បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w19 កក្កដា ទំ. ២៥-២៩
  • ពរដែលខ្ញុំបានទទួលពីព្រះយេហូវ៉ាគឺហួសពីការនឹកស្មាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពរដែលខ្ញុំបានទទួលពីព្រះយេហូវ៉ាគឺហួសពីការនឹកស្មាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​ដែល​ខ្ញុំ​បាន​យក​ឈ្នះ​ការ​អៀន​ខ្មាស
  • ខ្ញុំ​បាន​រៀន​អ្វី​មួយ​ដ៏​មាន​តម្លៃ​នៅ​សាលា​គីលាត
  • អ្វី​ដែល​បាន​ជួយ​បង្ហាត់​បង្រៀន​យើង ឲ្យ​ធ្វើ​ជា​សាសនា​ទូត
  • ការ​បម្រើ​នៅ​ប្រទេស​កេនយ៉ា
  • ពរ​ដែល​យើង​បាន​ទទួល​នៅ​ប្រទេស​អេត្យូពី
  • ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ដុះ​លូត​លាស់
  • ការភ្ញាក់ផ្អើលនិងមេរៀនដ៏អរសប្បាយពីការបម្រើព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • មេ​រៀន​ពេញ​មួយ​ជីវិត​ដែល​យើង​រៀន​ពី​គ្រូ​បង្រៀន​ដ៏​ឧត្តម​បំផុត​របស់​យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
w19 កក្កដា ទំ. ២៥-២៩
បងមនហ្វ្រេដ និងគែល ថូណកនៅថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគាត់

ជីវប្រវត្ដិ

ពរ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​គឺ​ហួស​ពី​ការ​នឹក​ស្មាន

រៀប​រាប់​ដោយ​បង​មនហ្វ្រេដ ថូណក

ខ្ញុំ​ធ្លាប់​គិត​ថា ‹ខ្ញុំ​គួរ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ›។ តែ​ខ្ញុំ​ក៏​ឆ្ងល់​ដែរ​ថា ‹តើ​ការ​ត្រួស​ត្រាយ​ពិត​ជា​អ្វី​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មែន​ឬ?›។ ខ្ញុំ​ចូល​ចិត្ត​ការ​ងារ​របស់​ខ្ញុំ​នៅ​ប្រទេស​អាល្លឺម៉ង់។ ការ​ងារ​ខ្ញុំ​គឺ​ខាង​នាំ​ចេញ​ម្ហូប​អាហារ​ទៅ​ក្រុង​ផ្សេង​ៗ​នៅ​ទ្វីប​អាហ្វ្រិក ដូច​ជា​ដាអេស​សាឡឹម អេលីសាបិត​វីល និង​អាស្មារ៉ា។ ខ្ញុំ​មិន​ដែល​គិត​ថា​ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​នៅ​ក្រុង​ទាំង​នោះ និង​នៅ​កន្លែង​ជា​ច្រើន​ទៀត​នៅ​ទ្វីប​អាហ្វ្រិក​ទេ!

ពេល​ខ្ញុំ​ចាប់​ផ្ដើម​ត្រួស​ត្រាយ ខ្ញុំ​ចាប់​ផ្ដើម​មាន​ជីវិត​ដ៏​ល្អ​ប្រសើរ ហើយ​នោះ​គឺ​ហួស​ពី​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​នឹក​ស្មាន។ (​អេភ. ៣:២០​) ប៉ុន្តែ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​នោះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​ខ្ញុំ​ពន្យល់​ពី​ដើម​ដំបូង។

ខ្ញុំ​បាន​កើត​នៅ​ឆ្នាំ​១៩៣៩​នា​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ ប៉ុន្មាន​ខែ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី២​បាន​ចាប់​ផ្ដើម។ កាល​ដែល​សង្គ្រាម​នោះ​ជិត​ចប់​នៅ​ឆ្នាំ​១៩៤៥ គេ​បាន​ទម្លាក់​គ្រាប់​បែក​ជា​ច្រើន​នៅ​ក្រុង​បែរឡាំង។ នៅ​ថ្ងៃ​មួយ មាន​ការ​ទម្លាក់​គ្រាប់​បែក​នៅ​លើ​ផ្លូវ​ដែល​យើង​រស់​នៅ តែ​ខ្ញុំ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​រត់​ចូល​ក្នុង​ត្រង់​សេ (​រណ្ដៅ​ពួន​ខ្លួន​) ដើម្បី​គេច​ពី​គ្រាប់​បែក​ទាំង​នោះ។ ក្រោយ​មក​ដើម្បី​សុវត្ថិភាព យើង​បាន​រត់​ទៅ​ក្រុង​អ៊ែកហ្វើត ដែល​ជា​ស្រុក​កំណើត​របស់​ម្ដាយ​ខ្ញុំ។

បងមនហ្វ្រេដ ថូណកជាមួយនឹងឪពុកម្ដាយ និងប្អូនស្រីរបស់គាត់នៅប្រទេសអាល្លឺម៉ង់ ប្រហែលជានៅឆ្នាំ១៩៥០

ខ្ញុំ​ជា​មួយ​នឹង​ឪ​ពុក​ម្ដាយ​និង​ប្អូន​ស្រី​របស់​ខ្ញុំ​នៅ​ប្រទេស​អាល្លឺម៉ង់ ប្រហែល​ជា​ឆ្នាំ​១៩៥០

