ចូរកោតខ្លាចដល់ព្រះយេហូវ៉ាគ្រប់ពេលវេលា
១ «សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃប្រាជ្ញា»។ (ទំនុកដំកើង ១១១:១០) សេចក្ដីកោតខ្លាចនោះជំរុញទឹកចិត្តយើងឲ្យធ្វើអំពើល្អ ថែមទាំងជួយយើងឲ្យជៀសចេញពីអំពើអាក្រក់ដែរ។ (សុភាសិត ១៦:៦) សេចក្ដីកោតខ្លាចនេះ គឺជាការគោរពយ៉ាងជ្រាលជ្រៅចំពោះអ្នកបង្កើតរបស់យើង និងជាអ្វីដែលជំរុញយើងឲ្យបដិសេធមិនព្រមធ្វើអ្វីដែលទ្រង់មិនសព្វព្រះហឫទ័យ ឬក៏អ្វីដែលមិនស្របតាមបង្គាប់ទ្រង់។ សេចក្ដីកោតខ្លាចគឺជាអ្វីដែលយើងត្រូវបណ្ដុះបណ្ដាលនិងបង្ហាញគ្រប់ពេលវេលា។—សុភាសិត ៨:១៣
២ ជារៀងរាល់ថ្ងៃ ឥទ្ធិពលពីលោកីយ៍របស់សាតាំងបង្ខិតបង្ខំជាខ្លាំងមកលើយើងឲ្យសម្របទៅតាមរបៀបដ៏អាក្រក់របស់វា។ (អេភេសូរ ៦:១១, ១២) សាច់ឈាមដ៏មិនគ្រប់ល័ក្ខណ៍របស់យើងក៏មានបាបដែរ និងអ៊ីចឹងហើយក៏មានទំនោរទៅខាងអំពើអាក្រក់។ (កាឡាទី ៥:១៧) ដូច្នេះហើយ ដើម្បីស្ដាប់តាមបង្គាប់របស់ព្រះយេហូវ៉ា ទាំងមានសុភមង្គល និងទទួលជីវិត នោះយើងត្រូវតែកោតខ្លាចដល់ទ្រង់គ្រប់ពេលវេលា។—ចោទិយកថា ១០:១២, ១៣
៣ នៅហេព្រើរ ១០:២៤, ២៥ យើងបានត្រូវដាស់តឿនឲ្យជួបជុំគ្នាដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក«កាន់តែខ្លាំងឡើង»ក្នុងសម័យយើងនេះ។ ការទៅឯកិច្ចប្រជុំយ៉ាងទៀងទាត់ជាការចាំបាច់ បើសិនជាយើងចង់រួចរស់ផុតពីថ្ងៃជាន់ក្រោយបង្អស់នេះ។ ដោយព្រោះយើងខ្លាចធ្វើអ្វីដែលមិនសព្វព្រះហឫទ័យដូច្នេះ ក៏ជំរុញចិត្តយើងឲ្យទៅឯកិច្ចប្រជុំនិងចាត់ទុកគោលបំណងនៃប្រជុំទាំងនោះជាអ្វីដ៏មានតម្លៃណាស់។ ពួកអ្នកដែលកោតខ្លាចចំពោះព្រះរាប់ទុកការចូលរួមក្នុងកិច្ចប្រជុំគ្រីស្ទាន ជាឯកសិទ្ធិមួយដ៏ពិសិដ្ឋ។
៤ ការស្ដាប់តាមបង្គាប់ឲ្យទៅផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រ ក៏ជាវិធីមួយទៀតដែលយើងបង្ហាញថាខ្លួនកោតខ្លាចដល់ព្រះ។ (ម៉ាថាយ ២៨:១៩, ២០; កិច្ចការ ១០:៤២) គោលបំណងមួយដ៏សំខាន់ដែលទាក់ទងនឹងការផ្សព្វផ្សាយរបស់យើង គឺជាការជួយអ្នកឯទៀតបណ្ដុះបណ្ដាលឲ្យមានចិត្តកោតខ្លាចដល់ព្រះយេហូវ៉ា ហើយចុះចូលនឹងព្រះហឫទ័យរបស់ទ្រង់។ យើងសម្រេចគោលបំណងនេះដោយត្រឡប់ទៅជួបគេវិញ ដោយខិតខំចាប់ផ្ដើមការសិក្សា រួចហើយដោយបង្រៀនអ្នកដទៃនូវគ្រប់ទាំងបង្គាប់របស់ព្រះ។ ដោយធ្វើអ៊ីចឹងយើងបង្ហាញថា យើងកោតខ្លាចដល់ព្រះយេហូវ៉ានិងស្រឡាញ់អ្នកជិតខាងរបស់យើង។—ម៉ាថាយ ២២:៣៧-៣៩
៥ ពួកអ្នកដែលមិនកោតខ្លាចដល់ព្រះ ក៏ខកខានមិនបណ្ដុះបណ្ដាលចិត្តគំនិតមួយដែលប្រកបទៅដោយការអបអរចំពោះអ្វីៗខាងវិញ្ញាណទេ ហើយក៏ចុះចាញ់នឹងអាកាសឬក៏បែបបទនៃគំនិតរបស់លោកីយ៍នេះដែលបណ្ដាលឲ្យស្លាប់។ (អេភេសូរ ២:២) ចូរឲ្យយើងតាំងចិត្ត«បំរើព្រះ . . . ទាំងមានចិត្តគោរពប្រតិបត្ដិ ហើយកោតខ្លាចដល់ទ្រង់»។ (ហេព្រើរ ១២:២៨) ដូច្នេះ យើងនឹងទទួលពរដែលនឹងត្រូវឲ្យចំពោះអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាគ្រប់ពេលវេលា។