បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៩ ទំ. ៣-៥
  • ការផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាផ្សេង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាផ្សេង
  • ២០០៩ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ពេលជួបម្ចាស់ផ្ទះដែលនិយាយភាសាផ្សេង
    ២០០៨ កិច្ចបម្រើព្រះ
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយផ្សព្វផ្សាយដល់អ្នកដែលនិយាយភាសាផ្សេង
    ២០១៥ កិច្ចបម្រើព្រះ
  • វិធីផ្សព្វផ្សាយដំណឹងល្អ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • តើអ្នកចេះនិយាយ«ភាសាបរិសុទ្ធ»បានស្ទាត់ទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
២០០៩ កិច្ចបម្រើព្រះ
km ១១/០៩ ទំ. ៣-៥

ការ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង

១​. ពេល​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​ផ្សាយ​របស់​យើង តើ​យើង​មាន​ឱកាស​អ្វី?

១ លោក​យេស៊ូ​គ្រិស្ត​បាន​ទាយ​ថា​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ផែនដី​«​ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ​»។ អស់​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​ដឹង​ថា ពាក្យ​របស់​លោក​យេស៊ូ​គឺ​សំខាន់​ណាស់។ (​ម៉ាថ. ២៤:១៤; ២៨:១៩, ២០​) កាល​យើង​ទៅ​ផ្សព្វ​ផ្សាយ​និង​ទៅ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ យើង​តែង​ជួប​មនុស្ស​ពី​សាសន៍​ផ្សេង​ៗ ដែល​និយាយ​ភាសា​ផ្សេង​ៗ។ ពួក​មនុស្ស​ទាំង​នេះ​ក៏​សម​នឹង​ទទួល​ឱកាស​ឮ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​គាំទ្រ​ខាង​សេចក្ដី​ពិត មុន​នឹង​ថ្ងៃ​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​មក​ដល់។ (​ម៉ាឡ. ៣:​១៨​) តើ​យើង​អាច​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ក្នុង​តំបន់​ផ្សាយ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

២​. តើ​យើង​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង?

២ ចូរ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង: ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​គ្រប់​គ្នា​ក្នុង​តំបន់​ផ្សាយ​ដោយ​មិន​រើសអើង យើង​ត្រូវ​មាន​ចិត្ត​ចង់​ជួយ​មនុស្ស​ឲ្យ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត មិន​ថា​ពួក​គេ​និយាយ​ភាសា​អ្វី​ក៏​ដោយ។ (​ទំនុក. ៨៣:​១៨; សកម្ម. ១០:៣៤, ៣៥​) ថ្វី​បើ​ជា​ចម្បង​យើង​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​របស់​ក្រុម​ជំនុំ​យើង​ក្ដី យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ដែរ និង​រក​វិធី​ដើម្បី​ប្រាប់​អំពី​ដំណឹង​រាជាណាចក្រ​របស់​ព្រះ​ដល់​ពួក​គេ​ដែរ។ បើ​យើង​មិន​អើពើ​នឹង​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង នោះ​គឺ​មិន​សម​ស្រប​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ទេ ដែល​លោក​ចង់​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ​នោះ។ ដូច្នេះ តើ​យើង​អាច​ជួយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​យ៉ាង​ដូច​ម្ដេច?

៣​. តើ​យើង​មាន​កូន​សៀវភៅ​អ្វី? តើ​យើង​អាច​ប្រុង​ប្រៀប​ប្រើ​កូន​សៀវភៅ​នោះ​យ៉ាង​ដូច​ម្ដេច?

៣ ចូរ​ប្រើ​កូន​សៀវភៅ​ដំណឹង​ល្អ​សម្រាប់​មនុស្ស​គ្រប់​សាសន៍ (​Good News for People of All Nations​): កូន​សៀវភៅ​នេះ​បាន​ត្រូវ​រៀប​ចំ​ដើម្បី​ឲ្យ​យើង​ប្រើ ពេល​ដែល​យើង​ជួប​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង។ ចូរ​ទុក​កូន​សៀវភៅ​នេះ​ជាប់​ខ្លួន​ជា​និច្ច ហើយ​ខំ​ព្យាយាម​យល់​អំពី​លក្ខណៈ​ផ្សេង​ៗ​ក្នុង​នោះ និង​ប្រុង​ប្រៀប​ប្រើ។ ដើម្បី​ឲ្យ​ស្រួល ចូរ​គូស​ចំណាំ​ភាសា​ផ្សេង​ៗ​ក្នុង​សៀវភៅ​នោះ​ដែល​មាន​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក។ ប្រសិនបើ​អង្គការ​យើង​មាន​សៀវភៅ​ក្នុង​ភាសា​របស់​បុគ្គល​ណា​មួយ​នោះ ប្រហែលជា​ការ​ល្អ​បើ​អ្នក​យក​សៀវភៅ​ខ្លះ​ៗ​ជូន​បុគ្គល​នោះ ក្រោយ​ពី​បាន​ប្រើ​សារ​ក្នុង​កូន​សៀវភៅ​នេះ​ហើយ។

៤​. តើ​យើង​អាច​ប្រើ​កូន​សៀវភៅ​ដំណឹង​ល្អ​សម្រាប់​មនុស្ស​គ្រប់​សាសន៍ យ៉ាង​ដូច​ម្ដេច?

៤ ប្រសិនបើ​អ្នក​ជួប​បុគ្គល​ម្នាក់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែល​និយាយ​ភាសា​ផ្សេង ហើយ​អ្នក​មិន​ប្រាកដ​ថា គាត់​និយាយ​ភាសា​អ្វី​ទេ ចូរ​បង្ហាញ​ក្រប​កូន​សៀវភៅ​នេះ។ សូម​បើក​ទៅ​ទំព័រ​ដែល​មាន​ផែនទី​ពិភព​លោក និង​ចង្អុល​ខ្លួន​អ្នក រួច​ចង្អុល​ប្រទេស​របស់​អ្នក​ក្នុង​ផែនទី​នោះ និង​បញ្ជាក់​ថា​អ្នក​ចង់​ដឹង​ម្ចាស់​ផ្ទះ​មក​ពី​ប្រទេស​ណា​និង​និយាយ​ភាសា​អ្វី។ ក្រោយ​ពី​អ្នក​ដឹង​ថា​គាត់​និយាយ​ភាសា​អ្វី​នោះ អ្នក​អាច​បើក​មើល​មាតិកា រក​ទំព័រ​ត្រឹម​ត្រូវ ចង្អុល​ទៅ​ប្រយោគ​ដិត​ខ្មៅ​ខាង​លើ​ទំព័រ​នោះ និង​ឲ្យ​ម្ចាស់​ផ្ទះ​អាន​សារ​នោះ។ ពេល​ម្ចាស់​ផ្ទះ​អាន​ចប់ ចូរ​ជូន​ខិត្តប័ណ្ណ​មួយ​ជា​ភាសា​គាត់ ឬ​ចង្អុល​នូវ​ប្រយោគ​ដែល​ថា​អ្នក​ចង់​មក​ម្ដង​ទៀត​ដើម្បី​យក​សៀវភៅ​មួយ​ទៀត​ដែល​ជា​ភាសា​របស់​គាត់​មក​ជូន។ រួច​មក អ្នក​អាច​ចង្អុល​ឃ្លា​អក្សរ​ដិត​ដែល​ថា ​«​ឈ្មោះ​របស់​ខ្ញុំ​»​ ហើយ​ប្រាប់​ឈ្មោះ​ខ្លួន​ឲ្យ​ច្បាស់។ បន្ទាប់​មក អ្នក​អាច​ចង្អុល​ឃ្លា​អក្សរ​ដិត​ថា ​«​ឈ្មោះ​របស់​អ្នក​»​ ហើយ​ចាំ​ឲ្យ​ម្ចាស់​ផ្ទះ​ឆ្លើយ។ ចូរ​រៀប​ចំ​ជាក់​លាក់​ដើម្បី​ត្រឡប់​ទៅ​ជួប​ម្ចាស់​ផ្ទះ។

៥​. ដើម្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អស់​អ្នក​ដែល​និយាយ​ភាសា​ផ្សេង​ដែល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត តើ​យើង​ត្រូវ​ធ្វើ​អ្វី?

៥ រៀប​ចំ​ដើម្បី​ត្រឡប់​ទៅ​ជួប: យើង​ត្រូវ​ខំ​ប្រឹង​ត្រឡប់​ទៅ​ជួប​មនុស្ស​ដែល​បង្ហាញ​ចំណាប់​អារម្មណ៍​នឹង​សារ​រាជាណាចក្រ មិន​ថា​គេ​និយាយ​ភាសា​អ្វី​ក៏​ដោយ។ ក្រោយ​យើង​ដឹង​ថា​បុគ្គល​នោះ​ចាប់​អារម្មណ៍​នឹង​ព្រះ​និង​បណ្ដាំ​របស់​លោក យើង​គួរ​បំពេញ​ក្រដាស​សូម​រក​ជួប (​S-43​) និង​ជូន​លេខា​ក្រុម​ជំនុំ​ឲ្យ​ផ្ញើ​ក្រដាស​នេះ​ឲ្យ​បាន​ឆាប់​បំផុត​ដល់​ការិយាល័យ​សាខា ដើម្បី​ឲ្យ​មាន​អ្នក​ណា​ដែល​ចេះ​និយាយ​ភាសា​នោះ​ទៅ​ជួប​គាត់​បាន។ បន្ទាប់​មក ការិយាល័យ​សាខា​នឹង​ផ្ញើ​ក្រដាស​នោះ​ដល់​ក្រុម​ដែល​និយាយ​ភាសា​នោះ។ ពេល​បាន​ទទួល​ប័ណ្ណ​នេះ​ហើយ បង​ប្អូន​យើង​នឹង​ទៅ​ជួប​គាត់​ភ្លាម។ លេខា​ក្រុម​ជំនុំ​នឹង​ឲ្យ​ក្រដាស​នោះ​មួយ​សន្លឹក​ទៅ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ ដើម្បី​ឲ្យ​គាត់​ចំណាំ​ទុក​ថា មនុស្ស​ដែល​និយាយ​ភាសា​នោះ​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត។ យើង​ប្រើ​ក្រដាស​នេះ​លុះ​ត្រា​តែ​បុគ្គល​នោះ​មាន​ចំណាប់​អារម្មណ៍​ស្មោះ​មែន។

៦​. ប្រសិនបើ​យើង​ជួប​អ្នក​ចាប់​អារម្មណ៍​ដែល​និយាយ​ភាសា​ផ្សេង តើ​យើង​មាន​ភារកិច្ច​ធ្វើ​អ្វី?

