មូលហេតុដែលយើងត្រូវការ ការសិក្សាសៀវភៅតាមក្រុមជំនុំ
១ នៅឆ្នាំ១៨៩៥ ក្រុមសិក្សានៃសិស្សព្រះគម្ពីរ ដែលជាឈ្មោះស្មរបន្ទាល់ព្រះយេហូវ៉ានៅពេលនោះ បានប្រើសៀវភៅដែលមានឈ្មោះថាទីចាប់ផ្ដើមនៃរាជ្យមួយពាន់ឆ្នាំដែលមានច្រើនក្បាលចំពោះការសិក្សាព្រះគម្ពីរ ហើយត្រូវគេស្គាល់តាមឈ្មោះសៀវភៅនោះ។ ក្រោយមក ក្រុមនោះបានត្រូវហៅថាក្រុមសិក្សាព្រះគម្ពីរតាមគំរូពួកបេរា។ (កិច្ច. ១៧:១១) ជាធម្មតាក្រុមសិក្សាមានចំនួនមនុស្សតិចល្មមដើម្បីប្រជុំគ្នាក្នុងផ្ទះឯកជនមួយ ដែលធ្វើឡើងពេលល្ងាចគឺជាពេលស្រួលសំរាប់បងប្អូនក្នុងក្រុម។ ក្រោយមកកិច្ចប្រជុំទាំងនេះត្រូវហៅឈ្មោះថាការសិក្សាសៀវភៅតាមក្រុមជំនុំវិញ។
២ ការលើកទឹកចិត្តនិងជំនួយ: ដោយសារការសិក្សាសៀវភៅតាមក្រុមត្រូវបានរៀបចំឲ្យមានចំនួនមនុស្សតិចល្មម នោះគឺផ្ដល់ឱកាសច្រើនជាងឲ្យបងប្អូនអាចសម្ដែងនូវជំនឿរបស់ខ្លួន។ ជាលទ្ធផល គឺ«បានសេចក្ដីកំសាន្តចិត្តគ្នាទៅវិញទៅមក . . . ដោយសារសេចក្ដីជំនឿរបស់យើងនិមួយៗ»។—រ៉ូម ១:១២
៣ ដោយសង្កេតមើលពីរបៀបដែលអ្នកត្រួតពិនិត្យក្រុមសិក្សាបង្រៀន នោះអាចជួយយើងឲ្យចេះ«កាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។ (២ធី. ២:១៥) ចូរសង្កេតមើលនិងរៀននូវរបៀបដែលគាត់បញ្ជាក់ពីពត៌មានដែលមានមូលដ្ឋានលើបទគម្ពីរ។ បើសមរម្យតាមសៀវភៅដែលកំពុងសិក្សា នោះគាត់អាចបញ្ជាក់ចំណុចសំខាន់ៗតាមរយៈការពិនិត្យសើរើឡើងវិញ ដោយប្រើតែព្រះគម្ពីរ។ គំរូដ៏ល្អរបស់គាត់អាចជួយយើងឲ្យបង្កើនសមត្ថភាពបង្រៀនរបស់យើងក្នុងកិច្ចបំរើគ្រីស្ទាន។—១កូ. ១១:១
៤ បន្ថែមពីលើការដឹកនាំមេរៀនប្រចាំសប្ដាហ៍ នោះអ្នកត្រួតពិនិត្យក្រុមសិក្សាក៏នាំមុខក្នុងការផ្សព្វផ្សាយដំណឹងល្អដែរ។ ដោយសហការគ្នាជាមួយអ្នកត្រួតពិនិត្យកិច្ចបំរើ គាត់ត្រូវរៀបចំឲ្យបានល្អសំរាប់កិច្ចបំរើផ្សាយ។ គាត់ខំប្រឹងជួយបងប្អូនទាំងអស់ក្នុងក្រុមដើម្បីឲ្យបំពេញភារកិច្ចជាគ្រីស្ទានក្នុងការផ្សព្វផ្សាយដំណឹងល្អនិងបង្កើតឲ្យមានសិស្ស។—ម៉ាថ. ២៨:១៩, ២០; ១កូ. ៩:១៦
៥ អ្នកត្រួតពិនិត្យក្រុមសិក្សាយកចិត្តទុកដាក់នឹងសុខុមាលភាពខាងវិញ្ញាណនៃបុគ្គលម្នាក់ៗក្នុងក្រុម។ គាត់សម្ដែងការយកចិត្តទុកដាក់នេះនៅកិច្ចប្រជុំតាមក្រុមជំនុំ និងក្នុងកាលដែលគាត់ផ្សព្វផ្សាយជាមួយនឹងបងប្អូន។ គាត់ក៏ប្រើពេលទៅសួរសុខទុក្ខបងប្អូននៅឯផ្ទះដើម្បីលើកទឹកចិត្តខាងវិញ្ញាណ។ បងប្អូនទាំងអស់គួរមានអារម្មណ៍ស្រួលក្នុងការទាក់ទងអ្នកត្រួតពិនិត្យក្រុមសិក្សា ដើម្បីសុំជំនួយខាងវិញ្ញាណពេលដែលខ្លួនត្រូវការនោះ។—អេសា. ៣២:១, ២
៦ ចូរពង្រឹងកម្លាំងចិត្តគ្នាទៅវិញទៅមក: នៅក្នុងប្រទេសដែលដាក់កំហិតទៅលើសកម្មភាពនៃរាស្ត្ររបស់ព្រះ នោះបងប្អូនតែងជួបគ្នាតាមក្រុមតូចៗ។ បងប្រុសម្នាក់បាននឹកចាំថា៖ «ទោះជាសកម្មភាពគ្រីស្ទានត្រូវបានដាក់បំរាមក៏ដោយ ក៏យើងនៅតែអាចមានកិច្ចប្រជុំប្រចាំសប្ដាហ៍ជាក្រុមដែលមានចំនួន១០ទៅ១៥នាក់នោះដែរ។ យើងទទួលកម្លាំងចិត្តខាងវិញ្ញាណពីការសិក្សាព្រះគម្ពីរនិងការសំណេះសំណាលក្រោយពីការសិក្សាចប់ផងដែរ។ យើងតែងរៀបរាប់នូវបទពិសោធន៍យើង ហើយនេះជួយយើងឲ្យដឹងថា យើងមានការពិបាកដូចគ្នា»។ (១ពេ. ៥:៩) ដូច្នេះ សូមឲ្យយើងពង្រឹងកម្លាំងចិត្តគ្នាទៅវិញទៅមកដោយការគាំទ្រដ៏អស់ពីចិត្តចំពោះការសិក្សាសៀវភៅតាមក្រុមជំនុំ។—អេភ. ៤:១៦
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ពីដំបូង តើមានការរៀបចំសំរាប់ការសិក្សាសៀវភៅតាមក្រុមជំនុំយ៉ាងណាខ្លះ?
២. តើយើងអាចជួយផ្ដល់«សេចក្ដីកំសាន្តចិត្តគ្នាទៅវិញទៅមក»នៅឯការសិក្សាសៀវភៅតាមក្រុមយ៉ាងដូចម្ដេច?
៣, ៤. តើការរៀបចំការសិក្សាសៀវភៅតាមក្រុមជួយយើងឲ្យសម្រេចកិច្ចបំរើផ្សាយយ៉ាងដូចម្ដេច?
៥. តើយើងអាចទទួលជំនួយផ្ទាល់ខ្លួនអ្វីតាមរយៈការសិក្សាសៀវភៅតាមក្រុម?
៦. (ក) តើបងប្អូនរបស់យើងនៅប្រទេសខ្លះត្រូវបានពង្រឹងកម្លាំងចិត្តដោយប្រជុំគ្នាតាមក្រុមតូចជាងយ៉ាងដូចម្ដេច? (ខ) តើអ្នកបានទទួលប្រយោជន៍ពីការសិក្សាសៀវភៅតាមក្រុមជំនុំយ៉ាងដូចម្ដេច?