ព្រះយេហូវ៉ាជាព្រះដែលមានរបៀបរៀបរយ
«ព្រះមិនមែនជាព្រះនៃការខ្វះសណ្ដាប់ធ្នាប់ទេ តែជាព្រះនៃសេចក្ដីសុខសាន្ត»។—១កូ. ១៤:៣៣
១, ២. (ក) មុនដំបូង តើព្រះយេហូវ៉ាបានបង្កើតអ្នកណា ហើយតើព្រះយេហូវ៉ាបានប្រើលោកយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីយើងដឹងថាពួកទេវតាមានរបៀបរៀបរយ?
ព្រះយេហូវ៉ាដែលជាអ្នកបង្កើតយើង ធ្វើអ្វីទាំងអស់ដោយមានរបៀបរៀបរយ។ មុនដំបូង លោកបានបង្កើតលោកយេស៊ូដែលជាបុត្ររបស់លោក។ គម្ពីរហៅលោកយេស៊ូថា«បណ្ដាំ» ពីព្រោះលោកជាតំណាងសំខាន់បំផុតរបស់ព្រះ។ គម្ពីរចែងថា៖ «នៅដើមដំបូង មានលោកដែលហៅថាបណ្ដាំ ហើយលោកដែលហៅថាបណ្ដាំបាននៅជាមួយនឹងព្រះ»។ លោកបានបម្រើព្រះយេហូវ៉ានៅស្ថានសួគ៌អស់រាប់លានឆ្នាំ។ គម្ពីរក៏បានចែងអំពីលោកយេស៊ូដែរថា៖ «អ្វីៗទាំងអស់បានកើតមកតាមរយៈបណ្ដាំរបស់ព្រះ ហើយគ្មានអ្វីដែលមិនកើតមកតាមរយៈលោកឡើយ សូម្បីតែអ្វីមួយក៏ដោយ»។ ជាងពីរពាន់ឆ្នាំមុន ព្រះយេហូវ៉ាបានចាត់បណ្ដាំឲ្យមកផែនដីជាលោកយេស៊ូគ្រិស្តដែលជាបុរសដ៏ល្អឥតខ្ចោះ។ ដោយចិត្តស្មោះត្រង់ លោកយេស៊ូបានធ្វើអ្វីទាំងអស់ដែលបិតាលោកបានសុំឲ្យលោកធ្វើ។—យ៉ូន. ១:១-៣, ១៤
២ មុនលោកយេស៊ូមកផែនដី លោកបានបម្រើយ៉ាងស្មោះត្រង់ជា«មេជាង»របស់ព្រះ។ (សុភ. ៨:៣០) តាមរយៈលោកយេស៊ូ ព្រះយេហូវ៉ាបានបង្កើតទេវតារាប់លានរូបនៅស្ថានសួគ៌។ (កូឡ. ១:១៦) គម្ពីរប្រាប់យើងថាព្រះយេហូវ៉ាមានកងទ័ពទេវតាដែលមានរបៀបរៀបរយល្អ។ គម្ពីរចែងថា៖ «មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំងម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់»។—ដាន. ៧:១០; ទំនុក. ១០៣:២១
៣. តើមានផ្កាយប៉ុន្មាន? តើផ្កាយនិងភពផ្សេងៗបានត្រូវរៀបចំយ៉ាងដូចម្ដេច?
៣ ពេលព្រះយេហូវ៉ាបានបង្កើតសកលលោក លោកបានបង្កើតផ្កាយនិងភពផ្សេងៗជាច្រើនដែលអ្នកមិនអាចរាប់អស់ឡើយ។ តើមានផ្កាយប៉ុន្មាន? សារព័ត៌មានមួយនៅក្រុងយូស្តុន រដ្ឋតិចសាស់(Chronicle)បានរាយការណ៍ថា តាមការសិក្សាស្រាវជ្រាវថ្មីមួយ ឥឡូវនេះអ្នកវិទ្យាសាស្ត្រគិតថានៅក្នុងសកលលោកមានផ្កាយរាប់ពាន់លានឬច្រើនជាងចំនួនដែលអ្នកវិទ្យាសាស្ត្របានគណនានៅអតីតកាលបីដង។ ជាតួលេខ គឺលេខបីបន្ទាប់មកលេខសូន្យ២៣ដង! តើផ្កាយនិងភពទាំងនេះមានរបៀបរៀបចំឬទេ? មានរបៀបរៀបចំមែន ផ្កាយបានត្រូវរៀបចំជាកាឡាក់ស៊ី។ កាឡាក់ស៊ីនីមួយៗមានភពជាច្រើន ហើយមានរាប់ពាន់លាន ឬរាប់សែនលានផ្កាយ។ កាឡាក់ស៊ីភាគច្រើនបានត្រូវរៀបចំជាក្រុមផ្កាយ ហើយក្រុមផ្កាយទាំងនេះបានត្រូវរៀបចំជាក្រុមធំជាង។
៤. ហេតុអ្វីជាការសមហេតុសមផលដែលអ្នកបម្រើរបស់ព្រះនៅផែនដីមានរបៀបរៀបរយ?
៤ ទេវតានៅស្ថានសួគ៌ ផ្កាយនិងភពផ្សេងៗនៅក្នុងសកលលោកបានត្រូវរៀបចំតាមរបៀបដែលគួរឲ្យអស្ចារ្យ។ (អេ. ៤០:២៦) ដូច្នេះ យើងអាចជឿថាព្រះដែលជាអ្នកបង្កើតយើងក៏បានរៀបចំអ្នកបម្រើលោកនៅផែនដីដែរ។ គឺសំខាន់ចាំបាច់ដែលពួកគេមានរបៀបរៀបរយល្អ ពីព្រោះពួកគេមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ អស់រាប់ពាន់ឆ្នាំហើយ ព្រះយេហូវ៉ាបានរៀបចំរាស្ត្ររបស់លោកដើម្បីឲ្យពួកគេអាចគោរពប្រណិប័តន៍លោកយ៉ាងស្មោះត្រង់។ មានឧទាហរណ៍ជាច្រើនដែលបញ្ជាក់ថា លោកបាននៅជាមួយនឹងពួកគេ ហើយថាលោក«មិនមែនជាព្រះនៃការខ្វះសណ្ដាប់ធ្នាប់ទេ តែជាព្រះនៃសេចក្ដីសុខសាន្ត»។—សូមអាន កូរិនថូសទី១ ១៤:៣៣, ៤០
ព្រះបានរៀបចំរាស្ត្ររបស់លោកនៅសម័យបុរាណ
៥. តើគោលបំណងរបស់ព្រះចំពោះផែនដីបានត្រូវផ្អាកយ៉ាងដូចម្ដេច?
៥ ពេលព្រះយេហូវ៉ាបានបង្កើតមនុស្សដំបូង លោកបានប្រាប់ពួកគេថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។ (លោ. ១:២៨) ព្រះយេហូវ៉ាមិនបានបង្កើតមនុស្សរាប់លាននាក់នៅពេលតែមួយទេ។ អាដាមនិងអេវ៉ានឹងមានកូន ហើយកូនៗរបស់ពួកគេនឹងមានកូន រហូតដល់ក្រុមគ្រួសារមនុស្សមានពាសពេញផែនដី។ ព្រះមានគោលបំណងឲ្យពួកគេប្រែក្លាយផែនដីទាំងមូលទៅជាសួនឧទ្យាន។ ពេលអាដាមនិងអេវ៉ាមិនបានស្ដាប់បង្គាប់ព្រះ គោលបំណងនេះបានត្រូវផ្អាកអស់មួយរយៈពេល។ (លោ. ៣:១-៦) កូនៗភាគច្រើនរបស់អាដាមនិងអេវ៉ាមិនបម្រើព្រះយេហូវ៉ាទេ ហើយនៅពេលក្រោយមក «ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ច»។ ដោយសារអំពើអាក្រក់ទាំងអស់នេះ «ផែនដី នោះបានខូចអាក្រក់» ហើយ«ក៏មានពេញជាសេចក្ដីកាចសហ័សផង»។ ហេតុនេះ ព្រះបានសម្រេចចិត្តបំផ្លាញមនុស្សអាក្រក់ទាំងអស់ ហើយធ្វើឲ្យមានទឹកជំនន់លិចផែនដីទាំងមូល។—លោ. ៦:៥, ១១-១៣, ១៧
៦, ៧. (ក) ហេតុអ្វីព្រះយេហូវ៉ាបានសង្គ្រោះណូអេ? (សូមមើលរូបភាពនៅដើមអត្ថបទ)។ (ខ) តើអ្វីបានកើតឡើងដល់មនុស្សទាំងអស់ដែលមិនព្រមស្ដាប់ណូអេ?
