បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/១០ ទំ. ៣-ទំ. ៦ វ. ១៣
  • អ្នកអាចផ្សព្វផ្សាយក្រៅផ្លូវការបាន!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកអាចផ្សព្វផ្សាយក្រៅផ្លូវការបាន!
  • ២០១០ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកបានត្រៀមខ្លួនហើយឬនៅ ដើម្បីផ្សាយក្រៅផ្លូវការ?
    ២០០៩ កិច្ចបម្រើព្រះ
  • ចូរសរសើរព្រះយេហូវ៉ាដោយធ្វើបន្ទាល់ក្រៅផ្លូវការ
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • យើងជាសាក្សីរបស់ព្រះយេហូវ៉ាគ្រប់ពេលវេលា
    ២០០៩ កិច្ចបម្រើព្រះ
  • ចូរយកចិត្ដទុកដាក់«ធ្វើបន្ទាល់សព្វគ្រប់»
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១០ កិច្ចបម្រើព្រះ
km ៨/១០ ទំ. ៣-ទំ. ៦ វ. ១៣

អ្នក​អាច​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​បាន!

១ ក្នុង​ក្រុម​ជំនុំ​របស់​អ្នក តើ​មាន​បង​ប្អូន​ប៉ុន្មាន​នាក់​ដែល​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ? ពេល​ដែល​ដឹង​អំពី​ចំនួន នោះ​អ្នក​ប្រហែលជា​នឹង​ភ្ញាក់​ផ្អើល។ ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​គឺជា​ការ​ប្រាប់​ដំណឹង​ល្អ​ដល់​មនុស្ស​ដែល​យើង​ជួប​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ពោល​គឺ​នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា​រៀន ពេល​ទៅ​ផ្សារ និង​ពេល​ទៅ​សួរ​សុខទុក្ខ​អ្នក​ជិត​ខាង​ឬ​សមាជិក​ក្រុម​គ្រួសារ​ជា​ដើម។ ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា​ចំនួន​២០០​នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ មាន​៤០​ភាគ​រយ​ជា​អ្នក​ដែល​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ! ដូច្នេះ នេះ​ជា​វិធី​ផ្សព្វ​ផ្សាយ​ដែល​ពិត​ជា​មាន​ប្រសិទ្ធភាព​មែន។

២ អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​សតវត្សរ៍​ទី​១​បាន​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ជា​ញឹក​ញយ។ ជា​ឧទាហរណ៍ កាល​ដែល​លោក​យេស៊ូ​ធ្វើ​ដំណើរ​កាត់​ស្រុក​សាម៉ារី លោក​បាន​ផ្សព្វ​ផ្សាយ​ដល់​ស្ត្រី​ម្នាក់​ដែល​កំពុង​ដង​ទឹក​ពី​អណ្ដូង​របស់​យ៉ាកុប។ (​យ៉ូន. ៤:៦​-​២៦​) ដើម្បី​អាច​មាន​ឱកាស​សន្ទនា​ជា​មួយ​នឹង​មន្ត្រី​ជន​ជាតិ​អេចូពី​ម្នាក់​ដែល​កំពុង​អាន​សៀវភៅ​អេសាយ​នោះ ភីលីព​បាន​សួរ​នាំ​ដោយ​ថា​៖ ​«​តើ​អ្នក​ពិត​ជា​យល់​អ្វី​ដែល​អ្នក​កំពុង​អាន​ឬ​ទេ?​»។ (​សកម្ម. ៨:២៦​-​៣៨​) ពេល​ដែល​សាវ័ក​ប៉ូល​ជាប់​គុក​នៅ​ទី​ក្រុង​ភីលីព គាត់​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​យាម​គុក។ (​សកម្ម. ១៦:២៣​-​៣៤​) ក្រោយ​មក ពេល​ប៉ូល​ត្រូវ​គេ​ឃុំ​ក្នុង​ផ្ទះ នោះ​គាត់​«​បាន​ទទួល​យ៉ាង​រាក់​ទាក់​អស់​អ្នក​ដែល​មក​ជួប​គាត់ ដោយ​ផ្សព្វ​ផ្សាយ​ប្រាប់​ពួក​គេ​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​បង្រៀន​អំពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​»។ (​សកម្ម. ២៨:​៣០, ៣១​) អ្នក​ក៏​អាច​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​បាន​ដែរ ទោះ​បី​អ្នក​ជា​មនុស្ស​អៀន​ខ្មាស​ក៏​ដោយ។ តើ​អាច​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

៣ វិធី​ចាប់​ផ្ដើម: យើង​ជា​ច្រើន​នាក់​ប្រហែលជា​ពិបាក​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​ជា​មួយ​នឹង​មនុស្ស​ដែល​យើង​ពុំ​ស្គាល់។ សូម្បី​តែ​រក​ពាក្យ​និយាយ​អំពី​សេចក្ដី​ពិត​ជា​មួយ​នឹង​អ្នក​ដែល​យើង​ស្គាល់​ហើយ ក៏​ប្រហែលជា​ពិបាក​ដែរ។ ក៏​ប៉ុន្តែ បើ​យើង​រំពឹង​គិត​អំពី​គុណធម៌​របស់​ព្រះ​យេហូវ៉ា អំពី​សេចក្ដី​ពិត​ថ្លៃ​វិសេស​ដែល​លោក​បាន​ផ្ដល់​ឲ្យ​អ្នក​បម្រើ​របស់​លោក និង​អំពី​ស្ថានភាព​ដ៏​អស់​សង្ឃឹម​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ នោះ​នឹង​ជំរុញ​យើង​ឲ្យ​និយាយ​ជា​មួយ​នឹង​ពួក​គេ។ (​យ៉ូណ. ៤:១១; ទំនុក. ៤០:៥; ម៉ាថ. ១៣:៥២​) ម្យ៉ាង​ទៀត យើង​អាច​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​«​តាំង​ចិត្ត​ក្លាហាន​»។ (​១ថែ. ២:២​) និស្សិត​សាលា​គី​លាត​ម្នាក់​បាន​និយាយ​ថា​៖ ​«​ពេល​ណា​ខ្ញុំ​ពិបាក​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ខ្ញុំ​ឃើញ​ថា​សេចក្ដី​អធិដ្ឋាន​ច្រើន​តែ​ជួយ​ខ្ញុំ​»។ បើ​អ្នក​ស្ទាក់​ស្ទើរ មិន​ហ៊ាន​និយាយ​នោះ ចូរ​អធិដ្ឋាន​យ៉ាង​ខ្លី​នៅ​ក្នុង​ចិត្ត។—នេហ. ២:៤

៤ ដោយ​សារ​នោះ​ជា​ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ យើង​មិន​ចាំ​បាច់​រៀប​ចំ​ពាក្យ​ផ្ដើម​ដូច​ផ្សព្វ​ផ្សាយ​តាម​ផ្លូវ​ការ ឬ​ក៏​លើក​ឡើង​បទ​គម្ពីរ​មួយ​ភ្លាម​ៗ​ទេ។ ប្រហែលជា​ការ​ស្រួល​ជាង បើ​គោលដៅ​ដំបូង​របស់​យើង​គឺ​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​សិន ដោយ​មិន​គិត​ថា​យើង​ត្រូវ​ផ្សព្វ​ផ្សាយ​ភ្លាម​ៗ​ទេ។ អ្នក​ផ្សព្វ​ផ្សាយ​ជា​ច្រើន​នាក់​បាន​និយាយ​ថា ពេល​ធ្វើ​តាម​គោលដៅ​នេះ​ហើយ នោះ​ពួក​គេ​មាន​ទំនុក​ចិត្ត​ដើម្បី​និយាយ​អំពី​ដំណឹង​ល្អ​ក្រោយ​មក។ បើ​បុគ្គល​នោះ​មិន​ចង់​សន្ទនា​ជា​មួយ​នឹង​យើង យើង​មិន​ចាំ​បាច់​បង្ខំ​គាត់​ទេ។ សូម​បញ្ចប់​ការ​សន្ទនា​ដោយ​គួរ​សម ហើយ​ដក​ខ្លួន​ចេញ។

៥ សូម​គិត​អំពី​គំរូ​របស់​បង​ស្រី​យើង​ម្នាក់​ដែល​មាន​លក្ខណៈ​អៀន​ខ្មាស។ ពេល​គាត់​ទៅ​ផ្សារ អ្វី​ដែល​គាត់​ធ្វើ​មុន​បង្អស់​គឺ​មើល​មុខ​បុគ្គល​ម្នាក់​ហើយ​ញញឹម។ បើ​បុគ្គល​នោះ​ញញឹម​ដាក់​គាត់​វិញ បង​ស្រី​យើង​និយាយ​ពីរ​បី​មាត់​ទៅ។ រួច​មក បើ​បុគ្គល​នោះ​និយាយ​រាក់​ទាក់​មក​វិញ នោះ​ធ្វើ​ឲ្យ​បង​ស្រី​យើង​មាន​ទំនុក​ចិត្ត​បន្ត​សន្ទនា​ជា​មួយ​នឹង​គាត់។ គាត់​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ខំ​ស្វែង​យល់​ថា​តើ​បុគ្គល​នោះ​នឹង​ចាប់​អារម្មណ៍​ចំពោះ​ចំណុច​ណា​ពី​ដំណឹង​ល្អ។ ដោយ​ប្រើ​វិធី​នេះ គាត់​បាន​ចែក​សៀវភៅ​ច្រើន​ណាស់ ហើយ​បាន​រក​ឃើញ​សិស្ស​គម្ពីរ​ថ្មី​មួយ​ដែរ។

៦ វិធី​បង្កើត​ឲ្យ​មាន​ការ​សន្ទនា: តើ​យើង​អាច​និយាយ​អ្វី​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​សន្ទនា? ពេល​ដែល​លោក​យេស៊ូ​និយាយ​ជា​មួយ​នឹង​ស្ត្រី​នោះ​នៅ​ឯ​អណ្ដូង​ទឹក លោក​បាន​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​ដោយ​គ្រាន់តែ​សុំ​ទឹក​ពី​នាង​ពិសា។ (​យ៉ូន. ៤:៧​) ដូច្នេះ យើង​ប្រហែលជា​អាច​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​ដោយ​សួរ​សុខទុក្ខ​យ៉ាង​កក់​ក្ដៅ​ឬ​ដោយ​សួរ​សំណួរ​មួយ។ ពេល​កំពុង​សន្ទនា​គ្នា​នោះ អ្នក​ប្រហែលជា​នឹង​ឃើញ​ថា​មាន​ឱកាស​លើក​ឡើង​ចំណុច​មួយ​ពី​បទ​គម្ពីរ ហើយ​ប្រហែលជា​អ្នក​អាច​ដាំ​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​ក្នុង​ចិត្ត​គេ​បាន។ (​សាស្ដ. ១១:៦​) បង​ប្អូន​ខ្លះ​បាន​ទទួល​លទ្ធផល​ល្អ ដោយ​និយាយ​អ្វី​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​នាំ​ឲ្យ​អ្នក​ស្ដាប់​ឆ្ងល់​និង​សួរ​សំណួរ។ ជា​ឧទាហរណ៍ ពេល​រង់​ចាំ​ជួប​គ្រូ​ពេទ្យ អ្នក​ប្រហែលជា​អាច​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​ដោយ​និយាយ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​លែង​ឈឺ​ទៀត ខ្ញុំ​នឹង​អរ​ណាស់​»។

៧ បើ​យើង​ចេះ​សង្កេត នោះ​ក៏​អាច​ជួយ​យើង​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​ដែរ។ ជា​ឧទាហរណ៍ បើ​យើង​ឃើញ​កូន​មាន​អាកប្បកិរិយា​ល្អ អ្នក​អាច​សរសើរ​ឪពុក​ម្ដាយ​កូន​នោះ​ហើយ​សួរ​ថា​៖ ​«​តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​អប់រំ​កូន​ល្អ​ដូច្នេះ?​»។ បង​ស្រី​ម្នាក់​ទៀត​ស្ដាប់​អ្វី​ដែល​អ្នក​រួម​ការងារ​ជជែក​គ្នា​នៅ​កន្លែង​ធ្វើ​ការ រួច​មក​គាត់​ប្រាប់​ព័ត៌មាន​ដែល​ចំ​នឹង​អ្វី​ដែល​ពួក​គាត់​ចាប់​អារម្មណ៍។ ពេល​ដែល​គាត់​ដឹង​ថា​មាន​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​រួម​ការងារ​នឹង​រៀប​ការ នោះ​បង​ស្រី​យើង​បាន​ជូន​ទស្សនាវដ្ដី​ភ្ញាក់​រឭក!(​Awake!​) ដែល​ប្រាប់​អំពី​របៀប​រៀប​ចំ​ពិធី​មង្គល​ការ។ នេះ​នាំ​ឲ្យ​មាន​ការ​ជជែក​គ្នា​ថែម​ទៀត​អំពី​គម្ពីរ។

៨ វិធី​មួយ​ទៀត​ដែល​យើង​អាច​បង្កើត​ឲ្យ​មាន​ការ​សន្ទនា គឺ​ដោយ​អាន​សៀវភៅ​របស់​អង្គការ​យើង​នៅ​កន្លែង​ដែល​អ្នក​ឯ​ទៀត​អាច​ឃើញ​បាន។ មាន​បង​ប្រុស​ម្នាក់​ដែល​បើក​ទស្សនាវដ្ដី​ប៉មយាម​ឬ​ភ្ញាក់​រឭក!(​Awake!​) ដល់​ទំព័រ​ដែល​មាន​ចំណង​ជើង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ រួច​គាត់​អាន​ដោយ​ស្ងៀម​ស្ងាត់។ បើ​គាត់​ឃើញ​ថា​អ្នក​ដែល​នៅ​ជិត​កំពុង​មើល​ទស្សនាវដ្ដី​របស់​គាត់ នោះ​គាត់​សួរ​សំណួរ​មួយ​ឬ​និយាយ​យ៉ាង​ខ្លី​អំពី​អត្ថបទ។ ច្រើន​ដង នេះ​បាន​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​និង​ឱកាស​ផ្សព្វ​ផ្សាយ។ បើ​យើង​គ្រាន់តែ​ទុក​សៀវភៅ​របស់​យើង​នៅ​កន្លែង​មួយ​ដែល​អ្នក​ឯ​ទៀត​អាច​ឃើញ​បាន នោះ​អាច​ធ្វើ​ឲ្យ​អ្នក​រួម​ការងារ​ឬ​មិត្ត​រួម​ថ្នាក់​ចាប់​អារម្មណ៍​ហើយ​សួរ​អំពី​សៀវភៅ​នោះ។

៩ វិធី​បង្កើត​ឱកាស​ផ្សព្វ​ផ្សាយ: ដោយ​គិត​អំពី​ភាព​បន្ទាន់​នៃ​កិច្ច​ផ្សព្វ​ផ្សាយ យើង​មិន​គួរ​ចាត់​ទុក​ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ជា​អ្វី​មួយ​ដែល​នឹង​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ព្យាយាម​បង្កើត​ឱកាស​ផ្សព្វ​ផ្សាយ ពេល​ដែល​យើង​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ។ ចូរ​គិត​ទុក​ជា​មុន​អំពី​មនុស្ស​ដែល​អ្នក​ប្រហែលជា​នឹង​ជួប ហើយ​ពិចារណា​អំពី​វិធី​ដែល​អ្នក​អាច​បង្កើត​ឲ្យ​មាន​ការ​សន្ទនា។ ចូរ​យក​គម្ពីរ​ទៅ​ជា​មួយ​ហើយ​សៀវភៅ​ដែល​អ្នក​អាច​ជូន​មនុស្ស​ដែល​មាន​ចំណាប់​អារម្មណ៍។—១ពេ. ៣:១៥

១០ ដោយ​ប្រើ​គំនិត​ឈ្លាស​វៃ អ្នក​ផ្សព្វ​ផ្សាយ​ជា​ច្រើន​នាក់​បាន​បង្កើត​ឱកាស​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ បង​ស្រី​ម្នាក់​ដែល​រស់​នៅ​ក្នុង​អគារ​មួយ​ដែល​មាន​ការ​យាម​កាម​យ៉ាង​ដិត​ដល់ គាត់​ប្រើ​កន្លែង​កម្សាន្ត​នៅ​ក្នុង​អគារ​នោះ​ដើម្បី​រៀប​រូប​ផ្គុំ​ដែល​ជា​រូប​ធម្មជាតិ​ស្អាត​ៗ។ ពេល​មនុស្ស​និយាយ​អំពី​រូប​ទេសភាព​ដ៏​ស្អាត​នេះ បង​ស្រី​យើង​ឆ្លៀត​ឱកាស​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​សន្ទនា ហើយ​ប្រាប់​ពួក​គេ​អំពី​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ស្តី​អំពី​«​មេឃ​ថ្មី​និង​ផែនដី​ថ្មី​»។ (​បប. ២១:១​-​៤​) តើ​អ្នក​អាច​នឹក​ឃើញ​វិធី​ផ្សេង​ៗ​ដែល​អ្នក​អាច​បង្កើត​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ដែរ​ឬ​ទេ?

១១ រៀប​ចំ​ជួប​អ្នក​ចាប់​អារម្មណ៍​ម្ដង​ទៀត: បើ​ជួប​អ្នក​ចាប់​អារម្មណ៍ ចូរ​ព្យាយាម​ជួប​អ្នក​នោះ​ម្ដង​ទៀត។ បើ​សមរម្យ អ្នក​អាច​ប្រាប់​បុគ្គល​នោះ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​និយាយ​ជា​មួយ​នឹង​អ្នក។ តើ​ខ្ញុំ​អាច​ទាក់​ទង​អ្នក​ម្ដង​ទៀត​យ៉ាង​ដូច​ម្ដេច ដើម្បី​អាច​ពិភាក្សា​គ្នា​ម្ដង​ទៀត?​»។ អ្នក​ផ្សាយ​ខ្លះ​ឲ្យ​អាសយដ្ឋាន​និង​លេខ​ទូរស័ព្ទ​របស់​ខ្លួន​ទៅ​បុគ្គល​នោះ រួច​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​និយាយ​ជា​មួយ​នឹង​អ្នក។ បើ​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​អ្វី​ដែល​យើង​បាន​ពិភាក្សា អ្នក​អាច​ទាក់​ទង​ខ្ញុំ​តាម​លេខ​ទូរស័ព្ទ​នេះ​»។ បើ​អ្នក​មិន​អាច​ជួប​បុគ្គល​នោះ​ម្ដង​ទៀត​បាន​ទេ ចូរ​រៀប​ចំ​ឲ្យ​ក្រុម​ជំនុំ​ដែល​ផ្សព្វ​ផ្សាយ​នៅ​តំបន់​នោះ​ទាក់​ទង​គាត់ ដោយ​បំពេញ​ក្រដាស​សូម​រក​ជួប (​S-43​) ហើយ​ជូន​លេខាធិការ​នៃ​ក្រុម​ជំនុំ​របស់​អ្នក។

១២ ពេល​សរុប​ម៉ោង​ផ្សព្វ​ផ្សាយ ហើយ​សរសេរ​លើ​ក្រដាស​សេចក្ដី​រាយ​ការណ៍ យើង​គួរ​រួម​បញ្ចូល​ពេល​វេលា​ដែល​យើង​បាន​ចំណាយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ដែរ។ ដូច្នេះ ទោះ​ជា​អ្នក​បាន​ផ្សព្វ​ផ្សាយ​តែ​ប៉ុន្មាន​នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​ដោយ ចូរ​កត់​សរសេរ​ទុក។ សូម​គិត​ទៅ​មើល បើ​អ្នក​ផ្សាយ​ម្នាក់​ៗ​ចំណាយ​ពេល​៥​នាទី​រាល់​ថ្ងៃ​ដើម្បី​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ នោះ​សរុប​ទៅ អ្នក​ផ្សព្វ​ផ្សាយ​បាន​ចំណាយ​ពេល​ជាង​១៧​លាន​ម៉ោង​រាល់​ខែ!

១៣ យើង​មាន​មូលហេតុ​ល្អ​បំផុត​ដើម្បី​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ ពោល​គឺ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ចំពោះ​អ្នក​ជិត​ខាង។ (​ម៉ាថ. ២២:៣៧​-​៣៩​) គោល​បំណង​និង​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ចិត្ត​យើង​ពោរ​ពេញ​ទៅ​ដោយ​អំណរ ហើយ​អំណរ​នេះ​ជំរុញ​យើង​ឲ្យ​និយាយ​អំពី​«​សិរី​ល្អ​នៃ​ឫទ្ធានុភាព​របស់​រាជ្យ​»​លោក។ (​ទំនុក. ១៤៥:៧, ១០​-​១២​) ម្យ៉ាង​ទៀត យើង​ពិត​ជា​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ដូច្នេះ​មុន​ទី​បញ្ចប់​មក​ដល់ យើង​ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​គេ ឲ្យ​តែ​មាន​ឱកាស​សម​គួរ។ (​រ៉ូម ១០:១៣, ១៤​) បើ​គិត​គូរ​ទុក​ជា​មុន​និង​រៀប​ចំ​បន្ដិច​បន្តួច យើង​ទាំង​អស់​គ្នា​អាច​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​បាន ហើយ​ប្រហែលជា​នឹង​មាន​ឯកសិទ្ធិ​ដ៏​គួរ​ឲ្យ​ពេញ​ចិត្ត​មួយ ពោល​គឺ​ឱកាស​ប្រាប់​សេចក្ដី​ពិត​ដល់​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. (​ក​) តើ​អ្វី​ជា​ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ? (​ខ​)​ នៅ​កិច្ច​ប្រជុំ​នេះ តើ​បង​ប្អូន​ដែល​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង​ក្រៅ​ផ្លូវ​ការ មាន​ប៉ុន្មាន​នាក់?

២​. ក្នុង​បទ​គម្ពីរ តើ​មាន​គំរូ​អ្វី​ខ្លះ​ដែល​បង្ហាញ​អំពី​ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ?

៣​. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​អៀន​ខ្មាស​ក្នុង​ការ​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត?

៤​. នៅ​ដើម​ដំបូង តើ​យើង​អាច​មាន​គោលដៅ​អ្វី? ហេតុ​អ្វី?

៥​. តើ​អ្វី​ជួយ​បង​ស្រី​ម្នាក់​ដែល​មាន​លក្ខណៈ​អៀន​ខ្មាស​ឲ្យ​អាច​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ?

៦​. តើ​យើង​អាច​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​យ៉ាង​ដូច​ម្ដេច​ពេល​ដែល​ជួប​មនុស្ស​នៅ​កន្លែង​ផ្សេង​ៗ​?

៧​. តើ​ការ​ចេះ​សង្កេត អាច​ជួយ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​យ៉ាង​ដូច​ម្ដេច?

៨​. តើ​យើង​អាច​ប្រើ​សៀវភៅ​របស់​យើង​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​យ៉ាង​ដូច​ម្ដេច?

៩, ១០​. (​ក​) តើ​យើង​អាច​បង្កើត​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​យ៉ាង​ដូច​ម្ដេច? (​ខ​)​ តើ​អ្នក​ផ្ទាល់​ធ្លាប់​បង្កើត​ឱកាស​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

១១​. ពេល​យើង​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ហើយ​ជួប​អ្នក​ចាប់​អារម្មណ៍ តើ​យើង​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​ជួប​ពួក​គេ​ម្ដង​ទៀត?

១២​. (​ក​) ហេតុ​អ្វី​យើង​គួរ​កត់​ទុក​និង​រាយ​ការណ៍​អំពី​ម៉ោង​ដែល​យើង​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ? (​ខ​)​ តើ​ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​បាន​ទទួល​លទ្ធផល​ល្អ​យ៉ាង​ណា? (​សូម​មើល​ប្រអប់​«​ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​បាន​លទ្ធផល​ល្អ!​»​)

១៣​. តើ​អ្វី​គួរ​ជំរុញ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៤​]

ប្រហែលជា​ការ​ស្រួល​ជាង បើ​គោលដៅ​ដំបូង​របស់​អ្នក​គឺ​ជួប​មនុស្ស​ហើយ​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​សិន

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥​]

ដោយ​ប្រើ​គំនិត​ឈ្លាស​វៃ អ្នក​ផ្សាយ​ច្រើន​នាក់​បាន​រក​វិធី​ដើម្បី​បង្កើត​ឱកាស​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ

[​ប្រអប់​នៅ​ទំព័រ​៥​]

យោបល់​អំពី​វិធី​បង្កើត​ឲ្យ​មាន​ការ​សន្ទនា

◼ អធិដ្ឋាន​សុំ​ជំនួយ​ដើម្បី​ចាប់​ផ្ដើម

◼ ជ្រើស​រើស​មនុស្ស​ដែល​មើល​ទៅ​ដូច​ជា​រាក់​ទាក់​និង​មិន​ប្រញាប់

◼ មើល​មុខ​បុគ្គល​នោះ ញញឹម​ដាក់​គាត់ រួច​លើក​ឡើង​រឿង​មួយ​ដែល​អ្នក​និង​គាត់​ចាប់​អារម្មណ៍

◼ ចូរ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់

[​ប្រអប់​នៅ​ទំព័រ​៦​]

ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​បាន​លទ្ធផល​ល្អ!

• ពេល​កំពុង​ចាំ​ជាង​ជួស​ជុល​ឡាន បង​ប្រុស​ម្នាក់​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត​ដែល​នៅ​ទី​នោះ ក៏​បាន​ជូន​សេចក្ដី​អញ្ជើញ​ឲ្យ​មក​ស្ដាប់​សុន្ទរកថា​សាធារណៈ។ មួយ​ឆ្នាំ​ក្រោយ​មក​នៅ​ឯ​មហា​សន្និបាត​បុរស​ម្នាក់​បាន​ដើរ​មក​រក​បង​ប្រុស​នោះ ហើយ​រាក់​ទាក់​សួរ​សុខទុក្ខ​គាត់។ គាត់​មិន​បាន​ចាំ​មុខ​បុរស​នោះ​ទេ តែ​ក្រោយ​មក​បាន​ដឹង​ថា បុរស​នោះ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​មក​ស្ដាប់​សុន្ទរកថា​សាធារណៈ​មួយ​ឆ្នាំ​មុន តែ​ឥឡូវ​នេះ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ហើយ! បុរស​នោះ​បាន​ទៅ​ស្ដាប់​សុន្ទរកថា​សាធារណៈ​មែន ហើយ​បាន​សុំ​រៀន​គម្ពីរ រួច​មក​គាត់​និង​ប្រពន្ធ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។

• បង​ស្រី​ម្នាក់​បាន​រៀន​សេចក្ដី​ពិត​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ ហើយ​គាត់​ចាត់​ទុក​ថា តំបន់​ផ្សាយ​ពិសេស​របស់​គាត់ គឺ​មនុស្ស​ដែល​គាត់​ជួប​តាម​រយៈ​កូន​ៗ​របស់​គាត់។ តំបន់​ផ្សាយ​នោះ​រួម​បញ្ចូល​អ្នក​ជិត​ខាង ឪពុក​ម្ដាយ​នានា​ដែល​គាត់​ជួប​នៅ​ឯ​សាលា និង​នៅ​ការ​ប្រជុំ​សម្រាប់​ឪពុក​ម្ដាយ​របស់​សិស្ស។ ពេល​ដែល​បង​ស្រី​នោះ​ណែនាំ​ខ្លួន​ឲ្យ​គេ​ស្គាល់ គាត់​ក៏​និយាយ​យ៉ាង​ខ្លី​តែ​ស្មោះ​ពី​ចិត្ត​ថា គម្ពីរ​ជា​ជំនួយ​ដ៏​ល្អ​ប្រសើរ​ណាស់​ក្នុង​ការ​អប់រំ​កូន រួច​មក​គាត់​ប្ដូរ​សាច់​រឿង​និយាយ​អំពី​អ្វី​ផ្សេង​ទៀត។ ប៉ុន្តែ​ដោយ​សារ​គាត់​បាន​និយាយ​អំពី​គម្ពីរ​ម្ដង​ហើយ គាត់​ឃើញ​ថា​គឺ​ស្រួល​ជាង​ពេល​និយាយ​អំពី​គម្ពីរ​នៅ​លើក​ក្រោយ​ទៀត។ ដោយ​ប្រើ​វិធី​នេះ គាត់​បាន​ជួយ​មនុស្ស​១២​នាក់​ទទួល​ការ​ជ្រមុជ​ទឹក។

• ពេល​អ្នក​លក់​ការ​ធានា​រ៉ាប់រង​បាន​មក​ផ្ទះ​របស់​បង​ស្រី​យើង​ម្នាក់ នាង​បាន​ឆ្លៀត​ឱកាស​ផ្សព្វ​ផ្សាយ​ដល់​គាត់។ នាង​បាន​សួរ​គាត់​ថា​៖ ‹តើ​អ្នក​ចង់​បាន​ការ​ធានា​រ៉ាប់រង​ដែល​ផ្ដល់​នូវ​សុខភាព​ល្អ សុភមង្គល និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ទេ?›។ គាត់​ឆ្លើយ​ថា​គាត់​ចង់​បាន​មែន រួច​សួរ​បង​ស្រី​នោះ​ថា​តើ​នាង​កំពុង​និយាយ​អំពី​កម្មវិធី​ធានា​រ៉ាប់រង​មួយ​ណា។ នាង​បង្ហាញ​គាត់​ពី​សេចក្ដី​សន្យា​ក្នុង​គម្ពីរ ហើយ​ជូន​សៀវភៅ​មួយ​ក្បាល​របស់​អង្គការ​យើង។ គាត់​អាន​សៀវភៅ​នោះ​ចប់​ក្នុង​រយៈ​ពេល​តែ​មួយ​ល្ងាច។ បង​ស្រី​នោះ​បាន​រៀប​ចំ​ឲ្យ​បង​ប្អូន​យើង​ម្នាក់​បង្រៀន​គម្ពីរ​ដល់​គាត់ រួច​មក​គាត់​ចាប់​ផ្ដើម​ទៅ​ប្រជុំ​ហើយ​ក្រោយ​មក​ទទួល​ការ​ជ្រមុជ​ទឹក។

• ពេល​បង​ស្រី​យើង​ម្នាក់​ដែល​កំពុង​ជិះ​យន្តហោះ គាត់​បាន​ផ្សព្វ​ផ្សាយ​ដល់​ស្ត្រី​ម្នាក់​ដែល​អង្គុយ​ក្បែរ​គាត់។ ក្រោយ​យន្តហោះ​នោះ​ចុះ បង​ស្រី​យើង​បាន​ឲ្យ​អាសយដ្ឋាន​និង​លេខ​ទូរស័ព្ទ​ដល់​ស្ត្រី​នោះ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សុំ​រៀន​គម្ពីរ​ពេល​សាក្សី​ព្រះ​យេហូវ៉ា​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​គាត់។ លុះ​ស្អែក​ឡើង សាក្សី​ព្រះ​យេហូវ៉ា​ពីរ​នាក់​បាន​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​ស្ត្រី​នោះ។ រួច​មក​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ រីក​ចម្រើន​យ៉ាង​លឿន ទទួល​ការ​ជ្រមុជ​ទឹក ហើយ​មិន​យូរ​ក្រោយ​មក គាត់​មាន​សិស្ស​គម្ពីរ​បី​នាក់​ផ្ទាល់​ខ្លួន។

• បង​ប្រុស​អាយុ​១០០​ឆ្នាំ​ម្នាក់​ដែល​ងងឹត​ភ្នែក​រស់​នៅ​ក្នុង​មណ្ឌល​ថែ​ទាំ​សុខភាព គាត់​និយាយ​ជា​ញឹក​ញយ​ថា​៖ ​«​យើង​ត្រូវ​ការ​រាជាណាចក្រ​របស់​ព្រះ​»។ នេះ​បាន​នាំ​ឲ្យ​គ្រូ​ពេទ្យ​និង​អ្នក​ជំងឺ​ឯ​ទៀត​សួរ​សំណួរ ហើយ​បាន​ផ្ដល់​ឱកាស​ឲ្យ​បង​ប្រុស​នោះ​ពន្យល់​អំពី​រាជាណាចក្រ​របស់​ព្រះ។ ស្ត្រី​ម្នាក់​ដែល​ធ្វើ​ការ​នៅ​មណ្ឌល​នោះ​បាន​សួរ​គាត់​អំពី​អ្វី​ដែល​គាត់​នឹង​ធ្វើ​ពេល​នៅ​ក្នុង​សួន​ឧទ្យាន។ គាត់​ឆ្លើយ​ថា​៖ ​«​ភ្នែក​ខ្ញុំ​នឹង​ភ្លឺ​ឡើង​វិញ ខ្ញុំ​នឹង​អាច​ដើរ​បាន ហើយ​ខ្ញុំ​នឹង​ដុត​រទេះ​ជន​ពិការ​នេះ​ចោល​»។ ដោយ​សារ​គាត់​ងងឹត​ភ្នែក គាត់​សុំ​ស្ត្រី​នោះ​អាន​ទស្សនាវដ្ដី​ជូន​គាត់​ស្ដាប់។ ពេល​ដែល​កូន​ស្រី​របស់​បង​ប្រុស​យើង​បាន​មក​សួរ​សុខទុក្ខ នោះ​ស្ត្រី​ដែល​ធ្វើ​ការ​ទី​នោះ​បាន​សុំ​ទស្សនាវដ្ដី​ទាំង​នោះ​ដើម្បី​យក​ទៅ​អាន​នៅ​ផ្ទះ។ គ្រូ​ពេទ្យ​ម្នាក់​បាន​ប្រាប់​កូន​ស្រី​របស់​បង​ប្រុស​យើង​ថា​៖ ​«​ពាក្យ​ស្លោ​ក​ថ្មី​នៅ​ក្នុង​មណ្ឌល​នេះ​គឺ​‹យើង​ត្រូវ​ការ​រាជាណាចក្រ​របស់​ព្រះ›​»។

• បង​ស្រី​ម្នាក់​ដែល​កំពុង​ឈរ​តម្រង់​ជួរ​ចាំ​នៅ​ភោជនីយដ្ឋាន​មួយ បាន​ឮ​បុរស​វ័យ​ចាស់​មួយ​ក្រុម​ពិភាក្សា​អំពី​រឿង​នយោបាយ។ បុរស​ម្នាក់​បាន​និយាយ​ថា រដ្ឋាភិបាល​មិន​អាច​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជាជន​បាន​ទេ។ បង​ស្រី​នោះ​ប្រាប់​ខ្លួន​ឯង​ថា​‹នេះ​ជា​ឱកាស​ល្អ›។ នាង​អធិដ្ឋាន​យ៉ាង​ខ្លី រួច​ដើរ​ទៅ​រក​ពួក​គាត់។ ក្រោយ​ណែនាំ​ខ្លួន​ឲ្យ​គេ​ស្គាល់ នាង​ប្រាប់​ពួក​គាត់​អំពី​រដ្ឋាភិបាល​ដែល​នឹង​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្ស ពោល​គឺ​រាជាណាចក្រ​របស់​ព្រះ រួច​បាន​ជូន​សៀវភៅ​ស្តើង​មួយ​ដែល​នាង​បាន​យក​មក​ជា​មួយ។ ពេល​នោះ ថៅកែ​ភោជនីយដ្ឋាន​បាន​ដើរ​មក​រក​នាង។ បង​ស្រី​នោះ​ស្មានថា​គាត់​នឹង​សុំ​ឲ្យ​នាង​ចេញ​ទៅ ប៉ុន្តែ​គាត់​ប្រាប់​នាង​ថា​គាត់​បាន​ស្ដាប់​អ្វី​ដែល​នាង​បាន​និយាយ ហើយ​ចង់​បាន​សៀវភៅ​មួយ​ដែរ។ បុគ្គលិក​ម្នាក់​ទៀត​ក៏​បាន​ស្ដាប់​ដែរ រួច​បាន​ដើរ​មក​រក​នាង​ទាំង​ហូរ​ទឹក​ភ្នែក ដោយ​សារ​គាត់​ធ្លាប់​ជា​សិស្ស​គម្ពីរ ហើយ​ឥឡូវ​គាត់​ចង់​ចាប់​ផ្ដើម​រៀន​គម្ពីរ​ម្ដង​ទៀត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក