ចូរយកចិត្តទុកដាក់«ធ្វើបន្ទាល់សព្វគ្រប់»
១ សាវ័កប៉ុលជាអ្នកផ្សព្វផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែង ដូចព្រះយេស៊ូនិងអ្នកបំរើច្រើននាក់ឯទៀតពីបុរាណ។ ប៉ុលបាន«ធ្វើបន្ទាល់សព្វគ្រប់» មិនថាក្រោមកាលៈទេសៈណាក៏ដោយ។ សូម្បីតែពេលដែលប៉ុលត្រូវគេឃុំខ្លួនឲ្យនៅក្នុងផ្ទះក្ដី គាត់ក៏«បានទទួលអស់អ្នកណាដែលមកឯគាត់ ទាំងប្រកាសប្រាប់ពីនគរព្រះ ហើយបង្រៀនគ្រប់ទាំងសេចក្ដី ពីព្រះអម្ចាស់យេស៊ូវគ្រីស្ទតាមចិត្ត ឥតមានអ្នកណាឃាត់ឃាំងឡើយ»។—កិច្ច. ២៨:១៦-៣១
២ យើងក៏អាចយកចិត្តទុកដាក់«ធ្វើបន្ទាល់សព្វគ្រប់»នៅគ្រប់ពេលគ្រប់វេលាផងដែរ។ នេះគឺរួមបញ្ចូលការធ្វើបន្ទាល់ដល់មនុស្សដែលយើងជួប ពេលយើងធ្វើដំណើរទៅទីក្រុងដើម្បីចូលរួមមហាសន្និបាតតាមតំបន់ដែលមានប្រធានថា «ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះ» ហើយពេលដែលយើងធ្វើដំណើរទៅកន្លែងសន្និបាតនិងមកវិញផងដែរ។—កិច្ច. ២៨:២៣; ទំនុក. ១៤៥:១០-១៣
៣ តើការធ្វើបន្ទាល់ក្រៅផ្លូវការជាអ្វី? ការធ្វើបន្ទាល់ក្រៅផ្លូវការមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យ ឬដោយគ្មានបំណងទុកជាមុន ហាក់ដូចជាយើងមិនបានរៀបចំពីមុន ឬក៏ដូចជាមិនសូវសំខាន់ប៉ុន្មាននោះទេ។ យើងមិនត្រូវធ្វើឲ្យកិច្ចបំរើផ្សាយរបស់យើងមានលក្ខណៈដូចនេះឡើយ។ ដូចប៉ុលដែរ យើងចាត់ទុកការសរសើរសិរីល្អរបស់ព្រះដោយធ្វើបន្ទាល់នោះជាអ្វីដែលសំខាន់ ហើយយើងគួរមានបំណងចង់ធ្វើបន្ទាល់នៅកន្លែងណាក៏ដោយដែលសមធ្វើ ពេលដែលយើងធ្វើដំណើរទៅមហាសន្និបាតនាឆ្នាំនេះ។ ក៏ប៉ុន្តែ របៀបដែលយើងទៅជួបអ្នកដទៃអាចត្រូវពណ៌នាយ៉ាងត្រឹមត្រូវថា ក្រៅផ្លូវការ ពោលគឺមិនតាមផ្លូវការ ហើយដោយបង្ហាញភាពរាក់ទាក់ និងដោយមិនទើសទាល់។ ការជួបមនុស្សតាមរបៀបនេះអាចបង្កើតឲ្យមានលទ្ធផលល្អមែន។
