បង្ហាត់បងប្អូនប្រុសៗឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិ
«អស់អ្នកណាដែលបានត្រូវបង្រៀនយ៉ាងល្អឥតខ្ចោះនឹងបានដូចគ្រូរបស់ពួកគេ»។—លូក. ៦:៤០
១. ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ តើលោកបានធ្វើឲ្យមនុស្សមួយក្រុមតូចក្លាយទៅជាក្រុមជំនុំដ៏អស្ចារ្យមួយយ៉ាងដូចម្ដេច?
ក្នុងសេចក្ដីបញ្ចប់នៃសៀវភៅដំណឹងល្អរបស់សាវ័កយ៉ូហាន គាត់បានសរសេរថា៖ «តាមការពិត មានការជាច្រើនទៀតដែលលោកយេស៊ូបានធ្វើ ហើយប្រសិនបើសរសេរអំពីការទាំងនោះឲ្យបានល្អិតល្អន់ ខ្ញុំគិតថាពិភពលោកទាំងមូលមិនល្មមទុករមូរទាំងអស់នោះឡើយ»។ (យ៉ូន. ២១:២៥) ក្នុងចំណោមអ្វីៗទាំងអស់ដែលលោកយេស៊ូបានសម្រេចក្នុងកិច្ចផ្សព្វផ្សាយសូម្បីតែមួយរយៈពេលខ្លីក៏ដោយ លោកបានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការស្វែងរក បង្ហាត់បង្រៀន និងចាត់ចែងឲ្យពួកបុរសនាំមុខក្រុមជំនុំ ក្រោយពីលោកលែងរស់នៅលើផែនដី។ មុនពេលដែលលោកយេស៊ូត្រឡប់ទៅស្ថានសួគ៌នៅឆ្នាំ៣៣គ.ស. លោកបានបង្ហាត់បង្រៀនមនុស្សមួយក្រុមតូចតែប៉ុណ្ណោះ ប៉ុន្តែមនុស្សមួយក្រុមនោះបានរីកចម្រើនយ៉ាងលឿនក្លាយទៅជាក្រុមជំនុំដ៏អស្ចារ្យមួយដែលមានអ្នកផ្សព្វផ្សាយរាប់ពាន់នាក់។—សកម្ម. ២:៤១, ៤២; ៤:៤; ៦:៧
២, ៣. (ក) ហេតុអ្វីយើងត្រូវការបងប្អូនប្រុសៗដែលបានជ្រមុជទឹកហើយដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិ? (ខ) តើយើងនឹងពិចារណាអំពីអ្វីក្នុងអត្ថបទនេះ?
២ សព្វថ្ងៃនេះ ដោយសារអ្នកផ្សព្វផ្សាយរាជាណាចក្រមានជាង៧.០០០.០០០នាក់ ហើយមានជាង១០០.០០០ក្រុមជំនុំទូទាំងពិភពលោក យើងត្រូវការបងប្អូនប្រុសៗដើម្បីនាំមុខក្នុងការគោរពប្រណិប័តន៍ព្រះ។ ជាឧទាហរណ៍ យើងត្រូវការពួកអ្នកចាស់ទុំយ៉ាងខ្លាំង។ យើងពិតជាចង់សរសើរបងប្អូនដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិក្នុងកិច្ចបម្រើ ព្រោះពួកគាត់«ចង់បានកិច្ចការដ៏ល្អប្រសើរ»។—១ធី. ៣:១
៣ ក៏ប៉ុន្តែ បងប្អូនប្រុសៗមិនមានលក្ខណៈគ្រប់គ្រាន់ដោយឯកឯង ដើម្បីទទួលឯកសិទ្ធិក្នុងក្រុមជំនុំទេ។ គ្រាន់តែចំណេះខាងការអប់រំ ឬបទពិសោធន៍ក្នុងជីវិតមិនជួយបុរសម្នាក់ឲ្យត្រៀមខ្លួនសម្រាប់បំពេញភារកិច្ចនេះឡើយ។ ដើម្បីទទួលឯកសិទ្ធិក្នុងក្រុមជំនុំ គាត់ត្រូវមានគុណសម្បត្ដិដែលព្រះពេញចិត្តច្រើនជាងសមត្ថភាពឬអ្វីៗដែលគាត់បានសម្រេច។ តើយើងអាចជួយពួកបុរសក្នុងក្រុមជំនុំឲ្យមានគុណសម្បត្ដិគ្រប់គ្រាន់យ៉ាងដូចម្ដេច? លោកយេស៊ូបានមានប្រសាសន៍ថា៖ «អស់អ្នកណាដែលបានត្រូវបង្រៀនយ៉ាងល្អឥតខ្ចោះនឹងបានដូចគ្រូរបស់ពួកគេ»។ (លូក. ៦:៤០) ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីវិធីខ្លះៗដែលលោកយេស៊ូជាគ្រូបង្រៀនដ៏ឧត្តមបានជួយអ្នកកាន់តាមលោកឲ្យមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីចេះទទួលខុសត្រូវចំពោះភារកិច្ចដែលធំជាង ហើយយើងនឹងយល់នូវមេរៀនដែលយើងអាចរៀនពីអ្វីដែលលោកបានធ្វើ។
«ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់»
៤. តើលោកយេស៊ូបានបង្ហាញថាលោកជាមិត្តសម្លាញ់ដ៏ស្មោះចំពោះពួកអ្នកកាន់តាមលោកយ៉ាងដូចម្ដេច?
៤ លោកយេស៊ូបានចាត់ទុកពួកអ្នកកាន់តាមលោកដូចជាមិត្តសម្លាញ់ មិនមែនដូចជាអ្នកដែលមានឋានៈទាបជាងលោកនោះទេ។ លោកបានចំណាយពេលជាមួយពួកគេ ទុកចិត្តពួកគេ និង‹បានប្រាប់ពួកគេអំពីអ្វីៗទាំងអស់ដែលលោកបានឮពីបិតារបស់លោក›។ (សូមអាន យ៉ូហាន ១៥:១៥) សូមស្រមៃគិតថាពួកគេសប្បាយយ៉ាងណាពេលដែលលោកឆ្លើយសំណួររបស់ពួកគេដែលថា៖ «តើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។ (ម៉ាថ. ២៤:៣, ៤) លោកក៏បានប្រាប់អំពីគំនិតនិងអារម្មណ៍របស់លោកដល់ពួកអ្នកកាន់តាមដែរ។ ជាឧទាហរណ៍ នៅយប់ដែលគេក្បត់លោក លោកយេស៊ូបានយកពេត្រុស យ៉ាកុប និងយ៉ូហានទៅសួនហ្គេតសេម៉ានី ជាកន្លែងដែលលោកបានអធិដ្ឋានអស់ពីចិត្តទាំងមានទុក្ខកង្វល់ផងដែរ។ ពួកសាវ័កទាំងបីនាក់ប្រហែលជាមិនបានឮអ្វីដែលលោកនិយាយក្នុងសេចក្ដីអធិដ្ឋានទេ តែពួកគេប្រាកដជាដឹងថាលោកកើតទុក្ខខ្លាំងណាស់។ (ម៉ាក. ១៤:៣៣-៣៨) បន្ថែមទៅទៀត កាលពីមុន ពួកគេទាំងបីនាក់បានឃើញលោកយេស៊ូផ្លាស់ប្រែលក្ខណៈក្រៅ ហើយនេះប្រាកដជាមានឥទ្ធិពលទៅលើពួកគេ។ (ម៉ាក. ៩:២-៨; ២ពេ. ១:១៦-១៨) ចំណងមិត្តភាពជិតស្និទ្ធដែលលោកយេស៊ូមានជាមួយនឹងពួកអ្នកកាន់តាមលោកបានជួយពួកគេយ៉ាងច្រើន ពេលដែលពួកគេបំពេញភារកិច្ចដ៏សំខាន់នៅពេលក្រោយមក។
៥. តើពួកអ្នកចាស់ទុំជួយបងប្អូនឯទៀតយ៉ាងដូចម្ដេច?
៥ ដូចលោកយេស៊ូ ពួកអ្នកចាស់ទុំនៅសព្វថ្ងៃនេះជាមិត្តសម្លាញ់ជាមួយបងប្អូនឯទៀត ហើយក៏ជួយពួកគេផងដែរ។ ពួកអ្នកចាស់ទុំខំបណ្ដុះឲ្យមានភាពកក់ក្ដៅ និងចំណងមិត្តភាពជិតស្និទ្ធជាមួយបងប្អូនរួមជំនឿដោយចំណាយពេលដើម្បីបង្ហាញការយកចិត្តទុកដាក់។ ពួកគាត់ដឹងថាខ្លួនត្រូវចេះរក្សាការសម្ងាត់ តែពួកគាត់មិនលាក់ចំណេះឡើយ។ ពួកអ្នកចាស់ទុំទុកចិត្តបងប្អូន ហើយប្រាប់សេចក្ដីពិតដែលពួកគាត់ផ្ទាល់បានរៀន។ ពួកគាត់មិនចាត់ទុកជំនួយការខាងកិច្ចបម្រើដែលក្មេងជាងជាអ្នកដែលមានឋានៈតូចតាចឡើយ។ ផ្ទុយទៅវិញ ពួកអ្នកចាស់ទុំចាត់ទុកពួកគេជាអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា ហើយមានលទ្ធភាពជឿនទៅមុខ ព្រមទាំងកំពុងបំពេញកិច្ចបម្រើដើម្បីជាប្រយោជន៍ដល់ក្រុមជំនុំ។
«ខ្ញុំបានធ្វើគំរូឲ្យអ្នករាល់គ្នា»
៦, ៧. តើលោកយេស៊ូបានទុកគំរូអ្វីដល់ពួកអ្នកកាន់តាមលោក? ហើយតើនោះជះឥទ្ធិពលយ៉ាងណាទៅលើពួកគេ?
៦ ទោះជាពួកអ្នកកាន់តាមរបស់លោកយេស៊ូឲ្យតម្លៃទៅលើអ្វីៗដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះក៏ដោយ ជួនកាលគំនិតរបស់ពួកគេទទួលឥទ្ធិពលពីស្ថានភាពដែលពួកគេធំឡើង និងពីទំនៀមទម្លាប់។ (ម៉ាថ. ១៩:៩, ១០; លូក. ៩:៤៦-៤៨; យ៉ូន. ៤:២៧) ក៏ប៉ុន្តែ លោកយេស៊ូមិនបានស្តីបន្ទោស ឬគំរាមកំហែងពួកអ្នកកាន់តាមលោកទេ។ លោកក៏មិនបានដាក់បន្ទុកទៅលើពួកគេដោយមានបង្គាប់ដែលមិនសមហេតុផល ឬផ្ដល់ឱវាទឲ្យពួកគេធ្វើអ្វីមួយ ហើយលោកទៅធ្វើអ្វីផ្សេងទៀតឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូបានបង្រៀនពួកគេដោយទុកគំរូ។—សូមអាន យ៉ូហាន ១៣:១៥
៧ តើលោកយេស៊ូបានទុកគំរូអ្វីដល់ពួកអ្នកកាន់តាមលោក? (១ពេ. ២:២១) លោកបានរក្សាជីវិតឲ្យនៅសាមញ្ញដើម្បីងាយស្រួលផ្សព្វផ្សាយដល់អ្នកឯទៀត។ (លូក. ៩:៥៨) លោកយេស៊ូជាមនុស្សសុភាព ហើយការបង្រៀនរបស់លោកតែងតែមានមូលដ្ឋានលើបទគម្ពីរ។ (យ៉ូន. ៥:១៩; ១៧:១៤, ១៧) លោកជាមនុស្សដែលស្រួលទាក់ទង និងមានចិត្តសប្បុរស។ សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិដែលជំរុញលោកក្នុងគ្រប់ការប្រព្រឹត្តរបស់លោក។ (ម៉ាថ. ១៩:១៣-១៥; យ៉ូន. ១៥:១២) គំរូរបស់លោកយេស៊ូបានមានឥទ្ធិពលល្អដល់ពួកសាវ័ករបស់លោក។ ជាឧទាហរណ៍ ពេលដែលយ៉ាកុបត្រូវប្រឈមមុខនឹងសេចក្ដីស្លាប់ គាត់មិនបានភ័យខ្លាចទេ តែគាត់បានបម្រើព្រះយ៉ាងស្មោះត្រង់ រហូតដល់គេសម្លាប់គាត់។ (សកម្ម. ១២:១, ២) ម្យ៉ាងទៀត នេះក៏បានជួយយ៉ូហានឲ្យធ្វើតាមលំអានដានរបស់លោកយេស៊ូយ៉ាងស្មោះត្រង់អស់ជាង៦០ឆ្នាំ។—បប. ១:១, ២, ៩
៨. តើពួកអ្នកចាស់ទុំបានទុកគំរូអ្វីដល់ប្អូនប្រុសៗ និងបងប្អូនឯទៀត?
៨ ពួកអ្នកចាស់ទុំអាចទុកគំរូល្អដល់ប្អូនប្រុសៗដោយលះបង់ប្រយោជន៍ខ្លួន ដោយចិត្តរាបទាប និងដោយបង្ហាញសេចក្ដីស្រឡាញ់។ (១ពេ. ៥:២, ៣) បន្ថែមទៅទៀត ពួកអ្នកចាស់ទុំដែលជាគំរូល្អក្នុងការបង្ហាញជំនឿ ក្នុងការបង្រៀន ក្នុងរបៀបរស់នៅជាគ្រិស្តសាសនិក និងក្នុងកិច្ចការផ្សព្វផ្សាយ ពួកគាត់មានអំណរដោយដឹងថាបងប្អូនឯទៀតអាចយកតម្រាប់តាមជំនឿរបស់ពួកគាត់។—ហេ. ១៣:៧
‹លោកយេស៊ូបង្គាប់ពួកគេ រួចចាត់ឲ្យទៅ›
៩. តើយើងអាចដឹងយ៉ាងដូចម្ដេចថាលោកយេស៊ូបានបង្ហាត់បង្រៀនពួកអ្នកកាន់តាមលោកឲ្យបំពេញកិច្ចការផ្សព្វផ្សាយ?
