ព្រះយេហូវ៉ាទ្រង់ប្រទានកម្លាំងឲ្យយើង
១ តើអ្នកគិតយ៉ាងណាអំពីសាវ័កប៉ុល? នៅពេលដែលយើងអានសៀវភៅកិច្ចការ យើងអរណាស់ពីចិត្តឧស្សាហ៍របស់គាត់ក្នុងកិច្ចបំរើព្រះយេហូវ៉ា។ តើប៉ុលបានសម្រេចអ្វីៗទាំងអស់នោះតាមរបៀបណា? គាត់មានប្រសាសន៍ថា៖ ‹ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះអង្គទ្រង់ដែលចំរើនកម្លាំងដល់ខ្ញុំ›។ (ភីលីព ៤:១៣) យើងអាចទទួលប្រយោជន៍ដែរ ពីកម្លាំងដែលព្រះយេហូវ៉ាប្រទានឲ្យ។ តើដោយរបៀបណា? គឺដោយឆ្លៀតប្រយោជន៍ពីសំវិធានការប្រាំមួយយ៉ាង ដែលទ្រង់បានរៀបចំដើម្បីឲ្យយើងមានកម្លាំងឡើងវិញ និងត្រូវពង្រឹងខាងវិញ្ញាណផងដែរ។
២ ព្រះបន្ទូលរបស់ព្រះ: ដូចជាយើងត្រូវបរិភោគអាហារដើម្បីរក្សាឲ្យមានកម្លាំងខាងសាច់ឈាម យើងក៏ត្រូវទទួលប្រយោជន៍ពីបន្ទូលរបស់ព្រះដើម្បីនៅរស់ខាងវិញ្ញាណដែរ។ (ម៉ាថាយ ៤:៤) ព្រះគម្ពីរប្រទានឲ្យកម្លាំងដើម្បីទ្រទ្រង់យើង។ ដើម្បីរក្សានូវចិត្តខ្នះខ្នែងថែមទាំងអបអរនឹងសេចក្ដីពិតទៀតផងនោះ យើងត្រូវតែធ្វើការសិក្សាផ្ទាល់ខ្លួន និងរំពឹងគិតបែបយ៉ាងណាដែលមានប្រយោជន៍ជារៀងរាល់ថ្ងៃ បើអាចធ្វើទៅបាន។—ទំនុកដំកើង ១:២, ៣
៣ សេចក្ដីអធិស្ឋាន: ការចូលទៅជិតព្រះយេហូវ៉ាគឺពិតជាសំខាន់ណាស់ ជាពិសេសនៅពេលដែលយើងត្រូវការជំនួយដ៏ពិសេសម្យ៉ាង។ តាមរយៈវិញ្ញាណបរិសុទ្ធរបស់ទ្រង់ៗក៏ប្រទានកម្លាំងដ៏ខ្លាំងក្លា ឲ្យអស់អ្នកដែលសុំនោះ តាមរយៈសេចក្ដីអធិស្ឋាន។ (លូកា ១១:១៣; អេភេសូរ ៣:១៦) បទគម្ពីរនានាលើកទឹកចិត្តយើងថា៖ «ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន»។ (រ៉ូម ១២:១២) តើអ្នកធ្វើអ៊ីចឹងឬទេ?
៤ ក្រុមជំនុំ: យើងថែមទាំងទទួលកម្លាំងនិងការលើកទឹកចិត្តពីកិច្ចប្រជុំតាមក្រុមជំនុំ និងពីទំនាក់ទំនងដ៏កក់ក្ដៅដែលយើងមាននៅទីនោះជាមួយនឹងបងប្អូនប្រុសស្រីរបស់យើង។ (ហេព្រើរ ១០:២៤, ២៥) នៅពេលដែលយើងពិបាកចិត្ត គេក៏ជួយលើកទឹកចិត្តយើងឡើងវិញ ព្រមទាំងផ្ដល់ជំនួយដោយសេចក្ដីស្រឡាញ់ដែរ។—សុភាសិត ១៧:១៧; សាស្ដា ៤:១០
៥ កិច្ចបំរើផ្សព្វផ្សាយ: ការចូលរួមកិច្ចបំរើជាទៀងទាត់ក៏អាចជួយយើងប្រមូលអារម្មណ៍ទៅលើព្រះរាជាណាចក្រនិងប្រសិទ្ធិពរដែលមកពីនោះដែរ។ នៅពេលដែលយើងជួយអ្នកដទៃរៀនអំពីព្រះយេហូវ៉ា នោះយើងកាន់តែមានចិត្តសប្បាយឡើងៗ។ (កិច្ចការ ២០:៣៥) មិនមែនយើងគ្រប់គ្នាទេ ដែលអាចទៅបំរើនៅកន្លែងដែលត្រូវការជំនួយច្រើនជាង ឬបំរើពេញពេលបាននោះ ប៉ុន្តែយើងអាចរួមចំណែកបែបណាដែលមានប្រយោជន៍តាមរបៀបផ្សេងៗទៀតក៏បានដែរ។—ហេព្រើរ ៦:១០-១២
៦ អ្នកត្រួតពិនិត្យដែលជាគ្រីស្ទាន: យើងក៏ទទួលប្រយោជន៍ពីជំនួយនិងការលើកទឹកចិត្តដែលអ្នកចាស់ទុំប្រទានឲ្យដែរ។ ព្រះយេហូវ៉ាបានផ្ញើទុកហ្វូងចៀមទ្រង់ឲ្យគាត់ឃ្វាលនិងថែរក្សា។ (ពេត្រុសទី១ ៥:២) អ្នកដែលធ្វើដំណើរត្រួតពិនិត្យ ក៏ពង្រឹងឡើងនូវក្រុមជំនុំណាដែលគាត់បំរើនោះ ដូចប៉ុលបានធ្វើនៅសម័យគាត់ដែរ។—រ៉ូម ១:១១, ១២
៧ គំរូពីអ្នកស្មោះត្រង់: ការយកមកពិចារណានូវគំរូដ៏ល្អរបស់អ្នកធ្វើការគ្នីគ្នាដ៏ស្មោះត្រង់ ទាំងអ្នកស្មោះត្រង់ពីបុរាណនិងអ្នកស្មោះត្រង់នៅសម័យយើងនេះ ក៏ជាអ្វីដែលបន្ថែមកម្លាំងផងដែរ។ (ហេព្រើរ ១២:១) នៅពេលដែលអ្នកត្រូវការកម្លាំងបន្ថែម សូមអានជីវប្រវត្ដិមួយដ៏លើកទឹកចិត្តពីទស្សនាវដ្ដីរបស់យើង ឬសេចក្ដីរាយការណ៍ណាពីសៀវភៅប្រចាំឆ្នាំដែលជាទីលើកទឹកចិត្ត ឬក៏កំណត់ហេតុណាមួយដ៏គួរឲ្យរំភើបចិត្តពីជីវប្រវត្ដិនៅសម័យទំនើបនេះនៃស្មរបន្ទាល់ព្រះយេហូវ៉ា ក្នុងសៀវភៅអ្នកប្រកាស។
៨ បងប្រុសម្នាក់ដែលឥឡូវនេះមានអាយុជាង៩០ឆ្នាំហើយ បានទទួលយកសេចក្ដីពិតតាំងពីតូចមក។ ពេលដែលគាត់នៅក្មេងនៅឡើយ ជំនឿរបស់គាត់បានត្រូវល្បងល។ ជាដំបូងនោះ អ្នកខ្លះដែលធ្លាប់បំរើយ៉ាងសកម្មក្នុងក្រុមជំនុំ ក៏បានលះបង់អង្គការរបស់ព្រះយេហូវ៉ាចោល។ ម្យ៉ាងទៀតនោះ កិច្ចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាអ្វីដែលគាត់ពិបាកធ្វើ។ យ៉ាងណាក៏ដោយ គាត់បានពឹងពាក់លើព្រះយេហូវ៉ាជានិច្ច។ មិនយូរប៉ុន្មានក្រោយមក គាត់ក៏ពេញចិត្តនឹងកិច្ចបំរើផ្សាយឡើងវិញ។ ចុះយ៉ាងណាវិញចំពោះសព្វថ្ងៃនេះ? ទោះជាសុខភាពគាត់មិនសូវល្អក៏ដោយ គាត់នៅតែជាសមាជិកនៃក្រុមគ្រួសារបេតអែលនៅក្រុងប៊្រុគ្លីន ព្រមទាំងបំរើរួមគណៈអភិបាលផងដែរ។ គាត់មិនស្ដាយឡើយ ដែលគាត់បាននៅជាប់នឹងអង្គការរបស់ព្រះយេហូវ៉ា។
៩ បងស្រីម្នាក់ដែលជាសមាជិកនៃក្រុមគ្រួសារបេតអែលនៅប្រទេសអង់គ្លេស បានទទួលបុណ្យជ្រមុជទឹកនៅពេលដែលគាត់មានអាយុ១៣ឆ្នាំ។ បងស្រីនោះបានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយជាមួយបងប្រុសរបស់គាត់ ក្រោយពីបានទទួលបុណ្យជ្រមុជទឹកអស់តែមួយឆ្នាំ ហើយតែមួយឆ្នាំក្រោយនោះទៅទៀត ឪពុករបស់បងស្រីបានត្រូវជាប់គុក ដោយព្រោះគាត់បានរក្សាអព្យាក្រឹតភាពក្នុងកំឡុងពេលសង្គ្រាមលោកលើកទី២។ បងស្រីបានពឹងពាក់ព្រះយេហូវ៉ាជានិច្ចឲ្យបានកម្លាំង និងបានបន្តបំរើព្រះពិតតទៅទៀត។ មិនយូរមិនឆាប់ គាត់បានរៀបអាពាហ៍ពិពាហ៍នឹងបងប្រុសដ៏ស្មោះត្រង់ម្នាក់ ហើយជាមួយគ្នានោះបានបន្តធ្វើតាមព្រះហឫទ័យរបស់ព្រះ។ ក្រោយពីបានរៀបការអស់៣៥ឆ្នាំទៅហើយ ស្វាមីរបស់គាត់បានស្លាប់ទៅភ្លាមៗនោះ។ ម្ដងទៀតនោះបងស្រីបានទទួលកម្លាំងពីព្រះយេហូវ៉ា ហើយក៏បានបន្តបំរើទ្រង់រហូតមកដល់សព្វថ្ងៃនេះ ថែមទាំងសង្ឃឹមចង់បំរើទ្រង់ជារៀងរហូតតទៅទៀត ជាសមាជិកនៃក្រុមគ្រួសាររបស់ព្រះយេហូវ៉ានៅលើផែនដី។
១០ ព្រះយេហូវ៉ាទ្រង់ជួយនិងបន្ថែមកម្លាំងដល់អ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់។ «ទ្រង់រមែងចំរើនកម្លាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ»។ យើងអាចទទួលបានកម្លាំងនេះដែរ ដែលមានមិនចេះអស់ ដោយឆ្លៀតប្រយោជន៍ពីសំវិធានការទាំងប្រាំមួយដែលបានត្រូវរៀបរាប់នៅខាងលើនេះ។ សូមចងចាំថា៖ «អស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចំរើនជានិច្ច . . . គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។ (អេសាយ ៤០:២៩-៣១) ប៉ុលបានពឹងពាក់ព្រះយេហូវ៉ាទាំងស្រុងដើម្បីឲ្យបានកម្លាំង ហើយយើងក៏ត្រូវធ្វើដូច្នោះដែរ។