តើអ្នកបានត្រៀមខ្លួនហើយឬនៅ ដើម្បីផ្សាយក្រៅផ្លូវការ?
១ ការផ្សព្វផ្សាយក្រៅផ្លូវការអាចមានប្រសិទ្ធភាពច្រើនណាស់។ គម្ពីរបញ្ជាក់អំពីបុគ្គលជាច្រើនដែលបានផ្សាយក្រៅផ្លូវការហើយទទួលលទ្ធផលល្អ។ (យ៉ូន. ៤:៧-១៥) តើយើងអាចត្រៀមខ្លួនយ៉ាងដូចម្ដេចដើម្បីផ្សាយក្រៅផ្លូវការ?
២ សម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួន: បើយើងយកចិត្តទុកដាក់របៀបយើងស្លៀកពាក់និងសម្អិតសម្អាងខ្លួននៅគ្រប់ពេលវេលា នោះយើងអាចផ្សព្វផ្សាយដល់អ្នកឯទៀតដោយសេរី។ (១ធី. ២:៩, ១០) ប៉ុន្តែ បើយើងមានអារម្មណ៍មិនស្រួលដោយសារអាការក្រៅរបស់យើងមិនសមរម្យ នោះយើងទំនងជាមិនហ៊ានផ្សព្វផ្សាយដល់អ្នកឯទៀត។ ផ្ទុយទៅវិញ ពេលអាការក្រៅរបស់យើងស្អាតបាត នោះប្រហែលជាធ្វើឲ្យអ្នកឯទៀតឆ្ងល់។ ជាឧទាហរណ៍ ប្ដីប្រពន្ធសាក្សីព្រះយេហូវ៉ាមួយគូបានអង្គុយជិតបុរសម្នាក់ដែលកាន់សាសនាអ៊ីស្លាម កាលដែលរួមដំណើរជាមួយគ្នា។ ដោយសារបុរសនោះឃើញថា ពួកគាត់ស្លៀកពាក់ស្អាតបាត គាត់សួរថាតើពួកគាត់ជាគ្រិស្តសាសនិកមែនឬមិនមែន។ នេះបានបើកឱកាសឲ្យពួកគាត់ពិភាក្សាអំពីគម្ពីរជាមួយបុរសនោះអស់បីម៉ោង។
៣ របៀបនាំគេសន្ទនា: ពេលដែលលោកយេស៊ូជួបស្ត្រីជនជាតិសាម៉ារីនៅអណ្ដូងយ៉ាកុប លោកបាននាំនាងសន្ទនាដោយគ្រាន់តែសុំទឹកនាងផឹកប៉ុណ្ណោះ។ ស្រដៀងគ្នាដែរ យើងក៏អាចនាំគេសន្ទនាដោយនិយាយតែពីរបីម៉ាត់អំពីរឿងណាមួយឬដោយសួរសំណួរមួយ។ ទោះជាយើងជួនកាលរារែកក្នុងការនិយាយក៏ដោយ បើយើងពឹងជំនួយពីព្រះយេហូវ៉ា នោះយើងអាច«តាំងចិត្តក្លាហាន»ដើម្បីនាំគេសន្ទនា។—១ថែ. ២:២
៤ ឆ្លៀតយកឱកាស: អ្នកផ្សាយជាច្រើនបានរកឃើញវិធីផ្សេងៗដើម្បីផ្សាយក្រៅផ្លូវការ។ សូមគិតអំពីកាលៈទេសៈរបស់អ្នក ហើយគិតអំពីមនុស្សដែលអ្នកទំនងជាជួប។ សូមយកសៀវភៅខ្លះនិងគម្ពីរទៅជាមួយ។ ត្រូវចេះសង្កេតមើលមនុស្សដែលនៅជុំវិញយើង ថែមទាំងគិតអំពីពួកគាត់។ បើអ្នកបានគិតជាមុនអំពីឱកាសដែលអ្នកអាចមានដើម្បីផ្សព្វផ្សាយ នោះអ្នកទំនងជាបានត្រៀមខ្លួនជាស្រេចដើម្បីផ្សាយយ៉ាងល្អ។—ភី. ១:១២-១៤; ១ពេ. ៣:១៥
៥ យើងមានមូលហេតុសំខាន់ពីរយ៉ាងដែលយើងគួរឆ្លៀតឱកាសដើម្បីផ្សាយក្រៅផ្លូវការ មូលហេតុនោះគឺ យើងស្រឡាញ់ព្រះនិងអ្នកជិតខាង។ (ម៉ាថ. ២២:៣៧-៣៩) ដោយសារយើងត្រូវផ្សព្វផ្សាយបន្ទាន់ យើងមិនចង់ទុកឲ្យការផ្សាយក្រៅផ្លូវការទៅតាមដំណើរឡើយ។ យើងគួរប្រុងប្រៀបឆ្លៀតគ្រប់ឱកាសដើម្បីផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះដល់អ្នកឯទៀត មុនទីបញ្ចប់មកដល់។—រ៉ូម ១០:១៣, ១៤; ២ធី. ៤:២
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើកំណត់ហេតុណាខ្លះក្នុងគម្ពីរដែលបង្ហាញថា ការផ្សាយក្រៅផ្លូវការមានប្រសិទ្ធភាព?
២. តើសម្លៀកបំពាក់និងការសម្អិតសម្អាងរបស់យើង អាចជួយយើងក្នុងការផ្សព្វផ្សាយយ៉ាងដូចម្ដេច?
៣. តាមគំរូរបស់លោកយេស៊ូ តើអ្នកធ្លាប់នាំគេសន្ទនាយ៉ាងដូចម្ដេច?
៤. តើយើងអាចត្រៀមខ្លួនដើម្បីផ្សាយក្រៅផ្លូវការយ៉ាងដូចម្ដេច?
៥. ហេតុអ្វីយើងមិនគួរទុកឲ្យការផ្សាយក្រៅផ្លូវការទៅតាមដំណើរ?