៩ ក្រោយពីបានខ្នះខ្នែងផ្សព្វផ្សាយអស់រយៈពេលប្រហែលពីរឆ្នាំមក លោកយេស៊ូបានពង្រីកសកម្មភាពនៃកិច្ចការផ្សព្វផ្សាយដោយចាត់សាវ័កទាំង១២នាក់ឲ្យទៅផ្សព្វផ្សាយ។ ប៉ុន្តែ មុនដំបូង លោកបានឲ្យការណែនាំដល់ពួកគេ។ (ម៉ាថ. ១០:៥-១៤) ពេលលោកហៀបនឹងធ្វើការអស្ចារ្យដើម្បីផ្ដល់អាហារដល់មនុស្សច្រើនពាន់នាក់ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមអំពីរបៀបដែលលោកចង់ឲ្យពួកគេរៀបចំនិងចែកចាយអាហារដល់ក្រុមមនុស្ស។ (លូក. ៩:១២-១៧) ដូច្នេះ លោកយេស៊ូបានបង្ហាត់បង្រៀនពួកអ្នកកាន់តាមលោកដោយឲ្យការណែនាំដែលច្បាស់និងចំៗដល់ពួកគេ។ ដោយមានការបង្ហាត់បង្រៀននេះ រួមជាមួយនឹងសកម្មពលបរិសុទ្ធ នោះបានជួយពួកសាវ័កឲ្យចេះរៀបចំចាត់ចែងកិច្ចការផ្សព្វផ្សាយធំជាងដែលបានចាប់ផ្ដើមនៅឆ្នាំ៣៣ គ.ស.។
១០, ១១. តើអ្នកចាស់ទុំនិងបងប្អូនឯទៀតអាចបង្ហាត់បង្រៀនពួកបុរសឲ្យបម្រើនៅក្នុងក្រុមជំនុំយ៉ាងដូចម្ដេច?
១០ សព្វថ្ងៃនេះ ពេលបុរសម្នាក់ព្រមរៀនគម្ពីរ យើងចាប់ផ្ដើមផ្ដល់ការណែនាំក្នុងការគោរពប្រណិប័តន៍ព្រះដល់គាត់។ យើងប្រហែលជាត្រូវជួយគាត់ឲ្យចេះអានស្ទាត់ ហើយកាលដែលយើងបន្តសិក្សាគម្ពីរជាមួយគាត់ យើងអាចជួយគាត់តាមវិធីផ្សេងៗ។ ពេលគាត់ចាប់ផ្ដើមចូលរួមកិច្ចប្រជុំជាទៀងទាត់ ការបង្ហាត់បង្រៀនដែលគាត់ទទួលនឹងជួយគាត់ឲ្យជឿនទៅមុខរហូតដល់គាត់ចុះឈ្មោះក្នុងសាលាកិច្ចបម្រើផ្សាយ និងក្លាយទៅជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក។ ក្រោយពីទទួលការជ្រមុជទឹក ការបង្ហាត់បង្រៀនគាត់អាចរួមបញ្ចូលអ្វីៗជាច្រើនដូចជា ការជួយថែទាំសាលប្រជុំ។ ក្រោយមួយរយៈ ពួកអ្នកចាស់ទុំអាចជួយគាត់ឲ្យយល់អំពីអ្វីដែលគាត់ត្រូវធ្វើដើម្បីមានលក្ខណៈគ្រប់គ្រាន់ធ្វើជាជំនួយការខាងកិច្ចបម្រើ។
១១ ពេលប្រគល់ភារកិច្ចឲ្យបងឬប្អូនប្រុសដែលទទួលការជ្រមុជទឹកហើយ អ្នកចាស់ទុំម្នាក់រីករាយនឹងពន្យល់អំពីវិធីបំពេញភារកិច្ចនោះ ថែមទាំងផ្ដល់ការណែនាំដែលគាត់ត្រូវការ។ បងឬប្អូនប្រុសដែលបានត្រូវបង្ហាត់បង្រៀនត្រូវយល់អំពីអ្វីដែលគាត់ត្រូវធ្វើចំពោះភារកិច្ចរបស់ខ្លួន។ បើគាត់មិនអាចធ្វើតាមអ្វីដែលគាត់ត្រូវធ្វើ អ្នកចាស់ទុំដែលមានសេចក្ដីស្រឡាញ់មិនគួរឆាប់សន្និដ្ឋានថា គាត់មិនមានលក្ខណៈគ្រប់គ្រាន់នោះឡើយ។ ផ្ទុយទៅវិញ អ្នកចាស់ទុំនោះពន្យល់គាត់ដោយសប្បុរសអំពីអ្វីដែលគាត់ត្រូវធ្វើនិងអំពីវិធីបំពេញភារកិច្ចនោះម្ដងទៀត។ ការឃើញបងឬប្អូនប្រុសៗប្រព្រឹត្តយ៉ាងល្អតបនឹងការបង្ហាត់បង្រៀនបែបនេះ ហើយបានពិសោធនូវអំណរដែលមកពីការបម្រើបងប្អូនឯទៀត នោះធ្វើឲ្យពួកអ្នកចាស់ទុំមានសុភមង្គលណាស់។—សកម្ម. ២០:៣៥
‹អ្នកដែលមានប្រាជ្ញាតែងស្ដាប់សេចក្ដីដំបូន្មាន›
១២. ហេតុអ្វីដំបូន្មានរបស់លោកយេស៊ូមានប្រសិទ្ធភាព?
១២ លោកយេស៊ូបង្ហាត់បង្រៀនពួកអ្នកកាន់តាមលោកដោយឲ្យដំបូន្មានយ៉ាងត្រូវពេល និងសមស្របទៅតាមសេចក្ដីត្រូវការរបស់ពួកគេ។ ជាឧទាហរណ៍ លោកយេស៊ូបានស្តីបន្ទោសយ៉ាកុបនិងយ៉ូហានដែលចង់ឲ្យមានភ្លើងធ្លាក់មកលើពួកសាម៉ារី ដោយសារពួកគេមិនព្រមទទួលលោក។ (លូក. ៩:៥២-៥៥) ម្យ៉ាងទៀត មានពេលមួយ ម្ដាយរបស់យ៉ាកុបនិងយ៉ូហានបានសុំលោកយេស៊ូឲ្យផ្ដល់ឋានៈពិសេសក្នុងរាជាណាចក្រដល់កូនទាំងពីររបស់គាត់។ លោកបាននិយាយទៅកាន់ពួកគេទាំងពីរនាក់នោះថា៖ «មិនមែនខ្ញុំទេដែលសម្រេចឲ្យអង្គុយនៅខាងស្ដាំឬខាងឆ្វេងខ្ញុំ តែគឺជាកន្លែងរបស់អ្នកដែលបិតារបស់ខ្ញុំបានរៀបចំកន្លែងនោះទុកឲ្យ»។ (ម៉ាថ. ២០:២០-២៣) គ្រប់ពេលវេលា លោកយេស៊ូបានឲ្យដំបូន្មានដែលច្បាស់លាស់ មានប្រយោជន៍ និងមានមូលដ្ឋានលើគោលការណ៍របស់ព្រះ។ លោកបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យចេះវែកញែកហេតុផលដោយផ្អែកលើគោលការណ៍ទាំងនោះ។ (ម៉ាថ. ១៧:២៤-២៧) លោកក៏ទទួលស្គាល់កម្រិតសមត្ថភាពរបស់ពួកអ្នកកាន់តាមលោក ហើយលោកមិនដែលតម្រូវឲ្យពួកគេធ្វើជាមនុស្សល្អឥតខ្ចោះនោះដែរ។ សេចក្ដីស្រឡាញ់ដ៏ពិតបានជំរុញលោកឲ្យផ្ដល់ដំបូន្មានដល់ពួកគេ។—យ៉ូន. ១៣:១
១៣, ១៤. (ក) តើអ្នកណាខ្លះត្រូវការដំបូន្មាន? (ខ) សូមឲ្យឧទាហរណ៍ខ្លះដែលអ្នកចាស់ទុំអាចឲ្យដំបូន្មានដល់បងប្អូនដែលមិនបានជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ។
១៣ បុរសគ្រប់រូបដែលចង់ទទួលភារកិច្ចក្នុងក្រុមជំនុំ ម្ដងម្កាលពួកគាត់ត្រូវការដំបូន្មានឬការណែនាំពីបទគម្ពីរ។ សុភាសិត ១២:១៥ចែងថា៖ «អ្នកដែលមានប្រាជ្ញា នោះតែងស្ដាប់សេចក្ដីដំបូន្មានវិញ»។ ប្អូនប្រុសម្នាក់បាននិយាយថា៖ «ការពិបាកបំផុតរបស់ខ្ញុំគឺត្រូវទប់ទល់នឹងអារម្មណ៍ដែលថាខ្លួនខ្វះសមត្ថភាព តែយោបល់របស់អ្នកចាស់ទុំបានជួយខ្ញុំឲ្យមានទស្សនៈត្រឹមត្រូវចំពោះខ្លួនខ្ញុំវិញ»។
១៤ បើពួកអ្នកចាស់ទុំសង្កេតឃើញថា បងប្រុសម្នាក់មានការប្រព្រឹត្តខ្លះដែលធ្វើឲ្យគាត់ពិបាកជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ ពួកអ្នកចាស់ទុំគួរចាត់វិធានការភ្លាមៗដើម្បីកែតម្រង់គាត់ដោយចិត្តស្លូតបូត។ (កាឡ. ៦:១) ជួនកាល