បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៣ ទំ. ១២-១៦
  • របៀបរក្សាទស្សនៈត្រឹមត្រូវ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបរក្សាទស្សនៈត្រឹមត្រូវ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ប្រើ​គម្ពីរ​ដើម្បី​អប់រំ​ខ្លួន​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ
  • ស្ត្រី​មេ​ម៉ាយ​ក្រី​ក្រ
  • ​«​សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​»​
  • ​«​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​វេទនា​»​
  • ស្ត្រីមេម៉ាយនៅភូមិសេរ៉ាផាតបានទទួលពរដោយសារជំនឿរបស់នាង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • តើអ្នកនឹងស្មោះត្រង់ដូចលោកអេលីយ៉ាទេ?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • តើកូនធ្លាប់ភ័យខ្លាចនិងមានអារម្មណ៍ឯកោឬទេ?
    ចូរបង្រៀនកូនរបស់អ្នក
  • កូនប្រុសស្ត្រីមេម៉ាយរស់ឡើងវិញ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៣ ទំ. ១២-១៦

របៀប​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ

​«​បើ​មនុស្ស​ណា​រស់​នៅ​ជា​យូរ​ឆ្នាំ នោះ​គួរ​ឲ្យ​មាន​សេចក្ដី​អំណរ​ចំពោះ​គ្រប់​ឆ្នាំ​ទាំង​នោះ​ចុះ​»។—សាស្ដ. ១១:៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​អ្វី​អាច​ធ្វើ​ឲ្យ​ការ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​មាន​ការ​ពិបាក?

  • តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​គម្ពីរ​ដើម្បី​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ?

  • តើ​តាម​របៀប​ណា​បទ​ពិសោធន៍​របស់​ស្ត្រី​មេ​ម៉ាយ​ក្រី​ក្រ អេលីយ៉ា​និង​អ្នក​តែង​ទំនុក​ទី​១០២​អាច​ជួយ​យើង​អប់រំ​ខ្លួន​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ?

១​. តើ​ពរ​អ្វី​ខ្លះ​ពី​ព្រះ​យេហូវ៉ា​ដែល​អាច​ជួយ​យើង​មាន​ចិត្ត​សប្បាយ?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​សប្បាយ ហើយ​លោក​បាន​ឲ្យ​ពរ​យើង​ជា​ច្រើន​ដែល​គួរ​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល។ មូលហេតុ​មួយ​ដែល​យើង​ដឹង​ដូច្នេះ គឺ​យើង​មាន​ជីវិត​រស់​នៅ។ ដូច្នេះ យើង​អាច​ប្រើ​ជីវិត​របស់​យើង​ដើម្បី​សរសើរ​ព្រះ ពីព្រោះ​លោក​បាន​ទាញ​នាំ​យើង​ចូល​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ (​ទំនុក. ១៤៤:១៥; យ៉ូន. ៦:៤៤​) ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​លោក​ស្រឡាញ់​យើង ហើយ​ជួយ​យើង​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​បម្រើ​លោក។ (​យេ. ៣១:៣; ២កូ. ៤:១៦​) យើង​សប្បាយ​នឹង​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន ដែល​យើង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​បង​ប្អូន​រួម​ជំនឿ និង​សេចក្ដី​បង្រៀន​យ៉ាង​បរិបូរ​ដែល​ប្រៀប​ដូច​ជា​អាហារ។ ក្រៅ​ពី​នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​មាន​តម្លៃ​សម្រាប់​អនាគត។

២​. តើ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ខ្លះ​របស់​ព្រះ​ខំ​យក​ឈ្នះ​អ្វី?

២ ទោះ​ជា​យើង​មាន​ហេតុ​ទាំង​នេះ​ដើម្បី​មាន​ចិត្ត​សប្បាយ​ក៏​ដោយ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ខ្លះ​របស់​ព្រះ​ខំ​យក​ឈ្នះ​គំនិត​មិន​ល្អ​ចំពោះ​ខ្លួន​ពួក​គាត់។ ពួក​គាត់​ប្រហែល​ជា​គិត​ថា​ពួក​គាត់​និង​កិច្ច​បម្រើ​របស់​ពួក​គាត់​មិន​សូវ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ ចំពោះ​ពួក​អ្នក​ដែល​បន្ត​មាន​គំនិត​មិន​ល្អ​ចំពោះ​ខ្លួន ការ​គិត​ថា​សប្បាយ​«​ជា​យូរ​ឆ្នាំ​»​ គឺ​ហាក់​ដូច​ជា​ការ​ស្រមៃ។ ជីវិត​អាច​មើល​ទៅ​ជា​អស់​ទាំង​ថ្ងៃ​ដែល​មាន​សេចក្ដី​ងងឹត​ទៅ​វិញ។—សាស្ដ. ១១:៨

៣​. តើ​អ្វី​អាច​បណ្ដាល​ឲ្យ​យើង​មាន​គំនិត​មិន​ល្អ​ចំពោះ​ខ្លួន​យើង?

៣ ចំពោះ​បង​ប្រុស​ឬ​បង​ស្រី​បែប​នេះ គំនិត​មិន​ល្អ​ចំពោះ​ខ្លួន​ពួក​គាត់​អាច​បណ្ដាល​មក​ពី​ការ​ខក​ចិត្ត ជំងឺ ឬ​ជរា​ភាព​ដែល​ដាក់​កម្រិត​លើ​ពួក​គាត់។ (​ទំនុក. ៧១:៩; សុភ. ១៣:១២; សាស្ដ. ៧:៧​) ម្យ៉ាង​ទៀត គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ដែល​ថា​ចិត្ត​ជា​គ្រឿង​បញ្ឆោត ហើយ​ប្រហែល​ជា​ផ្ដន្ទា​ទោស​យើង ទោះ​ជា​ព្រះ​ប្រហែល​ជា​ពេញ​ចិត្ត​នឹង​យើង​ក៏​ដោយ។ (​យេ. ១៧:៩; ១យ៉ូន. ៣:២០​) មេកំណាច​ចោទ​ប្រកាន់​មិន​ពិត​ទៅ​លើ​អ្នក​បម្រើ​របស់​ព្រះ។ ពួក​អ្នក​ដែល​មាន​គំនិត​ដូច​សាថាន​ប្រហែល​ជា​ខំ​ធ្វើ​ឲ្យ​យើង​មាន​ទស្សនៈ​ដូច​អេលីផាស​ដែល​ជា​អ្នក​គ្មាន​ជំនឿ​ដែល​ថា​យើង​គ្មាន​តម្លៃ​ចំពោះ​ព្រះ​ទេ។ នេះ​គឺ​ជា​ពាក្យ​ភូត​កុហក​មួយ​នៅ​សម័យ​យ៉ូប ក៏​ដូច​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។—យ៉ូប ៤:១៨, ១៩

៤​. នៅ​ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី?

៤ ព្រះ​យេហូវ៉ា​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​បទ​គម្ពីរ​ថា​លោក​នឹង​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​«​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្ដី​ស្លាប់​»។ (​ទំនុក. ២៣:៤​) របៀប​មួយ​ដែល​លោក​នៅ​ជា​មួយ​នឹង​យើង គឺ​តាម​រយៈ​បណ្ដាំ​របស់​លោក។ គម្ពីរ​«​មាន​ឫទ្ធានុភាព​ពី​ព្រះ ដើម្បី​រំលើង​អ្វី​ៗ​ដែល​ចាក់​ឫស​ជ្រៅ​»​ ដែល​រួម​មាន​ការ​ភាន់​ច្រឡំ​និង​គំនិត​មិន​ត្រឹម​ត្រូវ។ (​២កូ. ១០:៤, ៥​) ដូច្នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ប្រើ​គម្ពីរ​ដើម្បី​ជួយ​យើង​អប់រំ​ខ្លួន​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ ហើយ​រក្សា​ទស្សនៈ​នោះ។ អ្នក​ប្រហែល​ជា​ទទួល​ប្រយោជន៍​ពី​នេះ​ដោយ​ផ្ទាល់ ព្រម​ទាំង​រក​ឃើញ​វិធី​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។

ចូរ​ប្រើ​គម្ពីរ​ដើម្បី​អប់រំ​ខ្លួន​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ

៥​. តើ​ការ​ពិនិត្យ​ពិចារណា​អំពី​អ្វី ដែល​អាច​ជួយ​យើង​មាន​ទស្សនៈ​ត្រឹម​ត្រូវ?

៥ សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​ចំណុច​ខ្លះ​ដែល​អាច​ជួយ​យើង​អប់រំ​ខ្លួន​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ។ គាត់​បាន​ដាស់​តឿន​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​ថា​៖ ​«​ចូរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​ឬ​យ៉ាង​ណា​»។ (​២កូ. ១៣:៥​) ​«​ជំនឿ​»​គឺ​ជា​សេចក្ដី​បង្រៀន​ទាំង​មូល​របស់​គ្រិស្ត​សាសនិក ដែល​មាន​នៅ​ក្នុង​គម្ពីរ។ ប្រសិនបើ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង​សម​ស្រប​តាម​សេចក្ដី​បង្រៀន​ទាំង​នេះ នោះ​បញ្ជាក់​ថា​យើង​បាន​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​រួច​ហើយ ហើយ​បង្ហាញ​ថា​យើង​«​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​»។ យើង​ក៏​ត្រូវ​ប្រៀប​ធៀប​ជីវិត​របស់​យើង​ជា​មួយ​នឹង​សេចក្ដី​បង្រៀន​ទាំង​មូល​របស់​គ្រិស្ត​សាសនិក។ យើង​មិន​អាច​ជ្រើស​រើស​ផ្នែក​មួយ​ណា​នៃ​សេចក្ដី​បង្រៀន​ទាំង​នោះ​ដែល​យើង​នឹង​ធ្វើ​តាម​នោះ​ឡើយ។—យ៉ា. ២:១០, ១១

៦​. ហេតុ​អ្វី​យើង​គួរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​យើង ‹ដើម្បី​ឲ្យ​ដឹង​ថា​យើង​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​ឬ​យ៉ាង​ណា›? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)។

៦ អ្នក​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​អ្នក ជា​ពិសេស​បើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ប្រហែល​ជា​មិន​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ទេ។ ប៉ុន្តែ ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ជាង​ទស្សនៈ​របស់​យើង ហើយ​គំនិត​របស់​លោក គឺ​ខ្ពស់​ជាង​គំនិត​របស់​យើង។ (​អេ. ៥៥:៨, ៩​) លោក​ពិនិត្យ​មើល​អ្នក​គោរព​ប្រណិប័តន៍​លោក មិន​មែន​ដើម្បី​ផ្ដន្ទា​ទោស​ពួក​គាត់​ទេ ប៉ុន្តែ​ដើម្បី​រក​មើល​គុណ​សម្បត្ដិ​របស់​ពួក​គាត់ និង​ដើម្បី​ជួយ​ពួក​គាត់។ ពេល​អ្នក​ប្រើ​បណ្ដាំ​របស់​ព្រះ​ដើម្បី​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​អ្នក ​«​ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​ឬ​យ៉ាង​ណា​»​ នោះ​អ្នក​នឹង​ចាប់​ផ្ដើម​យល់​អំពី​អារម្មណ៍​របស់​ព្រះ​ចំពោះ​អ្នក។ នេះ​អាច​ជួយ​អ្នក​កុំ​ឲ្យ​គិត​ថា អ្នក​គ្មាន​តម្លៃ ហើយ​ជួយ​អ្នក​ចាំ​អំពី​ទស្សនៈ​របស់​ព្រះ។ នេះ​អាច​ប្រៀប​ដូច​ជា​បើក​វាំងនន​ដើម្បី​ឲ្យ​ពន្លឺ​ថ្ងៃ​ចូល​មក​ក្នុង​បន្ទប់​ងងឹត​មួយ។

៧​. តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​នៃ​មនុស្ស​ស្មោះ​ត្រង់​ក្នុង​គម្ពីរ?

៧ របៀប​មួយ​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​យើង​គឺ​ការ​រំពឹង​គិត​អំពី​គំរូ​នៃ​មនុស្ស​ស្មោះ​ត្រង់​ដែល​គម្ពីរ​បាន​រៀប​រាប់។ សូម​ប្រៀប​ធៀប​ស្ថានភាព​ឬ​អារម្មណ៍​របស់​ពួក​គាត់​ជា​មួយ​នឹង​ស្ថានភាព​ឬ​អារម្មណ៍​របស់​អ្នក ហើយ​ឃើញ​របៀប​ដែល​អ្នក​ប្រហែល​ជា​បាន​ប្រព្រឹត្ត​បើ​អ្នក​នៅ​ក្នុង​ស្ថានភាព​របស់​ពួក​គាត់។ យើង​នឹង​ពិចារណា​គំរូ​បី​យ៉ាង​ដែល​ពន្យល់​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​គម្ពីរ​ដើម្បី​បញ្ជាក់​ថា​អ្នក​«​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​»​និង​ដើម្បី​អប់រំ​ខ្លួន​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​អ្នក។

ស្ត្រី​មេ​ម៉ាយ​ក្រី​ក្រ

៨, ៩​. (​ក​) តើ​ស្ថានភាព​របស់​ស្ត្រី​មេ​ម៉ាយ​ក្រី​ក្រ​គឺ​យ៉ាង​ណា? (​ខ​) តើ​ស្ត្រី​មេ​ម៉ាយ​នោះ​ប្រហែល​ជា​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​អំពី​អ្វី​ខ្លះ?

៨ នៅ​វិហារ​នា​ក្រុង​យេរូសាឡិម លោក​យេស៊ូ​បាន​សង្កេត​មើល​ស្ត្រី​មេ​ម៉ាយ​ក្រី​ក្រ​ម្នាក់។ គំរូ​របស់​នាង​អាច​ជួយ​យើង​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ ទោះ​ជា​សមត្ថភាព​របស់​យើង​មាន​កម្រិត​ក៏​ដោយ។ (​សូម​អាន លូកា ២១:១​-​៤​) សូម​ពិចារណា​ស្ថានភាព​របស់​ស្ត្រី​មេ​ម៉ាយ​នោះ។ នាង​មិន​ត្រឹម​តែ​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​ព្រួយ​ដែល​មក​ពី​ការ​បាត់​បង់​ប្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ខាង​សាសនា​ដែល​គ្រប់​គ្រង​ដោយ​អ្នក​ដឹក​នាំ​ដែល​បាន​«​ប្រវ័ញ្ច​យក​ទ្រព្យ​សម្បត្ដិ​របស់​ស្ត្រី​មេម៉ាយ​»​ជា​ជាង​ជួយ​ពួក​គាត់។ (​លូក. ២០:៤៧​) នាង​ក្រី​ក្រ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​នាង​អាច​ធ្វើ​វិភាគ​ទាន​សម្រាប់​វិហារ​នូវ​អ្វី​ដែល​អ្នក​ធ្វើ​ការ​អាច​រក​បាន​ក្នុង​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

៩ សូម​ខំ​ស្រមៃ​គិត​ថា​ស្ត្រី​មេ​ម៉ាយ​នោះ​មាន​អារម្មណ៍​យ៉ាង​ណា កាល​ដែល​នាង​ចូល​ទៅ​ក្នុង​ទី​ធ្លា​វិហារ​ដោយ​មាន​កាក់​តូច​ពីរ​ដែល​មាន​តម្លៃ​តិច​ណាស់។ តើ​នាង​កំពុង​គិត​ថា​ប្រាក់​ដែល​នាង​នឹង​ដាក់​មាន​តម្លៃ​តិច​ណាស់​បើ​ប្រៀប​នឹង​អ្វី​ដែល​នាង​អាច​ដាក់​ពេល​ប្ដី​នាង​នៅ​រស់​ឬ? តើ​នាង​នឹង​ខ្មាស​គេ ពេល​ឃើញ​អំណោយ​យ៉ាង​ច្រើន​ដែល​ពួក​អ្នក​ដែល​ទៅ​មុន​នាង​បាន​ដាក់ ហើយ​ប្រហែល​ជា​ឆ្ងល់​ថា​តើ​អំណោយ​របស់​នាង​ពិត​ជា​មាន​តម្លៃ​ឬ​ទេ? ទោះ​ជា​នាង​ប្រហែល​ជា​មាន​អារម្មណ៍​ដូច្នេះ​ក៏​ដោយ នាង​នៅ​តែ​បាន​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ការ​គោរព​ប្រណិប័តន៍​ពិត។

១០​. តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា​ថា​ស្ត្រី​មេ​ម៉ាយ​នោះ​មាន​តម្លៃ​ចំពោះ​ព្រះ?

១០ លោក​យេស៊ូ​បាន​បង្ហាញ​ថា​ទាំង​ស្ត្រី​មេ​ម៉ាយ ទាំង​វិភាគ​ទាន​របស់​នាង​គឺ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ លោក​បាន​មាន​ប្រសាសន៍​ថា​នាង​បាន​«​ដាក់​ច្រើន​ជាង[​ពួក​អ្នក​មាន​]ទាំង​អស់​»​ដែល​មក​ដាក់។ អំណោយ​របស់​នាង​នឹង​លាយឡំ​ជា​មួយ​នឹង​អំណោយ​របស់​អ្នក​ឯ​ទៀត ប៉ុន្តែ​លោក​យេស៊ូ​នៅ​តែ​សរសើរ​នាង។ អ្នក​ធ្វើ​ការ​នៅ​ឃ្លាំង​ដាក់​ប្រាក់​ដែល​ក្រោយ​មក​បាន​ឃើញ​កាក់​តូច​ទាំង​ពីរ​នោះ ច្បាស់​ជា​មិន​បាន​ដឹង​ថា​កាក់​ទាំង​នោះ​និង​អ្នក​ដែល​ដាក់​វា​មាន​តម្លៃ​ច្រើន​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ ប៉ុន្តែ ទស្សនៈ​របស់​ព្រះ​គឺ​ជា​អ្វី​ដែល​ពិត​ជា​សំខាន់ មិន​មែន​អ្វី​ដែល​អ្នក​ឯ​ទៀត​បាន​គិត ឬ​ទស្សនៈ​របស់​ស្ត្រី​មេ​ម៉ាយ​នោះ​ចំពោះ​ខ្លួន​នាង​ឡើយ។ តើ​អ្នក​អាច​ប្រើ​កំណត់​ហេតុ​នេះ​ដើម្បី​ពិនិត្យ​ពិចារណា​ថា​តើ​អ្នក​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​ឬ​ទេ?

១១​. តើ​អ្នក​អាច​ទាញ​មេរៀន​អ្វី​ពី​កំណត់​ហេតុ​នៃ​ស្ត្រី​មេ​ម៉ាយ?

១១ ស្ថានភាព​របស់​អ្នក​ប្រហែល​ជា​ជះ​ឥទ្ធិពល​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​ជូន​ទៅ​ព្រះ​យេហូវ៉ា។ ដោយ​សារ​អាយុ​ច្រើន​ឬ​បញ្ហា​សុខភាព ចំនួន​ម៉ោង​ដែល​អ្នក​ខ្លះ​អាច​ចំណាយ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​គឺ​តិច​តួច​ណាស់។ តើ​ពួក​គាត់​គួរ​មាន​អារម្មណ៍​ថា​ពួក​គាត់​មិន​ចាំ​បាច់​រាយ​ការណ៍​អំពី​សកម្មភាព​ផ្សព្វ​ផ្សាយ​ឬ? ទោះ​ជា​អ្នក​មិន​មាន​អាយុ​ច្រើន​ឬ​មាន​បញ្ហា​សុខភាព​ដែល​ដាក់​កម្រិត​យ៉ាង​ខ្លាំង​លើ​អ្នក​ក៏​ដោយ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ការ​ព្យាយាម​របស់​អ្នក​គឺ​គ្រាន់តែ​ជា​ផ្នែក​ដ៏​តូច​មួយ​នៃ​ម៉ោង​ទាំង​អស់​ដែល​រាស្ត្រ​របស់​ព្រះ​ចំណាយ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ យើង​រៀន​ពី​កំណត់​ហេតុ​នៃ​ស្ត្រី​មេ​ម៉ាយ​ក្រី​ក្រ​ដែល​ព្រះ​យេហូវ៉ា​កត់​សម្គាល់ ហើយ​ឲ្យ​តម្លៃ​ចំពោះទង្វើ​នីមួយ​ៗ​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​លោក ជា​ពិសេស​បើ​នោះ​បាន​ធ្វើ​ឡើង​ពេល​ប្រឈម​មុខ​នឹង​ស្ថានភាព​ពិបាក។ សូម​គិត​ឡើង​វិញ​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដែល​អ្នក​បាន​ធ្វើ​នៅ​ឆ្នាំ​កន្លង​ទៅ។ តើ​មាន​មួយ​ម៉ោង​ក្នុង​ចំណោម​ម៉ោង​ទាំង​នោះ​ដែល​អ្នក​ទុក​សម្រាប់​លោក​ដែល​តម្រូវ​ឲ្យ​អ្នក​លះ​បង់​ច្រើន​ឬ​ទេ? បើ​មែន អ្នក​អាច​ប្រាកដ​ថា​លោក​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​លោក​ក្នុង​អំឡុង​មួយ​ម៉ោង​នោះ។ ដូច​ស្ត្រី​មេ​ម៉ាយ​នោះ ពេល​អ្នក​ធ្វើ​អ្វី​ទាំង​អស់​ដែល​អ្នក​អាច​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា អ្នក​មាន​មូលហេតុ​ច្បាស់​លាស់​ដើម្បី​ជឿ​ថា​អ្នក​«​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​»។

​«​សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​»​

១២​-​១៤​. (​ក​) តើ​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អេលីយ៉ា? (​ខ​) ហេតុ​អ្វី​អេលីយ៉ា​ប្រហែល​ជា​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ដូច្នេះ?

១២ អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​មាន​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​មាន​ជំនឿ​មាំ​មួន។ ប៉ុន្តែ នៅ​ពេល​មួយ គាត់​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​សុំ​ព្រះ​យេហូវ៉ា​សម្លាប់​គាត់ ដោយ​និយាយ​ថា​៖ ​«​ល្មម​ហើយ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​ឥឡូវ​ចុះ​»។ (​១ព. ១៩:៤​) ពួក​អ្នក​ដែល​ពុំ​ធ្លាប់​អស់​សង្ឃឹម​បែប​នេះ ប្រហែល​ជា​ចង់​ចាត់​ទុក​សេចក្ដី​អធិដ្ឋាន​របស់​អេលីយ៉ា​ថា​គ្រាន់តែ​ជា​ពាក្យ​«​ជ្រួស​ហួស​»​ប៉ុណ្ណោះ។ (​យ៉ូប ៦:៣​) ប៉ុន្តែ គាត់​ពិត​ជា​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​មែន។ សូម​កត់​សម្គាល់​ថា​ជា​ជាង​ស្តី​បន្ទោស​អេលីយ៉ា​ដោយ​សារ​គាត់​ចង់​ស្លាប់ ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​វិញ។

១៣ ហេតុ​អ្វី​អេលីយ៉ា​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ដូច្នេះ? មិន​យូរ​ប៉ុន្មាន​មុន​នេះ គាត់​បាន​ដឹក​នាំ​ការ​សាកល្បង​ដ៏​សំខាន់​មួយ​នៅ​អ៊ីស្រាអែល​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត ហើយ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ប្រហារ​ជីវិត​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល​៤៥០​នាក់។ (​១ព. ១៨:៣៧​-​៤០​) ឥឡូវ​នេះ អេលីយ៉ា​ទំនង​ជា​សង្ឃឹម​ថា​រាស្ត្រ​របស់​ព្រះ​នឹង​ត្រឡប់​មក​ការ​គោរព​ប្រណិប័តន៍​ពិត ប៉ុន្តែ​នោះ​មិន​បាន​កើត​ឡើង​ទេ។ យេសិបិល​ដែល​ជា​មហាក្សត្រី​អាក្រក់​បាន​ចាត់​អ្នក​នាំ​សារ​ម្នាក់​ទៅ​ប្រាប់​អេលីយ៉ា​ថា​នាង​កំពុង​រៀបចំ​ឲ្យ​គេ​សម្លាប់​គាត់។ ដោយ​ខ្លាច​ស្លាប់ អេលីយ៉ា​បាន​រត់​ចេញ​ទៅ​ទិស​ខាង​ត្បូង​ឆ្លង​កាត់​ស្រុក​យូដា​ដែល​នៅ​ជិត​ខាង​ទៅ​ដល់​តំបន់​ស្ងាត់​ជ្រងំ ដែល​ជា​កន្លែង​ហួត​ហែង​និង​គ្មាន​ដំណាំ​ដាំ​ដុះ។—១ព. ១៩:២​-​៤

