ជួយអ្នកឯទៀតមកឯកិច្ចប្រជុំ
១ «មិត្តសំឡាញ់ណានៅតំបន់នេះ . . . ដែលចង់មកឯកិច្ចប្រជុំ ក៏ត្រូវអញ្ជើញយ៉ាងកក់ក្ដៅឲ្យមកចូលរួមចុះ»។ តាំងតែពីសេចក្ដីជូនដំណឹងនោះបានត្រូវបោះពុម្ពក្នុងទស្សនាវដ្ដីប៉មយាមនៃភ្នំស៊ីយ៉ូន នោះស្មរបន្ទាល់ព្រះយេហូវ៉ាធ្លាប់មានចំណង់ខ្លាំងក្នុងការអញ្ជើញមនុស្សឯទៀតឲ្យមកជួបជុំគ្នាដើម្បីទទួលការណែនាំពីព្រះគម្ពីរ។ (វិវរណៈ ២២:១៧) នេះគឺជាផ្នែកមួយដ៏សំខាន់ដែលលះចោលមិនបានចំពោះការថ្វាយបង្គំពិត។
២ ការទៅឯកិច្ចប្រជុំគឺចាំបាច់: យើងទទួលពរពេលយើងរួបរួមជាមួយក្រុមជំនុំ។ យើងស្គាល់ព្រះយេហូវ៉ាដែលជាព្រះដ៏អស្ចារ្យរបស់យើង កាន់តែច្បាស់ថែមទៀត។ នៅក្នុងក្រុមជំនុំ យើងជួបជុំគ្នាដើម្បីឲ្យ«[ព្រះយេហូវ៉ា]ប្រៀនប្រដៅ»យើងផងដែរ។ (អេសាយ ៥៤:១៣ ព្រះគម្ពីរភាសាខ្មែរសម្រាយ) អង្គការរបស់ទ្រង់រៀបចំនូវកម្មវិធីមួយដែលបន្តជារៀងរហូតឲ្យទទួលនូវការណែនាំពីព្រះគម្ពីរ ដែលនាំយើងឲ្យមកកាន់តែជិតនឹងទ្រង់ ថែមទាំងផ្ដល់ជំនួយក្នុងការអនុវត្តន៍តាម«គ្រប់ទាំងគំនិតរបស់ព្រះ»។ (កិច្ចការ ២០:២៧; លូកា ១២:៤២) កិច្ចប្រជុំក៏បង្ហាត់បង្រៀនយើងឲ្យមានការប៉ិនប្រសប់ខាងការបង្រៀនព្រះបន្ទូលរបស់ព្រះ។ ការរំឭកពីបទគម្ពីរជួយឲ្យយើងមានទំនាក់ទំនងល្អជាមួយព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់និងអ្នកឯទៀតផងដែរ។ បើសិនជាយើងសេពគប់នឹងអ្នកដែលស្រឡាញ់ព្រះ នោះនឹងពង្រឹងនូវជំនឿរបស់យើង។—រ៉ូម ១:១១, ១២
៣ អញ្ជើញគេដោយប្រើពាក្យចំៗ: ចាប់ផ្ដើមពីលើកដំបូងដែលអ្នកសិក្សាជាមួយសិស្សព្រះគម្ពីរនិមួយៗ ចូរអញ្ជើញពួកគាត់ម្នាក់ៗមកឯកិច្ចប្រជុំ។ ជូនប័ណ្ណកម្មវិធីប្រជុំមួយ។ ធ្វើឲ្យគាត់ចាប់អារម្មណ៍ដោយប្រាប់ចំណុចមួយដែលបានលើកទឹកចិត្តអ្នកដែលអ្នកបានរៀនពីកិច្ចប្រជុំមុន ថែមទាំងពិចារណាជាមួយគ្នានូវអ្វីដែលនឹងត្រូវពិគ្រោះនៅកិច្ចប្រជុំជាបន្ទាប់។ ប្រាប់គាត់ថា សាលប្រជុំគឺមានសភាពយ៉ាងដូចម្ដេច ហើយធ្វើឲ្យប្រាកដថា គាត់អាចរកឃើញសាលប្រជុំបាន។
៤ បើសិនជាសិស្សម្នាក់មិនមកភ្លាមៗ ចូរបន្តអញ្ជើញគាត់ថែមទៀត។ ឆ្លៀតពីរបីនាទីរៀងរាល់សប្ដាហ៍ដើម្បីបញ្ជាក់ពីរបៀបនៃដំណើរការរបស់អង្គការយើង។ ប្រើសៀវភៅស្តើងស្មរបន្ទាល់ព្រះយេហូវ៉ា និងវីដេអូ ស្មរបន្ទាល់ព្រះយេហូវ៉ា អង្គការដែលគាំទ្រឈ្មោះនោះ ដើម្បីនាំឲ្យគាត់ស្គាល់ពីប្រជុំទាំងប៉ុន្មានរបស់យើង។ នាំអ្នកផ្សាយឯទៀតមកជាមួយដើម្បីឲ្យគាត់បានស្គាល់គេ។ ពេលដែលអ្នកអធិស្ឋាន ចូរអរព្រះគុណព្រះយេហូវ៉ាសំរាប់អង្គការរបស់ទ្រង់ និងទូលប្រាប់ថាគឺចាំបាច់ដែលសិស្សនោះចូលរួមជាមួយអង្គការនោះផងដែរ។
៥ កុំស្ទាក់ស្ទើរក្នុងការជួយអ្នកចាប់អារម្មណ៍ថ្មីៗឲ្យជួបជុំជាមួយនឹងយើង។ ពេលណាការអបអររបស់គេចំពោះព្រះយេហូវ៉ាចំរើនឡើង នោះគេនឹងត្រូវជំរុញឲ្យអនុវត្តតាមអ្វីដែលគេរៀននិងចង់រួមចំណែកជាមួយអង្គការរបស់ព្រះដែលប្រកបទៅដោយសាមគ្គីភាព។—កូរិនថូសទី១ ១៤:២៥