ពួកអ្នកត្រួតពិនិត្យដែលនាំមុខ ផ្នែកអ្នកដឹកនាំខាងក្រុមសិក្សា
១ គឺជាឯកសិទ្ធិដ៏ប្រសើរសំរាប់អ្នកចាស់ទុំឬក៏អ្នកងារជំនួយដែលមានសមត្ថភាព ដើម្បីបំរើជាអ្នកដឹកនាំខាងក្រុមសិក្សាតាមក្រុមជំនុំ។ ការមើលថែរក្សាសេចក្ដីត្រូវការខាងវិញ្ញាណរបស់អស់អ្នកក្នុងក្រុមរបស់គាត់ គឺជាភារកិច្ចដ៏ធ្ងន់ធ្ងរមួយ។ ភារកិច្ចរបស់គាត់គឺមានផ្នែកបីយ៉ាង។
២ ការបង្រៀនដោយសមត្ថភាព: គឺតម្រូវឲ្យរៀបចំយ៉ាងហ្មត់ចត់ បើអ្នកដឹកនាំការសិក្សាតាមក្រុមជំនុំនោះ ចង់ឲ្យក្រុមមានការចេះដឹងរៀងរាល់សប្ដាហ៍នោះ។ គាត់ស្វែងរកដើម្បីធ្វើយ៉ាងណាឲ្យមានការអបអរខ្លាំងចំពោះពត៌មានដែលកំពុងរៀននោះ។ ជាជាងនិយាយយ៉ាងច្រើនហួសហេតុក្នុងកំឡុងសិក្សានោះ នៅពេលចាំបាច់ គាត់នឹងសួរសំនួរបន្ថែម ដើម្បីទាញយកគោលចំណុចនៃមេរៀននោះ។ គោលដៅរបស់គាត់ គឺដើម្បីធ្វើឲ្យការសិក្សាមានការចាប់អារម្មណ៍និងដែលនាំឲ្យចេះ ព្រមទាំងឲ្យមនុស្សគ្រប់គ្នាមានចំណែកក្នុងការសិក្សា។ គោលដៅរបស់គាត់ គឺដើម្បីស្អាងខាងវិញ្ញាណ ដើម្បីលើកគោលសំខាន់នៃតម្លៃដ៏មានប្រយោជន៍នៃការសិក្សា និងធ្វើឲ្យពត៌មានបានជាប់ក្នុងចិត្តគំនិត។—ថែស្សាឡូនីចទី១ ២:១៣
៣ ការគង្វាលដ៏មានប្រយោជន៍: អ្នកដឹកនាំក្រុមសិក្សា គឺ«ដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា»។ (អេសាយ ៣២:២) គាត់ពិតជាយកចិត្តទុកដាក់នឹងមនុស្សគ្រប់គ្នាក្នុងក្រុមរបស់គាត់ និងធានារ៉ាប់រងនឹងផ្ដល់ជំនួយខាងវិញ្ញាណ នៅពេលដែលអស់អ្នកដែលគាត់មើលថែរក្សា បានត្រូវធ្លាក់ទឹកចិត្តនោះ។—អេសេគាល ៣៤:១៥, ១៦; ថែស្សាឡូនីចទី១ ២:៧, ៨
៤ ផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែង: អ្នកដឹកនាំក្រុមសិក្សា គឺយកចិត្តទុកដាក់អំពីការរៀបចំដែលមានប្រយោជន៍សំរាប់មនុស្សគ្រប់គ្នា ដែលនៅក្នុងក្រុមរបស់គាត់ ដើម្បីឲ្យចូលរួមបានពេញលេញក្នុងកិច្ចបំរើផ្សាយ។ គាត់នាំមុខក្នុងកិច្ចការផ្សាយដំណឹងល្អ ដោយដឹងថាភាពជារឿយៗ ការខ្នះខ្នែង និងការរំភើបចិត្តដែលគាត់បង្ហាញចំពោះកិច្ចបំរើផ្សាយ គឺនឹងសម្ដែងឲ្យឃើញនៅក្នុងមនុស្សទាំងឡាយនៃក្រុមនេះដែរ។ (កូល៉ុស ៤:១៧; ថែស្សាឡូនីចទី២ ៣:៩) ក្រោយមក គាត់ខំប្រឹងដើម្បីទៅផ្សាយជាមួយសមាជិកម្នាក់ៗ នៅក្នុងក្រុមរបស់គាត់។ ប្រសិនបើយើងចង់ឲ្យការផ្សាយនិងការបង្រៀនរបស់យើងបានប្រសើរឡើង នោះអ្នកដឹកនាំក្នុងក្រុមសិក្សានឹងអាចជួយយើងឲ្យទទួលគោលដៅនេះបាន។—ធីម៉ូថេទី១ ៤:១៦; ធីម៉ូថេទី២ ៤:៥
៥ យើងពិតជាទទួលពរមែន ដោយមានអំណោយទានជាមនុស្សទាំងនេះ ដែលបម្រុងនឹងផ្ដល់ជំនួយខាងវិញ្ញាណជូនយើង ព្រមទាំងផ្ដល់ការគាំទ្រដែលប្រកបដោយសេចក្ដីស្រឡាញ់ផងដែរ។ (ថែស្សាឡូនីចទី១ ៥:១៤) សូមឲ្យការមានចំណែកជារឿយៗរបស់យើងក្នុងក្រុមសិក្សា និងការគាំទ្រដ៏ស្មោះត្រង់របស់យើងដល់កិច្ចការផ្សាយដំណឹងល្អ បង្ហាញនូវការអបអររបស់យើងចំពោះសំវិធានការដ៏អស្ចារ្យនេះ ដែលមកពីព្រះយេហូវ៉ានោះ។—ហេព្រើរ ១០:២៥