របៀបពួកអ្នកត្រួតពិនិត្យក្រុមសិក្សាក្នុងក្រុមជំនុំបង្ហាញនូវការយកចិត្តទុកដាក់
១ ការសិក្សាសៀវភៅតាមក្រុមជំនុំបានត្រូវរៀបចំដើម្បី«មានលទ្ធភាពយកចិត្តទុកដាក់ច្រើនជាង ទៅលើការលូតលាស់ខាងវិញ្ញាណនៃបុគ្គលម្នាក់ៗ។ . . . នេះក៏បង្ហាញនូវសេចក្ដីសប្បុរសដ៏ស្មោះ និងការយកព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ាចំពោះរាស្ត្រទ្រង់»។ (omE ទំព័រទី៧៥; អេសា. ៤០:១១) អ្នកត្រួតពិនិត្យក្រុមសិក្សាក្នុងក្រុមជំនុំ គាត់បំពេញតាមមុខនាទីដ៏សំខាន់ក្នុងការបង្ហាញនូវការយកចិត្តទុកដាក់បែបនោះ។
២ នៅការសិក្សាសៀវភៅតាមក្រុម: អ្នកត្រួតពិនិត្យក្រុមសិក្សាសៀវភៅអាចស្គាល់សមាជិកម្នាក់ៗ ក្នុងក្រុមគាត់យ៉ាងច្បាស់ ដោយសារក្រុមសិក្សាបានត្រូវកំណត់មិនឲ្យមានសមាជិកច្រើនពេក។ (សុ. ២៧:២៣) តាមធម្មតា យើងមានឱកាសសំណេះសំណាលគ្នាមុន និងក្រោយកម្មវិធីសិក្សាប្រចាំសប្ដាហ៍។ ក្នុងកំឡុងមួយខែ អ្នកត្រួតពិនិត្យអាចឆ្លៀតពិភាក្សាជាមួយបុគ្គលម្នាក់ៗក្នុងក្រុមគាត់បាន។ នេះអាចជួយឲ្យសមាជិកនិមួយៗក្នុងក្រុមសិក្សាមានអារម្មណ៍មិនខ្លាចទាក់ទងអ្នកត្រួតពិនិត្យនោះ ពេលពួកគេជួបប្រទះការពិបាកណា ឬមួយក៏ត្រូវការនូវការលើកទឹកចិត្ត។—អេសា. ៣២:២
៣ អ្នកត្រួតពិនិត្យក្រុមសិក្សាសៀវភៅ គាត់ខំលើកទឹកចិត្តគ្រប់គ្នាឲ្យរួមចំណែកក្នុងកំឡុងពេលសិក្សានោះ។ របៀបមួយដែលគាត់ធ្វើដូច្នេះ គឺដោយដឹកនាំក្នុងការសិក្សាយ៉ាងសុភាពហើយដោយស្លូតបូតផង។ (១ថែ. ២:៧, ៨) អ្នកត្រួតពិនិត្យក្រុមតែងរកវិធីរួមបញ្ចូលគ្រប់គ្នាក្នុងការពិគ្រោះនោះ រួមទាំងពួកក្មេងៗផងដែរ។ បើអ្នកខ្លះអៀនហើយមិនហ៊ានឆ្លើយ គាត់អាចជួយអ្នកនោះផ្ទាល់។ ប្រហែលជាគាត់នឹងរៀបចំទុកជាមុនឲ្យអ្នកនោះអានបទគម្ពីរមួយ ឬកំណត់ឲ្យគេឆ្លើយវគ្គណាមួយ។ គាត់ក៏អាចជួយបង្ហាញឲ្យគេចេះឆ្លើយដោយបកស្រាយតាមសំដីផ្ទាល់វិញ។
៤ បើអ្នកជំនួយរបស់អ្នកត្រួតពិនិត្យក្រុមសិក្សានោះជាអ្នកងារជំនួយម្នាក់ អ្នកត្រួតពិនិត្យក្រុមនឹងកំណត់ឲ្យអ្នកជំនួយដឹកនាំការសិក្សាពីរខែម្ដងៗ។ នេះអាចហុចឱកាសឲ្យអ្នកត្រួតពិនិត្យក្រុមមើលអ្នកជំនួយ ហើយក៏អាចជូនយោបល់ផងដែរ។ នេះជាការរៀបចំល្អណាស់ហ្ន៎! ដើម្បីជួយបងប្អូនប្រុសៗឲ្យរីកចំរើនមានបំនិនក្នុងការបង្រៀន។—ទីត. ១:៩
៥ ក្នុងកិច្ចបំរើផ្សាយ: ភារកិច្ចចំបងមួយរបស់អ្នកត្រួតពិនិត្យក្រុមសិក្សានោះ ជាការនាំមុខក្នុងការផ្សព្វផ្សាយ។ (ជន. ២៧:១៦, ១៧) អ្នកត្រួតពិនិត្យក្រុមក៏រៀបចំកម្មវិធីផ្សព្វផ្សាយជាក្រុមនោះ ហើយក៏ខិតខំជួយគ្រប់គ្នាក្នុងក្រុមនោះឲ្យមានអំណរក្នុងកិច្ចបំរើផ្សាយរបស់គេ។ (អេភ. ៤:១១, ១២) ដើម្បីសម្រេចការនេះ អ្នកត្រួតពិនិត្យក្រុមមានគោលដៅផ្សព្វផ្សាយជាមួយសមាជិកម្នាក់ៗក្នុងក្រុមគាត់។ អ្នកត្រួតពិនិត្យក្រុមក៏រួបរួមជាមួយអ្នកត្រួតពិនិត្យកិច្ចបំរើដើម្បីរៀបចំឲ្យអ្នកផ្សាយដែលមានបទពិសោធន៍ច្រើនជាង ជួយដល់អ្នកណាដែលចង់លូតលាស់ខាងលក្ខណៈណាមួយនៃកិច្ចបំរើផ្សាយរបស់គេ។
៦ ជាអ្នកគង្វាលដែលប្រកបទៅដោយសេចក្ដីស្រឡាញ់: អ្នកត្រួតពិនិត្យក្រុមសិក្សាតែងយកចិត្តទុកដាក់នឹងអស់អ្នកដែលរួមចំណែកយ៉ាងតិចក្នុងកិច្ចការផ្សាយ ដោយសារកាលៈទេសៈរបស់ពួកគេ។ អ្នកត្រួតពិនិត្យក្រុមយកចិត្តទុកដាក់ចំពោះពួកអ្នកដែលមិនសូវមានសមត្ថភាពចេញទៅផ្សព្វផ្សាយ ដោយសារជរាភាពឬពិការភាព និងពួកអ្នកដែលមិនអាចផ្សព្វផ្សាយមួយរយៈ ដោយព្រោះមានជំងឺឈឺថ្កាត់ ឬបានរងរបួសជាដើម។ គាត់ជួយពួកគេឲ្យយល់ដឹងថា គេនៅតែអាចរាប់ម៉ោងផ្សព្វផ្សាយបាន សូម្បីតែ១៥នាទីប៉ុណ្ណោះក្នុងមួយខែក៏បាន។ (គណៈកម្មាធិការកិច្ចបំរើក្រុមជំនុំត្រូវសម្រេចចិត្តអំពីអ្នកណាខ្លះដែលអាចធ្វើដូចនេះបាន) អ្នកត្រួតពិនិត្យក្រុមក៏យកចិត្តទុកដាក់ចំពោះអស់អ្នកក្នុងក្រុមគាត់ដែលក្លាយជាឥតសកម្ម ដោយគាត់ខំជួយឲ្យគេមានសកម្មភាពឡើងវិញជាមួយនឹងក្រុមជំនុំ។—លូ. ១៥:៤-៧
៧ យើងពិតជាអរមែន! ដោយពួកអ្នកត្រួតពិនិត្យក្រុមសិក្សាតែងយកចិត្តទុកដាក់និងស្រឡាញ់យើង។ ការយកចិត្តទុកដាក់របស់ពួកគាត់អាចជួយ«យើងរាល់គ្នាបានរួបរួម ខាងឯសេចក្ដីជំនឿ . . . ដល់ខ្នាតកំពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ»។—អេភ. ៤:១៣