ម្ដាយ​ខ្ញុំ​ស្វែង​រក​សេចក្ដី​ពិត​យ៉ាង​ខ្នះ​ខ្នែង។ គាត់​បាន​អាន​សៀវភៅ​ផ្សេង​ៗ​របស់​ទស្សនវិទូ ហើយ​បាន​ពិនិត្យ​មើល​សាសនា​ផ្សេង​ៗ តែ​គាត់​មិន​ពេញ​ចិត្ត​នឹង​សាសនា​ទាំង​នោះ​ទេ។ ប្រហែល​ជា​នៅ​ឆ្នាំ​១៩៤៨ សាក្សី​ព្រះ​យេហូវ៉ា​ពីរ​នាក់​បាន​មក​ផ្ទះ​របស់​យើង។ ម្ដាយ​ខ្ញុំ​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​ក្នុង​ផ្ទះ ហើយ​បាន​សួរ​សំណួរ​ជា​ច្រើន។ មិន​ដល់​មួយ​ម៉ោង​ផង គាត់​បាន​ប្រាប់​ខ្ញុំ​និង​ប្អូន​ស្រី​ខ្ញុំ​ថា​៖ ​«​ម៉ាក់​បាន​រក​ឃើញ​សេចក្ដី​ពិត​ហើយ!​»។ មិន​យូរ​ក្រោយ​ពី​នោះ ខ្ញុំ ម្ដាយ​ខ្ញុំ និង​ប្អូន​ស្រី​ខ្ញុំ​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ក្រុង​អ៊ែកហ្វើត។

នៅ​ឆ្នាំ​១៩៥០ យើង​បាន​ត្រឡប់​ទៅ​ក្រុង​បែរឡាំង​វិញ ហើយ​ទៅ​ក្រុម​ជំនុំ​បែរឡាំង ខ្រូតស្បឺក។ បន្ទាប់​ពី​យើង​រើ​ផ្ទះ​ម្ដង​ទៀត​នៅ​ក្រុង​នោះ យើង​ទៅ​ក្រុម​ជំនុំ​បែរឡាំង ថេមផលហុស។ មួយ​រយៈ​ក្រោយ​មក ម្ដាយ​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក តែ​ខ្ញុំ​បាន​ស្ទាក់​ស្ទើរ។ ហេតុ​អ្វី?

របៀប​ដែល​ខ្ញុំ​បាន​យក​ឈ្នះ​ការ​អៀន​ខ្មាស

ខ្ញុំ​មិន​សូវ​បាន​រីក​ចម្រើន​ទេ ដោយ​សារ​ខ្ញុំ​អៀន​ខ្មាស​ពេក។ ទោះ​ជា​ខ្ញុំ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត​ក្ដី អស់​ពីរ​ឆ្នាំ ខ្ញុំ​មិន​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ណា​ម្នាក់​ដោយ​ផ្ទាល់​ទេ។ នេះ​បាន​ផ្លាស់​ប្ដូរ​ក្រោយ​ពី​ខ្ញុំ​ចំណាយ​ពេល​ជា​មួយ​នឹង​បង​ប្អូន​ដែល​បាន​បង្ហាញ​ចិត្ត​ក្លាហាន​និង​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ បង​ប្អូន​ខ្លះ​ធ្លាប់​នៅ​ក្នុង​ជំ​រុំ​ឃុំ​ឃាំង​របស់​ពួក​ណាត្ស៊ី ឬ​បាន​ជាប់​គុក​នៅ​ប្រទេស​អាល្លឺម៉ង់​ខាង​កើត។ បង​ប្អូន​ខ្លះ​ទៀត បាន​យក​សៀវភៅ​របស់​យើង​ចូល​ប្រទេស​អាល្លឺម៉ង់​ខាង​កើត​ដោយ​សម្ងាត់ ទោះ​ជា​នេះ​អាច​នាំ​ឲ្យ​ពួក​គេ​ត្រូវ​ចាប់​ខ្លួន​ឬ​ជាប់​គុក​ក្ដី។ ខ្ញុំ​កោត​ស្ងើច​ចំពោះ​ពួក​គេ។ ខ្ញុំ​បាន​គិត​ថា បើ​ពួក​គេ​បាន​ប្រថុយ​ជីវិត​និង​សេរី​ភាព​របស់​ពួក​គេ​ដើម្បី​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួមជំនឿ ចុះ​ខ្ញុំ​វិញ? យ៉ាង​ហោច​ណាស់​ខ្ញុំ​គួរ​តែ​ព្យាយាម​យក​ឈ្នះ​ការ​អៀន​ខ្មាស។

ខ្ញុំ​ចាប់​ផ្ដើម​យក​ឈ្នះ​ការ​អៀន​ខ្មាស ពេល​ខ្ញុំ​ចូល​រួម​ក្នុង​សកម្មភាព​ពិសេស​នៅ​ឆ្នាំ​១៩៥៥។ ក្នុង​សំបុត្រ​មួយ​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា អ្នក​ផ្ដល់​ព័ត៌មាន(​In​formant​)a បង​ប្រុស​ណេថិន ន័រ​បាន​ប្រាប់​ថា​សកម្មភាព​នោះ​ជា​សកម្មភាព​ធំ​បំផុត​មួយ​ដែល​អង្គ​ការ​យើង​បាន​រៀប​ចំ​ឡើង។ គាត់​និយាយ​ថា បើ​អ្នក​ផ្សាយ​ទាំង​អស់​ចូល​រួម ​«​ខែ​នោះ​នឹង​ជា​ខែ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែល​ធ្លាប់​មាន​នៅ​លើ​ផែន​ដី​»​ ហើយ​នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​មែន! មិន​យូរ​ក្រោយ​មក ខ្ញុំ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​នៅ​ឆ្នាំ​១៩៥៦ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​មួយ​នឹង​ឪ​ពុក​និង​ប្អូន​ស្រី​របស់​ខ្ញុំ។ ប៉ុន្តែ​មិន​យូរ​ក្រោយ​មក ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ទៀត។

អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​ដឹង​ថា​ខ្ញុំ​គួរ​ចាប់​ផ្ដើម​ត្រួស​ត្រាយ តែ​ខ្ញុំ​បាន​បង្អែ​បង្អង់។ មុន​ដំបូង​នៅ​ក្រុង​បែរឡាំង ខ្ញុំ​បាន​សម្រេច​ចិត្ត​ទទួល​ការ​បណ្ដុះ​បណ្ដាល​ក្នុង​ការ​លក់​ដុំ​និង​ការ​នាំ​ចេញ​នាំ​ចូល។ បន្ទាប់​មក ខ្ញុំ​ចង់​ធ្វើ​ការ​អស់​មួយ​រយៈ​ពេល​ដើម្បី​ខ្ញុំ​អាច​មាន​បទ​ពិសោធន៍​និង​ជំនាញ​ជា​មុន​សិន មុន​ខ្ញុំ​ចាប់​ផ្ដើម​ត្រួស​ត្រាយ។ ដូច្នេះ​នៅ​ឆ្នាំ​១៩៦១ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ក្រុង​ហាមបឺក ដែល​ជា​ក្រុង​ដែល​មាន​កំពង់​ផែ​ធំ​ជាង​គេ​នៅ​ប្រទេស​អាល្លឺម៉ង់។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ការ​ងារ​នោះ​ណាស់ ដូច្នេះ​ខ្ញុំ​បន្ត​បង្អែ​បង្អង់​ក្នុង​ការ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល។ តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី?

ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​ប្រើ​បង​ប្រុស​ៗ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា​ការ​បម្រើ​លោក​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត។ មិត្ត​ភក្ដិ​ខ្លះ​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ ហើយ​បាន​ទុក​គំរូ​ដ៏​ល្អ​ឲ្យ​ខ្ញុំ។ ក្រៅ​ពី​នេះ បង​ប្រុស​អេរិច មុន្ត ដែល​ជា​បុគ្គល​ម្នាក់​ដែល​បាន​រួច​ជីវិត​ពី​ជំ​រុំ​ឃុំ​ឃាំង បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ គាត់​បាន​និយាយ​ថា នៅ​ក្នុង​ជំ​រុំ​ឃុំ​ឃាំង បង​ប្អូន​ដែល​ពឹង​ផ្អែក​លើ​ខ្លួន​ឯង បាន​ទៅ​ជា​ខ្សោយ​នៅ​ពេល​ក្រោយ​មក។ ប៉ុន្តែ ពួក​អ្នក​ដែល​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទាំង​ស្រុង បាន​រក្សា​ភាព​ស្មោះ​ត្រង់ ហើយ​បាន​ទៅ​ជា​សសរ​ក្នុង​ក្រុម​ជំនុំ។

បងមនហ្វ្រេដ ថូណកនៅឆ្នាំ១៩៦៣

ពេល​ខ្ញុំ​ចាប់​ផ្ដើម​ត្រួស​ត្រាយ​នៅ​ឆ្នាំ​១៩៦៣

ម្យ៉ាង​ទៀត បង​ប្រុស​ម៉ាធិន ផូស៊ីងហ្គើ ដែល​ក្រោយ​មក​បាន​ទៅ​ជា​សមាជិក​គណៈ​អភិបាល បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ចិត្ត​ក្លាហាន​គឺ​ជា​ទ្រព្យ​ដ៏​វិសេស​បំផុត​ដែល​អ្នក​អាច​មាន!​»។ ខ្ញុំ​បាន​រំពឹង​គិត​អំពី​ពាក្យ​សម្ដី​របស់​គាត់ ហើយ​ក្រោយ​មក​ខ្ញុំ​បាន​លា​លែង​ពី​ការ​ងារ​និង​ចាប់​ផ្ដើម​ត្រួស​ត្រាយ​នៅ​ខែ​មិថុនា ឆ្នាំ​១៩៦៣។ នោះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត! ពីរ​ខែ​ក្រោយ​មក មុន​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្វែង​រក​ការ​ងារ​ថ្មី ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដែល​ហួស​ពី​ការ​នឹក​ស្មាន​របស់​ខ្ញុំ។ ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ជំនាន់​ទី​៤៤។

ខ្ញុំ​បាន​រៀន​អ្វី​មួយ​ដ៏​មាន​តម្លៃ​នៅ​សាលា​គីលាត

អ្វី​ដ៏​សំខាន់​បំផុត​មួយ​ដែល​ខ្ញុំ​បាន​រៀន ជា​ពិសេស​ពី​បង​ប្រុស​ណេថិន ន័រ និង​បង​ប្រុស​ឡាយ​មិន ស្វីនហ្គល គឺ​ថា​«​កុំ​ឆាប់​បោះ​បង់​ឯកសិទ្ធិ​របស់​អ្នក​»។ ពួក​គាត់​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ត​នៅ​ជាប់​នឹង​ឯកសិទ្ធិ​របស់​យើង ទោះ​ជា​នោះ​ពិបាក​ក្ដី។ បង​ន័រ​បាន​និយាយ​ថា​៖ ​«​តើ​អ្នក​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី? ទៅ​លើ​អ្វី​ៗ​ដែល​កខ្វក់ សត្វ​ល្អិត ឬ​ភាព​ក្រី​ក្រ? ឬ​តើ​អ្នក​នឹង​កត់​សម្គាល់​ដើម​ឈើ ផ្កា និង​ស្នាម​ញញឹម​របស់​មនុស្ស? ចូរ​ស្រឡាញ់​មនុស្ស​នៅ​ទី​នោះ!​»។ នៅ​ថ្ងៃ​មួយ បង​ស្វីនហ្គល​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​បង​ប្អូន​ខ្លះ​បាន​ឆាប់​បោះ​បង់​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ ហើយ​គាត់​រំជួល​ចិត្ត​ជា​ខ្លាំង​រហូត​ដល់​គាត់​ចាប់​ផ្ដើម​រលីង​រលោង​ទឹក​ភ្នែក។ គាត់​ត្រូវ​ផ្អាក​មួយ​ភ្លែត ដើម្បី​គាត់​អាច​មាន​អារម្មណ៍​នឹង​នរ​ឡើង​វិញ។ ខ្ញុំ​រំជួល​ចិត្ត​ជា​ខ្លាំង ហើយ​តាំង​ចិត្ត​មិន​ធ្វើ​ឲ្យ​គ្រិស្ត​និង​បង​ប្អូន​របស់​លោក​ខក​ចិត្ត​ឡើយ។—ម៉ាថ. ២៥:៤០

បងមនហ្វ្រេដ ថូណក បងខ្លូត លីនហ្ស៊ី និងបងហែនរិច ដេនបូសថុល ពេលបំពេញភារកិច្ចរបស់ពួកគាត់ជាសាសនទូត នៅក្រុងលូបំបាហ្ស៊ី ប្រទេសកុងហ្គោ នៅឆ្នាំ១៩៦៧

ខ្ញុំ បង​ខ្លូត និង​បង​ហែនរិច ពេល​យើង​ជា​សាសនទូត​នៅ​ក្រុង​លូបំបាហ្ស៊ី នា​ប្រទេស​កុងហ្គោ ឆ្នាំ​១៩៦៧

ពេល​យើង​ទទួល​ភារកិច្ច​របស់​យើង សមាជិក​បេតអែល​ខ្លះ​ចង់​ដឹង​ថា យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រទេស​ណា​ខ្លះ។ ពួក​គេ​បាន​និយាយ​ល្អ​អំពី​ភារកិច្ច​នីមួយ​ៗ​របស់​បង​ប្អូន​ផ្សេង​ៗ រហូត​ដល់​វេន​ខ្ញុំ។ ពេល​ខ្ញុំ​និយាយ​ថា​៖ ​«​ប្រទេស​កុងហ្គោ (​គីនស្ហាសា​)​»​ ពួក​គេ​ឈប់​មួយ​ភ្លែត រួច​និយាយ​ថា​៖ ​«​អូ កុងហ្គោ! សូម​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក!​»។ នៅ​គ្រា​នោះ គេ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​អំពី​សង្គ្រាម​និង​ការ​កាប់​សម្លាប់​គ្នា​នៅ​ប្រទេស​កុងហ្គោ (​គីនស្ហាសា​)។ ប៉ុន្តែ​ខ្ញុំ​បន្ត​គិត​អំពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន។ មិន​យូរ​ក្រោយ​ពី​យើង​បាន​បញ្ចប់​វគ្គ​សិក្សា​សាលា​គីលាត​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦៧ ខ្ញុំ បង​ប្រុស​ហែនរិច ដេនបូសថុល និង​បង​ប្រុស​ខ្លូត លីនហ្ស៊ី បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​គីនស្ហាសា ដែល​ជា​រដ្ឋធានី​នៃ​ប្រទេស​កុងហ្គោ។

អ្វី​ដែល​បាន​ជួយ​បង្ហាត់​បង្រៀន​យើង ឲ្យ​ធ្វើ​ជា​សាសនា​ទូត

ក្រោយ​ពី​យើង​បាន​ទៅ​ដល់​ក្រុង​គីនស្ហាសា យើង​បាន​រៀន​ភាសា​បារាំង​អស់​បី​ខែ។ ក្រោយ​មក យើង​បាន​ជិះ​យន្ត​ហោះ​ទៅ​ក្រុង​លូបំបាហ្ស៊ី ដែល​ជា​អតីត​ក្រុង​អេលីសាបិត​វីល ជិត​ព្រំ​ប្រទល់ប្រទេស​សំប៊ី នៅ​ខាង​ត្បូង​ប្រទេស​កុងហ្គោ។ រួច​មក​យើង​បាន​រើ​ទៅ​ផ្ទះ​សាសនទូត​នៅ​កណ្ដាល​ក្រុង​នោះ។

នៅ​ពេល​នោះ តំបន់​ផ្សាយ​ជា​ច្រើន​នៅ​ក្រុង​លូបំបាហ្ស៊ី​មិន​ទាន់​មាន​អ្នក​ណា​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ឡើយ​ទេ ដូច្នេះ​យើង​រំភើប​ចិត្ត​ដែល​យើង​ជា​មនុស្ស​ដំបូង​ដែល​បាន​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ដល់​មនុស្ស​ជា​ច្រើន​នៅ​ទី​នោះ។ មិន​យូរ​ក្រោយ​មក យើង​មាន​សិស្ស​គម្ពីរ​ជា​ច្រើន​រហូត​ដល់​យើង​មិន​អាច​ដឹក​នាំ​ការ​សិក្សា​អស់។ យើង​ក៏​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​និង​ប៉ូលិស។ មនុស្ស​ជា​ច្រើន​បាន​ឲ្យ​តម្លៃ​ចំពោះ​បណ្ដាំ​របស់​ព្រះ​និង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង។ ខ្ញុំ​និង​បង​ខ្លូត លីនហ្ស៊ី​ចាប់​ផ្ដើម​រៀន​ភាសា​ស្វាហីលី ដោយ​សារ​មនុស្ស​ភាគ​ច្រើន​និយាយ​ភាសា​នោះ។ មិន​យូរ​ក្រោយ​ពី​នោះ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ក្រុម​ជំនុំ​ភាសា​ស្វាហីលី។

ទោះ​ជា​យើង​មាន​បទ​ពិសោធន៍​ល្អ​ជា​ច្រើន​ក្ដី យើង​ក៏​មាន​ការ​ពិបាក​ដែរ។ ច្រើន​ដង ប៉ូលិស ឬ​ទាហាន​ដែល​ស្រវឹង​ស្រា​និង​ដែល​មាន​កាំភ្លើង​បាន​ចោទ​ប្រកាន់​មិន​ពិត​អំពី​យើង។ នៅ​ថ្ងៃ​មួយ ប៉ូលិស​មួយ​ក្រុម​ដែល​មាន​កាំភ្លើង​បាន​សម្រុក​ចូល​កិច្ច​ប្រជុំ​មួយ​នៅ​ផ្ទះ​សាសនទូត ហើយ​បាន​ចាប់​យើង​ទៅ​ប៉ុស្តិ៍​ប៉ូលិស។ នៅ​ទី​នោះ​ពួក​គេ​ឲ្យ​យើង​អង្គុយ​លើ​ដី រហូត​ដល់​ជិត​ម៉ោង​១០​យប់ មុន​នឹង​ពួក​គេ​ដោះ​លែង​យើង។

នៅ​ឆ្នាំ​១៩៦៩ ខ្ញុំ​បាន​ទទួល​ភារកិច្ច​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ។ នៅ​មណ្ឌល​នោះ ខ្ញុំ​បាន​ត្រួត​ពិនិត្យ​តំបន់​ស្រុក​ស្រែ ហើយ​នេះ​តម្រូវ​ឲ្យ​ខ្ញុំ​ដើរ​ឆ្ងាយ​កាត់​ផ្លូវ​ដែល​មាន​ភក់​និង​វាល​ស្មៅ​ខ្ពស់​ៗ។ នៅ​ភូមិ​មួយ មាន​មេ​មាន់​និង​កូន​ៗ​របស់​វា​ដេក​នៅ​ក្រោម​គ្រែ​ខ្ញុំ​នៅ​ពេល​យប់។ ខ្ញុំ​ចាំ​មិន​ភ្លេច​អំពី​សំឡេង​យំ​ឡូឡា​របស់​វា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​នៅ​ពេល​ថ្ងៃ​មិន​ទាន់​រះ​នៅ​ឡើយ។ ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អ​ៗ​អំពី​ពេល​យើង​អង្គុយ​ជុំ​វិញ​ភ្នក់​ភ្លើង​នៅ​ពេល​យប់ ហើយ​និយាយ​ជា​មួយ​នឹង​បង​ប្អូន​អំពី​សេចក្ដី​ពិត​ពី​គម្ពីរ។

ការ​ពិបាក​ដ៏​ធំ​បំផុត​មួយ​ដែល​យើង​បាន​ជួប​ប្រទះ​គឺ​មាន​មនុស្សដែល​បន្លំ​ខ្លួន​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា ប៉ុន្តែ​តាម​ពិត​ពួក​គេ​ជា​បក្ស​ពួក​របស់​ចលនា​គីតាវ៉ាឡា។b ពួក​គេ​ខ្លះ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ថែម​ទាំង​បាន​ទៅ​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ទៀត​ផង។ ពួក​គេ​ជា​ច្រើន​នាក់​ដែល​ប្រៀប​ដូច​ជា​«​ផ្ទាំង​ថ្ម​នៅ​ក្រោម​ផ្ទៃ​ទឹក​»​ បាន​ត្រូវ​បក​អាក្រាត​ដោយ​បង​ប្អូន​ស្មោះ​ត្រង់។ (​យូ. ១២​) នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​បាន​សម្អាត​ក្រុម​ជំនុំ។ ក្រោយ​មក មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​ចូល​ក្នុង​សេចក្ដី​ពិត។

នៅ​ឆ្នាំ​១៩៧១ ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ការិយាល័យ​សាខា​នៅ​ក្រុង​គីនស្ហាសា។ ខ្ញុំ​មាន​ភារកិច្ច​ផ្សេង​ៗ​នៅ​ទី​នោះ​ដូច​ជា កិច្ច​ការ​ទំនាក់​ទំនង ការ​កុម្ម៉ង់​សៀវភៅ និង​រឿង​ផ្សេង​ៗ​ខាង​កិច្ច​បម្រើ។ នៅ​បេតអែល ខ្ញុំ​រៀន​អំពី​របៀប​រៀប​ចំ​កិច្ច​ការ​របស់​យើង​នៅ​ក្នុង​ប្រទេស​ដ៏​ធំ​មួយ​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​មិន​សូវ​ល្អ។ ជួន​កាល សំបុត្រ​ដែល​យើង​បាន​ផ្ញើ​តាម​យន្ត​ហោះ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ខែ ទើប​ទៅ​ដល់​ក្រុម​ជំនុំ។ សំបុត្រ​របស់​យើង​បាន​ត្រូវ​យក​ចេញ​ពី​យន្ត​ហោះ​ដាក់​ចូល​ក្នុង​ទូក ហើយ​ទូក​នោះ​ជាប់​គាំង​អស់​ប៉ុន្មាន​សប្ដាហ៍​ដោយ​សារ​ត្រូវ​ឆ្លង​កាត់​វាល​កំប្លោក​យ៉ាង​ក្រាស់។ ប៉ុន្តែ កិច្ច​ការ​នោះ​បាន​សម្រេច ទោះ​ជា​មាន​បញ្ហា​ទាំង​នេះ​និង​បញ្ហា​ផ្សេង​ទៀត​ក្ដី។

ខ្ញុំ​កោត​ស្ងើច​ពេល​ឃើញ​អំពី​របៀប​ដែល​បង​ប្អូន​រៀប​ចំ​មហា​សន្និបាត​ដោយ​មាន​ប្រាក់​តែ​បន្ដិច​បន្តួច។ ពួក​គេ​កែ​ច្នៃ​ដំបូក​ដើម្បី​ធ្វើ​ជា​វេទិកា​រ ប្រើ​ស្មៅ​ខ្ពស់​ៗ​ដើម្បី​ធ្វើ​ជា​ជញ្ជាំង ហើយ​មូរ​ស្មៅ​នោះ​សម្រាប់​អង្គុយ។ ពួក​គេ​ប្រើ​ឫស្សី​ដើម្បី​ធ្វើ​ជា​រោង ហើយ​យក​កន្ទេល​ដែល​ធ្វើ​ពី​ដើម​ត្រែង​ធ្វើ​ជា​ដំបូល​ឬ​ច្នៃ​ធ្វើ​ជា​តុ។ ម្យ៉ាង​ទៀត ពួក​គេ​ច្រៀក​សម្បក​ឈើ​ដើម្បី​ប្រើ​ជំនួស​ដែក​គោល។ ខ្ញុំ​កោត​ស្ងើច​ចំពោះ​បង​ប្អូន​ទាំង​នោះ​ដែល​មាន​ភាព​ឈ្លាស​វៃ​និង​គំនិត​ច្នៃ​ប្រឌិត ដើម្បី​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ។ ខ្ញុំ​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់។ ពេល​ខ្ញុំ​ត្រូវ​ចាក​ចេញ​ដើម្បី​បំពេញ​ភារកិច្ច​ថ្មី ខ្ញុំ​នឹក​ពួក​គេ​ខ្លាំង​ណាស់!

ការ​បម្រើ​នៅ​ប្រទេស​កេនយ៉ា

នៅ​ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​ត្រូវ​ចាត់​ទៅ​ការិយាល័យ​សាខា​នៅ​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។ មាន​កិច្ច​ការ​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ ដោយ​សារ​ការិយាល័យ​សាខា​កេនយ៉ា​គាំ​ទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ជិត​ខាង​១០។ ប្រទេស​ខ្លះ​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ​បាន​ត្រូវ​គេ​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​យើង។ ច្រើន​ដង ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ទាំង​នោះ ជា​ពិសេស​ប្រទេស​អេត្យូពី ដែល​ជា​កន្លែង​ដែល​បង​ប្អូន​របស់​យើង​បាន​រង​ការ​បៀត​បៀន និង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ដ៏​ធ្ងន់​ធ្ងរ។ គេ​បាន​ប្រព្រឹត្ត​យ៉ាង​ព្រៃ​ផ្សៃ​ចំពោះ​បង​ប្អូន​ជា​ច្រើន​នាក់​នៅ​ទី​នោះ ឬ​ចាប់​ដាក់​គុក ហើយ​បង​ប្អូន​ខ្លះ​បាន​ត្រូវ​គេ​សម្លាប់​ទៀត​ផង។ ប៉ុន្តែ ពួក​គេ​បាន​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់ ដោយ​សារ​ពួក​គេ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​ឯ​ទៀត។

នៅ​ឆ្នាំ​១៩៨០ មាន​អ្វី​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​គែល ម៉ាត់​សិន។ ស្រុក​កំណើត​របស់​គែល​គឺ​នៅ​ប្រទេស​កាណាដា ហើយ​ខ្ញុំ​និង​គាត់​ធ្លាប់​ជា​សិស្ស​រួម​ថ្នាក់​នៅ​សាលា​គីលាត។ តាំង​ពី​ពេល​នោះ​មក យើង​បាន​បន្ត​ទាក់​ទង​គ្នា​ដោយ​សរសេរ​សំបុត្រ។ គែល​បម្រើ​ជា​សាសនទូត​នៅ​ប្រទេស​បូលីវី។ ដប់​ពីរ​ឆ្នាំ​ក្រោយ​មក យើង​បាន​ជួប​គ្នា​ម្ដង​ទៀត​នៅ​ក្រុង​ញូវយ៉ក។ មិន​យូរ​ក្រោយ​មក យើង​បាន​រៀប​ការ​នៅ​ប្រទេស​កេនយ៉ា។ ខ្ញុំ​ពិត​ជា​ដឹង​គុណ​គែល​ដោយ​សារ​គាត់​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ ហើយ​តែង​តែ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​គាត់​មាន។ គាត់​បន្ត​គាំ​ទ្រ​ខ្ញុំ​និង​ជា​ដៃ​គូ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។

នៅ​ឆ្នាំ​១៩៨៦ ខ្ញុំ​និង​គែល​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ហើយ​នៅ​ដំណាល​គ្នា​នោះ ខ្ញុំ​បាន​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា។ កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ តម្រូវ​ឲ្យ​យើង​បម្រើ​នៅ​ប្រទេស​ជា​ច្រើន​ដែល​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​ការិយាល័យ​សាខា​កេនយ៉ា។

បងមនហ្វ្រេដ ថូណកថ្លែងសុន្ទរកថានៅមហាសន្និបាតមួយនៅក្រុងអាស្មារ៉ា(ដែលឥឡូវនៅប្រទេសអេរីត្រេ)នាឆ្នាំ១៩៩២

ខ្ញុំ​ថ្លែង​សុន្ទរកថា​នៅ​មហា​សន្និបាត នា​ក្រុង​អាស្មារ៉ា ឆ្នាំ​១៩៩២

ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អ​អំពី​ការ​រៀប​ចំ​មហា​សន្និបាត​នៅ​ក្រុង​អាស្មារ៉ា (​នៅ​ប្រទេស​អេរីត្រេ​) នា​ឆ្នាំ​១៩៩២ ពេល​ដែល​កិច្ច​ការ​របស់​យើង​មិន​ទាន់​បាន​ត្រូវ​គេ​ដាក់​បម្រាម។ ជា​ឧទាហរណ៍ យើង​ស្ដាយ​ណាស់ ដែល​កន្លែង​តែ​មួយ​ដែល​យើង​អាច​រក​ឃើញ​ដើម្បី​ធ្វើ​មហា​សន្និបាត គឺ​ក្រោល​សត្វ​មួយ។ បើ​មើល​ពី​ខាង​ក្រៅ​វា​អត់​ស្អាត ហើយ​ខាង​ក្នុង​គឺ​កាន់​តែ​អាក្រក់​មើល​ជាង​នេះ​ទៅ​ទៀត។ ប៉ុន្តែ​នៅ​ថ្ងៃ​មហា​សន្និបាត ខ្ញុំ​កោត​ស្ងើច​អំពី​របៀប​ដែល​បង​ប្អូន​បាន​ធ្វើ​ឲ្យ​ខាង​ក្នុង​ក្រោល​សត្វ​នោះ​ទៅ​ជា​កន្លែង​ដែល​សម​នឹង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ក្រុម​គ្រួសារ​ជា​ច្រើន​បាន​យក​ផ្ទាំង​ក្រណាត់​មក​តុបតែង​យ៉ាង​ប៉ិន​ប្រសប់​ដើម្បី​គ្រប​បាំង​អ្វី​ដែល​មិន​ស្អាត។ យើង​បាន​ចូល​រួម​មហា​សន្និបាត​ដ៏​សប្បាយ​និង​គួរ​ឲ្យ​រំភើប​ចិត្ត​នៅ​ទី​នោះ ដែល​មាន​អ្នក​ចូល​រួម​ចំនួន​១.២៧៩​នាក់។

កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​សម្រាប់​យើង ដោយ​សារ​កន្លែង​ស្នាក់​នៅ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ នៅ​ពេល​មួយ យើង​បាន​ស្នាក់​នៅ​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ ក្បែរ​សមុទ្រ ហើយ​នៅ​ពេល​មួយ​ទៀត យើង​ស្នាក់​នៅ​ផ្ទះ​តូច​មួយ​ដែល​ធ្វើ​ពី​ស័ង្កសី ដែល​មាន​បន្ទប់​ទឹក​ចម្ងាយ​១០០​ម៉ែត្រ​ពី​ផ្ទះ។ ប៉ុន្តែ ទោះ​ជា​យើង​បម្រើ​នៅ​កន្លែង​ណា​ក្ដី ថ្ងៃ​ដែល​យើង​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​នឹង​អ្នក​ត្រួស​ត្រាយ​និង​អ្នក​ផ្សព្វ​ផ្សាយ​ដ៏​ខ្នះ​ខ្នែង​ឯ​ទៀត​គឺ​ជា​អនុស្សាវរីយ៍​ដ៏​ល្អ​បំផុត​សម្រាប់​យើង។ ពេល​យើង​បាន​ទទួល​ភារកិច្ច​ថ្មី​មួយ​ទៀត យើង​ត្រូវ​ចាក​ចេញ​ពី​មិត្ត​ភក្ដិ​ជា​ទី​ស្រឡាញ់​ជា​ច្រើន​ដែល​យើង​នឹក​ខ្លាំង​ណាស់។

ពរ​ដែល​យើង​បាន​ទទួល​នៅ​ប្រទេស​អេត្យូពី

ចាប់​ពី​ឆ្នាំ​១៩៨៧​ដល់​ឆ្នាំ​១៩៩២ កិច្ច​ការ​របស់​យើង​បាន​ត្រូវ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នៅ​ប្រទេស​មួយ​ចំនួន​ដែល​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​ការិយាល័យ​សាខា​កេនយ៉ា។ ជា​លទ្ធផល ការិយាល័យ​សាខា​ឬ​ការិយាល័យ​ប្រទេស​បាន​ត្រូវ​រៀប​ចំ​ឡើង។ នៅ​ឆ្នាំ​១៩៩៣ យើង​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​នៅ​ការិយាល័យ​អេត្យូពី​នា​ក្រុង​អាឌីសអាបេបា។ កិច្ច​ការ​របស់​យើង​នៅ​ទី​នោះ​បាន​ត្រូវ​ធ្វើ​ដោយ​សម្ងាត់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ឥឡូវ​បាន​ត្រូវ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់។

បងមនហ្វ្រេដ និងបងគែល ថូណកនៅប្រទេសអេត្យូពី នៅឆ្នាំ១៩៩៦

ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​នៅ​តំបន់​ស្រុក​ស្រែ នា​ប្រទេស​អេត្យូពី ឆ្នាំ​១៩៩៦

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​លើ​កិច្ច​ការ​នៅ​ប្រទេស​អេត្យូពី។ បង​ប្អូន​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ។ ជា​រៀង​រាល់​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១២ អ្នក​ផ្សព្វ​ផ្សាយ​ជាង​២០​ភាគ​រយ​បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ម្យ៉ាង​ទៀត បង​ប្អូន​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដ៏​សំខាន់​ចាំ​បាច់​ពី​សាលា​កិច្ច​បម្រើ ហើយ​សាល​ប្រជុំ​ជាង​១២០​បាន​ត្រូវ​សាង​សង់​ឡើង។ នៅ​ឆ្នាំ​២០០៤ ក្រុម​គ្រួសារ​បេតអែល​បាន​រើ​ទៅ​រស់​នៅ​អគារ​ថ្មី ហើយ​ពរ​មួយ​សម្រាប់​បង​ប្អូន​នៅ​ប្រទេស​នោះ​គឺ​ការ​មាន​សាល​សន្និបាត​នៅ​ក្នុង​ទឹក​ដី​បេតអែល។

ខ្ញុំ​និង​គែល​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​អស់​ជា​ច្រើន​ឆ្នាំ ជា​មួយ​នឹង​បង​ប្អូន​នៅ​ប្រទេស​អេត្យូពី។ យើង​ពិត​ជា​ស្រឡាញ់​ពួក​គេ​ដោយ​សារ​ពួក​គេ​សប្បុរស​និង​មាន​សេចក្ដី​ស្រឡាញ់។ ថ្មី​ៗ​នេះ យើង​មាន​បញ្ហា​សុខភាព ដូច្នេះ​យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ការិយាល័យ​សាខា​ទ្វីប​អឺរ៉ុប​កណ្ដាល។ បង​ប្អូន​នៅ​ទី​នេះ មើល​ថែ​យើង​ដោយ​សេចក្ដី​ស្រឡាញ់ ប៉ុន្តែ​យើង​នៅ​តែ​នឹក​បង​ប្អូន​ជា​ទី​ស្រឡាញ់​នៅ​ប្រទេស​អេត្យូពី។

ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ដុះ​លូត​លាស់

យើង​បាន​ឃើញ​ដោយ​ផ្ទាល់​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​កិច្ច​ការ​របស់​លោក​រីក​ចម្រើន​ឡើង។ (​១កូ. ៣:៦, ៩​) ជា​ឧទាហរណ៍ ពេល​ខ្ញុំ​ផ្សព្វ​ផ្សាយ​ជា​លើក​ដំបូង​ដល់​កម្មករ​ជន​ជាតិ​រវ៉ាន់ដា ដែល​ជីក​រក​ស្ពាន់​នៅ​ប្រទេស​កុងហ្គោ គ្មាន​អ្នក​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​រវ៉ាន់ដា​នៅ​ពេល​នោះ​ទេ។ ឥឡូវ​នៅ​ប្រទេស​រវ៉ាន់ដា មាន​បង​ប្អូន​ជាង​៣០.០០០​នាក់។ នៅ​ឆ្នាំ​១៩៦៧ ប្រទេស​កុងហ្គោ(​គីនស្ហាសា​) មាន​អ្នក​ផ្សាយ​ប្រហែល​ជា​៦.០០០​នាក់។ ឥឡូវ​នៅ​ទី​នោះ មាន​អ្នក​ផ្សព្វ​ផ្សាយ​ប្រហែល​២៣០.០០០​នាក់ ហើយ​មាន​ជាង​មួយ​លាន​នាក់​ដែល​បាន​ចូល​រួម​ពិធី​រំលឹក​នៅ​ឆ្នាំ​២០១៨។ នៅ​ប្រទេស​ទាំង​អស់​ដែល​ពី​មុន​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​ការិយាល័យ​សាខា​កេនយ៉ា មាន​អ្នក​ផ្សាយ​កើន​ឡើង​រហូត​ដល់​ឥឡូវ​មាន​ជាង​១០០.០០០​នាក់។

បងមនហ្វ្រេដ និងបងគែល ថូណកនៅសព្វថ្ងៃនេះ

ជាង​៥០​ឆ្នាំ​មុន ព្រះ​យេហូវ៉ា​បាន​ប្រើ​បង​ប្រុស​ផ្សេង​ៗ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល។ ទោះ​ជា​ខ្ញុំ​នៅ​តែ​ជា​មនុស្ស​អៀន​ខ្មាស​ក្ដី ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។ បទ​ពិសោធន៍​របស់​ខ្ញុំ​នៅ​ទ្វីប​អាហ្វ្រិក បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ស្កប់​ចិត្ត​និង​មាន​ចិត្ត​អត់​ធ្មត់។ ខ្ញុំ​និង​គែល​ស្ងើច​សរសើរ​បង​ប្អូន​ជា​ទី​ស្រឡាញ់​នៅ​ទី​នោះ​ដែល​ទទួល​អ្នក​ឯ​ទៀត​យ៉ាង​រាក់​ទាក់ ស៊ូ​ទ្រាំ​ទោះ​ជា​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ក្ដី និង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ ខ្ញុំ​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ខ្លាំង​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។ ពរ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​គឺ​ហួស​ពី​ការ​នឹក​ស្មាន។—ទំនុក. ៣៧:៤

a ក្រោយ​មក​ឯកសារ​នោះ​បាន​ត្រូវ​ហៅ​ថា​កិច្ច​បម្រើ​ព្រះ ហើយ​ឥឡូវ​យើង​ហៅ​ថា​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក កំណត់​សម្រាប់​កិច្ច​ប្រជុំ។

b ពាក្យ​«​គីតាវ៉ាឡា​»​មក​ពី​ពាក្យ​ភាសា​ស្វាហីលី​ដែល​មាន​អត្ថន័យ​ថា​«​ត្រួត​ត្រា ដឹក​នាំ ឬ​គ្រប់​គ្រង​»។ គោល​ដៅ​របស់​ចលនា​នោះ​ទាក់​ទង​នឹង​ខាង​នយោបាយ ពោល​គឺ​ពួក​គេ​ចង់​បាន​ឯករាជ្យ​ភាព​ពី​ប្រទេស​បែលហ្ស៊ិក។ ក្រុម​គីតាវ៉ាឡា​ទទួល សិក្សា និង​ចែក​ចាយ​សៀវភៅ​របស់​សាក្សី​ព្រះ​យេហូវ៉ា ហើយ​និយាយ​បង្ខុស​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ដើម្បី​គាំ​ទ្រ​ទស្សនៈ​នយោបាយ​របស់​ពួក​គេ ទំនៀម​ទម្លាប់​ដែល​ទាក់​ទង​នឹង​អបិយជំនឿ និង​របៀប​រស់​នៅ​របស់​ពួក​គេ​ដែល​ប្រាស​ចាក​សីលធម៌។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក