បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៣ ទំ. ២៥-២៩
  • ការថែទាំមនុស្សវ័យចាស់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការថែទាំមនុស្សវ័យចាស់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​រៀបចំ​សម្រាប់​«​អស់​ទាំង​ថ្ងៃ​អាក្រក់​»​
  • ការ​ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​ប្រែ​ប្រួល
  • របៀប​ដែល​អ្នក​ខ្លះ​ប្រឈម​មុខ​នឹង​ការ​ពិបាក
  • តើគម្ពីរចែងយ៉ាងណាស្ដីអំពីការថែទាំឪពុកម្ដាយវ័យចាស់?
    សំណួរនិងចម្លើយពីគម្ពីរ
  • ចូរផ្ដល់កិត្ដិយសឲ្យមាតាបិតាចាស់ជរារបស់យើង
    គន្លឹះនៃសុភមង្គលគ្រួសារ
  • ចូរគោរពមនុស្សវ័យចាស់ក្នុងចំណោមអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ការមើលថែរក្សាមនុស្សចាស់ ជាភារកិច្ចរបស់ជនគ្រីស្ទាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៣ ទំ. ២៥-២៩

ការ​ថែ​ទាំ​មនុស្ស​វ័យ​ចាស់

​«​កូន​ៗ​អើយ! យើង​មិន​ត្រូវ​ស្រឡាញ់​តែ​មាត់ ឬ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ត និង​ដោយ​សេចក្ដី​ពិត​វិញ​»។—១យ៉ូន. ៣:១៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​តាម​របៀប​ណា​ឪពុក​ម្ដាយ​និង​កូន​ៗ​ពេញ​វ័យ​អាច​រៀបចំ​សម្រាប់​«​អស់​ទាំង​ថ្ងៃ​អាក្រក់​»​?

  • តើ​ស្ថានភាព​អ្វី​ខ្លះ​អាច​បង្ហាញ​ថា​សេចក្ដី​ត្រូវ​ការ​របស់​ឪពុក​ម្ដាយ​អ្នក​បាន​ប្រែ​ប្រួល?

  • តើ​អ្នក​អាច​ផ្ដល់​ជំនួយ​អ្វី​ខ្លះ​ដែល​មាន​ប្រយោជន៍​ឲ្យ​បុគ្គល​ដែល​កំពុង​ថែ​ទាំ​ឪពុក​ឬ​ម្ដាយ​វ័យ​ចាស់?

១, ២​. (​ក​) តើ​ក្រុម​គ្រួសារ​ជា​ច្រើន​មាន​ការ​ពិបាក​អ្វី​ខ្លះ ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​សំណួរ​អ្វី​ខ្លះ? (​ខ​) តើ​តាម​របៀប​ណា​ឪពុក​ម្ដាយ​និង​កូន​អាច​ប្រឈម​មុខ​នឹង​ការ​ពិបាក​ដែល​មក​ពី​ស្ថានភាព​ប្រែ​ប្រួល?

ពេល​ដឹង​ថា​ឪពុក​ម្ដាយ​របស់​អ្នក​ដែល​ពី​មុន​មាន​កម្លាំង ហើយ​អាច​គ្រប់​គ្រង​ខ្លួន​បាន ឥឡូវ​មិន​អាច​ថែ​ទាំ​ខ្លួន នោះ​អាច​នាំ​ឲ្យ​អ្នក​ពិបាក​ចិត្ត។ ប្រហែល​ជា​ឪពុក​ឬ​ម្ដាយ​បាន​ដួល ហើយ​បាក់​ត្រគាក វង្វេង​ហើយ​បាត់​ខ្លួន ឬ​បាន​ត្រូវ​វិភាគ​ឃើញ​ថា​មាន​ជំងឺ​ធ្ងន់ធ្ងរ។ ម្យ៉ាង​ទៀត មនុស្ស​វ័យ​ចាស់​ក៏​អាច​ពិបាក​ទទួល​យក​ការ​ប្រែ​ប្រួល​នៃ​សុខភាព​ឬ​ស្ថានភាព​របស់​ពួក​គាត់​ដែរ ជា​ពិសេស​កាល​ណា​នេះ​ដាក់​កម្រិត​ទៅ​លើ​ការ​គ្រប់​គ្រង​ខ្លួន​របស់​ពួក​គាត់។ (​យ៉ូប ១៤:១​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួក​គាត់? តើ​យើង​អាច​ថែ​ទាំ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

២ អត្ថបទ​មួយ​ស្តី​អំពី​ការ​ថែ​ទាំ​មនុស្ស​វ័យ​ចាស់​ចែង​ថា​៖ ​«​ទោះ​ជា​ពិបាក​ពិភាក្សា​គ្នា​អំពី​បញ្ហា​ជរា​ភាព​ក្ដី ក្រុម​គ្រួសារ​ដែល​បាន​ពិភាក្សា​គ្នា​អំពី​ជម្រើស​ការ​ថែ​ទាំ ហើយ​បាន​ព្រមព្រៀង​គ្នា​អំពី​គម្រោង​ផ្សេង​ៗ នឹង​អាច​ប្រឈម​មុខ​បាន​ប្រសើរ​ជាង​នឹង​អ្វី​ក៏​ដោយ​ដែល​កើត​ឡើង​»។ ការ​ពិភាក្សា​គ្នា​បែប​នេះ​មាន​ប្រសិទ្ធភាព ពេល​យើង​ទទួល​ស្គាល់​ថា​ទុក្ខ​លំបាក​ដែល​មក​ពី​ជរា​ភាព​គឺ​មិន​អាច​ជៀស​វាង​បាន​ឡើយ។ ប៉ុន្តែ យើង​អាច​ធ្វើ​ការ​រៀបចំ​ខ្លះ​និង​ការ​សម្រេច​ចិត្ត​ទុក​ជា​មុន។ យើង​នឹង​ពិចារណា​របៀប​ដែល​ក្រុម​គ្រួសារ​អាច​សហការ​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ពិបាក​ខ្លះ។

ការ​រៀបចំ​សម្រាប់​«​អស់​ទាំង​ថ្ងៃ​អាក្រក់​»​

៣​. តើ​ក្រុម​គ្រួសារ​ប្រហែល​ជា​ត្រូវ​ធ្វើ​អ្វី ពេល​ដែល​ឪពុក​ម្ដាយ​ត្រូវ​ការ​ជំនួយ​កាន់​តែ​ច្រើន? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)។

៣ មក​ដល់​គ្រា​មួយ​ដែល​មនុស្ស​វ័យ​ចាស់​ភាគ​ច្រើន​មិន​អាច​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ពេញ​លេញ ដូច្នេះ​ពួក​គាត់​ត្រូវ​ការ​ជំនួយ។ (​សូម​អាន សាស្ដា ១២:១​-​៧​) ពេល​នេះ​កើត​ឡើង ឪពុក​ម្ដាយ​វ័យ​ចាស់​និង​កូន​ៗ​ពេញ​វ័យ​របស់​ពួក​គាត់​គួរ​ពិភាក្សា​គ្នា​អំពី​ការ​ថែ​ទាំ​ដែល​ប្រសើរ​បំផុត​និង​លុយ​កាក់​ដែល​ពួក​គេ​អាច​ចំណាយ។ ធម្មតា​ជា​ការ​ល្អ​ដែល​ក្រុម​គ្រួសារ​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ការ​សហការ​គ្នា សេចក្ដី​ត្រូវ​ការ​និង​វិធី​ថែ​ទាំ។ ទាំង​អស់​គ្នា​ដែល​ចូល​រួម​ការ​ពិភាក្សា​នេះ ជា​ពិសេស​ឪពុក​ម្ដាយ​គួរ​ប្រាប់​អំពី​អារម្មណ៍​របស់​ពួក​គាត់​ដោយ​ឥត​លាក់​លៀម ហើយ​ទទួល​ស្គាល់​ហេតុ​ការណ៍​ពិត។ ពួក​គេ​ប្រហែល​ជា​ពិភាក្សា​គ្នា​ថា​បើ​មាន​ជំនួយ​ថែម​ទៀត នោះ​ឪពុក​ម្ដាយ​អាច​នៅ​ផ្ទះ​របស់​ពួក​គាត់​ដោយ​សុវត្ថិភាព​ឬ​មិន​អាច។a ចូរ​ពិភាក្សា​គ្នា​អំពី​អ្វី​ដែល​ពួក​គេ​ម្នាក់​ៗ​អាច​ធ្វើ ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​ទទួល​ការ​ថែ​ទាំ​ដែល​ពួក​គាត់​ត្រូវ​ការ។ (​សុភ. ២៤:៦​) ជា​ឧទាហរណ៍ កូន​ខ្លះ​ប្រហែល​ជា​អាច​ថែ​ទាំ​រាល់​ថ្ងៃ រីឯ​កូន​ឯ​ទៀត​ប្រហែល​ជា​អាច​ផ្ដល់​ជំនួយ​ជា​លុយ​កាក់​ថែម​ទៀត។ ទាំង​អស់​គ្នា​គួរ​ដឹង​ថា​គ្រប់​គ្នា​មាន​ភារកិច្ច ប៉ុន្តែ​ភារកិច្ច​អាច​ផ្លាស់​ប្ដូរ​កាល​ដែល​ពេល​វេលា​កន្លង​ទៅ ហើយ​ពួក​គេ​ប្រហែល​ជា​ត្រូវ​ពិចារណា​អំពី​ការ​ផ្លាស់​វេន​គ្នា​ដើម្បី​បំពេញ​ភារកិច្ច​ខ្លះ។

៤​. តើ​សមាជិក​ក្រុម​គ្រួសារ​អាច​សុំ​ជំនួយ​ពី​ណា?

៤ កាល​ដែល​អ្នក​ចាប់​ផ្ដើម​ថែ​ទាំ ចូរ​ចំណាយ​ពេល​រៀន​ឲ្យ​ដឹង​ច្រើន​បំផុត​អំពី​ស្ថានភាព​របស់​ឪពុក​ម្ដាយ​អ្នក។ បើ​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ជំងឺ​ដែល​កាន់​តែ​ធ្ងន់​ៗ​ទៅ ចូរ​រៀន​អំពី​ដំណើរ​ការ​នៃ​ជំងឺ​នោះ។ (​សុភ. ១:៥​) ចូរ​ទាក់​ទង​នឹង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ផ្ដល់​សេវា​កម្ម​ដល់​មនុស្ស​វ័យ​ចាស់។ ចូរ​រក​ក្នុង​តំបន់​របស់​អ្នក​នូវ​ការ​រៀបចំ​ដើម្បី​ជួយ​មនុស្ស​ចាស់ ដែល​អាច​ជួយ​ឪពុក​ម្ដាយ​របស់​អ្នក​ទទួល​ការ​ថែ​ទាំ​ល្អ​ជាង ឬ​ដែល​ជួយ​អ្នក​ក្នុង​ការ​ថែ​ទាំ​ពួក​គាត់។ ការ​ប្រែ​ប្រួល​ក្នុង​ស្ថានភាព​ក្រុម​គ្រួសារ​អាច​បណ្ដាល​ឲ្យ​អ្នក​ពិបាក​ចិត្ត ពោល​គឺ​មាន​អារម្មណ៍​ក្រៀម​ក្រំ តក់​ស្លុត ឬ​ច្របូក​ច្របល់​ក្នុង​ចិត្ត។ ចូរ​ប្រាប់​អំពី​អារម្មណ៍​របស់​អ្នក​ដល់​មិត្ត​ភក្ដិ​ដែល​អ្នក​ទុក​ចិត្ត។ សំខាន់​បំផុត ចូរ​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា។ លោក​អាច​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ចិត្ត​ដើម្បី​ប្រឈម​មុខ​នឹង​គ្រប់​ស្ថានភាព។—ទំនុក. ៥៥:២២; សុភ. ២៤:១០; ភី. ៤:៦, ៧

៥​. ហេតុ​អ្វី​ការ​ដឹង​ទុក​ជា​មុន​អំពី​ជម្រើស​ខាង​ការ​ថែ​ទាំ​សុខភាព​គឺ​ជា​គំនិត​ល្អ?

៥ គឺ​ជា​គំនិត​ល្អ​ដែល​មនុស្ស​វ័យ​ចាស់​និង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ដឹង​ជា​មុន​អំពី​ជម្រើស​ខាង​ការ​ថែ​ទាំ​សុខភាព។ ជា​ឧទាហរណ៍ ពួក​គេ​ប្រហែល​ជា​ឃើញ​ថា​ជា​ការ​ល្អ​ដែល​ឪពុក​ឬ​ម្ដាយ​រស់​នៅ​ជា​មួយ​នឹង​កូន​ប្រុស ឬ​កូន​ស្រី​ម្នាក់ រស់​នៅ​មណ្ឌល​ថែ​ទាំ​សុខភាព ឬ​ជម្រើស​ឯ​ទៀត។ ពួក​គេ​បាន​ឃើញ​«​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​»​ពី​ចម្ងាយ ហើយ​បាន​ត្រៀម​ខ្លួន​សម្រាប់​គ្រា​នោះ។ (​ទំនុក. ៩០:១០​) ក្រុម​គ្រួសារ​ច្រើន​ណាស់​មិន​ធ្វើ​គម្រោង​ទេ ហើយ​ក្រោយ​មក​ពួក​គេ​បាន​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​សម្រេច​ចិត្ត​ពិបាក​ៗ​យ៉ាង​ប្រញាប់ ពេល​មាន​បញ្ហា​កើត​ឡើង។ អ្នក​ជំនាញ​ការ​ម្នាក់​និយាយ​ថា នេះ​«​ស្ទើរតែ​ជា​ពេល​ពិបាក​បំផុត​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នេះ​»។ នៅ​ក្នុង​បរិយាកាស​ដ៏​ប្រញាប់ប្រញាល់​នោះ សមាជិក​ក្រុម​គ្រួសារ​ប្រហែល​ជា​តាន​តឹង​ចិត្ត ហើយ​ការ​ខ្វែង​គំនិត​គ្នា​ប្រហែល​ជា​កើត​ឡើង។ ផ្ទុយ​ទៅ​វិញ ការ​រៀបចំ​សម្រាប់​អនាគត ធ្វើ​ឲ្យ​ការ​កែ​ប្រែ​នៅ​ពេល​ក្រោយ​មិន​សូវ​ពិបាក។—សុភ. ២០:១៨

៦​. តើ​តាម​របៀប​ណា​ឪពុក​ម្ដាយ​និង​កូន​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិភាក្សា​អំពី​របៀប​រស់​នៅ​របស់​មនុស្ស​វ័យ​ចាស់?

៦ ប្រហែល​ជា​មើល​ទៅ​អ្នក​ពិបាក​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​របស់​អ្នក​អំពី​ការ​ធ្វើ​ការ​កែ​ប្រែ​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គាត់ ឬ​អំពី​សេចក្ដី​ត្រូវ​ការ​រើ​ចេញ​ពី​ផ្ទះ​នៅ​ពេល​អនាគត។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា​ការ​សន្ទនា​ទាំង​នោះ​មាន​ប្រយោជន៍​ណាស់​ក្រោយ​មក។ ហេតុ​អ្វី? ពីព្រោះ​ការ​សន្ទនា​ទាំង​នោះ​ផ្ដល់​ឱកាស​ឲ្យ​ធ្វើ​គម្រោង​ដែល​មាន​ប្រយោជន៍​នៅ​ក្នុង​បរិយាកាស​ដែល​មាន​ភាព​ជិត​ស្និទ្ធ​និង​ការ​យោគ​យល់​គ្នា។ ពួក​គេ​បាន​ឃើញ​ថា​ការ​ប្ដូរ​យោបល់​គ្នា​ជា​មុន ដោយ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សប្បុរស បាន​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​ស្រួល​ជាង​ពេល​ពួក​គេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ទាំង​នោះ។ មនុស្ស​វ័យ​ចាស់​ប្រហែល​ជា​ចង់​រស់​នៅ​ដោយ​ឡែក​ពី​កូន​ឲ្យ​បាន​យូរ​បំផុត​បើ​អាចធ្វើ​បាន។ ពេល​ឪពុក​ម្ដាយ​ពិភាក្សា​ជា​មួយ​នឹង​កូន​ៗ​របស់​ពួក​គាត់​អំពី​ការ​ថែ​ទាំ​បែប​ណា​ដែល​ពួក​គាត់​ចង់​បាន នេះ​នឹង​ជួយ​គ្រប់​គ្នា​យ៉ាង​ច្រើន បើ​ការ​សម្រេច​ចិត្ត​អំពី​ការ​ថែ​ទាំ​ត្រូវ​ធ្វើ​ឡើង។

៧, ៨​. តើ​ក្រុម​គ្រួសារ​គួរ​ពិភាក្សា​គ្នា​អំពី​រឿង​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី?

៧ ឪពុក​ម្ដាយ​ទាំង​ឡាយ​អើយ ក្នុង​អំឡុង​ការ​ពិភាក្សា​បែប​នេះ សូម​ប្រាប់​ក្រុម​គ្រួសារ​របស់​អ្នក​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​អ្នក អំពី​លទ្ធភាព​របស់​អ្នក​ក្នុង​ការ​ចំណាយ​លុយ​ដើម្បី​ទទួល​ការ​ថែ​ទាំ និង​អំពី​ការ​ថែ​ទាំ​ដែល​អ្នក​ចង់​បាន។ នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ បើ​អ្នក​មិន​អាច​ធ្វើ​ដូច្នេះ។ ពួក​គេ​ទំនង​ជា​ចង់​ធ្វើ​តាម​បំណង​របស់​អ្នក ហើយ​ទុក​ឲ្យ​អ្នក​គ្រប់​គ្រង​ខ្លួន​អ្នក​ឲ្យ​បាន​ច្រើន​បំផុត។ (​អេភ. ៦:២​-​៤​) ជា​ឧទាហរណ៍ តើ​អ្នក​សង្ឃឹម​ថា​កូន​ម្នាក់​នឹង​អញ្ជើញ​អ្នក​ឲ្យ​រើ​ទៅ​រស់​នៅ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់ ឬ​តើ​អ្នក​សង្ឃឹម​លើ​អ្វី​មួយ​ផ្សេង​ទៀត? សូម​ទទួល​ស្គាល់​ការ​ពិត ហើយ​ចាំ​ថា​សមាជិក​ឯ​ទៀត​នៃ​ក្រុម​គ្រួសារ​ប្រហែល​ជា​មាន​គំនិត​ខុស​គ្នា​ពី​អ្នក។ គឺ​ត្រូវ​ការ​ពេល ដើម្បី​ឲ្យ​គ្រប់​គ្នា​កែ​តម្រូវ​គំនិត​របស់​ខ្លួន ទោះ​ជា​ឪពុក​ម្ដាយ​ឬ​កូន​ក្ដី។

៨ គ្រប់​គ្នា​គួរ​ដឹង​ថា ពួក​គេ​ប្រហែល​ជា​អាច​ជៀស​វាង​បញ្ហា​បើ​មាន​ការ​រៀបចំ​និង​ការ​ពិភាក្សា​គ្នា។ (​សុភ. ១៥:២២​) នោះ​រួម​បញ្ចូល​ការ​ពិភាក្សា​អំពី​ការ​ថែ​ទាំ​សុខភាព​និង​ចំណង់​ចំណូល​ចិត្ត។ ក្នុង​អំឡុង​ការ​ពិភាក្សា​ទាំង​នេះ ក្រុម​គ្រួសារ​គួរ​តែ​ពិភាក្សា​ព័ត៌មាន​នៅ​ក្នុង​លិខិត​ប្រគល់​សិទ្ធិ​អំណាច​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ប្រើ។ បុគ្គល​ម្នាក់​ៗ​មាន​សិទ្ធិ​ដឹង​ថា​មាន​វិធី​ព្យាបាល​ណាខ្លះ ហើយ​គាត់​មាន​សិទ្ធិ​ទទួល​យក ឬ​មិន​ទទួល​យក​វិធី​ព្យាបាល​នោះ។ លិខិត​ប្រគល់​សិទ្ធិ​អំណាច​ចែង​អំពី​បំណង​របស់​បុគ្គល​នោះ​ស្តី​អំពី​រឿង​ទាំង​នេះ។ ការ​ជ្រើស​រើស​បុគ្គល​ដែល​នឹង​ទទួល​សិទ្ធិ​អំណាច​នឹង​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​អ្នក​ទុក​ចិត្ត​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​សម្រាប់​អ្នក​បើ​ចាំ​បាច់។ មនុស្ស​វ័យ​ចាស់ អ្នក​ថែ​ទាំ​និង​បុគ្គល​ដែល​បាន​ទទួល​សិទ្ធិ​អំណាច​គួរ​តែ​មាន​លិខិត​ប្រគល់​សិទ្ធិ​អំណាច​ដែល​បាន​ត្រូវ​ថត​ចម្លង ក្នុង​ករណី​ដែល​ពួក​គេ​ត្រូវ​ការ។ អ្នក​ខ្លះ​បាន​ភ្ជាប់​លិខិត​ប្រគល់​សិទ្ធិ​អំណាច​ដែល​បាន​ត្រូវ​ថត​ចម្លង ជា​មួយ​សំបុត្រ​បណ្ដាំ​របស់​ពួក​គេ​និង​ឯកសារ​សំខាន់​ៗ​ឯ​ទៀត​ស្តី​អំពី​ការ​ធានា​រ៉ាប់រង ខាង​ធនាគារ ឈ្មោះ​អ្នក​ធ្វើ​ការ​នៅ​ក្រសួង​មន្ទីរ​ជា​ដើម។ល។

ការ​ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​ប្រែ​ប្រួល

៩, ១០​. តើ​ឪពុក​ម្ដាយ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ពី​កូន​កាន់​តែ​ច្រើន​នៅ​ពេល​ណា?

៩ ក្នុង​ករណី​ជា​ច្រើន ទាំង​អស់​គ្នា​ក្នុង​ក្រុម​គ្រួសារ​ចង់​ឲ្យ​មនុស្ស​វ័យ​ចាស់​បន្ត​គ្រប់​គ្រង​ខ្លួន​ឯង។ ពួក​គាត់​ប្រហែល​ជា​អាច​ដាំ​ស្ល សម្អាត ពិសា​ថ្នាំ​និង​ប្រាស្រ័យ​ទាក់​ទង​យ៉ាង​ល្អ។ ហេតុ​នេះ ពួក​គាត់​ធ្វើ​ឲ្យ​កូន​ៗ​ទុក​ចិត្ត​ថា​ពួក​គាត់​មិន​ចាំ​បាច់​ពឹង​ផ្អែក​ហួស​ហេតុ​ពេក​លើ​កូន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ឡើយ។ ប៉ុន្តែ កាល​ដែល​ពេល​វេលា​កន្លង​ទៅ បើ​ឪពុក​ម្ដាយ​ពិបាក​ដើរ បើ​ពួក​គាត់​មិន​អាច​ទៅ​ផ្សារ ឬ​បើ​ពួក​គាត់​ចាប់​ផ្ដើម​ភ្លេច​ខុស​ពី​ធម្មតា កូន​ៗ​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ស្រប​តាម​ស្ថានភាព​ថ្មី​នោះ។

១០ មនុស្ស​វ័យ​ចាស់​ប្រហែល​ជា​ចាប់​ផ្ដើម​ច្របូក​ច្របល់​ក្នុង​ចិត្ត ឬ​ធ្លាក់​ទឹក​ចិត្ត។ ពួក​គាត់​ប្រហែល​ជា​ចាប់​ផ្ដើម​ស្ដាប់​មិន​ឮ មើល​មិន​ឃើញ បាត់​ការ​ចង​ចាំ ឬ​ប្រហែល​មាន​ការ​ពិបាក​ប្រើ​បន្ទប់​ទឹក។ បើ​បញ្ហា​សុខភាព​ទាំង​នេះ​ខ្លះ​កើត​ឡើង ការ​ព្យាបាល​ប្រហែល​ជា​អាច​ជួយ​ពួក​គាត់។ សូម​ទៅ​ជួប​គ្រូ​ពេទ្យ​កាល​ណា​បញ្ហា​ទាំង​នោះ​ចាប់​ផ្ដើម។ កូន​ៗ​ប្រហែល​ជា​ត្រូវ​នាំ​មុខ​ក្នុង​រឿង​នេះ។ នៅ​ដំណាក់កាល​ណា​មួយ ពួក​គេ​ក៏​ប្រហែល​ជា​ត្រូវ​ចាប់​ផ្ដើម​នាំ​មុខ​ក្នុង​កិច្ច​ការ​ដែល​ឪពុក​ម្ដាយ​ធ្លាប់​ធ្វើ​ពី​មុន។ ដើម្បី​ប្រាកដ​ថា​ឪពុក​ម្ដាយ​ទទួល​ការ​ថែ​ទាំ​ដ៏​ល្អ​បំផុត កូន​ៗ​ប្រហែល​ជា​ត្រូវ​និយាយ​ជំនួស​ពួក​គាត់ ជួយ​បំពេញ​លិខិត​ផ្សេង​ៗ ជូន​ពួក​គាត់​ទៅ​ជួប​គ្រូ​ពេទ្យ​ឬ​អ្នក​ផ្សេង​ទៀត ជា​ដើម។ល។—សុភ. ៣:២៧

១១​. តើ​កូន​ៗ​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​ងាយ​ស្រួល​កែ​ប្រែ​តាម​ស្ថានភាព​របស់​ពួក​គាត់​ដែល​ប្រែ​ប្រួល?

១១ បើ​ឪពុក​ម្ដាយ​របស់​អ្នក​មាន​បញ្ហា​សុខភាព​ជាប់​ជា​និច្ច អ្នក​ប្រហែល​ជា​ត្រូវ​កែ​ប្រែ​ក្នុង​ការ​ថែ​ទាំ​ពួក​គាត់ ឬ​នៅ​ក្នុង​ផ្ទះ​ដែល​ពួក​គាត់​រស់​នៅ។ បើ​ស្ថានភាព​របស់​ពួក​គាត់​ប្រែ​ប្រួល​តែ​បន្ដិច​បន្តួច នោះ​ការ​កែ​ប្រែ​ទំនង​ជា​ងាយ​ស្រួល​ជាង។ បើ​អ្នក​រស់​នៅ​ឆ្ងាយ​ពី​ឪពុក​ម្ដាយ បើ​សាក្សី​ម្នាក់ ឬ​អ្នក​ជិត​ខាង​ម្នាក់​អាច​មក​លេង​ពួក​គាត់​ជា​ទៀង​ទាត់ ហើយ​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​ឪពុក​ម្ដាយ​របស់​អ្នក​សុខ​សប្បាយ​ឬ​យ៉ាង​ណា នោះ​ប្រហែល​ជា​គ្រប់​គ្រាន់​ហើយ។ តើ​ពួក​គាត់​ត្រូវ​ការ​ជំនួយ​តែ​ក្នុង​ការ​ដាំ​ស្ល​និង​ការ​សម្អាត​ប៉ុណ្ណោះ​ឬ? តើ​ការ​កែ​ប្រែ​បន្ដិច​បន្តួច​នៅ​ក្នុង​ផ្ទះ​ធ្វើ​ឲ្យ​ពួក​គាត់​ស្រួល​ជាង​និង​មាន​សុវត្ថិភាព​ជាង​ពេល​ដើរ ពេល​ងូត​ទឹក ជា​ដើម​ឬ​ទេ? ប្រហែល​ជា​អ្វី​ដែល​មនុស្ស​វ័យ​ចាស់​ត្រូវ​ការ​ដើម្បី​រស់​នៅ​ដោយ​ខ្លួន​ឯង គឺ​អ្នក​ដែល​មក​ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ​និង​ថែ​ទាំ​ពួក​គាត់។ ប៉ុន្តែ បើ​ពួក​គាត់​អាច​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​ពួក​គាត់​មិន​អាច​ថែ​ទាំ​ខ្លួន​ឯង​បាន នោះ​ត្រូវ​រក​វិធី​ជួយ​ពួក​គាត់​ឲ្យ​បាន​យូរ​ជាង។ ទោះ​ជា​មាន​ស្ថានភាព​បែប​ណា​ក៏​ដោយ សូម​រក​សេវា​កម្ម​ដែល​មាន​នៅ​តំបន់​របស់​ពួក​គាត់។b—សូម​អាន សុភាសិត ២១:៥

របៀប​ដែល​អ្នក​ខ្លះ​ប្រឈម​មុខ​នឹង​ការ​ពិបាក

១២, ១៣​. តើ​តាម​របៀប​ណា​កូន​ៗ​ពេញ​វ័យ​ដែល​រស់​នៅ​ឆ្ងាយ​ពី​ឪពុក​ម្ដាយ​បាន​បន្ត​គោរព​និង​ថែ​ទាំ​ពួក​គាត់?

១២ កូន​ដែល​ស្រឡាញ់​ឪពុក​ម្ដាយ ចង់​ឲ្យ​ពួក​គាត់​រស់​នៅ​ដោយ​សុខ​ស្រួល។ កាល​ណា​កូន​ៗ​ដឹង​ថា​ឪពុក​ម្ដាយ​បាន​ទទួល​ការ​ថែ​ទាំ នោះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​មួយ​កម្រិត។ ប៉ុន្តែ​ដោយ​សារ​កូន​ពេញ​វ័យ​ជា​ច្រើន​នាក់​មាន​កាតព្វកិច្ច​ឯ​ទៀត នោះ​ពួក​គេ​មិន​រស់​នៅ​ជិត​ឪពុក​ម្ដាយ​ទេ។ ក្នុង​ករណី​បែប​នេះ ពួក​គេ​ខ្លះ​បាន​ប្រើ​ពេល​វិស្សមកាល​ដើម្បី​ទៅ​លេង​និង​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គាត់ ដោយ​ធ្វើ​កិច្ច​ការ​ផ្ទះ​ដែល​ឥឡូវ​ឪពុក​ម្ដាយ​មិន​អាច​ធ្វើ​បាន។ កូន​ៗ​អាច​បង្ហាញ​ថា​ពួក​គេ​ស្រឡាញ់​ឪពុក​ម្ដាយ ដោយ​ហៅ​ទូរស័ព្ទ​ជា​ទៀង​ទាត់​ឬ​ជា​រៀង​រាល់​ថ្ងៃ សរសេរ​សំបុត្រ ឬ​ផ្ញើ​អ៊ីមែល។—សុភ. ២៣:២៤, ២៥

១៣ ទោះ​ជា​ក្រុម​គ្រួសារ​របស់​អ្នក​រស់​នៅ​ឆ្ងាយ​ពី​គ្នា​ក៏​ដោយ អ្នក​នឹង​ត្រូវ​សម្រេច​ចិត្ត​ថា​ឪពុក​ម្ដាយ​ត្រូវ​ការ​ការ​ថែ​ទាំ​បែប​ណា​ជា​រៀង​រាល់​ថ្ងៃ។ បើ​អ្នក​មិន​រស់​នៅ​ជិត​ឪពុក​ម្ដាយ ហើយ​ពួក​គាត់​ជា​សាក្សី អ្នក​អាច​និយាយ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​នៃ​ក្រុម​ជំនុំ​របស់​ពួក​គាត់ ដោយ​សុំ​យោបល់​ពី​ពួក​អ្នក​ចាស់​ទុំ​ទាំង​នោះ។ សំខាន់​បំផុត សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​ឪពុក​ម្ដាយ​របស់​អ្នក។ (​សូម​អាន សុភាសិត ១១:១៤​) ទោះ​ជា​ឪពុក​ម្ដាយ​មិន​មែន​ជា​សាក្សី​ក៏​ដោយ អ្នក​ចង់‹គោរព​ឪពុក​ម្ដាយ›របស់​អ្នក។ (​និក្ខ. ២០:១២; សុភ. ២៣:២២​) មិន​មែន​ក្រុម​គ្រួសារ​ទាំង​អស់​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដូច​គ្នា​ទេ។ ក្រុម​គ្រួសារ​ខ្លះ​រៀបចំ​ឲ្យ​ឪពុក​ឬ​ម្ដាយ​រើ​ទៅ​នៅ​ជា​មួយ ឬ​នៅ​ជិត​ពួក​គេ​ជាង។ ប៉ុន្តែ​នេះ​មិន​តែង​តែ​អាច​ធ្វើ​ទៅ​បាន​ឡើយ។ ឪពុក​ម្ដាយ​ខ្លះ​ប្រហែល​ជា​មិន​ចង់​រស់​នៅ​ជា​មួយ​កូន​ៗ​ពេញ​វ័យ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទេ។ ពួក​គាត់​ប្រហែល​ជា​ចូល​ចិត្ត​រស់​នៅ​ដោយ​ខ្លួន​ឯង ហើយ​មិន​ចង់​ទៅ​ជា​បន្ទុក​លើ​កូន​របស់​ពួក​គាត់​ឡើយ។ ឪពុក​ម្ដាយ​ខ្លះ​ប្រហែល​ជា​មាន​ធន​ធាន​ដើម្បី​បង់​ការ​ថែ​ទាំ​កាល​ដែល​រស់​នៅ​ផ្ទះ​របស់​ពួក​គាត់ ហើយ​ពួក​គាត់​ប្រហែល​ជា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ។—សាស្ដ. ៧:១២

១៤​. តើ​បញ្ហា​អ្វី​ខ្លះ​ប្រហែល​ជា​កើត​ឡើង​ដល់​បុគ្គល​ដែល​ត្រូវ​ថែ​ទាំ​ច្រើន​ជាង​គេ?

១៤ ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន ភារកិច្ច​ជា​ច្រើន​ក្នុង​ការ​ថែ​ទាំ​ធ្លាក់​ទៅ​លើ​កូន​ប្រុស​ឬ​កូន​ស្រី​ម្នាក់ ដែល​រស់​នៅ​ជិត​ឪពុក​ម្ដាយ​ជាង​គេ។ ប៉ុន្តែ បុគ្គល​ដែល​ត្រូវ​ថែ​ទាំ​ច្រើន​ជាង​គេ​គួរ​មាន​តុល្យ​ភាព​រវាង​សេចក្ដី​ត្រូវ​ការ​របស់​ឪពុក​ម្ដាយ​និង​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់។ ពេល​វេលា​និង​កម្លាំង​របស់​បុគ្គល​ម្នាក់​ៗ​គឺ​មាន​កម្រិត។ ម្យ៉ាង​ទៀត បើ​ស្ថានភាព​របស់​អ្នក​ថែ​ទាំ​ប្រែ​ប្រួល ក្រុម​គ្រួសារ​ប្រហែល​ជា​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​រៀបចំ​សព្វ​ថ្ងៃ​នេះ។ តើសមាជិក​ម្នាក់​នៃ​ក្រុម​គ្រួសារ​ប្រហែល​ជា​ទទួល​ភារកិច្ច​ច្រើន​ពេក​ឬ​ទេ? តើ​កូន​ឯ​ទៀត​អាច​ធ្វើ​អ្វី​ច្រើន​ជាង ដូច​ជា​ដាក់​វេន​គ្នា​ថែ​ទាំ​ជា​ដើម​ឬ​ទេ?

១៥​. តើ​តាម​របៀប​ណា​បុគ្គល​ដែល​ថែ​ទាំ​អាច​ជៀស​វាង​ពី​ការ​បាក់កម្លាំង?

១៥ ពេល​ឪពុក​ឬ​ម្ដាយ​វ័យ​ចាស់​មាន​សេចក្ដី​ត្រូវ​ការ​ជាប់​ជា​និច្ច បុគ្គល​ដែល​ថែ​ទាំ​អាច​បាក់កម្លាំង។ (​សាស្ដ. ៤:៦​) កូន​ៗ​ដែល​ស្រឡាញ់​ឪពុក​ម្ដាយ​ចង់​ធ្វើ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន ប៉ុន្តែ​ការ​ថែ​ទាំ​ឪពុក​ម្ដាយ​ប្រហែល​ជា​ហួស​ពី​សមត្ថភាព​របស់​ពួក​គេ។ អ្នក​ថែ​ទាំ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​នេះ ត្រូវ​ទទួល​ស្គាល់​ការ​ពិត ហើយ​អាច​សុំ​ជំនួយ។ ជំនួយ​ខ្លះ​នៅ​ពេល​ម្ដង​ម្កាល​អាច​ជួយ​អ្នក​ថែ​ទាំ​ឲ្យ​បន្ត​ថែ​ទាំ​ដោយ​មិន​ចាំ​បាច់​ឲ្យ​ឪពុក​ម្ដាយ​ទៅ​មណ្ឌល​ថែ​ទាំ​សុខភាព​ឡើយ។

១៦, ១៧​. តើ​កូន​ៗ​ប្រហែល​ជា​ប្រឈម​មុខ​នឹង​ការ​ពិបាក​អ្វី កាល​ដែល​ថែ​ទាំ​ឪពុក​ម្ដាយ​វ័យ​ចាស់ ហើយ​តើ​ពួក​គេ​អាច​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ដែរ​ប្រអប់​«​ការ​ថែ​ទាំ​ដោយ​ចិត្ត​ដឹង​គុណ​»​)។

១៦ ពេល​ឃើញ​ឪពុក​ម្ដាយ​ជា​ទី​ស្រឡាញ់​របស់​យើង​ឈឺ​ចាប់​ដោយ​សារ​ចាស់​ជរា នោះ​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត។ អ្នក​ថែ​ទាំ​ភាគ​ច្រើន​មាន​ទុក្ខ​ព្រួយ ខ្វល់​ខ្វាយ តាន​តឹង​ចិត្ត ខឹង បន្ទោស​ខ្លួន ថែម​ទាំង​មាន​អារម្មណ៍​តូច​ចិត្ត​ទៀត​ផង។ ជួនកាល ឪពុក​ឬ​ម្ដាយ​វ័យ​ចាស់​ប្រហែល​ជា​ពោល​ពាក្យ​ដែល​ធ្វើ​ឲ្យ​ឈឺ​ចិត្ត ឬ​មិន​ចេះ​អរគុណ។ បើ​នោះ​កើត​ឡើង សូម​កុំ​ប្រញាប់​អាក់​អន់​ចិត្ត។ អ្នក​ជំនាញ​ការ​ម្នាក់​ខាង​សុខភាព​ផ្លូវ​ចិត្ត​និយាយ​ថា ពេល​យើង​មាន​អារម្មណ៍​ពិបាក​ចិត្ត មុន​ដំបូង​យើង​ត្រូវ​ទទួល​ស្គាល់​អារម្មណ៍​របស់​យើង ហើយ​បន្ទាប់​មក​ព្យាយាម​មិន​បន្ទោស​ខ្លួន​ដោយ​សារ​មាន​អារម្មណ៍​បែប​នោះ។ ចូរ​និយាយ​ជា​មួយ​គូ​របស់​អ្នក សមាជិក​ម្នាក់​ទៀត​នៃ​ក្រុម​គ្រួសារ ឬ​មិត្ត​ភក្ដិ​ដែល​គួរ​ទុក​ចិត្ត​អំពី​អារម្មណ៍​របស់​អ្នក។ ការ​សន្ទនា​បែប​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អារម្មណ៍​របស់​អ្នក ហើយ​រក្សា​តុល្យ​ភាព។

១៧ ប្រហែល​ជា​ដល់​ពេល​ដែល​ក្រុម​គ្រួសារ​មួយ​គ្មាន​ធន​ធាន​ឬ​សមត្ថភាព​ដើម្បី​បន្ត​ថែ​ទាំ​បុគ្គល​ជា​ទី​ស្រឡាញ់​នៅ​ផ្ទះ​ទៀត​ទេ។ ក្រុម​គ្រួសារ​ប្រហែល​ជា​សម្រេច​ចិត្ត​ថា​បុគ្គល​ជា​ទី​ស្រឡាញ់​ត្រូវ​ការ​ការ​ថែ​ទាំ​នៅ​មណ្ឌល​ថែ​ទាំ​សុខភាព។ បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​បាន​ទៅ​លេង​ម្ដាយ​របស់​គាត់​នៅ​មណ្ឌល​ថែ​ទាំ​សុខភាព​ស្ទើរតែ​រាល់​ថ្ងៃ។ គាត់​និយាយ​អំពី​ក្រុម​គ្រួសារ​របស់​គាត់​ថា​៖ ​«​យើង​មិន​អាច​ផ្ដល់​ការ​ថែ​ទាំ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដែល​ម្ដាយ​របស់​យើង​ត្រូវ​ការ​នោះ​ឡើយ។ ការ​ទទួល​យក​ការ​ថែ​ទាំ​គាត់​នៅ​មណ្ឌល​ថែ​ទាំ​សុខភាព​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ដែល​ស្រួល​ធ្វើ​នោះ​ទេ។ គឺ​ពិបាក​ខ្លាំង​ណាស់​ខាង​ផ្លូវ​ចិត្ត។ ប៉ុន្តែ គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ប្រសើរ​បំផុត​សម្រាប់​គាត់​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ ហើយ​គាត់​បាន​ទទួល​ស្គាល់​ដូច្នេះ​»។

១៨​. តើ​អ្នក​ថែ​ទាំ​អាច​មាន​ទំនុក​ចិត្ត​អ្វី?

១៨ ភារកិច្ច​ថែ​ទាំ​ឪពុក​ម្ដាយ​កាល​ដែល​ពួក​គាត់​មាន​វ័យ​ចាស់​អាច​ស្មុគ​ស្មាញ ហើយ​ពិបាក​ខាង​ផ្លូវ​ចិត្ត។ គ្មាន​ដំណោះ​ស្រាយ​ដូច​គ្នា​សម្រាប់​ការ​ថែ​ទាំ​មនុស្ស​វ័យ​ចាស់​ទាំង​អស់​ឡើយ។ ប៉ុន្តែ ដោយ​មាន​ការ​រៀបចំ​យ៉ាង​ល្អ ការ​សហការ​ដោយ​ចេះ​គិត​អំពី​អារម្មណ៍​គ្នា ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដ៏​ល្អ ហើយ​សំខាន់​បំផុត ការ​អធិដ្ឋាន​អស់​ពី​ចិត្ត នោះ​អ្នក​អាច​បំពេញ​ភារកិច្ច​ក្នុង​ការ​គោរព​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក។ ដោយ​ធ្វើ​ដូច្នេះ អ្នក​អាច​ស្កប់​ចិត្ត​ដោយ​ដឹង​ថា​ឪពុក​ម្ដាយ​របស់​អ្នក​កំពុង​ទទួល​ការ​ថែ​ទាំ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ពួក​គាត់​ត្រូវ​ការ។ (​សូម​អាន កូរិនថូសទី១ ១៣:៤​-​៨​) សំខាន់​បំផុត អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា​អ្នក​នឹង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ពួក​អ្នក​ដែល​គោរព​ឪពុក​ម្ដាយ​របស់​ពួក​គេ។—ភី. ៤:៧

a នៅ​វប្បធម៌​ខ្លះ ជា​ការ​ធម្មតា​ដែល​ឪពុក​ម្ដាយ​រស់​នៅ​ជា​មួយ​កូន​ពេញ​វ័យ​របស់​ពួក​គាត់ ហើយ​នេះ​ប្រហែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គាត់។

b បើ​ឪពុក​ម្ដាយ​របស់​អ្នក​នៅ​តែ​រស់​នៅ​ផ្ទះ​នៅ​ឡើយ សូម​ប្រាកដ​ថា​អ្នក​ថែ​ទាំ​ដែល​គួរ​ទុក​ចិត្ត មាន​សោ​សម្រាប់​ចូល​ផ្ទះ​ឪពុក​ម្ដាយ​របស់​អ្នក​ពេល​មាន​អាសន្ន។

ការ​ថែ​ទាំ​ដោយ​ចិត្ត​ដឹង​គុណ

បង​ស្រី​ម្នាក់​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ​ឪពុក​ម្ដាយ បើ​ជិះ​ឡាន​គឺ​បួន​ម៉ោង។ បង​ស្រី​នេះ ជា​មួយ​នឹង​បង​ប្អូន​បី​នាក់​របស់​គាត់ ជួយ​ថែ​ទាំ​ឪពុក​ម្ដាយ​វ័យ​ចាស់។ ម្ដាយ​របស់​គាត់​រង​ទុក្ខ​ដោយ​ជំងឺ​ភ្លេចភ្លាំង។ បង​ស្រី​និយាយ​ថា​៖ ​«​ខ្ញុំ​កោត​ស្ងើច​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ថា​៖ ‹កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ ពីព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ សេចក្ដី​អាក្រក់​នៅ​ថ្ងៃ​នីមួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ›។ គ្មាន​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​បំបាត់​ជំងឺ​នេះ​ទេ។ គោល​ដៅ​របស់​យើង​គឺ​រាល់​ថ្ងៃ​ធ្វើ​អ្វី​ៗ​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​មាន​អារម្មណ៍​ស្រួល​និង​សប្បាយ។ ពួក​គាត់​បាន​ជួយ​យើង​យ៉ាង​ច្រើន ហើយ​ខ្ញុំ​មាន​ចិត្ត​ដឹង​គុណ​ដោយ​សារ​ខ្ញុំ​អាច​មាន​ឱកាស​ថែ​ទាំ​ពួក​គាត់​ឥឡូវ​នេះ​»។ ព្រះ​យេហូវ៉ា​ពិត​ជា​ពេញ​ចិត្ត​នឹង​ចិត្ត​គំនិត​ដូច​នេះ។—ម៉ាថ. ៦:៣៤; ទំនុក. ៦៨:១៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក