ចូរសរសើរព្រះយេហូវ៉ាដោយធ្វើបន្ទាល់ក្រៅផ្លូវការ
១ អ្នកបំរើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាស្វែងរកឱកាសដើម្បីសរសើរទ្រង់ជារៀងរាល់ថ្ងៃ។ (ទំនុក. ៩៦:២, ៣; ហេ. ១៣:១៥) វិធីមួយដែលយើងអាចធ្វើដូច្នេះ គឺដោយធ្វើបន្ទាល់ក្រៅផ្លូវការ។ អ្នកថ្វាយបង្គំព្រះយេហូវ៉ាជាច្រើននាក់មានអំណរគុណ ដោយសារតែមានបុគ្គលម្នាក់បានធ្វើបន្ទាល់ក្រៅផ្លូវការប្រាប់ពួកគេអំពីសារព្រះរាជាណាចក្រ។
២ ជាញយៗ ការធ្វើបន្ទាល់ដល់មនុស្សម្នាក់ក្រៅផ្លូវការជាវិធីមួយ ផ្ដល់ឱកាសឲ្យអ្នកឯទៀតឮសារព្រះរាជាណាចក្រផងដែរ។ ជាឧទាហរណ៍ ក្រោយពីព្រះយេស៊ូសន្ទនាជាមួយស្ត្រីសាសន៍សាម៉ារីនៅអណ្ដូងយ៉ាកុប នោះបាននាំឲ្យមនុស្សជាច្រើនទៀតចាប់អារម្មណ៍ទៅលើដំណឹងល្អនោះដែរ។ (យ៉ូន. ៤:៦-៣០, ៣៩-៤២) នៅពេលដែលប៉ុលនិងស៊ីឡាសជាប់គុកនៅទីក្រុងភីលីព ពួកគេបានធ្វើបន្ទាល់ដល់មេភូឃុំ ហើយក្រុមគ្រួសារទាំងមូលរបស់លោកបានចាប់ផ្ដើមអនុវត្តតាមសេចក្ដីពិត។—កិច្ច. ១៦:២៥-៣៤
៣ ឱកាសធ្វើបន្ទាល់: តើអ្នកមានឱកាសអ្វីខ្លះដើម្បីធ្វើបន្ទាល់ក្រៅផ្លូវការ? បងប្អូនខ្លះធ្វើបន្ទាល់ក្រៅផ្លូវការនៅពេលដែលទៅផ្សារ ជិះរថឈ្នួល ឬពេលដែលចាំជួបគ្រូពេទ្យ។ បងប្អូនឯទៀតធ្វើបន្ទាល់នៅម៉ោងឈប់សំរាកនៅសាលារៀនឬកន្លែងធ្វើការ។ បើគ្រាន់តែដាក់ប្រកាសនវត្ថុព្រះគម្ពីរមួយរបស់យើងឲ្យអ្នកឯទៀតស្រួលឃើញក៏អាចបណ្ដាលឲ្យពួកគេសួរអំពីជំនឿរបស់យើងដែរ។—១ពេ. ៣:១៥
៤ របៀបចាប់ផ្ដើម: ក្មេងស្រីម្នាក់អាយុ៧ឆ្នាំមានចរិតអៀនប្រៀន នៅឯកិច្ចប្រជុំនាងឮថាគឺសំខាន់ណាស់ដែលទាំងអស់គ្នាផ្សព្វផ្សាយ។ ដូច្នេះ នៅពេលដែលទៅផ្សារជាមួយម្ដាយ នាងបានដាក់សៀវភៅស្តើងពីរក្បាលក្នុងកាតាប។ នៅពេលម្ដាយរវល់បង់លុយម្ហូប នាងបានផ្ដល់សៀវភៅស្តើងមួយក្បាលជូនស្ត្រីម្នាក់ហើយគាត់រីករាយនឹងទទួលណាស់។ នៅពេលដែលមានគេសួរនាងអំពីរបៀបប្រមូលភាពក្លាហានដើម្បីទៅនិយាយជាមួយស្ត្រីនោះ នាងបានតបឆ្លើយថា៖ «ខ្ញុំនិយាយប្រាប់ខ្លួនថា មួយ ពីរ បី! ហើយទៅនិយាយតែម្ដង!»។
៥ ដើម្បីធ្វើបន្ទាល់ក្រៅផ្លូវការ យើងទាំងអស់គ្នាត្រូវមានស្មារតីដូចជាក្មេងស្រីតូចនេះ។ តើអ្វីដែលអាចជួយយើងបាន? ចូរអធិស្ឋានសុំភាពក្លាហានដើម្បីនិយាយ។ (១ថែ. ២:២) ចូររៀបចំសំដីខ្លះៗឬសំនួរមួយអំពីប្រធានបទមួយដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីអាចចាប់ផ្ដើមការសន្ទនា។ ក្រោយនោះ ចូរទុកចិត្តថាព្រះយេហូវ៉ានឹងប្រទានពរទៅលើការព្យាយាមរបស់អ្នក។—លូ. ១២:១១, ១២
៦ ដោយធ្វើបន្ទាល់ក្រៅផ្លូវការនៅពេលយើងជួបមនុស្សជារៀងរាល់ថ្ងៃ នាំមកនូវសេចក្ដីសរសើរចំពោះព្រះយេហូវ៉ានិងសេចក្ដីអំណរចំពោះយើងផ្ទាល់។ ការធ្វើដូច្នេះអាចជួយអ្នកណាម្នាក់ចាប់ផ្ដើមដើរទៅតាមផ្លូវដែលឆ្ពោះទៅរកជីវិតជារៀងរហូត។