ពេលជួបម្ចាស់ផ្ទះដែលនិយាយភាសាផ្សេង
១ អ្នកផ្សាយនៅទូទាំងពិភពលោក ជួបមនុស្សចាប់អារម្មណ៍កាន់តែច្រើនឡើងៗដែលនិយាយភាសាផ្សេងពីក្រុមជំនុំ។ ហេតុនេះហើយបានជាការិយាល័យសាខាជាច្រើនបង្កើតក្រុមឬក្រុមជំនុំដែលនិយាយភាសានោះ ដើម្បីជួយគាំទ្រកិច្ចការផ្សព្វផ្សាយដល់មនុស្សទាំងនេះ។ ដោយសារមានមនុស្សនិយាយភាសាផ្សេងៗក្នុងតំបន់ផ្សាយមួយ នោះមានក្រុមជំនុំផ្សេងៗផ្សព្វផ្សាយនៅតំបន់ផ្សាយនោះដែរ។ តើក្រុមជំនុំផ្សេងៗអាចសហការគ្នាយ៉ាងណា ដើម្បីកុំឲ្យកិច្ចការផ្សព្វផ្សាយមានភាពវឹកវរឬខ្វះសណ្ដាប់ធ្នាប់នោះ?—១កូ. ១៤:៣៣
២ ការសហការគ្នាយ៉ាងល្អប្រសើរ : នៅពេលផ្សព្វផ្សាយតាមផ្លូវឬផ្សព្វផ្សាយក្រៅផ្លូវការ អ្នកផ្សាយអាចនិយាយជាមួយនឹងមនុស្សដែលនិយាយភាសាណាក៏បាន និងជូនសៀវភៅឲ្យគាត់ក្នុងភាសាដែលគាត់ចង់អាន។ ក៏ប៉ុន្តែ ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយក្នុងតំបន់ដែលមានក្រុមឬក្រុមជំនុំភាសាផ្សេងផ្សាយដែរ នោះធម្មតាអ្នកផ្សាយនិយាយជាមួយតែម្ចាស់ផ្ទះដែលនិយាយភាសានៃក្រុមជំនុំរបស់គាត់ប៉ុណ្ណោះ។ នៅពេលដែលក្រុមជំនុំផ្សេងផ្សព្វផ្សាយនៅតំបន់តែមួយ គឺសំខាន់ចាំបាច់ឲ្យយើងកត់ទុកបញ្ជីឲ្យបានល្អ។ ពួកអ្នកត្រួតពិនិត្យកិច្ចបម្រើរបស់ក្រុមជំនុំនីមួយៗគួរទាក់ទងគ្នាហើយរៀបចំចាត់ចែងកិច្ចការផ្សព្វផ្សាយតាមរបៀបដែលមានប្រយោជន៍ដល់ក្រុមជំនុំនីមួយៗ។ (សុ. ១១:១៤) ប៉ុន្តែ បើអ្នកផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ អ្នកជួបម្ចាស់ផ្ទះដែលនិយាយភាសាផ្សេង ហើយគ្មានក្រុមជំនុំដែលនិយាយភាសានោះនៅជិតតំបន់អ្នកទេ អ្នកគួរខិតខំផ្សាយនិងបន្តជួយម្ចាស់ផ្ទះដែលចាប់អារម្មណ៍នោះ។
៣ និយាយភាសាផ្សេងគ្នាតែកិច្ចការដូចគ្នា : ពេលអ្នកផ្សាយពីក្រុមជំនុំផ្សេងផ្សព្វផ្សាយនៅតំបន់តែមួយដំណាលគ្នា តើត្រូវធ្វើយ៉ាងណា? សេចក្ដីស្រឡាញ់តាមគោលការណ៍គម្ពីរមិនអាចត្រូវរារាំងដោយសារសាសន៍ខុសគ្នាឡើយ។ យើងគ្រប់គ្នានឹងខំប្រមូលអារម្មណ៍ទៅលើសេចក្ដីត្រូវការរបស់មនុស្សក្នុងតំបន់ផ្សាយវិញ។ (យ៉ូន. ១៣:៣៤, ៣៥) ប្រសិនបើក្រុមឬក្រុមជំនុំភាសាផ្សេងនៅតំបន់ផ្សាយតែមួយដំណាលគ្នា អ្នកដឹកនាំត្រូវបង្ហាញសេចក្ដីសម្លូតឬចេះយោគយល់ហើយបង្ហាញសេចក្ដីស្រឡាញ់ ដោយសម្រេចថាក្រុមមួយណាទៅផ្សាយនៅតំបន់ផ្សេងសិន។—យ៉ា. ៣:១៧, ១៨
៤ គម្ពីរបានទាយថាមនុស្សពីគ្រប់ភាសានឹងឮដំណឹងល្អ។ (វិវរ. ១៤:៦, ៧) ដោយសហការយ៉ាងជិតស្និទ្ធរវាងក្រុមជំនុំនីមួយៗ នោះក្រុមជំនុំភាសាផ្សេងនឹងអាចជៀសវាងពីការទៅផ្សាយនៅផ្ទះតែមួយដូចគ្នា។ មនុស្សជាច្រើនទៀតនឹងទទួលដំណឹងល្អ រួមបញ្ចូលមនុស្សដែលនិយាយភាសាផ្សេងដែរ។—អេភ. ៤:១៦
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ហេតុអ្វីក៏សំខាន់ឲ្យយើងសហការគ្នា ពេលផ្សព្វផ្សាយក្នុងតំបន់ផ្សាយដូចគ្នា?
២. ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ តើយើងអាចសហការនឹងក្រុមឬក្រុមជំនុំដែលនិយាយភាសាផ្សេងយ៉ាងណា?
៣. តើយើងគួរមានប្រតិកម្មយ៉ាងណា ពេលអ្នកផ្សាយពីក្រុមជំនុំផ្សេងផ្សព្វផ្សាយនៅតំបន់ដែលយើងកំពុងតែផ្សព្វផ្សាយដែរ?
៤. តើទំនាយមួយណាក្នុងគម្ពីរដែលកំពុងតែសម្រេចសព្វថ្ងៃនេះ?