មនុស្ស«ពីភាសាផ្សេងៗ»ឮដំណឹងល្អ
«នៅគ្រានោះមនុស្ស១០នាក់ពីភាសាផ្សេងៗនឹង[ថា]៖‹យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា› »។—សាការី ៨:២៣
១. ហេតុអ្វីបានជាពេលនិងទីកន្លែងដែលព្រះយេហូវ៉ាបានជ្រើសរើសដើម្បីចាប់ផ្ដើមផ្សាយដំណឹងល្អដល់មនុស្សពីភូមិភាគដទៃដែលនិយាយភាសាផ្សេងៗនោះ ជាពេលនិងទីកន្លែងល្អបំផុត?
ព្រឹត្ដិការណ៍នោះបានកើតឡើងក្នុងពេលដ៏ល្អមែន។ តើព្រឹត្ដិការណ៍នោះជាអ្វីទៅ? ហើយហេតុអ្វី? ព្រឹត្ដិការណ៍នោះគឺជាបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ ប៉ុន្មានសប្ដាហ៍មុននេះ មានបណ្ដាជនច្រើនកុះករ គឺពួកជនជាតិយូដានិងជនជាតិផ្សេងដែលបានចូលសាសនាយូដា បានមកក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យរំលង។ បណ្ដាជនទាំងនេះ យ៉ាងហោចណាស់មកពីតំបន់១៥ឆ្ងាយៗក្នុងនិងក្រៅចក្រភពរ៉ូម។ នៅថ្ងៃនោះ បណ្ដាជនរាប់ពាន់នាក់បានឮមនុស្សធម្មតាដែលបានពេញដោយវិញ្ញាណបរិសុទ្ធ ប្រកាសដំណឹងល្អក្នុងភាសាផ្សេងៗរបស់មនុស្សក្នុងចក្រភពរ៉ូម មិនមែនដូចនៅក្រុងបាបិលពីបុរាណ ពេលនោះមនុស្សស្ដាប់គ្នាពុំបានឡើយ។ (កិច្ចការ ២:១-១២) គ្រានោះជាទីចាប់ផ្ដើមនៃក្រុមជំនុំគ្រីស្ទាន ព្រមទាំងកិច្ចការអប់រំនៅទូទាំងពិភពលោកដោយប្រើភាសាផ្សេងៗ ដែលមានបន្តរហូតមកដល់សព្វថ្ងៃនេះ។
២. នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស. តើសិស្សរបស់ព្រះយេស៊ូបានធ្វើឲ្យអ្នកស្ដាប់ពីសាសន៍ផ្សេង«មានសេចក្ដីអស្ចារ្យ»យ៉ាងណា?
២ សិស្សរបស់ព្រះយេស៊ូប្រហែលជាចេះនិយាយភាសាក្រិចដែលមនុស្សទូទៅនិយមប្រើនៅសម័យនោះ។ ពួកគាត់ក៏ចេះនិយាយភាសាហេព្រើរដែរ ជាភាសាដែលត្រូវប្រើនៅឯព្រះវិហារ។ ក៏ប៉ុន្តែ នៅបុណ្យថ្ងៃទី៥០ ពួកសិស្សបានធ្វើឲ្យបណ្ដាជនដែលស្ដាប់ពួកគាត់«មានសេចក្ដីអស្ចារ្យ»មែន ដោយនិយាយភាសាផ្សេងៗដែលជាភាសាកំណើតរបស់អ្នកស្ដាប់ទាំងនោះ។ តើមានលទ្ធផលយ៉ាងណា? ពួកអ្នកស្ដាប់បានឮសេចក្ដីពិតសំខាន់ៗជាភាសាកំណើតរបស់ខ្លួន ហើយនេះមានឥទ្ធិពលលើចិត្តរបស់ពួកគេ។ នៅថ្ងៃដដែលនោះ ពួកសិស្សដែលដំបូងមានចំនួនតិច បានកើនឡើងជាង៣.០០០នាក់!—កិច្ចការ ២:៣៧-៤២
៣, ៤. កាលដែលគ្រីស្ទានផ្លាស់ប្ដូរទីលំនៅពីក្រុងយេរូសាឡិម ស្រុកយូដា និងស្រុកកាលីឡេ តើការផ្សព្វផ្សាយដំណឹងល្អត្រូវបានពង្រីកយ៉ាងដូចម្ដេច?
៣ បន្ដិចក្រោយពីព្រឹត្ដិការណ៍ដ៏សំខាន់នោះកើតឡើង មានការបៀតបៀនជាខ្លាំងផ្ទុះឡើងនៅក្រុងយេរូសាឡិម ហើយ«ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល»។ (កិច្ចការ ៨:១-៤) ជាឧទាហរណ៍ យើងអាននៅកិច្ចការជំពូក៨អំពីអ្នកដែលផ្សាយដំណឹងល្អម្នាក់ឈ្មោះភីលីព ដែលតាមមើលទៅចេះនិយាយភាសាក្រិច។ ភីលីពបានផ្សព្វផ្សាយទៅដល់មនុស្សនៅស្រុកសាម៉ារី។ គាត់ក៏បានផ្សព្វផ្សាយដល់មន្ត្រីសាសន៍អេចូពីម្នាក់ ដែលបានស្ដាប់តាមសារអំពីព្រះគ្រីស្ទ។—កិច្ចការ ៦:១-៥; ៨:៥-១៣, ២៦-៤០; ២១:៨, ៩
៤ កាលដែលគ្រីស្ទានផ្លាស់ប្ដូរទីលំនៅពីក្រុងយេរូសាឡិម ស្រុកយូដា និងស្រុកកាលីឡេទៅរស់នៅកន្លែងផ្សេង នោះពួកគាត់ក៏ជួបប្រទះឧបសគ្គថ្មីៗដែរ ពោលគឺសាសន៍និងភាសាផ្សេង។ គ្រីស្ទានខ្លះប្រហែលជាធ្លាប់ធ្វើបន្ទាល់ដល់សាសន៍យូដាតែប៉ុណ្ណោះ។ ប៉ុន្តែ សិស្សម្នាក់របស់ព្រះយេស៊ូឈ្មោះលូកាបានរាយការណ៍ថា៖ «ក្នុងពួកអ្នកនោះ មានអ្នកខ្លះពីកោះគីប្រុស នឹងស្រុកគីរេន គេបានទៅដល់ក្រុងអាន់ទីយ៉ូក ក៏ផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូវ ដល់ពួកសាសន៍ក្រេកដែរ»។—កិច្ចការ ១១:១៩-២១
ព្រះដែលមិនរើសមុខមានសារសម្រាប់មនុស្សគ្រប់សាសន៍
៥. ស្តីអំពីដំណឹងល្អ តើយើងអាចឃើញនូវភាពមិនលំអៀងរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៥ ព្រឹត្ដិការណ៍ទាំងនេះគឺសមស្របតាមព្រះទ័យរបស់ព្រះ ដ្បិតទ្រង់មិនប្រកាន់ពូជសាសន៍ឡើយ។ ក្រោយពីព្រះយេហូវ៉ាបានជួយសាវ័កពេត្រុសឲ្យកែប្រែគំនិតគាត់អំពីសាសន៍ដទៃ នោះគាត់បានកត់សម្គាល់ដោយត្រេកអរថា៖ «ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (កិច្ចការ ១០:៣៤, ៣៥; ទំនុកដំកើង ១៤៥:៩) នៅពេលសាវ័កប៉ុល ដែលពីដើមជាអ្នកបៀតបៀនគ្រីស្ទាន មានប្រសាសន៍ថាព្រះ«សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ» នោះគាត់បានបញ្ជាក់ថា ព្រះគ្មានភាពលំអៀងទេ។ (ធីម៉ូថេទី១ ២:៤) យើងឃើញនូវភាពមិនលំអៀងរបស់ព្រះយេហូវ៉ា ពីព្រោះសេចក្ដីសង្ឃឹមអំពីព្រះរាជាណាចក្រ គឺសម្រាប់មនុស្សគ្រប់ភេទ ជាតិសាសន៍ ឬភាសា។
៦, ៧. តើទំនាយណាខ្លះក្នុងព្រះគម្ពីរ ដែលទាយអំពីការផ្សព្វផ្សាយដំណឹងល្អជាភាសាផ្សេងៗដល់មនុស្សគ្រប់សាសន៍?
៦ ការពង្រីកកិច្ចផ្សាយទៅដល់ជាតិសាសន៍ផ្សេងៗ បានត្រូវទាយប្រាប់ច្រើនសតវត្សរ៍មុន។ យោងទៅតាមទំនាយរបស់ដានីយ៉ែល «នោះបានប្រទានឲ្យទ្រង់[ព្រះយេស៊ូ]មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់»។ (ដានីយ៉ែល ៧:១៤) យើងអាចដឹងថាទំនាយនោះពីបទគម្ពីរកំពុងតែសម្រេច ដោយសារទស្សនាវដ្ដីនេះត្រូវបានបោះពុម្ពក្នុង១៥១ភាសា និងត្រូវបានចែកចាយទូទាំងពិភពលោក ដើម្បីឲ្យយើងអាចអានអំពីព្រះរាជាណាចក្ររបស់ព្រះ។
៧ ព្រះគម្ពីរបានទាយអំពីគ្រា ដែលមនុស្សនឹងអាចស្ដាប់សារដែលផ្ដល់នូវជីវិតនេះជាភាសាផ្សេងៗ។ សាការីបានទាយថា ការថ្វាយបង្គំពិតនឹងមានឥទ្ធិពលល្អលើមនុស្សជាច្រើន ដោយសរសេរថា៖ «នៅគ្រានោះមនុស្ស១០នាក់ពីភាសាផ្សេងៗនឹងចាប់តោង ជាយអាវរបស់សាសន៍យូដាម្នាក់[គ្រីស្ទានដែលបានត្រូវតែងតាំងដោយវិញ្ញាណរបស់ព្រះ ដែលជាផ្នែកនៃ«សាសន៍អ៊ីស្រាអែលនៃព្រះ»] ដោយពាក្យថា៖‹យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា› »។ (សាការី ៨:២៣, កំណែជាអក្សរទ្រេត; កាឡាទី ៦:១៦) សាវ័កយ៉ូហានបានរៀបរាប់នូវអ្វីដែលគាត់ឃើញក្នុងចក្ខុនិមិត្តថា៖ «ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម»។ (វិវរណៈ ៧:៩, កំណែជាអក្សរទ្រេត) យើងបានឃើញនូវការសម្រេចនៃទំនាយទាំងនេះមែន!
ការផ្សព្វផ្សាយដល់មនុស្សគ្រប់ប្រភេទ
៨. សព្វថ្ងៃនេះតើមានអ្វីដែលតម្រូវឲ្យយើងកែប្រែកិច្ចការផ្សព្វផ្សាយរបស់យើង?
៨ សព្វថ្ងៃនេះ មនុស្សកាន់តែច្រើនផ្លាស់ប្ដូរទីលំនៅទៅរស់នៅកន្លែងផ្សេង។ ជំនួញរវាងប្រទេសបានបើកផ្លូវឲ្យមនុស្សផ្លាស់ប្ដូរទីលំនៅដែរ។ មនុស្សច្រើនកកកុញពីកន្លែងដែលមានសង្គ្រាមនិងភាពអន់ថយខាងសេដ្ឋកិច្ច បានផ្លាស់ប្ដូរទីលំនៅទៅកន្លែងមានស្ថេរភាព ដើម្បីជីវភាពរស់នៅដែលស្រួលជាង។ នៅប្រទេសជាច្រើន មានជនអន្ដោប្រវេសន៍និងជនភៀសខ្លួនចូលមកជាច្រើនសន្ធឹក ហើយជាលទ្ធផលនោះ កកើតមានសហគមន៍ជនបរទេសដែលនិយាយភាសាផ្សេង។ ជាឧទាហរណ៍ នៅប្រទេសហ្វាំងឡង់ មាន១២០ភាសា នៅប្រទេសអូស្ដ្រាលីក៏មានចំនួនជាង២០០ភាសាដែរ ហើយគ្រាន់តែនៅក្រុងមួយនៃសហរដ្ឋអាមេរិក គឺក្រុងសែនឌីអេហ្គ មានភាសាផ្សេងៗជាង១០០ភាសា!
៩. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះមនុស្សក្នុងតំបន់ផ្សាយដែលនិយាយភាសាផ្សេង?
៩ ជាគ្រីស្ទាន តើយើងចាត់ទុកវត្តមាននៃមនុស្សដែលនិយាយភាសាផ្សេង ជាឧបសគ្គដល់កិច្ចបម្រើផ្សាយយើងឬ? មិនទាល់តែសោះ! ផ្ទុយទៅវិញ យើងចាត់ទុកនេះជាការពង្រីកតំបន់ផ្សាយយើង ពោលគឺ‹ស្រែដែលបានក្រហមល្មមច្រូតហើយ›។ (យ៉ូហាន ៤:៣៥) យើងខំប្រឹងជួយមនុស្សឲ្យទទួលស្គាល់សេចក្ដីកំសត់ឬសេចក្ដីត្រូវការរបស់ខ្លួនខាងវិញ្ញាណ មិនថាពួកគេជាជនជាតិណាឬនិយាយភាសាណាក៏ដោយ។ (ម៉ាថាយ ៥:៣) ជាលទ្ធផល ជារៀងរាល់ឆ្នាំ មនុស្សកាន់តែច្រើនពី«គ្រប់ភាសា»ក្លាយទៅជាសិស្សរបស់ព្រះគ្រីស្ទ។ (វិវរណៈ ១៤:៦) ជាឧទាហរណ៍ តាំងពីខែសីហា ឆ្នាំ២០០៤ កិច្ចការផ្សព្វផ្សាយនៅប្រទេសអាឡឺម៉ង់ ត្រូវធ្វើឡើងដោយប្រើប្រមាណ៤០ភាសា។ នៅពេលដដែលនេះ ដំណឹងល្អត្រូវបានផ្សព្វផ្សាយនៅប្រទេសអូស្ដ្រាលី ដល់មនុស្សដែលនិយាយភាសាផ្សេងៗជិត៣០ភាសា តែ១០ឆ្នាំមុនមានត្រឹមតែ១៨ទេ។ នៅប្រទេសក្រិច ស្មរបន្ទាល់ព្រះយេហូវ៉ាបានផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាផ្សេងៗជិត២០ភាសា។ នៅទូទាំងពិភពលោក ៨០ភាគរយនៃស្មរបន្ទាល់ព្រះយេហូវ៉ានិយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេស ដែលជាភាសាអន្តរជាតិសព្វថ្ងៃនេះ។
១០. ក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្សពី«មនុស្សទាំងអស់» តើអ្នកផ្សាយសារព្រះរាជាណាចក្រម្នាក់ៗមានមុខនាទីអ្វី?
១០ ប្រាកដមែន! សិស្សរបស់ព្រះយេស៊ូកំពុងតែធ្វើតាមបញ្ជារបស់ទ្រង់ ដែលឲ្យ«បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។ (ម៉ាថាយ ២៨:១៩, កំណែជាអក្សរទ្រេត) ស្មរបន្ទាល់ព្រះយេហូវ៉ាមានសកម្មភាពក្នុង២៣៥ប្រទេស ហើយធ្វើតាមបញ្ជានេះដោយចិត្តខ្នះខ្នែង និងដោយចែកចាយសៀវភៅជាង៤០០ភាសា។ អង្គការរបស់ព្រះយេហូវ៉ាផ្ដល់សៀវភៅដែលត្រូវការដើម្បីផ្សព្វផ្សាយ តែអ្នកផ្សាយសារព្រះរាជាណាចក្រម្នាក់ៗត្រូវតែប្រាប់សារព្រះគម្ពីរដល់«មនុស្សទាំងអស់» ដោយប្រើភាសាដែលមនុស្សស្ដាប់បានជាងគេបំផុត។ (យ៉ូហាន ១:៧) ការខំប្រឹងធ្វើនេះ បានជួយមនុស្សរាប់លាននាក់ដែលនិយាយភាសាផ្សេងឲ្យទទួលប្រយោជន៍ពីដំណឹងល្អ។ (រ៉ូម ១០:១៤, ១៥) ត្រូវហើយ យើងម្នាក់ៗមានមុខនាទីដ៏សំខាន់ក្នុងរឿងនេះ!
ការយកឈ្នះការពិបាកក្នុងការផ្សាយ
១១, ១២. (ក) តើយើងត្រូវយកឈ្នះការពិបាកអ្វី? តើវិញ្ញាណបរិសុទ្ធជួយយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីក៏មានប្រយោជន៍បើផ្សព្វផ្សាយដោយប្រើភាសាកំណើតរបស់មនុស្ស?
១១ សព្វថ្ងៃនេះ អ្នកផ្សាយសារព្រះរាជាណាចក្រជាច្រើននាក់ចង់រៀនភាសាមួយទៀត ប៉ុន្តែវិញ្ញាណរបស់ព្រះ មិនផ្ដល់ឲ្យពួកគេចេះនិយាយភាសាផ្សេងភ្លាមៗជាអព្ភូតហេតុនោះទេ។ (កូរិនថូសទី១ ១៣:៨) ការរៀនភាសាមួយទៀត គឺជាអ្វីដ៏ពិបាកណាស់។ សូម្បីតែអស់អ្នកដែលនិយាយភាសាពីរក៏ដោយ ក៏ត្រូវចេះប្រែប្រួលគំនិតនិងវិធីផ្សាយ ដើម្បីឲ្យសារព្រះគម្ពីរជាទីទាក់ទាញចិត្តដល់មនុស្សដែលនិយាយភាសានោះ ពីព្រោះមនុស្សមានមជ្ឈដ្ឋាននិងវប្បធម៌ផ្សេងគ្នា។ ម្យ៉ាងវិញទៀត ជនអន្ដោប្រវេសន៍តែងអៀនប្រៀន ដូច្នេះហើយបើយើងចង់យល់គំនិតរបស់គេ យើងត្រូវតែខំប្រឹងណាស់។
១២ យ៉ាងណាក៏ដោយ វិញ្ញាណបរិសុទ្ធក៏នៅជួយអ្នកបម្រើព្រះយេហូវ៉ា ក្នុងការផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាផ្សេង។ (លូកា ១១:១៣) ជាជាងផ្ដល់នូវសមត្ថភាពខាងភាសាដោយអព្ភូតហេតុ នោះវិញ្ញាណបរិសុទ្ធអាចបង្កើនក្ដីប៉ងប្រាថ្នាឲ្យនិយាយជាមួយមនុស្សដែលនិយាយភាសាផ្សេង។ (ទំនុកដំកើង ១៤៣:១០) ការផ្សព្វផ្សាយឬបង្រៀនសារព្រះគម្ពីរដល់មនុស្សដោយប្រើភាសាដែលគេស្ដាប់មិនសូវបាន ប្រហែលមានអានុភាពលើគំនិត ប៉ុន្តែ ដើម្បីឲ្យមានអានុភាពលើចិត្តអ្នកស្ដាប់វិញ គឺល្អជាងបើយើងប្រើភាសាកំណើតរបស់ពួកគេ ជាភាសាដែលមានឥទ្ធិពលលើសេចក្ដីប្រាថ្នាកប់យ៉ាងជ្រៅក្នុងចិត្ត គោលបំណង និងសេចក្ដីសង្ឃឹមរបស់ពួកគេ។—លូកា ២៤:៣២
១៣, ១៤. (ក) តើអ្វីដែលជំរុញចិត្តឲ្យបងប្អូនខ្លះចូលរួមក្នុងកិច្ចបម្រើផ្សាយដល់មនុស្សដែលនិយាយភាសាផ្សេង? (ខ) តើអ្វីបង្ហាញឲ្យឃើញថាបងប្អូនមានគំនិតចេះលះបង់ប្រយោជន៍ខ្លួន?
១៣ អ្នកផ្សាយសារព្រះរាជាណាចក្រជាច្រើននាក់ បានចាប់ផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាផ្សេង កាលដែលពួកគេឃើញមនុស្សប្រតិកម្មយ៉ាងល្អដល់សេចក្ដីពិតក្នុងព្រះគម្ពីរ។ ចំណែកបងប្អូនឯទៀត ពេលដែលកិច្ចបម្រើផ្សាយរបស់ពួកគេតម្រូវឲ្យខំប្រឹងយ៉ាងខ្លាំងនិងមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ជាង នោះធ្វើឲ្យពួកគេមានកម្លាំងចិត្ត។ ការិយាល័យសាខានៃស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសមួយនៃទ្វីបអឺរ៉ុបខាងត្បូងរាយការណ៍ថា៖ «មនុស្សជាច្រើននាក់ដែលមកពីប្រទេសផ្សេងនៅទ្វីបអឺរ៉ុបខាងកើតកំពុងតែស្រេកឃ្លានចំពោះសេចក្ដីពិត»។ យើងមានចិត្តសប្បាយរីករាយណាស់ ក្នុងការជួយមនុស្សបែបនេះ!—អេសាយ ៥៥:១, ២
១៤ ប៉ុន្តែ ដើម្បីចូលរួមក្នុងកិច្ចការនេះដែលបង្កើតផល យើងត្រូវប្ដេជ្ញាចិត្តនិងចេះលះបង់ប្រយោជន៍ខ្លួន។ (ទំនុកដំកើង ១១០:៣) ជាឧទាហរណ៍ ក្រុមគ្រួសារជនជាតិជប៉ុនមួយចំនួនបានផ្លាស់ប្ដូរទីលំនៅពីកន្លែងសុខស្រួលនៅក្រុងធំៗ ហើយទៅរស់នៅកន្លែងដាច់ស្រយាលដើម្បីជួយក្រុមអន្ដោប្រវេសន៍ជនជាតិចិនឲ្យយល់សេចក្ដីពិតពីព្រះគម្ពីរ។ នៅខាងលិចនៃសហរដ្ឋអាមេរិក អ្នកផ្សាយបើករថយន្តអស់មួយដល់ពីរម៉ោងដើម្បីសិក្សាព្រះគម្ពីរជាមួយនឹងមនុស្សដែលមកពីប្រទេសហ្វីលីពីន។ នៅប្រទេសណរវែស គូស្វាមីភរិយាសិក្សាជាមួយក្រុមគ្រួសារពីប្រទេសអាប់កានីស្ថាន។ គូស្វាមីភរិយានេះប្រើសៀវភៅតើព្រះតម្រូវអ្វីពីយើង?a ក្រុមគ្រួសារនោះអានវគ្គជាភាសាពើស៊ី ដែលជាភាសាស្រដៀងនឹងភាសាកំណើតរបស់ពួកគេហៅថា ដារី។ ពេលពិភាក្សាវគ្គនីមួយៗ ពួកគេនិយាយភាសាអង់គ្លេសផងនិងភាសាណរវែសផង។ គំនិតលះបង់បែបនេះនិងការចេះប្រែប្រួលគឺពិតជាបានពរយ៉ាងវិសេស ពេលដែលមនុស្សដែលនិយាយភាសាផ្សេងស្ដាប់តាមដំណឹងល្អ។
១៥. តើយើងគ្រប់គ្នាអាចចូលរួមការផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាផ្សេងយ៉ាងដូចម្ដេច?
១៥ តើអ្នកអាចចូលរួមក្នុងកិច្ចបម្រើផ្សាយដល់មនុស្សដែលនិយាយភាសាផ្សេងបានដែរឬទេ? ចូរកត់សម្គាល់ថាក្នុងតំបន់ផ្សាយរបស់អ្នក តើមានមនុស្សនិយាយភាសាផ្សេងណាច្រើនជាងគេ? រួចមក អ្នកអាចយកខិត្តប័ណ្ណឬសៀវភៅស្តើងខ្លះៗជាប់ខ្លួនជាភាសានោះ។ កូនសៀវភៅ ដំណឹងល្អសម្រាប់មនុស្សគ្រប់សាសន៍ ដែលចេញនៅឆ្នាំ២០០៤ គឺមានប្រយោជន៍យ៉ាងសំខាន់ចំពោះការផ្សាយនូវសេចក្ដីសង្ឃឹមអំពីព្រះរាជាណាចក្រ ពីព្រោះកូនសៀវភៅនេះមានសារដែលស្រួលយល់ហើយលើកទឹកចិត្តជាភាសាច្រើន។
ចូរ«ស្រឡាញ់អ្នកប្រទេសក្រៅ»
១៦. តើអ្នកចាស់ទុំអាចយកចិត្តទុកដាក់នឹងការជួយមនុស្សដែលនិយាយភាសាផ្សេងយ៉ាងដូចម្ដេច?
១៦ ទោះជាយើងរៀនភាសាមួយទៀតឬក៏អត់ យើងទាំងអស់គ្នាអាចជួយក្នុងការអប់រំមនុស្សដែលនិយាយភាសាផ្សេងក្នុងតំបន់យើងឲ្យយល់អំពីរឿងខាងវិញ្ញាណ។ ព្រះយេហូវ៉ាបានបង្គាប់រាស្ត្រទ្រង់ឲ្យ«ស្រឡាញ់អ្នកប្រទេសក្រៅ»។ (ចោទិយកថា ១០:១៨, ១៩) ជាឧទាហរណ៍ នៅក្រុងដ៏ធំមួយនៅអាមេរិកខាងជើង នោះមានប្រាំក្រុមជំនុំដែលប្រើសាលប្រជុំតែមួយ។ ជារៀងរាល់ឆ្នាំមានការផ្លាស់ប្ដូរម៉ោងប្រជុំ។ ដូច្នេះម៉ោងប្រជុំជាភាសាចិនត្រូវប្ដូរទៅពេលល្ងាចនៅថ្ងៃអាទិត្យវិញ។ ប៉ុន្តែ នេះបានន័យថាជនអន្ដោប្រវេសន៍ជនជាតិចិនជាច្រើននាក់ដែលធ្វើការនៅភោជនីយដ្ឋានមិនអាចចូលរួមប្រជុំបានទេ។ អ្នកចាស់ទុំនៅក្រុមជំនុំឯទៀត បានបង្ហាញក្ដីសប្បុរសដោយទុកឲ្យមានប្រជុំជាភាសាចិននៅពេលព្រឹកថ្ងៃអាទិត្យវិញ។
១៧. តើយើងគួរមានអារម្មណ៍យ៉ាងណា បើអ្នកខ្លះសម្រេចចិត្តទៅជួយក្រុមដែលនិយាយភាសាផ្សេង?
១៧ អ្នកត្រួតពិនិត្យដែលប្រកបដោយក្ដីស្រឡាញ់ សរសើរបងប្អូនប្រុសស្រីដែលមានសមត្ថភាពនិងលក្ខណៈគ្រប់គ្រាន់ ហើយចង់ផ្លាស់ប្ដូរទីលំនៅទៅជួយក្រុមដែលនិយាយភាសាផ្សេង។ ក្រុមជំនុំប្រហែលជាមានការសោកស្ដាយពេលគ្រូបង្រៀនព្រះគម្ពីរដែលមានបទពិសោធន៍បែបនេះទៅកន្លែងផ្សេង។ ប៉ុន្តែអ្នកត្រួតពិនិត្យនឹងមានអារម្មណ៍ដូចពួកអ្នកចាស់ទុំនៅក្រុងលីស្ដ្រានិងអ៊ីកូនាម។ ពួកអ្នកចាស់ទុំទាំងនេះមិនបានឃាត់ធីម៉ូថេពីការធ្វើដំណើរជាមួយនឹងប៉ុលទេ ទោះជាធីម៉ូថេមានប្រយោជន៍យ៉ាងសំខាន់ដល់ក្រុមជំនុំរបស់គេក៏ដោយ។ (កិច្ចការ ១៦:១-៤) បន្ថែមទៅទៀត បងប្អូនដែលនាំមុខក្នុងកិច្ចការផ្សព្វផ្សាយមិនគិតថាជាឧបសគ្គទេ ដោយសារមនុស្សដែលនិយាយភាសាផ្សេងមានគំនិត ទំនៀមទម្លាប់និងការប្រព្រឹត្តផ្សេង។ ផ្ទុយទៅវិញ ពួកគេស្វាគមន៍នូវភាពផ្សេងគ្នានេះនិងរកវិធីដើម្បីបណ្ដុះឲ្យមានទំនាក់ទំនងល្អប្រយោជន៍ដល់ដំណឹងល្អ។—កូរិនថូសទី១ ៩:២២, ២៣
១៨. តើទ្វារយ៉ាងធំអ្វីដែលបើចំហដល់បងប្អូនគ្រប់គ្នា?
១៨ រាស្ត្ររបស់ព្រះកំពុងតែផ្សាយដំណឹងល្អដល់«ភាសាផ្សេងៗ»ដូចបានទាយមែន។ តំបន់ផ្សាយដែលមានមនុស្សនិយាយភាសាផ្សេង នៅមានលទ្ធភាពរីកចំរើនយ៉ាងអស្ចារ្យថែមទៀត។ អ្នកផ្សាយប៉ិនប្រសប់រាប់ពាន់នាក់បានចូល‹ទ្វារបើកចំហយ៉ាងធំសំរាប់បំពេញកិច្ចការ›។ (កូរិនថូសទី១ ១៦:៩, ខ.ស.) ប៉ុន្តែ គឺត្រូវការច្រើនទៀតដើម្បីឲ្យតំបន់ផ្សាយបែបនេះមានផលល្អ ហើយអត្ថបទជាបន្ទាប់នឹងបង្ហាញអំពីរឿងនេះ។
[កំណត់សម្គាល់]
a បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកអាចពន្យល់បានឬទេ?
• តើយើងអាចយកតម្រាប់តាមព្រះយេហូវ៉ាក្នុងការមិនបង្ហាញភាពលំអៀងចំពោះមនុស្សគ្រប់គ្នាយ៉ាងដូចម្ដេច?
• ចំពោះមនុស្សដែលនិយាយភាសាផ្សេងក្នុងតំបន់ផ្សាយរបស់យើង តើយើងគួរមានទស្សនៈយ៉ាងណា?
• ហេតុអ្វីក៏មានប្រយោជន៍ឲ្យផ្សព្វផ្សាយដល់មនុស្សជាភាសាកំណើតរបស់ពួកគេ?
• តើយើងអាចបង្ហាញនូវការយកចិត្តទុកដាក់ដល់មនុស្សដែលនិយាយភាសាផ្សេងយ៉ាងដូចម្ដេច?
[ផែនទី/រូបភាពនៅទំព័រ១៧]
(ដើម្បីមើលឃើញទាំងអស់ សូមមើលសៀវភៅ)
ចក្រភពរ៉ូម
កោះក្រេត
អាស៊ី
ព្រីគា
ប៉ាមភីលា
ប៉ុនតុស
កាប៉ាដូគា
មេសូប៉ូតាមី
មេឌី
ផារថុស
អេឡាំ
អារ៉ាប់
លីប៊ី
អេស៊ីប
យូដា
ក្រុងយេរូសាឡិម
[សមុទ្រ]
មេឌីទែរ៉ានេ
សមុទ្រខ្មៅ
សមុទ្រក្រហម
ឈូងសមុទ្រពែក
[រូបភាព]
នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស. មនុស្សពី១៥តំបន់ក្នុងនិងក្រៅចក្រភពរ៉ូមបានស្ដាប់ដំណឹងល្អជាភាសាកំណើតរបស់ខ្លួន