ត្រាប់តាមភាពមិនលំអៀងរបស់ព្រះយេហូវ៉ា
១ ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់លើមនុស្ស។ ទ្រង់ទទួលយកដោយមិនលំអៀងនូវអ្នកណា ដែលធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ (កិច្ចការ ១០:៣៤, ៣៥) ពេលព្រះយេស៊ូបានផ្សព្វផ្សាយដល់មនុស្ស ទ្រង់ក៏គ្មានភាពលំអៀងដែរ។ (លូកា ២០:២១) ពួកយើងត្រូវតែត្រាប់តាមគំរូរបស់ទ្រង់ទាំងពីរអង្គ ដូចជាប៉ុលបានធ្វើអ៊ីចឹង ដែលគាត់បានសរសេរថា៖ «ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណា ដែលអំពាវនាវរកទ្រង់»។—រ៉ូម ១០:១២
២ ការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រដល់អស់អ្នកណាដែលយើងជួបគឺផ្ដល់«កិត្ដិយសដល់ព្រះ»។ យើងត្រូវតែបន្តប្រាប់សារដ៏ល្អប្រសើរនេះទៅដល់មនុស្សផ្សេងៗ មិនថាគេជាសាសន៍ណា ឋានៈណាក្នុងសង្គម ការអប់រំណា ស្ថានភាពខាងសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។ (រ៉ូម ១០:១១-១៣) នេះមានន័យថា យើងនឹងផ្សព្វផ្សាយដល់អស់អ្នកណាដែលនឹងស្ដាប់ គឺថាបុរស ស្ត្រី ក្មេងនិងមនុស្សវ័យចាស់។ យើងត្រូវតែទៅផ្ទះគ្រប់គ្នាទាំងអស់ ដើម្បីឲ្យម្ចាស់ផ្ទះនិមួយៗមានឱកាសឮអំពីសេចក្ដីពិត។
៣ យកចិត្តទុកដាក់ទៅលើមនុស្សទាំងអស់: គោលដៅរបស់យើង គឺជាការទាក់ទងជាមួយមនុស្សទាំងអស់ដែលអាចទាក់ទងបាន។ ដោយមានគំនិតអ៊ីចឹង អ្នកផ្សាយខ្លះបានជោគជ័យក្នុងការផ្សព្វផ្សាយដល់មនុស្សនៅឯការិយាល័យគ្រូពេទ្យ មន្ទីរពេទ្យ មន្ទីរចាស់ជរា និងមជ្ឈមណ្ឌលផ្ដល់ជំនួយចំពោះសុខុមាលភាព។ បន្ថែមទៅទៀត អ្នកផ្សាយបានផ្សព្វផ្សាយដល់អ្នកនាំពិធីបុណ្យខ្មោច នាយកសាលានិងអ្នកជូនឱវាទសិស្ស និងពួកចៅក្រម។ នៅពេលដែលនិយាយជាមួយពួកមន្ត្រី គឺជាសមគួរឲ្យសម្ដែងការអបអរចំពោះកិច្ចបំរើ ដែលពួកគេជួយនិងផ្ដល់ឲ្យដល់សហគមន៍។ សូមនិយាយដោយគោរព ហើយជ្រើសរើសអត្ថបទថ្មីៗដែលទាក់ទងយ៉ាងចំៗនិងបែបបទការងាររបស់គេ ហើយបញ្ហាដែលទាក់ទងនឹងការងារនោះ។
៤ នៅពេលមួយ បងស្រីម្នាក់បាននិយាយជាមួយចៅក្រមម្នាក់នៅក្នុងការិយាល័យរបស់គាត់។ ក្រោយពីមានការសន្ទនាដ៏រស់រវើក ចៅក្រមបាននិយាយដោយស្ម័គ្រចិត្តថា៖ «តើអ្នកដឹងអ្វីដែលខ្ញុំចូលចិត្តអំពីពួកស្មរបន្ទាល់ព្រះយេហូវ៉ាទេ? ពួកគេមានគោលការណ៍ដ៏មុតមាំដែលគេមិនលះចោលទេ»។ ការធ្វើបន្ទាល់ដ៏ល្អបានត្រូវធ្វើចំពោះមនុស្សម្នាក់នេះដែលមានឋានៈធំ។
៥ យើងមិនអាចមើលឃើញអ្វីដែលនៅក្នុងចិត្តមនុស្សទេ។ ប៉ុន្តែ ដោយនិយាយជាមួយមនុស្សទាំងអស់ដែលយើងជួប យើងអាចបង្ហាញជំនឿទៅលើសមត្ថភាពរបស់ព្រះដើម្បីណែនាំកិច្ចការរបស់យើង។ ម្យ៉ាងទៀត នេះនាំឲ្យគេមានឯកសិទ្ធិឮហើយប្រព្រឹត្តតាមសារនៃសេចក្ដីសង្ឃឹមនេះ។ (ធីម៉ូថេទី១ ២:៣, ៤) ចូរឲ្យយើងប្រើពេលវេលារបស់យើងដោយប្រាជ្ញា ហើយខិតខំត្រាប់តាមភាពមិនលំអៀងរបស់ព្រះយេហូវ៉ា។—រ៉ូម ២:១១; អេភេសូរ ៥:១, ២