បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ១២៤
  • តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ពូកែ​សន្ទនា​ជាង?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ពូកែ​សន្ទនា​ជាង?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​គួរ​សន្ទនា​ជា​មួយ​អ្នក​ឯ​ទៀត​ដោយ​ផ្ទាល់?
  • របៀប​ចាប់​ផ្ដើម​ការ​សន្ទនា
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយផ្ដើមការសន្ទនាដើម្បីផ្សព្វផ្សាយក្រៅផ្លូវការ
    ២០១៤ កិច្ចបម្រើព្រះ
  • គិតអំពីចំណាប់អារម្មណ៍
    ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​យក​ឈ្នះ​ការ​អៀន​ខ្មាស?
    សំណួរពីយុវវ័យ
  • ការសន្ទនាធម្មតា
    ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
មើលបន្ថែមទៀត
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ១២៤
ប្អូន​ប្រុស​ម្នាក់​កំពុង​និយាយ​ជា​មិត្ត​រួម​ថ្នាក់​ពេល​បរិភោគ​អាហារ​ថ្ងៃ​ត្រង់។

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ពូកែ​សន្ទនា​ជាង?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​៖

  • ហេតុ​អ្វី​គួរ​សន្ទនា​ជា​មួយ​អ្នក​ឯ​ទៀត​ដោយ​ផ្ទាល់?

  • របៀប​ចាប់​ផ្ដើម​ការ​សន្ទនា

  • ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

ហេតុ​អ្វី​គួរ​សន្ទនា​ជា​មួយ​អ្នក​ឯ​ទៀត​ដោយ​ផ្ទាល់?

អ្នក​ខ្លះ​និយាយ​ថា ការ​និយាយ​គ្នា​ដោយ​ផ្ទាល់​គឺ​ពិបាក​និង​តាន​តឹង​ចិត្ត​ជាង ការ​និយាយ​គ្នា​ដោយ​ផ្ញើ​សារ។

ប្អូន​អាណា​បាន​រៀប​រាប់​ថា​៖​«​ពេល​និយាយ​គ្នា​ដោយ​ផ្ទាល់​គឺ​ពិបាក​ជាង ព្រោះ​យើង​មិន​អាច​កែ​ឬ​លុប​ពាក្យ​ដែល​យើង​បាន​និយាយ​ទេ​»។

ប្អូន​ជីន​បាន​រៀប​រាប់​ថា​៖​«​ការ​ផ្ញើ​សារ​គឺ​ប្រៀប​ដូច​ជា​ការ​សម្ដែង​ដែល​គេ​បាន​ថត​ទុក​រួច​ហើយ។ តែ​ការ​និយាយ​ផ្ទាល់​ទៅ​កាន់​បុគ្គល​ម្នាក់​ទៀត គឺ​ប្រៀប​ដូច​ជា​ការ​សម្ដែង​នៅ​ចំពោះ​មុខ​ទស្សនិកជន។ ដូច្នេះ ពេល​និយាយ​ទៅ​កាន់​អ្នក​ណា​ម្នាក់ ខ្ញុំ​ចេះ​តែ​ប្រាប់​ខ្លួន​ឯង​ឲ្យ​ប្រុង​ប្រយ័ត្ន ‹កុំ​និយាយ​ខុស!›​»។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មិន​យូរ​មិន​ឆាប់ ប្អូន​ច្បាស់​ជា​ត្រូវ​សន្ទនា​ដោយ​ផ្ទាល់​ជា​មួយ​នរណា​ម្នាក់​មិន​ខាន។ ជា​ឧទាហរណ៍ ប្អូន​ត្រូវ​រៀន​ឲ្យ​ចេះ​សន្ទនា​បើ​ប្អូន​ចង់​រាប់​អាន​មិត្ត ចង់​រក​ការ​ងារ​ធ្វើ​និង​រក្សា​ការ​ងារ ឬ​ចង់​មាន​ទំនាក់​ទំនង​ស្នេហា​ពេល​ប្អូន​ត្រៀម​ខ្លួន​ហើយ។

ប៉ុន្តែ ប្អូន​មិន​ចាំ​បាច់​ខ្លាច​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​ទេ។ ប្អូន​អាច​រៀន​ឲ្យ​ចេះ​សន្ទនា​បាន សូម្បី​តែ​ប្អូន​ជា​មនុស្ស​អៀន​ក៏​ដោយ។

រូប​អំពូល​ភ្លើង

យោបល់​៖ កុំ​បារម្ភ​ថា​ខ្លួន​នឹង​និយាយ​ខុស​ឡើយ។ ការ​បង្កើន​សមត្ថភាព​និយាយ​គឺ​ប្រៀប​ដូច​ជា​ការ​រៀន​ជិះ​កង់។ ប្អូន​ប្រហែល​ជា​ដួល​ពីរ​បី​ដង តែ​ពេល​ប្អូន​ហាត់​ជិះ​ច្រើន​ដង ប្អូន​នឹង​ចេះ​ជិះ​បាន​ល្អ​ជាង ហើយ​ក្រោយ​មក​ប្អូន​នឹង​ចូល​ចិត្ត​ជិះ​កង់!

ប្អូន​នីល​បាន​រៀប​រាប់​ថា​៖​«​ជួន​កាល​យើង​និយាយ​ខុស​និង​មាន​អារម្មណ៍​ខ្មាស។ តែ​មិន​អី​ទេ បើ​និយាយ​ខុស ក៏​ខុស​ទៅ យើង​អាច​អស់​សំណើច​នឹង​ខ្លួន​ឯង​បាន​តើ!​»។

របៀប​ចាប់​ផ្ដើម​ការ​សន្ទនា

  • សួរ​សំណួរ។ សូម​គិត​អំពី​ប្រធានបទ​មួយ​ដែល​អ្នក​ឯ​ទៀត​ចាប់​អារម្មណ៍ ហើយ​ព្យាយាម​សន្ទនា​អំពី​រឿង​នោះ។ ជា​ឧទាហរណ៍​៖

    ​«​វ៉ា​កង​នេះ បង​បាន​ទៅ​ដើរ​លេង​កន្លែង​ណា​ខ្លះ?​»។

    ​«​វេបសាយ​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។ តើ​បង​ធ្លាប់​ឃើញ​ទេ?​»។

    ​«​តើ​បង​បាន​ឮ​អំពី . . . ?​»។

    ដើម្បី​និយាយ​ជាក់​លាក់​ជាង សូម​គិត​អំពី​អ្វី​ដែល​ប្អូន​និង​បុគ្គល​ម្នាក់​ទៀត​ប្រហែល​ជា​ធ្លាប់​ធ្វើ​ឬ​ចូល​ចិត្ត​ដូច​គ្នា។ ជា​ឧទាហរណ៍ តើ​ប្អូន​រៀន​នៅ​សាលា​ដូច​គ្នា​ឬ​ធ្វើ​ការ​ស្រដៀង​គ្នា​ទេ? សូម​ប្រើ​ប្រធានបទ​នោះ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា។

    ប្អូន​ប្រុស​ពីរ​នាក់​កំពុង​និយាយ​គ្នា​ពេល​បរិភោគ​អាហារ​ថ្ងៃ​ត្រង់។ ពួក​គេ​កំពុង​និយាយ​គ្នា​អំពី​បាល់​ទាត់។

    ប្អូន​ម៉ារិសឺ​បាន​រៀប​រាប់​ថា​៖​«​សូម​គិត​អំពី​សំណួរ​ដែល​អ្នក​ចង់​សួរ​ដល់​បុគ្គល​ម្នាក់​ទៀត ហើយ​សូម​ស្ដាប់​គាត់​ដោយ​យក​ចិត្ត​ទុក​ដាក់​ពេល​គាត់​ឆ្លើយ​មក​វិញ​»។

    រូប​អំពូល​ភ្លើង

    យោបល់​៖ ការ​សួរ​សំណួរ​ផ្សេង​ៗ​ដូច​ជា​សំណួរ​នៅ​ខាង​លើ​អាច​ជួយ​យើង​ចាប់​ផ្ដើម​ការ​សន្ទនា។ ប៉ុន្តែ បើ​អាច​ធ្វើ​ទៅ​បាន សូម​សួរ​សំណួរ​ណា​ដែល​នាំ​ឲ្យ​មាន​ការ​សន្ទនា​បន្ត មិន​គ្រាន់​តែ​សួរ​សំណួរ​ដែល​នាំ​ឲ្យ​បុគ្គល​ម្នាក់​ទៀត​ឆ្លើយ​តែ​មែន​ឬ​មិន​មែន​នោះ​ទេ។ ជា​ឧទាហរណ៍ ប្អូន​អាច​សួរ​ថា​៖​«​ក្នុង​កុន​នេះ បង​ចូល​ចិត្ត​ឈុត​ណា​ខ្លះ?​»​ ការ​សួរ​ដូច្នេះ​ប្រហែល​ជា​ល្អ​ជាង​ការ​សួរ​ថា​៖​«​បង​ចូល​ចិត្ត​កុន​នេះ​ទេ?​»។

    គួរ​ដឹង​៖ សូម​កុំ​សួរ​សំណួរ​មួយ​ហើយ​មួយ​ទៀត ដូច​ជា​សួរ​ចម្លើយ ហើយ​សូម​កុំ​សួរ​សំណួរ​អំពី​រឿង​ផ្ទាល់​ខ្លួន ដូច​ជា​«​បង​ខ្លាច​អី​ជាង​គេ?​»​ ឬ​«​ហេតុ​អី​បង​តែង​តែ​ពាក់​ពណ៌​ខៀវ​អ៊ីចឹង?​»។ សំណួរ​បែប​នេះ​អាច​នាំ​ឲ្យ​គេ​មាន​អារម្មណ៍​មិន​ស្រួល។ សំណួរ​ទី​២​នេះ​ហាក់​ដូច​ជា​កំពុង​រិះ​គន់!

    បន្ថែម​ទៅ​ទៀត មុន​ឬ​ក្រោយ​បុគ្គល​នោះ​ឆ្លើយ​សំណួរ​របស់​ប្អូន សូម​កុំ​ទាន់​អាល​ប្រាប់​គាត់​អំពី​ទស្សនៈ​និង​អារម្មណ៍​របស់​ប្អូន​ឡើយ។ បើ​និយាយ​ឲ្យ​ចំ​ទៅ សូម​និយាយ​ជា​លក្ខណៈ​សន្ទនា មិន​មែន​ជា​ការ​សម្ភាសន៍​ទេ។

    ប្អូន​ប្រុស​ម្នាក់​ពាក់​ឯកសណ្ឋាន​មន្ត្រី​រាជការ កំពុង​ខឹង​និង​សរសេរ​អ្វី​មួយ​នៅ​លើ​ក្រដាស​បញ្ជី​របស់​គាត់។ ប្អូន​ប្រុស​ម្នាក់​ទៀត​ដែល​នៅ​មុខ​គាត់ មើល​ទៅ​កំពុង​ភ័យ​តក់​ស្លុត​ពេល​ដែល​ឃើញ​ពន្លឺ​ភ្លើង​បាញ់​ចំ​មុខ។

    តើ​សំណួរ​របស់​ប្អូន​ដូច​ជា​ការ​សួរ​ចម្លើយ​ឬ​ទេ?

    គោល​ការណ៍​គម្ពីរ​៖ ​«​គំនិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស ប្រៀប​ដូច​ជា​ទឹក​ដ៏​ជ្រៅ តែ​អ្នក​ដែល​មាន​សមត្ថភាព​វែក​ញែក​នឹង​ដង​យក​មក​បាន​»។—សុភាសិត ២០:៥

  • ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ដើម្បី​មាន​ការ​សន្ទនា​ល្អ ជា​ការ​សំខាន់​ដែល​ប្អូន​ពូកែ​ស្ដាប់​ជាង​ពូកែ​និយាយ។

    ប្អូន​ថាម៉ារ៉ា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ព្យាយាម​រៀន​អ្វី​ថ្មី​ពី​បុគ្គល​ដែល​ខ្ញុំ​និយាយ​ជា​មួយ។ ក្រោយ​នោះ ខ្ញុំ​ព្យាយាម​ចាំ​អ្វី​ដែល​គាត់​បាន​ប្រាប់​ដើម្បី​ខ្ញុំ​អាច​នឹក​ឃើញ​សំណួរ​ល្អ​សម្រាប់​សួរ​គាត់​នៅ​ពេល​យើង​និយាយ​គ្នា​លើក​ក្រោយ​»។

    រូប​អំពូល​ភ្លើង

    យោបល់​៖ កុំ​បារម្ភ បើ​ប្អូន​មិន​អាច​រក​ពាក្យ​ណា​មក​បន្ត​ការ​សន្ទនា។ សូម​មើល​អ្វី​ដែល​នៅ​ជុំ​វិញ​ប្អូន។ តើ​ប្អូន​កំពុង​នៅ​កន្លែង​ណា នៅ​សាលា កន្លែង​ធ្វើ​ការ ឬ​នៅ​ក្នុង​ពិធី​ណា​មួយ? ប្រហែល​ប្អូន​អាច​និយាយ​អំពី​អ្វី​ដែល​នៅ​ជុំ​វិញ​ប្អូន។ ជា​ឧទាហរណ៍ ប្អូន​អាច​សួរ​អ្នក​រួម​ការ​ងារ​ម្នាក់​ថា​៖​«​តើ​ពី​ផ្ទះ​បង​មក​កន្លែង​ធ្វើ​ការ​ឆ្ងាយ​ទេ?​»។

    គួរ​ដឹង​៖ កុំ​បារម្ភ​អំពី​អ្វី​ដែល​ប្អូន​នឹង​និយាយ​តប​វិញ។ បើ​ប្អូន​ស្ដាប់​គាត់​ដោយ​យក​ចិត្ត​ទុក​ដាក់ ប្អូន​អាច​តប​ឆ្លើយ​នឹង​អ្វី​ដែល​គាត់​និយាយ។

    គោល​ការណ៍​គម្ពីរ​៖ ​«​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ​»។—យ៉ាកុប ១:១៩

  • បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ។ បើ​ប្អូន​យក​ចិត្ត​ទុក​ដាក់​នឹង​បុគ្គល​ដែល​ប្អូន​និយាយ​ជា​មួយ នោះ​ប្អូន​នឹង​ចូល​ចិត្ត​និយាយ​ជា​មួយ​គាត់​ច្រើន​ជាង។

    ប្អូន​ស្រី​ពីរ​នាក់​កំពុង​មើល​មុខ​គ្នា​ពេល​ដែល​ពួក​គេ​អង្គុយ​លើ​កៅអី​វែង​នៅ​ខាង​ក្រៅ។ ប្អូន​ស្រី​ម្នាក់​កំពុង​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពេល​ដែល​ប្អូន​ស្រី​ម្នាក់​ទៀត​និយាយ​ប្រាប់​អារម្មណ៍​របស់​គាត់។

    ប្អូន​ម៉ារៀ​បាន​រៀប​រាប់​ថា​៖​«​ពេល​អ្នក​ឯ​ទៀត​ដឹង​ថា​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​គាត់​និយាយ នោះ​ការ​សន្ទនា​ជា​មួយ​គាត់​នឹង​សប្បាយ​ជាង ទោះ​ជា​ការ​សន្ទនា​មិន​សូវ​រលូន​ក៏​ដោយ​»។

    រូប​អំពូល​ភ្លើង

    យោបល់​៖ សូម​សរសើរ​បុគ្គល​នោះ​ដោយ​ស្មោះ រួច​មក​សួរ​គាត់​សំណួរ​មួយ។ ជា​ឧទាហរណ៍ ប្អូន​អាច​និយាយ​ថា​៖​«​អាវ​នេះ​ស្អាត​ណាស់ បង​ទិញ​នៅ​ណា?​»។

    គួរ​ដឹង​៖ កុំ​សួរ​សំណួរ​ដែល​ធ្វើ​ឲ្យ​គេ​ទើស​ទាល់​ចិត្ត។ ការ​សួរ​ថា​«​អាវ​នេះ​ស្អាត​ណាស់ បង​ទិញ​ខ្លួន​ឯង​ឬ​គេ​ទិញ​ឲ្យ?​»​ ប្រហែល​ជា​ស្ដាប់​ទៅ​មិន​សូវ​គួរ​សម។

    គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​តែ​អំពី​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ​»។—ភីលីព ២:៤

តើ​ប្អូន​អាច​បញ្ចប់​ការ​សន្ទនា​យ៉ាង​ដូច​ម្ដេច? ប្អូន​យ៉ូដាន់​បាន​ប្រាប់​ថា​៖​«​ព្យាយាម​បញ្ចប់​សន្ទនា​ដោយ​និយាយ​អ្វី​ដែល​លើក​ទឹក​ចិត្ត ដូច​ជា‹ខ្ញុំ​ពិត​ជា​សប្បាយ​ណាស់​បាន​និយាយ​ជា​មួយ​បង› ឬ‹សូម​សុខ​សប្បាយ ថ្ងៃ​ក្រោយ​ជួប​គ្នា›។ ការ​និយាយ​ដូច​នេះ​អាច​បើក​ឱកាស​ឲ្យ​មាន​ការ​សន្ទនា​នៅ​លើក​ក្រោយ​ទៀត ពេល​ដែល​យើង​ជួប​គាត់​»។

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

  • បេតអែល

    ប្អូន​បេតអែល​បាន​រៀប​រាប់​ថា​៖​«​ការ​រៀន​ឲ្យ​ចេះ​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត គឺ​ស្រដៀង​នឹង​ការ​រៀន​ភាសា​ថ្មី​ដែរ។ ដំបូង​ពិបាក​មែន តែ​បើ​យើង​ព្យាយាម​ហាត់​និយាយ យូរ​ៗ​ទៅ​យើង​អាច​និយាយ​បាន​ល្អ​»។

  • អៃសាក

    ប្អូន​អៃសាក​បាន​រៀប​រាប់​ថា​៖​«​ពេល​អ្នក​ណា​ម្នាក់​កំពុង​និយាយ សូម​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ សូម​មើល​មុខ​គាត់​ដោយ​ទឹក​មុខ​កក់​ក្ដៅ។ ពេល​យើង​បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្វី​ដែល​គាត់​និយាយ គាត់​នឹង​មាន​អារម្មណ៍​សប្បាយ​»។

  • ខេត

    ប្អូន​ខេត​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ធ្លាប់​ភ័យ​ពេល​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត។ សូម្បី​តែ​ឥឡូវ​ក៏​ខ្ញុំ​នៅ​តែ​ភ័យ​ដែរ។ ប៉ុន្តែ ពេល​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត ហើយ​មិន​គិត​ពី​ការ​ភ័យ នោះ​ខ្ញុំ​មាន​អារម្មណ៍​ស្រួល​ជាង​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក