‹ចូរខំប្រឹងអស់ពីសមត្ថភាព›
១ ពេលដែលយើងថ្វាយខ្លួនទៅព្រះយេហូវ៉ា យើងបានសន្យាបំរើទ្រង់ឲ្យអស់ពីសមត្ថភាពរបស់យើង។ សមរម្យមែន ដែលសាវ័កពេត្រុសបានលើកទឹកចិត្តពួកគ្រីស្ទាននៅសតវត្សទីមួយ ឲ្យខំប្រឹងអស់ពីសមត្ថភាព ដើម្បីឲ្យដឹងពិតប្រាកដនូវឋានៈរបស់គេចំពោះព្រះយេហូវ៉ា។ (ពេត្រុសទី២ ១:១០) សព្វថ្ងៃនេះ យើងច្បាស់ជាចង់បំរើព្រះយេហូវ៉ាឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យទ្រង់សព្វព្រះហឫទ័យ។ តើទាក់ទងអ្វីខ្លះ? កាលណាទំនាក់ទំនងរបស់យើងជាមួយព្រះយេហូវ៉ាបានកាន់តែជ្រៅឡើងៗ ហើយយើងរំពឹងគិតនូវអ្វីៗដែលទ្រង់បានធ្វើសំរាប់យើង នោះចិត្តរបស់យើងជំរុញយើងឲ្យចង់តែប្រព្រឹត្តឲ្យអស់ពីសមត្ថភាពក្នុងកិច្ចបំរើទ្រង់។ យើងចង់ចំរើនដល់គុណភាព ហើយបើអាចធ្វើទៅបាន ចំរើនចំនួននៃកិច្ចការផ្សាយរបស់យើង។—ទំនុកដំកើង ៣៤:៨; ធីម៉ូថេទី២ ២:១៥
២ មានប្អូនប្រុសជំទង់ម្នាក់ដែលចង់ចំរើនកិច្ចផ្សាយ បានរកឃើញថា ការរៀនសូត្រព្រះបន្ទូលរបស់ព្រះឲ្យបានទៀងទាត់ ធ្វើឲ្យគាត់មានសេចក្ដីអបអរកាន់តែជ្រៅឡើងៗចំពោះព្រះយេហូវ៉ា ហើយបណ្ដុះឲ្យមានការខ្នះខ្នែងកាន់តែច្រើនឡើងដែរ។ នេះជំរុញឲ្យគាត់ស្ម័គ្រចិត្តធ្វើជាអ្នកត្រួសត្រាយពេញពេល។ បងស្រីម្នាក់ដែលមានការពិបាកនិយាយទៅកាន់បុគ្គលចម្លែក បានខំហាត់និយាយក្នុងសៀវភៅReasoning ហើយក្រោយមក គាត់មានសេចក្ដីរីករាយចំពោះការជោគជ័យក្នុងកិច្ចផ្សាយរបស់គាត់។ គាត់ក៏បានបង្រៀនព្រះគម្ពីរជាមួយប្ដីប្រពន្ធមួយដែលទទួលយកសេចក្ដីពិត។
៣ ចូរអរសប្បាយនូវអ្វីៗដែលអ្នកអាចធ្វើបាន: ពួកយើងខ្លះមានការពិសោធន៍កាលៈទេសៈដ៏ពិបាក ដូចជាសុខភាពមិនល្អ ការបៀតបៀនក្នុងគ្រួសារ ភាពក្រីក្រ ឬភាពកន្តើយក្នុងតំបន់ផ្សាយ។ បញ្ហាច្រើនឯទៀតដែលជាការធម្មតានៅគ្រាចុងក្រោយបង្អស់នេះ អាចបង្អាក់ដល់កិច្ចបំរើរបស់យើង។ (លូកា ២១:៣៤; ធីម៉ូថេទី២ ៣:១) តើនេះមានន័យថា យើងមិនបានសម្រេចតាមការថ្វាយខ្លួនរបស់យើងទៅព្រះយេហូវ៉ាឬ? មិនមែនទេ បើយើងបំរើទ្រង់បានអស់ពីសមត្ថភាពហើយនោះ។
៤ យើងមិនគួរប្រៀបធៀបយើងនឹងអ្វីៗដែលអ្នកដទៃបានសម្រេចនោះឡើយ។ ផ្ទុយទៅវិញ បទគម្ពីរលើកទឹកចិត្តយើងឲ្យ‹សឲ្យឃើញកិច្ចការដែលខ្លួនអាចសម្រេច›។ គឺថ្វាយខ្លួនយើងឲ្យបានពេញលេញ ដើម្បីឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងយើងផ្ទាល់ខ្លួន ហើយធ្វើឲ្យយើងមាន‹សេចក្ដីរីករាយក្រៃលែង›ផង។—កាឡាទី ៦:៤; កូល៉ុស ៣:២៣, ២៤
៥ ចូរយើងយកចិត្តទុកដាក់នឹងពាក្យរបស់ពេត្រុស ឲ្យ‹ខំប្រឹងអស់ពីសមត្ថភាព ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីមេត្រីផង›។ (ពេត្រុសទី២ ៣:១៤) គំនិតបែបនេះ នឹងធ្វើឲ្យយើងមានអារម្មណ៍សន្ដិសុខ ហើយនិងនាំឲ្យយើងមានចិត្តសុខសាន្ត ដែលមានតែព្រះយេហូវ៉ាអាចផ្ដល់ឲ្យបាន។—ទំនុកដំកើង ៤:៨