៤ រៀបចំដើម្បីធ្វើបន្ទាល់: ប៉ុលត្រូវបង្កើតឱកាសដើម្បីធ្វើបន្ទាល់ពេលដែលគាត់ត្រូវគេឃុំខ្លួនក្នុងផ្ទះនៅទីក្រុងរ៉ូម។ កាលដែលគាត់ស្នាក់នៅទីនោះ ប៉ុលបានអញ្ជើញពួកមេដឹកនាំសាសនាយូដានាតំបន់នោះឲ្យមកជួបគាត់នៅឯផ្ទះរបស់គាត់។ (កិច្ច. ២៨:១៧) ប៉ុលបានជ្រាបថា សង្គមសាសន៍យូដានៅទីក្រុងរ៉ូមមិនបានឮដោយផ្ទាល់អំពីជំនឿរបស់ពួកគ្រីស្ទានទេ ទោះជាមានក្រុមជំនុំគ្រីស្ទានមួយនៅទីក្រុងនោះក៏ដោយ។ (កិច្ច. ២៨:២២; រ៉ូម ១:៧) ប៉ុលមិនមានចិត្តស្ទាក់ស្ទើរឡើយក្នុងការ«ធ្វើបន្ទាល់សព្វគ្រប់»អំពីព្រះយេស៊ូគ្រីស្ទនិងព្រះរាជាណាចក្ររបស់ព្រះនោះ។
៥ សូមឆ្លៀតគិតជាមុនអំពីមនុស្សទាំងឡាយដែលអ្នកអាចជួបក្នុងពេលដែលអ្នកធ្វើដំណើរនោះ ជាមនុស្សដែលមិនសូវស្គាល់ស្មរបន្ទាល់ព្រះយេហូវ៉ាទេ។ ពួកគេប្រហែលជាមិនដឹងថា យើងអញ្ជើញមនុស្សឲ្យសិក្សាព្រះគម្ពីរតាមផ្ទះដោយឥតគិតថ្លៃផង។ ចូរប្រុងប្រៀបរកឱកាសធ្វើបន្ទាល់ដល់អស់អ្នកណាដែលអ្នកជួបពេលដែលធ្វើដំណើរ ពេលដែលឈប់សំរាកបន្ដិចបន្តួច ពេលដែលចូលស្ថានីយ៍ប្រេងដើម្បីចាក់សាំង ពេលដែលចូលផ្សារ កាលដែលស្នាក់នៅសណ្ឋាគារនិងទៅភោជនីយដ្ឋាន ឬពេលដែលជិះរថឈ្នួលជាដើម។ សូមគិតទុកជាមុនអំពីអ្វីដែលអ្នកអាចនិយាយដើម្បីចាប់ផ្ដើមការសន្ទនាជាមួយនឹងមនុស្ស ហើយធ្វើបន្ទាល់យ៉ាងខ្លី។ ប្រហែលជាអ្នកអាចឆ្លៀតឱកាសនៅពេលខាងមុខនេះដើម្បីហាត់ធ្វើបន្ទាល់ក្រៅផ្លូវការ ដល់អ្នកជិតខាង បងប្អូនញាតិសន្ដាន អ្នកធ្វើការជាមួយគ្នា និងពួកសេពគប់ណាឯទៀតក្ដី។
៦ អ្នកប្រហែលជាចង់ទុកប្រកាសនវត្ថុខ្លះជាប់ខ្លួន ឬក៏ប្រើតែព្រះគម្ពីរប៉ុណ្ណោះក្នុងការធ្វើបន្ទាល់ក្រៅផ្លូវការ។ តើអ្នកនឹងប្រើប្រកាសនវត្ថុណាខ្លះ? កាលណាអ្នកជួបមនុស្សដែលព្រមស្ដាប់ អ្នកក៏អាចជូនសៀវភៅស្តើងតម្រូវមួយច្បាប់ដល់គាត់។ យើងអាចត្រៀមខ្លួនជាមុនដោយយកកូនសៀវភៅដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍ ដាក់ជាប់ខ្លួនក្រែងលោជួបមនុស្សម្នាក់ដែលចេះតែភាសាផ្សេង។ នៅទំព័រទី២ពន្យល់ជាភាសាអង់គ្លេសអំពីរបៀបប្រើកូនសៀវភៅនោះដើម្បីធ្វើបន្ទាល់។ ប្រសិនបើអ្នកធ្វើដំណើរដោយជិះរថយន្តឬម៉ូតូ អ្នកអាចយកប្រកាសនវត្ថុខ្លះទៀតដើម្បីជូនចំពោះអ្នកដែលពិតជាបង្ហាញចំណាប់អារម្មណ៍ទៅលើសារព្រះរាជាណាចក្រ។
៧ ចូរយកចិត្តទុកដាក់ចំពោះអាការក្រៅនិងចរិយារបស់អ្នក: យើងត្រូវតែប្រាកដថា ចរិយានិងសំលៀកបំពាក់ព្រមទាំងរបៀបសំអិតសំអាងខ្លួនមិននាំឲ្យមនុស្សដទៃ«និយាយអាក្រក់» ឬមានទស្សនៈមិនត្រឹមត្រូវចំពោះអង្គការរបស់ព្រះយេហូវ៉ា។ (កិច្ច. ២៨:២២) យោបល់នេះគួរយកមកអនុវត្តតាមនៅពេលដែលចូលរួមកម្មវិធីមហាសន្និបាតផង ហើយកាលដែលធ្វើដំណើរទាំងដើរកំសាន្តផងដែរ។ ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០២ ទំព័រ១៦ វគ្គទី១៤ បានលើកទឹកចិត្តឲ្យប្រុងប្រយ័ត្នដោយថា៖ «អាការក្រៅរបស់យើងមិនត្រូវសំញែងហួសហេតុពេក មិនត្រូវខុសប្រក្រតី ធ្វើឲ្យស្រើបស្រាល លេចលើលេចក្រោម ឬក៏តាមម៉ូដពេញនិយមហួសហេតុនោះទេ។ ម្យ៉ាងទៀត យើងគួរស្លៀកពាក់បែបបង្ហាញថា យើង‹កោតខ្លាចដល់ព្រះ›។ នេះជាចំណុចមួយដែលយើងគួរយកមកពិចារណា មែនទេ? នេះមិនបានន័យថា យើងស្លៀកពាក់សមរម្យពេលយើងទៅកិច្ចប្រជុំក្រុមជំនុំ [ឬកម្មវិធីមហាសន្និបាត] ប៉ុណ្ណោះ ហើយលែងយកចិត្តទុកដាក់នៅពេលផ្សេងទៀតឡើយ។ អាការក្រៅផ្ទាល់ខ្លួនគួរបង្ហាញជានិច្ចថា យើងកោតខ្លាចចំពោះព្រះ និងក៏ត្រូវប្រកបទៅដោយសេចក្ដីថ្លៃថ្នូរផងដែរ ដោយព្រោះយើងជាគ្រីស្ទាន និងជាអ្នកបំរើព្រះរាល់ថ្ងៃ២៤ម៉ោង»។—១ធី. ២:៩, ១០
៨ សំលៀកបំពាក់របស់យើងត្រូវមានភាពសមរម្យនិងថ្លៃថ្នូរ។ បើអាការក្រៅនិងចរិយារបស់យើងតែងតែសមតាមជំនឿរបស់យើងទៅលើព្រះ នោះយើងនឹងមិនស្ទាក់ស្ទើរធ្វើបន្ទាល់ក្រៅផ្លូវការ ដោយព្រោះអាការក្រៅរបស់យើងមិនមែនមិនសមរម្យជាអ្នកបំរើរបស់ព្រះនោះទេ។—១ពេ. ៣:១៥
៩ ការធ្វើបន្ទាល់ក្រៅផ្លូវការអាចបង្កើតផលបាន: ក្នុងកំឡុងពីរឆ្នាំដែលប៉ុលត្រូវគេឃុំខ្លួនក្នុងផ្ទះនៅទីក្រុងរ៉ូមនោះ គាត់ក៏បានឃើញផលល្អមកពីគាត់ប្រឹងប្រែងធ្វើបន្ទាល់នោះ។ លូកាបានរៀបរាប់ថា៖ «អ្នកខ្លះក៏ទទួលជឿសេចក្ដីដែលគាត់អធិប្បាយ»។ (កិច្ច. ២៨:២៤) ប៉ុលផ្ទាល់ក៏បានវិភាគមើលលទ្ធផលដែលមកពីគាត់«ធ្វើបន្ទាល់សព្វគ្រប់» ពេលដែលគាត់សរសេរថា៖ «ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ ដល់ម្ល៉េះបានជានៅពេញក្នុងផ្ទៃវាំង នឹងគ្រប់កន្លែងឯទៀត គេបានដឹងច្បាស់ថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ ហើយពួកបងប្អូនច្រើនគ្នាក្នុងព្រះអម្ចាស់ ក៏បានសង្ឃឹមឡើងដោយសារចំណងខ្ញុំ ហើយគេហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើង ដោយឥតភ័យខ្លាច»។—ភី. ១:១២-១៤
១០ ឆ្នាំមុន ក្រោយពីស្វាមីភរិយាមួយគូបានទៅឯមហាសន្និបាតតាមតំបន់ពេញមួយថ្ងៃ ពួកគាត់មានឱកាសធ្វើបន្ទាល់ក្រៅផ្លូវការដែលបង្កើតផលដែរ ពេលនារីរត់តុម្នាក់បានសួរពួកគាត់អំពីកាតឈ្មោះដែលគេពាក់សំរាប់មហាសន្និបាត។ ស្វាមីភរិយានេះបានពន្យល់ដល់នារីរត់តុអំពីមហាសន្និបាត ព្រមទាំងប្រាប់នាងអំពីសេចក្ដីសង្ឃឹមដែលចែងមកក្នុងព្រះគម្ពីរស្តីអំពីអនាគតរបស់មនុស្សជាតិ។ ពួកគាត់បានឲ្យនាងនូវប្រកាសនវត្ថុមួយច្បាប់របស់សមាគមប៉មយាម ហើយបានពន្យល់អំពីកម្មវិធីសិក្សាព្រះគម្ពីរតាមផ្ទះដោយឥតគិតថ្លៃ។ នាងបានសុំអ្នកណាម្នាក់ឲ្យមកជួបនាង ដោយបានសរសេរឈ្មោះនិងអាស័យដ្ឋាននៅទំព័រចុងនៃខិត្តប័ណ្ណ ហើយបានសុំស្វាមីភរិយានោះជួយរៀបចំឲ្យគាត់។ តើអ្នកប្រហែលជាអាចទទួលបានជោគជ័យអ្វីនៅក្នុងឆ្នាំនេះ ដោយសារអ្នកខំយកចិត្តទុកដាក់«ធ្វើបន្ទាល់សព្វគ្រប់»?
១១ ចូរផ្សាយដំណឹងល្អយ៉ាងសព្វគ្រប់: សូមនឹកស្មានអំពីអំណរដែលប៉ុលមានពេលដែលគាត់ទទួលដំណឹងថា បងប្អូនគ្រីស្ទានគ្នីគ្នារបស់គាត់បានធ្វើតាមគំរូរបស់គាត់ក្នុងការបង្ហាញចិត្តខ្នះខ្នែង! ដំណាលគ្នានឹងការទទួលប្រយោជន៍ពីមហាសន្និបាតតាមតំបន់នាឆ្នាំនេះ ចូរឲ្យយើងធ្វើអ្វីៗទាំងអស់តាមសមត្ថភាពយើង ក្នុងការផ្សាយដំណឹងល្អដោយធ្វើបន្ទាល់ក្រៅផ្លូវការអំពីជំនឿរបស់យើងដែលមកពីព្រះគម្ពីរ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. តើអ្នកកោតស្ងើចនឹងអ្វី ស្តីអំពីទស្សនៈរបស់ប៉ុលចំពោះកិច្ចការផ្សាយដំណឹងល្អនោះ? ហើយតើយើងអាចយកតម្រាប់តាមគំរូរបស់គាត់បានយ៉ាងណាក្នុងការ«ធ្វើបន្ទាល់សព្វគ្រប់»?
៣. តើយើងអាចធ្វើដូចម្ដេច កុំឲ្យកិច្ចការធ្វើបន្ទាល់ក្រៅផ្លូវការកើតឡើងដោយចៃដន្យ?
៤. តើប៉ុលអាចធ្វើបន្ទាល់នៅកន្លែងដែលគាត់ស្នាក់នៅបានយ៉ាងណា?
៥, ៦. តើយើងអាចមានឱកាសណាខ្លះ ដើម្បីធ្វើបន្ទាល់ក្រៅផ្លូវការ? ហើយតើយើងអាចរៀបចំទុកជាមុនបានយ៉ាងណា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការធ្វើបន្ទាល់នោះ?
៧, ៨. ស្តីអំពីអាការក្រៅនិងចរិយារបស់យើងពេលដែលធ្វើដំណើរនិងដើរកំសាន្តនោះ តើយើងគួរយកចិត្តទុកដាក់ធ្វើតាមការលើកទឹកចិត្តឲ្យប្រុងប្រយ័ត្នអំពីអ្វី?
៩. តើមានលទ្ធផលយ៉ាងណា ក្នុងកាលដែលប៉ុលធ្វើបន្ទាល់នៅទីក្រុងរ៉ូម?
១០. តើគូស្វាមីភរិយាមួយគូទទួលបានផលល្អអ្វី ពេលដែលធ្វើបន្ទាល់ឆ្នាំមុន?
១១. តើយើងគួរបណ្ដុះឲ្យមានគុណសម្បត្ដិអ្វីខ្លះ ដើម្បីផ្សាយដំណឹងល្អនៅឆ្នាំនេះដោយ«ធ្វើបន្ទាល់សព្វគ្រប់»?
[ប្រអប់នៅទំព័រ៣]
ប្រកាសនវត្ថុដែលយើងត្រូវការ ដើម្បីធ្វើបន្ទាល់ក្រៅផ្លូវការ
■ តើព្រះតម្រូវអ្វីពីយើង? (សៀវភៅស្តើង)
■ ដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍ (កូនសៀវភៅ)
■ ប្រកាសនវត្ថុឯទៀត
[ប្រអប់នៅទំព័រ៤]
កុំភ្លេចពួកគេឡើយ!
តើមិនគួរភ្លេចអ្នកណា? គឺកុំភ្លេចអស់ទាំងអ្នកចាប់អារម្មណ៍ដែលបានរួមចំណែកក្នុងពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ និងបានមកស្ដាប់សុន្ទរកថាពិសេស។ តើយើងបានអញ្ជើញពួកគេឲ្យចូលរួមមហាសន្និបាតតាមតំបន់នាឆ្នាំនេះដែរឬទេ? ពួកគេច្រើននាក់ទំនងជានឹងមកដែរ បើយើងលើកទឹកចិត្តពួកគេដោយចិត្តសប្បុរស។ កាលដែលពួកគេសំណេះសំណាលគ្នានិងស្ដាប់កម្មវិធីគួរឲ្យលើកទឹកចិត្តនៅឯមហាសន្និបាតរបស់យើង ពួកគេនឹងមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់។ សូមអញ្ជើញពួកគេមក ហើយចាំមើលថាមានលទ្ធផលអ្វី។ ចូរប្រាប់ពត៌មានទាំងអស់ដែលពួកគេត្រូវការ រួមទាំងថ្ងៃខែ របៀបរកកន្លែងសន្និបាត ម៉ោងដែលកម្មវិធីចាប់ផ្ដើមនិងចប់។