ពួកអ្នកបំរើរបស់ព្រះ—ជាមនុស្សដែលមានរបៀបរៀបរយហើយសប្បាយរីករាយ
«សាសន៍ណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ!»—ទំនុកដំកើង ១៤៤:១៥
១, ២. (ក) ហេតុអ្វីក៏ព្រះយេហូវ៉ាមានសិទ្ធិបង្កើតបមាណីយសំរាប់ពួកអ្នកបំរើរបស់ទ្រង់? (ខ) តើចរិតលក្ខណៈរបស់ព្រះយេហូវ៉ាពីរណាជាពិសេស ដែលយើងគួរត្រាប់តាមនោះ?
ព្រះយេហូវ៉ាជាព្រះមហាក្សត្រសកលលោក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាព្រះអាទិទេព។ (លោកុប្បត្តិ ១:១; ទំនុកដំកើង ១០០:៣) ដោយមានឋានៈបែបនេះ ទ្រង់មានសិទ្ធិបង្កើតបមាណីយនៃមារយាទសំរាប់ពួកអ្នកបំរើរបស់ទ្រង់ ព្រោះទ្រង់ជ្រាបនូវអ្វីៗដែលមានប្រយោជន៍ដល់គេ។ (ទំនុកដំកើង ១៤៣:៨) ហើយទ្រង់ជាមេគំរូរបស់គេ ដែលពួកគេត្រូវត្រាប់តាមគុណសម្បត្ដិទាំងឡាយរបស់ទ្រង់។ សាវកម្នាក់បានសរសេរថា៖ «ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា»។—អេភេសូរ ៥:១
២ ចរិតលក្ខណៈរបស់ព្រះដែលយើងត្រូវត្រាប់តាម គឺជាប់ទាក់ទងនឹងការមានរបៀបរៀបចំ។ ទ្រង់‹មិនមែនជាព្រះនៃសេចក្ដីវឹកវរទេ›។ (កូរិនថូសទី១ ១៤:៣៣) នៅពេលដែលយើងពិចារណាឲ្យបានដិតដល់នូវអ្វីៗដែលព្រះបានបង្កើតមក យើងត្រូវបានជំរុញឲ្យសន្និដ្ឋានថា ទ្រង់ជាឥស្សរៈបុគ្គលដែលមានរបៀបរៀបរយបំផុតនៅក្នុងសកលលោក។ យ៉ាងណាក៏ដោយ ចរិតលក្ខណៈរបស់ព្រះមួយទៀត ដែលទ្រង់ប្រាថ្នាចង់ឲ្យពួកអ្នកបំរើរបស់ទ្រង់ត្រាប់តាមនោះ គឺជាសុភមង្គលរបស់ទ្រង់ ពីព្រោះទ្រង់ជា«ព្រះដ៏សប្បាយ»។ (ធីម៉ូថេទី១ ១:១១, ពថ) ដូច្នេះ សមត្ថភាពខាងការរៀបចំរបស់ទ្រង់ ត្រូវបានថ្លឹងថ្លែងឲ្យស្មើនឹងសុភមង្គល។ ចរិតលក្ខណៈមួយមិនមានសភាពលើសលុប ដែលធ្វើឲ្យខូចខាតដល់ចរិតលក្ខណៈមួយទៀតឡើយ។
៣. តើផ្ទៃមេឃដែលមានតារាព្រោងព្រាត សម្ដែងនូវសមត្ថភាពរបស់ព្រះក្នុងការរៀបចំយ៉ាងដូចម្ដេច?
៣ របស់សព្វសារពើទាំងអស់ដែលព្រះយេហូវ៉ាបានបង្កើតមក គឺពីរបស់ដ៏ធំបំផុតរហូតដល់របស់ដ៏តូចបំផុត ផ្ដល់ទីសំអាងថាទ្រង់ជាព្រះដែលមានរបៀបរៀបចំ។ ជាឧទាហរណ៍ សូមពិចារណាអំពីសកលលោករបស់យើង។ សកលលោករបស់យើងមានតារារាប់ពាន់កោដិ។ ប៉ុន្តែតារាទាំងនោះមិនមែនរតាត់រតាយដោយគ្មានលំដាប់ឡើយ។ អ្នកបច្ចេកទេសខាងតារាវិទ្យារូបនិយមម្នាក់ឈ្មោះ ចូជ ហ្គ្រីនស្ទីន សង្កេតឃើញថា«មានការរៀបចំតារាទាំងឡាយជាបែបបទ»។ តារាទាំងនោះត្រូវបានរៀបចំឡើងជាក្រុមៗ ដែលហៅថាតារាវលី ហើយក្នុងតារាវលីខ្លះមានតារារាប់រយកោដិ។ ហើយគេស្ទង់ឃើញថា អាចមានតារាវលីរាប់រយកោដិទៅទៀត! តារាវលីទាំងឡាយក៏មានរបៀបរៀបរយដែរ។ តារាវលីមួយចំនួន (ពីចំនួនតិចតួចរហូតដល់រាប់ពាន់) ត្រូវបានដាក់ជាមួយគ្នាជាកញ្ចុំនៃតារាវលី។ ហើយកញ្ចុំតារាវលីទាំងឡាយ ក៏ត្រូវបានរៀបចំឡើងទៅជាកញ្ចុំធំៗទៀត ដែលហៅថាមហាកញ្ចុំ។—ទំនុកដំកើង ១៩:១; អេសាយ ៤០:២៥, ២៦
៤, ៥. សូមឲ្យឧទាហរណ៍អំពីការមានរបៀបរៀបចំ ក្នុងចំណោមភាវៈរស់ទាំងឡាយនៅលើផែនដីនេះ។
៤ របៀបរៀបចំដ៏ប្រសើរក្រៃលែងនៃការបង្កើតរបស់ព្រះ អាចឃើញនៅគ្រប់កន្លែង គឺមិនគ្រាន់តែនៅលើផ្ទៃមេឃទេ តែក៏មាននៅលើផែនដីនេះដែរ ដែលពោរពេញដោយភាវៈរស់ជាអនេក។ ចំពោះភាវៈរស់ទាំងនេះ ប៉ុល ដេវីស ជាសាស្ដ្រាចារ្យនៃរូបសាស្ត្របានសរសេរថា ពួកសង្កេតការណ៍មាន«សេចក្ដីស្ងើចដ៏ក្រៃលែង»ដោយសារតែ«របៀបរៀបចំដ៏អស្ចារ្យនិងដ៏ស្មុគស្មាញនៃពិភពរូបធាតុ»។—ទំនុកដំកើង ១០៤:២៤
៥ ចូរពិចារណាមើលឧទាហរណ៍ខ្លះៗនៃ«របៀបរៀបចំដ៏ស្មុគស្មាញ»ដែលឃើញមាននៅក្នុងភាវៈរស់។ វេជ្ជបណ្ឌិតខាងការវះកាត់សរសៃប្រសាទម្នាក់ឈ្មោះ ចូសែប អេវែនបានមានប្រសាសន៍អំពីខួរក្បាលនិងខួរឆ្អឹងខ្នងថា៖ «ការជាក់ស្តែងនៃរបៀបរៀបរយដ៏សម្បើមនោះ គឺគួរឲ្យស្ងើចយ៉ាងក្រៃលែង»។ ចំពោះកោសិកាដ៏តូចក្រៃលែង វេត្រាណូវិទូម្នាក់ឈ្មោះ ស្យននេស៊ី បានថ្លែងថា៖ «របៀបរៀបរយដ៏ស្មុគស្មាញនិងដ៏ស្អាតនៃពិភពអតិសុខុមប្រាណ ត្រូវបានស្ថាបនាឡើងយ៉ាងអស្ចារ្យដល់ម្ល៉េះ ដែលទាំងអស់នេះហាក់បីដូចជាផ្នែកនៃប្រព័ន្ធដែលព្រះបានតាំងឡើង»។ ហើយអ្នកជីវសាស្ត្រខាងអណូឈ្មោះ មីកែល ដិនតន់បានមានប្រសាសន៍អំពីក្រមពន្ធុវិជ្ជា (DNA) នៅក្នុងកោសិកាថា៖ «វាមានប្រសិទ្ធិភាពដល់ម្ល៉េះដែលគ្រប់ពត៌មានទាំងអស់ . . . ដែលត្រូវការជាចាំបាច់ដើម្បីបញ្ជាក់ពីការគូរប្លង់នៃភាវៈរស់ទាំងអស់នៅលើផែនដីនេះ . . . អាចដាក់នៅលើស្លាបព្រាតូចមួយបាន ហើយនៅមានកន្លែងសល់សំរាប់ដាក់ពត៌មានពីសៀវភៅដែលបានសរសេរមកទាំងអស់ទៀតផង»។—សូមមើល ទំនុកដំកើង ១៣៩:១៦
៦, ៧. តើការរៀបចំអ្វីដែលបានបញ្ចេញឲ្យឃើញមកក្នុងចំណោមបុគ្គលវិញ្ញាណទាំងឡាយ ហើយតើពួកគេសម្ដែងអំណរគុណដល់អ្នកបង្កើតរបស់គេយ៉ាងដូចម្ដេច?
៦ ព្រះយេហូវ៉ាមិនគ្រាន់តែមានរបៀបរៀបរយចំពោះរូបធាតុប៉ុណ្ណោះទេ ទ្រង់ក៏មានរបៀបរៀបរយចំពោះបុគ្គលវិញ្ញាណរបស់ទ្រង់នៅក្នុងស្ថានសួគ៌ដែរ។ ដានីយ៉ែល ៧:១០ ប្រាប់យើងថា ពួកទេវតា‹ទាំងម៉ឺនទាំងសែនក៏ឈរនៅចំពោះព្រះយេហូវ៉ា›។ បុគ្គលវិញ្ញាណដ៏ខ្លាំងក្លាមួយរយលាននាក់បានមកគាល់នៅចំពោះទ្រង់ ហើយម្នាក់ៗបានចាត់ឲ្យមានការធ្វើដ៏ត្រឹមត្រូវ! ជាការគួរឲ្យហួសនិស្ស័យណាស់ ក្នុងការគិតអំពីសមត្ថភាពរៀបចំនូវចំនួនជាច្រើនក្រៃលែងបែបនេះ។ ព្រះគម្ពីរថ្លែងយ៉ាងសមរម្យថា៖ «ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកទេវតារបស់ទ្រង់អើយ ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំង ហើយក៏ប្រតិបត្ដិតាមបង្គាប់ទ្រង់ ដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់។ ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកពលបរិវាររបស់ទ្រង់អើយ ជាពួកអ្នកបំរើទ្រង់ដែលធ្វើតាមព្រះហឫទ័យ»។—ទំនុកដំកើង ១០៣:២០, ២១; វិវរណៈ ៥:១១
៧ កិច្ចការរបស់ព្រះអាទិទេពបានរៀបចំមកយ៉ាងអស្ចារ្យហើយមានប្រសិទ្ធភាពម្ល៉េះហ្ន៎! មិនជាការភ្ញាក់ផ្អើលទេ ពេលដែលបុគ្គលវិញ្ញាណដ៏ខ្លាំងក្លានៅក្នុងវិស័យស្ថានសួគ៌ បានប្រកាសយ៉ាងស្ញប់ស្ញែងហើយយ៉ាងរាបទាបថា៖ «ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្ដិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។—វិវរណៈ ៤:១១
៨. តើឧទាហរណ៍ណាដែលបង្ហាញថា ព្រះយេហូវ៉ារៀបចំអ្នកបំរើរបស់ទ្រង់នៅលើផែនដីនេះ?
៨ ព្រះយេហូវ៉ាក៏រៀបចំពួកអ្នកបំរើរបស់ទ្រង់នៅលើផែនដីឲ្យមានរបៀបរៀបរយដែរ។ នៅពេលដែលទ្រង់បានធ្វើឲ្យមានទឹកជំនន់នៅជំនាន់លោកណូអេ ក្នុងឆ្នាំ២៣៧០ ម.ស.យ. លោកណូអេនិងបុគ្គលប្រាំពីរនាក់ទៀតបានរួចរស់ជីវិតពីទឹកជំនន់ ជាអង្គការនៃគ្រួសារមួយ។ ក្នុងការចេញដំណើរនៅឆ្នាំ១៥១៣ ម.ស.យ. ព្រះយេហូវ៉ាបាននាំប្រជារាស្ត្ររបស់ទ្រង់ពីរបីលាននាក់ចេញពីសេវកភាពនៃពួកអេស៊ីព្ទ ហើយបានប្រទានឲ្យច្បាប់ដែលបានរៀបរាប់យ៉ាងល្អិតល្អន់ទៅគេ ដើម្បីគ្រប់គ្រងលើកិច្ចការប្រចាំថ្ងៃនិងការថ្វាយបង្គំរបស់គេ។ ហើយក្រោយមក នៅក្នុងស្រុកទេសដែលបានសន្យាឲ្យនោះ ពួកគេរាប់ពាន់នាក់ត្រូវបានរៀបចំឡើងសំរាប់កិច្ចបំរើដ៏ពិសេសនៅក្នុងព្រះវិហារ។ (របាក្សត្រទី១ ២៣:៤, ៥) នៅក្នុងសតវត្សទីមួយ ក្រុមជំនុំគ្រីស្ទានត្រូវបានរៀបចំឡើងនៅក្រោមសេចក្ដីណែនាំរបស់ព្រះ៖ «ទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ»។—អេភេសូរ ៤:១១, ១២
ពួកអ្នកបំរើនៅសម័យថ្មីក៏មានរបៀបរៀបរយដែរ
៩, ១០. តើតាមរបៀបណា ដែលព្រះយេហូវ៉ាបានរៀបចំប្រជារាស្ត្ររបស់ទ្រង់នៅសម័យយើងនេះ?
៩ ស្រដៀងគ្នានោះដែរ ព្រះយេហូវ៉ាបានរៀបចំពួកអ្នកបំរើរបស់ទ្រង់នៅសម័យនេះឲ្យមានរបៀបរៀបរយ ដើម្បីឲ្យកិច្ចការរបស់គេអាចមានប្រសិទ្ធិភាពនៅសម័យយើងនេះ—គឺការផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ទ្រង់ មុននឹងទ្រង់កំទេចចោលរបបដែលមិនគោរពព្រះនៅបច្ចុប្បន្ននេះ។ (ម៉ាថាយ ២៤:១៤) សូមពិចារណាអំពីអ្វីៗដែលទាក់ទងនឹងកិច្ចការផ្សាយទូទាំងពិភពលោកនេះ និងសារៈសំខាន់នៃការមានរបៀបរៀបរយល្អ។ បុរស ស្ត្រី និងកូនក្មេងរាប់លាននាក់កំពុងតែហ្វឹកហ្វឺន ដើម្បីឲ្យចេះបង្រៀនសេចក្ដីពិតពីព្រះគម្ពីរដល់អ្នកដទៃ។ ដើម្បីជួយគាំទ្រដល់ការហ្វឹកហ្វឺននេះ ព្រះគម្ពីរនិងប្រកាសនវត្ថុព្រះគម្ពីរត្រូវបានបោះពុម្ពចេញជាច្រើន។ ឥឡូវនេះទស្សនាវដ្ដីប៉មយាមគ្រប់លេខត្រូវបានបោះពុម្ពចេញជាង១៦លានក្បាល ក្នុង១១៨ភាសា ហើយទស្សនាវដ្ដីភ្ញាក់រឭក!ត្រូវបានបោះពុម្ពប្រមាណ១៣លានក្បាល ក្នុង៧៣ភាសា។ ទស្សនាវដ្ដីនេះត្រូវបានបោះពុម្ពចេញដំណាលគ្នាស្ទើរតែគ្រប់លេខ ដើម្បីឲ្យអ្នកបំរើព្រះយេហូវ៉ាទាំងអស់ទទួលយកពត៌មានដូចៗគ្នា ហើយនៅពេលដំណាលគ្នាដែរ។
១០ បន្ថែមទៀត ក្រុមជំនុំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាមានជាង៧៣.០០០នៅពាសពេញពិភពលោក ត្រូវបានរៀបចំឡើងដើម្បីឲ្យស្មរបន្ទាល់មកជួបជុំគ្នារៀនព្រះគម្ពីរយ៉ាងទៀងទាត់។ (ហេព្រើរ ១០:២៤, ២៥) ហើយមានពិធីប្រជុំធំៗរាប់ពាន់ទៀត—ជារៀងរាល់ឆ្នាំមានសន្និបាតតាមមណ្ឌល និងមហាសន្និបាតតាមតំបន់។ នៅពាសពេញពិភពលោក មានការសង់ជាថ្មីឬជួសជុលសាលព្រះរាជាណាចក្រ សាលសន្និបាត គេហដ្ឋានបេតអែល ព្រមទាំងគ្រឹះស្ថានផ្សេងៗសំរាប់បោះពុម្ពប្រកាសនវត្ថុព្រះគម្ពីរ។ ហើយមានសាលាផ្សេងៗសំរាប់បង្វឹកបង្វឺនគ្រូបង្រៀនព្រះគម្ពីរ ដូចជាសាលាគីលាតខាងព្រះគម្ពីរនិងប៉មយាមសំរាប់ពួកសាសនទូត និងសាលាសំរាប់អ្នកត្រួសត្រាយពេញពេល ដែលបានបង្រៀនក្នុងប្រទេសផ្សេងៗនៅជុំវិញផែនដី។
១១. តើយើងអាចទទួលផលប្រយោជន៍អ្វីនៅអនាគត បើមានរបៀបរៀបរយល្អឥឡូវនេះ?
១១ ព្រះយេហូវ៉ាបានរៀបចំប្រជារាស្ត្ររបស់ទ្រង់នៅលើផែនដីបានយ៉ាងប្រសើរមែន ក្នុងការ‹សម្រេចកិច្ចបំរើរបស់គេឲ្យបានពេញលេញ›ដែលត្រូវបានជួយផ្គត់ផ្គង់ពីពួកទេវតារបស់ទ្រង់! (ធីម៉ូថេទី២ ៤:៥; ហេព្រើរ ១:១៣, ១៤; វិវរណៈ ១៤:៦) ដោយបង្រៀនពួកអ្នកបំរើរបស់ទ្រង់ឲ្យមានរបៀបរៀបរយល្អឥឡូវនេះ ព្រះទ្រង់កំពុងតែសម្រេចគោលបំណងមួយទៀត។ ពួកអ្នកបំរើរបស់ទ្រង់កំពុងតែរៀបចំបានយ៉ាងប្រសើរ ពីព្រោះនៅពេលដែលគេរួចរស់ជីវិតពីទីបញ្ចប់នៃរបបសម័យនេះ ពួកគេបានរៀបចំជាស្រេចដើម្បីនឹងចាប់ផ្ដើមជីវភាពនៅក្នុងពិភពលោកថ្មី។ បន្ទាប់មក តាមវិធីដែលមានរបៀបរៀបរយ ក្រោមការណែនាំរបស់ព្រះយេហូវ៉ា ពួកគេនឹងចាប់ផ្ដើមកសាងទីមនោរម្យនៅក្នុងពិភពលោក។ ពួកគេក៏នឹងបានរៀបចំខ្លួនបានយ៉ាងប្រសើរ ដើម្បីនឹងបង្រៀនសេចក្ដីតម្រូវដ៏ល្អិតល្អន់របស់ព្រះទៅមនុស្សរាប់កោដិនាក់ ដែលនឹងប្រោសឲ្យរស់ឡើងវិញពីសេចក្ដីស្លាប់។—អេសាយ ១១:៩; ៥៤:១៣; កិច្ចការ ២៤:១៥; វិវរណៈ ២០:១២, ១៣
មានរបៀបរៀបរយតែនៅមានចិត្តសប្បាយ
១២, ១៣. ហេតុអ្វីក៏យើងអាចនិយាយថា ព្រះយេហូវ៉ាប្រាថ្នាចង់ឲ្យប្រជារាស្ត្ររបស់ទ្រង់សប្បាយរីករាយ?
១២ ថ្វីបើព្រះយេហូវ៉ាជាអ្នកធ្វើការដ៏អស្ចារ្យហើយជាអ្នករៀបចំដ៏ប្រសើរក្រៃលែងក្ដី តែទ្រង់មិនមែនគ្មានសេចក្ដីមេត្ដា តឹងរ៉ឹង ឬធ្វើអ្វីដោយគ្មានគិតនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ជាឥស្សរៈបុគ្គលដែលកក់ក្ដៅនិងសប្បាយ ដែលយកព្រះទ័យទុកដាក់នឹងសុភមង្គលរបស់យើង។ ពេត្រុសទី១ ៥:៧ ថ្លែងថា៖ «ទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា»។ យើងអាចឃើញការយកព្រះទ័យទុកដាក់នេះ និងការចង់ឲ្យពួកអ្នកបំរើរបស់ទ្រង់មានចិត្តសប្បាយរីករាយ ក្នុងអ្វីៗដែលទ្រង់បានធ្វើឲ្យមនុស្សលោក។ ជាឧទាហរណ៍ នៅពេលដែលព្រះបានបង្កើតបុរសនិងស្ត្រីដ៏ល្អឥតខ្ចោះ ទ្រង់បានដាក់ពួកគេក្នុងសួនមនោរម្យដែលជាទីកំសាន្តចិត្តមួយ។ (លោកុប្បត្តិ ១:២៦-៣១; ២:៨, ៩) ទ្រង់បានប្រទានឲ្យគេនូវរបស់របរគ្រប់សព្វ ដើម្បីឲ្យគេមានចិត្តសប្បាយរីករាយជាខ្លាំង។ ប៉ុន្តែពួកគេបានបាត់បង់របស់ទាំងនេះ ដោយសារតែការបះបោរ។ ជាលទ្ធផលនៃអំពើបាបរបស់គេ យើងមានភាពមិនល្អឥតខ្ចោះតាំងពីកំណើតព្រមទាំងសេចក្ដីស្លាប់ផង។—រ៉ូម ៣:២៣; ៥:១២
១៣ ថ្វីបើឥឡូវនេះយើងមានភាពមិនល្អឥតខ្ចោះក្ដី យើងក៏អាចរកសុភមង្គលបាន ក្នុងអ្វីៗដែលទ្រង់បានបង្កើតមកដែរ។ គឺមានរបស់ជាច្រើនណាស់ដែលធ្វើឲ្យយើងមានការសប្បាយរីករាយ ដូចជា—ភ្នំធំៗទាំងឡាយ បឹងដ៏សោភ័ណ ទន្លេនានា មហាសមុទ្រ និងឆ្នេរខ្សាច់ បុប្ផាពណ៌ឆើតឆាយដែលមានក្លិនក្រអូបជាច្រើន និងតិណជាតិគ្រប់បែបយ៉ាង ម្ហូបអាហារឈ្ងុយឆ្ងាញ់ដែលមានជាបរិបូរ ថ្ងៃលិចដ៏អស្ចារ្យដែលយើងមើលមិនចេះធុញ ផ្ទៃមេឃដែលមានផ្កាយព្រោងព្រាត ដែលយើងចូលចិត្តសម្លឹងមើលនៅពេលយប់ សត្វទាំងឡាយដែលមានគ្រប់ប្រភេទ និងកូនរបស់វាដែលយើងចូលចិត្តមើលការប្រឡែងលេងរបស់វា តន្ត្រីដែលគួរឲ្យចាប់អារម្មណ៍ កិច្ចការគួរឲ្យចង់ធ្វើនិងមានប្រយោជន៍ ព្រមទាំងមិត្តដ៏ល្អជាច្រើន។ ជាការច្បាស់ណាស់ បុគ្គលដែលបានចាត់ចែងរបស់បែបនេះ គឺជាបុគ្គលដែលមានព្រះទ័យសប្បាយ ហើយចូលចិត្តធ្វើឲ្យអ្នកដទៃសប្បាយរីករាយដែរ។
១៤. តើព្រះយេហូវ៉ាប្រាថ្នាចង់ឲ្យយើងមានការចេះថ្លឹងថ្លែងអ្វី ក្នុងការត្រាប់តាមទ្រង់?
១៤ ដូច្នេះហើយ ការរៀបចំដែលគ្រាន់តែមានប្រសិទ្ធិភាព មិនមែនជាអ្វីដែលព្រះយេហូវ៉ាប្រាថ្នាចង់បានទេ។ ទ្រង់ក៏ប្រាថ្នាចង់ឲ្យពួកអ្នកបំរើរបស់ទ្រង់សប្បាយរីករាយ ដូចទ្រង់ដែរ។ ទ្រង់មិនចង់ឲ្យពួកគេរៀបចំអ្វីៗដ៏មានរបៀបរៀបរយហួសហេតុពេក រហូតដល់ថ្នាក់ធ្វើឲ្យបាត់បង់នូវសុភមង្គលរបស់គេនោះទេ។ ពួកអ្នកបំរើរបស់ទ្រង់ត្រូវចេះថ្លឹងថ្លែងជំនាញខាងការរៀបចំរបស់គេជាមួយនឹងសុភមង្គល ឲ្យដូចទ្រង់ដែរ ដ្បិតទីណាមានព្រះវិញ្ញាណបរិសុទ្ធដ៏ខ្លាំងក្លារបស់ទ្រង់ ទីនោះក៏មានអំណរដែរ។ ពិតហើយ កាឡាទី ៥:២២ បង្ហាញថាផលផ្លែទីពីររបស់ព្រះវិញ្ញាណបរិសុទ្ធដែលកំពុងតែប្រតិបត្ដិក្នុងប្រជារាស្ត្ររបស់ទ្រង់នោះ គឺ«អំណរអរ»។
សេចក្ដីស្រឡាញ់ធ្វើឲ្យមានសុភមង្គល
១៥. ហេតុអ្វីក៏សេចក្ដីស្រឡាញ់សំខាន់ដល់ម្ល៉េះចំពោះសុភមង្គលរបស់យើង?
១៥ ជាការគួរឲ្យចាប់អារម្មណ៍ដែរ ក្នុងការកត់សម្គាល់ពីសេចក្ដីដែលព្រះគម្ពីរចែងថា៖ «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨, ១៦) ព្រះគម្ពីរមិនដែលចែងថា៖ «ព្រះទ្រង់ជា របៀបរៀបចំ»នោះទេ។ សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិដ៏ឧត្តមរបស់ទ្រង់ ហើយពួកអ្នកបំរើរបស់ទ្រង់ត្រូវតែត្រាប់តាម។ ដូច្នេះហើយបានជាផលផ្លែទីមួយនៃព្រះវិញ្ញាណរបស់ព្រះ ដែលបានរៀបរាប់នៅកាឡាទី ៥:២២ ជា«សេចក្ដីស្រឡាញ់»ដោយមាន«អំណរអរ»ជាបន្ទាប់។ សេចក្ដីស្រឡាញ់ធ្វើឲ្យមានអំណរអរ។ នៅពេលដែលយើងត្រាប់តាមសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាក្នុងការប្រព្រឹត្តជាមួយអ្នកដទៃ សុភមង្គលនឹងមានជាបន្ទាប់ ដ្បិតមនុស្សដែលមានសេចក្ដីស្រឡាញ់ជាមនុស្សដែលសប្បាយរីករាយ។
១៦. តើព្រះយេស៊ូវបានសម្ដែងនូវសារៈសំខាន់នៃសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច?
១៦ សារៈសំខាន់ក្នុងការត្រាប់តាមសេចក្ដីស្រឡាញ់របស់ព្រះ អាចឃើញយ៉ាងច្បាស់ក្នុងការបង្រៀនរបស់ព្រះយេស៊ូវ។ ទ្រង់បានមានបន្ទូលថា៖ «ខ្ញុំនិយាយសេចក្ដីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំ»។ (យ៉ូហាន ៨:២៨) ជាពិសេស តើអ្វីទៅដែលព្រះបានបង្រៀនព្រះយេស៊ូវ ដែលរួចមកទ្រង់បានបង្រៀនដល់អ្នកដទៃនោះ? នោះជាបទបញ្ជាដ៏សំខាន់ពីរប្រការ គឺឲ្យស្រឡាញ់ព្រះនិងស្រឡាញ់អ្នកជិតខាងរបស់ខ្លួន។ (ម៉ាថាយ ២២:៣៦-៣៩) ព្រះយេស៊ូវបានធ្វើជាគំរូដ៏ល្អក្នុងការសម្ដែងសេចក្ដីស្រឡាញ់បែបនេះ។ ទ្រង់បានមានបន្ទូលថា៖ ‹ខ្ញុំស្រឡាញ់ដល់ព្រះវរបិតា› ហើយទ្រង់បានបញ្ជាក់ឲ្យឃើញពីការនេះ ដោយបានធ្វើតាមរាជបំណងរបស់ព្រះរហូតដល់មរណភាព។ ហើយទ្រង់បានសម្ដែងសេចក្ដីស្រឡាញ់ដល់មនុស្សដោយទទួលមរណភាពសំរាប់ពួកគេ។ សាវកប៉ុលបានប្រាប់ពួកជនគ្រីស្ទាននៅក្រុងអេភេសូរថា៖ ‹ព្រះគ្រីស្ទបានស្រឡាញ់អ្នករាល់គ្នា ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសអ្នករាល់គ្នាផង›។ (យ៉ូហាន ១៤:៣១; អេភេសូរ ៥:២) ដូច្នេះហើយបានជាព្រះយេស៊ូវបានមានបន្ទូលប្រាប់អ្នកកាន់តាមទ្រង់ថា៖ «នេះជាសេចក្ដីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ»។—យ៉ូហាន ១៥:១២, ១៣
១៧. តើតាមរបៀបណាដែលប៉ុលបានបង្ហាញថា ការសម្ដែងសេចក្ដីស្រឡាញ់ដល់អ្នកដទៃជាការសំខាន់ដ៏ជីវិតសម្ព័ន្ធ?
១៧ ប៉ុលបានសម្ដែងថាសេចក្ដីស្រឡាញ់របស់ព្រះជាការសំខាន់ដ៏ជីវិតសម្ព័ន្ធ ដោយមានប្រសាសន៍ថា៖ «ទោះបើខ្ញុំចេះនិយាយ ជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន នឹងភាសារបស់ពួកទេវតាផង តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹងដែលឮទ្រហឹងប៉ុណ្ណោះ បើខ្ញុំចេះអធិប្បាយ ហើយស្គាល់អស់ទាំងសេចក្ដីអាថ៌កំបាំង នឹងគ្រប់ទាំងចំណេះវិជ្ជា ហើយបើខ្ញុំមានគ្រប់ទាំងសេចក្ដីជំនឿល្មមនឹងឲ្យភ្នំរើចេញបាន តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំមានជាអ្វីទេ បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្ដិខ្ញុំជាអាហារដល់គេ ហើយបើខ្ញុំ ប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្ដីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ។ . . . ឥឡូវនេះ នៅមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម នឹងសេចក្ដីស្រឡាញ់ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រឡាញ់»។—កូរិនថូសទី១ ១៣:១-៣, ១៣
១៨. តើយើងអាចសង្ឃឹមថាព្រះយេហូវ៉ានឹងធ្វើអ្វី ដែលធ្វើឲ្យយើងមានសុភមង្គលថែមទៀតនោះ?
១៨ នៅពេលដែលយើងត្រាប់តាមសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា យើងអាចទុកចិត្តបានថា ទ្រង់នឹងស្រឡាញ់យើងវិញ ថ្វីបើជួនកាលយើងធ្វើខុសក្ដី។ ពីព្រោះ«ព្រះទ្រង់មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ»។ (និក្ខមនំ ៣៤:៦) បើសិនជាយើងប្រែចិត្តយ៉ាងស្មោះ នៅពេលដែលយើងធ្វើខុសនោះ ព្រះនឹងមិនយកកំហុសទាំងនេះមកទុកជាគំនុំគុំគួនទេ ប៉ុន្តែទ្រង់នឹងអត់ឱនទោសឲ្យយើងដោយសេចក្ដីស្រឡាញ់វិញ។ (ទំនុកដំកើង ១០៣:១-៣) ត្រូវហើយ «ព្រះ[យេហូវ៉ា]ទ្រង់មានព្រះហឫទ័យមេត្ដាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ»។ (យ៉ាកុប ៥:១១) ការដឹងអំពីរឿងនេះនឹងបណ្ដាលឲ្យយើងមានសុភមង្គល។
សុភមង្គលមានល័ក្ខខ័ណ្ឌឥឡូវនេះ
១៩, ២០. (ក) ហេតុអ្វីបានជាយើងពុំអាចមានសុភមង្គលពេញលេញឥឡូវនេះ? (ខ) តើតាមរបៀបណាដែលព្រះគម្ពីរបង្ហាញថា យើងអាចមានសុភមង្គលដោយមានល័ក្ខខ័ណ្ឌនៅគ្រានេះ?
១៩ ប៉ុន្តែ តើយើងអាចមានការសប្បាយរីករាយនៅសព្វថ្ងៃនេះទេ ដោយរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់ នៅក្រោមការគ្រប់គ្រងរបស់សាតាំងដែលមានពេញទៅដោយបទឧក្រិដ្ឋ អំពើឃោរឃៅនិងអសីលធម៌ ដែលយើងជួបប្រទះតែជំងឺនិងសេចក្ដីស្លាប់នោះ? ពិតមែនហើយ ឥឡូវនេះយើងមិនអាចសង្ឃឹមឲ្យមានសុភមង្គលរហូតដល់កម្រិតដែលនឹងមាននៅក្នុងពិភពលោកថ្មីរបស់ព្រះនោះទេ ដូចជាព្រះបន្ទូលរបស់ទ្រង់ទាយទុកមកថា៖ «ដ្បិតមើល! អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ហើយរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។ ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាប ចំពោះការដែលអញបង្កើតនោះ»។—អេសាយ ៦៥:១៧, ១៨
២០ ឥឡូវនេះពួកអ្នកបំរើរបស់ព្រះអាចមានសុភមង្គលមានល័ក្ខខ័ណ្ឌ ពីព្រោះពួកគេដឹងនូវរាជបំណងរបស់ទ្រង់និងមានតម្រិះវិជ្ជាដ៏ពិតអំពីប្រសិទ្ធិពរដ៏អស្ចារ្យ ដែលនឹងមាននៅក្នុងពិភពលោកថ្មីជាទីមនោរម្យក្នុងពេលឆាប់ៗនេះ។ (យ៉ូហាន ១៧:៣; វិវរណៈ ២១:៤) ហេតុនេះហើយបានជាព្រះគម្ពីរអាចចែងថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ មនុស្សណាដែលទុកចិត្តនឹងទ្រង់ នោះមានពរហើយ» «មានពរហើយអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ា ជាពួកអ្នកដែលដើរតាមផ្លូវរបស់ទ្រង់» «មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងបានផែនដីជាមរដក»។ (ទំនុកដំកើង ៨៤:១២; ១២៨:១; ម៉ាថាយ ៥:៥) ដូច្នេះ ថ្វីបើមានកាលៈទេសៈដ៏ពិបាកនៅបច្ចុប្បន្ននេះ ដែលយើងត្រូវតែប្រឈមដោះស្រាយក្ដី ក៏យើងអាចមានសុភមង្គលច្រើនគួរសមដែរ។ ទោះបីជាអ្វីមួយដ៏អាក្រក់កើតឡើងមកលើយើងក្ដី យើងមិនក្លាយទៅជាស្រងូតស្រងាត់ដូចអស់ពួកដែលមិនស្គាល់ព្រះយេហូវ៉ានោះទេ ដែលមិនមានសេចក្ដីសង្ឃឹមនៃជីវិតជាអនន្តនោះ។—ថែស្សាឡូនីចទី១ ៤:១៣
២១. តើតាមរបៀបណា ដែលការឲ្យពេលវេលា កំឡាំងនិងធនធានរបស់គេ បណ្ដាលឲ្យអ្នកបំរើព្រះយេហូវ៉ាមានសុភមង្គល?
២១ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាក៏មានសុភមង្គល ពីព្រោះពួកគេចំណាយពេលវេលា កំឡាំងនិងធនធាន ក្នុងការបង្រៀនសេចក្ដីពិតពីព្រះគម្ពីរដល់អ្នកដទៃ ជាពិសេសដល់អស់អ្នកដែល‹ដកដង្ហើមធំហើយថ្ងូរទៅលើរបស់គួរស្អប់ខ្ពើម›ដែលបានប្រព្រឹត្តនៅក្នុងលោកីយ៍របស់សាតាំងនេះ។ (អេសេគាល ៩:៤) ព្រះគម្ពីរចែងថា៖ «មានពរហើយ អ្នកណាដែលមានអធ្យាស្រ័យដល់ពួកមនុស្សក្រីក្រ ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះ ឲ្យរួចក្នុងថ្ងៃអាក្រក់ ព្រះយេហូវ៉ាទ្រង់នឹងជួយទំនុកបំរុង ហើយថែរក្សាជីវិតអ្នកនោះ គេនឹងបានពរនៅផែនដីនេះ»។ (ទំនុកដំកើង ៤១:១, ២) ដូចព្រះយេស៊ូវបានមានបន្ទូលមក ការ«ឲ្យ នោះបានពរជាជាងទទួល»។—កិច្ចការ ២០:៣៥
២២. (ក) ចំពោះសុភមង្គល សូមបង្ហាញភាពខុសគ្នារវាងអ្នកបំរើរបស់ព្រះនិងអស់អ្នកដែលមិនបំរើទ្រង់។ (ខ) តើចំពោះមូលហេតុដ៏ពិសេសណា ដែលយើងសង្ឃឹមនឹងមានសុភមង្គល?
២២ ដូច្នេះ ថ្វីបើនៅពេលវេលាបច្ចុប្បន្ននេះ ពួកអ្នកបំរើរបស់ព្រះមិនអាចមានសុភមង្គលពេញលេញក្ដី ក៏ពួកគេអាចមានសុភមង្គលដែលអស់អ្នកដែលមិនបំរើព្រះពុំមាននោះ។ ព្រះយេហូវ៉ាថ្លែងថា៖ «មើល ពួកអ្នកបំរើអញនឹងច្រៀងដោយមានចិត្តអំណរ តែឯងរាល់គ្នានឹងស្រែកឡើង ដោយមានចិត្តព្រួយ ហើយនឹងទ្រហោយំដោយមានវិញ្ញាណគ្រាំគ្រាវិញ»។ (អេសាយ ៦៥:១៤) ម្យ៉ាងទៀត អស់អ្នកដែលបំរើព្រះមានមូលហេតុដ៏ពិសេសចំពោះសុភមង្គលនៅពេលឥឡូវនេះ—ពួកគេមានព្រះវិញ្ញាណបរិសុទ្ធដែល«ព្រះបានប្រទានដល់អស់អ្នកដែលស្ដាប់បង្គាប់ទ្រង់»។ (កិច្ចការ ៥:៣២) ហើយចូរចងចាំថា ទីណាមានព្រះវិញ្ញាណបរិសុទ្ធ ទីនោះក៏មានសុភមង្គលដែរ។—កាឡាទី ៥:២២
២៣. តើយើងនឹងពិចារណាអ្វី ក្នុងអត្ថបទជាបន្ទាប់របស់យើង?
២៣ នៅក្នុងអង្គការរបស់ពួកអ្នកបំរើព្រះនៅសព្វថ្ងៃនេះ ផ្នែកដ៏សំខាន់មួយបានដើរតួដោយ«ពួកចាស់ទុំ»ដែលជាអ្នកនាំមុខនៅក្នុងក្រុមជុំនំ ដែលបណ្ដាលឲ្យប្រជារាស្ត្ររបស់ព្រះយេហូវ៉ាមានសុភមង្គល។ (ទីតុស ១:៥) តើពួកទាំងនេះត្រូវមានទស្សនៈយ៉ាងណា ចំពោះភារៈនិងទំនាក់ទំនងរបស់គេជាមួយនឹងបងប្អូនប្រុសស្រីខាងវិញ្ញាណ? អត្ថបទរបស់យើងជាបន្ទាប់នឹងពិគ្រោះអំពីរឿងនេះ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើតាមរបៀបណា ដែលរបស់សព្វសារពើដែលព្រះយេហូវ៉ាបានបង្កើតមក ជាទីសំអាងនៃរបៀបរៀបរយរបស់ទ្រង់?
◻ តើព្រះយេហូវ៉ាបានរៀបចំពួកអ្នកបំរើរបស់ទ្រង់នៅអតីតកាលនិងនៅបច្ចុប្បន្ននេះ យ៉ាងដូចម្ដេច?
◻ តើការចេះថ្លឹងថ្លែងអ្វី ដែលព្រះយេហូវ៉ាប្រាថ្នាចង់ឲ្យយើងសម្ដែង?
◻ តើសេចក្ដីស្រឡាញ់មានសារៈសំខាន់យ៉ាងណា ចំពោះសុភមង្គលរបស់យើង?
◻ តើសុភមង្គលប្រភេទណា ដែលយើងអាចសង្ឃឹមបាននៅក្នុងគ្រារបស់យើងនេះ?
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៨]
Top: Courtesy of ROE/Anglo-Australian Observatory, photograph by David Malin