ចូរសុំជំនួយចុះ
១ ពាក្យ«លំបាកណាស់» ដែលបានត្រូវបណ្ដាលឲ្យតែងនោះ ក៏ពណ៌នាយ៉ាងសមត្រឹមត្រូវនូវសម័យដ៏ពិបាករបស់យើងនេះដែរ។ (ធីម៉ូថេទី២ ៣:១) ដូច្នេះ តើអ្នកអាចធ្វើយ៉ាងណា ពេលដែលអ្នកជួបប្រទះបញ្ហាពិបាក ហើយដែលអ្នកមានអារម្មណ៍ថាគ្មានសមត្ថភាពឈ្នះនោះ?
២ តើអ្នកនឹងសុខចិត្តនិយាយជាមួយសមាជិកមួយដែលមានភាពចាស់ទុំខាងវិញ្ញាណក្នុងក្រុមជំនុំឬទេ? អ្នកខ្លះប្រហែលជាស្ទាក់ស្ទើរពីព្រោះខ្មាសមិនចង់រំខានគេ ឬក៏ពីព្រោះសង្ស័យថាគ្មានអ្នកដែលអាចជួយបានទេ។ ត្រូវមែន យើងគួរខិតខំសម្រេចភារកិច្ចរបស់ខ្លួនផ្ទាល់ ឲ្យបានល្អបំផុតដែលអាចធ្វើទៅបាន។ ក៏ប៉ុន្តែ យើងគួរមានអារម្មណ៍ជានិច្ចថា យើងមានសេរីភាពរកជំនួយខាងឯរឿងដែលទាក់ទងសុខុមាលភាពខាងវិញ្ញាណរបស់យើង។—កាឡាទី ៦:២, ៥
៣ វិធីចាប់ផ្ដើម: អ្នកប្រហែលជាចង់និយាយជាមួយអ្នកដឹកនាំការសិក្សាតាមក្រុមរបស់អ្នក ហើយសូមទៅផ្សព្វផ្សាយជាមួយនឹងគាត់។ នេះនឹងបើកឱកាសឲ្យអ្នកប្រាប់ដល់គាត់នូវសេចក្ដីប៉ងប្រាថ្នារបស់អ្នកឲ្យលូតលាស់ខាងវិញ្ញាណ។ បើសិនជាគាត់ជាអ្នកងារជំនួយ ចូរប្រាប់គាត់ពីសេចក្ដីត្រូវការជំនួយខាងវិញ្ញាណរបស់អ្នក ហើយគាត់នឹងសូមពួកអ្នកចាស់ទុំជួយអ្នក។ ឬក៏អ្នកអាចនិយាយជាមួយអ្នកចាស់ទុំណាម្នាក់ក៏បាន អំពីរឿងណាដែលធ្វើឲ្យអ្នកខ្វល់ខ្វាយ។
៤ តើអ្នកត្រូវការជំនួយបែបណា? តើមានអ្វីមួយដែលបានធ្វើឲ្យអ្នកបាត់បង់នូវចិត្តខ្នះខ្នែងឬទេ? តើអ្នកជាឪពុកឬម្ដាយម្នាក់ឯងដែលកំពុងតែខិតខំជួយកូនៗឲ្យនៅជិតស្និទ្ធនឹងក្រុមជំនុំទេ? តើអ្នកជាមនុស្សម្នាក់វ័យចាស់ដែលត្រូវការជំនួយទេ? ឬក៏តើអ្នកមានបញ្ហាមួយដែលធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តទេ? ការរកផ្លូវពុះពារនឹងគ្រាលំបាករបស់យើងនេះប្រហែលជាពិបាកមែន ក៏ប៉ុន្តែមិនមែនជាអ្វីដែលមិនអាចធ្វើទៅបានទេ។ គឺអាចទទួលជំនួយបាន។
៥ របៀបដែលអ្នកចាស់ទុំជួយ: ពួកអ្នកចាស់ទុំយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រពិតប្រាកដ។ ពួកគេនឹងស្ដាប់កង្វល់របស់អ្នក។ បើសិនអ្នកផ្សាយឯទៀតប្រឈមមុខនឹងបញ្ហាស្រដៀងគ្នា នោះពួកអ្នកចាស់ទុំនឹងពិចារណារឿងនេះ កាលដែលគេឃ្វាលហើយបង្រៀនក្រុមជំនុំ។ ជា«គំរូដល់ហ្វូងចៀម»នោះ ពួកគេនៅប្រុងប្រៀបធ្វើការជាមួយអ្នកដោយអំណរ។ (ពេត្រុសទី១ ៥:៣) ការស្ដាប់បងប្អូនប្រុសដែលមានបទពិសោធន៍ទាំងប៉ុន្មាននេះ ពេលដែលគេវែកញែកបញ្ជាក់ហេតុផលពីបទគម្ពីរ នោះអាចជួយបង្កើនគុណភាពនៃកិច្ចបំរើរបស់អ្នកនឹងជួយអ្នកក្នុងជីវិតអ្នកផ្ទាល់។—ធីម៉ូថេទី២ ៣:១៦, ១៧
៦ ព្រះយេស៊ូបានប្រទាន«អំណោយទានជាមនុស្ស»ជាច្រើនចំពោះយើង។ (អេភេសូរ ៤:៨, ព.ថ.) នេះមានន័យថា ពួកអ្នកចាស់ទុំប្រុងប្រៀបដើម្បីជួយអ្នក។ ពួកគេអាចជួយអ្នកបាន ហើយហាក់ដូច«ជារបស់ផងអ្នករាល់គ្នា»។ (កូរិនថូសទី១ ៣:២១-២៣) ដូច្នេះ ជាជាងនៅស្ងៀម ចូរប្រាប់ចុះ។ ចូរសុំជំនួយដែលអ្នកត្រូវការ។