ចូរយកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀត ដោយផ្សព្វផ្សាយមិនរើសមុខ
១ ក្នុងចក្ខុនិមិត្ត សាវ័កយ៉ូហានបានឃើញទេវតាមួយកំពុងតែហោះនៅកណ្ដាលមេឃ ដោយប្រកាសដំណឹងល្អដ៏នៅអស់កល្បជានិច្ចដល់«គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារ»។ (វិវរ. ១៤:៦) តើយើងធ្វើតាមគំរូរបស់ទេវតានោះ ដោយផ្សព្វផ្សាយមិនរើសមុខឬទេ? ដោយមិនដឹងខ្លួន យើងអាចមានគំនិតរើសអើងពូជសាសន៍។ ទស្សនៈរបស់យើងចំពោះមនុស្សដែលយើងជួបអាចមានឥទ្ធិពលទៅលើរបៀបដែលយើងផ្សាយដំណឹងល្អដល់ពួកគេ។ ហេតុនេះហើយ យើងត្រូវបង្ហាញនូវសេចក្ដីស្រឡាញ់ដោយយកចិត្តទុកដាក់ដ៏ស្មោះ ពេលយើងផ្សព្វផ្សាយដល់មនុស្សដែលមកពីមជ្ឈដ្ឋានផ្សេងៗ។
២ ចូរគិតអំពីមនុស្សក្នុងតំបន់ផ្សាយរបស់អ្នក: តើមានជនអន្ដោប្រវេសន៍ឬជនភៀសខ្លួនរស់នៅក្នុងតំបន់ផ្សាយរបស់អ្នកទេ? មនុស្សបែបនោះងាយឲ្យយើងភ្លេចយកចិត្តទុកដាក់។ ដូច្នេះ ចូរព្យាយាមទៅរកជួបពួកគាត់ រួចខិតខំស្គាល់ពួកគាត់ឲ្យបានច្បាស់ជាង។ តើពួកគាត់មានសេចក្ដីត្រូវការយ៉ាងណា ហើយមានបញ្ហាអ្វី? តើពួកគាត់ចូលចិត្តអ្វី ហើយមិនចូលចិត្តអ្វី? តើពួកគាត់បារម្ភអំពីអ្វី ហើយប្រកាន់ចំពោះអ្វីខ្លះ? ចូរខំកែប្រែពាក្យផ្សាយរបស់អ្នកឲ្យសមស្របទៅតាមស្ថានភាពនោះ។ (១កូ. ៩:១៩-២៣) ដូចសាវ័កប៉ុល យើងមានកាតព្វកិច្ចផ្សព្វផ្សាយដំណឹងល្អដល់មនុស្សគ្រប់រូបក្នុងតំបន់ផ្សាយរបស់យើង រួមបញ្ចូលជនបរទេសដែលមានវប្បធម៌និងនិយាយភាសាផ្សេងពីយើងឬជាអ្នកមានស្តុកស្តម្ភ។—រ៉ូម ១:១៤
៣ ប៉ុន្តែ តើតាមរបៀបណាដែលអ្នកអាចធ្វើបន្ទាល់ដល់អ្នកដែលនិយាយភាសាផ្សេង? ចូរប្រើកូនសៀវភៅដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍ ដោយប្រសិទ្ធភាព។ អ្នកក៏អាចយកខិត្តប័ណ្ណឬសៀវភៅស្តើងខ្លះជាភាសាផ្សេងៗដែលគេច្រើនតែនិយាយក្នុងតំបន់ផ្សាយរបស់អ្នកដែរ។ (សូមអានកិច្ចបម្រើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ២០០៣ ទំព័រ៤ វគ្គ២-៣)។ ម្យ៉ាងទៀត អ្នកផ្សាយខ្លះបានព្យាយាមរៀននិយាយពាក្យសួរសុខទុក្ខនិងពាក្យផ្សាយដ៏ខ្លីមួយជាភាសាផ្សេង។ ជាធម្មតាមនុស្សយើងតែងតែចង់ឮគេខំនិយាយភាសារបស់ខ្លួន ទោះជាបន្ដិចបន្តួចក្ដី ហើយនេះទាក់ទាញចិត្តពួកគេឲ្យចង់ស្ដាប់ដំណឹងល្អ។
៤ ចូរយកតម្រាប់តាមព្រះយេហូវ៉ា: ដោយខំផ្សព្វផ្សាយដល់មនុស្សពីមជ្ឈដ្ឋានផ្សេងៗ យើងយកតម្រាប់តាមព្រះយេហូវ៉ាជាព្រះមិនចេះរើសមុខ «ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។—១ធី. ២:៣, ៤, កំណែជាអក្សរទ្រេត