ពួកអ្នកចាស់ទុំត្រូវផ្ដល់ដំបូន្មានដើម្បីជួយកែតម្រង់ចិត្តគំនិតរបស់បងប្រុសម្នាក់។ ប្រសិនបើបងប្រុសម្នាក់មិនបម្រើព្រះអស់ពីចិត្ត អ្នកចាស់ទុំអាចជួយគាត់ដោយលើកឡើងពីគំរូរបស់លោកយេស៊ូដែលខ្នះខ្នែងផ្សព្វផ្សាយដំណឹងល្អ ហើយលោកក៏បង្គាប់ពួកអ្នកកាន់តាមលោកឲ្យផ្សព្វផ្សាយដែរ។ (ម៉ាថ. ២៨:១៩, ២០; លូក. ៨:១) ណាមួយទៀត បើមានបងប្រុសម្នាក់មើលទៅដូចជាមានមហិច្ឆតា អ្នកចាស់ទុំអាចបង្ហាញពីរបៀបដែលលោកយេស៊ូជួយពួកអ្នកកាន់តាមលោកឲ្យដឹងពីគ្រោះថ្នាក់ដែលមកពីការចង់បានមុខមាត់។ (លូក. ២២:២៤-២៧) ចុះបើបងប្រុសម្នាក់ពិបាកអភ័យទោសឲ្យអ្នកឯទៀត? ពួកអ្នកចាស់ទុំអាចជួយគាត់ដោយប្រើឧទាហរណ៍អំពីខ្ញុំបម្រើម្នាក់ដែលមិនចង់លុបបំណុលតិចតួចឲ្យអ្នកឯទៀត ទោះជាគេឈប់ទារបំណុលយ៉ាងច្រើនពីគាត់ក៏ដោយ។ (ម៉ាថ. ១៨:២១-៣៥) ពេលដែលត្រូវឲ្យដំបូន្មាន ជាការល្អដែលពួកអ្នកចាស់ទុំធ្វើដូច្នេះឲ្យបានឆាប់បំផុត។—សូមអាន សុភាសិត ២៧:៩
«ចូរបង្ហាត់បង្រៀនខ្លួន»
១៥. តើប្រពន្ធនិងកូនៗរបស់បងប្រុសម្នាក់អាចជួយគាត់ឲ្យបម្រើបងប្អូនឯទៀតយ៉ាងដូចម្ដេច?
១៥ ពួកអ្នកចាស់ទុំជាអ្នកនាំមុខក្នុងការបង្ហាត់បង្រៀនបងប្អូនប្រុសៗឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិ ប៉ុន្តែអ្នកឯទៀតក៏អាចជួយបានដែរ។ ជាឧទាហរណ៍ ប្រពន្ធនិងកូនៗរបស់បងប្រុសម្នាក់អាចជួយថែមទាំងគួរជួយគាត់ឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិ។ ម្យ៉ាងទៀត បើគាត់ជាអ្នកចាស់ទុំរួចទៅហើយ គាត់នឹងទទួលប្រយោជន៍ពីការគាំទ្ររបស់ប្រពន្ធជាទីស្រឡាញ់និងកូនដែលមិនគិតពីប្រយោជន៍ខ្លួន។ ពួកគេយល់ថាគាត់ត្រូវប្រើពេលវេលានិងកម្លាំងរបស់គាត់ដើម្បីជួយបងប្អូនឯទៀត។ ពេលដែលក្រុមគ្រួសាររបស់គាត់ស្ម័គ្រចិត្តលះបង់ប្រយោជន៍ខ្លួនដើម្បីឲ្យគាត់បំពេញភារកិច្ចរបស់គាត់ក្នុងក្រុមជំនុំ នេះធ្វើឲ្យគាត់សប្បាយចិត្តណាស់។ យើងពិតជាដឹងគុណក្រុមគ្រួសាររបស់ពួកអ្នកចាស់ទុំដែលមានស្មារតីលះបង់ដូច្នេះ។—សុភ. ១៥:២០; ៣១:១០, ២៣
១៦. (ក) តើអ្នកណាមានភារកិច្ចខំប្រឹងឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិ? (ខ) តើបុរសម្នាក់អាចខំប្រឹងឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិក្នុងក្រុមជំនុំយ៉ាងដូចម្ដេច?
១៦ ទោះជាអ្នកឯទៀតអាចជួយនិងគាំទ្រគាត់ក៏ដោយ តែគឺបងប្រុសនោះទេដែលមានភារកិច្ចក្នុងការខំប្រឹងឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិ។ (សូមអាន កាឡាទី ៦:៥) ទោះជាបងប្រុសម្នាក់មិនចាំបាច់ត្រូវធ្វើជាអ្នកចាស់ទុំឬជាជំនួយការខាងកិច្ចបម្រើ ដើម្បីជួយអ្នកឯទៀតនិងដើម្បីចូលរួមយ៉ាងពេញលេញក្នុងកិច្ចបម្រើផ្សាយក្ដី ប៉ុន្តែការមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិក្នុងក្រុមជំនុំមានន័យថា គាត់ត្រូវព្យាយាមបំពេញតាមតម្រូវការដែលមានក្នុងគម្ពីរ។ (១ធី. ៣:១-១៣; ទីត. ១:៥-៩; ១ពេ. ៥:១-៣) ដូច្នេះ បើបុរសម្នាក់ចង់ធ្វើជាជំនួយការខាងកិច្ចបម្រើឬជាអ្នកចាស់ទុំ តែគាត់មិនទាន់បានត្រូវតែងតាំងទេ នោះគាត់គួរយកចិត្តទុកដាក់ចំពោះចំណុចដែលគាត់ត្រូវធ្វើឲ្យបានប្រសើរជាងដើម្បីជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ។ នេះតម្រូវឲ្យគាត់អានគម្ពីរជាទៀងទាត់ ខិតខំសិក្សាដោយខ្លួនឯង រំពឹងគិតយ៉ាងដិតដល់ អធិដ្ឋានអស់ពីចិត្ត ហើយខ្នះខ្នែងចូលរួមក្នុងកិច្ចបម្រើផ្សាយ។ បើគាត់ធ្វើដូច្នេះ គាត់នឹងធ្វើតាមដំបូន្មានដែលប៉ូលបានជូនទៅធីម៉ូថេដែលថា៖ «ចូរបង្ហាត់បង្រៀនខ្លួនអ្នកក្នុងគោលដៅរក្សាភក្ដីភាពចំពោះព្រះ»។—១ធី. ៤:៧
១៧, ១៨. បើបងឬប្អូនប្រុសម្នាក់មិនទទួលឯកសិទ្ធិដោយសារមានការខ្វល់ខ្វាយ ឬមានអារម្មណ៍ថាខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់ ឬក៏មិនមានចិត្តចង់បម្រើអ្នកឯទៀត តើគាត់អាចធ្វើយ៉ាងណា?
១៧ ប៉ុន្តែ ចុះយ៉ាងណាបើបងប្អូនប្រុសៗមិនព្យាយាមទទួលឯកសិទ្ធិ ដោយសារគាត់ខ្វល់ខ្វាយឬមានអារម្មណ៍ថាខ្លួនគាត់គ្មានសមត្ថភាពគ្រប់គ្រាន់? ជាការល្អឲ្យគាត់ពិចារណាអំពីអ្វីៗដែលព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តធ្វើដើម្បីយើង។ ប្រាកដណាស់ ព្រះយេហូវ៉ា«ទទួលយកបន្ទុកយើងខ្ញុំរាល់ៗថ្ងៃ»។ (ទំនុក. ៦៨:១៩) ដូច្នេះ បិតានៅស្ថានសួគ៌របស់យើងអាចជួយបងប្អូនប្រុសៗឲ្យបំពេញភារកិច្ចក្នុងក្រុមជំនុំ។ ជាការល្អឲ្យបងប្អូនប្រុសដែលមិនទាន់ជាជំនួយការខាងកិច្ចបម្រើឬជាអ្នកចាស់ទុំពិចារណាអំពីសេចក្ដីត្រូវការយ៉ាងខ្លាំងក្នុងអង្គការរបស់ព្រះ ពោលគឺឲ្យបុរសដែលមានភាពចាស់ទុំទទួលយកឯកសិទ្ធិ។ ការរំពឹងគិតទៅលើចំណុចទាំងនេះអាចជំរុញឲ្យបងឬប្អូនប្រុសម្នាក់ខិតខំលះបង់ចោលគំនិតទុទ្ទិដ្ឋិនិយម។ គាត់អាចអធិដ្ឋានសុំសកម្មពលបរិសុទ្ធ ហើយចងចាំថាផលដែលបង្កើតដោយសកម្មពលនោះរួមមានសេចក្ដីសុខសាន្តនិងការចេះទប់ចិត្ត ជាគុណសម្បត្ដិដែលជួយគាត់ឲ្យឈប់ខ្វល់ខ្វាយនិងឈប់គិតថាខ្លួនខ្វះសមត្ថភាពទៀត។ (លូក. ១១:១៣; កាឡ. ៥:២២, ២៣) យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងឲ្យពរដល់អស់អ្នកដែលមានបំណងចិត្តត្រឹមត្រូវក្នុងការខំព្យាយាមមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិ។
១៨ ចុះបើបងឬប្អូនប្រុសម្នាក់ដែលទទួលការជ្រមុជទឹកហើយមិនមានចិត្តចង់បម្រើអ្នកឯទៀត តើអ្វីអាចជួយគាត់បាន? សាវ័កពេត្រុសបានសរសេរថា៖ «ព្រះគឺជាអ្នកដែលកំពុងមានសកម្មភាពក្នុងអ្នករាល់គ្នាតាមដែលលោកពេញចិត្ត ដើម្បីឲ្យអ្នករាល់គ្នាមានបំណងប្រាថ្នានិងមានការប្រព្រឹត្ត»។ (ភី. ២:១៣) ដូច្នេះ ព្រះយេហូវ៉ាជាអ្នកដែលធ្វើឲ្យយើងមានចិត្តចង់បម្រើបងប្អូនឯទៀត ហើយសកម្មពលរបស់លោកអាចផ្ដល់កម្លាំងឲ្យយើងបំពេញកិច្ចបម្រើពិសិដ្ឋ។ (ភី. ៤:១៣) ម្យ៉ាងវិញទៀត គ្រិស្តសាសនិកម្នាក់អាចអធិដ្ឋានសុំជំនួយពីព្រះដើម្បីធ្វើអ្វីដែលត្រឹមត្រូវ។—ទំនុក. ២៥:៤, ៥
១៩. តើការតែងតាំង«ពួកអ្នកគង្វាល៧នាក់ នឹងពួកជាប្រធាន៨នាក់»ធានាយើងអំពីអ្វី?
១៩ ព្រះយេហូវ៉ាឲ្យពរដល់ការខំប្រឹងរបស់ពួកបុរសចាស់ទុំដែលបង្ហាត់បង្រៀនបងប្អូនឯទៀត។ អស់អ្នកដែលមានចិត្តចង់ហើយខំប្រឹងឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិក្នុងក្រុមជំនុំនឹងទទួលពរពីលោក។ បទគម្ពីរធានាយើងថាក្នុងចំណោមរាស្ត្ររបស់ព្រះនឹងមាន«ពួកអ្នកគង្វាល៧នាក់ នឹងពួកជាប្រធាន៨នាក់» ដែលនេះសំដៅទៅលើពួកបុរសដែលមានសមត្ថភាព។ ដូច្នេះ យើងអាចជឿជាក់ថាយើងនឹងមានបងប្អូនប្រុសៗគ្រប់គ្រាន់ដើម្បីនាំមុខក្នុងអង្គការព្រះយេហូវ៉ា។ (មីកា ៥:៤) សព្វថ្ងៃនេះ បងប្អូនប្រុសៗជាច្រើននាក់ដែលមានចិត្តរាបទាបកំពុងទទួលការបង្ហាត់បង្រៀនដើម្បីថែរក្សាក្រុមជំនុំ។ នេះនាំឲ្យយើងទទួលពរ ថែមទាំងនាំឲ្យព្រះទទួលការសរសើរតម្កើងផងដែរ!
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើលោកយេស៊ូបានជួយពួកអ្នកកាន់តាមលោកឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចដែលធំជាងយ៉ាងដូចម្ដេច?
• ដើម្បីជួយបងប្អូនប្រុសៗឲ្យចេះនាំមុខក្នុងក្រុមជំនុំ តើពួកអ្នកចាស់ទុំអាចយកតម្រាប់តាមលោកយេស៊ូយ៉ាងដូចម្ដេច?
• តើប្រពន្ធនិងកូនៗរបស់បងប្រុសម្នាក់អាចជួយគាត់យ៉ាងណាឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិ?
• តើបុរសម្នាក់អាចធ្វើយ៉ាងណាដើម្បីឲ្យខ្លួនគាត់មានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលឯកសិទ្ធិ?
[រូបភាពនៅទំព័រ៣១]
កាលដែលសិស្សគម្ពីរខំព្យាយាមជឿនទៅមុខ តើអ្នកអាចបង្ហាត់បង្រៀនគាត់យ៉ាងណា?
[រូបភាពនៅទំព័រ៣២]
តើពួកបុរសអាចបង្ហាញយ៉ាងដូចម្ដេចថា ពួកគាត់ខំព្យាយាមឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលឯកសិទ្ធិ?