អត្ថបទសិក្សា ៤៦
តើអ្នកកំពុងថែរក្សា«ខែលធំនៃជំនឿ»ឬទេ?
«[ចូរ]ទទួលយកខែលធំនៃជំនឿ»។—អេភ. ៦:១៦
ចម្រៀងលេខ១១៩ យើងត្រូវតែមានជំនឿ
សេចក្ដីសង្ខេបa
១-២. (ក) យោងទៅតាមអេភេសូរ ៦:១៦ ហេតុអ្វីយើងត្រូវការ«ខែលធំនៃជំនឿ»? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
តើអ្នកមាន«ខែលធំនៃជំនឿ»ឬទេ? (សូមអាន អេភេសូរ ៦:១៦) អ្នកច្បាស់ជាមាន។ ដូចខែលធំដែលការពារស្ទើរតែពេញមួយជំហរនៃរូបកាយ ជំនឿរបស់អ្នកការពារអ្នកពីអ្វីអាក្រក់ក្នុងពិភពលោកនេះ ដូចជាអំពើប្រាសចាកសីលធម៌ អំពើឃោរឃៅ និងអ្វីផ្សេងទៀតដែលមិនស្របតាមខ្នាតតម្រារបស់ព្រះ។
២ ប៉ុន្តែ យើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់» ដូច្នេះយើងនឹងកាន់តែពិបាករក្សាជំនឿរឹងមាំ។ (២ធី. ៣:១) តើអ្នកអាចពិនិត្យមើលខែលធំនៃជំនឿរបស់អ្នកយ៉ាងដូចម្ដេច ដើម្បីធ្វើឲ្យប្រាកដថាវានៅតែរឹងមាំ? ដើម្បីរក្សាជំនឿរបស់អ្នកឲ្យរឹងមាំ តើអ្នកអាចធ្វើអ្វី? សូមយើងពិចារណាចម្លើយចំពោះសំណួរទាំងនេះ។
ចូរពិនិត្យមើលខែលរបស់អ្នកដោយយកចិត្តទុកដាក់
ក្រោយពីច្បាំង ទាហានជួសជុលខែលរបស់ពួកគេ (សូមមើលវគ្គ៣)
៣. តើទាហានបានធ្វើអ្វីចំពោះខែលរបស់ពួកគេ ហើយហេតុអ្វី?
៣ នៅសម័យគម្ពីរ ទាហានច្រើនតែមានខែលដែលស្រោបដោយស្បែកសត្វ។ ទាហានបានលាបប្រេងលើខែល ដើម្បីឲ្យស្បែកនៅធន់បានយូរ និងការពារដែកមិនឲ្យច្រែះស៊ី។ បើទាហានបានដឹងថាខែលរបស់គាត់ខូច គាត់ធ្វើឲ្យប្រាកដថាវាបានត្រូវជួសជុល ដើម្បីគាត់ប្រុងប្រៀបជានិច្ចសម្រាប់ច្បាំងនៅលើកក្រោយ។ តើឧទាហរណ៍នេះជាប់ទាក់ទងនឹងជំនឿរបស់អ្នកយ៉ាងដូចម្ដេច?
៤. ហេតុអ្វីអ្នកត្រូវពិនិត្យមើលខែលនៃជំនឿ ហើយតើអ្នកគួរធ្វើដូច្នេះយ៉ាងដូចម្ដេច?
៤ ដូចទាហាននៅសម័យបុរាណ អ្នកត្រូវពិនិត្យមើលនិងថែរក្សាខែលនៃជំនឿរបស់អ្នកជាទៀងទាត់ ដើម្បីអ្នកត្រៀមខ្លួនជានិច្ចសម្រាប់ចម្បាំង។ ក្នុងនាមជាគ្រិស្តសាសនិកពិត យើងត្រូវប្រយុទ្ធនឹងពួកវិញ្ញាណទុច្ចរិត។ (អេភ. ៦:១០-១២) គ្មានអ្នកណាអាចថែរក្សាខែលនៃជំនឿរបស់អ្នកជំនួសអ្នកបានឡើយ។ តើតាមរបៀបណាអ្នកអាចធ្វើឲ្យប្រាកដថាជំនឿរបស់អ្នកនឹងរឹងមាំល្មម ដើម្បីប្រឈមមុខនឹងបញ្ហាផ្សេងៗ? ដំបូង អ្នកត្រូវអធិដ្ឋានសុំជំនួយពីព្រះ។ បន្ទាប់មក អ្នកត្រូវប្រើបណ្ដាំរបស់ព្រះដើម្បីជួយអ្នកឲ្យពិនិត្យមើលថាតើជំនឿរបស់អ្នកស្របតាមបំណងប្រាថ្នារបស់លោកឬយ៉ាងណា។ (ហេ. ៤:១២) គម្ពីរចែងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។ (សុភ. ៣:៥, ៦) សូមគិតអំពីស្ថានភាពក្នុងជីវិតរបស់អ្នកនៅពេលថ្មីៗនេះ និងអំពីអ្វីដែលអ្នកបានធ្វើចំពោះស្ថានភាពនោះ។ ជាឧទាហរណ៍ តើអ្នកមានបញ្ហាធំខាងលុយកាក់ឬទេ? នៅពេលនោះ តើអ្នកគិតអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ានៅហេប្រឺ ១៣:៥ឬទេ ដែលថា៖ «ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ»? តើសេចក្ដីសន្យានោះធ្វើឲ្យអ្នកជឿជាក់ថាព្រះយេហូវ៉ានឹងជួយអ្នកឬទេ? បើដូច្នេះ នេះបង្ហាញថាអ្នកកំពុងរក្សាខែលនៃជំនឿរបស់អ្នកឲ្យនៅល្អ។
៥. តើអ្នកប្រហែលជាឃើញអ្វី ពេលដែលអ្នកពិនិត្យមើលជំនឿរបស់អ្នក?
៥ ពេលដែលអ្នកពិនិត្យមើលជំនឿរបស់អ្នកដោយយកចិត្តទុកដាក់ អ្នកប្រហែលជាភ្ញាក់ផ្អើលចំពោះអ្វីដែលអ្នកឃើញ។ អ្នកប្រហែលជារកឃើញភាពទន់ខ្សោយដែលអ្នកមិនកត់សម្គាល់ពីមុន។ ជាឧទាហរណ៍ អ្នកប្រហែលជាឃើញថាការខ្វល់ខ្វាយហួសហេតុពេក ការកុហក និងការធ្លាក់ទឹកចិត្តបានចាប់ផ្ដើមបង្ខូចជំនឿរបស់អ្នក។ បើនេះកើតឡើងចំពោះអ្នក តើអ្នកអាចការពារជំនឿមិនឲ្យខូចតទៅមុខទៀតយ៉ាងដូចម្ដេច?
ចូរការពារខ្លួនពីការខ្វល់ខ្វាយហួសហេតុពេក ការកុហក និងការធ្លាក់ទឹកចិត្ត
៦. តើការខ្វល់ខ្វាយអំពីរឿងអ្វីខ្លះគឺមិនខុស?
៦ ការខ្វល់ខ្វាយទាំងអស់មិនមែនសុទ្ធតែខុសទេ។ ជាឧទាហរណ៍ គឺសមត្រឹមត្រូវដែលយើងខ្វល់ខ្វាយអំពីការធ្វើឲ្យព្រះយេហូវ៉ានិងលោកយេស៊ូពេញចិត្ត។ (១កូ. ៧:៣២) បើយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ យើងខ្វល់ខ្វាយជាខ្លាំងអំពីការមានចំណងមិត្តភាពឡើងវិញជាមួយនឹងព្រះ។ (ទំនុក. ៣៨:១៨) យើងក៏ខ្វល់ខ្វាយអំពីការផ្គាប់ចិត្តគូអាពាហ៍ពិពាហ៍របស់យើង និងអំពីសុខុមាលភាពរបស់ក្រុមគ្រួសារនិងបងប្អូនរួមជំនឿ។—១កូ. ៧:៣៣; ២កូ. ១១:២៨
៧. យោងទៅតាមសុភាសិត ២៩:២៥ ហេតុអ្វីយើងមិនចាំបាច់ខ្លាចមនុស្ស?
៧ ផ្ទុយទៅវិញ ការខ្វល់ខ្វាយហួសហេតុពេកអាចបង្ខូចជំនឿរបស់យើង។ ជាឧទាហរណ៍ យើងប្រហែលជាចេះតែខ្វល់ខ្វាយថាតើយើងមានអាហារនិងសម្លៀកបំពាក់គ្រប់គ្រាន់ឬយ៉ាងណា។ (ម៉ាថ. ៦:៣១, ៣២) ដើម្បីកាត់បន្ថយការព្រួយបារម្ភនេះ យើងប្រហែលជាផ្ដោតអារម្មណ៍ទៅលើការប្រមូលទ្រព្យសម្បត្ដិ ហើយយើងថែមទាំងអាចចាប់ផ្ដើមស្រឡាញ់លុយទៀតផង។ បើយើងអនុញ្ញាតឲ្យនេះកើតឡើង ជំនឿរបស់យើងលើព្រះយេហូវ៉ានឹងចុះខ្សោយ ហើយចំណងមិត្តភាពរបស់យើងជាមួយនឹងលោកនឹងត្រូវបង្ខូច។ (ម៉ាក. ៤:១៩; ១ធី. ៦:១០) ឬយើងប្រហែលជាព្រួយបារម្ភអំពីអ្វីមួយទៀត គឺយើងគិតច្រើនពេកអំពីការចង់ទទួលការពេញចិត្តពីអ្នកឯទៀត។ យ៉ាងនេះ យើងប្រហែលជាខ្លាចមនុស្សរិះគន់ឬបៀតបៀនយើង ជាជាងខ្លាចថាព្រះយេហូវ៉ាលែងពេញចិត្តយើង។ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់នេះ យើងត្រូវអង្វរសុំព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវជំនឿនិងចិត្តក្លាហានដែលយើងត្រូវការ ដើម្បីប្រឈមមុខនឹងការពិបាកនោះ។—សូមអាន សុភាសិត ២៩:២៥; លូក. ១៧:៥
(សូមមើលវគ្គ៨)b
៨. តើយើងគួរតបឆ្លើយយ៉ាងណាចំពោះពាក្យកុហក?
៨ សាថានដែលជា«ឪពុកនៃការភូតភរ»ប្រើពួកអ្នកដែលនៅក្រោមអំណាចរបស់វា ដើម្បីផ្សាយពាក្យកុហកអំពីព្រះយេហូវ៉ានិងបងប្អូនរបស់យើង។ (យ៉ូន. ៨:៤៤) ជាឧទាហរណ៍ ពួកអ្នកក្បត់ជំនឿផ្សាយពាក្យកុហកនិងបំផ្លើសការពិតអំពីអង្គការរបស់ព្រះយេហូវ៉ាតាមគេហទំព័រ ទូរទស្សន៍ និងប្រព័ន្ធផ្សាយព័ត៌មានផ្សេងទៀត។ ការកុហកទាំងនោះគឺនៅក្នុងចំណោម«ព្រួញឆេះ»របស់សាថាន។ (អេភ. ៦:១៦) បើបុគ្គលណាម្នាក់ចាប់ផ្ដើមនិយាយជាមួយយើងអំពីពាក្យកុហកទាំងនេះ តើយើងគួរធ្វើយ៉ាងណា? យើងមិនព្រមស្ដាប់ទេ! ហេតុអ្វី? ពីព្រោះយើងមានជំនឿលើព្រះយេហូវ៉ា ហើយយើងទុកចិត្តបងប្អូនរបស់យើង។ តាមពិត យើងមិនប្រាស្រ័យទាក់ទងជាមួយនឹងអ្នកក្បត់ជំនឿសោះឡើយ។ យើងមិនឈ្លោះប្រកែកជាមួយនឹងពួកគេអំពីរឿងណាមួយ ឬដោយមូលហេតុណាមួយទេ ហើយយើងមិនចង់ដឹងឮអំពីអ្វីដែលពួកគេនិយាយឡើយ។
៩. តើការធ្លាក់ទឹកចិត្តអាចមានឥទ្ធិពលយ៉ាងណាមកលើយើង?
៩ ការធ្លាក់ទឹកចិត្តអាចធ្វើឲ្យជំនឿរបស់យើងចុះខ្សោយ។ យើងមិនអាចធ្វើព្រងើយកន្តើយនឹងបញ្ហារបស់យើងបានឡើយ។ តាមការពិត គឺមិនត្រឹមត្រូវឲ្យយើងព្យាយាមធ្វើដូច្នេះទេ។ ជួនកាល យើងប្រហែលជាធ្លាក់ទឹកចិត្ត។ ប៉ុន្តែ យើងមិនគួរគិតអំពីបញ្ហារបស់យើងគ្រប់ពេលទេ។ បើដូច្នេះ យើងប្រហែលជានឹងភ្លេចអំពីអ្វីល្អៗដែលព្រះយេហូវ៉ាបានសន្យានឹងយើង។ (បប. ២១:៣, ៤) នេះអាចនាំឲ្យយើងធ្លាក់ទឹកចិត្តជាខ្លាំង រហូតដល់យើងអស់កម្លាំងចិត្ត ហើយឈប់បម្រើព្រះយេហូវ៉ា។ (សុភ. ២៤:១០) ប៉ុន្តែ នេះមិនចាំបាច់កើតឡើងលើយើងទេ។
១០. តើអ្នករៀនអ្វីពីសំបុត្រដែលបងស្រីម្នាក់បានសរសេរ?
១០ សូមពិចារណាអំពីរបៀបដែលបងស្រីម្នាក់នៅសហរដ្ឋអាម៉េរិករក្សាជំនឿរបស់គាត់ កាលដែលគាត់មើលថែប្ដីរបស់គាត់ដែលមានជំងឺធ្ងន់ធ្ងរ។ គាត់បានសរសេរសំបុត្រមួយទៅកាន់មន្ទីរចាត់ការពិភពលោក ដោយរៀបរាប់ថា៖ «ពេលខ្លះ ស្ថានភាពរបស់យើងធ្វើឲ្យយើងតានតឹងចិត្តនិងធ្លាក់ទឹកចិត្ត ប៉ុន្តែយើងមានសេចក្ដីសង្ឃឹមមុតមាំ។ ខ្ញុំពិតជាកោតស្ងើចចំពោះការណែនាំដែលយើងបានទទួលដើម្បីពង្រឹងជំនឿរបស់យើងនិងលើកទឹកចិត្តយើង។ យើងពិតជាត្រូវការយោបល់និងការលើកទឹកចិត្តនេះ។ នេះជួយយើងឲ្យបន្តបម្រើព្រះយេហូវ៉ា ហើយស៊ូទ្រាំនឹងទុក្ខលំបាកដែលសាថានបង្កឡើងដើម្បីឲ្យយើងចុះខ្សោយ»។ តាមរយៈអ្វីដែលបងស្រីនេះរៀបរាប់ យើងរៀនថាយើងអាចយកឈ្នះការធ្លាក់ទឹកចិត្តបាន! តើតាមរបៀបណា? សូមចាំថាបញ្ហារបស់អ្នកគឺជាការសាកល្បងមួយដែលមកពីសាថាន។ សូមទទួលស្គាល់ថាព្រះយេហូវ៉ាជាប្រភពនៃការសម្រាលទុក្ខ។ ម្យ៉ាងទៀត សូមឲ្យតម្លៃចំពោះសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារពីលោក។
តើអ្នកកំពុងថែរក្សា«ខែលធំនៃជំនឿ»ឬទេ? (សូមមើលវគ្គ១១)c
១១. ដើម្បីដឹងថាជំនឿរបស់យើងរឹងមាំឬយ៉ាងណា តើយើងគួរសួរខ្លួនឯងនូវសំណួរអ្វីខ្លះ?
១១ តើអ្នកឃើញថាខែលនៃជំនឿរបស់អ្នកត្រូវការការពង្រឹងឲ្យខ្លាំងជាងឬទេ? ក្នុងអំឡុងពេលប៉ុន្មានខែមកនេះ តើអ្នកបានជៀសវាងពីការខ្វល់ខ្វាយហួសហេតុពេកឬទេ? តើអ្នកមិនព្រមស្ដាប់ និងមិនព្រមឈ្លោះប្រកែកជាមួយនឹងពួកអ្នកក្បត់ជំនឿអំពីការកុហកដែលពួកគេផ្សាយឬទេ? ម្យ៉ាងទៀត តើអ្នកបានយកឈ្នះនឹងការធ្លាក់ទឹកចិត្តឬទេ? បើអ្នកបានធ្វើអ្វីទាំងនេះ ជំនឿរបស់អ្នកគឺនៅតែល្អ។ ប៉ុន្តែ យើងត្រូវប្រុងប្រយ័ត្ន ដោយសារសាថានមានអាវុធផ្សេងទៀតដែលវាប្រើដើម្បីប្រឆាំងនឹងយើង។ សូមយើងពិចារណានៅឥឡូវនេះអំពីអាវុធមួយក្នុងចំណោមអាវុធទាំងនោះ។
ចូរការពារខ្លួនពីការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ
១២. តើអ្វីអាចកើតឡើង បើយើងឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ?
១២ ការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិអាចបង្វែរអារម្មណ៍យើង ហើយធ្វើឲ្យយើងលែងថែរក្សាខែលនៃជំនឿរបស់យើង។ សាវ័កប៉ូលបាននិយាយថា៖ «គ្មានទាហានណាម្នាក់ចូលប្រឡូកក្នុងជំនួញរបស់ជនស៊ីវិលទេ ព្រោះគាត់ចង់ធ្វើឲ្យអ្នកដែលបានចុះឈ្មោះគាត់ជាទាហានពេញចិត្តនឹងគាត់»។ (២ធី. ២:៤) តាមពិត ទាហានរ៉ូមមិនបានត្រូវអនុញ្ញាតឲ្យធ្វើការងារឬប្រកបមុខរបរផ្សេងទេ។ តើអ្វីអាចកើតឡើង បើទាហានមិនបានអើពើនឹងតម្រូវការនេះ?
១៣. ហេតុអ្វីទាហានមិនចូលប្រឡូកក្នុងជំនួញ?
១៣ សូមស្រមៃគិតអំពីអ្វីដែលអាចកើតឡើង។ ទាហានមួយក្រុមបានត្រូវហ្វឹកហ្វឺនសម្រាប់ច្បាំង ប៉ុន្តែទាហានម្នាក់មិនបានចូលរួមទេ ដោយសារគាត់ជាប់រវល់លក់ម្ហូបអាហារនៅឯផ្សារ។ នៅពេលល្ងាច ពួកទាហាននោះចំណាយពេលពិនិត្យមើលគ្រឿងចម្បាំងរបស់ពួកគេ និងសំលៀងដាវរបស់ពួកគេ។ តែទាហានម្នាក់ដែលលក់ម្ហូបអាហារ ចំណាយពេលដើម្បីរៀបចំម្ហូបទុកលក់នៅថ្ងៃស្អែក។ លុះដល់ស្អែកឡើង សត្រូវក៏បានវាយលុកចូល។ តើទាហានមួយណាបានត្រៀមខ្លួនសម្រាប់ច្បាំង ហើយនឹងធ្វើឲ្យមេបញ្ជាការរបស់គាត់សប្បាយចិត្ត? មួយវិញទៀត បើអ្នកចូលរួមប្រយុទ្ធក្នុងចម្បាំងនោះ តើអ្នកចង់ឈរនៅក្បែរទាហានដែលបានត្រៀមខ្លួនរួចរាល់ ឬក៏ទាហានដែលបានត្រូវបំបែរអារម្មណ៍?
១៤. ក្នុងនាមជាទាហានរបស់គ្រិស្ត តើយើងឲ្យតម្លៃចំពោះអ្វី?
១៤ ដូចទាហានល្អ អ្វីដែលសំខាន់បំផុតសម្រាប់យើង គឺការធ្វើឲ្យព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តដែលជាមេបញ្ជាការរបស់យើងសប្បាយចិត្ត។ ចំពោះយើង នេះមានតម្លៃជាងអ្វីៗដែលយើងអាចទទួលក្នុងពិភពលោករបស់សាថាន។ យើងធ្វើឲ្យប្រាកដថាយើងមានពេលនិងកម្លាំងដែលយើងត្រូវការដើម្បីបម្រើព្រះយេហូវ៉ា ហើយដើម្បីបន្តរក្សាខែលនៃជំនឿនិងគ្រឿងចម្បាំងឯទៀតដែលយើងទទួលពីលោកឲ្យនៅល្អ។
១៥. តើប៉ូលបានព្រមានយើងអំពីអ្វី ហើយហេតុអ្វី?
១៥ យើងត្រូវភ្ញាក់ដឹងខ្លួនជានិច្ច! ហេតុអ្វី? សាវ័កប៉ូលបានព្រមានថា៖ «អ្នកដែលតាំងចិត្តធ្វើជាអ្នកមាន»នឹង«ត្រូវបង្វែរចេញពីជំនឿ»។ (១ធី. ៦:៩, ១០) ពាក្យ«បង្វែរចេញ»បញ្ជាក់ថាការព្យាយាមចង់បានអ្វីដែលយើងមិនត្រូវការ អាចបំបែរអារម្មណ៍យើង។ យ៉ាងនេះ យើងអាចចាប់ផ្ដើមមាន«សេចក្ដីប៉ងប្រាថ្នាជាច្រើនដែលផ្ដេសផ្ដាស និងនាំឲ្យមានទុក្ខលំបាក»។ ប៉ុន្តែ យើងគួរចាំថាសាថានប្រើសេចក្ដីប៉ងប្រាថ្នាទាំងនេះជាអាវុធដើម្បីធ្វើឲ្យជំនឿរបស់យើងចុះខ្សោយ។
១៦. តើកំណត់ហេតុនៅម៉ាកុស ១០:១៧-២២ គួរជំរុញចិត្តយើងឲ្យគិតអំពីសំណួរអ្វីខ្លះ?
១៦ ឧបមាថាយើងមានលុយគ្រប់គ្រាន់ ដើម្បីទិញវត្ថុទ្រព្យជាច្រើន។ តើយើងធ្វើខុសឬទេ បើយើងទិញអ្វីៗដែលយើងចង់បានតែតាមពិតមិនត្រូវការ? គឺមិនតែងតែខុសទេ។ ប៉ុន្តែ សូមគិតអំពីសំណួរទាំងនេះ៖ ទោះជាយើងមានលទ្ធភាពទិញរបស់ណាមួយ តើយើងពិតជាមានពេលនិងកម្លាំងដើម្បីប្រើនិងថែរក្សាវាឬទេ? តើយើងអាចចាប់ផ្ដើមស្រឡាញ់វត្ថុទ្រព្យខ្លាំងឬទេ? តើសេចក្ដីស្រឡាញ់របស់យើងចំពោះវត្ថុទ្រព្យអាចធ្វើឲ្យយើងប្រព្រឹត្តដូចបុរសវ័យក្មេងដែលមិនព្រមទទួលយកការអញ្ជើញរបស់លោកយេស៊ូឲ្យធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះឬទេ? (សូមអាន ម៉ាកុស ១០:១៧-២២) គឺល្អប្រសើរជាងឆ្ងាយណាស់ បើយើងមានរបៀបរស់នៅសាមញ្ញ ហើយប្រើកម្លាំងនិងពេលវេលាដ៏មានតម្លៃរបស់យើងក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះ!
ចូរកាន់ខែលនៃជំនឿរបស់អ្នកឲ្យជាប់
១៧. តើយើងមិនត្រូវភ្លេចអំពីអ្វី?
១៧ យើងមិនត្រូវភ្លេចថាយើងនៅក្នុងចម្បាំងមួយ ហើយយើងត្រូវប្រុងប្រៀបប្រយុទ្ធជារៀងរាល់ថ្ងៃ។ (បប. ១២:១៧) បងប្អូនរបស់យើងមិនអាចកាន់ខែលនៃជំនឿជំនួសយើងបានទេ។ យើងផ្ទាល់ត្រូវរក្សាជំនឿរបស់យើងឲ្យរឹងមាំ។
១៨. ហេតុអ្វីទាហាននៅសម័យបុរាណបានកាន់ខែលយ៉ាងជាប់?
១៨ នៅសម័យបុរាណ ទាហានបានទទួលកិត្ដិយសពេលដែលគាត់មានចិត្តអង់អាចក្លាហានក្នុងចម្បាំង។ ប៉ុន្តែ បើគាត់ត្រឡប់មកពីសមរភូមិវិញដោយមិនមានខែលរបស់គាត់ នោះគាត់នឹងបាក់មុខ។ ប្រវត្ដិវិទូជនជាតិរ៉ូមម្នាក់ឈ្មោះថាស៊ីថឹស បានសរសេរថា៖ «បើទាហានណារត់ចោលខែលរបស់គាត់ នោះជាការអាប់ឱនកិត្ដិយសបំផុត»។ នេះជាមូលហេតុមួយដែលពួកទាហានបានធ្វើឲ្យប្រាកដថាពួកគេកាន់ខែលរបស់ពួកគេឲ្យជាប់។
បងស្រីម្នាក់ដែលជាគ្រិស្តសាសនិកកាន់ខែលធំនៃជំនឿរបស់គាត់យ៉ាងជាប់ ដោយអានបណ្ដាំរបស់ព្រះ ចូលរួមកិច្ចប្រជុំជាទៀងទាត់ និងចូលរួមយ៉ាងពេញលេញក្នុងកិច្ចបម្រើផ្សាយ (សូមមើលវគ្គ១៩)
១៩. តើយើងអាចកាន់ខែលនៃជំនឿរបស់យើងឲ្យជាប់យ៉ាងដូចម្ដេច?
១៩ យើងកាន់ខែលនៃជំនឿរបស់យើងយ៉ាងជាប់ ដោយចូលរួមកិច្ចប្រជុំរបស់យើងជាគ្រិស្តសាសនិកជាទៀងទាត់ ហើយដោយប្រាប់អ្នកឯទៀតអំពីនាមរបស់ព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោក។ (ហេ. ១០:២៣-២៥) បន្ថែមទៅទៀត យើងអានបណ្ដាំរបស់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ ហើយអធិដ្ឋានទៅលោកឲ្យជួយយើងធ្វើតាមអ្វីដែលបណ្ដាំនោះបានចែង។ (២ធី. ៣:១៦, ១៧) យ៉ាងនេះ គ្មានអាវុធណាដែលសាថានប្រើដើម្បីទាស់នឹងយើង អាចធ្វើឲ្យយើងរងទុក្ខរហូតនោះទេ។ (អេ. ៥៤:១៧) «ខែលធំនៃជំនឿ»របស់យើង នឹងការពារយើង។ ដោយរួមគ្នាជាមួយនឹងបងប្អូនរបស់យើង យើងនឹងមានចិត្តក្លាហាន ហើយយកឈ្នះការប្រយុទ្ធដែលយើងមានជារៀងរាល់ថ្ងៃ។ យើងមិនគ្រាន់តែនឹងឈ្នះការប្រយុទ្ធនោះប៉ុណ្ណោះទេ តែយើងក៏នឹងមានកិត្ដិយសនៅខាងលោកយេស៊ូ ពេលលោកទទួលជ័យជម្នះក្នុងការប្រយុទ្ធនឹងសាថាននិងពួកអ្នកកាន់តាមវា។—បប. ១៧:១៤; ២០:១០
ចម្រៀងលេខ១១៨ «សូមផ្ដល់ជំនឿមកយើងថែមទៀត»
a ទាហានត្រូវការខែលដើម្បីការពារពួកគេពីគ្រោះថ្នាក់។ ជំនឿរបស់យើងប្រៀបដូចជាខែល។ ម្យ៉ាងទៀត ដូចដែលទាហានត្រូវថែរក្សាខែលរបស់ពួកគេ នោះយើងត្រូវថែរក្សាជំនឿរបស់យើង ដើម្បីធ្វើឲ្យប្រាកដថាជំនឿនោះនៅតែរឹងមាំ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលយើងអាចធ្វើដើម្បីប្រាកដថា«ខែលធំនៃជំនឿ»របស់យើងនៅតែល្អ។
b ការពណ៌នាអំពីរូបភាព: ពេលមានសេចក្ដីរាយការណ៍តាមទូរទស្សន៍អំពីពួកអ្នកក្បត់ជំនឿដែលផ្សាយពាក្យកុហកអំពីសាក្សីព្រះយេហូវ៉ា ក្រុមគ្រួសារមួយដែលជាសាក្សីបានបិទទូរទស្សន៍ភ្លាមៗ។
c ការពណ៌នាអំពីរូបភាព: បន្ទាប់មក ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ឪពុកប្រើបទគម្ពីរដើម្បីពង្រឹងជំនឿរបស់គ្រួសារ។