ជំពូកទី៩
វិធីផ្សព្វផ្សាយដំណឹងល្អ
ក្នុងនាមជាអ្នកផ្សព្វផ្សាយដំណឹងល្អដោយចិត្តខ្នះខ្នែង លោកយេស៊ូបានទុកគំរូឲ្យអ្នកកាន់តាមលោក។ លោកបានចេញទៅជួបមនុស្ស ដើម្បីនិយាយនិងបង្រៀនពួកគេនៅផ្ទះនិងនៅកន្លែងសាធារណៈ។ (ម៉ាថ. ៩:៣៥; ១៣:៣៦; លូក. ៨:១) លោកយេស៊ូបាននិយាយជាមួយនឹងបុគ្គលផ្សេងៗ ជាមួយបណ្ដាជនរាប់ពាន់នាក់ ហើយបានបង្រៀនអ្នកកាន់តាមលោកដោយឡែកពីគេទៀតផង។ (ម៉ាក. ៤:១០-១៣; ៦:៣៥-៤៤; យ៉ូន. ៣:២-២១) លោកឆ្លៀតយកគ្រប់ឱកាសដែលសមរម្យដើម្បីនិយាយលើកទឹកចិត្តមនុស្ស ហើយផ្ដល់សេចក្ដីសង្ឃឹមដល់ពួកគេ។ (លូក. ៤:១៦-១៩) សូម្បីតែនៅពេលដែលលោកចង់សម្រាកដើម្បីទទួលកម្លាំងឡើងវិញ លោកនៅតែឆ្លៀតឱកាសដើម្បីផ្សព្វផ្សាយ។ (ម៉ាក. ៦:៣០-៣៤; យ៉ូន. ៤:៤-៣៤) ការអានកំណត់ហេតុក្នុងគម្ពីរអំពីកិច្ចបម្រើរបស់លោកយេស៊ូ ពិតជាជំរុញចិត្តយើងឲ្យធ្វើតាមគំរូរបស់លោក មែនទេ? ដូចពួកសាវ័កដែរ យើងពិតជាចង់ធ្វើដូច្នេះមែន។—ម៉ាថ. ៤:១៩, ២០; លូក. ៥:២៧, ២៨; យ៉ូន. ១:៤៣-៤៥
២ សព្វថ្ងៃនេះ គ្រិស្តសាសនិកពិតអាចចូលរួមក្នុងកិច្ចការដែលលោកយេស៊ូគ្រិស្តបានចាប់ផ្ដើមធ្វើជិត២.០០០ឆ្នាំមុន។ សូមពិចារណាអំពីរបៀបដែលយើងអាចចូលរួមបាន។
កិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ
៣ ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងទទួលស្គាល់ប្រយោជន៍នៃការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះពីផ្ទះមួយទៅផ្ទះមួយ ដោយមានរបៀបរៀបរយ។ ដោយសារយើងតែងតែប្រើវិធីនេះ ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយបានក្លាយទៅជាសញ្ញាសម្គាល់នៃសាក្សីព្រះយេហូវ៉ា។ លទ្ធផលដ៏ល្អបញ្ជាក់ថាវិធីផ្សព្វផ្សាយនេះពិតជាមានប្រយោជន៍ ពីព្រោះមនុស្សរាប់លាននាក់បានឮដំណឹងល្អក្នុងរយៈពេលដ៏ខ្លី។ (ម៉ាថ. ១១:១៩; ២៤:១៤) កិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាវិធីដ៏ប្រសើរ ដើម្បីឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងអ្នកជិតខាង។—ម៉ាថ. ២២:៣៤-៤០
៤ សាក្សីព្រះយេហូវ៉ានៅសម័យយើងនេះមិនមែនជាអ្នកផ្ដើមកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយទេ។ សាវ័កប៉ូលបាននិយាយថាគាត់បានបង្រៀនមនុស្សនៅផ្ទះរបស់ពួកគេ ពេលគាត់ប្រាប់អំពីកិច្ចបម្រើផ្សាយរបស់គាត់ដល់អ្នកត្រួតពិនិត្យក្នុងក្រុមជំនុំនៅក្រុងអេភេសូរថា៖ «តាំងពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលតំបន់អាស៊ី . . . ខ្ញុំមិនបានខានប្រាប់អ្នករាល់គ្នានូវអ្វីៗដែលមានប្រយោជន៍ ក៏មិនបានខានបង្រៀនអ្នករាល់គ្នា . . . ពីផ្ទះមួយទៅផ្ទះមួយដែរ»។ ដោយប្រើវិធីនេះនិងវិធីផ្សេងទៀត ប៉ូល«បានធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ប្រាប់ពួកយូដានិងពួកក្រិចថា ពួកគេត្រូវប្រែចិត្ត បែរមកគោរពប្រណិប័តន៍ព្រះ ហើយមានជំនឿលើលោកម្ចាស់យេស៊ូ»។ (សកម្ម. ២០:១៨, ២០, ២១) នៅសម័យនោះ អធិរាជរ៉ូមជំរុញមនុស្សឲ្យគោរពបូជារូបព្រះ ហើយមនុស្សជាច្រើន‹មានចិត្តកោតខ្លាចព្រះផ្សេងៗ›។ ដូច្នេះ ជាការបន្ទាន់ដែលពួកគេស្វែងរក«ព្រះដែលបានបង្កើតពិភពលោកនិងអ្វីៗទាំងអស់ក្នុងពិភពលោក» គឺជាព្រះដែល«កំពុងប្រាប់មនុស្សជាតិនៅគ្រប់កន្លែងថា ពួកគេត្រូវប្រែចិត្ត»។—សកម្ម. ១៧:២២-៣១
៥ សព្វថ្ងៃនេះ ការផ្សាយដំណឹងល្អគឺជាកិច្ចការដែលបន្ទាន់ជាងមុនទៅទៀត។ ទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះកាន់តែជិតមកដល់ហើយ។ ដូច្នេះ នេះជំរុញចិត្តយើងឲ្យបង្កើនសកម្មភាពផ្សព្វផ្សាយ។ យើងទទួលស្គាល់ថា វិធីផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយគឺជាវិធីល្អបំផុតក្នុងការស្វែងរកមនុស្សដែលស្រេកឃ្លានចំពោះសេចក្ដីពិត។ វិធីផ្សព្វផ្សាយនេះពិតជាមានប្រសិទ្ធភាពនៅសព្វថ្ងៃនេះ ដូចនៅសម័យលោកយេស៊ូនិងពួកសាវ័កដែរ។—ម៉ាក. ១៣:១០
៦ តើអ្នកកំពុងចូលរួមយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយឬទេ? បើកំពុងធ្វើដូច្នេះ នោះអ្នកអាចប្រាកដថាព្រះយេហូវ៉ាពេញចិត្តនឹងអ្នក។ (អេស. ៩:១១; សកម្ម. ២០:៣៥) ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយប្រហែលជាមិនសូវស្រួលសម្រាប់អ្នកទេ។ ប្រហែលជាអ្នកមានបញ្ហាសុខភាព ឬត្រូវផ្សព្វផ្សាយនៅតំបន់ដែលមនុស្សភាគច្រើនមិនចង់ស្ដាប់ឬនៅកន្លែងដែលរដ្ឋាភិបាលបានដាក់បម្រាម។ អ្នកប្រហែលជាបុគ្គលដែលអៀនខ្មាស ហើយពិបាកចាប់ផ្ដើមនិយាយជាមួយមនុស្សដែលអ្នកមិនស្គាល់។ ហេតុនេះ រាល់ដងដែលអ្នកទៅផ្សព្វផ្សាយ អ្នកទំនងជាភ័យព្រួយ។ ប៉ុន្តែ សូមកុំធ្លាក់ទឹកចិត្តឡើយ។ (និក្ខ. ៤:១០-១២) បងប្អូននៅកន្លែងជាច្រើនទៀតក៏មានស្ថានភាពស្រដៀងនឹងអ្នកដែរ។
