ការបង្ខិតបង្ខំពីអ្នកឯទៀត និងឯកសិទ្ធិផ្សព្វផ្សាយរបស់អ្នក
១ ការបង្ខិតបង្គំគឺជាឥទ្ធិពលដ៏ខ្លាំងមួយដែលអាចនាំឲ្យធ្វើល្អឬក៏ធ្វើអាក្រក់បាន។ អ្នកដែលបំរើព្រះយេហូវ៉ាជាមួយគ្នានឹងយើង អាចបញ្ចេញអានុភាពដ៏វិជ្ជមានដែលជំរុញយើងឲ្យធ្វើការល្អខាងជំនឿគ្រីស្ទាន។ (ហេព្រើរ ១០:២៤) ក៏ប៉ុន្តែ សមាជិកគ្រួសារដែលមិនមែនជាស្មរបន្ទាល់ទេ ដូចជាអ្នករួមធ្វើការ មិត្តរួមថ្នាក់ អ្នកជិតខាង ឬក៏អ្នកដទៃទៀតដែលយើងស្គាល់ ក៏អាចប្រឹងប្រែងដើម្បីបង្ខិតបង្ខំយើងឲ្យដើរតាមផ្លូវមួយដ៏ខុសផ្ទុយពីគោលការណ៍គ្រីស្ទានដែរ។ ពួកគេប្រហែលជា«និយាយបង្កាច់ពីកិរិយាល្អ ដែល[យើង]ប្រព្រឹត្តក្នុងព្រះគ្រីស្ទ»។ (ពេត្រុសទី១ ៣:១៦) តើតាមរបៀបណាដែលយើងអាចកាន់ខ្ជាប់នឹងការតាំងចិត្តរបស់យើង ឲ្យបន្តផ្សព្វផ្សាយទោះបីយើងប្រទះការបង្ខិតបង្ខំដ៏អវិជ្ជមានពីអ្នកឯទៀតក៏ដោយ?
២ សមាជិកគ្រួសារ: ជួនកាលប្ដីម្នាក់ដែលជាឪពុកដែលមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ា ប្រហែលជាមិនចង់ឲ្យប្រពន្ធរបស់គាត់និងកូនៗចូលរួមកិច្ចបំរើសាធារណៈទេ។ មានគ្រួសារមួយនៅប្រទេសម៉ិកស៊ិកដែលធ្លាប់មានកាលៈទេសៈបែបនេះ។ មានបុរសម្នាក់ដែលប្រពន្ធនិងកូន៧នាក់របស់គាត់បានទៅជាស្មរបន្ទាល់ព្រះយេហូវ៉ា។ នៅដើមដំបូងគាត់បានប្រឆាំងនឹងពួកគេ ដោយសារគាត់មិនចង់ឲ្យគ្រួសាររបស់គាត់ផ្សព្វផ្សាយ និងផ្ដល់ប្រកាសនវត្ថុព្រះគម្ពីរពីផ្ទះមួយទៅផ្ទះមួយទេ។ គាត់មានអារម្មណ៍ថា នេះគឺជាកិច្ចការថោកទាបពេក។ ក៏ប៉ុន្តែ ប្រពន្ធនិងកូនរបស់គាត់បានកាន់ខ្ជាប់តាមការសម្រេចរបស់គេ ឲ្យបំរើព្រះយេហូវ៉ានិងរួមចំណែកទៀងទាត់ក្នុងកិច្ចផ្សព្វផ្សាយដែរ។ ក្រោយមក បុរសនោះបានចាប់ផ្ដើមទទួលស្គាល់នូវតម្លៃនៃការរៀបចំរបស់ព្រះ ចំពោះការផ្សព្វផ្សាយ ហើយគាត់ក៏បានឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ាដែរ។ អស់១៥ឆ្នាំបានកន្លងផុតទៅ ទើបគាត់បានព្រមទទួលនូវសេចក្ដីពិត ក៏ប៉ុន្តែ តើគាត់នឹងអាចធ្វើដូច្នេះបានទេ បើសិនជាក្រុមគ្រួសាររបស់គាត់មិនបានតស៊ូក្នុងឯកសិទ្ធិរបស់គេខាងការផ្សព្វផ្សាយនោះ?—លូកា ១:៧៤; កូរិនថូសទី១ ៧:១៦
៣ មិត្តរួមធ្វើការជាមួយនឹងយើង: ការខិតខំរបស់អ្នកដើម្បីផ្សព្វផ្សាយដល់អ្នករួមធ្វើការជាមួយអ្នក ប្រហែលជានឹងមិនពេញចិត្តមនុស្សខ្លះនោះទេ។ បងស្រីម្នាក់បានរៀបរាប់ថា ពេលដែលមានការពិភាក្សាក្នុងការិយាល័យរបស់គាត់អំពីទីបញ្ចប់នៃលោកីយ៍ គាត់បានត្រូវគេសើចចំអកដោយសារគាត់បានជូនយោបល់ឲ្យគេអានម៉ាថាយ ជំពូកទី២៤។ ក៏ប៉ុន្តែ ពីរបីថ្ងៃក្រោយមក អ្នករួមធ្វើការម្នាក់បានប្រាប់គាត់ថា គាត់បានអានជំពូកនោះហើយ និងបានកោតស្ងើចមែន។ បងស្រីនោះបានផ្ដល់ប្រកាសនវត្ថុមួយ និងបានរៀបចំសិក្សាព្រះគម្ពីរជាមួយនឹងគាត់ព្រមទាំងប្ដីគាត់ដែរ។ ការសិក្សាលើកដំបូងបានបន្តរហូតដល់ម៉ោងពីរយប់។ ក្រោយពីការសិក្សាលើកទី៣ គេបានចាប់ផ្ដើមចូលរួមកិច្ចប្រជុំ និងមិនយូរប៉ុន្មានក្រោយមក គេបានឈប់ប្រើថ្នាំជក់និងបានចាប់ផ្ដើមរួមចំណែកកិច្ចផ្សព្វផ្សាយ។ តើនេះអាចកើតមានឡើងបានទេ បើសិនជាបងស្រីនោះមិនបានខិតខំប្រាប់អ្នកឯទៀតអំពីសេចក្ដីសង្ឃឹមរបស់គាត់នោះ?
៤ មិត្តរួមថ្នាក់: គឺជាការធម្មតាដែលស្មរបន្ទាល់នៅយុវវ័យទទួលនូវការបង្ខិតបង្ខំពីអ្នកឯទៀតនៅឯសាលារៀន ហើយមានអារម្មណ៍ខ្លាចថា យុវជនឯទៀតនឹងនិយាយមើលងាយគេដោយព្រោះគេចូលរួមកិច្ចផ្សព្វផ្សាយ។ យុវនារីគ្រីស្ទានម្នាក់នៅសហរដ្ឋអាមេរិកបាននិយាយថា៖ «ខ្ញុំធ្លាប់ខ្លាចការផ្សព្វផ្សាយដល់យុវជនឯទៀត ពីព្រោះខ្ញុំខ្លាចគេសើចចំអកដាក់ខ្ញុំ»។ ដូច្នេះ នាងបានជៀសវាងពីឱកាសផ្សព្វផ្សាយដល់មិត្តរួមថ្នាក់នៅឯសាលានិងក្នុងតំបន់ផ្សាយផង។ តើដោយដូចម្ដេចដែលអ្នកអាចបណ្ដុះបណ្ដាលឲ្យមានសមត្ថភាពទប់ទល់នឹងការបង្ខិតបង្ខំពីអ្នកឯទៀត? ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ ទាំងរកបំពេញព្រះហឫទ័យទ្រង់។ (សុភាសិត ២៩:២៥) ចូរមានមោទនភាពចំពោះសមត្ថភាពរបស់អ្នក ក្នុងការចេះប្រើព្រះបន្ទូលរបស់ព្រះក្នុងកិច្ចផ្សព្វផ្សាយរបស់អ្នក។ (ធីម៉ូថេទី២ ២:១៥) យុវនារីខាងលើនេះបានចាប់ផ្ដើមទូលព្រះយេហូវ៉ា ទាំងសុំទ្រង់ជួយគាត់បណ្ដុះបណ្ដាលចំណង់ក្នុងការនិយាយជាមួយនឹងមិត្តរួមថ្នាក់។ គាត់បានចាប់ផ្ដើមផ្សព្វផ្សាយក្រៅផ្លូវការនៅឯសាលា បានមានលទ្ធផលល្អ និងមិនយូរក្រោយមកបានចាប់ផ្ដើមនិយាយជាមួយមនុស្សគ្រប់គ្នាដែលគាត់ស្គាល់។ គាត់បានបញ្ចប់ដោយនិយាយថា៖ «យុវជនទាំងនោះត្រូវការ និងចង់បានសេចក្ដីសង្ឃឹមចំពោះអនាគត ហើយព្រះយេហូវ៉ាកំពុងតែប្រើយើងដើម្បីជួយគេ»។
៥ អ្នកជិតខាង: យើងប្រហែលជាមានអ្នកជិតខាងឬក៏អ្នកឯទៀតដែលយើងស្គាល់ ដែលបង្ហាញឫកដូចជាខឹងនឹងយើង ដោយព្រោះយើងជាស្មរបន្ទាល់ព្រះយេហូវ៉ានិងដោយសារជំនឿរបស់យើង។ បើសិនជាអ្នកខ្លាចគេគិតបែបណា សូមសួរខ្លួនឯងថា៖ ‹តើគេដឹងអំពីសេចក្ដីពិតដែលនាំទៅដល់ជីវិតអស់កល្បជានិច្ចឬទេ? តើខ្ញុំអាចធ្វើអ្វីដើម្បីមានអានុភាពលើចិត្តរបស់គេ?›។ អ្នកត្រួតពិនិត្យតាមមណ្ឌលម្នាក់បានសង្កេតឃើញថា អាចបានលទ្ធផលល្អបើសិនជាយើងផ្សព្វផ្សាយដល់អ្នកជិតខាងបន្ដិចម្ដងៗ។ ចូរទូលអង្វរព្រះយេហូវ៉ាសុំកម្លាំងនិងប្រាជ្ញាដើម្បីបន្តស្វែងរកអ្នកដែលមានចិត្តស្មោះ។—ភីលីព ៤:១៣
៦ អ្នកប្រឆាំងប្រហែលជានឹងពេញចិត្ត បើសិនជាយើងចុះចាញ់នឹងការបង្ខិតបង្ខំរបស់គេ ក៏ប៉ុន្តែ តើការធ្វើអ៊ីចឹងនឹងមានប្រយោជន៍ដល់គេឬក៏ដល់យើង? ព្រះយេស៊ូបានត្រូវគេប្រឆាំងដោយអ្នកក្នុងសហគមន៍របស់ទ្រង់តែម្ដង។ ទ្រង់ក៏បានស៊ូទ្រាំនឹងពាក្យមើលងាយពីប្អូនប្រុសៗរបស់ទ្រង់ខាងម្ដាយ។ ក៏ប៉ុន្តែ ទ្រង់ជ្រាបដឹងថា ទ្រង់អាចជួយគេបាន ដោយសារតែទ្រង់កាន់ខ្ជាប់តាមផ្លូវដែលព្រះបានរៀបដាក់ឲ្យប៉ុណ្ណោះ។ ដូច្នេះ ព្រះយេស៊ូបាន«ទ្រាំទ្រនឹងពាក្យមើលងាយពីអ្នកដែលធ្វើបាបដោយខូចបង់ប្រយោជន៍របស់គេ»។ (ហេព្រើរ ១២:២, ៣, ព.ថ.) យើងត្រូវតែធ្វើដូចគ្នាដែរ។ ចូរប្ដេជ្ញាចិត្តធ្វើការអស់ពីសមត្ថភាពដើម្បីសម្រេចតាមឯកសិទ្ធិរបស់អ្នក ជាការផ្សព្វផ្សាយសារព្រះរាជាណាចក្រ។ ដោយធ្វើអ៊ីចឹង«អ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង»។—ធីម៉ូថេទី១ ៤:១៦