តើបងប្អូនគ្រីស្ទានយើងអាចជួបគ្នានៅផ្ទះរបស់អ្នកបានទេ?
១ នៅសតវត្សទីមួយ គ្រីស្ទានជាច្រើនបានយល់ព្រមឲ្យមានកិច្ចប្រជុំនៅផ្ទះរបស់ពួកគេ។ (១កូ. ១៦:៩; កូល. ៤:១៥; ភីល. ១, ២) នៅក្រុមជំនុំខ្លះសព្វថ្ងៃនេះ គឺគ្មានកន្លែងគ្រប់គ្រាន់សំរាប់ការសិក្សាសៀវភៅតាមក្រុមជំនុំទេ ហើយក៏គ្មានកន្លែងប្រជុំសំរាប់កិច្ចបំរើផ្សាយដែរ។ ជាលទ្ធផល ក្រុមសិក្សាខ្លះមានចំនួនអ្នកចូលរួមជាង៣០នាក់ ច្រើនលើសចំនួនដែលតម្រូវឲ្យមានគឺប្រមាណ១៥នាក់។
២ ឯកសិទ្ធិមួយដ៏ល្អ: តើអ្នកធ្លាប់គិតឲ្យបងប្អូនយើងជួបជុំគ្នានៅផ្ទះរបស់អ្នកសំរាប់ការសិក្សាសៀវភៅតាមក្រុមជំនុំឬទេ? បន្ទប់មួយដែលធំល្មម ស្អាតបាត ហើយមានខ្យល់ចេញចូល នោះល្អសំរាប់ការសិក្សាសៀវភៅតាមក្រុមជំនុំបាន។ ដោយការសិក្សាសៀវភៅតាមក្រុមជាផ្នែកនៃការរៀបចំរបស់ព្រះយេហូវ៉ាដើម្បីបង្ហាត់បង្រៀនរាស្ត្ររបស់ទ្រង់ នោះបើមានការសិក្សាសៀវភៅតាមក្រុមនៅឯផ្ទះរបស់អ្នក នេះគឺជាឯកសិទ្ធិមួយដ៏ល្អមែន។ បងប្អូនគ្រីស្ទានជាច្រើនបានស្រដីថាដោយព្រោះពួកគាត់ព្រមឲ្យបងប្អូនយើងជួបជុំគ្នានៅឯផ្ទះរបស់គាត់ នេះបានធ្វើឲ្យពួកគាត់ទទួលផលប្រយោជន៍ខាងវិញ្ញាណជាច្រើន។
៣ ប្រសិនបើអ្នកគិតថា អ្នកមានបន្ទប់មួយនៅឯផ្ទះដែលសមរម្យសំរាប់កិច្ចការនេះ សូមអញ្ជើញប្រាប់ពួកអ្នកចាស់ទុំ។ ប្រហែលពួកគាត់កំពុងតែរកកន្លែងបន្ថែមទៀត។ បើមិនអាចមានការសិក្សាសៀវភៅតាមក្រុមនៅឯផ្ទះរបស់អ្នកទេ ចុះយ៉ាងណាវិញបើមានប្រជុំសំរាប់កិច្ចបំរើផ្សាយនៅទីនោះ? ទោះជាមិនទាន់ត្រូវការកន្លែងនៅពេលឥឡូវនេះក៏ដោយ អ្នកចាស់ទុំនឹងសប្បាយដោយដឹងថា បងប្អូនយើងអាចជួបជុំគ្នានៅឯផ្ទះរបស់អ្នកបាន។ ប្រហែលថ្ងៃក្រោយអ្នកអាចមានឯកសិទ្ធិនេះ។
៤ ការសម្ដែងសុជីវធម៌ល្អ: ពេលជួបជុំគ្នានៅឯផ្ទះរបស់បងប្អូនយើង អស់អ្នកដែលចូលរួមត្រូវគោរពសិទ្ធិរបស់ម្ចាស់ផ្ទះ។ មាតាបិតាត្រូវប្រាកដថា កូនរបស់ខ្លួនត្រូវនៅកន្លែងឬបន្ទប់ដែលសំរាប់សិក្សាតែប៉ុណ្ណោះ មិនឲ្យចូលបន្ទប់ឯទៀតក្នុងផ្ទះនោះឡើយ។ យើងក៏ត្រូវគិតដល់អ្នកជិតខាងផងដែរ ដោយប្រុងប្រយ័ត្នមិនឲ្យរំខានគេច្រើនពេក។—២កូ. ៦:៣, ៤; ១ពេ. ២:១២
៥ ហេព្រើរ ១៣:១៦ លើកទឹកចិត្តយើង«កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ»។ ការយល់ព្រមឲ្យមានកិច្ចប្រជុំគ្រីស្ទាននៅផ្ទះរបស់អ្នកគឺជាវិធីដ៏ល្អ ក្នុងការចែកចាយគុណជាមួយអ្នកឯទៀត ហើយ«ថ្វាយកិត្ដិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្ដិ»។—សុ. ៣:៩