៧ លោកយេស៊ូបានសន្យាចំពោះអ្នកកាន់តាមលោកថា៖ «មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (ម៉ាថ. ២៨:២០) ពាក្យសន្យានោះផ្ដល់កម្លាំងចិត្តដល់យើង ក្នុងការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ យើងមានអារម្មណ៍ដូចសាវ័កប៉ូលដែលបាននិយាយថា៖ «ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។ (ភី. ៤:១៣) ចូរទាញយកប្រយោជន៍ឲ្យបានច្រើនបំផុតពីការរៀបចំរបស់ក្រុមជំនុំ ដើម្បីផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ដោយផ្សព្វផ្សាយជាមួយបងប្អូនឯទៀត អ្នកនឹងទទួលការលើកទឹកចិត្តនិងជំនួយដើម្បីបង្កើនសមត្ថភាពផ្សព្វផ្សាយ។ ចូរអធិដ្ឋានសុំជំនួយពីព្រះដើម្បីយកឈ្នះឧបសគ្គណាដែលអ្នកជួបប្រទះ ហើយខំប្រឹងអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយដំណឹងល្អ។—១យ៉ូន. ៥:១៤
៨ នៅពេលដែលអ្នកនិយាយជាមួយអ្នកឯទៀតអំពីដំណឹងល្អ អ្នកនឹងមានឱកាសប្រាប់អំពី‹មូលហេតុដែលអ្នកមានសេចក្ដីសង្ឃឹម›។ (១ពេ. ៣:១៥) អ្នកនឹងឃើញកាន់តែច្បាស់នូវភាពខុសគ្នារវាងអ្នកដែលមានសេចក្ដីសង្ឃឹមទៅលើរាជាណាចក្រព្រះ និងអ្នកដែលគ្មានសេចក្ដីសង្ឃឹមសោះ។ (អេ. ៦៥:១៣, ១៤) អ្នកនឹងមានអារម្មណ៍ស្កប់ចិត្តដោយដឹងថាអ្នកបានធ្វើតាមបង្គាប់របស់លោកយេស៊ូដែលថា «ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក»។ ម្យ៉ាងទៀត អ្នកប្រហែលជានឹងមានឯកសិទ្ធិជួយអ្នកឯទៀតឲ្យស្គាល់ព្រះយេហូវ៉ានិងសេចក្ដីពិតដែលនាំទៅឯជីវិតដែលគ្មានទីបញ្ចប់។—ម៉ាថ. ៥:១៦; យ៉ូន. ១៧:៣; ១ធី. ៤:១៦
៩ ជារៀងរាល់សប្ដាហ៍ ក្រុមជំនុំមានការរៀបចំនៅថ្ងៃផ្សេងៗដើម្បីផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ នៅតំបន់ដែលមិនសូវមានមនុស្សនៅផ្ទះពេលព្រឹកនិងពេលរសៀល ក្រុមជំនុំខ្លះបានរៀបចំទៅផ្សព្វផ្សាយនៅពេលល្ងាចវិញ។ ប្រសិនបើមនុស្សពិបាកទទួលភ្ញៀវនៅពេលព្រឹក ពួកគេប្រហែលជារាក់ទាក់ជាងនៅពេលល្ងាចវិញ។
ការស្វែងរកអ្នកណាដែលសមនឹងទទួលដំណឹងល្អ
១០ លោកយេស៊ូបានណែនាំអ្នកកាន់តាមលោកឲ្យ«ស្វែងរក»អ្នកដែលសមនឹងទទួលដំណឹងអំពីរាជាណាចក្រព្រះ។ (ម៉ាថ. ១០:១១) ដើម្បីស្វែងរកមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ លោកយេស៊ូមិនគ្រាន់តែផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយប៉ុណ្ណោះទេ តែលោកបានឆ្លៀតយកគ្រប់ឱកាសដែលសមរម្យ ដើម្បីផ្សព្វផ្សាយជាផ្លូវការនិងក្រៅផ្លូវការ។ (លូក. ៨:១; យ៉ូន. ៤:៧-១៥) ពួកសាវ័កក៏បានផ្សព្វផ្សាយដល់អ្នកឯទៀតនៅកន្លែងផ្សេងៗដែរ។—សកម្ម. ១៧:១៧; ២៨:១៦, ២៣, ៣០, ៣១
យើងមានគោលដៅផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រដល់មនុស្សគ្រប់រូបដែលយើងជួប
១១ ដូចគ្នាដែរនៅសព្វថ្ងៃនេះ យើងមានគោលដៅផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រដល់មនុស្សគ្រប់រូបដែលយើងជួប។ ដើម្បីសម្រេចគោលដៅនេះ យើងត្រូវធ្វើតាមគំរូរបស់លោកយេស៊ូនិងពួកសាវ័កក្នុងការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ បន្ថែមទៅទៀត យើងត្រូវយល់អំពីព្រឹត្តិការណ៍ផ្សេងៗដែលកំពុងកើតឡើងនៅសម័យយើង ហើយយល់អំពីស្ថានភាពខុសៗគ្នារបស់មនុស្សនៅតំបន់ផ្សាយ។ (១កូ. ៧:៣១) ជាឧទាហរណ៍ អ្នកផ្សាយបានទទួលលទ្ធផលល្អដោយផ្សព្វផ្សាយនៅកន្លែងពាណិជ្ជកម្ម។ ការផ្សព្វផ្សាយតាមផ្លូវជាវិធីមួយដែលមានប្រសិទ្ធភាពនៅប្រទេសជាច្រើន ហើយការផ្សព្វផ្សាយនៅឯសួនសាធារណៈ នៅចំណតឡានឬម៉ូតូ ឬនៅកន្លែងណាផ្សេងទៀតដែលមានមនុស្ស ក៏ជាវិធីដែលមានប្រសិទ្ធភាពដែរ។ ក្រុមជំនុំខ្លះតាំងបង្ហាញសៀវភៅ ដោយប្រើតុឬរទេះក្នុងតំបន់ផ្សាយរបស់ពួកគេ។ ម្យ៉ាងទៀត នៅប្រទេសខ្លះ ការិយាល័យសាខាប្រហែលជារៀបចំការផ្សព្វផ្សាយសាធារណៈពិសេសក្នុងក្រុងធំៗ នៅកន្លែងដែលមានមនុស្សជាច្រើនដើរ ដោយមានអ្នកផ្សាយពីក្រុមជំនុំផ្សេងៗចូលរួម។ ជាលទ្ធផល បុគ្គលណាដែលអ្នកផ្សាយមិនបានជួបនៅផ្ទះអាចឮដំណឹងល្អ។
១២ ពេលយើងជួបមនុស្សនៅកន្លែងសាធារណៈដែលចាប់អារម្មណ៍នឹងគម្ពីរ យើងអាចស្នើផ្ដល់សៀវភៅណាមួយដែលត្រូវនឹងចំណាប់អារម្មណ៍របស់ពួកគេ។ ដើម្បីបង្កើនចំណាប់អារម្មណ៍ពួកគេ អ្នកអាចផ្ដល់ព័ត៌មានសម្រាប់ទាក់ទងអ្នកហើយណាត់ជួបអ្នកចាប់អារម្មណ៍ម្ដងទៀត ណែនាំឲ្យពួកគេមើលគេហទំព័រjw.org ឬផ្ដល់អាសយដ្ឋាននៃកន្លែងជិតបំផុតដែលមានកិច្ចប្រជុំរបស់ក្រុមជំនុំ។ អ្នកប្រហែលជានឹងចូលចិត្តផ្សព្វផ្សាយនៅកន្លែងសាធារណៈ ដើម្បីបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក។
១៣ ក៏ប៉ុន្តែ គ្រិស្តសាសនិកនៅសព្វថ្ងៃនេះ មិនគ្រាន់តែប្រកាសប្រាប់ដំណឹងល្អប៉ុណ្ណោះទេ។ ដើម្បីជួយអ្នកឯទៀតឲ្យទទួលយកសេចក្ដីពិតដែលនាំទៅឯជីវិត អ្នកត្រូវត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ម្ដងហើយម្ដងទៀត ដើម្បីពួកគេអាចរីកចម្រើនទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។
ចូរត្រឡប់ទៅជួប
១៤ លោកយេស៊ូបានមានប្រសាសន៍ទៅអ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ . . . រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្ម. ១:៨) ប៉ុន្តែ លោកក៏បានប្រាប់ពួកគាត់ថា៖ «ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ . . . ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។ (ម៉ាថ. ២៨:១៩, ២០) ការត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ អាចនាំឲ្យអ្នកមានអំណរក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ មនុស្សដែលបង្ហាញចំណាប់អារម្មណ៍ចំពោះដំណឹងល្អពេលអ្នកបានជួបពួកគេនៅលើកដំបូង ទំនងជាសប្បាយចិត្តជួបអ្នកម្ដងទៀត។ ដោយប្រាប់ព័ត៌មានថែមទៀតពីគម្ពីរដល់ពួកគេ អ្នកអាចពង្រឹងជំនឿរបស់ពួកគេទៅលើព្រះ ក៏អាចជួយពួកគេយល់កាន់តែច្បាស់ថា ពួកគេត្រូវមានចំណងមិត្តភាពជាមួយនឹងលោក។ (ម៉ាថ. ៥:៣) បើអ្នករៀបចំឲ្យបានល្អ ហើយណាត់ត្រឡប់ទៅជួបនៅពេលដែលពួកគេទំនេរ នោះអ្នកប្រហែលជាអាចចាប់ផ្ដើមបង្រៀនគម្ពីរដល់ពួកគេបាន។ តាមធម្មតា ការបង្រៀនគម្ពីរជាគោលដៅរបស់អ្នកពេលធ្វើការត្រឡប់ទៅជួប។ យើងមិនគ្រាន់តែដាំគ្រាប់ពូជដែលជាតំណាងសេចក្ដីពិតប៉ុណ្ណោះទេ តែយើងក៏ស្រោចទឹកដែរ។—១កូ. ៣:៦
១៥ បងប្អូនខ្លះពិបាកធ្វើការត្រឡប់ទៅជួប។ អ្នកប្រហែលជាពូកែនិយាយពាក្យផ្សាយយ៉ាងខ្លីអំពីដំណឹងល្អ ហើយអ្នកប្រហែលជាចូលចិត្តផ្សព្វផ្សាយដូចនោះ។ ប៉ុន្តែ ពេលគិតអំពីការត្រឡប់ទៅជួបដើម្បីពិភាក្សាអំពីគម្ពីរថែមទៀត នោះប្រហែលជាពិបាកណាស់ចំពោះអ្នក។ ក៏ប៉ុន្តែ ការរៀបចំយ៉ាងល្អនឹងជួយអ្នកកាន់តែមានទំនុកចិត្ត។ សូមកុំភ្លេចប្រើយោបល់ដ៏ល្អដែលយើងទទួលនៅកិច្ចប្រជុំសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក។ អ្នកក៏អាចសុំឲ្យអ្នកផ្សាយដែលមានបទពិសោធន៍ច្រើនជាង ទៅជាមួយអ្នកដែរ។
ចូរបង្រៀនគម្ពីរតាមផ្ទះ
១៦ ពេលអ្នកផ្សព្វផ្សាយដំណឹងល្អម្នាក់ឈ្មោះភីលីពឃើញបុរសជនជាតិអេចូពីម្នាក់កំពុងអានបណ្ដាំរបស់ព្រះ នោះភីលីពសួរគាត់ថា៖ «តើអ្នកពិតជាយល់អ្វីដែលអ្នកកំពុងអានឬទេ?»។ បុរសនោះបានឆ្លើយថា៖ «តើខ្ញុំអាចយល់យ៉ាងដូចម្ដេចបាន ប្រសិនបើគ្មានអ្នកណាបង្រៀនខ្ញុំ?»។ កំណត់ហេតុក្នុងគម្ពីរនៅសកម្មភាពជំពូកទី៨រៀបរាប់ថា ភីលីពបាន«ប្រកាសប្រាប់គាត់នូវដំណឹងល្អអំពីលោកយេស៊ូ»។ មុនបង្អស់ ភីលីពប្រើបទគម្ពីរដែលបុរសនោះកំពុងអាន។ (សកម្ម. ៨:២៦-៣៦) យើងមិនដឹងថាភីលីពបានចំណាយពេលប៉ុន្មានដើម្បីផ្សព្វផ្សាយដល់បុរសនោះទេ តែភីលីពបានពន្យល់អំពីដំណឹងល្អរហូតដល់បុរសនោះបានក្លាយទៅជាអ្នកជឿ ហើយសុំទទួលការជ្រមុជទឹក។ គាត់បានក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត។
១៧ សព្វថ្ងៃនេះ មនុស្សជាច្រើនមិនសូវស្គាល់គម្ពីរទេ។ ដូច្នេះ យើងប្រហែលជាត្រូវត្រឡប់ទៅជួបជាច្រើនដង ហើយបង្រៀនពួកគេយ៉ាងស៊ីជម្រៅអស់ប៉ុន្មានសប្ដាហ៍ ប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ទើបពួកគេមានជំនឿមាំមួន ហើយមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។ ប៉ុន្តែ ពេលអ្នកបង្ហាញចិត្តអត់ធ្មត់និងសេចក្ដីស្រឡាញ់ដោយជួយឲ្យមនុស្សដែលមានចិត្តស្មោះក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ នោះអ្នកនឹងទទួលរង្វាន់ ដូចដែលលោកយេស៊ូបានមានប្រសាសន៍ថា៖ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។—សកម្ម. ២០:៣៥
១៨ អ្នកច្បាស់ជាចង់បង្រៀនគម្ពីរតាមផ្ទះ ដោយប្រើសៀវភៅណាមួយសម្រាប់បង្រៀនគម្ពីរ។ សូមធ្វើតាមការណែនាំដែលមានក្នុងកិច្ចប្រជុំសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក ហើយបង្រៀនអ្នកឯទៀតជាមួយអ្នកផ្សាយដែលមានបទពិសោធន៍។ ដោយធ្វើដូច្នេះ អ្នកអាចជួយឲ្យអ្នកឯទៀតក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត ព្រោះអ្នកនឹងមានសមត្ថភាពបង្រៀនសិស្សគម្ពីរដែលរីកចម្រើន។
១៩ បើអ្នកមិនសូវចេះរកសិស្សគម្ពីរថ្មីនិងបង្រៀនគម្ពីរតាមផ្ទះ នោះអ្នកអាចសុំជំនួយពីអ្នកត្រួតពិនិត្យណាម្នាក់ ឬពីបងប្អូនរួមជំនឿណាម្នាក់ដែលពូកែបង្រៀនគម្ពីរ។ យោបល់ក្នុងកិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំដែលបានត្រូវសម្ដែងក្នុងកិច្ចប្រជុំនោះ អាចជួយឲ្យអ្នកចេះបង្រៀនគម្ពីរ។ ចូរពឹងផ្អែកលើព្រះយេហូវ៉ា ហើយអធិដ្ឋានទៅលោកអំពីបំណងចិត្តរបស់អ្នក។ (១យ៉ូន. ៣:២២) ដូច្នេះ បើអាចធ្វើបាន សូមមានគោលដៅបង្រៀនគម្ពីរតាមផ្ទះ ក្រៅពីបង្រៀនសមាជិកក្រុមគ្រួសារ។ បើអ្នកបង្រៀនគម្ពីរតាមផ្ទះ នោះអ្នកនឹងមានអំណរកាន់តែច្រើនឡើងក្នុងកិច្ចបម្រើផ្សាយ។
ចូរណែនាំអ្នកចាប់អារម្មណ៍ឲ្យស្គាល់អង្គការរបស់ព្រះយេហូវ៉ា
២០ ពេលយើងជួយមនុស្សឲ្យស្គាល់ព្រះយេហូវ៉ា ហើយក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត នោះពួកគេនឹងចូលក្រុមជំនុំគ្រិស្តសាសនិក។ ប្រសិនបើសិស្សគម្ពីរទទួលស្គាល់ហើយសហការជាមួយអង្គការរបស់ព្រះយេហូវ៉ា នោះពួកគេនឹងរីកចម្រើនហើយមានភាពចាស់ទុំក្នុងការគោរពប្រណិប័តន៍ព្រះ។ ការបង្រៀនពួកគេអំពីរបៀបសហការជាមួយអង្គការរបស់ព្រះយេហូវ៉ាគឺសំខាន់ណាស់។ ដើម្បីធ្វើដូច្នេះ អ្នកអាចប្រើវីដេអូផ្សេងៗនិងសៀវភៅស្តើងនៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា? អ្នកក៏អាចប្រើព័ត៌មានខ្លះក្នុងជំពូកទី៤នៃសៀវភៅនេះបានដែរ។
២១ ចាប់ពីលើកដំបូងដែលអ្នកបង្រៀនសិស្សគម្ពីរ សូមជួយគាត់ឲ្យយល់ថា សព្វថ្ងៃនេះព្រះយេហូវ៉ាកំពុងប្រើអង្គការមួយ ដើម្បីសម្រេចកិច្ចផ្សព្វផ្សាយនៅផែនដី។ សូមប្រាប់គាត់អំពីប្រយោជន៍នៃសៀវភៅដែលជួយយើងសិក្សាគម្ពីរ ហើយសូមពន្យល់ថា សៀវភៅនោះបានត្រូវបោះពុម្ពនិងចែកចាយទូទាំងពិភពលោក ដោយអ្នកស្ម័គ្រចិត្តដែលខំបម្រើព្រះ។ សូមអញ្ជើញសិស្សគម្ពីរឲ្យចូលរួមកិច្ចប្រជុំនៅសាលប្រជុំជាមួយអ្នក។ សូមពន្យល់គាត់អំពីដំណើរការនៃកិច្ចប្រជុំ ហើយណែនាំគាត់ឲ្យស្គាល់បងប្អូនក្នុងក្រុមជំនុំ។ កាលណាមានសន្និបាតនិងមហាសន្និបាត សូមណែនាំសិស្សគម្ពីរឲ្យស្គាល់សាក្សីឯទៀត។ នៅពេលនោះនិងនៅពេលផ្សេងទៀត សូមឲ្យអ្នកថ្មីឃើញដោយផ្ទាល់ភ្នែក អំពីរបៀបដែលរាស្ត្ររបស់ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដែលជាសញ្ញាសម្គាល់នៃគ្រិស្តសាសនិកពិត។ (យ៉ូន. ១៣:៣៥) ពេលដែលអ្នកចាប់អារម្មណ៍កាន់តែមានចិត្តកតញ្ញូចំពោះអង្គការរបស់ព្រះយេហូវ៉ា នោះគាត់នឹងកាន់តែចូលទៅជិតលោក។
ការប្រើសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ
២២ គ្រិស្តសាសនិកនៅសម័យដើម បានផ្សព្វផ្សាយបណ្ដាំរបស់ព្រះដោយចិត្តខ្នះខ្នែង។ ពួកគេបានចម្លងផ្នែកផ្សេងៗពីគម្ពីរដើម្បីសិក្សាខ្លួនឯង និងដើម្បីសិក្សាក្នុងក្រុមជំនុំ។ ពួកគេបានលើកទឹកចិត្តអ្នកឯទៀតឲ្យរៀនសេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះ។ ឯកសារចម្លងដោយដៃនោះគឺមានតិចណាស់ ហើយជាអ្វីដែលមានតម្លៃបំផុត។ (កូឡ. ៤:១៦; ២ធី. ២:១៥; ៣:១៤-១៧; ៤:១៣; ១ពេ. ១:១) សព្វថ្ងៃនេះ សាក្សីព្រះយេហូវ៉ាប្រើម៉ាស៊ីនទំនើបដើម្បីបោះពុម្ពសៀវភៅរាប់រយលានក្បាលក្នុងរាប់រយភាសា។ សៀវភៅទាំងនោះរួមបញ្ចូលគម្ពីរ និងជំនួយសម្រាប់សិក្សាគម្ពីរដូចជា ខិត្តប័ណ្ណ សៀវភៅស្តើង សៀវភៅ និងទស្សនាវដ្ដី។
២៣ អង្គការរបស់ព្រះយេហូវ៉ាបានរៀបចំសៀវភៅផ្សេងៗជាជំនួយសិក្សាគម្ពីរ ដូច្នេះចូរប្រើសៀវភៅទាំងនោះពេលអ្នកផ្សព្វផ្សាយដំណឹងល្អ។ អ្នកផ្ទាល់បានទទួលប្រយោជន៍ជាច្រើនពីការអាននិងសិក្សាសៀវភៅរបស់សាក្សីព្រះយេហូវ៉ា ដូច្នេះ អ្នកច្បាស់ជាចង់ស្នើផ្ដល់សៀវភៅដូចនេះដល់អ្នកឯទៀតដែរ។—ហេ. ១៣:១៥, ១៦
២៤ សព្វថ្ងៃនេះ មនុស្សកាន់តែច្រើនប្រើប្រព័ន្ធអ៊ីនធឺណិតជាវិធីចម្បងដើម្បីទទួលព័ត៌មាន។ ដូច្នេះ ក្រៅពីសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ គេហទំព័រjw.orgដែលជាគេហទំព័រផ្លូវការរបស់យើង ជាឧបករណ៍មួយដែលមានប្រសិទ្ធភាពក្នុងការផ្សាយដំណឹងល្អ។ មនុស្សម្នាក់ៗនៅទូទាំងពិភពលោក អាចប្រើកុំព្យូទ័រដើម្បីអានគម្ពីរនិងសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ ឬស្ដាប់ឯកសារសំឡេងនៃគម្ពីរនិងសៀវភៅទាំងនោះ ក្នុងរាប់រយភាសា។ ពួកអ្នកដែលស្ទាក់ស្ទើរសន្ទនាជាមួយយើង ឬដែលរស់នៅតំបន់ដែលធ្វើឲ្យពួកគេមិនសូវមានឱកាសជួបសាក្សីព្រះយេហូវ៉ា ពួកគេអាចស្រាវជ្រាវអំពីជំនឿរបស់យើងដោយខ្លួនឯងនៅផ្ទះ តាមរយៈគេហទំព័រjw.org។
២៥ ហេតុនេះ យើងផ្សាយអំពីគេហទំព័រjw.orgនៅគ្រប់ឱកាសដែលសមរម្យ។ បើម្ចាស់ផ្ទះសួរអំពីជំនឿរបស់យើង ភ្លាមៗនោះយើងអាចប្រើទូរស័ព្ទដៃឬកុំព្យូទ័របន្ទះស្តើង ដើម្បីបង្ហាញចម្លើយពីគេហទំព័ររបស់យើង។ បើយើងជួបបុគ្គលម្នាក់ដែលនិយាយភាសាផ្សេង រួមបញ្ចូលភាសាសញ្ញា យើងអាចប្រាប់គាត់អំពីគេហទំព័ររបស់យើង ដើម្បីគាត់អាចអានគម្ពីរនិងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ ជាភាសារបស់គាត់។ អ្នកផ្សាយជាច្រើនបានប្រើវីដេអូក្នុងគេហទំព័ររបស់យើងដើម្បីចាប់ផ្ដើមពិភាក្សាអំពីគម្ពីរ។
ការផ្សព្វផ្សាយក្រៅផ្លូវការ
២៦ លោកយេស៊ូមានប្រសាសន៍ទៅអ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នាជាពន្លឺបំភ្លឺពិភពលោក . . . ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក។ យ៉ាងនោះ ពួកគេនឹងសរសើរបិតារបស់អ្នកដែលនៅស្ថានសួគ៌ ពេលដែលឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត»។ (ម៉ាថ. ៥:១៤-១៦) អ្នកឯទៀតបានឃើញថា អ្នកកាន់តាមលោកយេស៊ូមានការប្រព្រឹត្តដែលព្រះពេញចិត្ត ព្រោះពួកគេធ្វើតាមគំរូរបស់លោកយេស៊ូដែលមានប្រសាសន៍ថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ លោកយេស៊ូបានទុកគំរូឲ្យគ្រិស្តសាសនិក ព្រោះលោកបានធ្វើឲ្យ«ពន្លឺនៃជីវិត»បំភ្លឺដល់អស់អ្នកដែលព្រមស្ដាប់។—យ៉ូន. ៨:១២
២៧ សាវ័កប៉ូលក៏បានទុកគំរូល្អឲ្យយើងដែរ។ (១កូ. ៤:១៦; ១១:១) ពេលគាត់នៅក្រុងអាថែន គាត់បានផ្សព្វផ្សាយរៀងរាល់ថ្ងៃដល់អស់អ្នកដែលគាត់ជួបនៅផ្សារ។ (សកម្ម. ១៧:១៧) គ្រិស្តសាសនិកនៅក្រុងភីលីពបានធ្វើតាមគំរូរបស់គាត់។ ហេតុនេះហើយបានជាប៉ូលអាចសរសេរថា ពួកគេជា«ពន្លឺដែលកំពុងភ្លឺ»«ក្នុងចំណោមជំនាន់មនុស្សខូចនិងវៀចវេរ»។ (ភី. ២:១៥) សព្វថ្ងៃនេះ យើងអាចបញ្ចាំងពន្លឺដែលជាសេចក្ដីពិតអំពីរាជាណាចក្រព្រះ តាមរយៈការប្រព្រឹត្តនិងពាក្យសម្ដីរបស់យើង ជាពិសេសនៅពេលណាដែលយើងមានឱកាសប្រាប់អ្នកឯទៀតអំពីដំណឹងល្អ។ មែនហើយ គំរូដ៏ល្អរបស់យើងជាមនុស្សសុចរិតទៀងត្រង់ អាចធ្វើឲ្យអ្នកឯទៀតឃើញថាយើងខុសគ្នាពីពិភពលោកនេះ។ ក៏ប៉ុន្តែ បើយើងប្រាប់ដំណឹងល្អដល់ពួកគេ នោះពួកគេនឹងដឹងអំពីមូលហេតុដែលយើងខុសគ្នាពីមនុស្សឯទៀត។
២៨ ក្នុងជីវិតប្រចាំថ្ងៃ សាក្សីព្រះយេហូវ៉ាជាច្រើននាក់ផ្សព្វផ្សាយដំណឹងល្អដល់មនុស្សដែលពួកគេជួបនៅកន្លែងធ្វើការ សាលារៀន ឡានក្រុង ឬពេលធ្វើកិច្ចការផ្សេងទៀត។ ពេលធ្វើដំណើរ នោះយើងអាចផ្សព្វផ្សាយដល់អ្នកធ្វើដំណើរជាមួយ។ យើងម្នាក់ៗគួរប្រុងប្រៀបយកឱកាសពីការសន្ទនាធម្មតា ដើម្បីប្រាប់អំពីដំណឹងល្អ។ សូមយើងម្នាក់ៗត្រៀមខ្លួនជាស្រេចដើម្បីផ្សព្វផ្សាយនៅគ្រប់ពេលដែលសមរម្យ។
២៩ យើងនឹងខំព្យាយាមធ្វើដូច្នេះបើយើងចាំថា យើងកំពុងសរសើរដល់ព្រះដែលបានបង្កើតយើងនិងលើកកិត្តិយសនាមរបស់លោក។ នៅដំណាលគ្នានោះ យើងក៏អាចជួយឲ្យមនុស្សស្មោះត្រង់បានស្គាល់ព្រះយេហូវ៉ាដើម្បីពួកគេអាចបម្រើលោកដែរ ហើយមានសេចក្ដីសង្ឃឹមទទួលជីវិតតាមរយៈជំនឿទៅលើលោកយេស៊ូគ្រិស្ត។ ព្រះយេហូវ៉ាពេញចិត្តនឹងកិច្ចការទាំងអស់នេះដែលជាកិច្ចការពិសិដ្ឋ។—ហេ. ១២:២៨; បប. ៧:៩, ១០
តំបន់ផ្សាយ
៣០ ព្រះយេហូវ៉ាមានបំណងប្រាថ្នាឲ្យយើងផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រព្រះ នៅគ្រប់ជនបទនិងគ្រប់ក្រុងទូទាំងពិភពលោក។ ម្ល៉ោះហើយ ក្រុមជំនុំនានា និងបងប្អូនម្នាក់ៗដែលផ្សព្វផ្សាយនៅតំបន់ដាច់ស្រយាល ទទួលតំបន់ផ្សាយពីការិយាល័យសាខា។ (១កូ. ១៤:៤០) ការរៀបចំនេះគឺស្របតាមអ្វីដែលព្រះបានចាត់ចែងនៅសតវត្សរ៍ទី១។ (២កូ. ១០:១៣; កាឡ. ២:៩) នៅគ្រាចុងក្រោយបង្អស់នេះ ការផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រព្រះកំពុងរីកចម្រើនយ៉ាងលឿន ដូច្នេះយើងនឹងសម្រេចកិច្ចការបានច្រើន បើតំបន់ផ្សាយសម្រាប់ក្រុមជំនុំនីមួយៗបានត្រូវរៀបចំដោយមានរបៀបរៀបរយ។
៣១ អ្នកត្រួតពិនិត្យកិច្ចបម្រើជាអ្នកត្រួតពិនិត្យលើតំបន់ផ្សាយរបស់ក្រុមជំនុំ។ ជំនួយការខាងកិច្ចបម្រើអាចធ្វើជាអ្នកចាត់ចែងផែនទីផ្សាយ។ ផែនទីផ្សាយមានពីរយ៉ាង គឺផែនទីសម្រាប់ផ្សព្វផ្សាយផ្ទាល់ខ្លួន និងផែនទីសម្រាប់ផ្សព្វផ្សាយជាក្រុម។ បើក្រុមជំនុំមានតំបន់ផ្សាយតូច អ្នកត្រួតពិនិត្យក្រុមនឹងមានផែនទីផ្សាយសម្រាប់បងប្អូននៅក្នុងក្រុមរបស់គាត់។ ផ្ទុយទៅវិញ បើក្រុមជំនុំមានតំបន់ផ្សាយធំ អ្នកផ្សាយម្នាក់ៗអាចយកផែនទីសម្រាប់ផ្សព្វផ្សាយផ្ទាល់ខ្លួន។
៣២ អ្នកផ្សាយដែលមានផែនទីផ្ទាល់ខ្លួន នឹងមានកន្លែងផ្សព្វផ្សាយនៅពេលដែលគ្មានកិច្ចប្រជុំផ្សព្វផ្សាយ ឬនៅពេលដែលមិនអាចទៅក្រុមផ្សព្វផ្សាយដោយសារមូលហេតុណាមួយ។ ជាឧទាហរណ៍ អ្នកផ្សាយខ្លះយកផែនទីផ្សាយដែលនៅជិតកន្លែងធ្វើការ ដូច្នេះពួកគេអាចផ្សព្វផ្សាយនៅពេលបាយថ្ងៃត្រង់ឬក្រោយម៉ោងធ្វើការ។ ក្រុមគ្រួសារខ្លះយកផែនទីផ្សាយដែលនៅជិតផ្ទះរបស់ពួកគេ ដូច្នេះពួកគេអាចផ្សព្វផ្សាយនៅពេលល្ងាច។ បើអ្នកផ្សាយមានផែនទីផ្សាយនៅកន្លែងដែលស្រួលសម្រាប់គាត់ នោះគាត់អាចឆ្លៀតឱកាសផ្សព្វផ្សាយឲ្យបានច្រើនបំផុត។ បងប្អូនដែលមានផែនទីសម្រាប់ផ្សព្វផ្សាយផ្ទាល់ខ្លួនក៏អាចទៅកិច្ចប្រជុំផ្សព្វផ្សាយ រួចមកនាំអ្នកផ្សាយឯទៀតទៅតំបន់ផ្សាយនោះដែរ។ បើអ្នកចង់បានផែនទីផ្សាយផ្ទាល់ខ្លួន អ្នកអាចសុំពីបងប្រុសដែលមើលការខុសត្រូវផ្នែកតំបន់ផ្សាយ។
៣៣ ទោះជាអ្នកផ្សាយយកផែនទីសម្រាប់ផ្សព្វផ្សាយផ្ទាល់ខ្លួន ឬអ្នកត្រួតពិនិត្យក្រុមយកផែនទីសម្រាប់ផ្សព្វផ្សាយជាក្រុមក៏ដោយ បុគ្គលដែលបានចុះឈ្មោះទទួលផែនទីផ្សាយនឹងព្យាយាមធ្វើឲ្យប្រាកដថាបានជួបបុគ្គលម្នាក់នៅគ្រប់ផ្ទះទាំងអស់។ ពេលផ្សព្វផ្សាយ សូមធ្វើតាមច្បាប់ដែលរក្សាការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃ។ អ្នកត្រួតពិនិត្យក្រុមឬអ្នកផ្សាយណាដែលចុះឈ្មោះទទួលផែនទីផ្សាយ គួរព្យាយាមផ្សព្វផ្សាយរួចរាល់នៅផែនទីនោះក្នុងរយៈពេលបួនខែ។ ក្រោយមក គាត់គួរប្រាប់អ្នកមើលការខុសត្រូវផ្នែកតំបន់ផ្សាយ។ រួចមក អ្នកត្រួតពិនិត្យក្រុមឬអ្នកផ្សាយអាចទុកផែនទីផ្សាយដើម្បីផ្សព្វផ្សាយម្ដងទៀត ឬក៏អាចជូនដល់អ្នកមើលការខុសត្រូវផ្នែកតំបន់ផ្សាយវិញ ស្របតាមកាលៈទេសៈ។
៣៤ ពេលដែលបងប្អូនទាំងអស់គ្នាក្នុងក្រុមជំនុំសហការគ្នា នោះបងប្អូនអាចផ្សព្វផ្សាយក្នុងតំបន់ផ្សាយបានសព្វគ្រប់។ ក្រុមផ្សាយផ្សេងគ្នាក៏អាចជៀសវាងពីការផ្សព្វផ្សាយនៅតំបន់តែមួយនៅពេលដំណាលគ្នា ព្រោះនេះអាចធ្វើឲ្យម្ចាស់ផ្ទះខឹង។ ការធ្វើដូច្នេះបង្ហាញថា យើងយកចិត្តទុកដាក់ចំពោះបងប្អូនយើងនិងមនុស្សក្នុងតំបន់ផ្សាយ។
ចូរសហការគ្នាដើម្បីផ្សព្វផ្សាយដល់មនុស្សគ្រប់ភាសា
៣៥ មនុស្សទាំងអស់ត្រូវរៀនអំពីព្រះយេហូវ៉ា បុត្ររបស់លោក និងរាជាណាចក្ររបស់ព្រះ។ (បប. ១៤:៦, ៧) យើងពិតជាចង់ជួយមនុស្សគ្រប់ភាសាឲ្យហៅរកនាមព្រះយេហូវ៉ាដើម្បីទទួលសេចក្ដីសង្គ្រោះ ហើយបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មីដែលសមជាគ្រិស្តសាសនិក។ (រ៉ូម ១០:១២, ១៣; កូឡ. ៣:១០, ១១) ប៉ុន្តែ ពេលយើងផ្សាយដំណឹងល្អក្នុងតំបន់ដែលមានមនុស្សនិយាយភាសាផ្សេងៗ តើយើងនឹងជួបប្រទះឧបសគ្គអ្វីខ្លះ? តើយើងអាចយកឈ្នះឧបសគ្គទាំងនោះយ៉ាងដូចម្ដេច ដើម្បីជួយមនុស្សឲ្យបានច្រើនបំផុតឮដំណឹងល្អអំពីរាជាណាចក្រព្រះ ជាភាសារបស់ពួកគេ?—រ៉ូម ១០:១៤
៣៦ តំបន់ផ្សាយបានត្រូវកំណត់ឲ្យក្រុមជំនុំនីមួយៗស្របតាមភាសា។ ម្ល៉ោះហើយ នៅតំបន់ដែលមានភាសាផ្សេងៗ អ្នកផ្សាយពីក្រុមជំនុំផ្សេងៗអាចផ្សាយក្នុងតំបន់តែមួយនោះ។ ក្នុងករណីបែបនេះ ជាការល្អបំផុតបើអ្នកផ្សាយពីក្រុមជំនុំនីមួយៗផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសារបស់ក្រុមជំនុំនោះ។ ការរៀបចំនេះក៏សំដៅលើការចែកលិខិតអញ្ជើញក្នុងសកម្មភាពពិសេសប្រចាំឆ្នាំដែរ។ ក៏ប៉ុន្តែ ពេលអ្នកផ្សាយចូលរួមកិច្ចផ្សព្វផ្សាយជាសាធារណៈនិងកិច្ចផ្សព្វផ្សាយក្រៅផ្លូវការ ពួកគេអាចនិយាយជាមួយអ្នកណាក៏បាន ហើយស្នើផ្ដល់សៀវភៅភាសាណាក៏បាន។
៣៧ ក្នុងករណីខ្លះ ក្រុមជំនុំភាសាផ្សេងមិនអាចផ្សព្វផ្សាយជាទៀងទាត់នៅតំបន់ផ្សាយដែលឆ្ងាយជាង។ បើដូច្នេះ អ្នកត្រួតពិនិត្យកិច្ចបម្រើក្នុងក្រុមជំនុំដែលពាក់ព័ន្ធ គួរទាក់ទងគ្នាដើម្បីរកឃើញរបៀបផ្សព្វផ្សាយបានសព្វគ្រប់ក្នុងតំបន់ផ្សាយ។ ជាលទ្ធផល មនុស្សទាំងឡាយនឹងមានឱកាសឮដំណឹងល្អអំពីរាជាណាចក្រព្រះ ហើយអ្នកផ្សាយអាចជៀសវាងពីការផ្សព្វផ្សាយផ្ទួនគ្នាក្នុងតំបន់ផ្សាយ។—សុភ. ១៥:២២
៣៨ បើយើងជួបម្ចាស់ផ្ទះដែលនិយាយភាសាផ្សេង តើយើងគួរធ្វើយ៉ាងណា? យើងមិនគួរសន្និដ្ឋានថាអ្នកផ្សាយដែលនិយាយភាសាគាត់ ប្រាកដជានឹងមកជួបគាត់ទេ។ អ្នកផ្សាយខ្លះរៀនពាក្យផ្សាយខ្លីៗជាភាសាផ្សេងដែលពួកគេជួបជាញឹកញយក្នុងតំបន់ផ្សាយ។ យើងអាចបង្ហាញអ្នកដែលនិយាយភាសាផ្សេងអំពីរបៀបប្រើគេហទំព័រjw.org ដែលជាគេហទំព័រផ្លូវការរបស់យើង ដើម្បីឲ្យគាត់អានឬថតចម្លងសៀវភៅផ្សេងៗជាភាសារបស់គាត់ ឬយើងអាចយកសៀវភៅជាភាសាគាត់មកជូននៅពេលក្រោយក៏បាន។
៣៩ បើបុគ្គលនោះពិតជាចាប់អារម្មណ៍ យើងគួរព្យាយាមស្វែងរកអ្នកណាម្នាក់ដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីជួយគាត់ជាភាសារបស់គាត់។ យើងអាចប្រាប់គាត់អំពីកន្លែងនៃកិច្ចប្រជុំដែលប្រើភាសាគាត់ នៅជិតតំបន់គាត់។ បើគាត់ចង់ឲ្យអ្នកណាម្នាក់ទាក់ទងគាត់ដោយនិយាយភាសារបស់គាត់ នោះយើងអាចបង្ហាញអំពីរបៀបបំពេញព័ត៌មានសម្រាប់ទាក់ទងគាត់ក្នុងគេហទំព័រjw.org។ បន្ទាប់មក ការិយាល័យសាខានឹងព្យាយាមទាក់ទងអ្នកផ្សាយ ក្រុម ឬក្រុមជំនុំដែលអាចជួយគាត់ថែមទៀត។
៤០ យើងគួរបន្តទៅជួបអ្នកចាប់អារម្មណ៍នោះ រហូតដល់គាត់ប្រាប់យើងថាមានអ្នកផ្សាយណាម្នាក់ដែលនិយាយភាសាគាត់បានទៅជួបគាត់រួចហើយ។ ក្នុងករណីខ្លះ ការិយាល័យសាខានឹងប្រាប់អ្នកចាស់ទុំថា ពួកគាត់រកមិនឃើញអ្នកផ្សាយដែលអាចនិយាយភាសារបស់អ្នកចាប់អារម្មណ៍ឡើយ។ បើដូច្នេះ យើងគួរបន្តព្យាយាមបង្កើនចំណាប់អារម្មណ៍របស់អ្នកដែលនិយាយភាសាផ្សេងនោះ។ ប្រហែលជាយើងអាចបង្រៀនគម្ពីរដល់គាត់ដោយប្រើសៀវភៅជាភាសារបស់គាត់។ បើយើងប្រើរូបភាព ហើយសុំឲ្យគាត់អានខគម្ពីរក្នុងសៀវភៅ នោះគាត់នឹងយល់សេចក្ដីបង្រៀនខ្លះពីគម្ពីរ។ សមាជិកគ្រួសាររបស់គាត់ដែលអាចនិយាយភាសាគាត់និងភាសាក្នុងតំបន់ ប្រហែលជាសុខចិត្តបកប្រែឲ្យគាត់។
៤១ ដើម្បីជួយអ្នកចាប់អារម្មណ៍ឲ្យស្គាល់អង្គការព្រះយេហូវ៉ា យើងគួរអញ្ជើញគាត់ឲ្យមកកិច្ចប្រជុំ ទោះបីជាគាត់មិនសូវយល់កម្មវិធីប្រជុំក៏ដោយ។ ពេលក្រុមជំនុំអានខគម្ពីរ យើងអាចជួយរកខគម្ពីរនោះក្នុងគម្ពីរជាភាសារបស់គាត់ បើមាន។ ដោយសេពគប់ជាមួយនឹងបងប្អូនក្នុងក្រុមជំនុំ គាត់នឹងទទួលការលើកទឹកចិត្ត ហើយនេះនឹងជួយឲ្យគាត់បន្តរីកចម្រើនខាងការគោរពប្រណិប័តន៍ព្រះ។
៤២ ក្រុមក្រៅផ្លូវការ: ក្រុមក្រៅផ្លូវការមានអ្នកផ្សាយមួយចំនួនដែលផ្សព្វផ្សាយជាភាសាផ្សេងពីភាសារបស់ក្រុមជំនុំ ទោះជាគ្មានអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីដឹកនាំកិច្ចប្រជុំណាមួយរាល់សប្ដាហ៍ក្នុងភាសារបស់ក្រុមនោះក្ដី។ ការិយាល័យសាខាអាចអនុញ្ញាតឲ្យក្រុមជំនុំមួយគាំទ្រក្រុមក្រៅផ្លូវការ បើតម្រូវការខាងក្រោមនេះបានត្រូវបំពេញរួចហើយ៖
(១) មនុស្សជាច្រើនក្នុងតំបន់នោះនិយាយភាសាផ្សេងពីភាសារបស់ក្រុមជំនុំ។
(២) យ៉ាងហោចណាស់អ្នកផ្សាយខ្លះចេះភាសានោះ ឬព្រមរៀនភាសានោះ។
(៣) ក្រុមអ្នកចាស់ទុំយល់ព្រមនាំមុខរៀបចំកិច្ចបម្រើផ្សាយក្នុងភាសានោះ។
បើក្រុមអ្នកចាស់ទុំចង់គាំទ្រក្រុមក្រៅផ្លូវការ អ្នកចាស់ទុំទាំងនោះគួរពិភាក្សាជាមួយអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ប្រហែលជាគាត់ដឹងអំពីក្រុមជំនុំផ្សេងដែលព្យាយាមផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសានោះ ហើយគាត់អាចផ្ដល់ព័ត៌មានសំខាន់ដើម្បីជួយធ្វើការសម្រេចចិត្តអំពីក្រុមជំនុំណាដែលល្អបំផុតដើម្បីគាំទ្រក្រុមក្រៅផ្លូវការនោះ។ ក្រោយពីក្រុមជំនុំមួយបានត្រូវជ្រើសរើស អ្នកចាស់ទុំគួរសរសេរសំបុត្រស្នើសុំទៅការិយាល័យសាខា ដើម្បីសុំការអនុញ្ញាតធ្វើជាក្រុមជំនុំដែលគាំទ្រក្រុមក្រៅផ្លូវការ។
៤៣ ក្រុម: ការិយាល័យសាខាអាចអនុញ្ញាតឲ្យក្រុមជំនុំគាំទ្រក្រុមមួយ បើតម្រូវការខាងក្រោមនេះបានត្រូវបំពេញរួចហើយ៖
(១) មានអ្នកចាប់អារម្មណ៍ល្មមគ្រប់គ្រាន់ដែលនិយាយភាសានោះ ហើយមើលទៅក្រុមនោះនឹងរីកចម្រើននាថ្ងៃអនាគត។
(២) យ៉ាងហោចណាស់មានអ្នកផ្សាយមួយចំនួនតូច ដែលចេះភាសាឬកំពុងតែរៀនភាសានោះ។
(៣) មានអ្នកចាស់ទុំម្នាក់ឬជំនួយការខាងកិច្ចបម្រើម្នាក់ដែលមានគុណសម្បត្តិគ្រប់គ្រាន់ ដែលអាចនាំមុខនិងដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍យ៉ាងហោចណាស់មួយ ឬផ្នែកមួយនៃកិច្ចប្រជុំប្រចាំសប្ដាហ៍ ដូចជាថ្លែងសុន្ទរកថាសាធារណៈឬដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាមជាភាសានោះ។
បើបំពេញតម្រូវការខាងលើបានល្មមគ្រប់គ្រាន់ហើយ នោះក្រុមអ្នកចាស់ទុំគួរសរសេរសំបុត្រដែលមានព័ត៌មានសព្វគ្រប់ទៅការិយាល័យសាខា ដើម្បីសុំធ្វើជាក្រុមជំនុំដែលគាំទ្រក្រុម។ អ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើដែលនាំមុខ នឹងត្រូវហៅថា«អ្នកត្រួតពិនិត្យក្រុម»ឬ«ជំនួយការក្រុម»ដែលមានភារកិច្ចមើលថែរក្សាក្រុមនោះ។
៤៤ បន្ទាប់ពីក្រុមមានដំណើរការល្អហើយ ក្រុមអ្នកចាស់ទុំនៃក្រុមជំនុំដែលគាំទ្រក្រុមនឹងពិចារណាថា តើក្រុមនេះគួរមានផ្នែកណាទៀតនៃកិច្ចប្រជុំក្រុមជំនុំ ហើយថាតើកិច្ចប្រជុំនេះគួរមានប៉ុន្មានដងក្នុងមួយខែ។ អ្នកចាស់ទុំក៏អាចរៀបចំឲ្យក្រុមមានកិច្ចប្រជុំផ្សព្វផ្សាយដែរ។ អ្នកផ្សាយទាំងអស់ក្នុងក្រុមបម្រើក្រោមការមើលខុសត្រូវរបស់ក្រុមអ្នកចាស់ទុំដែលគាំទ្រក្រុម។ ពួកអ្នកចាស់ទុំនឹងផ្ដល់ការណែនាំដែលសមហេតុសមផល ហើយនឹងចាត់វិធានការដើម្បីបំពេញសេចក្ដីត្រូវការរបស់ក្រុមនោះ។ ក្នុងអំឡុងសប្ដាហ៍ដែលអ្នកត្រួតពិនិត្យប្រចាំមណ្ឌលធ្វើទស្សនកិច្ចនៅក្រុមជំនុំដែលគាំទ្រក្រុម គាត់ក៏ចំណាយពេលជាមួយក្រុមនោះដែរ ហើយគាត់នឹងផ្ញើសេចក្ដីរាយការណ៍យ៉ាងខ្លីទៅការិយាល័យសាខាអំពីការរីកចម្រើននិងសេចក្ដីត្រូវការរបស់ក្រុមនោះ។ មួយរយៈពេលក្រោយមក ក្រុមនោះអាចក្លាយទៅជាក្រុមជំនុំមួយ។ បើបងប្អូនទាំងឡាយធ្វើតាមការណែនាំពីអង្គការរបស់ព្រះ នោះព្រះយេហូវ៉ានឹងពេញចិត្ត។—១កូ. ១:១០; ៣:៥, ៦
ការផ្សព្វផ្សាយជាក្រុម
៤៥ គ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះ មានភារកិច្ចប្រាប់ដំណឹងល្អដល់អ្នកឯទៀត។ យើងអាចបំពេញភារកិច្ចនេះតាមវិធីផ្សេងៗ តែយើងភាគច្រើនចូលចិត្តចេញទៅផ្សព្វផ្សាយជាមួយបងប្អូនឯទៀត។ (លូក. ១០:១) ហេតុនេះ ក្រុមជំនុំអាចមានកិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃណាក៏បានក្នុងអំឡុងសប្ដាហ៍។ ថ្ងៃបុណ្យក៏ជាឱកាសល្អដើម្បីផ្សព្វផ្សាយជាក្រុម ដោយសារបងប្អូនជាច្រើននាក់សម្រាកពីការងារ។ គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ នៅពេលនិងកន្លែងដែលអ្នកផ្សាយងាយស្រួលចូលរួម។ កិច្ចប្រជុំបែបនេះអាចមាននៅពេលព្រឹក ពេលរសៀល ឬពេលល្ងាច។
៤៦ ការផ្សព្វផ្សាយជាក្រុមផ្ដល់ឱកាសឲ្យបងប្អូនផ្សព្វផ្សាយជាមួយគ្នា ហើយ«លើកទឹកចិត្តគ្នាទៅវិញទៅមក»។ (រ៉ូម ១:១២) អ្នកផ្សាយថ្មីអាចទៅជាមួយនឹងបងប្អូនដែលពូកែផ្សព្វផ្សាយនិងមានបទពិសោធន៍ ដូច្នេះ ពួកគេអាចទទួលការបង្ហាត់បង្រៀនបាន។ នៅតំបន់ខ្លះ ជាការល្អបើអ្នកផ្សាយពីរនាក់ឬច្រើនជាងទៅជាមួយគ្នាដើម្បីមានសុវត្ថិភាព។ ប្រហែលជាអ្នកមានគម្រោងចេញទៅផ្សព្វផ្សាយម្នាក់ឯង តែបើអ្នកទៅប្រជុំជាមួយក្រុមផ្សព្វផ្សាយសិន នោះអ្នកផ្សាយទាំងអស់គ្នាអាចទទួលការលើកទឹកចិត្ត។ ដោយដឹងថាមានបងប្អូនឯទៀតផ្សព្វផ្សាយនៅតំបន់ជិតអ្នក នោះអាចផ្ដល់ទំនុកចិត្តដល់អ្នក។ អ្នកត្រួសត្រាយនិងអ្នកផ្សាយឯទៀតមិនគួរមានអារម្មណ៍ថា ពួកគេត្រូវតែចូលរួមកិច្ចប្រជុំផ្សព្វផ្សាយទាំងអស់ដែលក្រុមជំនុំបានរៀបចំឡើយ ជាពិសេសបើមានកិច្ចប្រជុំនោះរាល់ថ្ងៃ។ ទោះជាយ៉ាងនោះក៏ដោយ ពួកគាត់ទំនងជាអាចគាំទ្រកិច្ចប្រជុំផ្សព្វផ្សាយខ្លះរៀងរាល់សប្ដាហ៍។
៤៧ សូមឲ្យយើងទាំងអស់គ្នាធ្វើតាមគំរូរបស់លោកយេស៊ូនិងពួកសាវ័ក! យើងមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងផ្ដល់ពរមកលើការខំប្រឹងរបស់យើង ដើម្បីចូលរួមយ៉ាងពេញលេញក្នុងកិច្ចការដ៏សំខាន់នេះ ពោលគឺកិច្ចផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។—លូក. ៩:៥៧-៦២