បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៥ ទំ. ១៦-២០
  • ព្រះយេហូវ៉ាពិតជាបានជួយខ្ញុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាពិតជាបានជួយខ្ញុំ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គាត់​បាន​ប្រើ​គម្ពីរ​និង​សៀវភៅ​តូច​មួយ​ព័ណ៌​ខ្មៅ
  • ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ត​ក្លាហាន
  • ​«​ចូរ​បង្ហាញ​បង​ប្អូន​ថា ប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​»​
  • ប្រពន្ធ​របស់​ខ្ញុំ​គឺ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ខ្ញុំ
  • បេតអែល​ជា​កន្លែង​សម្រាប់​រៀន​និង​បង្រៀន
  • កិច្ចបម្រើពេញពេល បាននាំឲ្យខ្ញុំមានជីវិតបែបនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចាប់តោងជាយអាវសាសន៍យូដាម្នាក់អស់៧០ឆ្នាំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ព្រឹត្ដិការណ៍ដ៏សំខាន់នៃកិច្ចបម្រើរាជាណាចក្រក្នុងជីវិតរបស់ខ្ញុំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ការភ្ញាក់ផ្អើលនិងមេរៀនដ៏អរសប្បាយពីការបម្រើព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៥ ទំ. ១៦-២០

ជីវប្រវត្ដិ

ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ជួយ​ខ្ញុំ

រៀប​រាប់​ដោយ បង​ខេណិត លីថិល

មិន​យូរ​ក្រោយ​ពី​ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឈ្មោះ​អេវលិន យើង​បាន​មក​ដល់​ក្រុង​ហ៊នផេន ជា​ក្រុង​តូច​មួយ​នៅ​កន្លែង​ដាច់​ស្រយាល​នៅ​ខេត្ត​អេនតារីយ៉ូ​ភាគ​ខាង​ជើង ប្រទេស​កាណាដា។ ព្រឹក​នោះ​ត្រជាក់​ខ្លាំង​ណាស់ ពេល​ដែល​បង​ប្រុស​មួយ​បាន​មក​ទទួល​យើង​នៅ​ស្ថានីយ​រថភ្លើង។ ក្រោយ​ពី​យើង​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​យ៉ាង​ច្រើន​ជា​មួយ​គាត់ និង​ប្រពន្ធ​ព្រម​ទាំង​កូន​ប្រុស​របស់​គាត់ យើង​ដើរ​កាត់​ព្រឹល​ពេល​យើង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពេល​រសៀល​ថ្ងៃ​នោះ នៅ​ឆ្នាំ​១៩៥៧ ខ្ញុំ​បាន​ថ្លែង​សុន្ទរកថា​ដំបូង​របស់​ខ្ញុំ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ ប៉ុន្តែ​នៅ​ឯ​កិច្ច​ប្រជុំ​នោះ មាន​មនុស្ស​តែ​ប្រាំ​នាក់​ប៉ុណ្ណោះ។ គ្មាន​អ្នក​ណា​ទៀត​បាន​មក​ទេ។

តាម​ពិត ខ្ញុំ​មិន​ខ្វល់​ទេ ដែល​មាន​មនុស្ស​តិច​ណាស់​មក​ស្ដាប់​សុន្ទរកថា​របស់​ខ្ញុំ។ តាំង​ពី​ខ្ញុំ​ជា​កុមារ ខ្ញុំ​ជា​មនុស្ស​អៀន​ខ្មាស​ច្រើន។ ខ្ញុំ​អៀន​ខ្មាស​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ខ្ញុំ​ពួន​ពី​មនុស្ស​ពេល​ពួក​គេ​មក​ផ្ទះ​របស់​យើង សូម្បី​តែ​ខ្ញុំ​ស្គាល់​ពួក​គេ​ក៏​ដោយ។

