តើអ្នកចេះនិយាយ«ភាសាបរិសុទ្ធ»បានស្ទាត់ទេ?
«អញនឹងឲ្យជនជាតិទាំងឡាយ មានបបូរមាត់ស្អាត[ឬ«ភាសាបរិសុទ្ធ»] ដើម្បីឲ្យគេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា»។—សេផា. ៣:៩; ព.ថ.
១. តើព្រះយេហូវ៉ាបានឲ្យអំណោយដ៏អស្ចារ្យអ្វីដល់យើង?
អំណោយជាភាសាមានដើមកំណើតពីព្រះយេហូវ៉ាដែលជាអ្នកបង្កើតមនុស្ស មិនមែនមានដើមកំណើតពីមនុស្សឡើយ។ (និក្ខ. ៤:១១, ១២) ទ្រង់បានឲ្យអ័ដាមដែលជាមនុស្សដំបូងនូវសមត្ថភាពចេះនិយាយ ព្រមទាំងឲ្យចេះបង្កើតពាក្យថ្មីៗ ដើម្បីចេះពាក្យឲ្យបានកាន់តែច្រើនទៀត។ (លោ. ២:១៩, ២០, ២៣) នេះគឺពិតជាអំណោយដ៏អស្ចារ្យមែន! ដ្បិតបានជួយមនុស្សលោកឲ្យប្រាស្រ័យទាក់ទងជាមួយនឹងព្រះដែលជាបិតានៅស្ថានសួគ៌ និងឲ្យលើកសរសើរនាមដ៏រុងរឿងរបស់ទ្រង់។
២. ហេតុអ្វីបានជាមនុស្សលោកលែងនិយាយភាសាតែមួយទៀត?
២ មនុស្សគ្រប់គ្នានិយាយភាសាតែមួយ«សំដីតែ១»ក្នុងអំឡុង១៧សតវត្សរ៍ដំបូងរបស់មនុស្សជាតិ។ (លោ. ១១:១) រួចមក គឺមានការបះបោរនៅសម័យនីមរ៉ុឌ។ មនុស្សមិនបានស្ដាប់បង្គាប់តាមព្រះយេហូវ៉ា តែបានប្រមូលគ្នាមកនៅកន្លែងមួយ ដែលក្រោយមកហៅថាក្រុងបាបិល ពីព្រោះពួកគេបានតាំងចិត្តនៅកន្លែងតែមួយប៉ុណ្ណោះ។ ពួកគេបានចាប់ផ្ដើមសង់ប៉មដ៏ធំសម្បើមមួយ «ដើម្បីឲ្យ . . . បានកេរ្ដិ៍ឈ្មោះ»ចំពោះខ្លួនគេ មិនមែនលើកតម្កើងសិរីរុងរឿងរបស់ព្រះយេហូវ៉ាឡើយ។ ហេតុនេះហើយបានជាព្រះយេហូវ៉ាបំភាន់ភាសា ឲ្យគេនិយាយភាសាផ្សេងពីគ្នាវិញ។ ដូច្នេះ ពួកគេត្រូវបានកំចាត់កំចាយពីទីនោះទៅគ្រប់លើផែនដី។—សូមអាន លោកុប្បត្តិ ១១:៤-៨
៣. ពេលដែលព្រះយេហូវ៉ាបំភាន់ភាសារបស់មនុស្សបះបោរនៅក្រុងបាបិល តើមានលទ្ធផលយ៉ាងណា?
៣ សព្វថ្ងៃនេះ គឺមានរាប់ពាន់ភាសា អ្នកខ្លះគិតថាមានជាង៦.៨០០ភាសានៅទូទាំងផែនដី។ ភាសានីមួយៗគឺមានរបៀបគិតគូរខុសៗពីគ្នា។ ដូច្នេះ ពេលព្រះយេហូវ៉ាបំភាន់ភាសារបស់មនុស្សបះបោរទាំងនោះ ទ្រង់បានធ្វើឲ្យគេលែងចងចាំភាសាដើមរបស់គេ។ ទ្រង់ដាក់ចូលទៅក្នុងគំនិតគេនូវពាក្យថ្មីៗ ព្រមទាំងប្ដូររបៀបគិត និងបង្កើតនូវវេយ្យាករណ៍ថ្មីមួយទៀត។ ហេតុដូច្នេះហើយបានជាកន្លែងប៉មនោះ ត្រូវបានហៅថា «បំភាន់» ឬបាបិល! (លោ. ១១:៩) គួរឲ្យចាប់អារម្មណ៍មែន មានតែគម្ពីរទេដែលបានពន្យល់យ៉ាងត្រឹមត្រូវនូវដើមកំណើតនៃភាសាផ្សេងៗ ដែលយើងមានសព្វថ្ងៃនេះ។
ភាសាបរិសុទ្ធថ្មីមួយ
៤. តើព្រះយេហូវ៉ាបានទាយថានឹងមានអ្វីកើតឡើងនៅសព្វថ្ងៃនេះ?
៤ កំណត់ហេតុអំពីព្រះធ្វើអន្តរាគមន៍នៅក្រុងបាបិល គឺគួរឲ្យអស្ចារ្យមែន។ ប៉ុន្តែនៅសព្វថ្ងៃនេះ ក៏មានអ្វីដែលគួរឲ្យចាប់អារម្មណ៍និងសំខាន់ជាងនោះទៅទៀត។ តាមរយៈសេផានា ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «នៅគ្រានោះ អញនឹងឲ្យជនជាតិទាំងឡាយ មានបបូរមាត់ស្អាត[ឬ«ភាសាបរិសុទ្ធ»] ដើម្បីឲ្យគេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្តគ្នានឹងគោរពដល់ទ្រង់»។ (សេផា. ៣:៩; ព.ថ.) តើ«ភាសាបរិសុទ្ធ»នោះជាអ្វី? ហើយតើយើងអាចរៀននិយាយភាសាបរិសុទ្ធឲ្យបានស្ទាត់យ៉ាងដូចម្ដេច?
៥. តើភាសាបរិសុទ្ធជាអ្វី? ហើយតើការនិយាយភាសានេះនាំឲ្យមានលទ្ធផលយ៉ាងណា?
៥ ភាសាបរិសុទ្ធគឺជាសេចក្ដីពិតអំពីព្រះយេហូវ៉ានិងអំពីគោលបំណងរបស់ទ្រង់ដែលបានសរសេរទុកក្នុងគម្ពីរ ដែលជាបណ្ដាំរបស់ទ្រង់។ «ភាសា»នោះរួមបញ្ចូលការយល់សេចក្ដីពិតអំពីរាជាណាចក្ររបស់ព្រះ និងរបៀបដែលរាជាណាចក្រនោះធ្វើឲ្យនាមព្រះយេហូវ៉ាបានបរិសុទ្ធ បង្ហាញភាពត្រឹមត្រូវនៃការគ្រប់គ្រងរបស់ទ្រង់ និងផ្ដល់ពរដល់មនុស្សស្មោះត្រង់។ តើការនិយាយភាសានេះនាំឲ្យមានលទ្ធផលយ៉ាងណា? យើងត្រូវបានប្រាប់ថា មនុស្សទាំងនោះនឹង«អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា» ហើយ«ព្រមចិត្តគ្នានឹងគោរពដល់ទ្រង់»។ មិនដូចព្រឹត្ដិការណ៍នៅឯក្រុងបាបិល ការនិយាយភាសាបរិសុទ្ធនេះលើកសរសើរនាមរបស់ព្រះយេហូវ៉ា និងនាំឲ្យរាស្ត្រទ្រង់មានសាមគ្គីភាព។
ការរៀនភាសាបរិសុទ្ធ
៦, ៧. (ក) តើការរៀនភាសាថ្មីរួមបញ្ចូលអ្វីខ្លះ? ហើយតើនេះស្រដៀងនឹងការរៀនភាសាបរិសុទ្ធយ៉ាងណា? (ខ) តើយើងនឹងពិនិត្យមើលអ្វីខ្លះក្នុងអត្ថបទនេះ?
៦ នៅពេលបុគ្គលម្នាក់ចង់រៀនភាសាផ្សេង គាត់មិនគ្រាន់តែទន្ទេញពាក្យថ្មីប៉ុណ្ណោះទេ។ ការរៀនភាសាថ្មីរួមបញ្ចូលការរៀនរបៀបគិតថ្មី។ ការវែកញែកនិងពាក្យកំប្លែងក្នុងភាសាមួយ គឺមិនដូចគ្នានឹងភាសាមួយទៀតទេ។ ការបន្លឺសូរស័ព្ទថ្មីតម្រូវឲ្យអ្នករៀនប្រើសរីរាង្គផ្សេង ដូចជាអណ្ដាតជាដើម។ នៅពេលដែលយើងចាប់ផ្ដើមរៀនភាសាបរិសុទ្ធអំពីសេចក្ដីពិតក៏ដូចគ្នាដែរ។ យើងមិនគ្រាន់តែរៀនសេចក្ដីបង្រៀនបឋមៗក្នុងគម្ពីរប៉ុណ្ណោះទេ គឺរួមបញ្ចូលច្រើនទៀត។ ការរៀនឲ្យចេះនិយាយភាសានេះបានស្ទាត់ តម្រូវឲ្យយើងកែគំនិតរបស់យើង។—សូមអាន រ៉ូម ១២:២; អេភេសូរ ៤:២៣
៧ តើអ្វីនឹងអាចជួយយើងឲ្យយល់ភាសាបរិសុទ្ធនេះ ហើយចេះនិយាយឲ្យបានស្ទាត់នោះ? ស្រដៀងនឹងការរៀនភាសាណាមួយ គឺមានវិធីសំខាន់ៗដែលអាចជួយយើងឲ្យរីកចម្រើនក្នុងការនិយាយភាសាបរិសុទ្ធឲ្យបានស្ទាត់។ យើងនឹងពិនិត្យមើលនូវវិធីផ្សេងៗ ដែលមនុស្សប្រើពេលរៀនភាសាផ្សេង ហើយមើលថាវិធីទាំងនោះអាចជួយយើងឲ្យរៀនភាសាបរិសុទ្ធដែរ។
ការនិយាយភាសាបរិសុទ្ធឲ្យបានស្ទាត់
៨, ៩. ប្រសិនបើយើងចង់រៀនភាសាបរិសុទ្ធ តើយើងត្រូវតែធ្វើអ្វី? ហេតុអ្វីក៏សំខាន់ម្ល៉េះ?
៨ ចូរស្ដាប់ដោយយកចិត្តទុកដាក់។ មុនដំបូង ចំពោះមនុស្សដែលមិនដែលឮភាសាថ្មីនោះ គឺហាក់ដូចជាស្ដាប់ឬយល់មិនបានឡើយ។ (អេសា. ៣៣:១៩) ប៉ុន្តែ កាលដែលបុគ្គលម្នាក់ចេះប្រុងស្មារតីស្ដាប់អ្វីដែលគាត់ឮ នោះគាត់នឹងចាប់ផ្ដើមយល់ពាក្យខ្លះៗនិងកត់សម្គាល់ពីរបៀបនិយាយដែរ។ ស្រដៀងគ្នាដែរ យើងក៏ត្រូវបានដាស់តឿនថា៖ «គួរឲ្យយើងរាល់គ្នាប្រុងប្រយ័តលើសទៅទៀត ចំពោះសេចក្ដីដែលយើងរាល់គ្នាបានឮ ក្រែងយើងរសាត់ចេញពីសេចក្ដីទាំងនោះ»។ (ហេ. ២:១) ម្ដងហើយម្ដងទៀត ព្រះយេស៊ូបានដាស់តឿនអ្នកកាន់តាមទ្រង់ថា៖ «អ្នកណាដែលមានត្រចៀកសំរាប់ស្ដាប់ ឲ្យស្ដាប់ចុះ!»។ (ម៉ាថ. ១១:១៥; ១៣:៤៣; ម៉ាក. ៤:២៣; លូ. ១៤:៣៥) ប្រាកដណាស់ យើងត្រូវប្រុង«ស្ដាប់ហើយយល់»អំពីអ្វីដែលយើងឮ ដើម្បីយល់ភាសាបរិសុទ្ធឲ្យបានកាន់តែច្រើនឡើង។—ម៉ាថ. ១៥:១០; ម៉ាក. ៧:១៤
៩ ការស្ដាប់តម្រូវឲ្យយើងផ្ដោតអារម្មណ៍យកចិត្តទុកដាក់ ហើយនេះពិតជាមានប្រយោជន៍មែន។ (លូ. ៨:១៨) នៅឯកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិក តើយើងប្រមូលអារម្មណ៍ស្ដាប់អ្វីដែលបានពន្យល់ទេ ឬក៏យើងបង្វែរអារម្មណ៍ទៅគិតអំពីអ្វីផ្សេងវិញ? គឺសំខាន់ណាស់ឲ្យយើងផ្ដោតអារម្មណ៍ទៅលើព័ត៌មាននៅឯកិច្ចប្រជុំ។ បើមិនដូច្នេះទេ យើងអាចត្រឡប់ជាព្រងើយនឹងការស្ដាប់។—ហេ. ៥:១១
១០, ១១. (ក) ក្រៅពីការស្ដាប់ដោយយកចិត្តទុកដាក់ តើយើងត្រូវធ្វើអ្វីទៀត? (ខ) តើការនិយាយភាសាបរិសុទ្ធរួមបញ្ចូលអ្វីទៀត?
១០ ចូរត្រាប់តាមអ្នកដែលចេះនិយាយស្ទាត់។ ក្រៅពីការស្ដាប់ដោយយកចិត្តទុកដាក់ សិស្សដែលរៀនភាសាថ្មីត្រូវបានលើកទឹកចិត្តឲ្យត្រាប់តាមអ្នកស្ទាត់ខាងបន្លឺសូរស័ព្ទនិងរបៀបនិយាយ។ នេះនឹងជួយសិស្សឲ្យជៀសវាងពីការនិយាយមិនច្បាស់ឬនិយាយប៉ៃឡាំៗ ដែលក្រោយមកធ្វើឲ្យអ្នកដទៃមិនយល់ពីអ្វីដែលគាត់និយាយឡើយ។ ស្រដៀងគ្នាដែរ គប្បីឲ្យយើងរៀនពីបងប្អូនដែលប្រសប់ខាងការ«បង្រៀន»។ (២ធម. [២ធី.] ៤:២, ខ.ស.) ចូរសុំជំនួយ។ ចូរសុខចិត្តទទួលការកែតម្រង់ ពេលដែលអ្នកធ្វើខុស។—សូមអាន ហេព្រើរ ១២:៥, ៦, ១១
១១ ការនិយាយភាសាបរិសុទ្ធ តម្រូវឲ្យយើងជឿសេចក្ដីពិតហើយបង្រៀនអ្នកដទៃអំពីសេចក្ដីពិតនោះ។ មិនតែប៉ុណ្ណោះយើងត្រូវប្រព្រឹត្តឲ្យសមស្របតាមក្រឹត្យវិន័យនិងគោលការណ៍របស់ព្រះ។ ដើម្បីជួយយើងឲ្យធ្វើដូច្នេះ គប្បីឲ្យយើងសង្កេតនិងត្រាប់តាមការប្រព្រឹត្តដ៏ល្អរបស់អ្នកដទៃ។ នេះរួមបញ្ចូលការធ្វើតាមគំរូរបស់អ្នកដែលមានជំនឿនិងចិត្តខ្នះខ្នែង។ ណាមួយទៀតក៏រួមបញ្ជូលការយកតម្រាប់តាមគន្លងជីវិតរបស់ព្រះយេស៊ូដែរ។ (១កូ. ១១:១; ហេ. ១២:២; ១៣:៧) ប្រសិនបើយើងខំព្យាយាមធ្វើដូច្នេះ នេះនឹងនាំឲ្យមានសាមគ្គីភាពក្នុងចំណោមរាស្ត្ររបស់ព្រះ ហើយឲ្យពួកគេនិយាយភាសាបរិសុទ្ធតាមរបៀបដូចគ្នា។—១កូ. ៤:១៦, ១៧
១២. ចំពោះការរៀននិយាយភាសាបរិសុទ្ធ តើការទន្ទេញមានប្រយោជន៍យ៉ាងណា?
១២ ចូរទន្ទេញ។ សិស្សដែលរៀនភាសាថ្មីត្រូវតែទន្ទេញឲ្យចាំព័ត៌មានជាច្រើន ដែលរួមបញ្ចូលពាក្យថ្មីៗ។ ចំពោះគ្រិស្តសាសនិក ការទន្ទេញអាចជួយយើងឲ្យចេះនិយាយភាសាបរិសុទ្ធបានស្ទាត់។ ពិតមែន យកល្អឲ្យយើងទន្ទេញចាំឈ្មោះសៀវភៅនីមួយៗក្នុងគម្ពីរតាមលំដាប់លំដោយ។ អ្នកខ្លះមានគោលដៅទន្ទេញចាំពាក្យក្នុងខផ្សេងៗ ឬឲ្យចាំខគម្ពីរមួយចំនួនដែលទាក់ទងទៅនឹងប្រធានសំខាន់ៗ។ អ្នកឯទៀតយល់ឃើញថាមានប្រយោជន៍មែនក្នុងការទន្ទេញចម្រៀងសរសើរព្រះយេហូវ៉ា ឈ្មោះនៃកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល និងឈ្មោះនៃសាវ័កទាំង១២នាក់ និងគុណសម្បត្ដិផ្សេងៗដែលជាផលផ្លែនៃសកម្មពលបរិសុទ្ធ។ នៅសម័យបុរាណ បណ្ដាជនអ៊ីស្រាអែលជាច្រើនបានទន្ទេញចាំមាត់បទទំនុកដំកើង។ នៅសព្វថ្ងៃនេះ ប្អូនប្រុសម្នាក់ពេលដល់អាយុ៦ឆ្នាំតែប៉ុណ្ណោះបានទន្ទេញចាំជាង៨០ខគម្ពីរ។ យកល្អយើងគួរខំទន្ទេញឲ្យចាំព័ត៌មានដូចខាងលើនេះដែរ មែនទេ?
១៣. ហេតុអ្វីក៏ការថាឡើងវិញឬការរំលឹកមានសារៈសំខាន់ម្ល៉េះ?
១៣ ការថាឡើងវិញជួយយើងឲ្យចាំ ហើយការរំលឹកម្ដងហើយម្ដងទៀត គឺសំខាន់ចាំបាច់ចំពោះយើងជាគ្រិស្តសាសនិក។ សាវ័កពេត្រុសមានប្រសាសន៍ថា៖ «ខ្ញុំប្រុងប្រៀបនឹងរំឭក ដល់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះជានិច្ច ទោះបើអ្នករាល់គ្នាស្គាល់ ហើយបានតាំងខ្ជាប់ខ្ជួន ក្នុងសេចក្ដីពិត ដែលមានហើយក៏ដោយ»។ (២ពេ. ១:១២) ហេតុអ្វីយើងត្រូវការរំលឹក? ពីព្រោះការរំលឹកជួយយើងឲ្យយល់កាន់តែច្បាស់នូវភាសាបរិសុទ្ធ ចេះគិតគូរឲ្យបានវែងឆ្ងាយ និងពង្រឹងកម្លាំងយើងឲ្យចេះស្ដាប់បង្គាប់តាមព្រះយេហូវ៉ា។ (ទំនុក. ១១៩:១២៩) ប្រសិនបើយើងពិនិត្យមើលឡើងវិញនូវខ្នាតតម្រានិងគោលការណ៍របស់ព្រះ នេះនឹងជួយយើងឲ្យពិនិត្យមើលខ្លួនយើង និងជួយយើងកុំឲ្យចេះតែ«ភ្លេចសេចក្ដីដែលស្ដាប់នោះឡើយ»។ (យ៉ា. ១:២២-២៥) ប្រសិនបើយើងមិនរំលឹកខ្លួនយើងអំពីសេចក្ដីពិតទេ នោះនឹងមានអ្វីផ្សេងដែលមានអានុភាពមកលើចិត្តយើង ធ្វើឲ្យយើងលែងចេះនិយាយភាសាបរិសុទ្ធបានស្ទាត់ទៀតហើយ។
១៤. ពេលដែលយើងរៀនភាសាបរិសុទ្ធ តើអ្វីនឹងជួយយើង?
១៤ ចូរអានឲ្យឮៗ។ សិស្សខ្លះខំរៀនភាសាថ្មីដោយខ្លួនឯង ដោយមិនបញ្ចេញសូរស័ព្ទអ្វីទេ។ ការរៀនបែបនេះឥតមានលទ្ធផលដ៏ល្អបំផុតទេ។ ពេលយើងសិក្សាភាសាបរិសុទ្ធ ជួនកាលយើងត្រូវអានឲ្យឮខ្សាវៗ ដើម្បីជួយយើងឲ្យប្រមូលអារម្មណ៍យកចិត្តទុកដាក់។ (សូមអាន ទំនុកដំកើង ១:១,២a) ការធ្វើបែបនេះជួយឲ្យព័ត៌មានដែលយើងអានបានដក់ជាប់ជ្រៅក្នុងគំនិតយើង។ ក្នុងភាសាហេព្រើរ ពាក្យថា «អានឮខ្សាវៗ» គឺផ្សារភ្ជាប់ទៅនឹងការរំពឹងគិត។ ដូចជាអាហារដែលយើងបរិភោគត្រូវការរំលាយ ដើម្បីឲ្យយើងទទួលប្រយោជន៍ពីអាហារនោះ។ យ៉ាងដូច្នេះដែរ បើយើងចង់យល់យ៉ាងច្បាស់ពីអ្វីដែលយើងអាន យើងក៏ត្រូវរំពឹងគិតលើព័ត៌មាននោះដែរ។ តើយើងយកពេលវេលាគ្រប់គ្រាន់ដើម្បីរំពឹងគិតពីព័ត៌មានដែលយើងបានសិក្សានោះទេ? ក្រោយពីអានគម្ពីរ យើងត្រូវតែគិតឲ្យបានជ្រៅជ្រះពីអ្វីដែលយើងអាន។
១៥. តើយើងអាចរៀនវេយ្យាករណ៍នៃភាសាបរិសុទ្ធយ៉ាងដូចម្ដេច?
១៥ ចូរពិនិត្យមើលវេយ្យាករណ៍។ ការសិក្សាវេយ្យាករណ៍នៃភាសាថ្មីក៏មានប្រយោជន៍ដែរ។ នេះជួយយើងឲ្យយល់ពីរបៀបនិយាយ ហើយក៏ជួយយើងនិយាយឲ្យបានត្រឹមត្រូវដែរ។ ភាសាណាមួយក៏មានរបៀបរៀបរៀងពាក្យឲ្យបានត្រឹមត្រូវ។ ស្រដៀងគ្នាដែរ ភាសាបរិសុទ្ធក៏មាន«អស់ទាំងពាក្យត្រឹមត្រូវដែល . . . ទុកជាគំរូ»។ (២ធី. ១:១៣) យើងត្រូវតែត្រងត្រាប់តាម«គំរូ»នោះ។
១៦. តើយើងត្រូវយកឈ្នះបញ្ហាអ្វី? តើយើងអាចធ្វើបែបនេះយ៉ាងដូចម្ដេច?
១៦ ចូរបន្តរីកចម្រើន។ មនុស្សម្នាក់អាចរៀនភាសាឲ្យចេះល្មមត្រឹមតែប្រើការបានប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយមក ឥតមានរីកចម្រើនទៅមុខទៀតទេ។ បញ្ហាស្រដៀងនេះក៏អាចមានដល់អស់អ្នកដែលនិយាយភាសាបរិសុទ្ធដែរ។ (សូមអាន ហេព្រើរ ៥:១១-១៤) តើអ្វីដែលអាចជួយយើងឲ្យយកឈ្នះបញ្ហានេះ? ចូរសុខចិត្តខំប្រឹងរៀនភាសានេះតទៅទៀត។ «ចូរឲ្យយើងឈប់ខាងឯសេចក្ដីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខដរាបដល់ពេញខ្នាតចុះ! មិនត្រូវតាំងសេចក្ដីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្ដីប្រែចិត្តចេញពីការស្លាប់ នឹងសេចក្ដីជំនឿជឿដល់ព្រះ។ ហើយនឹងសេចក្ដីបង្រៀនពីបុណ្យជ្រមុជការដាក់ដៃ សេចក្ដីរស់ពីស្លាប់ឡើងវិញ នឹងសេចក្ដីជំនុំជំរះកាត់ទោសដល់អស់កល្បជានិច្ចនោះឡើយ»។—ហេ. ៦:១, ២
១៧. ហេតុអ្វីការមានទម្លាប់សិក្សាជាទៀងទាត់គឺសំខាន់ម្ល៉េះ? សូមពន្យល់។
១៧ កំណត់ពេលជាក់លាក់ដើម្បីសិក្សា។ បើចំណាយពេលខ្លីៗក្នុងការសិក្សាជាទៀងទាត់ គឺមានប្រយោជន៍ជាងការសិក្សាយូរម៉ោង ដែលយូរៗទើបសិក្សាម្ដង។ ចូរសិក្សាពេលដែលអ្នកងាយស្រួលប្រុងស្មារតី គ្មានអ្វីមកបង្វែរអារម្មណ៍។ ការរៀនភាសាថ្មីគឺប្រៀបដូចការបង្កើតឲ្យមានផ្លូវដើរក្នុងព្រៃ។ កាលណាយើងដើរកាត់ផ្លូវនោះកាន់តែញឹក នោះក៏កាន់តែងាយស្រួលក្នុងការធ្វើដំណើរដែរ។ បើលែងដើរតាមផ្លូវនោះអស់មួយរយៈយូរ នោះនឹងមានព្រៃដុះទ្រុបវិញ។ ដូច្នេះគឺសំខាន់ចាំបាច់ឲ្យយើងខំព្យាយាមជានិច្ច! (ដា. ៦:១៦, ២០) ចូរអធិស្ឋានហើយ«ចាំយាម . . . ដោយនូវគ្រប់ទាំងសេចក្ដីខ្ជាប់ខ្ជួន»ដើម្បីឲ្យចេះនិយាយភាសាបរិសុទ្ធនៃសេចក្ដីពិតក្នុងគម្ពីរ។—អេភ. ៦:១៨
១៨. ហេតុអ្វីយើងត្រូវនិយាយភាសាបរិសុទ្ធនៅគ្រប់ឱកាស?
១៨ ចូរហាត់និយាយហើយនិយាយទៀត! មនុស្សខ្លះដែលរៀនភាសាថ្មី ប្រហែលមិនហ៊ាននិយាយទេ ពីព្រោះគេអៀនខ្មាសឬខ្លាចនិយាយខុស។ បើដូច្នេះមែន នេះនឹងមិនជួយគេឲ្យបានរីកចម្រើនទៅមុខទេ។ ដូចជាពាក្យស្លោកដែលថា តក់ៗពេញបំពង់ នោះចំពោះការរៀនភាសា បើយើងខំរៀនតក់ៗទៅ យើងនឹងនិយាយបានស្ទាត់។ កាលណាសិស្សហាត់និយាយភាសាថ្មីកាន់តែច្រើន នោះក៏កាន់តែស្ទាត់ឡើងដែរ។ យ៉ាងដូច្នោះដែរ គប្បីឲ្យយើងនិយាយភាសាបរិសុទ្ធនៅគ្រប់ឱកាស។ «យើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់»។ (រ៉ូម ១០:១០) យើង«ទទួលថ្លែងប្រាប់»នៅពេលយើងទទួលការជ្រមុជទឹក។ ប៉ុន្តែយើងក៏ថ្លែងប្រាប់ពេលយើងនិយាយអំពីព្រះយេហូវ៉ានៅគ្រប់ឱកាស ដែលរួមបញ្ចូលពេលយើងទៅផ្សព្វផ្សាយ។ (ម៉ាថ. ២៨:១៩, ២០; ហេ. ១៣:១៥) កិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិក ជួយយើងនិយាយភាសាបរិសុទ្ធឲ្យបានកាន់តែច្បាស់និងត្រឹមត្រូវទៀតផង។—សូមអាន ហេព្រើរ ១០:២៣-២៥
ចូររួមគ្នាប្រើភាសាបរិសុទ្ធដើម្បីសរសើរព្រះយេហូវ៉ា
១៩, ២០. (ក) តើសាក្សីរបស់ព្រះយេហូវ៉ាកំពុងតែសម្រេចអ្វីដ៏អស្ចារ្យ? (ខ) តើអ្នកតាំងចិត្តធ្វើអ្វី?
១៩ យើងច្បាស់ជារំភើបចិត្តណាស់! បើបាននៅក្រុងយេរូសាឡិមនាព្រឹកថ្ងៃអាទិត្យ ទី៦ ខែសែវ៉ាន់ ឆ្នាំ៣៣ គ.ស.។ នៅថ្ងៃនោះគឺមុនម៉ោង៩ព្រឹក អស់អ្នកដែលបានមកជួបជុំគ្នានៅក្នុងផ្ទះ«ក៏តាំងនិយាយភាសាផ្សេងៗ»។ (កិច្ច. ២:៤) សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះលែងមានសមត្ថភាពនិយាយភាសាផ្សេងៗដោយអព្ភូតហេតុទៀតហើយ។ (១កូ. ១៣:៨) យ៉ាងណាក៏ដោយ សាក្សីព្រះយេហូវ៉ាប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះក្នុងជាង៤៣០ភាសា។
២០ យើងមានអំណរគុណមែន ដែលមិនថាយើងនិយាយភាសាណាក៏ដោយ យើងគ្រប់គ្នាមានសាមគ្គីភាពក្នុងការនិយាយភាសាបរិសុទ្ធនៃសេចក្ដីពិតក្នុងគម្ពីរ! តាមពិត នេះគឺខុសគ្នាឆ្ងាយពីអ្វីដែលបានកើតឡើងនៅក្រុងបាបិល។ រាស្ត្ររបស់ព្រះយេហូវ៉ារួបរួមគ្នាលើកសរសើរនាមទ្រង់ ហាក់ដូចជានិយាយភាសាតែ១។ (១កូ. ១:១០) សូមឲ្យយើងតាំងចិត្តបន្តបម្រើព្រះដោយ«ព្រមចិត្តគ្នា»ជាមួយនឹងបងប្អូនប្រុសស្រីនៅទូទាំងផែនដី។ សូមយើងរៀននិយាយភាសាបរិសុទ្ធឲ្យបានស្ទាត់ឡើង ដើម្បីលើកតម្កើងព្រះយេហូវ៉ា ជាព្រះដែលជាបិតានៅស្ថានសួគ៌។—សូមអាន ទំនុកដំកើង ១៥០:១-៦
[កំណត់សម្គាល់]
a ទំនុកដំកើង ១:១, ២; (ព.ថ.) «មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប ឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ។ អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិត[ឬ«អានឮខ្សាវៗ»]ក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើភាសាបរិសុទ្ធជាអ្វី?
• តើការនិយាយភាសាបរិសុទ្ធ រួមបញ្ចូលអ្វីខ្លះ?
• តើអ្វីដែលនឹងជួយយើងឲ្យនិយាយភាសាបរិសុទ្ធបានស្ទាត់?
[ប្រអប់នៅទំព័រ២៧]
និយាយភាសាបរិសុទ្ធឲ្យបានកាន់តែស្ទាត់ ដោយធ្វើតាមចំណុចខាងក្រោមនេះ
◆ ចូរស្ដាប់ដោយយកចិត្តទុកដាក់។
◆ ចូរត្រាប់តាមអ្នកដែលចេះនិយាយស្ទាត់។
◆ ចូរទន្ទេញនិងថាឡើងវិញ។
◆ ចូរអានឲ្យឮៗ។
ទំនុក. ១:១, ២; ព.ថ.
◆ ចូរពិនិត្យមើលវេយ្យាករណ៍។
◆ ចូរបន្តរីកចម្រើនជានិច្ច។
◆ ចូរកំណត់ពេលជាក់លាក់ដើម្បីសិក្សា។
◆ ចូរនិយាយភាសានោះ។
[រូបភាពនៅទំព័រ២៨]
រាស្ត្ររបស់ព្រះយេហូវ៉ានិយាយភាសាបរិសុទ្ធ ដោយចុះសម្រុងគ្នា