របៀបដែលការសិក្សាសៀវភៅតាមក្រុមជំនុំជួយយើង
១ យើងមានកិច្ចប្រជុំប្រាំយ៉ាងរាល់សប្ដាហ៍ ហើយកិច្ចប្រជុំនីមួយៗនោះគឺខុសពីគ្នាក្នុងរបៀបដឹកនាំនិងគោលដៅ។ ប៉ុន្តែ កិច្ចប្រជុំទាំងអស់នោះគឺសំខាន់ក្នុងការជួយយើងឲ្យ«ពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង»។ (ហេ. ១០:២៤, ២៥) តើរបៀបរៀបចំការសិក្សាសៀវភៅតាមក្រុមជំនុំមានលក្ខណៈល្អឯក និងមានប្រយោជន៍ណាខ្លះ?
២ ជួយឲ្យរីកចម្រើននូវចំណេះពីព្រះ : ជាទូទៅ ចំនួនអស់អ្នកដែលចូលរួមនៅការសិក្សាសៀវភៅតាមក្រុម គឺតិចជាងកិច្ចប្រជុំក្រុមជំនុំឯទៀតឆ្ងាយណាស់។ ដូច្នេះហើយ ការបណ្ដុះឲ្យមានមិត្តភាពជាមួយបងប្អូនឯទៀតគឺងាយស្រួលជាង ហើយមិត្តភាពនោះជាប្រភពដែលជួយយើងឲ្យរក្សាចំណងមេត្រីភាពជាមួយនឹងព្រះ។ (សុ. ១៨:២៤) តើអ្នកបានខំព្យាយាមឲ្យស្គាល់បងប្អូនទាំងអស់នៅក្រុមសិក្សារបស់អ្នកឬទេ? ហើយដើម្បីស្គាល់បងប្អូននោះ តើអ្នកបានរៀបចំទៅផ្សាយជាមួយពួកគេម្នាក់ៗទេ? របៀបរៀបចំការសិក្សាសៀវភៅតាមក្រុមក៏ជួយអ្នកត្រួតពិនិត្យក្រុមសិក្សាឲ្យស្គាល់កាលៈទេសៈរបស់សមាជិកនីមួយៗនៅក្រុមនោះ ថែមទាំងផ្ដល់ការលើកទឹកចិត្តផ្ទាល់ខ្លួន។—សុ. ២៧:២៣
៣ តើអ្នកបានអញ្ជើញសិស្សគម្ពីររបស់អ្នកឲ្យចូលរួមការសិក្សាសៀវភៅតាមក្រុមទេ? អ្នកដែលមានចំណាប់អារម្មណ៍ហើយស្ទាក់ស្ទើរចូលរួមនៅឯកិច្ចប្រជុំធំៗ ប្រហែលមិនសូវមានចិត្តភ័យខ្លាចនឹងចូលរួមកិច្ចប្រជុំក្រុមតូចមួយនោះទេ ជាពិសេសបើក្រុមនោះជួបជុំគ្នានៅផ្ទះរបស់បងប្អូនណាម្នាក់។ បរិយាកាសដ៏កក់ក្ដៅនៅទីនោះ ស្រួលជាងឲ្យក្មេងៗនិងអ្នកថ្មី រួមចំណែកដោយឆ្លើយសំណួរ។ ដោយសារមានក្រុមតូច យើងមានឱកាសច្រើនជាងដើម្បីឆ្លើយ និងសរសើរព្រះយេហូវ៉ាដែរ។—ទំនុក. ១១១:១
៤ ធម្មតាមានការសិក្សាសៀវភៅតាមក្រុមនៅទីកន្លែងក្នុងតំបន់ផ្សាយ ដែលបងប្អូនអាចធ្វើដំណើរទៅយ៉ាងងាយស្រួល។ ទោះបីមិនអាចចាត់ឲ្យបងប្អូនទាំងអស់ទៅទីកន្លែងជិតៗក៏ដោយ តែការចូលរួមការសិក្សាសៀវភៅតាមក្រុមដែលត្រូវបានចាត់ឲ្យទៅ ប្រហែលជាមិនសូវឆ្ងាយដូចការចូលរួមនៅកិច្ចប្រជុំក្រុមជំនុំឯទៀតឡើយ។ ទីកន្លែងការសិក្សាសៀវភៅតាមក្រុមនោះក៏ប្រហែលជាកន្លែងល្អមួយ ដើម្បីជួបជុំសម្រាប់កិច្ចបម្រើផ្សាយដែរ។
៥ ជួយក្នុងកិច្ចបម្រើផ្សាយ : អ្នកត្រួតពិនិត្យក្រុមសិក្សាមានចិត្តចង់ជួយសមាជិកនីមួយៗឲ្យចូលរួមក្នុងកិច្ចបម្រើផ្សាយយ៉ាងទៀតទាត់ ចេះបង្កើតផលច្រើន ហើយមានចិត្តសប្បាយរីករាយក្នុងកិច្ចការនេះ។ ហេតុនេះហើយបានជាគាត់ខំព្យាយាមផ្សាយជាមួយបងប្អូនទាំងអស់ក្នុងក្រុមសិក្សា និងផ្ដល់ជំនួយផ្ទាល់ខ្លួនក្នុងផ្នែកផ្សេងៗនៃកិច្ចបម្រើផ្សាយ។ ប្រសិនបើអ្នកមានការពិបាកក្នុងផ្នែកណាមួយនៃកិច្ចបម្រើផ្សាយ ដូចជាការត្រឡប់ទៅជួប សូមជម្រាបអ្នកត្រួតពិនិត្យក្រុមសិក្សា។ ប្រហែលគាត់អាចរៀបចំឲ្យអ្នកផ្សព្វផ្សាយជាមួយអ្នកផ្សាយណាម្នាក់នៅក្នុងក្រុមនោះដែលមានបទពិសោធន៍ច្រើន។ សមត្ថភាពបង្រៀនរបស់អ្នកក្នុងការបង្រៀនសិស្សគម្ពីរនឹងកាន់តែល្អប្រសើរឡើង បើអ្នកយកចិត្តទុកដាក់ទៅលើរបៀបបង្រៀនដ៏ល្អរបស់អ្នកត្រួតពិនិត្យក្រុមសិក្សានៅពេលគាត់ដឹកនាំការសិក្សាសៀវភៅតាមក្រុម។—១កូ. ៤:១៧
៦ ការសិក្សាសៀវភៅតាមក្រុមជំនុំពិតជារបៀបរៀបចំដ៏ប្រកបដោយសេចក្ដីស្រឡាញ់មែន! ហើយរបៀបរៀបចំដែលមកពីព្រះយេហូវ៉ានេះ ជួយយើងឲ្យរក្សាចំណងមិត្តភាពជាមួយទ្រង់យ៉ាងមាំមួនក្នុងអំឡុងគ្រាដ៏ពិបាកនេះ។—ទំនុក. ២៦:១២
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើកិច្ចប្រជុំប្រចាំសប្ដាហ៍ទាំងប្រាំជួយយើងយ៉ាងណា?
២. តើការប្រជុំជាក្រុមសិក្សាតូច មានប្រយោជន៍អ្វីខ្លះ?
៣. តើការសិក្សាសៀវភៅតាមក្រុមលើកទឹកចិត្តសិស្សគម្ពីរឲ្យឆ្លើយសំណួរ និងចូលរួមយ៉ាងដូចម្ដេច?
៤. តើការសិក្សាសៀវភៅតាមក្រុមប្រហែលជាងាយស្រួលសម្រាប់បងប្អូនតាមរបៀបណា?
៥. តើយើងអាចទទួលជំនួយពីអ្នកត្រួតពិនិត្យក្រុមសិក្សាក្នុងកិច្ចបម្រើផ្សាយដោយដូចម្ដេច?
៦. ហេតុអ្វីយើងគួរចង់ទទួលប្រយោជន៍យ៉ាងពេញលេញពីការសិក្សាសៀវភៅតាមក្រុម?