ដូច្នេះ​អ្នក​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ដោយ​ដឹង​ថា ក្នុង​ភារកិច្ច​ភាគ​ច្រើន​របស់​ខ្ញុំ​ក្នុង​អង្គការ​ព្រះ​យេហូវ៉ា ខ្ញុំ​ត្រូវ​តែ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស​ជា​ច្រើន ទាំង​មិត្ត​ភក្ដិ​ទាំង​មនុស្ស​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់។ តើ​តាម​របៀប​ណា​ដែល​មនុស្ស​អៀន​ខ្មាស​ដែល​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង អាច​ធ្វើ​ដូច្នេះ​បាន? គឺ​មិន​មែន​ដោយ​សារ​កម្លាំង​របស់​ខ្លួន​ទេ។ ព្រះ​យេហូវ៉ា​តែង​តែ​បាន​ជួយ​ខ្ញុំ​ឲ្យ​បំពេញ​ភារកិច្ច​ដែល​ខ្ញុំ​បាន​ទទួល។ លោក​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក​ដែល​ថា​៖ ​«​អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្ដាំ​ដ៏​សុចរិត​របស់​អញ​»។ (​អេ. ៤១:១០​) ជំនួយ​នេះ​ច្រើន​តែ​មក​ពី​គ្រិស្ត​សាសនិក​ឯ​ទៀត។ សូម​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​អំពី​ពួក​គេ​ខ្លះ ចាប់​តាំង​ពី​ពេល​ខ្ញុំ​នៅ​ជា​កុមារ។

គាត់​បាន​ប្រើ​គម្ពីរ​និង​សៀវភៅ​តូច​មួយ​ព័ណ៌​ខ្មៅ

គឺ​នៅ​ថ្ងៃ​មួយ​ដែល​មាន​ពន្លឺ​ព្រះអាទិត្យ​ក្នុង​ឆ្នាំ​១៩៤០ ដែល​បង​ស្រី​អេលស៊ី ហិនធីងហ្វឹត​បាន​មក​កសិដ្ឋាន​របស់​ក្រុម​គ្រួសារ​យើង​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាងលិច​នៃ​ខេត្ត​អេនតារីយ៉ូ។ ដោយ​សារ​ឪពុក​ខ្ញុំ​ជា​មនុស្ស​អៀន​ខ្មាស​ដូច​ខ្ញុំ ម្ដាយ​របស់​ខ្ញុំ​បាន​បើក​ទ្វារ។ ឪពុក​ខ្ញុំ​និង​ខ្ញុំ​បាន​អង្គុយ​ស្ដាប់​ពី​ខាង​ក្នុង​ផ្ទះ។ ឪពុក​ខ្ញុំ​គិត​ស្មានថា​បង​ហិនធីងហ្វឹត​ចង់​លក់​អ្វី​មួយ ហើយ​ចាប់​ផ្ដើម​បារម្ភ​ថា​ម្ដាយ​ខ្ញុំ​នឹង​ទិញ​វា។ ដូច្នេះ​គាត់​បាន​ទៅ​មាត់​ទ្វារ​ដើម្បី​និយាយ​ថា​យើង​មិន​ចាប់​អារម្មណ៍​ទេ។ បង​ហិនធីងហ្វឹត​បាន​សួរ​ថា​៖ ​«​តើ​អ្នក​នៅ​ទី​នេះ​មិន​ចាប់​អារម្មណ៍​រៀន​គម្ពីរ​ទេ​ឬ?​»។ ឪពុក​ខ្ញុំ​បាន​និយាយ​ថា​៖ ​«​យើង​ពិត​ជា​ចាប់​អារម្មណ៍​រៀន​គម្ពីរ​»។

ឪពុក​ម្ដាយ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ទទួល​យក​សេចក្ដី​ពិត​នៅ​ពេល​ដែល​បង​ស្រី​ហិនធីងហ្វឹត​បាន​មក​លេង​យើង។ ពួក​គាត់​ធ្លាប់​ជាប់​រវល់​ជា​ខ្លាំង​ក្នុង​វិហារ​រួប​រួម​នៃ​ប្រទេស​កាណាដា។ ប៉ុន្តែ ពួក​គាត់​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​វិហារ​នោះ។ ហេតុ​អ្វី? ដោយ​សារ​អ្នក​ដឹក​នាំ​វិហារ​បាន​ដាក់​បញ្ជី​ឈ្មោះ​របស់​ពួក​អ្នក​ដែល​ផ្ដល់​លុយ​ទៅ​វិហារ​នោះ នៅ​កន្លែង​ដែល​មនុស្ស​ទាំង​អស់​អាច​មើល​ឃើញ​បាន។ ឈ្មោះ​របស់​ឪពុក​ម្ដាយ​ខ្ញុំ​នៅ​ជិត​ចុង​បញ្ជី​នោះ ដូច្នេះ​មនុស្ស​ទាំង​អស់​ដឹង​ថា​ពួក​គាត់​បាន​ឲ្យ​លុយ​តិច​ជាង​អ្នក​ឯ​ទៀត។ ទោះ​ជា​ឪពុក​ម្ដាយ​ខ្ញុំ​មិន​មាន​លុយ​ច្រើន​ក៏​ដោយ អ្នក​ចាស់​ទុំ​ក្នុង​វិហារ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ថា​ពួក​គាត់​ត្រូវ​ឲ្យ​ច្រើន​ជាង។ មូលហេតុ​មួយ​ទៀត​ដែល​ពួក​គាត់​បាន​ចាក​ចេញ គឺ​ដោយ​សារ​អ្នក​ដឹក​នាំ​វិហារ​ម្នាក់​បាន​សារភាព​ថា​គាត់​នឹង​បាត់​បង់​ការ​ងារ​របស់​គាត់ បើ​គាត់​បង្រៀន​អ្វី​ដែល​គាត់​ពិត​ជា​ជឿ។ ដូច្នេះ យើង​បាន​ចាក​ចេញ​ពី​វិហារ​នោះ ប៉ុន្តែ​យើង​នៅ​តែ​ចង់​គោរព​ប្រណិប័តន៍​ព្រះ ហើយ​រៀន​អំពី​លោក។

នៅ​ពេល​នោះ គេ​បាន​ដាក់​បម្រាម​លើ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​កាណាដា ហើយ​ពួក​សាក្សី​មិន​អាច​ផ្សព្វ​ផ្សាយ​ដោយ​សេរី​ទេ។ ដំបូង បង​ហិនធីងហ្វឹត​បាន​បង្រៀន​យើង​ដោយ​ប្រើ​តែ​គម្ពីរ​និង​សៀវភៅ​តូច​មួយ​ព័ណ៌​ខ្មៅ​ដែល​មាន​កំណត់​របស់​គាត់​ប៉ុណ្ណោះ។ ក្រោយ​មក កាល​ដែល​គាត់​ដឹង​ថា​យើង​នឹង​មិន​ក្បត់​គាត់​ទេ គាត់​បាន​ឲ្យ​យើង​នូវ​សៀវភៅ​ផ្សេង​ទៀត​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ រាល់​លើក​ក្រោយ​ពី​យើង​សិក្សា​គម្ពីរ យើង​បាន​លាក់​សៀវភៅ​ទាំង​នេះ​ដោយ​ប្រុង​ប្រយ័ត្ន។a

បង​ហិនធីងហ្វឹត​បាន​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ខ្នះ​ខ្នែង ទោះ​ជា​មាន​ការ​ប្រឆាំង​និង​បញ្ហា​ផ្សេង​ទៀត​ក៏​ដោយ។ ចិត្ត​ខ្នះ​ខ្នែង​របស់​គាត់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ខ្ញុំ ហើយ​ខ្ញុំ​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤៨។ នៅ​ឆ្នាំ​បន្ទាប់ ពេល​ខ្ញុំ​មាន​អាយុ​១៧​ឆ្នាំ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ស្នូក​ទឹក​មួយ​ដែល​ធម្មតា​គេ​ប្រើ​សម្រាប់​សត្វ។ ក្រោយ​ពី​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ខ្ញុំ​តាំង​ចិត្ត​ធ្វើ​ជា​អ្នក​ត្រួយ​ត្រាយ​ម្នាក់។

ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ត​ក្លាហាន

ខ្ញុំ​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ភ្លាម​ៗ ដោយ​សារ​ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​ត្រូវ​រក​លុយ​ខ្លះ​ជា​មុន​សិន។ ដូច្នេះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​កន្លែង​ពីរ មួយ​នៅ​ធនាគារ ហើយ​មួយ​ទៀត​នៅ​ការិយាល័យ។ ប៉ុន្តែ​ខ្ញុំ​នៅ​ក្មេង​និង​មិន​សូវ​មាន​បទ​ពិសោធន៍​ទេ ដូច្នេះ​ខ្ញុំ​ចាយ​លុយ​ទាំង​អស់​ដែល​ខ្ញុំ​រក​បាន។ បង​ប្រុស​ម្នាក់​ឈ្មោះ ថេត សាចិន​បាន​ដាស់​តឿន​ខ្ញុំ​ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ (​១រប. ២៨:១០​) ការ​លើក​ទឹក​ចិត្ត​ដ៏​សប្បុរស​នេះ​បាន​ជួយ​ខ្ញុំ​ចាប់​ផ្ដើម​ត្រួស​ត្រាយ​នៅ​ឆ្នាំ​១៩៥១។ ខ្ញុំ​មាន​តែ​៤០​ដុល្លារ កង់​មួយ​ដែល​គេ​ធ្លាប់​ប្រើ និង​កាតាប​សៀវភៅ​ថ្មី​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​តែង​តែ​ឲ្យ​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​ពិត​ជា​ត្រូវ​ការ។ ខ្ញុំ​មាន​ចិត្ត​ដឹង​គុណ​ដែល​បង​ថេត​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ត្រួស​ត្រាយ។ មាន​អ្វី​ល្អ​ៗ​ជា​ច្រើន​បាន​កើត​ឡើង​ដោយ​សារ​ការ​សម្រេច​ចិត្ត​នោះ។

នៅ​ល្ងាច​មួយ​ក្នុង​ខែ​សីហា ឆ្នាំ​១៩៥២ ខ្ញុំ​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​បេតអែល​នៅ​ក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា។ ខ្ញុំ​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​បេតអែល​ក្នុង​ខែ​កញ្ញា។ ទោះ​ជា​ខ្ញុំ​ជា​មនុស្ស​អៀន​ខ្មាស ហើយ​មិន​ធ្លាប់​ទៅ​បេតអែល​ក្ដី ខ្ញុំ​រំភើប​ចិត្ត​ធ្វើ​ការ​នៅ​ទី​នោះ​ដោយ​សារ​ខ្ញុំ​បាន​ឮ​ព័ត៌មាន​ល្អ​ៗ​ជា​ច្រើន​អំពី​បេតអែល។ ពេល​ដែល​ខ្ញុំ​បាន​មក​ដល់ ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ស្រួល។

​«​ចូរ​បង្ហាញ​បង​ប្អូន​ថា ប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​»​

ពីរ​ឆ្នាំ​ក្រោយ​ពី​ខ្ញុំ​បាន​មក​ដល់​បេតអែល ខ្ញុំ​បាន​ទៅ​ជា​អ្នក​ទទួល​ខុស​ត្រូវ (​ដែល​ឥឡូវ​នេះ​ហៅ​ថា​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​) ក្នុង​ក្រុម​ជំនុំ​មួយ​នៅ​ក្រុង​តូរ៉ុនតូ។ ខ្ញុំ​បាន​ទទួល​ភារកិច្ច​នេះ​ជំនួស​បង​បៀ​ល យេកុស បង​ប្រុស​ម្នាក់​ដែល​ចាស់​ជាង​និង​មាន​បទ​ពិសោធន៍​ច្រើន​ជាង​ខ្ញុំ។ ខ្ញុំ​មាន​អាយុ​តែ​២៣​ឆ្នាំ​ប៉ុណ្ណោះ ហើយ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​បទ​ពិសោធន៍។ តាម​របៀប​ស្លូតបូត​និង​ដោយ​ចិត្ត​រាប​ទាប បង​យេកុស​បង្ហាញ​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ជួយ​ខ្ញុំ។

បង​យេកុស​មាន​មាឌ​ក្រអាញ ហើយ​ញញឹម​រាក់​ទាក់។ គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​ស្មោះ។ គាត់​ស្រឡាញ់​បង​ប្អូន ហើយ​ពួក​គេ​ក៏​ស្រឡាញ់​គាត់​ដែរ។ បង​យេកុស​ទៅ​លេង​ពួក​គេ​នៅ​ផ្ទះ​របស់​ពួក​គេ​ជា​ទៀង​ទាត់ មិន​គ្រាន់តែ​នៅ​ពេល​ដែល​ពួក​គេ​មាន​បញ្ហា​ប៉ុណ្ណោះ​ទេ។ គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ដូច្នេះ ហើយ​ផ្សព្វ​ផ្សាយ​ជា​មួយ​ពួក​គេ។ គាត់​បាន​និយាយ​ថា​៖ ​«​ខេណ ចូរ​បង្ហាញ​ឲ្យ​បង​ប្អូន​ឃើញ​ថា ប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​»។

ប្រពន្ធ​របស់​ខ្ញុំ​គឺ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ខ្ញុំ

ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​តាម​វិធី​ពិសេស​មួយ​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៥៧។ នៅ​ខែ​នោះ ខ្ញុំ​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​អេវលិន ដែល​ជា​អ្នក​ធ្លាប់​រៀន​នៅ​សាលា​គីលាត​ជំនាន់​ទី​១៤។ មុន​យើង​បាន​រៀប​ការ គាត់​បាន​បម្រើ​នៅ​ខេត្ត​កេបិក​ដែល​ជា​ខេត្ត​មួយ​ដែល​និយាយ​ភាសា​បារាំង។ ដោយ​សារ​សាសនា​កាតូលិក​មាន​អំណាច​ខ្លាំង​នៅ​តំបន់​នោះ អេវលិន​មាន​ការ​ពិបាក​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ។ ប៉ុន្តែ​គាត់​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​មិន​បាន​ឈប់​ផ្សព្វ​ផ្សាយ​ឡើយ។

អេវលិន​ក៏​បាន​គាំ​ទ្រ​ខ្ញុំ​ដោយ​ចិត្ត​ស្មោះ​ត្រង់​ដែរ។ (​អេភ. ៥:៣១​) ជួនកាល​នេះ​ពិបាក​ធ្វើ។ ជា​ឧទាហរណ៍ គ្រាន់តែ​មួយ​ថ្ងៃ​ក្រោយ​ពី​យើង​បាន​រៀប​ការ ការិយាល័យ​សាខា​បាន​សុំ​ខ្ញុំ​ទៅ​បេតអែល​នៅ​ប្រទេស​កាណាដា​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​មួយ​ដែល​មាន​រយៈ​ពេល​មួយ​សប្ដាហ៍។ ប៉ុន្តែ​យើង​មាន​គម្រោង​ទៅ​រដ្ឋ​ហ្ល័ររីដា សហរដ្ឋ​អាម៉េរិក​ដើម្បី​ក្រេប​ច័ន្ទ​ទឹក​ឃ្មុំ​របស់​យើង។ ដោយ​សារ​អេវលិន​និង​ខ្ញុំ​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​យើង​ធ្វើ យើង​បាន​ផ្លាស់​ប្ដូរ​គម្រោង​របស់​យើង។ ក្នុង​អំឡុង​សប្ដាហ៍​នោះ អេវលិន​បាន​ផ្សព្វ​ផ្សាយ​ជិត​ការិយាល័យ​សាខា។ ទោះ​ជាតំបន់​ផ្សព្វ​ផ្សាយ​នោះ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ខេត្ត​កេបិក​ក៏​ដោយ គាត់​បាន​ខំ​អស់​ពី​សមត្ថភាព។

នៅ​ចុង​សប្ដាហ៍​នោះ មាន​អ្វី​មួយ​ដែល​យើង​មិន​បាន​គិត​ស្មាន​បាន​កើត​ឡើង។ ខ្ញុំ​ទទួល​ភារកិច្ច​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល នៅ​ខេត្ត​អេនតារីយ៉ូ​ភាគ​ខាង​ជើង។ ខ្ញុំ​មាន​អាយុ​តែ​២៥​ឆ្នាំ ជា​ប្ដី​ទើប​នឹង​រៀប​ការ​ថ្មី​ៗ ហើយ​គ្មាន​បទ​ពិសោធន៍។ ប៉ុន្តែ​យើង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង។ យើង​បាន​ជិះ​រទេះ​ភ្លើង​ដែល​ធ្វើ​ដំណើរ​នៅ​ពេល​យប់ នៅ​ពេល​ត្រជាក់​ជាង​គេ​ក្នុង​រដូវ​ធ្លាក់​ទឹក​កក​នៅ​ប្រទេស​កាណាដា។ មាន​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ខ្លះ​ដែល​មាន​បទ​ពិសោធន៍ ដែល​ត្រឡប់​ទៅ​កន្លែង​ដែល​គាត់​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ បាន​ជិះ​រទេះ​ភ្លើង​ជា​មួយ​យើង។ ពួក​គេ​បាន​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ខ្លាំង! បង​ប្រុស​ម្នាក់​មិន​ចង់​ឲ្យ​យើង​អង្គុយ​កៅអី​មិន​ស្រួល​ពេញ​មួយ​យប់​ទេ។ ដូច្នេះ​គាត់​ទទូច​ឲ្យ​យើង​យក​បន្ទប់​របស់​គាត់​ដែល​មាន​គ្រែ។ នៅ​ព្រឹក​បន្ទាប់ យើង​បាន​ធ្វើ​ទស្សនកិច្ច​ក្រុម​តូច​នៅ​ក្រុង​ហ៊នផេន ដូច​ខ្ញុំ​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ នេះ​ជា​ភារកិច្ច​ដំបូង​របស់​យើង ហើយ​យើង​ទើប​នឹង​បាន​រៀប​ការ​តែ​១៥​ថ្ងៃ​ប៉ុណ្ណោះ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ជីវិត​របស់​យើង​មាន​ការ​ផ្លាស់​ប្ដូរ​ម្ដង​ទៀត។ នៅ​ចុង​ឆ្នាំ​១៩៦០ ពេល​ខ្ញុំ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់ ខ្ញុំ​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​មក​សាលា​គីលាត​ជំនាន់​ទី​៣៦ ដែល​ចាប់​ផ្ដើម​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​១៩៦១។ ខ្ញុំ​រំភើប​ចិត្ត​មាន​ឱកាស​ដើម្បី​រៀន​គម្ពីរ​អស់​១០​ខែ។ ប៉ុន្តែ​ខ្ញុំ​ក៏​ពិបាក​ចិត្ត​ដែរ ពីព្រោះ​អេវលិន ដូច​ប្រពន្ធ​ភាគ​ច្រើន​ឯ​ទៀត មិន​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​ចូល​រួម​ទេ។ គាត់​ត្រូវ​សរសេរ​សំបុត្រ​មួយ​ដោយ​ប្រាប់​ថា​គាត់​សុខ​ចិត្ត​នៅ​ប្រទេស​កាណាដា នៅ​ពេល​ដែល​ខ្ញុំ​ចូល​សាលា​នៅ​ក្រុង​ប៊្រុគ្លីន​រដ្ឋ​ញូវ​យ៉ក។ ទោះ​បី​ជា​គាត់​យំ​ពេល​គិត​ថា​ត្រូវ​នៅ​បែក​ពី​ខ្ញុំ​អស់​រយៈ​ពេល​យ៉ាង​យូរ​ក្ដី យើង​បាន​យល់​ស្រប​គ្នា​ថា​ខ្ញុំ​គួរ​ទៅ​សាលា​គីលាត។ អេវលិន​សប្បាយ​ដែល​ខ្ញុំ​នឹង​ទទួល​ការ​បង្ហាត់​បង្រៀន​ដែល​មាន​តម្លៃ​នេះ។

ពេល​ខ្ញុំ​នៅ​ក្រុង​ប៊្រុគ្លីន អេវលិន​បាន​ធ្វើ​ការ​នៅ​បេតអែល​ប្រទេស​កាណាដា។ គាត់​មាន​ឯកសិទ្ធិ​នៅ​បន្ទប់​ជា​មួយ​បង​ស្រី​ដែល​ជា​អ្នក​រើស​តាំង​ឈ្មោះ​ម៉ាគ្រិត ឡូវិល។ អេវលិន​និង​ខ្ញុំ​ពិត​ជា​នឹក​គ្នា​ខ្លាំង​ណាស់។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ស្រួល​ក្នុង​ភារកិច្ច​របស់​យើង។ អេវលិន​សុខ​ចិត្ត​លះ​បង់​ដើម្បី​ព្រះ​យេហូវ៉ា ហើយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្ងើចសរសើរ។

កាល​ដែល​ខ្ញុំ​បាន​នៅ​សាលា​គីលាត​តែ​បី​ខែ​ប៉ុណ្ណោះ ខ្ញុំ​បាន​ទទួល​សេចក្ដី​អញ្ជើញ​ពី​បង​ប្រុស​ណេថិន ន័រ ដែល​ពេល​នោះ​ជា​អ្នក​នាំ​មុខ​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក។ គាត់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កាណាដា​វិញ​ដើម្បី​បង្រៀន​សាលា​កិច្ច​បម្រើ​រាជាណាចក្រ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ទំនង​ជា​នឹង​មិន​ទទួល​សេចក្ដី​អញ្ជើញ​មក​សាលា​គីលាត​ម្ដង​ទៀត​ទេ បន្ទាប់​ពី​ខ្ញុំ​បង្រៀន​ចប់​នៅ​សាលា​កិច្ច​បម្រើ​រាជាណាចក្រ​នោះ​នៅ​ប្រទេស​កាណាដា។ បង​ន័រ​បាន​ពន្យល់​ថា​ខ្ញុំ​មិន​ចាំ​បាច់​ទទួល​ភារកិច្ច​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​អាច​សម្រេច​ចិត្ត​រៀន​ឲ្យ​ចប់​នៅ​សាលា​គីលាត ក្រោយ​មក​ខ្ញុំ​ប្រហែល​ជា​នឹង​ទទួល​ភារកិច្ច​នៅ​ប្រទេស​ក្រៅ​ជា​សាសនទូត។ គាត់​បាន​និយាយ​ថា ខ្ញុំ​អាច​ពិភាក្សា​ជា​មួយ​ប្រពន្ធ​ខ្ញុំ​ជា​មុន​សិន ហើយ​ក្រោយ​មក​ធ្វើ​ការ​សម្រេច​ចិត្ត។

ដោយ​សារ​ខ្ញុំ​ស្គាល់​អារម្មណ៍​របស់​អេវលិន​រួច​ហើយ ខ្ញុំ​មិន​ចាំ​បាច់​សួរ​គាត់​ទេ។ យើង​ទាំង​ពីរ​មាន​គំនិត​ថា​យើង​គួរ​ទៅ​កន្លែង​ណា​ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​ចាត់​ឲ្យ​យើង​ទៅ សូម្បី​តែ​នេះ​មិន​មែន​ជា​កន្លែង​ដែល​យើង​ចង់​ទៅ​ជាង​ក៏​ដោយ។ ដូច្នេះ ខ្ញុំ​បាន​ប្រាប់​បង​ន័រ​ភ្លាម​ថា​៖ ​«​អ្វី​ណា​ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ យើង​សប្បាយ​ចិត្ត​ធ្វើ​»។

នៅ​ខែ​មេសា ឆ្នាំ​១៩៦១ ខ្ញុំ​បាន​ត្រឡប់​ទៅ​ប្រទេស​កាណាដា​វិញ ដើម្បី​បង្រៀន​សាលា​កិច្ច​បម្រើ​រាជាណាចក្រ។ បន្ទាប់​មក អេវលិន​និង​ខ្ញុំ​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​បេតអែល​ប្រទេស​កាណាដា។ ក្រោយ​មក យើង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​ខ្ញុំ​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ជំនាន់​ទី​៤០ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៦៥។ លើក​នេះ​ដែរ អេវលិន​ត្រូវ​សរសេរ​សំបុត្រ​ថា​គាត់​សុខ​ចិត្ត​នៅ​ប្រទេស​កាណាដា​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​សាលា។ ប៉ុន្តែ​គ្រាន់តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​ខ្ញុំ​បាន​ទទួល​សេចក្ដី​អញ្ជើញ​នេះ​ប៉ុណ្ណោះ អេវលិន​ក៏​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​មក​សាលា​គីលាត​ដែរ។ យើង​សប្បាយ​ចិត្ត​ជា​ខ្លាំង!

ក្រោយ​ពី​យើង​មក​ដល់​សាលា​គីលាត បង​ន័រ​បាន​ប្រាប់​យើង​ថា យើង​នឹង​ទៅ​ទ្វីប​អាហ្វ្រិក​ជា​មួយ​នឹង​សិស្ស​ឯ​ទៀត​ដែល​កំពុង​រៀន​ភាសា​បារាំង។ យើង​ភ្ញាក់​ផ្អើល​កាល​ដែល​យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រទេស​កាណាដា​វិញ។ ខ្ញុំ​មាន​អាយុ​តែ​៣៤​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ទទួល​ភារកិច្ច​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា។ ពេល​ដែល​ខ្ញុំ​រំលឹក​បង​ន័រ​ថា​ខ្ញុំ​នៅ​ក្មេង​ណាស់ គាត់​បាន​ជួយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ជាង។ តាំង​ពី​ដំបូង ខ្ញុំ​ព្យាយាម​និយាយ​ជា​មួយ​បង​ប្អូន​ឯ​ទៀត​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ជាង​ខ្ញុំ មុន​ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​សំខាន់។

បេតអែល​ជា​កន្លែង​សម្រាប់​រៀន​និង​បង្រៀន

កាល​ដែល​ខ្ញុំ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​បេតអែល ខ្ញុំ​មាន​ឱកាស​ដ៏​ល្អ​ដើម្បី​រៀន​ពី​បង​ប្អូន​ឯ​ទៀត។ ខ្ញុំ​កោត​ស្ងើច ហើយ​គោរព​សមាជិក​ឯ​ទៀត​នៃ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា។ ខ្ញុំ​ក៏​បាន​រៀន​ច្រើន​ដែរ​ពី​បង​ប្អូន​ដ៏​ល្អ​រាប់​រយ​នាក់​ទាំង​ក្មេង​ទាំង​ចាស់ ដែល​ខ្ញុំ​បាន​ជួប​នៅ​ការិយាល័យ​សាខា​នេះ និង​នៅ​ក្រុម​ជំនុំ​ផ្សេង​ៗ​ដែល​យើង​ធ្លាប់​បម្រើ។

នៅ​បេតអែល ខ្ញុំ​ក៏​មាន​ឱកាស​ដើម្បី​បង្រៀន​និង​ជួយ​អ្នក​ឯ​ទៀត​ពង្រឹង​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ដែរ។ សាវ័ក​ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ថា​៖ ​«​ចូរ​បន្ត​ប្រព្រឹត្ត​តាម​អ្វី​ៗ​ដែល​អ្នក​បាន​រៀន​»។ ប៉ូល​ក៏​និយាយ​ដែរ​ថា​៖ ​«​សេចក្ដី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​ដោយ​មាន​ការ​បញ្ជាក់​របស់​សាក្សី​ជា​ច្រើន ចូរ​ផ្ញើ​ទុក​នឹង​បុរស​ស្មោះ​ត្រង់ រួច​ពួក​គាត់​នឹង​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​សេចក្ដី​នោះ​ដល់​អ្នក​ឯ​ទៀត​»។ (​២ធី. ២:២; ៣:១៤​) រហូត​ដល់​ឥឡូវ​នេះ ខ្ញុំ​បាន​នៅ​បេតអែល​អស់​៥៧​ឆ្នាំ​ហើយ។ បង​ប្អូន​ខ្លះ​ធ្លាប់​បាន​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ? ចម្លើយ​របស់​ខ្ញុំ​គឺ​ស្រួល: យើង​តែង​តែ​ធ្វើ​អ្វី​ដែល​អង្គការ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ ហើយ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង។

ខ្ញុំ​នៅ​ចាំ​ច្បាស់​នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​បេតអែល​ដំបូង។ ខ្ញុំ​ជា​បុរស​វ័យ​ក្មេង​អៀន​ខ្មាស ហើយ​គ្មាន​បទ​ពិសោធន៍។ ក្នុង​អំឡុង​ជា​ច្រើន​ឆ្នាំ​ទាំង​នេះ ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ។ លោក​ច្រើន​តែ​បាន​ប្រើ​បង​ប្អូន​ជា​ទី​ស្រឡាញ់​ដើម្បី​ជួយ​ខ្ញុំ​កាល​ដែល​ខ្ញុំ​ត្រូវ​ការ​ជំនួយ​ខ្លាំង​បំផុត។ តាម​របៀប​នេះ ព្រះ​យេហូវ៉ា​កំពុង​ប្រាប់​ខ្ញុំ​ថា​៖ ​«​កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង​»។—អេ. ៤១:១៣

a នៅ​ឆ្នាំ​១៩៤៥ រដ្ឋាភិបាល​ប្រទេស​កាណាដា បាន​អនុញ្ញាត​ឲ្យ​សាក្សី​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​ម្ដង​ទៀត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក