បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៥ ទំ. ២៤-២៥
  • មូលហេតុដែលជីវិតរបស់យើងពិតជាមានន័យខ្លឹមសារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មូលហេតុដែលជីវិតរបស់យើងពិតជាមានន័យខ្លឹមសារ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​បាន​ក្លាយ​ជា​«​ទី​ពឹង​ជ្រក​»​របស់​យើង
  • ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ
  • ពួកគាត់លែងភ័យខ្លាចទីបញ្ចប់ទៀតហើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • របៀប​រក​ឃើញ​សេចក្ដី​សុខ​សាន្ត​ទោះ​ជា​មាន​សង្គ្រាម​និង​ជម្លោះ​ហិង្សា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៥
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៥ ទំ. ២៤-២៥

ជីវប្រវត្ដិ

មូលហេតុ​ដែល​ជីវិត​របស់​យើង​ពិត​ជា​មាន​ន័យ​ខ្លឹម​សារ

រៀប​រាប់​ដោយ​បង​ស្រី​ប៉ាទ្រីសឺ ស្មីត

មិន​យូរ​ក្រោយ​ពី​កូន​ប្រុស​របស់​ខ្ញុំ​ឈ្មោះ​ហ្គារី​បាន​កើត​នៅ​ឆ្នាំ​១៩៥៨ ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​មាន​បញ្ហា​មួយ។ ប៉ុន្តែ​គ្រូ​ពេទ្យ​ត្រូវ​ចំណាយ​ពេល​១០​ខែ​ទើប​ដឹង​ថា​គាត់​មាន​ជំងឺ​អ្វី ហើយ​ប្រាំ​ឆ្នាំ​ក្រោយ​មក​ទើប​អ្នក​ឯកទេស​នៅ​ក្រុង​ឡុងដ៍​បាន​បញ្ជាក់​ថា​រោគ​វិនិច្ឆ័យ​របស់​គ្រូ​ពេទ្យ​គឺ​ត្រឹម​ត្រូវ។ ពេល​កូន​ស្រី​របស់​ខ្ញុំ​ឈ្មោះ​ឡឺវីស​ដែល​បាន​កើត​មក​ក្រោយ​ហ្គារី​៩​ឆ្នាំ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជាង​ហ្គារី​ទៅ​ទៀត នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់។

គ្រូ​ពេទ្យ​បាន​ប្រាប់​ខ្ញុំ​ដោយ​ស្លូតបូត​ថា​៖ ​«​កូន​ទាំង​ពីរ​របស់​អ្នក​មាន​ជំងឺ​ឡរេន មូន បាដេ ប៊ីដឺល (​LMBB​)a ដែល​មិន​អាច​ព្យាបាល​បាន​ទេ​»។ នៅ​ពេល​នោះ​មាន​មនុស្ស​តិច​ណាស់​ដែល​ស្គាល់​ជំងឺ​ត​ពូជ​នេះ។ រោគ​សញ្ញា​ជំងឺ​នេះ​រួម​មាន ការ​មើល​មិន​សូវ​ច្បាស់​រហូត​ដល់​ងងឹត​ភ្នែក ជំងឺ​ធាត់​ជ្រុល មាន​ម្រាម​ដៃ​ឬ​ម្រាម​ជើង​លើស រូប​កាយ​លូត​លាស់​យឺត ពិបាក​គ្រប់​គ្រង​ចលនា​អវយវៈ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​រលាក​សន្លាក់​ឆ្អឹង និង​មាន​តម្រង​នោម​ខុស​ពី​ធម្មតា។ ដូច្នេះ​ការ​មើល​ថែ​រក្សា​កូន​របស់​ខ្ញុំ​គឺជា​ការ​ពិបាក​ខ្លាំង​ណាស់។ ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បាន​ប៉ាន់ស្មាន​ថា នៅ​ប្រទេស​អង់គ្លេស​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​១២៥.០០០​នាក់​មាន​ជំងឺ​នេះ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ប្រហែលជា​មាន​ជំងឺ​ប្រភេទ​នេះ តែ​មាន​អាការ​ស្រាល​ជាង។

ព្រះ​យេហូវ៉ា​បាន​ក្លាយ​ជា​«​ទី​ពឹង​ជ្រក​»​របស់​យើង

ខ្ញុំ​បាន​និយាយ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​មិន​យូរ​ក្រោយ​ពី​ខ្ញុំ​បាន​រៀប​ការ ហើយ​ខ្ញុំ​ដឹង​ភ្លាម​ថា​សាក្សី​ព្រះ​យេហូវ៉ា​បង្រៀន​សេចក្ដី​ពិត​អំពី​គម្ពីរ។ ប៉ុន្តែ​ប្ដី​របស់​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទាល់​តែ​សោះ។ ដោយ​សារ​ការងារ​របស់​គាត់ យើង​បាន​រើ​ផ្ទះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ​បាន​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្ញុំ​នៅ​តែ​អាន​គម្ពីរ​និង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ពេល​ខ្ញុំ​អាន​គម្ពីរ​ហើយ​ដឹង​ថា​«​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ពឹង​ជ្រក ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់​សង្កិន គឺជា​ទី​ពឹង​នៅ​គ្រា​លំបាក​»​ ហើយ​ថា​«​ទ្រង់​មិន​បាន​បោះបង់​ចោល​ពួក​អ្នក​ដែល​ស្វែងរក​ទ្រង់​ឡើយ​»​! នោះ​ពិត​ជា​សម្រាល​ទុក្ខ​ខ្ញុំ​ណាស់។—ទំនុក. ៩:៩, ១០

ហ្គារី​មើល​មិន​សូវ​ឃើញ​ច្បាស់​ទេ ដូច្នេះ​នៅ​ពេល​គាត់​មាន​អាយុ​៦​ឆ្នាំ គាត់​បាន​ត្រូវ​បញ្ជូន​ទៅ​សាលា​ពិសេស​មួយ​សម្រាប់​មនុស្ស​ពិការ ដែល​នៅ​ឆ្នេរ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស។ សាលា​នោះ​មាន​បន្ទប់​សម្រាប់​ស្នាក់​នៅ​និង​អាហារ។ គាត់​ទូរស័ព្ទ​មក​ខ្ញុំ​ជា​ទៀង​ទាត់ ប្រាប់​អំពី​រឿង​ដែល​ធ្វើ​ឲ្យ​គាត់​ខ្វល់ខ្វាយ ហើយ​តាម​ទូរស័ព្ទ ខ្ញុំ​បាន​ជួយ​គាត់​ឲ្យ​យល់​គោលការណ៍​បឋម​នៃ​គម្ពីរ។ ពីរ​បី​ឆ្នាំ​ក្រោយ​ពី​ឡឺវីស​បាន​កើត​មក ខ្ញុំ​ក៏​បាន​ឈឺ​ដែរ គឺ​ឈឺ​ជំងឺ​ម្យ៉ាង​ដែល​បំផ្លាញ​សរសៃ​ផ្សេង​ៗ​និង​ជំងឺ​ឈឺ​សាច់​ដុំ ហើយ​រឹង​សន្លាក់ (​multiple sclerosis and fibromyalgia​)។ ហ្គារី​បាន​ត្រឡប់​ពី​សាលា​នោះ​វិញ​ពេល​គាត់​មាន​អាយុ​១៦​ឆ្នាំ។ ប៉ុន្តែ​ភ្នែក​របស់​គាត់​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​គាត់​បាន​ត្រូវ​ចាត់​ទុក​ថា​ងងឹត​ភ្នែក​នៅ​ឆ្នាំ​១៩៧៥។ នៅ​ឆ្នាំ​១៩៧៧ ប្ដី​របស់​ខ្ញុំ​បាន​ចុះ​ចោល​យើង។

មិន​យូរ​ក្រោយ​ពី​ហ្គារី​ត្រឡប់​មក​វិញ យើង​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ផ្សេង​ៗ​ជា​មួយ​នឹង​ក្រុម​ជំនុំ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៧៤។ ខ្ញុំ​ពិត​ជា​ដឹង​គុណ​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​បាន​ជួយ​ហ្គារី​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ប្រែ​ប្រួល​ខាង​រាង​កាយ​ក្នុង​អំឡុង​ពេល​គាត់​នៅ​ជា​ក្មេង​ជំទង់។ សាក្សី​ព្រះ​យេហូវ៉ា​ឯ​ទៀត​បាន​ជួយ​ធ្វើ​ការងារ​ផ្ទះ​ឲ្យ​ខ្ញុំ ក្រោយ​មក​ពួក​អាជ្ញាធរ​បាន​ចាត់​ពួក​គាត់​ប្រាំ​នាក់​ឲ្យ​ធ្វើ​ជា​អ្នក​មើល​ថែ​យើង ហើយ​បាន​ផ្ដល់​ប្រាក់​ខែ​ដល់​បង​ប្អូន​ទាំង​នោះ។ នេះ​ពិត​ជា​ពរ​ដ៏​អស្ចារ្យ​មែន!

ហ្គារី​បន្ត​ជឿន​ទៅ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៨២។ គាត់​ពិត​ជា​ចង់​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយជំនួយ។ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​កិច្ចការ​នេះ​ជា​មួយ​គាត់ ហើយ​យើង​បន្ត​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ក្រោយ​មក កូន​របស់​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយ​សារ​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​របស់​យើង​បាន​លើក​ទឹក​ចិត្ត​គាត់​ថា​៖ ​«​ហ្គារី អ្នក​អាច​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​បាន​»។ នេះ​ពិត​ជា​ការ​លើក​ទឹក​ចិត្ត​ដែល​ហ្គារី​ត្រូវ​ការ ហើយ​នៅ​ឆ្នាំ​១៩៩០​គាត់​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។

ហ្គារី​បាន​ប្ដូរ​ឆ្អឹង​ត្រគាក​ពីរ​លើក លើក​ទី​១​នៅ​ឆ្នាំ​១៩៩៩ ហើយ​លើក​ទី​២​នៅ​ឆ្នាំ​២០០៨ ប៉ុន្តែ​បញ្ហា​សុខភាព​របស់​ឡឺវីស​ធ្ងន់ធ្ងរ​ជាង​នេះ​ឆ្ងាយ​ណាស់។ នាង​ងងឹត​ភ្នែក​តែ​ម្ដង​ពេល​ដែល​នាង​កើត ហើយ​ពេល​ខ្ញុំ​បាន​ឃើញ​ម្រាម​ជើង​របស់​នាង​មាន​ម្រាម​មួយ​ដុះ​ថែម​ទៀត ខ្ញុំ​ដឹង​ថា​នាង​ក៏​មាន​ជំងឺ​បាដេ ប៊ីដឺល​ដែរ។ មិន​យូរ​ក្រោយ​មក ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​នាង​ក៏​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​នៅ​សរីរាង្គ​ជា​ច្រើន​របស់​នាង​ដែរ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នាង​បាន​ទទួល​ការ​វះ​កាត់​ធ្ងន់ធ្ងរ រួម​ទាំង​ការ​វះ​កាត់​តម្រង​នោម​ប្រាំ​ដង។ ដូច​ហ្គារី នាង​ក៏​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ។

ដោយ​សារ​ដឹង​ថា​នឹង​មាន​ការ​ពិបាក​កើត​ឡើង​នៅ​ពេល​ត្រូវ​វះ​កាត់ ឡឺវីស​តែង​ពិភាក្សា​ទុក​ជា​មុន​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​ខាង​ចាក់​ថ្នាំ​សន្លប់ គ្រូ​ពេទ្យ​វះ​កាត់ និង​ប្រធាន​មន្ទីរ​ពេទ្យ ដើម្បី​ពន្យល់​អំពី​ការ​សម្រេច​ចិត្ត​របស់​នាង​ស្តី​អំពី​មូលហេតុ​ដែល​នាង​មិន​ទទួល​ការ​ចាក់​បញ្ចូល​ឈាម។ ជា​លទ្ធផល នាង​មាន​ទំនាក់​ទំនង​ដ៏​ប្រសើរ​ជា​មួយ​មនុស្ស​ទាំង​អស់​ដែល​ថែ​ទាំ​សុខភាព​នាង​យ៉ាង​ល្អ។

ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ

នៅ​ផ្ទះ យើង​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ មុន​នឹង​មាន​ឧបករណ៍​អេឡិចត្រូនិច ខ្ញុំ​ធ្លាប់​ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​អាន​សៀវភៅ​ឲ្យ​ហ្គារី​និង​ឡឺវីស​ស្ដាប់។ ឥឡូវ​មាន​ស៊ីឌី​និង​ឌីវីឌី ហើយ​យើង​អាច​ថត​ចម្លង​ពី​គេហទំព័រ​www.jw.org ដែល​អាច​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​មាន​កម្មវិធី​ដើម្បី​សិក្សា​គម្ពីរ​ប្រចាំ​សប្ដាហ៍​នៅ​ពេល​ខុស​ៗ​គ្នា ហើយ​យើង​អាច​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។

ជួនកាល​ហ្គារី​ឆ្លើយ​ពី​អ្វី​ដែល​គាត់​ទន្ទេញ​ចាំ ហើយ​ពេល​គាត់​មាន​សុន្ទរកថា​នៅ​សាលា​កិច្ច​បម្រើ​ផ្សាយ គាត់​ថ្លែង​ដោយ​ប្រើ​ពាក្យ​របស់​គាត់​ផ្ទាល់។ គាត់​បាន​ត្រូវ​តែង​តាំង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​នៅ​ឆ្នាំ​១៩៩៥ ហើយ​គាត់​តែង​តែ​ជាប់​រវល់​នៅ​សាល​ប្រជុំ ដោយ​ទទួល​ស្វាគមន៍​សមាជិក​ក្នុង​ក្រុម​ជំនុំ​និង​ជួយ​ខាង​ផ្នែក​សំឡេង។

បង​ប្អូន​បាន​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​ហ្គារី ដោយ​ជួយ​រុញ​រទេះ​របស់​គាត់​ដោយ​សារ​គាត់​មាន​ជំងឺ​សន្លាក់​ឆ្អឹង។ សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​បាន​ជួយ​គាត់​បង្រៀន​គម្ពីរ​ដល់​អ្នក​ចាប់​អារម្មណ៍​ម្នាក់។ ហ្គារី​ក៏​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ម្នាក់​ដែល​អសកម្ម​អស់​២៥​ឆ្នាំ​ដែរ។ ឥឡូវ​ទាំង​អ្នក​ចាប់​អារម្មណ៍​និង​បង​ស្រី​ដែល​អសកម្ម​បាន​ចូល​រួម​កិច្ច​ប្រជុំ។

ពេល​ឡឺវីសមាន​អាយុ​៩​ឆ្នាំ គាត់​បាន​រៀន​របៀប​ចាក់​អាវ​ពី​យាយ​របស់​គាត់ ខ្ញុំ​និង​បង​ស្រី​ម្នាក់​ដែល​ថែ​រក្សា​គាត់​បាន​បង្រៀន​គាត់​របៀប​ដេរ​ប៉ាក់។ ដោយ​សារ​នាង​ចូល​ចិត្ត​កិច្ចការ​ដេរ​ប៉ាក់​យ៉ាង​ខ្លាំង នាង​ចាក់​ភួយ​ដែល​មាន​ពណ៌​ចម្រុះ សម្រាប់​ទារក រួម​ទាំង​បង​ប្អូន​វ័យ​ចាស់​ក្នុង​ក្រុម​ជំនុំ​ដែរ។ នាង​ក៏​បាន​ធ្វើ​កាត​ប៉ូស្ដាល់​ដែល​បិត​រូបភាព​តូច​ៗ។ ពួក​អ្នក​ដែល​បាន​ទទួល ចូល​ចិត្ត​កាត​ទាំង​នេះ​ណាស់។ ពេល​ឡឺវីស​ជិត​ចូល​វ័យ​ជំទង់ នាង​រៀន​វាយ​អក្សរ​តាម​កុំព្យូទ័រ។ ឥឡូវ​ដោយ​សារ​មាន​កុំព្យូទ័រ​ដែល​អាច​បញ្ចេញ​សំឡេង នាង​ទាក់​ទង​មិត្ត​ភក្ដិ​តាម​រយៈ​អ៊ីមែល​ជា​ទៀង​ទាត់។ ឡឺវីស​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ពេល​នាង​មាន​អាយុ​១៧​ឆ្នាំ។ ក្នុង​អំឡុង​ការ​រៀបចំ​ពិសេស យើង​ចូល​ចិត្ត​ត្រួស​ត្រាយ​ជំនួយ​ជា​មួយ​គ្នា។ ដូច​ហ្គារី ឡឺវីស​ចាំ​បទ​គម្ពីរ​ផ្សេង​ៗ​ដើម្បី​បង្ហាញ​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ថា នៅ​ក្នុង​ពិភព​លោក​ថ្មី​«​ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង​»​ ហើយ​«​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា​៖ ‹ខ្ញុំ​ឈឺ​ទៀត​ឡើយ›​»។—អេ. ៣៣:២៤; ៣៥:៥

យើង​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់​ចំពោះ​សេចក្ដី​ពិត​ដែល​មាន​ក្នុង​បណ្ដាំ​របស់​លោក! យើង​ពិត​ជា​ដឹង​គុណ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​គាំទ្រ​យើង​ដោយ​សេចក្ដី​ស្រឡាញ់ បើ​គ្មាន​ជំនួយ​ពី​ពួក​គាត់​ទេ​យើង​មិន​អាច​ធ្វើ​កិច្ចការ​ទាំង​នេះ​បាន​ឡើយ។ ជា​ពិសេស​ដោយ​សារ​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។

a ជំងឺ​ឡរេន មូន បាដេ ប៊ីដឺល នេះ​បាន​ត្រូវ​ហៅ​តាម​ឈ្មោះ​របស់​គ្រូ​ពេទ្យ​បួន​នាក់​ដែល​បាន​រក​ឃើញ​ជំងឺ​ត​ពូជ​នេះ គឺ​លោក​ឡរេន មូន បាដេ និង​ប៊ីដឺល។ កូន​ទទួល​ជំងឺ​នេះ​ពី​ឪពុក​ម្ដាយ​កាល​ណា​ទាំង​ឪពុក​ទាំង​ម្ដាយ​មាន​ហ្សែន​លក្ខណៈ​អន់​ខ្សោយ។ សព្វ​ថ្ងៃ​ជំងឺ​នេះ​បាន​ត្រូវ​ហៅ​ជា​ទូទៅ​ថា អាការរោគ​បាដេប៊ីដឺល (​Bardet-Biedl syndrome​)។ ជំងឺ​នេះ​មិន​អាច​ព្យាបាល​បាន​ទេ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក