‹ពួកស្ត្រីដែលធ្វើការយ៉ាងនឿយហត់ក្នុងព្រះអម្ចាស់›
១ ដោយប្រើពាក្យខាងលើនេះ ប៉ុលបានពណ៌នាអំពីនាងទ្រីភេន និងនាងទ្រីផូស បងស្រីពីរនាក់ដែលធ្វើការយ៉ាងនឿយហត់ក្នុងក្រុមជំនុំនៅទីក្រុងរ៉ូម។ អំពីបងស្រីម្នាក់ទៀតឈ្មោះពើស៊ីស ប៉ុលបាននិយាយថានាង៖ «ធ្វើការនឿយហត់ជាច្រើនក្នុងព្រះអម្ចាស់»។ ប៉ុលក៏បានសរសើរភីបេដែលបាន«ជួយគេជាច្រើន»។ (រ៉ូម ១៦:២, ១២) ក្នុងបទគម្ពីរ នាងក្ដាន់ត្រូវពណ៌នាដោយឡែកជាអ្នកដែល«បានធ្វើគុណ ហើយដាក់ទានជាច្រើន»។ (កិច្ចការ ៩:៣៦) ពួកស្ត្រីដែលមានភាពខាងវិញ្ញាណគឺជាពរដល់ក្រុមជំនុំយ៉ាងណាទៅហ្ន៎!
២ តើយើងអបអរចំពោះបងប្អូនស្រីៗដែលធ្វើការនឿយហត់ក្នុងក្រុមជំនុំរបស់យើងទេ? ពួកគេធ្វើកិច្ចផ្សព្វផ្សាយភាគច្រើន នាំការសិក្សាព្រះគម្ពីរភាគច្រើន ហើយជួយអ្នកថ្មីៗជាច្រើននាក់។ ពួកគេក៏ចំណាយពេលជាច្រើន ក្នុងការជួយក្មេងៗឲ្យជឿនលឿនខាងវិញ្ញាណ។ ពួកស្ត្រីគ្រីស្ទានរួមចំណែកក្នុងការស្អាងបរិយាការនៃសេចក្ដីស្រឡាញ់ អំណរ សន្ដិភាព និងការខ្នះខ្នែងក្នុងក្រុមជំនុំ។ ពួកគេក៏ធ្វើការគាំទ្រតាមវិធីផ្សេងៗទៀត ដើម្បីជួយប្ដីរបស់គេនិងសមាជិកគ្រួសារផ្សេងទៀត ឲ្យអាចធ្វើបានច្រើនជាងក្នុងការបំរើព្រះយេហូវ៉ា។
៣ បងប្អូនស្រីៗក្នុងកិច្ចបំរើពេញពេល: ក្នុងចំណោមអ្នកដែលធ្វើការនឿយហត់ក្នុងកិច្ចការព្រះអម្ចាស់ គឺជាបងប្អូនស្រីៗសាសនទូត ដែលមានមួយចំនួនធំបានជួយបណ្ដុះបណ្ដាលកិច្ចបំរើនៅបរទេស។ ក្នុងក្រុមជំនុំដែលប្ដីរបស់គេបំរើក្នុងនោះ ប្រពន្ធរបស់អ្នកត្រួតពិនិត្យតាមមណ្ឌលគឺរវល់ក្នុងកិច្ចផ្សាយជួយលើកទឹកចិត្តបងប្អូនស្រីជាច្រើន។ យើងក៏មិនគួរភ្លេចបងប្អូនស្រីធ្វើការនៅបេតអែល ដែលបំពេញយ៉ាងខ្នះខ្នែងនូវកិច្ចបំរើបរិសុទ្ធគាំទ្រអង្គការរបស់ព្រះយេហូវ៉ា។ ហើយបងប្អូនស្រីរបស់យើងជាអ្នកត្រួសត្រាយពេញពេល កំពុងតែជួយមនុស្សរាប់លាននាក់រៀនសេចក្ដីពិតដោយការខំប្រឹងយ៉ាងស្មោះស្ម័គ្ររបស់គេក្នុងការសរសើរដំកើងព្រះ។
៤ ពួកស្ត្រីដ៏ស្មោះត្រង់នេះ ទទួលនៅការពេញចិត្តជាខ្លាំងពីរបៀបរស់នៅរបស់គេ ដែលប្រកបដោយការពលិកម្ម។ (ធីម៉ូថេទី១ ៦:៦, ៨) ពួកគេគឺសមនឹងទទួលការសរសើរហើយសេចក្ដីលើកទឹកចិត្ត និងការគាំទ្រណាដែលយើងអាចផ្ដល់បាន។
៥ ពួកស្ត្រីគ្រីស្ទានមានតម្លៃណាស់ចំពោះអង្គការព្រះយេហូវ៉ា ដោយបំពេញកិច្ចបំរើស្មោះត្រង់ដែលនាំពរទៅដល់ទាំងអស់គ្នា។ ចូរឲ្យយើងបន្តយល់តម្លៃដោយអបអរនឹងពួកស្ត្រីបែបនេះហើយអធិស្ឋានថា សូមឲ្យពរពីព្រះយេហូវ៉ានឹងនៅជាប់ជាមួយគេ ពេលគេបន្ត«ធ្វើការនឿយហត់ជាច្រើនក្នុងព្រះអម្ចាស់»។