ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយផ្ដើមការសន្ទនាដើម្បីផ្សព្វផ្សាយក្រៅផ្លូវការ
ហេតុអ្វីសំខាន់: នៅពេលដែលយើងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ យើងឃើញថាមនុស្សជាច្រើនមិននៅផ្ទះទេ។ ក៏ប៉ុន្តែ យើងប្រហែលជាជួបពួកគេពេលយើងជិះរថឈ្នួល ឈប់សម្រាកនៅកន្លែងធ្វើការឬនៅសាលារៀន ឬចាំជួបគ្រូពេទ្យជាដើម។ បំណងប្រាថ្នារបស់ព្រះយេហូវ៉ាគឺ ចង់ឲ្យមនុស្សទាំងអស់មានឱកាសស្ដាប់ដំណឹងល្អអំពីរាជាណាចក្រព្រះ។ (១ធី. ២:៣, ៤) ជាញឹកញយ ដើម្បីផ្សព្វផ្សាយ យើងត្រូវផ្ដើមការសន្ទនាជាមួយពួកគេ។
របៀបអនុវត្ត:
• ចូរពិចារណាមុនសម្រេចចិត្តថាអ្នកនឹងនិយាយជាមួយអ្នកណា។ តើបុគ្គលនោះមើលទៅដូចជាមនុស្សរាក់ទាក់ហើយសុខចិត្តនិយាយជាមួយអ្នកឬទេ? តើកាលៈទេសៈផ្ដល់ឱកាសឲ្យអ្នកនិងគាត់ស្រួលនិយាយគ្នាឬទេ? អ្នកផ្សាយខ្លះមើលមុខបុគ្គលនោះរួចញញឹម។ បើបុគ្គលនោះញញឹមដាក់វិញ នោះពួកគេព្យាយាមផ្ដើមការសន្ទនា។
• បើអ្នកខ្លាច មិនហ៊ាននិយាយនោះ ចូរអធិដ្ឋានយ៉ាងខ្លីក្នុងចិត្ត។—នេហ. ២:៤; សកម្ម. ៤:២៩
• ចូរផ្ដើមការសន្ទនាដោយនិយាយពាក្យពីរបីម៉ាត់ប៉ុណ្ណោះ ជាឧទាហរណ៍ដោយសួរសុខទុក្ខគាត់។ លោកយេស៊ូមិនបានផ្ដើមការសន្ទនាជាមួយនឹងស្ត្រីជនជាតិសាម៉ារី ដោយនិយាយអំពីរាជាណាចក្រព្រះទេ។ (យ៉ូន. ៤:៧) ជួនកាលយើងអាចផ្ដើមការសន្ទនាដោយសរសើរបុគ្គលនោះថា៖ «កូនរបស់បងល្អណាស់!»។ វិធីមួយទៀតដែលអ្នកអាចផ្ដើមការសន្ទនា គឺដោយសួរសំណួរដូចជា«តើបងបានឃើញព័ត៌មានម្សិលមិញទេ?»។
• ក្រោយពីអ្នកផ្ដើមការសន្ទនាហើយ សូមរកឱកាសប្រាប់ដំណឹងល្អ ប៉ុន្តែកុំប្រញាប់ប្រាប់ពេក។ សូមទុកឲ្យការសន្ទនាចូលសាច់រឿងនោះតាមសម្រួល។ ប្រហែលជាអ្នកអាចនិយាយអ្វីមួយដែលនឹងធ្វើឲ្យបុគ្គលនោះចាប់អារម្មណ៍ ហើយចង់សួរសំណួរវិញ។ ជាឧទាហរណ៍ បើអ្នកកំពុងសន្ទនាអំពីរឿងក្រុមគ្រួសារ អ្នកអាចនិយាយថា៖ «ខ្ញុំបានរកឃើញយោបល់ល្អអំពីការអប់រំកូន។ យោបល់នោះគួរឲ្យទុកចិត្ត»។ បើអ្នកកំពុងពិភាក្សាអំពីព័ត៌មានថ្មីៗណាមួយ អ្នកអាចនិយាយថា៖ «ថ្មីៗនេះខ្ញុំបានអានដំណឹងល្អដែលធ្វើឲ្យខ្ញុំសប្បាយចិត្តវិញ»។ កុំធ្លាក់ទឹកចិត្តបើការសន្ទនានោះចប់មុនអ្នកមានឱកាសផ្សព្វផ្សាយ។
• សូមយកខិត្តប័ណ្ណខ្លះឬអ្វីផ្សេងទៀតដែលអ្នកអាចឲ្យដល់អ្នកចាប់អារម្មណ៍។
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
• រាល់សប្ដាហ៍ សាកល្បងផ្ដើមការសន្ទនាមួយដង ដោយមានបំណងផ្សព្វផ្សាយក្រៅផ្លូវការ។