យើងជាសាក្សីរបស់ព្រះយេហូវ៉ាគ្រប់ពេលវេលា
១. តើយើងអាចរៀនអ្វីពីកំណត់ហេតុអំពីលោកយេស៊ូផ្សាយដល់ស្ត្រីម្នាក់នៅឯអណ្ដូង?
១ លោកយេស៊ូបានដើរអស់យូរម៉ោងហើយ។ លោកអស់កម្លាំងនិងស្រេកទឹកណាស់។ កាលដែលពួកអ្នកកាន់តាមទៅទិញអាហារ លោកបានអង្គុយសម្រាកនៅជិតអណ្ដូងមួយនៅខាងក្រៅក្រុងរបស់សាសន៍សាម៉ារី។ លោកយេស៊ូមិនបានទៅស្រុកសាម៉ារីដើម្បីផ្សព្វផ្សាយទេ។ លោកគ្រាន់តែធ្វើដំណើរកាត់ទៅស្រុកកាលីឡេដើម្បីបន្តកិច្ចការរបស់លោកនៅទីនោះ។ ប៉ុន្តែ លោកឆ្លៀតយកឱកាសនេះដើម្បីផ្សាយដល់ស្ត្រីម្នាក់ដែលមកដងទឹក។ (យ៉ូន. ៤:៥-១៤) ហេតុអ្វី? លោកយេស៊ូមិនដែលឈប់ធ្វើជា«សាក្សីស្មោះត្រង់និងពិតត្រង់»របស់ព្រះយេហូវ៉ាទេ។ (បប. ៣:១៤) យើងយកតម្រាប់តាមលោកយេស៊ូ ដោយធ្វើជាសាក្សីព្រះយេហូវ៉ាគ្រប់ពេលវេលា។—១ពេ. ២:២១
២. តើយើងអាចត្រៀមខ្លួនដើម្បីផ្សព្វផ្សាយក្រៅផ្លូវការយ៉ាងដូចម្ដេច?
២ ចូរត្រៀមខ្លួន: យើងអាចត្រៀមខ្លួនដើម្បីផ្សព្វផ្សាយក្រៅផ្លូវការ ដោយយកសៀវភៅខ្លះៗតាមខ្លួន។ អ្នកផ្សាយជាច្រើនមានខិត្តប័ណ្ណផ្សេងៗជាប់ខ្លួន ដើម្បីឲ្យអ្នកដែលធ្វើការតាមហាង អ្នកធ្វើការនៅបេនសាំង និងឲ្យដល់មនុស្សដែលពួកគេប្រហែលជាជួបនៅថ្ងៃនោះ។ (សាស្ដ. ១១:៦) បងស្រីម្នាក់ដែលធ្វើដំណើរញឹកតែងមានគម្ពីរតូចនិងសៀវភៅ ព្រះគម្ពីរបង្រៀនក្នុងកាបូប ហើយគាត់ព្យាយាមនិយាយជាមួយនឹងអ្នកដែលអង្គុយជិត។
៣. តើយើងអាចចាប់ផ្ដើមនិយាយយ៉ាងណា?
៣ ចាប់ផ្ដើមនិយាយ: ពេលផ្សព្វផ្សាយក្រៅផ្លូវការ យើងមិនចាប់ផ្ដើមនិយាយអំពីប្រធានបទគម្ពីរភ្លាមៗទេ។ លោកយេស៊ូមិនបានចាប់ផ្ដើមនិយាយជាមួយស្ត្រីនៅឯអណ្ដូងនោះដោយឲ្យនាងសម្គាល់ខ្លួនលោកជាមេស្ស៊ីភ្លាមៗនោះទេ។ លោកគ្រាន់តែសុំទឹកផឹក ដែលនាំឲ្យនាងភ្ញាក់ស្មារតី។ (យ៉ូន. ៤:៧-៩) បងស្រីម្នាក់ឃើញថាការធ្វើដូចនេះ ក៏បានជួយគាត់ឲ្យចាប់ផ្ដើមមានការសន្ទនា ពេលមានគេសួរគាត់ថា តើគាត់បានសប្បាយធ្វើបុណ្យថ្ងៃឈប់សម្រាកទេ? ជាជាងតបឆ្លើយថា គាត់មិនធ្វើបុណ្យដោយសារគាត់ជាសាក្សីព្រះយេហូវ៉ា គាត់និយាយថា៖ «ខ្ញុំបានសម្រេចចិត្តមិនធ្វើបុណ្យ»។ អ្នកសួរនោះឆ្ងល់ក៏សួរថា ហេតុអ្វី? នេះក៏អនុញ្ញាតឲ្យគាត់ផ្សព្វផ្សាយ។
៤. ហេតុអ្វីក៏ម៉ាថាយ ២៨:១៨-២០ ជំរុញចិត្តអ្នក?
៤ ថ្វីបើលោកយេស៊ូបានបញ្ចប់កិច្ចបម្រើផ្សាយនៅផែនដីមែន តែលោកបន្តយកចិត្តទុកដាក់នឹងកិច្ចការផ្សព្វផ្សាយ ដើម្បីឲ្យមានដំណើរការដូចលោកធ្លាប់ធ្វើដែរ។ (ម៉ាថ. ២៨:១៨-២០) ដូច្នេះហើយ យើងជាសាក្សីដែលត្រៀមខ្លួនប្រាប់សេចក្ដីសង្ឃឹមរបស់យើងដល់មនុស្សទាំងអស់នៅគ្រប់ពេលវេលា ដូចលោកយេស៊ូបានទុកគំរូឲ្យយើងដែរ។—ហេ. ១០:២៣