តើអាចធ្វើឲ្យមនុស្សប្រុងស្ដាប់យ៉ាងដូចម្ដេច?
១ នៅក្នុងទីក្រុងភីលីព«មានស្ត្រីម្នាក់ ជាអ្នកជំនួញល័ខពណ៌ស្វាយ ឈ្មោះលីឌា . . . នាងប្រុងស្ដាប់ ហើយព្រះ[យេហូវ៉ា]ទ្រង់បើកចិត្តនាង ឲ្យយកចិត្តទុកដាក់តាមសេចក្ដីដែលប៉ុលអធិប្បាយ»។ (កិច្ច. ១៦:១៤) តើកំណត់ហេតុនេះបង្រៀនអ្វីដល់យើង? ការប្រុងស្ដាប់ផ្ដល់ឱកាសឲ្យមនុស្សម្នាក់រៀនអំពីសេចក្ដីពិត។ ជោគជ័យក្នុងការផ្សព្វផ្សាយសាររាជាណាចក្ររបស់ព្រះ ពឹងទៅលើម្ចាស់ផ្ទះដែលសុខចិត្តស្ដាប់ជាចម្បង។ កាលណាគេប្រុងស្ដាប់យើង គឺស្រួលឲ្យយើងពន្យល់សាររាជាណាចក្រ។ ប៉ុន្តែ ធ្វើឲ្យមនុស្សម្នាក់ប្រុងស្ដាប់យើងអាចជាការពិបាក។ តើយើងអាចធ្វើយ៉ាងណា?
២ មុនពេលដែលយើងចេញទៅផ្សព្វផ្សាយ យើងត្រូវយកចិត្តទុកដាក់នឹងអាការក្រៅព្រមទាំងសៀវភៅផ្សេងៗរបស់យើង។ ហេតុអ្វី? បើយើងមានភាពថ្លៃថ្នូរ មនុស្សមានចិត្តចង់ស្ដាប់យើងជាង។ តើយើងស្លៀកពាក់រមទមនិងថ្លៃថ្នូរឬទេ? ទោះជាការស្លៀកពាក់តុបតែងបែបឥតសណ្ដាប់ធ្នាប់ជាម៉ូដពេញនិយមក៏ដោយ យើងត្រូវតែជៀសវាងពីការស្លៀកពាក់បែបនេះ ពីព្រោះយើងជាអ្នកបម្រើដែលតំណាងរាជាណាចក្ររបស់ព្រះ។ អាការក្រៅស្អាតបាតនិងរៀបរយ ជួយបង្ហាញយ៉ាងច្បាស់នូវតម្លៃនៃសាររាជាណាចក្រដែលយើងផ្សព្វផ្សាយ។
៣ ចូរមានចិត្តរាក់ទាក់និងចេះគោរព : ទោះមនុស្សមានចិត្តគំនិតផ្លាស់ប្ដូរក៏ពិតមែន តែក៏នៅតែមានមនុស្សជាច្រើនដែលគោរពគម្ពីរ ហើយនឹងប្រុងស្ដាប់ចំពោះការពិគ្រោះចំណុចផ្សេងៗក្នុងគម្ពីរដែរ។ ការញញឹមដោយស្មោះ នោះធ្វើឲ្យម្ចាស់ផ្ទះមានអារម្មណ៍ស្រួល និងបើកឱកាសឲ្យមានការពិគ្រោះគ្នាដ៏ល្អផង។ ភាពស្មោះនិងកិរិយាដ៏ល្អរបស់យើង គួរតែបង្ហាញតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តដែរ ដែលរួមបញ្ចូលការស្ដាប់ដោយគោរពដល់គំនិតរបស់ម្ចាស់ផ្ទះ។
៤ គោលបំណងរបស់យើងគឺដើម្បីប្រាប់មនុស្សឯទៀតអំពីសេចក្ដីសង្ឃឹមដែលបានចែងទុកក្នុងគម្ពីរ។ ដូច្នេះហើយ យើងគួរនិយាយតាមរបៀបដែលទាក់ទាញចិត្ត មិនមែនដើម្បីឲ្យគេប្រឆាំងនឹងយើងទេ។ យើងមិនចាំបាច់បង្ខាតពេលជជែកជាមួយមនុស្សដែលពិតជាចង់តែប្រឆាំងនឹងយើងឡើយ។ (២ធី. ២:២៣-២៥) យើងអាចរើសយករបៀបនិយាយផ្សេងៗដែលលើកទឹកចិត្តនិងតាមត្រូវពេលពីកិច្ចបម្រើព្រះ និងសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ។ ពិតមែន យើងត្រូវរៀបចំឲ្យបានល្អ ដើម្បីឲ្យយើងអាចនិយាយតាមបែបដែលបង្ហាញភាពកក់ក្ដៅនិងការជឿជាក់ទៀតផង។—១ពេ. ៣:១៥
៥ ក្រោយពីយើងផ្សព្វផ្សាយ មានម្ចាស់ផ្ទះតិចណាស់ដែលនៅចាំពីអ្វីដែលយើងបាននិយាយ។ ប៉ុន្តែ ពួកគេសឹងតែទាំងអស់អាចចាំពីរបៀបដែលយើងនិយាយទៅវិញ។ យើងមិនគួរមើលស្រាលទាល់តែសោះ ឥទ្ធិពលនៃភាពល្អនិងសេចក្ដីសប្បុរស។ ប្រាកដមែន គឺមានមនុស្សជាច្រើនដែលមានលក្ខណៈដូចចៀមក្នុងតំបន់ផ្សាយ ដែលនឹងប្រុងស្ដាប់សេចក្ដីពិត ដូចជានាងលីឌានៅសតវត្សរ៍ទី១ដែរ។ ប្រសិនបើយើងយកចិត្តទុកដាក់នឹងអាការក្រៅ និងពីរបៀបដែលយើងនិយាយ នោះអាចជំរុញទឹកចិត្តមនុស្សដែលស្មោះ ឲ្យប្រុងស្ដាប់តាមនិងព្រមទទួលយកបណ្ដាំរបស់ព្រះ។—ម៉ាក. ៤:២០