ចូរយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ាកាន់តែខ្លាំងឡើង
«ចូរយកតម្រាប់តាមព្រះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក»។—អេភ. ៥:១
១. (ក) តើគ្រិស្តសាសនិកអាចពិចារណាអំពីគុណសម្បត្ដិណាខ្លះរបស់ព្រះយេហូវ៉ា? (ខ) តើយើងនឹងទទួលប្រយោជន៍អ្វីខ្លះ ពីការពិចារណាអំពីគុណសម្បត្ដិរបស់ព្រះ?
ពេលគិតអំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ា តើអ្នកគិតអំពីគុណសម្បត្ដិអ្វីខ្លះ? យើងជាច្រើននាក់គិតអំពីសេចក្ដីស្រឡាញ់ យុត្ដិធម៌ ប្រាជ្ញានិងឫទ្ធានុភាព។ ប៉ុន្តែយើងដឹងថាព្រះយេហូវ៉ាមានគុណសម្បត្ដិជាច្រើនទៀតដែលយើងស្រឡាញ់។ តាមការពិត ពីមួយឆ្នាំទៅមួយឆ្នាំ សៀវភៅរបស់យើងបានពិភាក្សាអំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ាជាង៤០។ ប្រសិនបើអ្នកសិក្សាអំពីគុណសម្បត្ដិទាំងនេះនីមួយៗ ដោយខ្លួនអ្នកផ្ទាល់ឬជាមួយក្រុមគ្រួសាររបស់អ្នក អ្នកប្រាកដជារៀនច្រើនថែមទៀតអំពីព្រះយេហូវ៉ា! តើការរៀនបែបនេះនាំឲ្យយើងអាចទទួលប្រយោជន៍យ៉ាងដូចម្ដេច? នេះអាចជួយយើងឲ្យយល់តម្លៃនៃគុណសម្បត្ដិរបស់បិតាយើងដែលនៅស្ថានសួគ៌កាន់តែខ្លាំងឡើង។ ជាលទ្ធផល កាលដែលយើងកាន់តែយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ា នោះយើងកាន់តែចង់ចូលទៅជិតលោក ហើយយកតម្រាប់លោក។—យ៉ូស. ២៣:៨; ទំនុក. ៧៣:២៨
២. (ក) សូមឲ្យឧទាហរណ៍អំពីរបៀបដែលយើងអាចយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ាកាន់តែខ្លាំងឡើង។ (ខ) តើយើងនឹងពិចារណាអំពីអ្វី?
២ តើអ្នកអាចរៀនយល់តម្លៃនៃអ្វីមួយកាន់តែខ្លាំងឡើងយ៉ាងដូចម្ដេច? ឧបមាថាអ្នកសាកបរិភោគម្ហូបថ្មីមួយមុខ។ មុនដំបូងអ្នកកត់សម្គាល់ថាម្ហូបនោះមានក្លិនឈ្ងុយ។ បន្ទាប់មកអ្នកភ្លក់ម្ហូបនោះ ហើយអ្នកដឹងថាម្ហូបនោះពិតជាឆ្ងាញ់មែន។ ទីបំផុតអ្នកធ្វើម្ហូបនោះដោយខ្លួនអ្នក។ ស្រដៀងគ្នាដែរ យើងអាចយល់តម្លៃនៃគុណសម្បត្ដិមួយរបស់ព្រះយេហូវ៉ាកាន់តែខ្លាំងឡើង មុនដំបូងដោយរៀនថែមទៀតអំពីគុណសម្បត្ដិនោះ បន្ទាប់មកដោយរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបង្ហាញគុណសម្បត្ដិនោះ ហើយទីបំផុតដោយបង្ហាញគុណសម្បត្ដិនោះក្នុងជីវិតរបស់យើង។ (អេភ. ៥:១) អត្ថបទនេះនិងអត្ថបទពីរបន្ទាប់ នឹងពិចារណាអំពីគុណសម្បត្ដិខ្លះរបស់ព្រះយេហូវ៉ា។ ចំពោះគុណសម្បត្ដិនីមួយៗ យើងនឹងពិចារណាថា: តើគុណសម្បត្ដិនេះមានន័យយ៉ាងណា? តើព្រះយេហូវ៉ាបង្ហាញគុណសម្បត្ដិនេះយ៉ាងដូចម្ដេច? ហើយតើយើងអាចបង្ហាញគុណសម្បត្ដិនេះដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាគឺស្រួលទាក់ទង
៣, ៤. (ក) តើអ្នកនឹងរៀបរាប់យ៉ាងណាអំពីបុគ្គលម្នាក់ដែលស្រួលទាក់ទង? (ខ) តើតាមរបៀបណាព្រះយេហូវ៉ាធ្វើឲ្យយើងទុកចិត្តថាលោកស្រួលទាក់ទង?
៣ មុនដំបូង សូមយើងពិចារណាអំពីគុណសម្បត្ដិមួយរបស់ព្រះយេហូវ៉ា គឺការស្រួលទាក់ទង។ តើអ្នកនឹងរៀបរាប់យ៉ាងណាអំពីបុគ្គលម្នាក់ដែលស្រួលទាក់ទង? អ្នកប្រហែលជានិយាយថា៖ ‹គាត់ជាមនុស្សស្លូតបូត មិនដែលជាប់រវល់ពេករហូតដល់គ្មានពេលនិយាយជាមួយអ្នកឯទៀត ហើយស្រួលនិយាយជាមួយ›។ អ្នកច្រើនតែអាចដឹងថាបុគ្គលម្នាក់ស្រួលទាក់ទងឬមិនស្រួល ដោយស្ដាប់អ្វីដែលគាត់និយាយ ដោយមើលកាយវិការនិងទឹកមុខរបស់គាត់។
៤ តើព្រះយេហូវ៉ាបង្ហាញថាលោកស្រួលទាក់ទងយ៉ាងដូចម្ដេច? ទោះជាលោកជាអ្នកបង្កើតសកលលោកដ៏ធំធេងនេះ ហើយលោកមានឫទ្ធានុភាពខ្លាំងក្លាបំផុតក៏ដោយ ព្រះយេហូវ៉ាធានាចំពោះយើងថាលោកចង់ស្ដាប់ ហើយតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់យើង។ (សូមអាន ទំនុកតម្កើង ១៤៥:១៨; អេសាយ ៣០:១៨, ១៩) យើងអាចនិយាយយ៉ាងយូរទៅព្រះ នៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែង។ យើងអាចចូលទៅជិតព្រះយេហូវ៉ាដោយក្លាហាន ដោយដឹងថាលោកនឹងមិនស្តីបន្ទោសយើង ដោយសារយើងធ្វើដូច្នេះឡើយ។ (ទំនុក. ៦៥:២; យ៉ា. ១:៥) គម្ពីររៀបរាប់អំពីព្រះយេហូវ៉ាតាមរបៀបដែលធ្វើឲ្យយើងមានអារម្មណ៍ស្រួលក្នុងការនិយាយទៅរកលោកតាមរយៈសេចក្ដីអធិដ្ឋាន។ ជាឧទាហរណ៍ ដាវីឌដែលជាអ្នកតែងទំនុកតម្កើងបានសរសេរថា៖ «ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះ»យើង ហើយថា«ព្រះហស្តស្ដាំនៃទ្រង់ក៏ទប់ទល់»យើង។ (ទំនុក. ៣៤:១៥; ៦៣:៨) អ្នកប្រកាសទំនាយអេសាយបានប្រដូចព្រះយេហូវ៉ាទៅនឹងគង្វាល ដោយនិយាយថា៖ «ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា»។ (អេ. ៤០:១១) សូមគិតទៅមើល! ព្រះយេហូវ៉ាចង់ឲ្យយើងចូលទៅជិតលោក ដូចជាកូនចៀមដែលនៅជាប់នឹងដើមទ្រូងរបស់គង្វាលដែលយកចិត្តទុកដាក់នឹងវា។ យើងមានបិតាដែលពិតជាស្រួលទាក់ទងមែន! តើតាមរបៀបណាយើងអាចយកតម្រាប់ព្រះយេហូវ៉ាស្តីអំពីរឿងនេះ?
គុណសម្បត្ដិដែលមានតម្លៃ
៥. ហេតុអ្វីគឺជាការសំខាន់ដែលអ្នកចាស់ទុំជាមនុស្សដែលស្រួលទាក់ទង?
៥ ថ្មីៗនេះ សាក្សីព្រះយេហូវ៉ាដែលមានចិត្តខ្នះខ្នែង ដែលរស់នៅទ្វីបផ្សេងៗពីគ្នា បានត្រូវសួរថា៖ «តើអ្នកឲ្យតម្លៃខ្លាំងបំផុតចំពោះគុណសម្បត្ដិមួយណារបស់អ្នកចាស់ទុំ?»។ បងប្អូនភាគច្រើនឆ្លើយដោយរំភើបចិត្តថា៖ «គឺការស្រួលទាក់ទង»។ ពិតមែនតែគ្រិស្តសាសនិកម្នាក់ៗត្រូវខំអស់ពីសមត្ថភាពដើម្បីបណ្ដុះនូវគុណសម្បត្ដិនេះ ប៉ុន្តែជាការសំខាន់ណាស់ដែលអ្នកចាស់ទុំគឺស្រួលទាក់ទង។ (អេ. ៣២:១, ២) ពេលបងស្រីម្នាក់បានប្រាប់អំពីមូលហេតុដែលគាត់គិតថាគុណសម្បត្ដិនេះគឺសំខាន់ណាស់ គាត់បាននិយាយថា៖ «យើងអាចទទួលប្រយោជន៍ពីគុណសម្បត្ដិឯទៀតរបស់អ្នកចាស់ទុំបាន លុះត្រាតែគាត់ជាមនុស្សដែលស្រួលទាក់ទង»។ ពាក្យទាំងនេះពិតជាពាក្យពិត។ ប៉ុន្តែ តើអ្វីធ្វើឲ្យបុគ្គលម្នាក់ទៅជាមនុស្សដែលស្រួលទាក់ទង?
៦. តើអ្វីជាវិធីដែលនាំឲ្យបុគ្គលម្នាក់ទៅជាមនុស្សដែលស្រួលទាក់ទង?
៦ វិធីមួយដែលអាចធ្វើឲ្យយើងទៅជាមនុស្សដែលស្រួលទាក់ទង គឺការបង្ហាញការយកចិត្តទុកដាក់ដោយស្មោះចំពោះអ្នកឯទៀត។ ប្រសិនបើអ្នកចាស់ទុំយកចិត្តទុកដាក់ចំពោះអ្នកឯទៀត ហើយសុខចិត្តលះបង់ប្រយោជន៍ខ្លួនដើម្បីជួយពួកគេ នោះបងប្អូនប្រុសស្រីរបស់គាត់ រួមទាំងប្អូនៗវ័យក្មេងទំនងជានឹងដឹងអំពីចិត្តគំនិតរបស់គាត់។ (ម៉ាក. ១០:១៣-១៦) ប្អូនកាឡូសដែលមានអាយុ១២ឆ្នាំនិយាយថា៖ «ខ្ញុំឃើញអ្នកចាស់ទុំនៅសាលប្រជុំញញឹម ហើយបង្ហាញចិត្តសប្បុរស ខ្ញុំចូលចិត្តពេលពួកគាត់ធ្វើដូច្នេះ»។ គឺមិនគ្រប់គ្រាន់ទេដែលអ្នកចាស់ទុំនិយាយថាគាត់ជាមនុស្សដែលស្រួលទាក់ទង គាត់ត្រូវបង្ហាញឲ្យឃើញគុណសម្បត្ដិនេះ។ (១យ៉ូន. ៣:១៨) តើគាត់អាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
៧. ហេតុអ្វីការពាក់នាមប័ណ្ណមហាសន្និបាតច្រើនតែនាំឲ្យយើងអាចចាប់ផ្ដើមការសន្ទនា ហើយតើយើងអាចទាញមេរៀនអ្វីស្តីអំពីរឿងនេះ?
៧ សូមគិតអំពីឧទាហរណ៍នេះ។ នៅពេលថ្មីៗនេះ បងប្រុសម្នាក់បានពាក់នាមប័ណ្ណមហាសន្និបាតពេលគាត់ជិះយន្តហោះត្រឡប់មកពីមហាសន្និបាតនៅប្រទេសផ្សេង។ ពេលដែលអ្នកបម្រើលើយន្តហោះបានឃើញនាមប័ណ្ណនោះដែលសរសេរថា៖ ‹សូមឲ្យរាជាណាចក្ររបស់ព្រះបានមកដល់!›។ គាត់បាននិយាយទៅបងប្រុសនោះថា៖ «មែន សូមឲ្យរាជាណាចក្រនោះមកដល់ចុះ យើងត្រូវនិយាយគ្នាថែមទៀតអំពីរឿងនេះ»។ ក្រោយមក ពួកគាត់បានសន្ទនាគ្នា ហើយអ្នកបម្រើលើយន្តហោះនោះបានទទួលទស្សនាវដ្ដីរបស់យើងដោយសប្បាយរីករាយ។ ពួកយើងជាច្រើននាក់មានបទពិសោធន៍ស្រដៀងគ្នានេះដែរ។ សព្វថ្ងៃនេះ ហេតុអ្វីនាមប័ណ្ណមហាសន្និបាតច្រើនតែនាំឲ្យយើងអាចចាប់ផ្ដើមការសន្ទនា? ពីព្រោះក្នុងន័យម្យ៉ាង នាមប័ណ្ណនេះធ្វើឲ្យមនុស្សដឹងថា៖ «សូមមកទាក់ទងជាមួយខ្ញុំ។ សូមសួរថាតើខ្ញុំទៅកន្លែងណា»។ នាមប័ណ្ណនេះគឺជាសញ្ញាសម្គាល់ដែលឲ្យអ្នកឯទៀតដឹងថា យើងចង់ប្រាប់ពួកគេអំពីជំនឿរបស់យើង។ ស្រដៀងគ្នាដែរ អ្នកចាស់ទុំត្រូវបង្ហាញបងប្អូនប្រុសស្រីថា គាត់ចង់និយាយជាមួយពួកគេជានិច្ច។ តើមានរបៀបណាខ្លះដែលអ្នកចាស់ទុំអាចធ្វើដូច្នេះ?
៨. តើអ្នកចាស់ទុំអាចបង្ហាញថាគាត់យកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀតយ៉ាងដូចម្ដេច ហើយតើនេះអាចមានឥទ្ធិពលយ៉ាងណាទៅលើក្រុមជំនុំ?
៨ ប្រទេសនីមួយៗប្រហែលជាមានទំនៀមទម្លាប់ខុសៗពីគ្នា ប៉ុន្តែជារឿយៗពេលដែលយើងញញឹមយ៉ាងកក់ក្ដៅដាក់បងប្អូនប្រុសស្រីរបស់យើង ចាប់ដៃពួកគាត់ ហើយសួរសុខទុក្ខពួកគាត់ នោះបង្ហាញថាយើងយកចិត្តទុកដាក់នឹងពួកគាត់យ៉ាងស្មោះ។ តើអ្នកណាគួរធ្វើដូច្នេះមុនគេ? សូមកត់សម្គាល់អំពីគំរូរបស់លោកយេស៊ូ។ ម៉ាថាយបានសរសេរថា នៅកិច្ចប្រជុំមួយជាមួយអ្នកកាន់តាមលោក «លោកយេស៊ូចូលទៅជិត ហើយមានប្រសាសន៍ទៅពួកគាត់»។ (ម៉ាថ. ២៨:១៨) ដូចគ្នាដែរ នៅសព្វថ្ងៃនេះអ្នកចាស់ទុំចូលទៅជិតបងប្អូនរួមជំនឿមុន ហើយនិយាយជាមួយពួកគាត់។ តើការធ្វើដូច្នេះមានឥទ្ធិពលយ៉ាងណាទៅលើក្រុមជំនុំ? បងស្រីម្នាក់អាយុ៨៨ឆ្នាំដែលជាអ្នកត្រួសត្រាយបាននិយាយថា៖ «ពេលដែលអ្នកចាស់ទុំញញឹមយ៉ាងកក់ក្ដៅ ហើយនិយាយលើកទឹកចិត្តខ្ញុំ ពេលខ្ញុំចូលសាលប្រជុំ នេះធ្វើឲ្យខ្ញុំចូលចិត្តពួកគាត់»។ បងស្រីម្នាក់ទៀតដែលបានបម្រើព្រះយ៉ាងស្មោះត្រង់បានបន្ថែមថា៖ «ទោះជានេះមើលទៅដូចជារឿងតូចតាចក៏ដោយ ប៉ុន្តែពេលដែលអ្នកចាស់ទុំទទួលស្វាគមន៍ខ្ញុំដោយញញឹមនៅកិច្ចប្រជុំ នេះពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ»។
ចូរចំណាយពេលនិយាយជាមួយនឹងបងប្អូនប្រុសស្រី
៩, ១០. (ក) តើព្រះយេហូវ៉ាបានទុកគំរូដ៏ប្រសើរអ្វី? (ខ) តើអ្នកចាស់ទុំអាចយកតម្រាប់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៩ យើងច្បាស់ជាមិនអាចចូលទៅជិតបងប្អូនបានទេ ប្រសិនបើយើងជាប់រវល់។ ព្រះយេហូវ៉ាបានទុកគំរូយ៉ាងល្អស្តីអំពីរឿងនេះ។ «លោកមិននៅឆ្ងាយពីយើងម្នាក់ៗ»ឡើយ។ (សកម្ម. ១៧:២៧) របៀបមួយដែលអ្នកចាស់ទុំអាចធ្វើតាមគំរូរបស់ព្រះយេហូវ៉ា គឺដោយនិយាយជាមួយនឹងបងប្អូនប្រុសស្រី ទាំងក្មេងទាំងចាស់ មុននឹងក្រោយកិច្ចប្រជុំ។ បងប្រុសម្នាក់ដែលជាអ្នកត្រួសត្រាយបាននិយាយថា៖ «ពេលអ្នកចាស់ទុំម្នាក់សួរខ្ញុំថា តើថ្ងៃនេះខ្ញុំយ៉ាងម៉េចដែរ ហើយបន្ទាប់មកគាត់ឈប់ដើម្បីស្ដាប់ខ្ញុំឆ្លើយ ខ្ញុំមានអារម្មណ៍ថាគាត់យកចិត្តទុកដាក់នឹងខ្ញុំ»។ បងស្រីម្នាក់ដែលបានបម្រើព្រះយេហូវ៉ាជិត៥០ឆ្នាំបានពោលថា៖ «ពេលដែលអ្នកចាស់ទុំចំណាយពេលខ្លះនិយាយជាមួយខ្ញុំក្រោយប្រជុំ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមានតម្លៃ»។
១០ យើងក៏យល់ដែរថា គង្វាលដែលជាគ្រិស្តសាសនិកក៏ត្រូវយកចិត្តទុកដាក់នឹងភារកិច្ចឯទៀតរបស់គាត់ដែរ។ ប៉ុន្តែដំបូងបង្អស់ នៅកិច្ចប្រជុំពួកគាត់គួរមានគោលដៅយកចិត្តទុកដាក់នឹងចៀមរបស់ពួកគាត់។
ព្រះយេហូវ៉ាមិនរើសមុខទេ
១១, ១២. (ក) តើការមិនរើសមុខទាក់ទងនឹងអ្វីខ្លះ? (ខ) តើតាមរបៀបណាព្រះយេហូវ៉ាគឺជាគំរូដ៏ល្អបំផុតស្តីអំពីការមិនរើសមុខ?
១១ គុណសម្បត្ដិផ្សេងទៀតរបស់ព្រះយេហូវ៉ាដែលទាក់ទាញចិត្តយើង គឺការមិនរើសមុខ។ (សកម្ម. ១០:៣៤) តើការមិនរើសមុខមានន័យយ៉ាងណា? នេះមានន័យថាមិនលម្អៀង ហើយយុត្ដិធម៌។ ការមិនរើសមុខរួមបញ្ចូលកត្ដាពីរយ៉ាងគឺ ចិត្តគំនិតនិងការប្រព្រឹត្ត។ ហេតុអ្វីកត្ដាពីរយ៉ាងនេះគឺសំខាន់? ប្រសិនបើយើងចង់ប្រព្រឹត្តចំពោះអ្នកឯទៀតដោយមិនលម្អៀង មុនដំបូងយើងត្រូវជឿថាយើងត្រូវប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយយុត្ដិធម៌។ មនុស្សដែលមិនរើសមុខមិនប្រព្រឹត្តចំពោះមនុស្សខ្លះល្អជាងប្រព្រឹត្តចំពោះមនុស្សខ្លះទៀត ដោយសារសម្បកក្រៅរបស់គាត់ ឬដោយសារគាត់មានលុយច្រើនឡើយ។ គាត់ប្រព្រឹត្តចំពោះពួកគេដោយយុត្ដិធម៌ស្របតាមបុគ្គលិកលក្ខណៈរបស់ពួកគេ។
១២ ព្រះយេហូវ៉ាគឺជាគំរូដ៏ល្អបំផុតស្តីអំពីការមិនរើសមុខ។ បណ្ដាំរបស់លោកចែងថាលោក«មិនរើសមុខទេ» ហើយលោក«មិនដែលយោគយល់ខាងអ្នកណា»ឡើយ។ (សូមអាន សកម្មភាព ១០:៣៤, ៣៥; ចោទិយកថា ១០:១៧) ស្ថានភាពមួយដែលបានកើតឡើងនៅសម័យម៉ូសេបានបញ្ជាក់អំពីរឿងនេះ។
១៣, ១៤. (ក) តើកូនស្រីប្រាំនាក់របស់ស្លូផិហាតជួបនឹងបញ្ហាអ្វី? (ខ) តើព្រះយេហូវ៉ាបង្ហាញថាលោកមិនរើសមុខយ៉ាងដូចម្ដេច?
១៣ មុនពេលជនជាតិអ៊ីស្រាអែលចូលក្នុងស្រុកដែលព្រះបានសន្យា បងប្អូនស្រីប្រាំនាក់ដែលមិនទាន់រៀបការបានជួបនឹងបញ្ហាមួយ។ តើនោះជាបញ្ហាអ្វី? ពួកគេដឹងថាក្រុមគ្រួសាររបស់ពួកគេក៏អាចទទួលដីដែលជាចំណែករបស់ឪពុករបស់ពួកគេ ដូចជនជាតិអ៊ីស្រាអែលឯទៀតដែរ។ (ជន. ២៦:៥២-៥៥) ប៉ុន្តែឪពុករបស់ពួកគេគឺស្លូផិហាត ដែលមកពីកុលសម្ព័ន្ធម៉ាណាសេបានស្លាប់ហើយ។ យោងទៅតាមទំនៀមទម្លាប់ កូនប្រុសរបស់ស្លូផិហាតត្រូវជាអ្នកដែលមានសិទ្ធិទទួលមត៌ករបស់គាត់ ប៉ុន្តែគាត់មានតែកូនស្រីៗប៉ុណ្ណោះ។ (ជន. ២៦:៣៣) ដោយគ្មានកូនប្រុសក្នុងក្រុមគ្រួសារដើម្បីទទួលដីនោះ តើដីដែលជាចំណែករបស់ក្រុមគ្រួសារនេះនឹងត្រូវប្រគល់ឲ្យសាច់ញាតិរបស់គាត់ ហើយកូនស្រីរបស់គាត់នឹងមិនបានទទួលកេរមត៌កឬ?
១៤ បងប្អូនស្រីទាំងប្រាំនាក់នោះបានទៅជួបម៉ូសេ ហើយសួរថា៖ «ហេតុអ្វីបានជាត្រូវឲ្យឈ្មោះឪពុកយើងខ្ញុំ បាត់ចេញពីពួកគ្រួគាត់ទៅ ដោយព្រោះតែគ្មានកូនប្រុសដូច្នេះ?»។ ពួកគេបានអង្វរថា៖ «ហេតុនេះសូមឲ្យយើងខ្ញុំបានកេរអាករ នៅជាមួយនឹងបងប្អូនរបស់ឪពុកយើងខ្ញុំផង»។ តើម៉ូសេបានឆ្លើយនឹងពួកគេថា៖ ‹ច្បាប់គឺច្បាប់ ខ្ញុំមិនអាចជួយអ្នកបានទេ› ឬ? មិនមែនទេ គាត់បាន«នាំយករឿងគេ ទៅទូលដល់ព្រះយេហូវ៉ា»។ (ជន. ២៧:២-៥) តើព្រះយេហូវ៉ាបានតបឆ្លើយយ៉ាងណា? ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖ «ពួកកូនស្រីស្លូផិហាតបាននិយាយត្រូវ ដូច្នេះត្រូវចែកឲ្យគេមានកេរអាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផង ត្រូវឲ្យគេបានមរតករបស់ឪពុកគេចុះ»។ ព្រះយេហូវ៉ាបានធ្វើលើសពីនេះទៅទៀត។ លោកបានប្រាប់ម៉ូសេឲ្យដាក់បញ្ចូលរឿងនេះក្នុងច្បាប់របស់លោក ដោយមានប្រសាសន៍ថា៖ «បើអ្នកណាស្លាប់ទៅឥតមានកូនប្រុស នោះត្រូវឲ្យឯងរាល់គ្នាចែកមរតករបស់អ្នកនោះដល់កូនស្រីគេទៅ»។ (ជន. ២៧:៦-៨; យ៉ូស. ១៧:១-៦) ចាប់ពីពេលនោះមក ស្ត្រីជនជាតិអ៊ីស្រាអែលទាំងអស់ដែលមានបញ្ហាដូចគ្នានេះនឹងទទួលការការពារ។
១៥. (ក) តើព្រះយេហូវ៉ាប្រព្រឹត្តយ៉ាងណាចំពោះរាស្ត្ររបស់លោក រួមទាំងពួកអ្នកដែលគ្មានអ្នកណាទៀតជួយពួកគេ? (ខ) តើកំណត់ហេតុណាទៀតក្នុងគម្ពីរដែលបង្ហាញថាព្រះយេហូវ៉ាមិនរើសមុខឬទេ?
១៥ ព្រះយេហូវ៉ាពិតជាបានធ្វើការសម្រេចចិត្តដ៏សប្បុរស និងមិនរើសមុខមែន! បងប្អូនស្រីទាំងប្រាំនាក់នេះគ្មានអ្នកណាទៀតដែលអាចជួយពួកគេបានទេ ហើយព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះពួកគេដោយយុត្ដិធម៌និងដោយគោរព ដូចលោកប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលឯទៀតទាំងអស់ដែរ។ (ទំនុក. ៦៨:៥) នេះគ្រាន់តែជាកំណត់ហេតុមួយក្នុងចំណោមកំណត់ហេតុឯទៀតដែលបង្ហាញការពិតដែលធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅថា: ព្រះយេហូវ៉ាប្រព្រឹត្តចំពោះអ្នកបម្រើទាំងអស់របស់លោកដោយមិនរើសមុខ។—១សាំ. ១៦:១-១៣; សកម្ម. ១០:៣០-៣៥, ៤៤-៤៨
យើងអាចយកតម្រាប់ព្រះយេហូវ៉ា
១៦. តើយើងអាចបង្ហាញថាយើងមិនរើសមុខដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៦ ព្រះយេហូវ៉ាមិនរើសមុខឡើយ តើយើងអាចយកតម្រាប់លោកយ៉ាងដូចម្ដេច? សូមចាំថា យើងនឹងប្រព្រឹត្តចំពោះអ្នកឯទៀតដោយមិនរើសមុខ លុះត្រាតែយើងជឿថាយើងត្រូវប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយយុត្ដិធម៌។ មែនហើយ យើងទាំងអស់គ្នាចូលចិត្តគិតថា ខ្លួនយើងមានទស្សនៈទូលំទូលាយ ហើយមិនរើសមុខ។ ប៉ុន្តែ ជួនកាលគឺជាការពិបាកឲ្យយើងដឹងថាយើងពិតជាមានអារម្មណ៍យ៉ាងណាចំពោះអ្នកឯទៀត។ ដូច្នេះ តើតាមរបៀបណាយើងដឹងថា យើងពិតជាមិនរើសមុខ? ពេលដែលលោកយេស៊ូចង់ដឹងថាមនុស្សនិយាយយ៉ាងណាអំពីលោក លោកបានសួរមិត្តភក្ដិដែលលោកបានទុកចិត្តថា៖ «តើមនុស្សទាំងឡាយថាកូនមនុស្សជាអ្នកណា?»។ (ម៉ាថ. ១៦:១៣, ១៤) យើងចង់យកតម្រាប់លោកយេស៊ូស្តីអំពីរឿងនេះ។ អ្នកអាចសួរមិត្តភក្ដិខ្លះដែលអ្នកអាចទុកចិត្ត ហើយជាមនុស្សដែលនិយាយត្រង់ ថាអ្នកមានកេរ្ដិ៍ឈ្មោះជាមនុស្សដែលមិនរើសមុខឬមិនមាន។ ជាឧទាហរណ៍ គាត់ប្រហែលជាប្រាប់អ្នកថា ជួនកាលអ្នករាប់អានជាតិសាសន៍ណាមួយច្រើនជាងជាតិសាសន៍ឯទៀត ឬរាប់អានអ្នកមានឬអ្នកដែលមានកម្រិតវប្បធម៌ខ្ពស់ ខ្លាំងជាងអ្នកឯទៀត។ ប្រសិនបើគាត់ប្រាប់អ្នកដូច្នេះ តើអ្នកគួរធ្វើអ្វី? សូមអធិដ្ឋានប្រាប់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្តអំពីអារម្មណ៍របស់អ្នក សុំលោកជួយអ្នកឲ្យកែប្រែទស្សនៈរបស់អ្នក ដើម្បីឲ្យអ្នកអាចប្រព្រឹត្តដោយមិនរើសមុខដូចលោក កាន់តែប្រសើរជាង។—ម៉ាថ. ៧:៧; កូឡ. ៣:១០, ១១
១៧. តើយើងអាចប្រព្រឹត្តចំពោះអ្នកឯទៀតដោយមិនរើសមុខយ៉ាងដូចម្ដេច?
១៧ ក្នុងក្រុមជំនុំ យើងបង្ហាញថាយើងចង់ប្រព្រឹត្តដូចព្រះយេហូវ៉ា ដោយមិនរើសមុខ ដោយប្រព្រឹត្តចំពោះបងប្អូនប្រុសស្រីរបស់យើងដោយសេចក្ដីថ្លៃថ្នូរនិងដោយសេចក្ដីស្រឡាញ់ស្មោះត្រង់។ ជាឧទាហរណ៍ ពេលយើងទទួលអ្នកឯទៀតដោយរាក់ទាក់ យើងចង់អញ្ជើញបងប្អូនគ្រប់ប្រភេទ រួមទាំងបងប្អូនដែលមកពីមជ្ឈដ្ឋានខុសគ្នាពីយើង និងបងប្អូនដែលក្រីក្រ កូនកំព្រាឬស្ត្រីមេម៉ាយ។ (សូមអាន កាឡាទី ២:១០; យ៉ាកុប ១:២៧) ម្យ៉ាងទៀត ពេលយើងផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រព្រះ យើងផ្សព្វផ្សាយដំណឹងល្អដោយឥតរើសមុខដល់មនុស្សពីគ្រប់មជ្ឈដ្ឋាន រួមទាំងមនុស្សដែលមកពីប្រទេសផ្សេង។ យើងពិតជាសប្បាយរីករាយខ្លាំងណាស់ដែលយើងមានសៀវភៅដែលមានមូលដ្ឋានលើបទគម្ពីរ ប្រហែលជា៦០០ភាសា។ នេះពិតជាភ័ស្តុតាងដែលបង្ហាញយ៉ាងច្បាស់ថា យើងមិនរើសមុខទេ!
១៨. ពេលរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបង្ហាញថាលោកស្រួលទាក់ទងនិងមិនរើសមុខ តើអ្នកគួរចង់ធ្វើអ្វី?
១៨ ពេលយើងចំណាយពេលដើម្បីរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបង្ហាញថាលោកស្រួលទាក់ទងនិងមិនរើសមុខ នោះយើងកាន់តែដឹងគុណលោក។ ជាលទ្ធផល ចិត្តដឹងគុណយ៉ាងជ្រាលជ្រៅជំរុញយើងឲ្យបង្ហាញគុណសម្បត្ដិដូចព្រះយេហូវ៉ាកាន់តែខ្លាំងឡើង ហើយបង្ហាញគុណសម្បត្ដិទាំងនេះពេលយើងប្រព្រឹត្តចំពោះបងប្អូនរួមជំនឿរបស់យើង និងចំពោះមនុស្សដែលយើងផ្សព្វផ្សាយ។