តើលោកអ្នកដឹងឬទេ?
ហេតុអ្វីមានអ្នកដូរប្រាក់នៅវិហារក្រុងយេរូសាឡិម?
▪ មិនយូរប៉ុន្មានមុនលោកយេស៊ូស្លាប់ លោកបានដោះស្រាយភាពអយុត្ដិធម៌ក្រៃលែងមួយដែលបានកើតឡើងនៅក្នុងវិហារ។ គម្ពីរបានរៀបរាប់ថា៖ «លោកយេស៊ូបាន . . . បណ្ដេញទាំងអ្នកលក់ទាំងអ្នកទិញ ក៏បានផ្កាប់តុរបស់អ្នកដូរប្រាក់ និងជើងម៉ាវែងរបស់អ្នកលក់សត្វព្រាប។ លោកក៏មានប្រសាសន៍ទៅពួកគេថា៖ ‹បទគម្ពីរចែងថា៖ «កន្លែងគោរពបូជារបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ប្រជាជាតិទាំងអស់មកអធិដ្ឋាន» ប៉ុន្តែអ្នករាល់គ្នាកំពុងយកធ្វើជាសម្បុកចោរវិញ›»។—ម៉ាថាយ ២១:១២, ១៣
នៅសតវត្សរ៍ទី១ ជនជាតិយូដានិងពួកអ្នកចូលសាសនាយូដាបានធ្វើដំណើរពីប្រទេសនិងទីក្រុងជាច្រើនដើម្បីទៅវិហារនៅក្រុងយេរូសាឡិម ដោយយកមកជាមួយនូវកាក់ពីតំបន់ដែលពួកគេរស់នៅ។ ប៉ុន្តែ ពួកគេត្រូវប្រើរូបិយវត្ថុដែលគេព្រមទទួលនៅវិហារដើម្បីបង់ពន្ធវិហារប្រចាំឆ្នាំ ដើម្បីទិញសត្វដែលសម្រាប់ជាគ្រឿងបូជានិងដើម្បីជូនគ្រឿងបូជាស្ម័គ្រពីចិត្តផ្សេងៗទៀត។ ហេតុនេះ អ្នកដូរប្រាក់បានប្ដូរកាក់ដែលមកពីតំបន់នានា ឬដែលមានតម្លៃផ្សេងៗ ទៅជាកាក់ដែលគេតម្រូវ។ ពួកគេបានយកថ្លៃពីការដូរប្រាក់នេះ។ កាលដែលបុណ្យជនជាតិយូដាបានមកដល់ អ្នកដូរប្រាក់ទាំងនេះនឹងរៀបចំបន្ទប់ខណ្ឌនៅក្នុងទីធ្លាជនជាតិដទៃនៃវិហារ។
ការដែលលោកយេស៊ូបានស្តីបន្ទោសអ្នកដូរប្រាក់ថាពួកគេបានធ្វើឲ្យវិហារទៅជា«សម្បុកចោរ» តាមមើលទៅ បង្ហាញថាពួកគេដូរប្រាក់ដោយយកថ្លៃច្រើនហួសហេតុពេក។
ហេតុអ្វីនៅសម័យគម្ពីរ មនុស្សចាត់ទុកដើមអូលីវថាមានប្រយោជន៍ជាច្រើន?
▪ ដើមអូលីវនិងចម្ការទំពាំងបាយជូរគឺជាពរមួយក្នុងចំណោមពរដែលព្រះបានសន្យានឹងរាស្ត្ររបស់លោក បើពួកគេមានភាពស្មោះត្រង់ចំពោះលោក។ (ចោទិយកថា ៦:១០, ១១) រហូតមកដល់សព្វថ្ងៃនេះ ដើមអូលីវបានត្រូវចាត់ទុកថាមានប្រយោជន៍ជាច្រើននៅក្នុងតំបន់ដែលវាដុះ។ វាអាចបង្កើតផ្លែយ៉ាងច្រើនអស់រាប់រយឆ្នាំដោយមានការថែទាំតែបន្ដិចបន្តួច។ ដើមអូលីវដែលគេដាំអាចដុះលូតលាស់បានយ៉ាងល្អសូម្បីតែនៅដីដែលមានថ្មច្រើនក៏ដោយ ហើយថែមទាំងអាចទ្រាំទ្រនឹងភាពរាំងស្ងួតជាញឹកញាប់ទៀតផង។ បើដើមឈើនេះត្រូវគេកាប់រំលំ ឫសវាចេញខ្នែងមួយចំនួនដែលអាចលូតលាស់ទៅជាដើមថ្មី។
នៅសម័យគម្ពីរ សម្បកនិងស្លឹករបស់ដើមអូលីវមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការបញ្ចុះកម្ដៅអ្នកឈឺគ្រុនក្ដៅ។ ជ័រវាដែលហូរពីមែកចាស់ ហើយមានក្លិនក្រអូបផ្កាវ៉ាន់នីឡាអាចប្រើធ្វើជាទឹកអប់បាន។ ប៉ុន្តែអ្វីដែលសំខាន់បំផុត ដើមឈើនេះបានត្រូវចាត់ទុកថាមានគុណប្រយោជន៍ជាច្រើនសម្រាប់ជាអាហារ ពោលគឺផ្លែនិងជាពិសេសប្រេងរបស់វា។ ជិតហាសិបភាគរយនៃទម្ងន់របស់ផ្លែអូលីវទុំគឺជាប្រេង។
ដើមអូលីវល្អមួយដើមអាចឲ្យផលជាប្រេងច្រើនរហូតដល់៥៧លីត្រក្នុងមួយឆ្នាំ។ ប្រេងអូលីវក៏បានត្រូវប្រើជាប្រេងចង្កៀង សម្រាប់ពិធីសាសនា ជាគ្រឿងសម្អាងសម្រាប់លាបនៅលើខ្លួននិងសក់ និងជាថ្នាំសម្រាប់ព្យាបាលរបួសព្រមទាំងកាត់បន្ថយស្នាមជាំ។—និក្ខមនំ ២៧:២០; លេវីវិន័យ ២:១-៧; ៨:១-១២; នាងរស់ ៣:៣; លូកា ១០:៣៣, ៣៤