ប្រអប់សំនួរ
▪ តើនៅពេលណាទៅ ដែលសមគួរបង្កើតក្រុមបន្ថែមដែលសិក្សាសៀវភៅតាមក្រុមជំនុំនោះ?
យើងគួរគិតរៀបចំបង្កើតក្រុមថ្មីនៅពេលដែលចាំបាច់ ដើម្បីរក្សាចំនួនអ្នកចូលរួមតែប្រមាណ១៥នាក់ឬតិចជាងក៏បាន នៅឯទីកន្លែងនិមួយៗដែលមានការសិក្សាសៀវភៅតាមក្រុម រួមទាំងសាលព្រះរាជាណាចក្រផងដែរ។ ហេតុអ្វីបានជាមានយោបល់ដូចនេះ?
នៅពេលដែលយើងរក្សាក្រុមសិក្សាសៀវភៅតាមក្រុមជំនុំឲ្យបានតូច នោះអ្នកដឹកនាំការសិក្សាសៀវភៅតាមក្រុមនិមួយៗ អាចយកចិត្តទុកដាក់ឲ្យបានប្រសើរជាងចំពោះមនុស្សម្នាក់ៗដែលចូលរួម។ បន្ថែមទៀតនោះ គ្រប់គ្នានឹងមានឱកាសជាច្រើនដើម្បីឆ្លើយក្រោមស្ថានការណ៍ដែលលើកទឹកចិត្តឲ្យធ្វើបន្ទាល់អំពីជំនឿរបស់ខ្លួន។ (ហេព្រើរ ១០:២៣; ១៣:១៥) ដោយមានក្រុមតូចនៅច្រើនកន្លែងទូទាំងតំបន់ផ្សាយរបស់ក្រុមជំនុំ នោះធ្វើឲ្យការចូលរួមសិក្សាសៀវភៅតាមក្រុមជំនុំ និងការជួបជុំរៀបចំសំរាប់កិច្ចបំរើផ្សាយបានស្រួលជាង។ ក្រុមជំនុំនានាដែលបានពង្រីកចំនួនកន្លែងជួបជុំគ្នានោះ បានពិសោធថា ចំនួនសរុបនៃអ្នកដែលទៅឯការសិក្សាសៀវភៅតាមក្រុម នោះបានចំរើនឡើងដែរ។
ប្រហែលជាមានកាលៈទេសៈពិសេសដែលជំរុញឲ្យបង្កើតក្រុមមួយទៀតនោះ ទោះជានឹងតូចបន្ដិចក៏ដោយ។ គឺអាចមានអ៊ីចឹងមែននៅកន្លែងដែលដាច់ឡែកពីគេ ឬនៅកន្លែងណាដែលកំពុងតែចង្អៀតឬខ្វះកន្លែងអង្គុយ។ បើត្រូវការ ក៏អាចបង្កើតឲ្យមានក្រុមដែលជួបជុំគ្នានៅពេលថ្ងៃក៏បាន ប្រយោជន៍ឲ្យអ្នកវ័យចាស់ អ្នកដែលធ្វើការពេលយប់ ឬបងប្អូនស្រីៗដែលមានស្វាមីដែលមិនមែនជាស្មរបន្ទាល់ទេ។
យើងគួរតែកំណត់ឲ្យក្រុមនិមួយៗដែលសិក្សាសៀវភៅជាមួយគ្នានោះ មានអ្នកផ្សាយប៉ុន្មាននាក់ដែលមានកម្លាំងខាងវិញ្ញាណនិងសកម្មភាពផងដែរ ព្រមទាំងអ្នកដឹកនាំម្នាក់ និងអ្នកអានម្នាក់ដែលមានគុណវឌ្ឍិ។ បងប្អូនប្រុសៗគួរតែខំប្រឹងដើម្បីបំពេញសេចក្ដីត្រូវការទាំងនេះក្នុងក្រុមជំនុំ។
អ្នកចាស់ទុំទាំងឡាយអាចជួយឲ្យក្រុមជំនុំមានជំនឿននោះ ដោយយកចិត្តទុកដាក់ឲ្យក្រុមនិមួយៗដែលសិក្សាសៀវភៅតាមក្រុមជំនុំមានទំហំល្មមៗ និងត្រូវមើលថែរក្សាខាងវិញ្ញាណឲ្យបានល្អ ថែមទាំងជួបគ្នានៅកន្លែងដ៏សមគួរ។ បើសមគួរអាចធ្វើទៅបាន ចូរបង្កើតក្រុមថ្មីទៀតដើម្បីឲ្យគ្រប់គ្នាអាចទទួលប្រយោជន៍ទាំងស្រុងពីកម្មវិធីដ៏ល្អឯកនេះខាងវិញ្ញាណ។ តើអ្នកអាចបើកឲ្យផ្ទះរបស់អ្នកធ្វើជាទីកន្លែងសិក្សាសៀវភៅតាមក្រុមឬទេ? បងប្អូនច្រើននាក់ដែលបានធ្វើដូច្នេះ បានទទួលប្រសិទ្ធិពរជាច្រើនខាងវិញ្ញាណផងដែរ។