៦ ប្រហែលជា​នឹង​មាន​រយៈ​ពេល​យូរ​បន្ដិច រវាង​ពេល​ដែល​ត្រូវ​បំពេញ​ក្រដាស​សូម​រក​ជួប (​S-43​) រហូត​ដល់​អ្នក​ផ្សាយ​ដែល​ចេះ​និយាយ​ភាសា​នោះ​ទៅ​ជួប​បុគ្គល​ចាប់​អារម្មណ៍​នោះ។ ដូច្នេះ ដើម្បី​ខំ​ប្រឹង​បណ្ដុះ​នូវ​ចំណាប់​អារម្មណ៍​នោះ អ្នក​ផ្សាយ​ដែល​បាន​បំពេញ​ប័ណ្ណ​នោះ​អាច​បន្ត​ទៅ​ជួប​បុគ្គល​នោះ ទំ​រាំ​អ្នក​ផ្សាយ​ដែល​ចេះ​និយាយ​ភាសា​នោះ​មក​ជួប​គាត់។ ក្នុង​ករណី​ខ្លះ គឺ​អាច​សិក្សា​គម្ពីរ​ជា​មួយ​នឹង​អ្នក​ចាប់​អារម្មណ៍​នោះ​បាន​ដែរ។ ប៉ុន្តែ ទំ​រាំ​អ្នក​ផ្សាយ​ដែល​និយាយ​ភាសា​នោះ​មក​ជួប​ជា​មួយ​នឹង​អ្នក​ចាប់​អារម្មណ៍​នោះ តើ​អ្នក​ផ្សាយ​អាច​ទទួល​សៀវភៅ​ជា​ភាសា​របស់​អ្នក​ចាប់​អារម្មណ៍​នោះ​បាន​តាម​របៀប​ណា?

៧​. ដើម្បី​ទទួល​សៀវភៅ​ក្នុង​ភាសា​ដែល​មនុស្ស​និយាយ តើ​មាន​វិធានការ​អ្វី?

៧ សៀវភៅ​សម្រាប់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង: ក្រុម​ជំនុំ​មិន​គួរ​ទុក​សៀវភៅ​យ៉ាង​ច្រើន​ក្នុង​ភាសា​ផ្សេង​ៗ​ទេ។ ប៉ុន្តែ ប្រសិនបើ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​ប្រាកដ​ថា មនុស្ស​ដែល​និយាយ​ភាសា​ណា​មួយ​ចាប់​ផ្ដើម​បង្ហាញ​ចំណាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត នោះ​ប្រហែលជា​ត្រឹម​ត្រូវ​ឲ្យ​គាត់​ស្តុក​ទុក​សៀវភៅ​ខ្លះ​ៗ​ក្នុង​ភាសា​នោះ ដើម្បី​ឲ្យ​អ្នក​ផ្សាយ​ប្រើ។ ប្រសិនបើ​ក្រុម​ជំនុំ​គ្មាន​សៀវភៅ​ភាសា​នោះ បង​ប្អូន​អាច​កុម្ម៉ង់​បាន។ ឯ​សៀវភៅ​ភាសា​ខ្លះ ប្រហែល​ត្រូវ​ការ​ពេល​យូរ​ទើប​ដឹក​ជញ្ជូន​ដល់​ក្រុម​ជំនុំ។ ដូច្នេះ​ហើយ ក៏​មាន​វិធានការ​ដែល​អាច​ទទួល​ពី​គេហទំព័រ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែរ គឺ www.watchtower.org។ មាន​សៀវភៅ​ជា​ច្រើន​ក្នុង​រាប់​រយ​ភាសា ដែល​អាច​ទទួល​បាន​ដោយ​អ្នក​ផ្សាយ​ឬ​ដោយ​អ្នក​ចាប់​អារម្មណ៍​នោះ។ យើង​ដឹង​ថា​វិធានការ​នេះ​នឹង​មាន​ប្រយោជន៍​ជា​បន្ត ពេល​បណ្ដុះ​នូវ​ចំណាប់​អារម្មណ៍​នៃ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង។

៨​. តើ​ក្រុម​ជំនុំ​មាន​តួនាទី​យ៉ាង​ណា ក្នុង​ការ​ជួយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត?

៨ តួនាទី​នៃ​ក្រុម​ជំនុំ: ក្នុង​ករណី​ខ្លះ មាន​មនុស្ស​សាសន៍​ផ្សេង​ៗ​រឹត​តែ​ច្រើន​ឡើង ហើយ​ប្រហែលជា​គ្មាន​ក្រុម​ជំនុំ​នៅ​ជិត​ៗ​ដែល​និយាយ​ភាសា​នោះ​ទេ។ ដូច្នេះ អ្នក​គួរ​អញ្ជើញ​អ្នក​ចាប់​អារម្មណ៍​ដែល​និយាយ​ភាសា​ផ្សេង​មក​ប្រជុំ​ជា​មួយ​អ្នក។ ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គាត់ អាច​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​មក​ចូល​រួម​ជា​ទៀង​ទាត់។ មុន​ដំបូង ប្រហែលជា​ការ​មាន​ភាសា​និង​ទំនៀម​ទម្លាប់​ខុស​គ្នា​នឹង​រារាំង​ទំនាក់​ទំនង​បន្ដិច។ ប៉ុន្តែ គឺ​គ្មាន​អ្វី​ដែល​អាច​រារាំង​នូវ​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត​សាសនិក​ពិត​ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក​ឡើយ។ (​សេផ. ៣:​៩; យ៉ូន. ១៣:៣៥​) តើ​អ្នក​ចេះ​និយាយ​ភាសា​មួយ​ទៀត​ស្ទាត់​ទេ? បើ​អ្នក​ចេះ​និង​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​ជួប​មនុស្ស​ដែល​និយាយ​ភាសា​នោះ សូម​ប្រាប់​លេខា​ក្រុម​ជំនុំ​របស់​អ្នក ដើម្បី​គាត់​អាច​ប្រាប់​ដល់​ការិយាល័យ​សាខា។ នេះ​នឹង​ពិត​ជា​មាន​ប្រយោជន៍​មែន នៅ​ពេល​ដែល​ការិយាល័យ​សាខា​រក​អ្នក​ផ្សាយ ដើម្បី​បណ្ដុះ​នូវ​ចំណាប់​អារម្មណ៍​នោះ។

៩​. តើ​នៅ​ពេល​ណា​ដែល​ត្រូវ​មាន​ការ​បង្ហាត់​បង្រៀន​ភាសា​សម្រាប់​អ្នក​ផ្សាយ? តើ​ត្រូវ​ចាត់​ចែង​យ៉ាង​ដូច​ម្ដេច?

៩ ការ​បង្ហាត់​បង្រៀន​ភាសា: នៅ​ពេល​ដែល​អ្នក​ជួយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង យក​ល្អ​អ្នក​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ទៅ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​គាត់ បើ​មាន​ក្រុម​ជំនុំ​នោះ​នៅ​ជិត​ៗ។ ប៉ុន្តែ បើ​មិន​អាច​ធ្វើ​បាន​ទេ អ្នក​ផ្សាយ​ខ្លះ​បាន​សម្រេច​រៀន​ភាសា​នោះ ហើយ​អាច​មាន​សមត្ថភាព​ជួយ​ច្រើន​ជាង​ដល់​បុគ្គល​ដែល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត។ ប្រសិនបើ​មិន​មាន​ក្រុម​ជំនុំ​នៅ​ជិត​ទេ ហើយ​មនុស្ស​ដែល​និយាយ​ភាសា​នោះ​មាន​រឹត​តែ​ច្រើន នោះ​ការិយាល័យ​សាខា​អាច​សម្រេច​ឲ្យ​មាន​ការ​បង្ហាត់​បង្រៀន​ភាសា​នោះ។ បើ​ដូច្នេះ​មែន ការិយាល័យ​សាខា​នឹង​ប្រាប់​ក្រុម​ជំនុំ​នានា​អំពី​តម្រូវ​ការ​នេះ និង​រៀប​ចំ​ប្រកាស​អំពី​ថ្នាក់​បង្ហាត់​បង្រៀន​ភាសា ដែល​គាំទ្រ​ដោយ​ការិយាល័យ​សាខា។ អស់​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​រៀន​ភាសា​នោះ គួរ​មាន​គោល​ដៅ​ចូល​រួម​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ឬ​ក្រុម​ជំនុំ​នោះ ដើម្បី​ជួយ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង។

១០​. តើ​ក្រុម​ភាសា​ផ្សេង​អាច​ត្រូវ​បង្កើត​ឡើង​នៅ​ពេល​ណា? ហើយ​ត្រូវ​មាន​អ្វី​ខ្លះ​ជា​មុន​សិន?

១០ បង្កើត​ក្រុម​ភាសា​មួយ: ដើម្បី​បង្កើត​ក្រុម​ភាសា​មួយ គឺ​មាន​តម្រូវ​ការ​បួន​ដ៏​សំខាន់​ដែល​ត្រូវ​ធ្វើ​តាម។ (​១​)​ ត្រូវ​មាន​មនុស្ស​ដែល​និយាយ​ភាសា​នោះ​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត ហើយ​ការ​ផ្សាយ​ជា​ភាសា​នោះ​ក៏​ត្រូវ​មាន​លទ្ធភាព​ជឿន​ទៅ​មុខ។ (​២​)​ ត្រូវ​មាន​អ្នក​ផ្សាយ​មួយ​ចំនួន​ចេះ​និយាយ​ភាសា​នោះ ឬ​កំពុង​តែ​រៀន​ភាសា​នោះ។ (​៣​)​ ត្រូវ​មាន​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​មាន​សមត្ថភាព ដើម្បី​ដឹក​នាំ​ប្រជុំ​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ (​៤​)​ ត្រូវ​មាន​ក្រុម​អ្នក​ចាស់​ទុំ​ដែល​យល់​ព្រម​គាំទ្រ​ក្រុម​នោះ។ កាល​ណា​តម្រូវ​ការ​នេះ​បាន​បំពេញ​ពេញ​លេញ​ហើយ នោះ​ពួក​អ្នក​ចាស់​ទុំ​គួរ​ប្រាប់​ការិយាល័យ​សាខា ដើម្បី​ទទួល​ស្គាល់​ក្រុម​នេះ​តាម​ផ្លូវ​ការ ហើយ​ទទួល​ការ​ណែនាំ​បន្ថែម​ទៅ​ទៀត។ (​សូម​មើល​កិច្ច​បម្រើ​ព្រះរាជាណាចក្រ​យើង​ខែ​ឧសភា ឆ្នាំ​២០០៧ ទំព័រ​៤​-​៥ វគ្គ​៦​-​៩​) អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​ដឹក​នាំ​មើល​ខុស​ត្រូវ​ក្រុម​នោះ នឹង​ត្រូវ​ហៅ​ថា​«​អ្នក​ត្រួត​ពិនិត្យ​ក្រុម​»​ ឬ​​«​អ្នក​បម្រើ​ក្រុម​»។

១១​. ហេតុ​អ្វី​ការ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ក្នុង​តំបន់​ផ្សាយ​យើង​ជា​ឯក​សិទ្ធិ?

១១ ការ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ក្នុង​តំបន់​ផ្សាយ​របស់​យើង គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក ដែល​លោក​យេស៊ូ​គ្រិស្ត​បាន​ស្ថាបនា​ឡើង។ សូម​ឲ្យ​យើង​ខំ​ព្យាយាម ហើយ​យើង​នឹង​ឃើញ​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​បន្ត​អង្រួន​អស់​ទាំង​សាសន៍ និង​នាំ​ពួក​អ្នក​ដែល​ជា​ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍​មក​ដល់​លោក។ (​ហាក. ២:៧​) យើង​ពិត​ជា​ស្កប់​ចិត្ត​មែន​ដោយ​បាន​សហការ​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ចការ​នេះ! សូម​ឲ្យ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ការ​ខំ​ប្រឹង​របស់​យើង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ក្នុង​តំបន់​ផ្សាយ កាល​ដែល​យើង​ចង​ចាំ​ថា ទោះ​ជា​យើង​មាន​បញ្ហា​ខាង​ភាសា​ក៏​ដោយ ក៏​ព្រះ​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ដែរ!—១កូ. ៣:៦​-​៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក