ដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍
«អ្នករាល់គ្នានឹង . . . ធ្វើជាទីបន្ទាល់ពីខ្ញុំ . . . រហូតដល់ចុងផែនដីបំផុតផង»។—កិច្ចការ ១:៨
១. ក្នុងនាមជាអ្នកបង្រៀននូវសេចក្ដីពិតពីព្រះគម្ពីរ តើយើងយកចិត្តទុកដាក់ចំពោះអ្វី? ហើយហេតុអ្វី?
គ្រូបង្រៀនដែលមានបំនិនប៉ិនប្រសប់នោះ មិនគ្រាន់តែយកចិត្តទុកដាក់ចំពោះអ្វីដែលគាត់ប្រាប់ដល់សិស្ស តែក៏យកចិត្តទុកដាក់ចំពោះរបៀបប្រាប់ពួកសិស្សផង។ ក្នុងនាមជាអ្នកបង្រៀននូវសេចក្ដីពិតពីព្រះគម្ពីរ យើងក៏យកចិត្តទុកដាក់ចំពោះរបៀបដែលយើងនិយាយប្រាប់អ្នកដទៃដែរ។ យើងយកចិត្តទុកដាក់ចំពោះសារដែលយើងផ្សាយ ហើយចំពោះរបៀបផ្សាយសារនោះផង។ សាររបស់យើង ពោលគឺដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះមិនផ្លាស់ប្រែសោះ តែយើងកែប្រែវិធីផ្សព្វផ្សាយរបស់យើងវិញ។ ហេតុអ្វី? គឺដើម្បីមានឥទ្ធិពលលើមនុស្សឲ្យបានច្រើនបំផុត។
២. ពេលដែលយើងកែប្រែវិធីផ្សព្វផ្សាយនោះ តើយើងយកតម្រាប់តាមគំរូរបស់អ្នកណា?
២ ពេលដែលយើងកែប្រែវិធីផ្សព្វផ្សាយទៅតាមកាលៈទេសៈផ្សេងៗ យើងកំពុងតែយកតម្រាប់តាមគំរូរបស់អ្នកបំរើព្រះពីបុរាណ។ ជាឧទាហរណ៍ សូមគិតអំពីសាវ័កប៉ុល។ គាត់បានមានប្រសាសន៍ថា៖ «ខ្ញុំបានត្រឡប់ដូចជាសាសន៍យូដា ដល់ពួកសាសន៍យូដា . . . ហើយដូចជាឥតក្រិត្យវិន័យដល់ពួកអ្នកដែលគ្មានក្រិត្យវិន័យ . . . ខ្ញុំបានត្រឡប់ដូចជាខ្សោយដល់ពួកអ្នកកំសោយ ដើម្បីឲ្យបានពួកកំសោយ គឺបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ»។ (កូរិនថូសទី១ ៩:១៩-២៣) វិធីប្រែប្រួលរបស់ប៉ុលមានប្រសិទ្ធភាពណាស់! យើងក៏នឹងមានប្រសិទ្ធភាពដែរ បើយើងកែប្រែពាក្យដែលយើងប្រើក្នុងការផ្សព្វផ្សាយស្របទៅតាមកាលៈទេសៈរបស់មនុស្សម្នាក់ៗ។
រហូតដល់«ចុងផែនដី»
៣. (ក) តើយើងជួបប្រទះការពិបាកអ្វីក្នុងកិច្ចការផ្សព្វផ្សាយរបស់យើង? (ខ) តើពាក្យនៅអេសាយ ៤៥:២២ កំពុងសម្រេចនៅសព្វថ្ងៃនេះបានដោយរបៀបណា?
៣ ការពិបាកដ៏ធំមួយដែលអ្នកផ្សព្វផ្សាយដំណឹងល្អជួបប្រទះនោះ គឺជាទំហំធំក្រៃលែងនៃតំបន់ផ្សាយ ពោលគឺ«ទូទៅគ្រប់ក្នុងលោកីយ»។ (ម៉ាថាយ ២៤:១៤) ក្នុងកំឡុងសតវត្សរ៍ដែលទើបតែបានកន្លងទៅនេះ អ្នកបំរើរបស់ព្រះយេហូវ៉ាបានព្យាយាមចូលប្រទេសថ្មីថែមទៀតដើម្បីផ្សព្វផ្សាយដំណឹងល្អ។ តើមានលទ្ធផលអ្វី? លទ្ធផលគឺការរីកឡើងកាន់តែច្រើនទូទាំងពិភពលោក។ នៅដើមសតវត្សរ៍ទី២០ សេចក្ដីរាយការណ៍បង្ហាញឲ្យដឹងថា ពួកអ្នកផ្សាយបានមានសកម្មភាពគ្រាន់តែក្នុងប៉ុន្មានប្រទេសប៉ុណ្ណោះ តែមកដល់គ្រាយើងនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាមានសកម្មភាពនៅ២៣៥ប្រទេសវិញ! ពិតណាស់ ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះកំពុងតែផ្សាយចេញរហូតដល់«ចុងផែនដី»។—អេសាយ ៤៥:២២
៤, ៥. (ក) តើអ្នកណាខ្លះមានមុខនាទីសំខាន់ក្នុងការពង្រីកកិច្ចការផ្សាយដំណឹងល្អ? (ខ) តើការិយាល័យសាខាខ្លះមានប្រសាសន៍អ្វីអំពីពួកបរទេសដែលកំពុងតែបំរើក្នុងតំបន់ផ្សាយរបស់សាខានោះ?
៤ ហេតុអ្វីក៏មានការរីកចំរើនបែបនេះ? គឺមានមូលហេតុជាច្រើន។ សាសនទូតដែលបានទទួលការបង្ហាត់បង្រៀននៅឯសាលាព្រះគម្ពីរគីលាតនៃសមាគមប៉មយាម ហើយពេលថ្មីៗនេះជាង២០.០០០នាក់ដែលបានរៀននៅសាលាបង្ហាត់ខាងកិច្ចបំរើបានជួយច្រើនណាស់។ ស្មរបន្ទាល់ជាច្រើនថែមទៀតដែលបានចេញថ្លៃខ្លួនឯង បានរើទៅនៅប្រទេសដែលត្រូវការអ្នកផ្សាយប្រកាសព្រះរាជាណាចក្ររបស់ព្រះច្រើនជាង។ បងប្អូនគ្រីស្ទានទាំងនេះដែលមានស្មារតីលះបង់ ដែលរួមទាំងប្រុសនិងស្រី ចាស់និងក្មេង ពួកអ្នកដែលនៅលីវនិងអ្នកដែលបានរៀបការហើយ កំពុងតែបំពេញមុខនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយសារព្រះរាជាណាចក្ររបស់ព្រះទូទាំងផែនដី។ (ទំនុកដំកើង ១១០:៣; រ៉ូម ១០:១៨) យើងមានចិត្តអបអរខ្លាំងណាស់ចំពោះបងប្អូនបែបនេះ។ សូមកត់សម្គាល់នូវអ្វីដែលការិយាល័យសាខាខ្លះបានសរសេរអំពីបងប្អូនពីប្រទេសក្រៅដែលកំពុងតែបំរើនៅកន្លែងដែលត្រូវការជំនួយច្រើនជាងក្នុងតំបន់ដែលការិយាល័យនានាទទួលខុសត្រូវនោះ។
៥ «ស្មរបន្ទាល់ជាទីស្រឡាញ់ទាំងនេះកំពុងតែនាំមុខក្នុងការផ្សព្វផ្សាយនៅឯតំបន់ដាច់ស្រយាល ហើយក៏ជួយបង្កើតឲ្យមានក្រុមជំនុំថ្មី ព្រមទាំងជួយបងប្អូននាតំបន់នោះឲ្យមានការលូតលាស់ខាងវិញ្ញាណ»។ (ប្រទេសអេក្វាទ័រ) «យើងមានបងប្អូនបរទេសរាប់រយនាក់កំពុងតែបំរើនៅទីនេះ ហើយបើពួកគាត់ចេញទៅអស់ នេះមុខជានឹងមានអានុភាពលើភាពមាំមួននៃក្រុមជំនុំនានា។ យើងចាត់ទុកវត្តមាននៃបងប្អូនបរទេសទាំងនេះជាពរដ៏ពិសេសមួយ»។ (សាធារណរដ្ឋដូមីនីកាំង) «ក្រុមជំនុំជាច្រើនរបស់យើងមានបងប្អូនស្រីច្រើនជាងបងប្អូនប្រុសទៅវិញ។ ជួនកាល៧០ភាគរយនៃក្រុមជំនុំជាស្ត្រី។ (ទំនុកតម្កើង ៦៨:១២, ខ.ស. [ទំនុកដំកើង ៦៨:១១]) បងប្អូនស្រីជាច្រើននេះទើបតែបានរៀននូវសេចក្ដីពិត តែបងប្អូនស្រីបរទេសដែលនៅលីវនោះ កំពុងតែជួយបង្ហាត់បង្រៀនបងប្អូនថ្មីទាំងនេះយ៉ាងល្អមែន។ បងប្អូនស្រីបរទេសជាអំណោយពិសេសដល់យើង!»។ (ប្រទេសមួយនៅទ្វីបអឺរ៉ុបខាងកើត) តើអ្នកធ្លាប់គិតអំពីការបំរើនៅឯប្រទេសផ្សេងឬទេ?a—កិច្ចការ ១៦:៩, ១០
«មនុស្ស១០នាក់ពីភាសាផ្សេងៗ»
៦. តើសាការី ៨:២៣ បង្ហាញយ៉ាងណាអំពីបញ្ហាភាសាដែលយើងត្រូវមានក្នុងការផ្សព្វផ្សាយ?
៦ ភាសាផ្សេងៗជាច្រើនដែលត្រូវនិយាយទូទាំងផែនដីក៏ជាការពិបាកដ៏ធំមួយទៀត។ ព្រះបន្ទូលរបស់ព្រះបានទាយថា៖ «នៅគ្រានោះមនុស្ស១០នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ដោយពាក្យថា៖ ‹យើងខ្ញុំនឹងទៅជាមួយអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា›»។ (សាការី ៨:២៣) ក្នុងការសម្រេចបទទំនាយនេះនៅសព្វថ្ងៃនេះ មនុស្សដប់នាក់នោះតំណាងនូវមនុស្សមួយហ្វូងយ៉ាងធំដែលត្រូវទាយនៅសៀវភៅវិវរណៈ ៧:៩។ ក៏ប៉ុន្តែ សូមកត់សម្គាល់ថា យោងទៅតាមបទទំនាយរបស់សាការីនោះ «មនុស្ស១០នាក់»នោះមិនគ្រាន់តែមកពីសាសន៍ផ្សេងៗប៉ុណ្ណោះ តែមក‹ពីភាសាផ្សេងៗ›ផង។ តើយើងបានឃើញចំណុចសំខាន់នៃបទទំនាយនេះសម្រេចរួចហើយទេ? យើងបានឃើញការសម្រេចនេះមែន។
៧. តើមានស្ថិតិជាលេខណាខ្លះបង្ហាញថាមនុស្ស«ពីភាសាផ្សេងៗ»កំពុងតែទទួលដំណឹងល្អ?
៧ សូមពិនិត្យមើលស្ថិតិជាលេខខ្លះៗ។ ហាសិបឆ្នាំមុននេះ ប្រកាសនវត្ថុរបស់យើងមានតែ៩០ភាសា។ សព្វថ្ងៃនេះចំនួននោះបានកើនឡើងដល់៤០០ភាសាវិញ។ ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›បានខំប្រឹងយ៉ាងខ្លាំងក្នុងការរៀបចំឲ្យមានប្រកាសនវត្ថុ សូម្បីតែសំរាប់ភាសាណាដែលមានមនុស្សចំនួនតិចដែលចេះភាសានោះក៏ដោយ។ (ម៉ាថាយ ២៤:៤៥) ជាឧទាហរណ៍ សព្វថ្ងៃនេះមានប្រកាសនវត្ថុជាភាសាក្រូអិនឡង់ (ដែលមានមនុស្សតែ៤៧.០០០នាក់ចេះនិយាយ) ភាសាផាឡោ (ដែលមានមនុស្សតែ១៥.០០០នាក់ចេះនិយាយ) និងភាសាយេព (ដែលមានមនុស្សតិចជាង៧.០០០នាក់ចេះនិយាយ)។
«ទ្វារយ៉ាងធំ»មួយដែលបើកឲ្យមានឱកាសផ្សាយដំណឹងល្អ
៨, ៩. តើស្ថានភាពអ្វីបានបើក«ទ្វារយ៉ាងធំ»មួយឲ្យយើងមានឱកាសផ្សាយដំណឹងល្អ? ហើយតើស្មរបន្ទាល់រាប់ពាន់នាក់បានធ្វើអ្វីតាមកាលៈទេសៈនេះ?
៨ ប៉ុន្តែ សព្វថ្ងៃនេះយើងមិនចាំបាច់ទៅប្រទេសក្រៅដើម្បីផ្សាយដំណឹងល្អដល់មនុស្សដែលនិយាយភាសាផ្សេងនោះទេ។ ពេលថ្មីៗនេះ ជនអន្ដោប្រវេសន៍និងជនភៀសខ្លួនរាប់លាននាក់នៅប្រទេសជឿនលឿនផ្សេងៗបានបង្កើតឲ្យមានសហគមន៍ដែលនិយាយភាសាខុសៗគ្នា។ ជាឧទាហរណ៍ នៅទីក្រុងប៉ារីសនាប្រទេសបារាំង មនុស្សនិយាយប្រមាណ១០០ភាសា។ នៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដាគេនិយាយ១២៥ភាសា ហើយនៅទីក្រុងឡុងដ៍នាប្រទេសអង់គ្លេសមានមនុស្សនិយាយជាង៣០០ភាសា! ដោយសារមានមនុស្សពីប្រទេសផ្សេងៗក្នុងតំបន់ផ្សាយនៃក្រុមជំនុំជាច្រើននោះ នេះបានបើក«ទ្វារយ៉ាងធំ»មួយឲ្យមានឱកាសផ្សាយដំណឹងល្អដល់មនុស្សពីគ្រប់សាសន៍។—កូរិនថូសទី១ ១៦:៩
៩ ស្មរបន្ទាល់ព្រះយេហូវ៉ារាប់ពាន់នាក់កំពុងតែដោះស្រាយបញ្ហានេះដោយរៀនភាសាមួយទៀត។ នេះជាការពិបាកណាស់សំរាប់បងប្អូនជាច្រើន ប៉ុន្តែពួកគាត់ក៏មានអំណរផងដែរដោយព្រោះអាចជួយជនអន្ដោប្រវេសន៍និងជនភៀសខ្លួនជាច្រើនឲ្យរៀននូវសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះ។ ពេលថ្មីៗនេះ ពួកអ្នកដែលបានទទួលបុណ្យជ្រមុជទឹកនៅឯមហាសន្និបាតនានាក្នុងប្រទេសមួយនៅទ្វីបអឺរ៉ុបប៉ែកខាងលិចនោះ ជិត៤០ភាគរយបានមកពីប្រទេសផ្សេងទៀត។
១០. តើអ្នកបានប្រើកូនសៀវភៅដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍ដោយរបៀបណា? (សូមមើលប្រអប់ដែលមានចំណងជើងថា «លក្ខណៈផ្សេងៗនៃកូនសៀវភៅ ដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍» នៅទំព័រទី១៨)
១០ ពិតមែន យើងភាគច្រើនមិនមានកាលៈទេសៈអនុញ្ញាតឲ្យរៀនភាសាមួយទៀតទេ។ យ៉ាងណាក៏ដោយ យើងអាចជួយពួកជនអន្ដោប្រវេសន៍បាន ដោយប្រើកូនសៀវភៅថ្មីដែលមានចំណងជើងថា ដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍ b ដែលមានសារមួយពីព្រះគម្ពីរដ៏គួរឲ្យចាប់អារម្មណ៍ដែលបានបកប្រែជាច្រើនភាសាផងដែរ។ (យ៉ូហាន ៤:៣៧) តើអ្នកកំពុងតែប្រើកូនសៀវភៅនេះក្នុងកិច្ចបំរើផ្សាយរបស់អ្នកឬទេ?
ពេលដែលមនុស្សមិនចាប់អារម្មណ៍
១១. តើបងប្អូនជួបប្រទះការពិបាកអ្វីថែមទៀតនៅតំបន់ផ្សាយខ្លះ?
១១ កាលដែលសាតាំងមានអានុភាពកាន់តែខ្លាំងនៅលើផែនដីនេះ បងប្អូនយើងជួបប្រទះការពិបាកមួយទៀតកាន់តែច្រើនផងដែរ ពោលគឺតំបន់ផ្សាយដែលសម្បូរទៅដោយមនុស្សដែលមិនសូវចាប់អារម្មណ៍។ ពិតមែន ស្ថានភាពនេះមិនធ្វើឲ្យយើងភ្ញាក់ផ្អើលទេ ដ្បិតព្រះយេស៊ូបានទាយថានឹងមានស្ថានភាពបែបនេះ។ ព្រះយេស៊ូបានមានបន្ទូលអំពីសម័យយើងនេះថា៖ «សេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»។ (ម៉ាថាយ ២៤:១២) ប្រាកដហើយ ជំនឿទៅលើព្រះនិងការគោរពចំពោះព្រះគម្ពីរបានរសាយជិតអស់ក្នុងចំណោមមនុស្សជាច្រើន។ (ពេត្រុសទី២ ៣:៣, ៤) ជាលទ្ធផល មានតំបន់ខ្លះនៅលើផែនដីនេះដែលមានមនុស្សតិចណាស់បានក្លាយជាសិស្សថ្មីរបស់ព្រះគ្រីស្ទ។ ប៉ុន្តែ នេះមិនបានន័យថា បងប្អូនគ្រីស្ទានជាទីស្រឡាញ់របស់យើងបានខ្នះខ្នែងយ៉ាងអសារឥតការក្នុងតំបន់ដែលមនុស្សជាច្រើនមិនសូវចាប់អារម្មណ៍នោះទេ ដ្បិតបងប្អូនទាំងនេះកំពុងតែផ្សព្វផ្សាយយ៉ាងស្មោះអស់ពីចិត្តទោះជាមានលទ្ធផលយ៉ាងណាក៏ដោយ។ (ហេព្រើរ ៦:១០) ហេតុអ្វីក៏យើងមិនចាត់ទុកការខ្នះខ្នែងនោះជាអំពើអសារឥតការ? សូមពិចារណានូវមូលហេតុផ្សេងៗដូចតទៅ។
១២. តើកិច្ចការផ្សព្វផ្សាយរបស់យើងមានគោលដៅពីរយ៉ាងអ្វី?
១២ សៀវភៅម៉ាថាយជួយបញ្ជាក់អំពីគោលដៅពីរដ៏ចំបងនៃកិច្ចការផ្សព្វផ្សាយរបស់យើង។ គោលការណ៍មួយគឺឲ្យយើង«បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។ (ម៉ាថាយ ២៨:១៩) គោលការណ៍មួយទៀតគឺឲ្យសារព្រះរាជាណាចក្ររបស់ព្រះត្រូវធ្វើ«ជាទីបន្ទាល់»។ (ម៉ាថាយ ២៤:១៤) គោលដៅទាំងពីរនេះសំខាន់ តែគោលដៅទីពីរមានន័យពិសេស។ ហេតុអ្វី?
១៣, ១៤. (ក) តើអ្វីជាលក្ខណៈសំខាន់មួយនៃទីសម្គាល់ដែលបញ្ជាក់ពីវត្តមានរបស់ព្រះគ្រីស្ទ? (ខ) តើយើងគួរនឹកចាំអំពីអ្វី ជាពិសេសពេលដែលយើងផ្សព្វផ្សាយនៅតំបន់ដែលមនុស្សមិនសូវចាប់អារម្មណ៍?
១៣ លោកម៉ាថាយដែលជាអ្នកសរសេរសៀវភៅមួយក្នុងព្រះគម្ពីរបានសរសេរថា ពួកសាវ័កបានសួរព្រះយេស៊ូថា៖ «តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»។ (ម៉ាថាយ ២៤:៣) ព្រះយេស៊ូបានមានបន្ទូលឆ្លើយថា លក្ខណៈមួយនៃទីសម្គាល់នោះដែលត្រូវលេចធ្លោជាងគេ គឺជាកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក។ តើព្រះយេស៊ូសំដៅទៅលើការបញ្ចុះបញ្ចូលឲ្យមានសិស្សឬទេ? អត់ទេ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ដំណឹងល្អនេះដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍»។ (ម៉ាថាយ ២៤:១៤, កំណែជាអក្សរទ្រេត) យ៉ាងនេះ ព្រះយេស៊ូបានបង្ហាញថា ការផ្សព្វផ្សាយសារព្រះរាជាណាចក្ររបស់ព្រះជាលក្ខណៈសំខាន់មួយនៃទីសម្គាល់នោះ។
១៤ អាស្រ័យហេតុនេះ ពេលដែលយើងផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ យើងតែងតែនឹកចាំថា ទោះបើយើងមិនបានជោគជ័យក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្សក្ដី យើងនៅតែបាន«ធ្វើបន្ទាល់»ដែរ។ មិនថាមនុស្សមានអារម្មណ៍យ៉ាងណាក្ដី ពួកគេដឹងអំពីកិច្ចការរបស់យើង ហើយនេះមានន័យថា យើងបានរួមចំណែកក្នុងការសម្រេចទំនាយរបស់ព្រះយេស៊ូ។ (អេសាយ ៥២:៧; វិវរណៈ ១៤:៦, ៧) ប្អូនប្រុសឈ្មោះយឌី នៅប្រទេសមួយនាទ្វីបអឺរ៉ុបប៉ែកខាងលិចនោះ បានកត់សម្គាល់ថា៖ «ខ្ញុំសប្បាយចិត្តណាស់ពេលដឹងថាព្រះយេហូវ៉ាកំពុងតែប្រើខ្ញុំក្នុងការបំពេញទំនាយនៅម៉ាថាយ ២៤:១៤»។ (កូរិនថូសទី២ ២:១៥-១៧) អ្នកច្បាស់ជាមានអារម្មណ៍ដូចគ្នាដែរ មែនទេ?
ពេលដែលមនុស្សប្រឆាំងនឹងសាររបស់យើង
១៥. (ក) តើព្រះយេស៊ូបានព្រមានពួកអ្នកកាន់តាមទ្រង់ទុកជាមុនអំពីអ្វី? (ខ) តើអ្វីពង្រឹងកម្លាំងឲ្យយើងផ្សព្វផ្សាយ ទោះជាមានការប្រឆាំងក៏ដោយ?
១៥ ការប្រឆាំងក៏ធ្វើឲ្យពិបាកសម្រេចកិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ ព្រះយេស៊ូបានព្រមានពួកអ្នកកាន់តាមទ្រង់ទុកជាមុនថា៖ «គ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ»។ (ម៉ាថាយ ២៤:៩) ដូចពួកគ្រីស្ទាននៅសម័យដើមនោះ ពួកអ្នកដែលកាន់តាមព្រះយេស៊ូនៅសព្វថ្ងៃនេះបានត្រូវគេស្អប់ ប្រឆាំងនិងបៀតបៀនផង។ (កិច្ចការ ៥:១៧, ១៨, ៤០; ធីម៉ូថេទី២ ៣:១២; វិវរណៈ ១២:១២, ១៧) នៅប្រទេសខ្លះ រដ្ឋាភិបាលក៏ដាក់បំរាមលើពួកគ្រីស្ទានពិត។ យ៉ាងណាក៏ដោយ គ្រីស្ទានពិតនៅឯប្រទេសដែលមានបំរាមនោះ នៅតែស្ដាប់បង្គាប់ព្រះដោយបន្តផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ (អេម៉ុស ៣:៨; កិច្ចការ ៥:២៩; ពេត្រុសទី១ ២:២១) តើអ្វីពង្រឹងកម្លាំងឲ្យពួកគេរួមទាំងស្មរបន្ទាល់ឯទៀតទូទាំងពិភពលោកសម្រេចកិច្ចការនេះ? ពួកគេអាចធ្វើដូច្នេះបានដោយសារព្រះយេហូវ៉ាប្រទានកម្លាំងតាមរយៈវិញ្ញាណបរិសុទ្ធរបស់ទ្រង់។—សាការី ៤:៦; អេភេសូរ ៣:១៦; ធីម៉ូថេទី២ ៤:១៧
១៦. តើព្រះយេស៊ូបញ្ជាក់យ៉ាងណា អំពីទំនាក់ទំនងរវាងកិច្ចការផ្សព្វផ្សាយនិងវិញ្ញាណរបស់ព្រះ?
១៦ ព្រះយេស៊ូបានបញ្ជាក់អំពីទំនាក់ទំនងរវាងវិញ្ញាណរបស់ព្រះនិងកិច្ចការផ្សព្វផ្សាយពេលដែលទ្រង់បានមានបន្ទូលចំពោះពួកអ្នកដែលកាន់តាមទ្រង់ថា៖ «កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្ដា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ . . . រហូតដល់ចុងផែនដីបំផុតផង»។ (កិច្ចការ ១:៨, កំណែជាអក្សរទ្រេត; វិវរណៈ ២២:១៧) លំដាប់លំដោយនៃព្រឹត្ដិការណ៍ក្នុងខគម្ពីរនេះគឺសំខាន់។ ទីមួយ សិស្សរបស់ព្រះយេស៊ូបានទទួលវិញ្ញាណបរិសុទ្ធ ហើយក្រោយមកពួកគាត់បានចាប់ផ្ដើមធ្វើកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក។ ពួកគាត់អាចមានកម្លាំងនិងស៊ូទ្រាំបានក្នុងការធ្វើ«បន្ទាល់ដល់អស់ទាំងសាសន៍»ឲ្យតែមានវិញ្ញាណរបស់ព្រះគាំទ្រពួកគាត់។ (ម៉ាថាយ ២៤:១៣, ១៤; អេសាយ ៦១:១, ២) ហេតុនេះហើយបានជាគួរគប្បីឲ្យព្រះយេស៊ូហៅវិញ្ញាណបរិសុទ្ធជា«ជំនួយ»មួយ។ (យ៉ូហាន ១៥:២៦) ព្រះយេស៊ូបានមានបន្ទូលថា វិញ្ញាណរបស់ព្រះនឹងបង្រៀនហើយដឹកនាំសិស្សទ្រង់។—យ៉ូហាន ១៤:១៦, ២៦; ១៦:១៣
១៧. ពេលដែលយើងជួបប្រទះការប្រឆាំងដ៏សាហាវយង់ឃ្នង តើវិញ្ញាណរបស់ព្រះជួយយើងយ៉ាងណា?
១៧ នៅសព្វថ្ងៃនេះ ពេលដែលយើងជួបប្រទះការប្រឆាំងដ៏សាហាវយង់ឃ្នងចំពោះការផ្សព្វផ្សាយដំណឹងល្អ តើវិញ្ញាណរបស់ព្រះជួយយើងយ៉ាងណា? វិញ្ញាណរបស់ព្រះពង្រឹងកម្លាំងយើង ហើយក៏ប្រឆាំងនឹងពួកអ្នកដែលបៀតបៀនយើង។ សូមពិនិត្យមើលព្រឹត្ដិការណ៍មួយក្នុងព្រះជន្មនៃស្តេចសូលទុកជាឧទាហរណ៍ស្រាប់។
បានប្រឆាំងដោយវិញ្ញាណរបស់ព្រះ
១៨. (ក) តើលក្ខណៈរបស់សូលបានប្រែប្រួលហួសល្បត់យ៉ាងណា ឲ្យទ្រង់ក្លាយជាមនុស្សអាក្រក់? (ខ) តើសូលបានបៀតបៀនដាវីឌដោយរបៀបណា?
១៨ ពេលដែលសូលចាប់ផ្ដើមសោយរាជ្យជាស្តេចទីមួយនៅស្រុកអ៊ីស្រាអែលនោះ ទ្រង់ជាស្តេចល្អមួយអង្គ តែក្រោយៗមកទ្រង់បានបែរជាមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាវិញ។ (សាំយូអែលទី១ ១០:១, ២៤; ១១:១៤, ១៥; ១៥:១៧-២៣) ជាលទ្ធផលនោះ វិញ្ញាណរបស់ព្រះលែងគាំទ្រស្តេចសូល។ សូលមានសេចក្ដីក្រោធខ្លាំងដល់ម្ល៉េះបានជាប្រើអំពើហិង្សាលើដាវីឌជាអ្នកចាក់ប្រេងតាំងឲ្យធ្វើជាស្តេចទីពីរ ហើយដាវីឌក៏មានវិញ្ញាណរបស់ព្រះគាំទ្រទ្រង់ផងដែរ។ (សាំយូអែលទី១ ១៦:១, ១៣, ១៤) ចំពោះសូលនោះ ដាវីឌមើលទៅដូចជាងាយធ្វើគុតម្ល៉េះ ដ្បិតដាវីឌមានតែស៊ុងមកចាប់លេង តែសូលចាប់កាន់ដែកពួយវិញ។ ដូច្នេះនៅថ្ងៃមួយដែលដាវីឌកំពុងតែលេងស៊ុងនោះ «សូលទ្រង់ក៏ពួយដែកពួយទៅ ដោយនឹកថា៖ ‹អញនឹងចាក់ទំលុះដាវីឌភ្ជាប់នឹងជញ្ជាំង!› តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈ២ដង»។ (សាំយូអែលទី១ ១៨:១០, ១១) ក្រោយមក សូលបានព្រះសណ្ដាប់នូវបន្ទូលរបស់រាជបុត្រាទ្រង់ឈ្មោះយ៉ូណាថាន ដែលជាមិត្តសម្លាញ់របស់ដាវីឌ ហើយសូលបានស្បថ«ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា៖ ‹វា[ដាវីឌ]មិនត្រូវស្លាប់ទេ›»។ ប៉ុន្តែរួចមក សូល«រកពួយដាវីឌភ្ជាប់នឹងជញ្ជាំងដោយដែកពួយ»។ ក៏ប៉ុន្តែ ដាវីឌ«គេចផុតចេញពីចំពោះសូលទាន់ ហើយដែកពួយនោះត្រូវជញ្ជាំងវិញ»។ ដាវីឌបានរត់គេចរួចខ្លួន តែសូលបានដេញតាមគាត់វិញ។ នៅគ្រាសំខាន់នោះ វិញ្ញាណរបស់ព្រះបានចាប់ផ្ដើមប្រឆាំងនឹងសូលវិញ។ តើវិញ្ញាណរបស់ព្រះបានប្រឆាំងនឹងសូលយ៉ាងដូចម្ដេច?—សាំយូអែលទី១ ១៩:៦, ១០
១៩. តើវិញ្ញាណរបស់ព្រះបានការពារដាវីឌដោយរបៀបណា?
១៩ ដាវីឌបានរត់ទៅនៅជាមួយព្យាការីសាំយូអែល តែសូលបានចាត់ភ្នាក់ងារទៅចាប់ដាវីឌនៅទីនោះ។ ក៏ប៉ុន្តែ ពេលដែលភ្នាក់ងារនោះបានទៅដល់ទីពួនសម្ងំរបស់ដាវីឌ «នោះព្រះវិញ្ញាណនៃព្រះទ្រង់ក៏មកសណ្ឋិតលើពួកអ្នកដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ទាយដែរ»។ វិញ្ញាណរបស់ព្រះបានសង្គ្រុបលើគេទាំងស្រុងដល់ម្ល៉េះបានជាពួកគេបានភ្លេចឈឹងអំពីបេសកកម្មរបស់ពួកគេ។ សូលបានចាត់ភ្នាក់ងារពីរដងទៀតឲ្យចាប់នាំដាវីឌមកឯសូលវិញ ប៉ុន្តែព្រឹត្ដិការណ៍ដដែលបានកើតឡើងរាល់ដង។ នៅទីបំផុត ស្តេចសូលបានទៅឯកន្លែងដែលដាវីឌនៅនោះ តែសូលក៏មិនអាចទប់ទល់នឹងវិញ្ញាណរបស់ព្រះដែរ។ តាមការពិត វិញ្ញាណបរិសុទ្ធបានបង្ខាំងសូល«ពេញ១ថ្ងៃ១យប់» ដែលបើកឱកាសឲ្យដាវីឌរត់គេចបាន។— សាំយូអែលទី១ ១៩:២០-២៤
២០. តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុអំពីពេលដែលសូលបានបៀតបៀនដាវីឌ?
២០ កំណត់ហេតុនេះអំពីសូលនិងដាវីឌក៏ផ្ទុកមេរៀនមួយដែលអាចពង្រឹងកម្លាំងយើងបាន ពោលគឺ ពួកអ្នកដែលប្រឆាំងនឹងអ្នកបំរើរបស់ព្រះមិនអាចជោគជ័យសោះឡើយពេលដែលវិញ្ញាណរបស់ព្រះប្រឆាំងនឹងពួកគេ។ (ទំនុកដំកើង ៤៦:១១; ១២៥:២) ព្រះយេហូវ៉ាមានបំណងព្រះហឫទ័យឲ្យដាវីឌសោយរាជ្យលើសាសន៍អ៊ីស្រាអែល ហើយគ្មាននរណាសោះអាចរាំងស្កាត់បំណងនោះឡើយ។ រីឯសម័យយើងនេះ ព្រះយេហូវ៉ាមានបំណងព្រះហឫទ័យថា ‹ដំណឹងល្អដែលសំដែងពីនគរនឹងត្រូវប្រកាសប្រាប់›។ គ្មានអ្នកណាអាចរារាំងកិច្ចការផ្សព្វផ្សាយនេះបានឡើយ។—កិច្ចការ ៥:៤០, ៤២
២១. (ក) តើអ្នកប្រឆាំងខ្លះនៅសព្វថ្ងៃនេះប្រព្រឹត្តយ៉ាងដូចម្ដេច? (ខ) តើយើងមានទំនុកចិត្តអ្វី?
២១ មេដឹកនាំខ្លះខាងសាសនានិងខាងនយោបាយ ក៏ប្រើពាក្យកុហកហើយជួនកាលក៏ប្រើអំពើហិង្សាផង ដើម្បីរារាំងរំខានកិច្ចការរបស់យើង។ យ៉ាងណាក៏ដោយ ដូចព្រះយេហូវ៉ាបានការពារដាវីឌខាងវិញ្ញាណ នោះទ្រង់ក៏នឹងការពាររាស្ត្ររបស់ទ្រង់នៅសព្វថ្ងៃនេះផងដែរ។ (ម៉ាឡាគី ៣:៦) ហេតុនេះហើយបានជាយើងអាចពោលពាក្យដោយទំនុកចិត្តដូចដាវីឌបានមានបន្ទូលនោះថា៖ «សេចក្ដីពឹងពាក់របស់ទូលបង្គំ នោះបានទុកនៅក្នុងព្រះ។ ទូលបង្គំនឹងមិនខ្លាចឡើយ។ តើមនុស្សនឹងអាចធ្វើអ្វី ដល់ទូលបង្គំបាន?»។ (ទំនុកដំកើង ៥៦:១១; ១២១:១-៨; រ៉ូម ៨:៣១) ដោយផ្អែកទៅលើជំនួយពីព្រះយេហូវ៉ា ចូរយើងតាំងចិត្តយកឈ្នះលើការពិបាកទាំងឡាយ ពេលដែលយើងបំពេញកិច្ចការដែលព្រះបានបង្គាប់ឲ្យយើងធ្វើក្នុងការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ទ្រង់ដល់មនុស្សពីគ្រប់ទាំងសាសន៍។
[កំណត់សម្គាល់]
a សូមមើលប្រអប់ខាងក្រោមដែលមានចំណងជើងថា«ខ្ញុំមានអារម្មណ៍ស្កប់ស្កល់ណាស់!»។
b បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកចាំទេ?
• ហេតុអ្វីបានជាយើងកែប្រែវិធីផ្សព្វផ្សាយ?
• តើ«ទ្វារយ៉ាងធំ»មួយបានបើកឲ្យមានឱកាសធ្វើអ្វី?
• សូម្បីតែក្នុងតំបន់ដែលមនុស្សមិនសូវចាប់អារម្មណ៍ក្ដី តើកិច្ចផ្សព្វផ្សាយរបស់យើងបានសម្រេចអ្វី?
• ហេតុអ្វីក៏គ្មានអ្នកប្រឆាំងណាសោះអាចទប់ស្កាត់កិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ?
[ប្រអប់នៅទំព័រ១៤]
«ខ្ញុំមានអារម្មណ៍ស្កប់ស្កល់ណាស់!»
«សប្បាយហើយកំពុងតែរីករាយនឹងកិច្ចបំរើព្រះយេហូវ៉ាដោយសាមគ្គីភាព»។ នេះជាអារម្មណ៍របស់ក្រុមគ្រួសាមួយដែលមកពីប្រទេសអេស្ប៉ាញហើយបានរើទៅប្រទេសបូលីវី។ កូនម្នាក់ពីក្រុមគ្រួសារនេះបានរើទៅប្រទេសបូលីវីដើម្បីជួយក្រុមស្វយ័តមួយ។ មាតាបិតាបានកោតស្ងើចចំពោះចិត្តអំណររបស់គាត់ដល់ម្ល៉េះបានជាមិនយូរក្រោយមកក្រុមគ្រួសារទាំងមូលបានសម្រេចទៅបំរើនៅប្រទេសបូលីវីដែរ។ នេះរួមបញ្ចូលកូនប្រុស៤នាក់ដែលមានអាយុពី១៤ឆ្នាំរហូតដល់២៥ឆ្នាំ។ ឥឡូវកូនប្រុស៣នាក់កំពុងតែបំរើជាអ្នកត្រួសត្រាយពេញពេល ហើយកូនប្រុសដែលបានទៅប្រទេសបូលីវីមុនគេបានចូលសាលាបង្ហាត់ខាងកិច្ចបំរើនៅពេលថ្មីៗនេះ។
បងស្រីអានចេលិកាមកពីប្រទេសកាណាដាដែលមានអាយុ៣០ឆ្នាំ ហើយបំរើនៅទ្វីបអឺរ៉ុបប៉ែកខាងកើតមានប្រសាសន៍ថា៖ «ខ្ញុំជួបប្រទះការពិបាកច្រើនណាស់។ ប៉ុន្តែ ការជួយមនុស្សដោយសារកិច្ចបំរើផ្សាយរបស់ខ្ញុំ ក៏បានបំពេញចិត្តខ្ញុំវិញ។ អ្វីមួយទៀតដែលបានលើកទឹកចិត្តខ្ញុំគឺពេលដែលបងប្អូនស្មរបន្ទាល់នាតំបន់នោះបានបង្ហាញចិត្តកតញ្ញូហើយអរគុណខ្ញុំជាញឹកញយដោយព្រោះខ្ញុំបានទៅទីនោះដើម្បីជួយពួកគាត់។
នារីពីរនាក់ដែលមកពីសហរដ្ឋអាមេរិកជាបងប្អូនបង្កើតដែលមានអាយុ២០ឆ្នាំជាង ហើយជួយបំរើនៅសាធារណរដ្ឋដូមីនីកាំងបានរៀបរាប់ថា៖ «ប្រជាជននេះមានទំនៀមទម្លាប់ជាច្រើនដែលខុសប្លែកពីទម្លាប់យើង។ យ៉ាងណាក៏ដោយ យើងបានស៊ូទ្រាំ ហើយឥឡូវនេះសិស្សប្រាំពីរនាក់ដែលរៀនព្រះគម្ពីរជាមួយនឹងយើងកំពុងតែចូលរួមកិច្ចប្រជុំផងដែរ»។ បងស្រីពីរនាក់នេះបានបំពេញតួនាទីសំខាន់មួយក្នុងការជួយរៀបចំឲ្យមានក្រុមអ្នកផ្សព្វផ្សាយមួយក្នុងភូមិតូចដែលគ្មានក្រុមជំនុំ។
បងស្រីម្នាក់ឈ្មោះលោរ៉ាមានអាយុជិត៣០ឆ្នាំ ហើយបានបំរើព្រះនៅប្រទេសក្រៅជាង៤ឆ្នាំហើយ។ លោរ៉ាមានប្រសាសន៍ថា៖ «ខ្ញុំប្ដេជ្ញារក្សាឲ្យមានរបៀបរស់នៅដ៏សាមញ្ញ។ នេះអាចជួយបងប្អូនអ្នកផ្សាយឯទៀតឲ្យដឹងថា យើងមិនមានរបៀបរស់នៅបែបមិនស្មុគស្មាញដោយព្រោះជាមនុស្សក្រីក្រទេ តែដោយសារចេះគិតថ្លឹងថ្លែងហើយសម្រេចចិត្តធ្វើដូច្នេះ។ ការជួយអ្នកដទៃ ជាពិសេសប្អូនៗយុវវ័យជាអ្វីដែលបណ្ដាលឲ្យខ្ញុំមានអំណរហើយបង្វែរអារម្មណ៍កុំឲ្យគិតពីការពិបាកផ្សេងៗដែលមកពីការបំរើនៅប្រទេសក្រៅ។ ខ្ញុំមិនព្រមជ្រើសរើសវិថីជីវិតផ្សេងជំនួសកិច្ចបំរើនៅទីនេះទេ ហើយខ្ញុំក៏ចង់បន្តបំរើនៅទីនេះជារៀងរហូតឲ្យតែព្រះយេហូវ៉ាសព្វព្រះហឫទ័យ»។
[ប្រអប់/រូបភាពនៅទំព័រ១៨]
លក្ខណៈផ្សេងៗនៃកូនសៀវភៅដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍
កូនសៀវភៅដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍មានសារមួយទំព័រដែលបានត្រូវបកប្រែជាង៩២ភាសា។ សារនេះបានត្រូវសរសេរជាបុរសទីមួយ។ ដូច្នេះពេលដែលម្ចាស់ផ្ទះអានសារក្នុងកូនសៀវភៅនេះ គឺហាក់ដូចជាអ្នកកំពុងតែនិយាយជាមួយនឹងគាត់។
ក្របខាងក្នុងនៃកូនសៀវភៅនេះមានផែនទីពិភពលោក។ ចូរប្រើផែនទីនេះដើម្បីបង្កើតឲ្យមានទំនាក់ទំនងជាមួយនឹងម្ចាស់ផ្ទះ។ ប្រហែលជាអ្នកអាចចង្អុលប្រាប់ប្រទេសដែលអ្នកកំពុងតែរស់នៅ រួចសុំគាត់ចង្អុលប្រទេសរបស់គាត់។ តាមវិធីនេះ អ្នកអាចធ្វើឲ្យមានការប្រស្រ័យទាក់ទងគ្នាថែមទាំងបង្កើតឲ្យមានបរិយាកាសប្រកបទៅដោយការរាប់អាន។
បុព្វកថានៃសៀវភៅនេះក៏បញ្ជាក់អំពីជំហានផ្សេងៗដ៏សំខាន់ដែលយើងគួរធ្វើតាមទើបអាចមានប្រសិទ្ធភាពក្នុងការជួយអស់អ្នកដែលនិយាយភាសាណាដែលយើងមិនចេះ។ សូមអានដោយយកចិត្តទុកដាក់និងព្យាយាមអនុវត្តតាមជំហានទាំងនោះ។
ទំព័រមាតិកាក្នុងកូនសៀវភៅនេះមិនគ្រាន់តែមានឈ្មោះភាសានីមួយៗ តែក៏ប្រាប់ពីអក្សរកាត់សំរាប់ភាសានោះទៀតផង។ លក្ខណៈមួយនេះនឹងជួយអ្នកសម្គាល់អក្សរកាត់ដែលបានបោះពុម្ពក្នុងខិត្តប័ណ្ណនិងប្រកាសនវត្ថុភាសាផ្សេងៗ។
[រូបភាព]
តើអ្នកកំពុងតែប្រើកូនសៀវភៅនេះក្នុងកិច្ចបំរើផ្សាយរបស់អ្នកឬទេ?
[រូបភាពនៅទំព័រ១៥]
សៀវភៅផ្សេងៗរបស់យើងខាងព្រះគម្ពីរមានជាង៤០០ភាសា
ប្រទេសកាណា
ប្រទេសភីលីពីន
តំបន់ឡាប់ឡាន់(ប្រទេសស៊ុយអែត)
[រូបភាពនៅទំព័រ១៦]
តើអ្នកអាចបំរើនៅកន្លែងដែលត្រូវការអ្នកផ្សាយព្រះរាជាណាចក្ររបស់ព្រះច្រើនជាងបានទេ?
ប្រទេសអេក្វាទ័រ
សាធារណរដ្ឋដូមីនីកាំង