៦ មិនមែនមនុស្សទាំងអស់បានត្រូវបំផ្លាញចោលដោយទឹកជំនន់ឡើយ។ ណូអេ«បានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ា» ពីព្រោះគាត់«ជាអ្នកសុចរិត»ដែលបាន«ដើរជាមួយនឹងព្រះ»។ ព្រះយេហូវ៉ាបានបង្គាប់ណូអេឲ្យសង់ទូកធំមួយ ហើយបានឲ្យគាត់នូវការណែនាំទាំងអស់ដែលគាត់ត្រូវការដើម្បីសង់ទូកធំនោះ។ (លោ. ៦:៨, ៩, ១៤-១៦) ទូកធំនោះបានត្រូវសង់ឡើងដើម្បីឲ្យអណ្ដែតលើទឹកប្រយោជន៍ឲ្យមនុស្សនិងសត្វដែលនៅក្នុងទូកអាចរួចជីវិតពីទឹកជំនន់។ ណូអេនិងក្រុមគ្រួសាររបស់គាត់បានធ្វើអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានបង្គាប់ពួកគេឲ្យធ្វើ។ ក្រោយពីពួកគេបាននាំសត្វចូលក្នុងទូក «ព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត»។—លោ. ៧:៥, ១៦
៧ ណូអេបានព្រមានមនុស្សអំពីទឹកជំនន់ ប៉ុន្តែពួកគេភាគច្រើនមិនព្រមស្ដាប់ទេ។ (២ពេ. ២:៥) នៅឆ្នាំ២៣៧០ មុនគ.ស. ទឹកជំនន់បានចាប់ផ្ដើម។ ព្រះយេហូវ៉ាបានបំផ្លាញ«គ្រប់ទាំងជីវិតទាំងឡាយ» ប៉ុន្តែលោកបានការពារជីវិតរបស់បុរសស្មោះត្រង់ណូអេ កូនប្រុសៗរបស់គាត់និងប្រពន្ធរបស់ពួកគេនៅក្នុងទូក។ (លោ. ៧:២៣) មនុស្សទាំងអស់នៅផែនដីសព្វថ្ងៃនេះកើតមកពីបុរសស្មោះត្រង់ណូអេនិងក្រុមគ្រួសាររបស់គាត់។ ប៉ុន្តែគ្មានមនុស្សណាម្នាក់ដែលមិនព្រមស្ដាប់ការព្រមានរបស់ណូអេបានរួចជីវិតពីទឹកជំនន់ឡើយ។
៨. តើតាមរបៀបណាដែលព្រះបានរៀបចំរាស្ត្ររបស់លោក ពេលលោកបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យចូលក្នុងស្រុកដែលលោកបានសន្យា?
៨ ជាង៨០០ឆ្នាំក្រោយទឹកជំនន់ ព្រះបានរៀបចំជនជាតិអ៊ីស្រាអែលឲ្យទៅជាប្រជាជាតិមួយ។ លោកបានរៀបចំគ្រប់ផ្នែកនៃជីវិតរបស់ពួកគេ ជាពិសេសអំពីរបៀបដែលពួកគេគួរគោរពប្រណិប័តន៍លោក។ ជាឧទាហរណ៍ លោកបានតែងតាំងពួកគេខ្លះជាសង្ឃនិងជាលេវី។ លោកក៏បានរៀបចំស្ត្រីខ្លះឲ្យបម្រើ«នៅមាត់ទ្វារត្រសាលជំនុំ»ដែរ។ (និក្ខ. ៣៨:៨) ក្រោយមក ព្រះយេហូវ៉ាបានបង្គាប់ឲ្យប្រជាជាតិនោះទៅរស់នៅស្រុកកាណាន។ ប៉ុន្តែជនជាតិអ៊ីស្រាអែលភាគច្រើនខ្លាច ហើយមិនព្រមទៅ ដូច្នេះលោកបានប្រាប់ពួកគេថា៖ «ឯងរាល់គ្នានឹងមិនបានចូលទៅក្នុងស្រុកនោះ ដែលអញបានស្បថថា នឹងឲ្យឯងរាល់គ្នាអាស្រ័យនៅនោះឡើយ ចូលបានតែកាលែប ជាកូនយេភូនេ នឹងយ៉ូស្វេ ជាកូននុនប៉ុណ្ណោះ»។ មានតែយ៉ូស្វេនិងកាលែបប៉ុណ្ណោះដែលបាននាំដំណឹងល្អក្រោយពីបានសង្កេតមើលស្រុកដែលព្រះបានសន្យា។ (ជន. ១៤:៣០, ៣៧, ៣៨) ក្រោយមក ព្រះយេហូវ៉ាបានតែងតាំងយ៉ូស្វេឲ្យដឹកនាំជនជាតិអ៊ីស្រាអែល។ (ជន. ២៧:១៨-២៣) មុនយ៉ូស្វេបានដឹកនាំពួកគេចូលស្រុកកាណាន ព្រះយេហូវ៉ាបានប្រាប់គាត់ថា៖ «ចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណាដែលឯងទៅផង»។—យ៉ូស. ១:៩
៩. តើរ៉ាហាបមានអារម្មណ៍យ៉ាងណាចំពោះព្រះយេហូវ៉ានិងរាស្ត្ររបស់លោក?
៩ កន្លែងណាដែលយ៉ូស្វេបានទៅ ព្រះយេហូវ៉ានៅជាមួយនឹងគាត់។ ជាឧទាហរណ៍ នៅឆ្នាំ១៤៧៣ មុនគ.ស. ជនជាតិអ៊ីស្រាអែលបានបោះជំរំនៅក្បែរក្រុងយេរីខូដែលជាក្រុងរបស់ជនជាតិកាណាន។ យ៉ូស្វេបានចាត់បុរសពីរនាក់ឲ្យទៅស៊ើបការណ៍នៅក្រុងយេរីខូ ហើយនៅទីនោះពួកគេបានជួបរ៉ាហាបជាស្ត្រីពេស្យា។ ពួកបុរសនៅក្នុងក្រុងនោះបានព្យាយាមចាប់អ្នកស៊ើបការណ៍ ប៉ុន្តែរ៉ាហាបបានលាក់ពួកគេនៅលើដំបូលផ្ទះនាង។ នាងបានប្រាប់អ្នកស៊ើបការណ៍ជាជនជាតិអ៊ីស្រាអែលថា៖ «ខ្ញុំដឹងថាព្រះយេហូវ៉ាបានប្រទានស្រុកនេះដល់អ្នករាល់គ្នាហើយ . . . ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាទ្រង់ធ្វើឲ្យទឹកសមុទ្រក្រហមរីងទៅនៅមុខអ្នករាល់គ្នា . . . ហើយពីការដែលអ្នករាល់គ្នាបានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំង២អង្គ»។ នាងបានបន្ថែមថា៖ «ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ទ្រង់ជាព្រះលើស្ថានសួគ៌ ហើយជាព្រះលើផែនដីផង»។ (យ៉ូស. ២:៩-១១) រ៉ាហាបនិងក្រុមគ្រួសាររបស់នាងបានគាំទ្រប្រជារាស្ត្រដែលព្រះយេហូវ៉ាបានជ្រើសរើស។ ក្រោយមក ពេលជនជាតិអ៊ីស្រាអែលយកបានក្រុងយេរីខូ ព្រះយេហូវ៉ាបានចាត់វិធានការដើម្បីឲ្យរ៉ាហាបនិងក្រុមគ្រួសារនាងបានរួចជីវិត។ (យ៉ូស. ៦:២៥) ស្ត្រីស្មោះត្រង់រ៉ាហាបបានគោរពព្រះយេហូវ៉ានិងអង្គការរបស់លោកយ៉ាងជ្រាលជ្រៅ។
គ្រិស្តសាសនិកដំបូងមានរបៀបរៀបរយ
១០. តើលោកយេស៊ូបានប្រាប់អ្វីដល់អ្នកដឹកនាំសាសនាយូដា ហើយហេតុអ្វីលោកបានប្រាប់អ្វីនោះដល់ពួកគេ?
១០ ពេលដែលបុរសស្មោះត្រង់យ៉ូស្វេគឺជាអ្នកដឹកនាំរបស់ពួកគេ ជនជាតិអ៊ីស្រាអែលបានទទួលជោគជ័យ ហើយវាយយកបានស្រុកកាណានពីក្រុងមួយទៅក្រុងមួយទៀត។ ប៉ុន្តែក្រោយមក អស់រយៈពេលប្រហែលជា១.៥០០ឆ្នាំ ជនជាតិអ៊ីស្រាអែលមិនបានស្មោះត្រង់ម្ដងហើយម្ដងទៀត។ ពេលលោកយេស៊ូបានមកផែនដី ជនជាតិអ៊ីស្រាអែលមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ានិងអ្នកប្រកាសទំនាយរបស់លោកដល់ម្ល៉េះបានជាលោកយេស៊ូហៅជនជាតិអ៊ីស្រាអែលដែលរស់នៅក្រុងយេរូសាឡិមថាជាអ្នកដែល«បានសម្លាប់ពួកអ្នកប្រកាសទំនាយ»។ (សូមអាន ម៉ាថាយ ២៣:៣៧, ៣៨) ព្រះយេហូវ៉ាបានបដិសេធអ្នកដឹកនាំសាសនាយូដា ដោយសារពួកគេមិនបានស្ដាប់បង្គាប់លោក។ លោកយេស៊ូបានប្រាប់ពួកគេថា៖ «រាជាណាចក្ររបស់ព្រះនឹងត្រូវដកហូតពីអ្នករាល់គ្នា ហើយប្រគល់ឲ្យប្រជាជាតិមួយដែលបង្កើតផលនៃរាជាណាចក្រនោះ»។—ម៉ាថ. ២១:៤៣
១១, ១២. (ក) តើអ្វីបញ្ជាក់ថាព្រះយេហូវ៉ាបានចាប់ផ្ដើមគាំទ្រអង្គការថ្មីមួយ ជាជាងគាំទ្រប្រជាជាតិអ៊ីស្រាអែល? (ខ) តើអ្នកណាខ្លះបានចូលរួមអង្គការថ្មីនេះ?
១១ មិនយូរប៉ុន្មានក្រោយពីលោកយេស៊ូបានមកផែនដី ព្រះយេហូវ៉ាបានបដិសេធប្រជាជាតិអ៊ីស្រាអែល។ ប៉ុន្តែ លោកនៅតែមានអង្គការមួយនៃអ្នកបម្រើដ៏ស្មោះត្រង់នៅលើផែនដី ដែលស្ដាប់បង្គាប់គ្រិស្ត ហើយធ្វើតាមសេចក្ដីបង្រៀនរបស់លោក។ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ព្រះយេហូវ៉ាបានចាប់ផ្ដើមគាំទ្រអង្គការថ្មីមួយជាជាងគាំទ្រប្រជាជាតិអ៊ីស្រាអែល។ អ្នកកាន់តាមលោកយេស៊ូប្រហែលជា១២០នាក់បានប្រជុំគ្នា «ស្រាប់តែមានសូរសំឡេងពីលើមេឃ ដូចសន្ធឹកខ្យល់បក់យ៉ាងខ្លាំង ឮពេញផ្ទះ»។ បន្ទាប់មក«ពួកគាត់ឃើញអ្វីដែលមើលទៅដូចជាអណ្ដាតភ្លើងជាច្រើនលេចមក ហើយចែកគ្នាទៅសណ្ឋិតលើពួកគាត់ម្នាក់មួយៗ រួចពួកគាត់គ្រប់គ្នាក៏បានពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ ហើយចាប់តាំងនិយាយជាភាសាផ្សេងៗ»។ (សកម្ម. ២:១-៤) ព្រឹត្ដិការណ៍ដ៏គួរឲ្យអស្ចារ្យនេះបានបង្ហាញយ៉ាងច្បាស់ថាព្រះយេហូវ៉ាកំពុងគាំទ្រអង្គការថ្មីនេះរបស់អ្នកកាន់តាមគ្រិស្ត។
១២ នៅថ្ងៃដដែលនោះ មនុស្សប្រហែលជា៣.០០០នាក់បានចូលរួមក្នុងអង្គការថ្មីរបស់ព្រះយេហូវ៉ា។ គម្ពីរក៏ចែងដែរថា៖ «ជារៀងរាល់ថ្ងៃ . . . ព្រះយេហូវ៉ាបានបន្តនាំអស់អ្នកដែលកំពុងត្រូវសង្គ្រោះឲ្យមកចូលរួមជាមួយនឹងពួកគេ»។ (សកម្ម. ២:៤១, ៤៧) អ្នកកាន់តាមលោកយេស៊ូបានទទួលជោគជ័យក្នុងកិច្ចការផ្សព្វផ្សាយដល់ម្ល៉េះបានជាគម្ពីរចែងថា៖ «បណ្ដាំរបស់ព្រះបានបន្តចម្រើនឡើង ហើយចំនួនអ្នកកាន់តាមនៅក្រុងយេរូសាឡិមក៏កើនកាន់តែច្រើនឡើងៗ»។ មនុស្សដែលមានចិត្តស្មោះជាច្រើននាក់ រួមទាំងសង្ឃជាច្រើនរូបបានទទួលយកសេចក្ដីបង្រៀនរបស់គ្រិស្ត។ (សកម្ម. ៦:៧) ក្រោយមក ពេលព្រះយេហូវ៉ាបាននាំមនុស្សដែលមិនមែនជាជនជាតិយូដាចូលមកក្នុងក្រុមជំនុំគ្រិស្តសាសនិក នេះគឺជាភ័ស្តុតាងថែមទៀតដែលបញ្ជាក់ថាលោកបានគាំទ្រអង្គការថ្មីនោះ។—សូមអាន សកម្មភាព ១០:៤៤, ៤៥
១៣. តើព្រះបានផ្ដល់កិច្ចការអ្វីដល់អង្គការថ្មីរបស់លោក?
១៣ នេះច្បាស់ជាកិច្ចការដែលព្រះបានផ្ដល់ឲ្យអ្នកកាន់តាមគ្រិស្តធ្វើ។ ពេលលោកយេស៊ូនៅផែនដី លោកបានទុកគំរូឲ្យពួកគេ។ មិនយូរក្រោយពីលោកបានទទួលការជ្រមុជទឹក លោកយេស៊ូបានចាប់ផ្ដើមផ្សព្វផ្សាយអំពី«រាជាណាចក្រស្ថានសួគ៌»។ (ម៉ាថ. ៤:១៧) លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យធ្វើកិច្ចការនេះ។ លោកក៏បានប្រាប់ពួកគេថាពួកគេនឹងធ្វើជាសាក្សីបញ្ជាក់អំពីលោក«នៅក្រុងយេរូសាឡិម នៅតំបន់យូឌាទាំងមូល នៅស្រុកសាម៉ារី និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្ម. ១:៨) តើអ្នកកាន់តាមលោកយេស៊ូបានយល់អំពីអ្វីដែលពួកគេត្រូវធ្វើឬទេ? ពួកគេបានយល់មែន! នៅពេលមួយ ប៉ូលនិងបាណាបាសបានប្រាប់ជនជាតិយូដាថាអ្នកកាន់តាមលោកយេស៊ូនឹងផ្សព្វផ្សាយដល់មនុស្សនៃប្រជាជាតិផ្សេងទៀត។ ប៉ូលនិងបាណាបាសបាននិយាយថា៖ «ព្រះយេហូវ៉ាបានបង្គាប់យើងដោយមានប្រសាសន៍ថា៖ ‹ខ្ញុំបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺបំភ្លឺប្រជាជាតិទាំងឡាយ ដើម្បីឲ្យអ្នកធ្វើជាសេចក្ដីសង្គ្រោះរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី›»។ (សកម្ម. ១៣:១៤, ៤៥-៤៧) តាំងពីសតវត្សរ៍ទី១ អង្គការរបស់ព្រះបានប្រាប់មនុស្សឯទៀតអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើដើម្បីសង្គ្រោះមនុស្សជាតិ។
អ្នកបម្រើព្រះរួចជីវិត
១៤. នៅសតវត្សរ៍ទី១ តើអ្វីបានកើតឡើងដល់ក្រុងយេរូសាឡិម ប៉ុន្តែតើអ្នកណាបានរួចជីវិត?
១៤ ជនជាតិយូដាភាគច្រើនមិនទទួលយកដំណឹងល្អអំពីលោកយេស៊ូទេ ហើយពួកគេមិនបានស្ដាប់ពេលលោកយេស៊ូបានប្រាប់ពួកគេអំពីមហន្តរាយដែលនឹងកើតឡើងដល់ក្រុងយេរូសាឡិមឡើយ។ លោកបានព្រមានអ្នកកាន់តាមលោកថា៖ «ពេលដែលអ្នករាល់គ្នាឃើញកងទ័ពបោះជំរំជុំវិញក្រុងយេរូសាឡិម ចូរដឹងថានាងជិតត្រូវបំផ្លិចបំផ្លាញហើយ។ នោះចូរឲ្យអ្នកដែលនៅតំបន់យូឌាចាប់ផ្ដើមរត់ទៅតំបន់ភ្នំ ចូរឲ្យពួកអ្នកដែលនៅក្នុងនាងចេញឲ្យឆ្ងាយ ហើយកុំឲ្យពួកអ្នកដែលនៅជនបទចូលក្នុងនាងឡើយ»។ (លូក. ២១:២០, ២១) ដូចលោកយេស៊ូបានទាយ ក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោល។ ជនជាតិយូដាបានបះបោរប្រឆាំងនឹងជនជាតិរ៉ូម ហើយនៅឆ្នាំ៦៦ គ.ស. កងទ័ពរ៉ូមបានឡោមព័ទ្ធក្រុងយេរូសាឡិម ហើយហៀបនឹងបំផ្លាញក្រុងនោះ។ ប៉ុន្តែកងទ័ពនោះស្រាប់តែចាកចេញ ហើយនោះបានបើកឱកាសឲ្យពួកអ្នកកាន់តាមលោកយេស៊ូចេញពីក្រុងយេរូសាឡិមនិងតំបន់យូឌា។ ពួកគេជាច្រើននាក់បានរត់ទៅដោយឆ្លងទន្លេយ៉ូដាន់ រួចឡើងទៅលើភ្នំ។ នៅឆ្នាំ៧០ គ.ស. កងទ័ពរ៉ូមបានត្រឡប់មកវិញ ហើយបានបំផ្លាញក្រុងយេរូសាឡិម។ តើអ្វីបានកើតឡើងដល់គ្រិស្តសាសនិក? ពួកគេបានរួចជីវិត ដោយសារពួកគេបានស្ដាប់ការព្រមានរបស់លោកយេស៊ូ។
១៥. ហេតុអ្វីមនុស្សជាច្រើនបានចូលរួមក្រុមជំនុំគ្រិស្តសាសនិក?
១៥ នៅសតវត្សរ៍ទី១ គ្រិស្តសាសនិកបានត្រូវគេបៀតបៀន ហើយជំនឿរបស់ពួកគេបានត្រូវល្បងល។ ទោះជាយ៉ាងនេះក្ដី មនុស្សច្រើននាក់ទៀតបានទៅជាគ្រិស្តសាសនិក។ (សកម្ម. ១១:១៩-២១; ១៩:១, ១៩, ២០) ហេតុអ្វីនោះបានកើតឡើង? ពីព្រោះព្រះបានឲ្យពរដល់ក្រុមជំនុំគ្រិស្តសាសនិក។—សុភ. ១០:២២
១៦. តើគ្រិស្តសាសនិកទាំងអស់នៅសតវត្សរ៍ទី១ត្រូវធ្វើអ្វីដើម្បីរក្សាជំនឿរបស់ពួកគេឲ្យបានមាំមួន?
១៦ ដើម្បីរក្សាជំនឿរបស់ពួកគេឲ្យបានមាំមួន ហើយរក្សាសាមគ្គីភាព គ្រិស្តសាសនិកទាំងអស់នៅសម័យនោះត្រូវខំព្យាយាម។ ពួកគេត្រូវសិក្សាបទគម្ពីរ ចូលរួមកិច្ចប្រជុំជាទៀងទាត់ ហើយមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ ក្រុមជំនុំមានរបៀបរៀបរយល្អ។ ពួកគេមានពួកអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើដែលបានស្ម័គ្រចិត្តជួយពួកគេ ហើយក្រុមជំនុំបានទទួលប្រយោជន៍ពីកិច្ចការនឿយហត់របស់បងប្អូនទាំងនេះ។ (ភី. ១:១; ១ពេ. ៥:១-៤) ពួកគេក៏មានទស្សនកិច្ចរបស់អ្នកធ្វើដំណើរត្រួតពិនិត្យដែរ ដូចប៉ូលជាដើម។ (សកម្ម. ១៥:៣៦, ៤០, ៤១) ពេលយើងឃើញថាការគោរពប្រណិប័តន៍របស់យើងសព្វថ្ងៃនេះគឺស្រដៀងគ្នានឹងការគោរពប្រណិប័តន៍របស់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ នេះធ្វើឲ្យយើងនឹកអស្ចារ្យក្នុងចិត្ត។ យើងដឹងគុណព្រះយេហូវ៉ាយ៉ាងខ្លាំងដែលលោកតែងតែបានរៀបចំអ្នកបម្រើរបស់លោក!a
១៧. តើអ្វីនឹងត្រូវពិចារណានៅអត្ថបទបន្ទាប់?
១៧ យើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់ ហើយមិនយូរទៀត ពិភពលោករបស់សាថាននឹងត្រូវបំផ្លាញចោល។ ទោះជាយ៉ាងនោះក្ដី ផ្នែកនៅផែនដីនៃអង្គការរបស់ព្រះកំពុងជឿនទៅមុខលឿនជាងពេលមុនៗទៅទៀត។ តើអ្នកកំពុងជឿនទៅមុខជាមួយនឹងអង្គការរបស់ព្រះយេហូវ៉ាឬទេ? អត្ថបទបន្ទាប់នឹងបង្ហាញរបៀបដែលអ្នកអាចធ្វើដូច្នេះ។
a សូមមើលអត្ថបទនៅក្នុងទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែតុលា ឆ្នាំ២០០២ដែលមានចំណងជើងថា «ជនគ្រីស្ទានថ្វាយបង្គំដោយវិញ្ញាណនិងសេចក្ដីពិត»និង«ពួកគេបន្តប្រព្រឹត្តតាមសេចក្ដីពិត»។ ដើម្បីបានព័ត៌មានថែមទៀតអំពីផ្នែកនៅផែនដីនៃអង្គការរបស់ព្រះសព្វថ្ងៃនេះ សូមមើលសៀវភៅស្តើងដែលមានចំណងជើងថា នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?