ អ្នក​រាល់​គ្នា​បាន​ត្រូវ​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​នេះ​មិន​មែន​ដោយ​សារ​អ្នក​រាល់​គ្នា​ទេ តែ​ជា​អំណោយ​ពី​ព្រះ​»។—អេភ. ២:៨

១៤, ១៥. តើ​ពួក​អ្នក​ដែល​ព្រះ​បាន​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​អាច​ទទួល​រង្វាន់​អ្វី? ប៉ុន្តែ​តើ​ពួក​គាត់​ត្រូវ​តែ​ធ្វើ​អ្វី​ជា​និច្ច?

១៤ សូម​គិត​ក្នុង​ចិត្ត​ថា​អំណោយ​នេះ​គឺ​ល្អ​យ៉ាង​ណា​ទៅ​ហ្ន៎! ដោយ​សារ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​អភ័យទោស​ចំពោះ​ភាព​ខុស​ឆ្គង​ដែល​មនុស្ស​ម្នាក់​ទទួល​ពី​អាដាម រួម​ទាំង​កំហុស​របស់​គាត់​នោះ! យើង​មិន​អាច​រាប់​អស់​នូវ​កំហុស​ដែល​បុគ្គល​ម្នាក់​ៗ​បាន​ធ្វើ​មុន​ពួក​គាត់​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ទេ ប៉ុន្តែ​ដោយ​ផ្អែក​លើ​ថ្លៃ​លោះ នោះ​ព្រះ​អាច​អភ័យទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ទាំង​នោះ​បាន។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​អំណោយ​ដែល​មក​ដោយ​សារ​បទ​រំលង​ជា​ច្រើន នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​»។ (​រ៉ូម ៥:១៦​) ពួក​សាវ័ក​និងពួក​អ្នក​ដែល​ទទួល​អំណោយ​ដែល​ព្រះ​ផ្ដល់​ឲ្យ​ដោយ​សេចក្ដី​ស្រឡាញ់ (​ពោល​គឺ​លោក​បាន​ប្រកាស​ថា​ពួក​គេ​ជា​មនុស្ស​សុចរិត​) នោះ​ពួក​គេ​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​ពិត​ដោយ​បង្ហាញ​ជំនឿ​ទៅ​លើ​លោក​ជា​និច្ច។ តើ​ពួក​គេ​អាច​ទទួល​រង្វាន់​អ្វី​នៅ​ពេល​អនាគត? ​«​ពួក​អ្នក​ដែល​ទទួលគុណ​ដ៏វិសេស​លើស​លប់​និង​ភាព​សុចរិត​ជា​អំណោយ​ទាន​ដ៏​បរិបូរ នឹង​រស់​ហើយ​[​នឹង​]​គ្រប់​គ្រង​ជា​ស្តេច​ដោយ​សារ​មនុស្ស​ម្នាក់​នេះ គឺ​លោក​យេស៊ូ​គ្រិស្ត​»។ ពិត​មែន អំណោយ​នៃ​សេចក្ដី​សុចរិត​នាំ​ឲ្យ​មាន​លទ្ធផល​ផ្ទុយ​ពី​ភាព​ខុស​ឆ្គង ព្រោះ​អំណោយ​នេះ​នាំ​ឲ្យ​បាន​ជីវិត។—រ៉ូម ៥:១៧; សូម​អាន លូកា ២២:២៨​-​៣០

១៥ ពួក​អ្នក​ដែល​ទទួល​អំណោយ​នេះ​គឺ​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រកាស​ជា​មនុស្ស​សុចរិត​បាន​ក្លាយ​ទៅ​ជា​កូន​របស់​ព្រះ។ ក្នុង​នាម​ជា​អ្នក​ទទួល​មត៌ក​ជា​មួយ​គ្រិស្ត ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ជា​កូន​ព្រះ​ដើម្បី​«​គ្រប់​គ្រង​ជា​ស្តេច​»​ជា​មួយ​លោក​យេស៊ូ​គ្រិស្ត។—សូម​អាន រ៉ូម ៨:១៥​-​១៧, ២៣

ព្រះ​សម្ដែង​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត

១៦. សូម្បីតែ​សព្វ​ថ្ងៃ​នេះ តើ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើផែនដី​អាច​ទទួល​អំណោយ​អ្វី?

១៦ មិន​មែន​មនុស្ស​ទាំង​អស់​ដែល​បង្ហាញ​ជំនឿ​ទៅ​លើ​ព្រះ​និង​បម្រើ​លោក​ជា​គ្រិស្ត​សាសនិក​ដោយ​ស្មោះ​ភក្ដី នឹង​«​គ្រប់​គ្រង​ជា​ស្តេច​»​ជា​មួយ​នឹង​គ្រិស្ត​នៅ​ស្ថាន​សួគ៌​នោះ​ទេ។ មនុស្ស​ជា​ច្រើន​មាន​សេចក្ដី​សង្ឃឹម​ដែល​ផ្អែក​លើ​គម្ពីរ ស្រដៀង​នឹង​ពួក​អ្នក​បម្រើ​ព្រះ​មុន​សម័យ​ពួក​គ្រិស្ត​សាសនិក។ ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត​ក្នុង​ផែនដីដែល​ជា​សួន​ឧទ្យាន។ នៅ​សព្វ​ថ្ងៃ​នេះ តើ​ពួក​គេ​អាច​ទទួល​អំណោយ​ដែល​ព្រះ​ផ្ដល់​ឲ្យ​ដោយ​សេចក្ដី​ស្រឡាញ់ គឺ​ពួក​គេ​បាន​ត្រូវ​ប្រកាស​ជា​មនុស្ស​សុចរិត​ដើម្បី​ទទួល​ជីវិត​នៅ​លើផែនដី​នេះ​ឬ​ទេ? យោង​ទៅ​តាម​អ្វីដែល​ប៉ូល​បាន​សរសេរ​ទៅ​បង​ប្អូន​នៅ​ទី​ក្រុង​រ៉ូម នោះ​ចម្លើយ​ដែល​ពង្រឹង​ទំនុក​ចិត្ត​យើង គឺថា​ពិត​ជា​អាច​មែន!

១៧, ១៨. (​ក​) ដោយ​សារ​ជំនឿ​របស់​អាប្រាហាំ តើ​ព្រះ​ចាត់​ទុក​គាត់​ជា​មនុស្ស​បែប​ណា? (​ខ​)​ តើ​ព្រះ​យេហូវ៉ា​អាច​ចាត់​ទុក​អាប្រាហាំ​ជា​មនុស្ស​សុចរិត​ក្នុង​ន័យ​អ្វី?

១៧ ប៉ូល​បាន​ពិគ្រោះ​អំពី​គំរូ​ដ៏​ល្អ​មួយ​គឺ​អាប្រាហាំ គាត់​ជា​បុរស​ម្នាក់​ដែល​មាន​ជំនឿ​ដែល​រស់​នៅ​មុន​ព្រះ​យេហូវ៉ា​ផ្ដល់​ច្បាប់​ដល់​ពួក​អ៊ីស្រាអែល​និង​យូរ​យារ​មុន​គ្រិស្ត​បើក​ឱកាស​ឲ្យ​មនុស្ស​មាន​សេចក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌។ (​ហេ. ១០:១៩, ២០​) ប៉ូល​បាន​សរសេរ​ថា​៖ ​«​មិន​មែន​តាម​រយៈ​ច្បាប់​ទេ ដែល​អាប្រាហាំ​ឬ​ពូជ​របស់​គាត់​បាន​ទទួល​សេចក្ដី​សន្យា​ថា គាត់​នឹង​ទទួល​ពិភព​លោក​មួយ​ជា​មត៌ក ប៉ុន្តែ​គឺ​តាម​រយៈ​សេចក្ដី​សុចរិត​ដែល​មាន​ដោយ​សារ​ជំនឿ​វិញ​»។ (​រ៉ូម ៤:១៣; យ៉ា. ២:២៣, ២៤​) ដូច្នេះ ព្រះ​បាន​ចាត់​ទុក​អាប្រាហាំ​ដែល​ជា​មនុស្ស​ស្មោះ​ត្រង់​ថា​ជា​មនុស្ស​សុចរិត។—សូម​អាន រ៉ូម ៤:២០​-​២២

១៨ នេះ​មិន​មាន​ន័យ​ថា​ក្នុង​អំឡុង​ពេល​ដែល​អាប្រាហាំ​បម្រើ​ព្រះ​យេហូវ៉ា​អស់​ច្រើន​ឆ្នាំ​នោះ គាត់​មិន​ដែល​ធ្វើ​ខុស​សោះ​នោះ​ទេ។ គាត់​មិន​មែន​សុចរិត​ក្នុង​ន័យ​នេះ​ឡើយ។ (​រ៉ូម ៣:១០, ២៣​) ក៏​ប៉ុន្តែ ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ដែល​គ្មាន​កម្រិត នោះ​លោក​បាន​គិត​អំពី​ជំនឿ​ដ៏​អស្ចារ្យ​របស់​អាប្រាហាំ​និង​ការ​ប្រព្រឹត្ត​ដែល​មក​ពី​ជំនឿ​នោះ។ ជា​ពិសេស អាប្រាហាំ​បាន​បង្ហាញ​ជំនឿ​ទៅ​លើ​«​ពូជ​»​ដែល​បាន​ត្រូវ​សន្យា​ថា​មក​ពី​ពូជ​ពង្ស​របស់​គាត់។ ពូជ​នេះ​ជា​មេស្ស៊ី​ឬ​គ្រិស្ត។ (​លោ. ១៥:៦; ២២:​១៥​-​១៨​) ហេតុ​នេះ​ហើយ ដោយ​ផ្អែក​លើ​«​ថ្លៃ​លោះ​ដែល​គ្រិស្ត​យេស៊ូ​បាន​បង់​»​ ព្រះ​ដែល​ជា​ចៅ​ក្រម​អាច​អភ័យទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​មនុស្ស​ដែល​រស់​នៅ​សម័យ​មុន​បាន។ ដូច្នេះ អាប្រាហាំ​និង​ពួក​អ្នក​ឯ​ទៀត​ដែល​មាន​ជំនឿ​ដែល​រស់​នៅ​មុន​សម័យ​នៃ​ពួក​គ្រិស្ត​សាសនិក មាន​សេចក្ដី​សង្ឃឹម​ថា​ព្រះ​នឹង​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ។—សូម​អាន រ៉ូម ៣:២៤, ២៥; ទំនុក. ៣២:១, ២

ចូរ​ឲ្យ​ព្រះ​ចាត់​ទុក​អ្នក​ជា​មនុស្ស​សុចរិត​នៅ​ពេល​ឥឡូវ​នេះ

១៩. ហេតុ​អ្វី​ទស្សនៈ​របស់​ព្រះ​ចំពោះ​អាប្រាហាំ គួរ​លើក​ទឹក​ចិត្ត​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ?

១៩ ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​ចាត់​ទុក​អាប្រាហាំ​ថា​ជា​មនុស្ស​សុចរិត ហើយ​នេះ​គួរ​លើក​ទឹក​ចិត្ត​ពួក​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​មែន។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​ប្រកាស​ថា​អាប្រាហាំ​ជា​មនុស្ស​សុចរិត​ក្នុង​ន័យ​ដូច​ពួក​អ្នក​ដែល​លោក​បាន​រើស​តាំង​ដោយ​សកម្មពល​របស់​លោក​ឲ្យ​ធ្វើ​«​ជា​អ្នក​ទទួល​មត៌ក​រួម​ជា​មួយ​នឹង​គ្រិស្ត​»​នោះ​ទេ។ នេះ​គឺ​ដោយ​សារ​ចំនួន​នៃ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នោះ​មាន​កំណត់ ហើយ​ពួក​គេ​«​បាន​ត្រូវ​ហៅ​មក​ដើម្បីឲ្យ​ទៅ​ជា​អ្នក​បរិសុទ្ធ​»​ និង​ទទួល​ឲ្យ​ធ្វើ​ជា​«​កូន​ព្រះ​»។ (​រ៉ូម ១:៧; ៨:១៤, ១៧, ៣៣​) ផ្ទុយ​ទៅ​វិញ អាប្រាហាំ​បាន​ក្លាយ​ទៅ​ជា​«​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​»​ ហើយ​នេះ​បាន​កើត​ឡើង​មុន​មាន​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​បាន​ត្រូវ​ផ្ដល់​ឲ្យ​ទៅ​ទៀត។ (​យ៉ា. ២:២៣; អេ. ៤១:៨​) បើ​ដូច្នេះ ចុះ​យ៉ាង​ណា​ចំពោះ​ពួក​គ្រិស្ត​សាសនិក​ពិត​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើផែនដី​ជា​សួន​ឧទ្យាន?

២០. សព្វ​ថ្ងៃ​នេះ ចំពោះ​ពួក​អ្នក​ដែល​ព្រះ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត​ដូច​អាប្រាហាំ តើ​លោក​ចង់​ឲ្យ​ពួក​គេ​ធ្វើ​អ្វី?

២០ ពួក​អ្នក​ទាំង​នោះ​មិន​បាន​ទទួល​«​ភាព​សុចរិត​ជា​អំណោយ​ទាន​ដ៏​បរិបូរ​»​ដែល​ជា​សេចក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌ ​«​តាម​រយៈ​ការ​រំដោះ​ដោយ​ថ្លៃ​លោះ​ដែល​គ្រិស្ត​យេស៊ូ​បាន​បង់​»​នោះ​ទេ។ (​រ៉ូម ៣:២៤; ៥:១៥, ១៧​) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ពួក​គេ​បង្ហាញ​ជំនឿ​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ និង​ទៅ​លើ​របៀប​រៀប​ចំ​របស់​លោក ហើយ​ពួក​គេ​ស​ឲ្យ​ឃើញ​ពី​ជំនឿ​របស់​ពួក​គេ​ដោយ​ធ្វើ​កិច្ចការ​ល្អ​ៗ។ កិច្ចការ​ល្អ​មួយ​គឺ​ការ​«​ផ្សព្វ​ផ្សាយ . . . អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​បង្រៀន​អំពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​»។ (​សកម្ម. ២៨:៣១​) យ៉ាង​នេះ ព្រះ​យេហូវ៉ា​អាច​ចាត់​ទុក​ពួក​គេ​ថា​ជា​មនុស្ស​សុចរិត​ដូច​អាប្រាហាំ​ដែរ។ អំណោយ​ដែល​ពួក​គេ​ម្នាក់​ៗ​ទទួល​គឺ​ការ​មាន​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ នេះ​គឺ​ខុស​គ្នា​ពី​«​អំណោយ​ទាន​»​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទទួល។ ប៉ុន្តែ​ទោះ​ជា​ខុស​គ្នា​ក៏​ដោយ ក៏​ពួក​គេ​ទទួល​អំណោយ​នោះ​ដោយ​មាន​ចិត្ត​កតញ្ញូ​ដ៏​ជ្រាល​ជ្រៅដែរ។

២១. ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌ តើ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

២១ បើ​អ្នក​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើផែន​ដី អ្នក​គួរ​ទទួល​ស្គាល់​ថា​អ្នក​មាន​ឱកាស​នេះ​មិន​មែន​ដោយ​សារ​អ្នក​គ្រប់​គ្រង​ជា​មនុស្ស​ណា​ម្នាក់​បាន​ធ្វើ​ឡើង​ដោយ​ចៃដន្យ​នោះ​ឡើយ។ ប៉ុន្តែ ឱកាស​នេះ​បញ្ជាក់​ពី​គោល​បំណង​ដែល​បង្ហាញ​ពី​ការ​ឈ្លាស​វៃ​របស់​មហាក្សត្រ​សកលលោក​នេះ​វិញ។ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​បន្ដិច​ម្ដង​ៗ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ វិធានការ​ទាំង​នេះ​បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​យុត្ដិធម៌​របស់​ព្រះ។ លើស​ពី​នេះ​ទៅ​ទៀត វិធានការ​ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ។ ហេតុ​នេះ​ប៉ូល​អាច​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​ព្រះ​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​លោក តាម​របៀប​នេះ​៖ គ្រិស្ត​ស្លាប់​ដើម្បី​យើង កាល​ដែល​យើង​នៅ​ជា​អ្នក​ធ្វើ​ខុស​នៅ​ឡើយ​»។—រ៉ូម ៥:៨

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​កូន​ចៅ​របស់​អាដាម​ទទួល​អ្វី​ពី​គាត់? ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

• តើ​ថ្លៃ​លោះ​ដែល​មាន​តម្លៃ​ស្មើ​នឹង​អ្វី​ដែល​បាន​បាត់បង់​បាន​ត្រូវ​ផ្ដល់​ឲ្យ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ក្នុង​ន័យ​អ្វី?

• ការ​ដែល​ព្រះ​បាន​ប្រកាស​ថា​អ្នក​ជា​មនុស្ស​សុចរិត នោះ​ជា​អំណោយ​មួយ តើ​អំណោយ​នេះ​បើក​ឱកាស​ឲ្យ​អ្នក​ទទួល​អ្វី?

[​រូបភាពនៅទំព័រ១៧​]

បុរស​ទាំង​ពីរ​នេះ​ជា​បុរស​ល្អ​ឥត​ខ្ចោះ អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ប៉ុន្តែ លោក​យេស៊ូ​បាន​ផ្ដល់​«​ថ្លៃ​លោះ​»​ដែល​មាន​តម្លៃ​ស្មើ​នឹង​អ្វី​ដែល​បាន​បាត់បង់

[​រូបភាពនៅទំព័រ១៨​]

តាម​រយៈ​លោក​យេស៊ូ ព្រះ​អាច​ប្រកាស​ថា យើង​ជា​មនុស្ស​សុចរិត នេះ​ពិត​ជា​ដំណឹង​ល្អ​មែន!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក