អត្ថបទអំពីក្របទស្សនាវដ្ដី | តើអ្វីជាអំណោយដ៏ល្អបំផុត?
តើតាមរបៀបណាយើងអាចឲ្យអំណោយដ៏ល្អបំផុត?
ការរកអំណោយដ៏ល្អបំផុតសម្រាប់អ្នកណាម្នាក់មិនមែនជាការងាយស្រួលទេ។ ហេតុអ្វី? ពីព្រោះតម្លៃនៃអំណោយនោះអាស្រ័យទៅលើអ្នកទទួល។ ម្យ៉ាងទៀត របៀបដែលអ្នកទទួលអំណោយចាត់ទុកអំណោយថាល្អបំផុតប្រហែលជាខុសគ្នាពីម្នាក់ទៀត។
ជាឧទាហរណ៍ យុវវ័យម្នាក់ប្រហែលជាគិតថាគ្រឿងអេឡិចត្រូនិកថ្មីបំផុតគឺជាអំណោយដ៏វិសេសបំផុត។ ម្យ៉ាងវិញទៀត មនុស្សពេញវ័យម្នាក់ប្រហែលជាឲ្យតម្លៃយ៉ាងខ្លាំងចំពោះអំណោយដែលក្រុមគ្រួសារបានរក្សាទុកអស់ជាច្រើនជំនាន់។ នៅវប្បធម៌ខ្លះ មនុស្សក្មេងចាស់ចង់ទទួលអំណោយជាលុយជាង ដោយសារអ្នកទទួលអាចប្រើតាមចិត្តចង់។
ទោះជាពិបាកក៏ដោយ មនុស្សជាច្រើនគិតយ៉ាងដិតដល់ក្នុងការស្វែងរកអំណោយដែលសាកសមបំផុតសម្រាប់មនុស្សពិសេស។ ការរកអំណោយបែបនោះគឺមិនតែងតែស្រួលទេ តែការចងចាំចំណុចមួយចំនួន នឹងទំនងជាជួយអ្នកឲ្យរកអំណោយដែលត្រូវចិត្តអ្នកទទួល។ សូមយើងពិចារណាចំណុចបួនយ៉ាងដែលអាចរួមចំណែកធ្វើឲ្យអ្នកទទួលសប្បាយចិត្ត។
បំណងប្រាថ្នារបស់អ្នកទទួល។ បុរសម្នាក់នៅក្រុងបែលហ្វាស ប្រទេសអៀរឡង់ភាគខាងជើង បានហៅកង់ប្រណាំងដែលគាត់បានទទួលកាលអាយុ១០ឬ១១ឆ្នាំ ថាជាអំណោយល្អបំផុត។ ហេតុអ្វី? គាត់បានពន្យល់ថា៖ «ខ្ញុំពិតជាចង់បានវាណាស់»។ ពាក្យសម្ដីនេះបង្ហាញថាការឲ្យតម្លៃចំពោះអំណោយគឺអាស្រ័យទៅលើបំណងប្រាថ្នារបស់បុគ្គលម្នាក់ៗ។ ដូច្នេះសូមគិតអំពីបុគ្គលដែលអ្នកចង់ឲ្យអំណោយ។ សូមព្យាយាមដឹងអំពីចំណាប់អារម្មណ៍និងចំណង់ចូលចិត្តរបស់បុគ្គលម្នាក់ ដោយសារនោះជាប់ទាក់ទងនឹងអ្វីដែលគាត់ចង់បាន។ ជាឧទាហរណ៍ ឪពុកម្ដាយវ័យចាស់ច្រើនតែចូលចិត្តចំណាយពេលជាមួយក្រុមគ្រួសារ។ ប្រហែលពួកគាត់ចង់ឃើញកូននិងចៅរបស់ពួកគាត់ជារឿយៗបើអាចធ្វើបាន។ ដូច្នេះ ពេលក្រុមគ្រួសារចំណាយពេលវិស្សមកាលជាមួយឪពុកម្ដាយវ័យចាស់ នោះពួកគាត់នឹងកាន់តែសប្បាយចិត្ត ជាជាងទទួលអំណោយផ្សេងៗ។
កត្ដាសំខាន់ដើម្បីដឹងអំពីបំណងប្រាថ្នារបស់បុគ្គលម្នាក់គឺការស្ដាប់យ៉ាងយកចិត្តទុកដាក់។ គម្ពីរលើកទឹកចិត្តយើងឲ្យ«រហ័សស្ដាប់ មិនរហ័សនិយាយ»។ (យ៉ាកុប ១:១៩) ជារៀងរាល់ថ្ងៃ កាលដែលសន្ទនាជាមួយមិត្តភក្ដិឬសាច់ញាតិ សូមស្ដាប់យ៉ាងយកចិត្តទុកដាក់ដើម្បីដឹងអំពីអ្វីដែលពួកគេចូលចិត្តនិងមិនចូលចិត្ត។ យ៉ាងនេះ អ្នកអាចឲ្យអំណោយមួយដែលនឹងធ្វើឲ្យពួកគេកាន់តែពេញចិត្ត។
សេចក្ដីត្រូវការរបស់អ្នកទទួល។ អ្នកទទួលប្រហែលជាឲ្យតម្លៃយ៉ាងខ្លាំងចំពោះអំណោយ ទោះជាអំណោយនោះសាមញ្ញក៏ដោយ បើសិនជាអំណោយនោះបំពេញសេចក្ដីត្រូវការរបស់គាត់។ ប៉ុន្តែ តើតាមរបៀបណាអ្នកអាចដឹងអំពីសេចក្ដីត្រូវការរបស់បុគ្គលឯទៀត?
តាមមើលទៅ ការសួរប្រហែលជាវិធីដ៏ស្រួលបំផុតដើម្បីដឹងអំពីសេចក្ដីត្រូវការឬអ្វីដែលបុគ្គលម្នាក់ចង់បាន។ ប៉ុន្តែ សម្រាប់មនុស្សជាច្រើនដែលឲ្យអំណោយ នេះធ្វើឲ្យលែងមានអំណរ ដោយសារពួកគេចង់ធ្វើឲ្យអ្នកទទួលភ្ញាក់ផ្អើលដោយបានទទួលអំណោយដែលគាត់ត្រូវការ។ លើសពីនេះទៀត មនុស្សខ្លះប្រហែលជានិយាយដោយបើកចំហរអំពីអ្វីដែលពួកគេចូលចិត្តឬមិនចូលចិត្ត តែច្រើនដងពួកគេមិនប្រាប់អ្វីដែលពួកគេត្រូវការទេ។
ម្ល៉ោះហើយ សូមសង្កេតមើលនិងយកចិត្តទុកជាពិសេសចំពោះស្ថានភាពរបស់បុគ្គលនោះ។ តើគាត់ជាបុរសឬស្ត្រី ក្មេង ចាស់ នៅលីវ រៀបការ លែងលះ មេម៉ាយ ពោះម៉ាយ អ្នកអត់ការងារធ្វើ ឬចូលនិវត្តន៍ឬទេ? សូមគិតអំពីអំណោយដែលអាចចំនឹងសេចក្ដីត្រូវការរបស់បុគ្គលនោះ។
ដើម្បីយល់ធ្លុះជ្រៅអំពីសេចក្ដីត្រូវការរបស់បុគ្គលដែលអ្នកចង់ឲ្យអំណោយ សូមសួរយោបល់អ្នកដែលធ្លាប់មានស្ថានភាពស្រដៀងគ្នា។ ពួកគេប្រហែលជាអាចប្រាប់អ្នកអំពីសេចក្ដីត្រូវការជាពិសេសដែលមិនសូវមានអ្នកណាដឹង។ ដោយទទួលយោបល់បែបនោះ អ្នកប្រហែលជាអាចឲ្យអំណោយមួយដែលបំពេញសេចក្ដីត្រូវការដែលអ្នកឯទៀតគិតមិនដល់។
ពេលវេលា។ គម្ពីរចែងថា៖ «ពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎»។ (សុភាសិត ១៥:២៣) បទគម្ពីរនេះបង្ហាញថាពេលយើងនិយាយត្រូវពេល ពាក្យរបស់យើងមានប្រសិទ្ធភាពច្រើនជាង។ ស្រដៀងគ្នាដែរ ដូចពាក្យសម្ដីដែលនិយាយត្រូវពេលអាចធ្វើឲ្យអ្នកស្ដាប់សប្បាយចិត្តណាស់ នោះអំណោយដែលឲ្យត្រូវពេល ឬត្រូវនឹងឱកាសពិសេសណាមួយ អាចធ្វើឲ្យអ្នកទទួលមានអំណរក្រៃលែង។
ជាឧទាហរណ៍ មិត្តភក្ដិម្នាក់ជិតរៀបការ។ មិនយូរទៀត យុវវ័យម្នាក់បញ្ចប់ការសិក្សា។ ប្ដីប្រពន្ធមួយគូជិតមានកូន។ ទាំងនេះគ្រាន់តែជាឱកាសមួយចំនួនដែលមនុស្សច្រើនតែជូនអំណោយ។ អ្នកខ្លះគិតថាគឺមានប្រយោជន៍ពេលមានបញ្ជីអំពីព្រឹត្ដិការណ៍ពិសេសទាំងនេះ ដែលនឹងកើតឡើងនៅឆ្នាំបន្ទាប់។ តាមរបៀបនេះ ពួកគេអាចរៀបគម្រោងសម្រាប់អំណោយដ៏ល្អបំផុតក្នុងឱកាសពិសេសនីមួយៗ។a
ពិតមែន អ្នកមិនចាំបាច់ឲ្យអំណោយតែក្នុងឱកាសពិសេសប៉ុណ្ណោះទេ។ អ្នកអាចមានអំណរដែលមកពីការឲ្យពេលណាក៏បាន។ ប៉ុន្តែ សូមប្រយ័ត្ន។ ជាឧទាហរណ៍ បើបុរសម្នាក់ឲ្យអំណោយមួយដល់ស្ត្រីម្នាក់ដោយគ្មានមូលហេតុ នាងអាចសន្និដ្ឋានថាអំណោយនោះគឺជាការបញ្ជាក់អំពីចំណាប់អារម្មណ៍របស់បុរសនោះដើម្បីស្គាល់នាងថែមទៀត។ អំណោយបែបនោះអាចធ្វើឲ្យមានការយល់ច្រឡំឬនាំឲ្យស្មុគស្មាញ លុះត្រាតែដោយមានគោលបំណងពិតប្រាកដនិងត្រឹមត្រូវ។ នេះបញ្ជាក់ថាមានចំណុចសំខាន់មួយទៀតដែលគួរពិចារណា ពោលគឺបំណងចិត្តរបស់អ្នកឲ្យ។
បំណងចិត្តរបស់អ្នកឲ្យ។ ដូចឧទាហរណ៍វគ្គមុនបង្ហាញ គឺជាការល្អដែលអ្នកឲ្យគួរពិចារណាថាតើអ្នកទទួលអាចយល់ច្រឡំអំពីបំណងចិត្តរបស់គាត់ឬយ៉ាងណា។ មួយវិញទៀត អ្នកឲ្យគួរពិនិត្យពិចារណាអំពីបំណងចិត្តរបស់ខ្លួនផ្ទាល់។ មនុស្សភាគច្រើនឲ្យអំណោយដោយចិត្តស្មោះ តែមនុស្សជាច្រើនទៀតឲ្យអំណោយនៅពេលខ្លះក្នុងមួយឆ្នាំ ដោយសារពួកគេមានអារម្មណ៍ថាត្រូវធ្វើដូច្នេះ។ រីឯមនុស្សខ្លះទៀតឲ្យអំណោយដោយសង្ឃឹមថានឹងទទួលប្រយោជន៍ឬទទួលអ្វីមួយមកវិញ។
តើអ្នកអាចធ្វើអ្វីដើម្បីបង្ហាញថាការឲ្យអំណោយរបស់អ្នកគឺជាបំណងចិត្តល្អ? គម្ពីរចែងថា៖ «ចូរអ្នករាល់គ្នាធ្វើអ្វីៗទាំងអស់ដោយសេចក្ដីស្រឡាញ់»។ (កូរិនថូសទី១ ១៦:១៤) បើអ្នកឲ្យអំណោយដោយសេចក្ដីស្រឡាញ់ស្មោះនិងដោយយកចិត្តទុកដាក់ចំពោះអ្នកដែលទទួលអំណោយ នោះអ្នកនឹងទទួលអំណរ ហើយអ្នកនឹងមានសុភមង្គលច្រើនជាងដែលមកពីចិត្តទូលាយពិតប្រាកដ។ ពេលអ្នកឲ្យអំណោយដោយស្មោះពីចិត្ត អ្នកក៏ធ្វើឲ្យព្រះដែលជាបិតានៅស្ថានសួគ៌សប្បាយរីករាយដែរ។ សាវ័កប៉ូលបានសរសើរគ្រិស្តសាសនិកនៅក្រុងកូរិនថូសសម័យបុរាណ ពេលពួកគាត់បានបង្ហាញចិត្តសប្បុរសនិងសប្បាយក្នុងការគាំទ្រកិច្ចការផ្ដល់ជំនួយសម្រាប់គ្រិស្តសាសនិករួមជំនឿនៅតំបន់យូឌា។ ប៉ូលបានប្រាប់ពួកគាត់ថា៖ «ព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ»។—កូរិនថូសទី២ ៩:៧
ការយកចិត្តទុកដាក់ចំពោះចំណុចដែលយើងបានពិចារណា អាចជួយអ្នកឲ្យជូនអំណោយដែលនាំឲ្យអ្នកឯទៀតសប្បាយចិត្ត។ ព្រះក៏បានធ្វើតាមចំណុចទាំងនេះនិងចំណុចជាច្រើនឯទៀតពេលដែលលោករៀបចំអំណោយដ៏ល្អបំផុតសម្រាប់មនុស្សជាតិ។ យើងសូមអញ្ជើញអ្នកឲ្យពិចារណាអំណោយដ៏អស្ចារ្យនេះដោយអានអត្ថបទបន្ទាប់។
a មនុស្សជាច្រើនក៏ឲ្យអំណោយក្នុងថ្ងៃខួបកំណើតនិងបុណ្យឯទៀត។ ទោះជាយ៉ាងនេះក្ដី បុណ្យទាំងនេះច្រើនតែរួមបញ្ចូលទំនៀមទម្លាប់ដែលខុសពីសេចក្ដីបង្រៀនក្នុងគម្ពីរ។ សូមមើលអត្ថបទ «អ្នកអានសួរថា តើបុណ្យណូអែលសម្រាប់គ្រិស្តសាសនិកឬទេ?»ក្នុងទស្សនាវដ្ដីនេះ។