ការផ្សព្វផ្សាយដំណឹងល្អដោយជំនឿស៊ប់ដ៏មុតមាំ
១ នៅដើមសតវត្សទីមួយ ព្រះយេស៊ូគ្រីស្ទបានចាត់ឲ្យអ្នកកាន់តាមទ្រង់ទៅផ្សព្វផ្សាយដំណឹងល្អពីព្រះរាជាណាចក្រហើយ«បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានចាត់ទុកការណែនាំនេះមានសារសំខាន់ដល់ម្ល៉េះ ដែលដល់ចុងសតវត្សទី២០ ភាតរភាពរបស់យើងបានចំរើនចំនួនសិស្សដល់ច្រើនជាង៥.៩០០.០០០នាក់នៅ២៣៤ប្រទេស។ តើនេះជាការស្រែកសរសើរដ៏ខ្លាំងយ៉ាងណាទៅហ្ន៎ ក្នុងការដំកើងព្រះវរបិតាស្ថានសួគ៌របស់យើង!
២ យើងបានចូលដល់សតវត្សទី២១ហើយ។ សត្រូវរបស់យើងខំប្រឹងយ៉ាងប្រសប់ដើម្បីធ្វើការរំខានចំពោះកិច្ចការចំបងរបស់យើង ដែលជាការផ្សព្វផ្សាយដំណឹងល្អហើយបញ្ចុះបញ្ចូលឲ្យមានសិស្ស។ វាប្រើការបង្ខិតបង្ខំពីរបបលោកីយ៍នេះ ក្នុងការខិតខំបំបែរអារម្មណ៍របស់យើងចេញ ដោយយកពេលវេលារបស់យើង ហើយពង្រីងកម្លាំងរបស់យើងឲ្យរីងអស់ដោយនាំឲ្យមានកង្វល់ និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអ្វីដែលមិនចាំបាច់។ ជាជាងការអនុញ្ញាតឲ្យរបបលោកីយ៍នេះសម្រេចអ្វីដែលមានសារសំខាន់ក្នុងជីវិត នោះយើងបញ្ជាក់ដល់ខ្លួនយើងតាមរយៈព្រះបន្ទូលនូវអ្វីដែលមានអាទិភាព នោះជាការប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ (រ៉ូម ១២:២) នេះរួមបញ្ចូលការស្ដាប់តាមសេចក្ដីដាស់តឿនពីបទគម្ពីរឲ្យ‹ផ្សាយព្រះបន្ទូលទោះត្រូវពេលឬខុសក្ដី ហើយបំពេញកិច្ចបំរើរបស់យើង›។—ធីម៉ូថេទី២ ៤:២, ៥
៣ បណ្ដុះបណ្ដាលនូវជំនឿមុតមាំ: ពួកគ្រីស្ទានត្រូវតែ«ឈរជាគ្រប់ល័ក្ខណ៍ទាំងមានជំនឿស៊ប់ដ៏មុតមាំ តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក»។ (កូល៉ុស ៤:១២, ព.ថ.) ពាក្យ«ជំនឿស៊ប់»ត្រូវបកស្រាយជា«ជំនឿខ្លាំង ភាពជាអ្នកជឿ»។ ជាគ្រីស្ទាន យើងត្រូវតែជឿស៊ប់ថាពាក្យទំនាយរបស់ព្រះគឺប្រាកដប្រជា ហើយថាឥឡូវនេះយើងរស់នៅក្នុងគ្រាយ៉ាងជ្រៅនៃទីបញ្ចប់។ យើងត្រូវតែមានជំនឿខ្លាំងដូចសាវ័កប៉ុល ដែលបានមានប្រសាសន៍ថាដំណឹងល្អ«ជាព្រះចេស្ដានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ»។—រ៉ូម ១:១៦
៤ អារក្សប្រើពួកអាក្រក់និងពួកឆបោកដែលបានត្រូវនាំឲ្យខ្លួនឯងវង្វេង ដើម្បីមានអានុភាពទៅលើអ្នកឯទៀតហើយនាំឲ្យគេវង្វេងដែរ។ (ធីម៉ូថេទី២ ៣:១៣) ដោយសារយើងបានត្រូវព្រមានទុកជាមុន នោះយើងចាត់វិធានការដើម្បីពង្រឹងពង្រីកជំនឿរបស់យើងថា យើងមានសេចក្ដីពិតហើយ។ ជាជាងឲ្យកង្វល់កង្វាយពីជីវិតរំលត់សេចក្ដីឧស្សាហ៍របស់យើង យើងបន្តរក្សាទុកឲ្យប្រយោជន៍ព្រះរាជាណាចក្រមានអាទិភាព។ (ម៉ាថាយ ៦:៣៣, ៣៤) យើងក៏មិនចង់ភ្លេចភាពបន្ទាន់នៃពេលនេះ ដោយប្រហែលជាមានគំនិតថាទីបញ្ចប់នៃរបបលោកីយ៍នៅឆ្ងាយទៅមុខ។ ទីបញ្ចប់កំពុងតែឆ្ពោះមកកាន់តែជិតហើយ។ (ពេត្រុសទី១ ៤:៧) ទោះបីយើងប្រហែលជាមានអារម្មណ៍ថា ការផ្សព្វផ្សាយដំណឹងល្អនៅប្រទេសខ្លះឥតសូវមានប្រយោជន៍ក៏ដោយ ដោយព្រោះការផ្សព្វផ្សាយបានត្រូវធ្វើហើយ នោះកិច្ចការព្រមានត្រូវតែបន្តទៅមុខ។—អេសេគាល ៣៣:៧-៩
៥ សំនួរសំខាន់បំផុតនៅពេលដ៏ជ្រៅនេះគឺជា៖ ‹តើខ្ញុំចាត់ទុកសេចក្ដីបង្គាប់របស់ព្រះយេស៊ូឲ្យបង្កើតឲ្យមានសិស្សជាអ្វីដ៏សំខាន់ទេ? ពេលខ្ញុំផ្សព្វផ្សាយដំណឹងល្អ តើខ្ញុំបង្ហាញជំនឿស៊ប់ថាព្រះរាជាណាចក្រគឺជាពិតប្រាកដទេ? តើខ្ញុំតាំងចិត្តឲ្យរួមចំណែកធំបំផុតដែលអាចធ្វើបានក្នុងកិច្ចបំរើនេះដែលអាចសង្គ្រោះជីវិតទេ?› ដោយទទួលស្គាល់ជំរៅរបស់យើងក្នុងពេលចុងក្រោយនេះ យើងត្រូវតែប្រុងប្រយ័ត្ននឹងខ្លួនយើង ហើយការផ្សព្វផ្សាយព្រមទាំងការបង្រៀនរបស់យើង។ ការធ្វើដូច្នេះនឹងសង្គ្រោះយើងព្រមទាំងអ្នកដែលស្ដាប់យើងផងដែរ។ (ធីម៉ូថេទី១ ៤:១៦) តើយ៉ាងដូចម្ដេចដែលយើងទាំងអស់គ្នាអាចពង្រឹងពង្រីកជំនឿរបស់យើងក្នុងនាមជាអ្នកបំរើនោះ?
៦ ធ្វើតម្រាប់តាមពួកថែស្សាឡូនីច: ដោយនឹកចាំពីការនឿយហត់នៃបងប្អូននៅថែស្សាឡូនីច នោះសាវ័កប៉ុលនិយាយទៅកាន់ពួកគេថា៖«ដ្បិតដំណឹងល្អរបស់យើងខ្ញុំ មិនបានផ្សាយមកដល់អ្នករាល់គ្នា ដោយពាក្យសំដីតែប៉ុណ្ណោះទេ គឺដោយព្រះចេស្ដា នឹងព្រះវិញ្ញាណបរិសុទ្ធដែរ ហើយដោយសេចក្ដីជំនឿដ៏មោះមុតជាខ្លាំងថែមទៀតផង ដូចជាអ្នករាល់គ្នាដឹងហើយ ពីដំណើរយើងខ្ញុំ ដែលនៅក្នុងពួកអ្នករាល់គ្នាជាយ៉ាងណា សំរាប់នឹងជួយដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏បានត្រាប់តាមយើងខ្ញុំ ហើយនឹងព្រះអម្ចាស់ ដោយបានទទួលព្រះបន្ទូល ដោយសេចក្ដីអំណររបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងកាលដែលកំពុងតែកើតទុក្ខលំបាកជាខ្លាំងផង»។ (ថែស្សាឡូនីចទី១ ១:៥, ៦) ត្រូវហើយ ប៉ុលបានសរសើរទៅក្រុមជំនុំថែស្សាឡូនីចនោះ ពីព្រោះថ្វីបើពួកគេបានកើតទុក្ខលំបាកជាច្រើន ពួកគេបានផ្សព្វផ្សាយដោយចិត្តខ្នះខ្នែងហើយមានជំនឿស៊ប់ដ៏មុតមាំ។ តើគឺជាអ្វីដែលឲ្យគេមានសមត្ថភាពធ្វើដូច្នេះ? នេះច្រើនតែដោយសារការខ្នះខ្នែងនិងជំនឿស៊ប់ដែលគេឃើញសាវ័កប៉ុលបង្ហាញ ហើយអ្នកដែលរួមធ្វើការជាមួយគាត់បានមានអានុភាពល្អទៅលើពួកគេ។ តើយ៉ាងដូចម្ដេច?
៧ ជីវិតរបស់សាវ័កប៉ុលនិងអ្នកដែលធ្វើដំណើរជាមួយគាត់បានបញ្ជាក់ភស្តុតាងតែម្ដងថា ព្រះវិញ្ញាណរបស់ព្រះកំពុងតែសណ្ឋិតលើពួកគាត់ ហើយគេជឿអស់ពីចិត្តពីថ្លើមទៅលើអ្វីដែលគេកំពុងតែផ្សព្វផ្សាយ។ មុនដែលគេទៅដល់ទីក្រុងថែស្សាឡូនីច ប៉ុលនិងស៊ីឡាសបានត្រូវគេប្រព្រឹត្តចំពោះពួកគាត់ ដោយរបៀបព្រហើននៅទីក្រុងភីលីព។ ដោយគ្មានការវិនិច្ឆ័យពីតុលាការ ពួកគេត្រូវវាយ ជាប់គុក ទាំងដាក់ឃ្នាងផង។ បទពិសោធន៍ដែលល្បងលនេះមិនបានរំលត់សេចក្ដីឧស្សាហ៍របស់គេចំពោះដំណឹងល្អឡើយ។ អន្តរាគមន៍ពីព្រះបានដោះលែងពួកគេ នាំឲ្យមេភូឃុំនិងក្រុមគ្រួសាររបស់គាត់ផ្លាស់ជំនឿ ហើយបានបើកផ្លូវឲ្យបងប្រុសទាំងនេះបន្តកិច្ចបំរើរបស់គេ។—កិច្ចការ ១៦:១៩-៣៤
៨ ដោយកម្លាំងពីព្រះវិញ្ញាណរបស់ព្រះ នោះប៉ុលបានមកដល់ទីក្រុងថែស្សាឡូនីច។ នៅទីនោះ គាត់បានធ្វើការយ៉ាងនឿយហត់ដើម្បីទទួលបាននូវសេចក្ដីត្រូវការរបស់គាត់ផ្ទាល់ និងបានប្រឹងប្រែងពេញទំហឹងក្នុងការបង្រៀនដល់ពួកថែស្សាឡូនីចទាំងនោះ។ គាត់មិនបានខាននឹងប្រកាសប្រាប់ដំណឹងល្អនៅគ្រប់ឱកាសទេ។ (ថែស្សាឡូនីចទី១ ២:៩) ការផ្សព្វផ្សាយដោយជំនឿស៊ប់ដ៏មុតមាំរបស់ប៉ុល បានមានឥទ្ធិពលទៅលើមនុស្សនៅតំបន់នោះខ្លាំងដល់ម្ល៉េះ ដែលពួកគេខ្លះបានលះចោលការថ្វាយបង្គំដោយប្រើរូបព្រះរបស់គេ ហើយទៅជាអ្នកបំរើព្រះពិតព្រះយេហូវ៉ា។—ថែស្សាឡូនីចទី១ ១:៨-១០
៩ ការបៀតបៀនមិនបានបង្អាក់អ្នកជឿថ្មីៗឲ្យអនុវត្តតាមដំណឹងល្អនោះឡើយ។ ដោយត្រូវតឿនបង្ខំដោយជំនឿថ្មីរបស់គេនិងជំនឿទាំងស្រុងថា ពរដ៏អស់កល្បនឹងជារបស់ផងគេ នោះពួកថែស្សាឡូនីចបានត្រូវជំរុញឲ្យប្រកាសប្រាប់សេចក្ដីពិត ដែលគេបានទទួលដោយចិត្តរំភើបនោះ។ ក្រុមជំនុំនោះបានធ្វើការយ៉ាងសកម្មដល់ម្ល៉េះ ដែលដំណឹងពីសេចក្ដីឧស្សាហ៍របស់គេបានសាយភាយដល់កន្លែងផ្សេងៗនៅម៉ាសេដូនហើយសូម្បីតែអាខៃ។ ដូច្នេះ ពេលប៉ុលសរសេរសំបុត្រទីមួយរបស់គាត់ទៅកាន់ពួកថែស្សាឡូនីច ការល្អរបស់គេបានត្រូវដឹងឮជាទូទៅហើយ។ (ថែស្សាឡូនីចទី១ ១:៧) តើសេចក្ដីនេះជាគំរូដ៏ប្រសើរម្ល៉េះហ្ន៎!
១០ ជំរុញដោយសេចក្ដីស្រឡាញ់ចំពោះព្រះនិងមនុស្ស: តើយ៉ាងដូចម្ដេចដែលយើងអាចរក្សាឲ្យមានជំនឿស៊ប់ដ៏មុតមាំផ្ទាល់ខ្លួនដូចពួកថែស្សាឡូនីច ពេលកំពុងតែផ្សព្វផ្សាយដំណឹងល្អសព្វថ្ងៃនេះ? ប៉ុលបានសរសេរអំពីពួកគេថា៖«ដោយនឹកចាំជាដរាប ពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្ដីជំនឿ នឹងពីការនឿយហត់ ដែលធ្វើដោយសេចក្ដីស្រឡាញ់»។ (ថែស្សាឡូនីចទី១ ១:៣) ច្បាស់ហើយ ពួកគេមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅពីដួងចិត្ត សំរាប់ព្រះយេហូវ៉ានិងសំរាប់មនុស្សដែលគេផ្សព្វផ្សាយដល់នោះ។ នេះក៏គឺជាសេចក្ដីស្រឡាញ់ដូចដែលបានជំរុញប៉ុលនិងអ្នកធ្វើដំណើរជាមួយគាត់ ឲ្យចូលចិត្តចែកដល់ពួកថែស្សាឡូនីចនូវ«ដំណឹងល្អពីព្រះ . . . មិនត្រឹមតែប៉ុណ្ណោះ ក៏ចូលចិត្តចែកទាំងជីវិតយើងខ្ញុំផង»។—ថែស្សាឡូនីចទី១ ២:៨
១១ ស្រដៀងគ្នាដែរ សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅសំរាប់ព្រះយេហូវ៉ានិងមនុស្សជាតិគ្នីគ្នា ជំរុញឲ្យយើងចង់រួមចំណែកពេញលេញក្នុងកិច្ចផ្សព្វផ្សាយដែលព្រះបានប្រគល់ឲ្យយើង។ ដោយមានសេចក្ដីស្រឡាញ់បែបនេះ យើងទទួលស្គាល់ថា ការផ្សព្វផ្សាយដំណឹងល្អគឺជាភារកិច្ចផ្ទាល់ខ្លួនដែលព្រះបានប្រគល់ឲ្យ។ ដោយរំពឹងគិតជាមួយគំនិតដ៏វិជ្ជមាន និងដឹងគុណអំពីអ្វីៗដែលព្រះយេហូវ៉ាបានប្រព្រឹត្តដ៏មានប្រយោជន៍ចំពោះយើង ដើម្បីនាំយើងទៅដល់«ជីវិតដ៏ពិតប្រាកដ» នោះយើងត្រូវជំរុញឲ្យប្រាប់អ្នកឯទៀតនូវសេចក្ដីពិតដ៏ប្រសើរនោះដែលយើងជឿអស់អំពីចិត្ត។—ធីម៉ូថេទី១ ៦:១៩ ព្រះគម្ពីរភាសាខ្មែរសម្រាយ
១២ ពេលយើងទុកឲ្យខ្លួនរវល់ក្នុងកិច្ចផ្សព្វផ្សាយ នោះសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងមនុស្សមានកាន់តែខ្លាំងឡើងៗ។ បើសិនជាអ៊ីចឹងមែន នោះយើងនឹងត្រូវជំរុញឲ្យផ្សព្វផ្សាយរឹតតែខ្លាំងពីផ្ទះមួយទៅផ្ទះមួយ ហើយតាមរកវិធីផ្សព្វផ្សាយផ្សេងទៀតដែលយើងអាចប្រើ។ យើងនឹងឆ្លៀតឱកាសដើម្បីផ្សព្វផ្សាយក្រៅផ្លូវការដល់ញាតិសន្ដាន អ្នកជិតខាង និងមិត្តភក្ដិ។ ទោះបីមនុស្សភាគច្រើនប្រហែលជានឹងបដិសេធមិនព្រមស្ដាប់ដំណឹងល្អ ដែលយើងផ្សព្វផ្សាយហើយអ្នកឯទៀតប្រហែលជានឹងខិតខំរំខាននូវការប្រកាសអំពីព្រះរាជាណាចក្រក៏ដោយ យើងនៅតែមានចិត្តអំណរ។ ហេតុអ្វី? ពីព្រោះយើងដឹងថា យើងបានខិតខំឲ្យអស់ពីសមត្ថភាពដើម្បីធ្វើបន្ទាល់ពីព្រះរាជាណាចក្រ និងជួយមនុស្សទទួលសេចក្ដីសង្គ្រោះ។ ហើយព្រះយេហូវ៉ានឹងប្រទានពរទៅលើការព្យាយាមរបស់យើង ដើម្បីស្វែងរកមនុស្សដែលមានចិត្តចង់ទទួលសេចក្ដីពិត។ សូម្បីតែពេលការបង្ខិតបង្ខំនៃជីវិតចោមចាប់យើង ហើយសាតាំងរកវិធីពង្រីងអំណររបស់យើងឲ្យអស់ក៏ដោយ យើងអាចរក្សាទុកជំនឿស៊ប់ដ៏មុតមាំរបស់យើង និងសេចក្ដីឧស្សាហ៍របស់យើងក្នុងការផ្សព្វផ្សាយដល់អ្នកដទៃ។ ពេលយើងទាំងអស់គ្នារួមចំណែក នេះមានលទ្ធផលជាក្រុមជំនុំដ៏ឧស្សាហ៍និងមាំមួនដូចក្រុមជំនុំនៅទីក្រុងថែស្សាឡូនីច។
១៣ កុំចុះចាញ់នឹងការល្បងល: យើងត្រូវការជំនឿស៊ប់ដ៏មុតមាំពេលយើងប្រទះការល្បងលផ្សេងៗ។ (ពេត្រុសទី១ ១:៦, ៧) ព្រះយេស៊ូបានបញ្ជាក់រឿងនេះឲ្យសិស្សរបស់ទ្រង់ថា បើសិនជាគេតាមទ្រង់«គ្រប់ទាំងសាសន៍នឹងស្អប់»ពួកគេ។ (ម៉ាថាយ ២៤:៩) ប៉ុលនិងស៊ីឡាសបានពិសោធនេះពេលគេនៅទីក្រុងភីលីព។ ដំណើររឿងនៅកិច្ចការជំពូកទី១៦រៀបរាប់ថា ប៉ុលនិងស៊ីឡាសបានត្រូវដាក់ក្នុងគុកហើយត្រូវជាប់ឃ្នាង។ ធម្មតា គុកធំនោះគឺជាបែបទីធ្លាឬក៏ល្វែងក្រៅដែលត្រូវព័ទ្ធដោយបន្ទប់ដែលអាចទទួលពន្លឺនិងខ្យល់។ ក៏ប៉ុន្តែ គុកងងឹតគ្មានកន្លែងឲ្យពន្លឺចូលឬក៏ឲ្យខ្យល់ចេញចូលទេ។ ប៉ុលនិងស៊ីឡាសត្រូវទ្រាំនឹងភាពងងឹត ក្ដៅ និងក្លិនស្អុយនៃកន្លែងឃុំឃាំងដ៏អាក្រក់នោះណាស់។ តើអ្នកអាចនឹកគិតអំពីការឈឺចាប់ដែលពួកគេបានពិសោធ ដោយត្រូវជាប់ឃ្នាងអស់ប៉ុន្មានម៉ោងទាំងខ្នងរលាត់និងហូរឈាម ដែលត្រូវទទួលរងពីការវាយទេ?
១៤ ទោះបីមានការល្បងលបែបនេះ ប៉ុលនិងស៊ីឡាសបាននៅស្មោះត្រង់។ ពួកគេបានបង្ហាញជំនឿស៊ប់ពីដួងចិត្តនេះជាអ្វីដែលបានចំរើនកម្លាំងរបស់គេ ឲ្យបំរើព្រះយេហូវ៉ាមិនថាគេប្រឈមការល្បងលណាក៏ដោយ។ ជំនឿស៊ប់របស់គេត្រូវបញ្ជាក់ក្នុងខ២៥នៅជំពូកទី១៦ដែលថា ប៉ុលនិងស៊ីឡាស«កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ»។ តាមពិត ទោះបីគេនៅក្នុងគុកងងឹតក៏ដោយ គេបានប្រាកដក្នុងចិត្តអំពីការយល់ព្រមរបស់ព្រះដល់ម្ល៉េះ ដែលគេបានច្រៀងឮៗហើយពួកអ្នកទោសឯទៀតបានឮដែរ! យើងត្រូវតែមានជំនឿដូចគ្នាពេលយើងប្រឈមការល្បងលនៃជំនឿនៅសព្វថ្ងៃនេះ។
១៥ ការល្បងលដែលអារក្សសាតាំងដាក់នៅមុខយើងគឺច្រើនអនេក។ សំរាប់អ្នកខ្លះ ប្រហែលជាការបៀតបៀនពីក្រុមគ្រួសារ។ បងប្អូនជាច្រើនរបស់យើងប្រឈមបញ្ហាខាងច្បាប់។ ប្រហែលមានការប្រទះនឹងការប្រឆាំងពីអ្នកក្បត់ជំនឿ។ ក៏មានបន្ទុកខាងលុយកាក់និងកង្វល់ពីការរកស៊ី។ យុវជនប្រឈមមុខនូវការបង្ខិតបង្ខំពីសិស្សរួមថ្នាក់នៅឯសាលារៀន។ តើយ៉ាងដូចម្ដេចដែលយើងអាចប្រឈមមុខ ដោយយកឈ្នះការល្បងលទាំងនេះដោយជោគជ័យនោះ? តើអ្វីដែលគឺជាចាំបាច់ដើម្បីបង្ហាញជំនឿស៊ប់?
១៦ មុនបង្អស់ហើយសំខាន់បំផុត យើងត្រូវតែរក្សាឲ្យមានទំនាក់ទំនងផ្ទាល់ខ្លួនដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ពេលប៉ុលនិងស៊ីឡាសនៅគុកក្នុងងងឹត ពួកគេមិនបានប្រើពេលនោះដើម្បីត្អូញត្អែអំពីកាលៈទេសៈរបស់គេឬក៏អាណិតខ្លួនឯងទេ។ ភ្លាមៗនោះពួកគេបានទូលព្រះយេហូវ៉ាហើយសរសើរទ្រង់តាមរយៈចំរៀង។ ហេតុអ្វី? ពីព្រោះពួកគេមានទំនាក់ទំនងផ្ទាល់ខ្លួនដ៏ជិតស្និទ្ធជាមួយនឹងព្រះវរបិតារបស់គេ ដែលគង់នៅស្ថានសួគ៌។ ពួកគេទទួលស្គាល់ថា គេកំពុងតែរងទុក្ខដោយសារសេចក្ដីសុចរិតហើយសេចក្ដីសង្គ្រោះរបស់គេអាស្រ័យទៅលើព្រះយេហូវ៉ា។—ទំនុកដំកើង ៣:៨
១៧ ពេលយើងប្រឈមការល្បងលសព្វថ្ងៃនេះ យើងក៏ត្រូវតែបែរអារម្មណ៍ទៅព្រះយេហូវ៉ាដែរ។ ប៉ុលលើកទឹកចិត្តយើងជាគ្រីស្ទានឲ្យ‹ជ្រាបពីសេចក្ដីសំណូមរបស់យើងរាល់គ្នា ក្នុងគ្រប់ការទាំងអស់ . . . យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់យើងរាល់គ្នា›។ (ភីលីព ៤:៦, ៧) តើគឺជាអ្វីដែលសម្រាលទុក្ខយ៉ាងណាទៅហ្ន៎ ដែលយើងដឹងថាព្រះយេហូវ៉ានឹងមិនឲ្យយើងឆ្លងកាត់ការល្បងលម្នាក់ឯងទេ! (អេសាយ ៤១:១០) ទ្រង់គង់នៅជាមួយនឹងយើងជានិច្ច ដរាបណាយើងបំរើទ្រង់ដោយជំនឿស៊ប់ដ៏ពិតប្រាកដ។—ទំនុកដំកើង ៤៦:៧
១៨ ជំនួយសំខាន់ចាំបាច់មួយទៀតក្នុងការបង្ហាញជំនឿដ៏មុតមាំ គឺជាការទុកឲ្យខ្លួនរវល់ក្នុងកិច្ចបំរើព្រះយេហូវ៉ា។ (កូរិនថូសទី១ ១៥:៥៨) ប៉ុលនិងស៊ីឡាសត្រូវដាក់គុកពីព្រោះពួកគេបានរវល់ក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អ។ តើពួកគេបានឈប់ផ្សព្វផ្សាយដោយសារការល្បងលរបស់គេទេ? អត់ទេ ពួកគេបានបន្តផ្សព្វផ្សាយសូម្បីតែនៅក្នុងគុក។ ក្រោយពីគេត្រូវដោះលែងហើយ គេបានធ្វើដំណើរទៅទីក្រុងថែស្សាឡូនីច ហើយចូលសាលាប្រជុំពួកយូដាដើម្បី«ជជែកពន្យល់ដល់គេតាមគម្ពីរ»។ (កិច្ចការ ១៧:១-៣) ពេលយើងមានជំនឿខ្លាំងទៅលើព្រះយេហូវ៉ាហើយជឿជាក់ថា យើងមានសេចក្ដីពិត គ្មានអ្វីដែលអាច«នឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ»។—រ៉ូម ៨:៣៥-៣៩
១៩ ឧទាហរណ៍បច្ចុប្បន្នពីជំនឿស៊ប់ដ៏មុតមាំ: មានឧទាហរណ៍ប្រសើរជាច្រើនអំពីអ្នកនៅសម័យយើងនេះ ដែលបានបង្ហាញជំនឿស៊ប់ដ៏មុតមាំដូចប៉ុលនិងស៊ីឡាស។ បងស្រីម្នាក់ដែលបានរួចរស់ពីជំរំឃុំឃាំងឈ្មោះអោឈ្វិត្ស បានរៀបរាប់អំពីជំនឿស៊ប់ដ៏មិនចេះរង្គោះរង្គើដែលបងប្អូនប្រុសស្រីនៅទីនោះបានបង្ហាញ។ បងស្រីប្រាប់ថា៖ «នៅពេលមួយក្នុងការចោទសួរ កូនទាហានម្នាក់បានមកជិតខ្ញុំទាំងក្ដាប់ដៃណែន។ គាត់បានស្រែកសួរថា៖ ‹តើយើងគួរធ្វើយ៉ាងណានឹងពួកអ្នក? បើសិនជាយើងចាប់ខ្លួនអ្នក អ្នកឯងមិនខ្វល់ទេ។ បើសិនជាយើងដាក់គុក អ្នកឯងក៏មិនខ្វល់សោះ។ បើសិនជាយើងដាក់ក្នុងជំរំឃុំឃាំង អ្នកឯងអត់ចេះភ័យទេ។ ពេលយើងកាត់ទោសប្រហារជីវិត អ្នកឯងគ្រាន់តែឈរដោយមិនយកចិត្តទុកដាក់ទេ។ តើយើងគួរធ្វើយ៉ាងណានឹងពួកអ្នក?›»។ ដោយឃើញជំនឿរបស់បងប្អូនរបស់យើងនៅមុខកាលៈទេសៈដ៏លំបាក តើគឺជាអ្វីដែលពង្រឹងជំនឿយ៉ាងណាទៅហ្ន៎! ពួកគេតែងតែអាស្រ័យព្រះយេហូវ៉ាសំរាប់ជំនួយដើម្បីស៊ូទ្រាំ។
២០ យើងច្បាស់ជានឹកចាំពីជំនឿស៊ប់នៃបងប្អូនរបស់យើងជាច្រើននាក់ ដែលប្រឈមមុខការស្អប់ពូជសាសន៍ដែលបានត្រូវសម្ដែងនៅឆ្នាំថ្មីៗនេះ។ ទោះបីពួកគាត់នៅក្នុងកាលៈទេសៈដែលប្រកបដោយគ្រោះថ្នាក់ក៏ដោយ នោះបងប្អូនដែលទទួលខុសត្រូវមានបំណងធ្វើយ៉ាងណា ឲ្យបងប្អូនប្រុសស្រីរបស់គេទទួលម្ហូបអាហារខាងវិញ្ញាណ។ បងប្អូនទាំងអស់គ្នានៅស្មោះត្រង់ទាំងជំនឿស៊ប់ដ៏មុតមាំថា‹គ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយអាចទាស់នឹងគេបានឡើយ›។—អេសាយ ៥៤:១៧
២១ បងប្អូនប្រុសស្រីរបស់យើងជាច្រើននាក់ដែលមានគូមិនជឿ ក៏បង្ហាញជំនឿមុតមាំនិងការស៊ូទ្រាំដែរ។ បងប្រុសម្នាក់នៅប្រទេសក្វាដិលូប៉េ បានជួបប្រទះការប្រឆាំងខ្លាំងពីប្រពន្ធរបស់គាត់ដែលមិនជឿ។ ដើម្បីធ្វើឲ្យបងប្រុសនេះធ្លាក់ទឹកចិត្តហើយបង្អាក់ការចូលរួមកិច្ចប្រជុំ នោះនាងមិនព្រមធ្វើម្ហូប បោកអ៊ុតឬក៏ប៉ះខោអាវរបស់គាត់ទេ។ អស់រយៈពេលជាយូរថ្ងៃ នាងមិនព្រមនិយាយជាមួយគាត់សោះ។ ក៏ប៉ុន្តែ ដោយការបង្ហាញនូវជំនឿស៊ប់ពីដួងចិត្តទៅលើការបំរើព្រះយេហូវ៉ា ហើយទូលថ្វាយទ្រង់ដើម្បីជំនួយតាមរយៈការអធិស្ឋាន នោះបងប្រុសនេះបានមានសមត្ថភាពស៊ូទ្រាំ។ តើបងប្រុសបានស៊ូទ្រាំអស់រយៈពេលប៉ុន្មាន? អស់២០ឆ្នាំ។ ហើយក្រោយពីពេលនោះមក ប្រពន្ធរបស់គាត់បានប្រែចិត្ត។ ជាយថាហេតុ គាត់អាចមានអំណរពិតប្រាកដពីព្រោះនាងបានទទួលនូវសេចក្ដីសង្ឃឹមនៃព្រះរាជាណាចក្ររបស់ព្រះ។
២២ ក្រោយបង្អស់ យើងគួរចាំមិនភ្លេចនូវជំនឿស៊ប់នៃបងប្អូនប្រុសស្រីវ័យក្មេងរបស់យើង ដែលចូលសាលាជារៀងរាល់ថ្ងៃហើយប្រឈមនឹងការបង្ខិតបង្ខំពីក្មេងគ្នីគ្នា និងបញ្ហាផ្សេងទៀតដែលប្រកួតប្រជែងជំនឿ។ ស្តីពីការបង្ខិតបង្ខំនៅសាលាឲ្យធ្វើតម្រាប់តាម ក្មេងស្រីម្នាក់ជាស្មរបន្ទាល់បាននិយាយថា៖ «នៅសាលារៀន ក្មេងទាំងអស់គ្នាតែងតែលើកទឹកចិត្តអ្នកឲ្យបះបោរបន្ដិចបន្តួច។ ក្មេងៗគោរពអ្នកជាងបើសិនជាអ្នកមានការប្រព្រឹត្ត ដែលស្ទើរតែមានរាងជាការបះបោរ»។ តើយុវជនរបស់យើងប្រឈមមុខការបង្ខិតបង្ខំខ្លាំងយ៉ាងណាទៅហ្ន៎! ពួកគេត្រូវតែតាំងចិត្តគំនិតយ៉ាងមាំដើម្បីទប់ទល់នឹងសេចក្ដីល្បួង។
២៣ យុវជនជាច្រើនរបស់យើងកំពុងតែរក្សាភាពស្មោះត្រង់របស់គេយ៉ាងល្អប្រសើរ ទោះបីប្រឈមការល្បងល។ ឧទាហរណ៍មួយគឺអំពីបងស្រីយុវនារីម្នាក់ដែលរស់នៅប្រទេសបារាំង។ នៅថ្ងៃមួយ បន្ទាប់ពីទទួលអាហារថ្ងៃត្រង់ នោះមានប្រុសខ្លះខិតខំបង្ខំនាងឲ្យថើបគេ ក៏ប៉ុន្តែ នាងបានអធិស្ឋានហើយតទល់យ៉ាងខ្លាំង ដូច្នេះប្រុសទាំងនោះបានឈប់។ ក្រោយមក ប្រុសម្នាក់បានត្រឡប់មកវិញហើយប្រាប់នាងថា គាត់កោតសរសើរនាងដោយព្រោះសេចក្ដីក្លាហានរបស់នាង។ នាងបានមានឱកាសធ្វើបន្ទាល់យ៉ាងល្អអំពីព្រះរាជាណាចក្រ ដោយពន្យល់ខ្នាតតម្រាដ៏ខ្ពង់ខ្ពស់ដែលព្រះយេហូវ៉ាតម្រូវពីអស់អ្នកដែលចង់ទទួលពរ។ ក្នុងកំឡុងឆ្នាំនោះ នាងក៏បានពន្យល់ជំនឿរបស់នាងឲ្យសិស្សក្នុងថ្នាក់ទាំងមូលដឹងតែម្ដង។
២៤ តើនេះគឺជាឯកសិទ្ធិដ៏វិសេសវិសាលណាស់ហ្ន៎ ដែលយើងអាចត្រូវរាប់ជាផ្នែកក្នុងចំណោមគេ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យប្រើដើម្បីនិយាយដោយជំនឿស៊ប់ដ៏មុតមាំអំពីព្រះហឫទ័យរបស់ទ្រង់! (កូល៉ុស ៤:១២) ម្យ៉ាងទៀត យើងមានឱកាសល្អដើម្បីបញ្ជាក់ភាពស្មោះត្រង់របស់យើង នៅពេលរងការវាយលុកពីសត្រូវរបស់យើងដែលប្រៀបដូចជាសិង្ហ ជាអារក្សសាតាំង។ (ពេត្រុសទី១ ៥:៨, ៩) កុំឲ្យយើងភ្លេចថាព្រះយេហូវ៉ាកំពុងតែប្រើសារព្រះរាជាណាចក្រ ដើម្បីសង្គ្រោះយើងដែលផ្សព្វផ្សាយ ហើយអ្នកដែលស្ដាប់ផងដែរ។ សូមឲ្យការសម្រេចរបស់យើងហើយជីវិតប្រចាំថ្ងៃរបស់យើង បញ្ជាក់ថាយើងស្វែងរកព្រះរាជាណាចក្រជាមុន។ ចូរឲ្យយើងបន្តផ្សព្វផ្សាយដំណឹងល្អដោយជំនឿស៊ប់ដ៏មុតមាំ!