១៤ ពេល​អេលីយ៉ា​នៅ​តែ​ម្នាក់​ឯង គាត់​បាន​រំពឹង​គិត​អំពី​កិច្ច​ការ​របស់​គាត់​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​មើល​ទៅ​ឥត​ប្រយោជន៍។ គាត់​បាន​ជម្រាប​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទូល​បង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូល​បង្គំ​ទេ​»។ គាត់​ចង់​បញ្ជាក់​ថា​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​គាត់​គ្មាន​ប្រយោជន៍​ដូច​ធូលី​និង​ឆ្អឹង​ជីដូន​ជីតា​របស់​គាត់​ដែល​បាន​ស្លាប់​ទៅ​ហើយ។ តាម​ពិត គាត់​បាន​ពិនិត្យ​ពិចារណា​ខ្លួន​គាត់​តាម​រយៈ​ខ្នាត​តម្រា​របស់​គាត់ ហើយ​បាន​សម្រេច​ចិត្ត​ថា​គាត់​ជា​មនុស្ស​បរាជ័យ គ្មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា ឬ​អ្នក​ណា​ទៀត​ឡើយ។

១៥​. តើ​តាម​របៀប​ណា​ព្រះ​បាន​ពង្រឹង​ទំនុក​ចិត្ត​អេលីយ៉ា​ថា​លោក​នៅ​តែ​ចាត់​ទុក​គាត់​ថា​មាន​តម្លៃ?

១៥ ប៉ុន្តែ ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មាន​ទស្សនៈ​ផ្សេង​ចំពោះ​អេលីយ៉ា។ អេលីយ៉ា​នៅ​តែ​មាន​តម្លៃ​ចំពោះ​ព្រះ ហើយ​ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​គាត់​ទៅ​លើ​ការ​ពិត​នោះ។ ព្រះ​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ពង្រឹង​កម្លាំង​អេលីយ៉ា។ ព្រះ​យេហូវ៉ា​ក៏​បាន​ផ្ដល់​អាហារ​និង​ទឹក​ដែល​នឹង​ទ្រទ្រង់​ជីវិត​អេលីយ៉ា​ក្នុង​អំឡុង​ដំណើរ​៤០​ថ្ងៃ​ទៅ​ទិស​ខាង​ត្បូង​រហូត​ដល់​ភ្នំ​ហូរែប។ ម្យ៉ាង​ទៀត ព្រះ​បាន​កែ​តម្រង់​អេលីយ៉ា​ដោយ​ស្លូតបូត​ចំពោះ​គំនិត​ខុស​ឆ្គង​ដែល​ថា​គ្មាន​ជន​ជាតិ​អ៊ីស្រាអែល​ណា​ទៀត​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ឡើយ។ គួរ​ឲ្យ​កត់​សម្គាល់​ថា ព្រះ​បាន​ប្រគល់​ភារកិច្ច​ថ្មី​ដល់​អេលីយ៉ា ហើយ​គាត់​បាន​ទទួល​យក។ អេលីយ៉ា​បាន​ទទួល​ប្រយោជន៍​ពី​ជំនួយ​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​ត្រឡប់​ទៅ​បំពេញ​កិច្ច​ការ​របស់​គាត់​ជា​អ្នក​ប្រកាស​ទំនាយ ទាំង​មាន​កម្លាំង​ឡើង​វិញ។—១ព. ១៩:៥​-​៨, ១៥​-​១៩

១៦​. តើ​តាម​របៀប​ណាខ្លះ​ដែល​ព្រះ​ទំនង​ជា​ទ្រទ្រង់​អ្នក?

១៦ បទ​ពិសោធន៍​របស់​អេលីយ៉ា​អាច​ជួយ​អ្នក​ឲ្យ​ពិនិត្យ​មើល​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ ហើយ​អាច​ជំរុញ​អ្នក​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ។ ទី​១ សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ទ្រទ្រង់​អ្នក។ តើ​អ្នក​បម្រើ​ណា​ម្នាក់​របស់​លោក ប្រហែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់ ឬ​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ បាន​ជួយ​អ្នក​នៅ​ពេល​មួយ​ដែល​អ្នក​ត្រូវ​ការ​ជំនួយ​ឬ​ទេ? (​កាឡ. ៦:២​) តើ​អ្នក​បាន​ទទួល​កម្លាំង​ឡើង​វិញ​តាម​រយៈ​ការ​សិក្សា​គម្ពីរ សៀវភៅ​របស់​យើង​និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​ឬ​ទេ? លើក​ក្រោយ​ពេល​អ្នក​ទទួល​ប្រយោជន៍​ពី​របៀប​ណា​មួយ​ក្នុង​ចំណោម​របៀប​ទាំង​នេះ សូម​ពិចារណា​អំពី​ព្រះ​ដែល​ផ្ដល់​ជំនួយ​ឲ្យ​អ្នក ហើយ​អធិដ្ឋាន​អរគុណ​លោក។—ទំនុក. ១២១:១, ២

១៧​. តើ​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​អ្វី?

១៧ ទី​២ សូម​ទទួល​ស្គាល់​ថា​ទស្សនៈ​មិន​ត្រឹម​ត្រូវ​អាច​បញ្ឆោត​អ្នក។ អ្វី​ដែល​សំខាន់​គឺ​ទស្សនៈ​របស់​ព្រះ​ចំពោះ​យើង។ (​សូម​អាន រ៉ូម ១៤:៤​) ព្រះ​យេហូវ៉ា​ចាត់​ទុក​ភក្ដីភាព​និង​ចិត្ត​ស្មោះ​ត្រង់​របស់​យើង​ថា​មាន​តម្លៃ​ចំពោះ​លោក។ លោក​មិន​វិនិច្ឆ័យ​យើង​ដោយ​មើល​កិច្ច​ការ​ដែល​យើង​បាន​សម្រេច​នោះ​ឡើយ។ ដូច​ក្នុង​ករណី​របស់​អេលីយ៉ា ប្រហែល​ជា​អ្នក​បាន​សម្រេច​កិច្ច​ការ​ជូន​ព្រះ​យេហូវ៉ា​ច្រើន​ជាង​អ្នក​ដឹង​ទៅ​ទៀត។ អ្នក​ទំនង​ជា​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​បង​ប្អូន​នៅ​ក្នុង​ក្រុម​ជំនុំ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្នុង​តំបន់​ផ្សាយ ដែល​បាន​ស្គាល់​សេចក្ដី​ពិត​តាម​រយៈ​ការ​ខំ​ព្យាយាម​របស់​អ្នក។

១៨​. តើ​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​អ្នក​បង្ហាញ​អ្វី?

១៨ ក្រោយ​បង្អស់ សូម​ចាត់​ទុក​ភារកិច្ច​នីមួយ​ៗ​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​ថា​ជា​ទី​សំ​អាង​ដែល​បញ្ជាក់​ថា​លោក​នៅ​ជា​មួយ​នឹង​អ្នក។ (​យេ. ២០:១១​) ដូច​អេលីយ៉ា អ្នក​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​កិច្ច​បម្រើ​របស់​អ្នក​មើល​ទៅ​មិន​បាន​ជោគជ័យ​ទេ ឬ​ដោយ​សារ​គោល​ដៅ​ខ្លះ​ក្នុង​កិច្ច​បម្រើ​ព្រះ​មើល​ទៅ​មិន​អាច​សម្រេច​បាន​ឡើយ។ ប៉ុន្តែ អ្នក​នៅ​តែ​មាន​ឯកសិទ្ធិ​ដ៏​ប្រសើរ​បំផុត​ដែល​យើង​គ្រប់​រូប​អាច​មាន​ឥឡូវ​នេះ ពោល​គឺ​ឯកសិទ្ធិ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​និង​ជា​តំណាង​នាម​របស់​ព្រះ។ ចូរ​រក្សា​ភាព​ស្មោះ​ត្រង់។ ដូច្នេះ ក្នុង​ន័យ​ម្យ៉ាង ពាក្យ​នៅ​ក្នុង​ឧទាហរណ៍​មួយ​របស់​លោក​យេស៊ូ​អាច​និយាយ​ទៅ​អ្នក​គឺ ​«​ចូរ​មក​អរ​សប្បាយ​ជា​មួយ​នឹង​ម្ចាស់​របស់​អ្នក​ចុះ​»។—ម៉ាថ. ២៥:២៣

​«​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​វេទនា​»​

១៩​. តើ​អ្នក​តែង​ទំនុក​ទី​១០២​បាន​ប្រឈម​មុខ​នឹង​ស្ថានភាព​យ៉ាង​ណា?

១៩ អ្នក​សរសេរ​ទំនុក​ទី​១០២​បាន​អស់​សង្ឃឹម។ គាត់​«​វេទនា​»​ដោយ​រង​ទុក្ខ​ខាង​រូប​កាយ​និង​ខាង​ផ្លូវ​ចិត្ត ហើយ​គាត់​ក៏​គ្មាន​កម្លាំង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​គាត់​ដែរ។ (​ពាក្យ​ផ្ដើម​នៃ​ទំនុក. ១០២​) នៅ​ក្នុង​ពាក្យ​របស់​គាត់ យើង​ឃើញ​អ្វី​ដែល​បញ្ជាក់​ថា​គាត់​ឈឺ​ចាប់​ជា​ខ្លាំង កណ្ដោច​កណ្ដែង និង​អ្វី​ដែល​បញ្ជាក់​អំពី​អារម្មណ៍​របស់​គាត់។ (​ទំនុក. ១០២:៣, ៤, ៦, ១១​) គាត់​បាន​ជឿ​ថា​ព្រះ​យេហូវ៉ា​ចង់​បោះ​គាត់​ចោល។—ទំនុក. ១០២:១០

២០​. តើ​តាម​របៀប​ណា​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​បុគ្គល​ដែល​តយុទ្ធ​នឹង​គំនិត​ដែល​នាំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត?

២០ ប៉ុន្តែ អ្នក​តែង​ទំនុក​តម្កើង​នៅ​តែ​អាច​ប្រើ​ជីវិត​របស់​គាត់​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា។ (​សូម​អាន ទំនុក​តម្កើង ១០២:១៩​-​២១​) ដូច​យើង​ឃើញ​នៅ​ក្នុង​ទំនុក​ទី​១០២ សូម្បី​តែ​ពួក​អ្នក​ដែល​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ​ក៏​ដោយ ក៏​អាច​ឈឺ​ចាប់ ហើយ​កំពុង​ខំ​ប្រឹង​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ផ្សេង​ទៀត​ដែរ។ ​«​ដូច​ជា​ចាប​ឥត​គូ​នៅ​លើ​ដំបូល​ផ្ទះ​»​ អ្នក​តែង​ទំនុក​តម្កើង​បាន​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង គឺ​ហាក់​ដូច​ជា​គាត់​មាន​តែ​បញ្ហា​នៅ​ជា​មួយ​ខ្លួន​ប៉ុណ្ណោះ។ (​ទំនុក. ១០២:៧​) បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ សូម​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា​ដូច​អ្នក​តែង​ទំនុក​តម្កើង​បាន​ធ្វើ។ សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​វេទនា ពោល​គឺ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​អាច​ជួយ​អ្នក កាល​ដែល​អ្នក​តយុទ្ធ​នឹង​គំនិត​ដែល​នាំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត។ ព្រះ​យេហូវ៉ា​សន្យា​ថា​៖ ​«​ទ្រង់​តែង​តែ​ទទួល​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​វេទនា ឥត​ដែល​មើល​ងាយ​ចំពោះ​ពាក្យ​សូម​អង្វរ​របស់​គេ​ឡើយ​»។ (​ទំនុក. ១០២:១៧​) សូម​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​នោះ។

២១​. តើ​តាម​របៀប​ណា​បុគ្គល​ដែល​កំពុង​តយុទ្ធ​នឹង​គំនិត​ដែល​នាំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​អាច​ចាប់​ផ្ដើម​មាន​ទស្សនៈ​កាន់​តែ​ត្រឹម​ត្រូវ?

២១ ទំនុក​ទី​១០២​ក៏​បង្ហាញ​ដែរ​អំពី​របៀប​ដែល​អ្នក​អាច​មាន​ទស្សនៈ​កាន់​តែ​ត្រឹម​ត្រូវ។ អ្នក​តែង​ទំនុក​តម្កើង​បាន​ធ្វើ​ដូច្នេះ ដោយ​បែរ​ទៅ​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណង​មិត្តភាព​រវាង​គាត់​និង​ព្រះ​យេហូវ៉ា។ (​ទំនុក. ១០២:១២, ២៧​) គាត់​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​ទ្រទ្រង់​រាស្ត្រ​របស់​លោក​ជា​និច្ច ពេល​ពួក​គេ​ឆ្លង​កាត់​ទុក្ខ​លំបាក។ ដូច្នេះ បើ​គំនិត​ដែល​នាំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​រារាំង​អ្នក​មួយ​រយៈ​ពេល​មិន​ឲ្យ​ធ្វើ​ច្រើន​ដូច​អ្នក​ចង់​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ សូម​អធិដ្ឋាន​អំពី​រឿង​នេះ។ ចូរ​សុំ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​មិន​ត្រឹម​តែ​ដើម្បី​អ្នក​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ខ្លះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​«​ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង​ឡាយ​បាន​ប្រកាស​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​»​ដែរ។—ទំនុក. ១០២:២០, ២១

២២​. តើ​តាម​របៀប​ណា​យើង​ម្នាក់​ៗ​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

២២ មែន​ហើយ យើង​អាច​ប្រើ​គម្ពីរ​ដើម្បី​ពិសោធ​មើល​ដោយ​ខ្លួន​យើង​ថា​យើង​កំពុង​កាន់​ខ្ជាប់​នូវ​ជំនឿ ហើយ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ ពិត​មែន​តែ​នៅ​ក្នុង​របៀប​របប​ពិភព​លោក​នេះ យើង​ប្រហែល​ជា​មិន​អាច​បំបាត់​ចោល​គំនិត​មិន​ល្អ ឬ​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ទាំង​អស់​បាន​ទេ ប៉ុន្តែ​យើង​ម្នាក់​ៗ​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​ដោយ​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​ក្នុង​កិច្ច​បម្រើ​លោក។—ម៉ាថ. ២៤:១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក