ណែនាំសិស្សឲ្យស្គាល់អង្គការដែលគាំទ្រឈ្មោះយើង
១ «គឺជាសារដែលគេនិយាយជាង២០០ភាសា។ គឺជាសារដែលដែលគេបានឮនៅជាង២១០ប្រទេស។ គឺជាសារដែលផ្សាយនៅកន្លែងណាក៏ដោយដែលគេអាចជួបមនុស្សដោយផ្ទាល់។ សារដែលធ្វើឲ្យមនុស្សរាប់លាននាក់ទូទាំងពិភពលោកមានសាមគ្គីភាពនោះ គឺជាផ្នែកនៃយុទ្ធនាការផ្សព្វផ្សាយដ៏ធំបំផុតដែលពិភពលោកធ្លាប់មាន។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានរៀបចំដើម្បីបំពេញកិច្ចការនេះជាងមួយរយឆ្នាំមកហើយ!»។
២ កាសែតវីដេអូស្មរបន្ទាល់ព្រះយេហូវ៉ា អង្គការដែលគាំទ្រឈ្មោះនោះចាប់ផ្ដើមដោយពាក្យទាំងនេះ។ បន្ទាប់មក កម្មវិធីវីដេអូឆ្លើយនឹងសំណួរថា តើស្មរបន្ទាល់ព្រះយេហូវ៉ាជាអ្នកណា? តើសកម្មភាពពួកគេត្រូវបានរៀបចំយ៉ាងណា? ដឹកនាំយ៉ាងណា? បង់ចំណាយយ៉ាងណា? កាសែតវីដេអូនេះធ្វើឲ្យអ្នកទស្សនាកត់សម្គាល់ថា «ស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោកបានត្រូវរៀបចំឡើងជាអង្គការមួយដើម្បីជួយអ្នកជិតខាងជឿលើព្រះគម្ពីរ» និងលើកទឹកចិត្តពួកគេឲ្យស្គាល់អង្គការដែលគាំទ្រឈ្មោះយើង។ បន្ទាប់ពីបានទស្សនាកាសែតវីដេអូនេះរួចហើយ ស្ត្រីម្នាក់ដែលកំពុងតែសិក្សាព្រះគម្ពីរមានចិត្តរំភើបអបអរដល់ម្ល៉េះបានជាគាត់ចាប់ផ្ដើមស្រក់ទឹកភ្នែកហើយបានស្រដីថា៖ «នេះច្បាស់ជាអង្គការរបស់ព្រះពិត គឺព្រះយេហូវ៉ាមែន»។—សូមប្រៀបមើល១កូ. ១៤:២៤, ២៥
៣ ស្ត្រីម្នាក់ទៀតបានសិក្សាព្រះគម្ពីរម្ដងម្កាលអស់រយៈពេលជាយូរមកហើយ ប៉ុន្តែគាត់មិនអាចយល់ស្របថាលទ្ធិឯកត្រីអង្គជាលទ្ធិមិនពិតនោះទេ។ ក្រោយមក ស្ត្រីនោះនិងប្ដីគាត់បានមើលកាសែតវីដេអូយើង។ ពួកគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងនឹងកាសែតវីដេអូនេះហើយបានមើលពីរដងយប់នោះ។ នៅពេលសិក្សាបន្ទាប់មក ស្ត្រីនោះបានប្រាប់ថាគាត់ចង់ក្លាយជាស្មរបន្ទាល់ម្នាក់។ គាត់បាននិយាយថា គាត់បានផ្ដោតអារម្មណ៍ទៅលើជំនឿព្រះឯកត្រីអង្គ ហើយមិនបានពិចារណាអំពីអង្គការយើងនឹងសមាជិកនោះទេ។ តាមរយៈកាសែតវីដេអូ គាត់បានដឹងថាគាត់បានរកឃើញអង្គការពិតរបស់ព្រះហើយ។ គាត់ចង់ចាប់ផ្ដើមផ្សព្វផ្សាយភ្លាមមួយរំពេច។ បន្ទាប់ពីគេបានពន្យល់ពីតម្រូវការឲ្យគាត់ក្លាយជាអ្នកផ្សាយដែលមិនទាន់ធ្វើបុណ្យជ្រមុជទឹក គាត់បានពោលថា៖ «ចូរយើងចាប់ផ្ដើមភ្លាមទៅ!»។ ស្ត្រីនោះបានលាលែងពីវិហាររបស់គាត់ហើយចាប់ផ្ដើមកិច្ចបំរើផ្សាយ ក្រោយមកគាត់ពូកែខាងការបង្ហាញថាលទ្ធិឯកត្រីអង្គគឺមិនត្រឹមត្រូវ។
៤ យើងបានដឹងច្បាស់ថា សិស្សព្រះគម្ពីររីកចំរើនខាងវិញ្ញាណថែមទាំងមានភាពចាស់ទុំឆាប់រហ័សជាង កាលណាពួកគេទទួលស្គាល់នឹងចូលរួមជាមួយអង្គការរបស់ព្រះយេហូវ៉ា។ ជាការគួរឲ្យកត់សម្គាល់មែន បន្ទាប់ពីមនុស្ស៣.០០០នាក់បានទទួលបុណ្យជ្រមុជទឹកនៅបុណ្យថ្ងៃទី៥០មក «អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្ដីប្រកបគ្នា»។ (កិច្ច. ២:៤២) សព្វថ្ងៃនេះ ជាការចាំបាច់ឲ្យយើងជួយសិស្សធ្វើដូចគ្នាដែរ។ តើយើងអាចធ្វើយ៉ាងណា?
៥ យើងមានភារកិច្ច: អ្នកបញ្ចុះបញ្ចូលឲ្យមានសិស្សម្នាក់ៗត្រូវដឹងថាគាត់មានភារកិច្ចណែនាំសិស្សព្រះគម្ពីរឲ្យស្គាល់អង្គការរបស់ព្រះ។ (១ធី. ៤:១៦) យើងចាត់ទុកពេលសិក្សាម្ដងៗជាជំហានទៅដល់ថ្ងៃដ៏គួរឲ្យរីករាយ កាលណាអ្នកថ្មីទទួលបុណ្យជ្រមុជទឹក ដែលបង្ហាញថាគាត់បានឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ាហើយ។ សំណួរមួយក្នុងសុន្ទរកថាសំរាប់ពិធីបុណ្យជ្រមុជទឹកនោះគឺ: «តើអ្នកយល់ថា នៅពេលដែលអ្នកថ្វាយខ្លួននិងទទួលបុណ្យជ្រមុជទឹក នេះនឹងសម្គាល់អ្នកជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ដែលរួមបញ្ចូលក្នុងអង្គការរបស់ព្រះ ដែលត្រូវដឹកនាំដោយព្រះវិញ្ញាណឬទេ?» អាស្រ័យហេតុនេះ ជាការសំខាន់ណាស់ឲ្យសិស្សដឹងថាគាត់មិនអាចបំរើព្រះដោយឥតចូលរួមយ៉ាងសកម្មជាមួយនឹងក្រុមជំនុំគ្រីស្ទានពិតនោះទេ។—ម៉ាថ. ២៤:៤៥-៤៧; យ៉ូន. ៦:៦៨; ២កូ. ៥:២០
៦ សូមប្រាប់សិស្សឲ្យដឹងអំពីក្រុមជំនុំនាតំបន់និងអង្គការអន្តរជាតិដែលគាំទ្រស្មរបន្ទាល់ព្រះយេហូវ៉ាបន្ដិចម្ដងៗ។ សូមធ្វើនេះជារៀងរាល់ដងដែលបង្រៀនគាត់ព្រះគម្ពីរ ចាប់ពីការសិក្សាលើកទីមួយ។ ចាប់តាំងពីដើមដំបូង សូមអញ្ជើញសិស្សទៅកិច្ចប្រជុំហើយអញ្ជើញគាត់ជាបន្ត។—វិវរ. ២២:១៧
៧ សូមប្រើឧបករណ៍ផ្សាយដែលយើងមាន: ប្រកាសនវត្ថុដ៏ល្អបំផុតសំរាប់ដឹកនាំការសិក្សាព្រះគម្ពីរតាមផ្ទះ គឺសៀវភៅស្តើងតើព្រះតម្រូវអ្វីពីយើង? និងសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ សៀវភៅទាំងពីរនេះលើកបញ្ជាក់សេចក្ដីត្រូវការឲ្យចូលរួមជាមួយក្រុមជំនុំ។ នៅចុងមេរៀនទី៥ក្នុងសៀវភៅស្តើងតម្រូវសរសេរថា៖ «អ្នកត្រូវតែបន្តរៀនសូត្រអំពីព្រះយេហូវ៉ា ហើយនិងប្រព្រឹត្តតាមសេចក្ដីតម្រូវនៃព្រះអង្គជានិច្ចតទៅ។ ការចូលរួមក្នុងកិច្ចប្រជុំនៅសាលព្រះរាជាណាចក្រនៃស្មរបន្ទាល់ព្រះយេហូវ៉ានាតំបន់អ្នក នោះនឹងជួយអ្នកឲ្យធ្វើយ៉ាងនេះបាន»។ សៀវភៅចំណេះបានលើកទឹកចិត្តសិស្សម្ដងហើយម្ដងទៀតឲ្យចូលរួមកិច្ចប្រជុំ។ ជំពូកទី៥វគ្គ២២ធ្វើការអញ្ជើញនេះថា៖ «ពួកស្មរបន្ទាល់ព្រះយេហូវ៉ា . . . មានចិត្តកក់ក្ដៅ តឿនអ្នកឲ្យចូលរួមនឹងពួកគេ ក្នុងការថ្វាយបង្គំព្រះ ‹ដោយវិញ្ញាណ នឹងសេចក្ដីពិត›។ (យ៉ូហាន ៤:២៤)» ជំពូកទី១២វគ្គ១៦ប្រាប់ថា៖ «ពេលអ្នកបន្តការសិក្សានេះតទៅទៀត ហើយចូលរួមក្នុងការប្រជុំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាជារឿយៗ នោះជំនឿរបស់អ្នក នឹងបានរឹងមាំកាន់តែខ្លាំងឡើងមិនខានឡើយ»។ ជំពូកទី១៦វគ្គ២០សរសេរថា៖ «សូមតាំងឲ្យបានជាទម្លាប់ល្អ ចូលរួមក្នុងការទៅការប្រជុំនៃស្មរបន្ទាល់ព្រះយេហូវ៉ា។ . . . នេះនឹងជួយអ្នកឲ្យយល់ ហើយរួចមកឲ្យអនុវត្តតាមចំណេះអំពីព្រះក្នុងជីវិតរបស់អ្នក ហើយនឹងនាំឲ្យអ្នកមានសុភមង្គលមិនខានឡើយ។ ការមានចំណែកក្នុងភាតរភាពគ្រីស្ទានទូទាំងពិភពលោក នឹងជួយអ្នកឲ្យស្ថិតនៅជិតព្រះយេហូវ៉ា»។ ជំពូកទី១៧ពន្យល់យ៉ាងល្អិតល្អន់អំពីរបៀបដែលយើងអាចរកឃើញសន្ដិសុខពិតប្រាកដក្នុងចំណោមរាស្ត្ររបស់ព្រះ។ កាលដែលយើងសិក្សាជាមួយអ្នកឯទៀត យើងមានភារកិច្ចទាញអារម្មណ៍ទៅលើព័ត៌មានទាំងនេះ។
៨ សៀវភៅស្តើងស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? ជាឧបករណ៍ផ្សាយដ៏ល្អដែលត្រូវបានរៀបចំឡើងដើម្បីជួយមនុស្សស្គាល់អង្គការដែលមើលឃើញតែមួយគត់ដែលព្រះយេហូវ៉ាកំពុងតែប្រើសព្វថ្ងៃនេះដើម្បីសំរេចព្រះហឫទ័យទ្រង់។ ព័ត៌មានល្អិតល្អន់ក្នុងសៀវភៅនេះស្តីអំពីកិច្ចបំរើផ្សាយ កិច្ចប្រជុំ និងអង្គការយើង នឹងលើកទឹកចិត្តអ្នកអានឲ្យចូលរួមជាមួយយើងក្នុងការថ្វាយបង្គំព្រះ។ កាលណាសិស្សសិក្សាព្រះគម្ពីរជាទៀងទាត់ហើយ ជាការល្អឲ្យយើងប្រគល់សៀវភៅស្តើងនេះឲ្យគាត់អានខ្លួនឯង។ មិនចាំបាច់សិក្សាសៀវភៅស្តើងនេះជាមួយគាត់ដូចយើងធ្លាប់ធ្វើពីពេលមុននោះទេ។
៩ លើកទឹកចិត្តសិស្សឲ្យចូលរួមប្រជុំ: យើងត្រូវពន្យល់ឲ្យសិស្សដឹងថាយើងត្រូវការសិក្សាព្រះគម្ពីរតាមផ្ទះដែលមានគ្នាពីរឬបីនាក់ ព្រមទាំងការសិក្សាជាក្រុមធំតាមក្រុមជំនុំដែរ។ (យ៉ូន. ៦:៤៥) អ្នកថ្មីត្រូវមានការជឿនលឿនក្នុងការយល់ដឹងអំពីបទគម្ពីរ និងដំណាលគ្នាត្រូវយល់ដឹងអំពីអង្គការយើងដែរ។ ដើម្បីធ្វើដូច្នោះ គ្មានអ្វីប្រសើរជាងការចូលរួមកិច្ចប្រជុំទេ។ (ហេ. ១០:២៣-២៥) សូមអញ្ជើញសិស្សទៅកិច្ចប្រជុំក្រុមជំនុំភ្លាមទៅ។ អ្នកថ្មីខ្លះចាប់ផ្ដើមចូលរួមកិច្ចប្រជុំទោះបីជាមិនទាន់សិក្សាព្រះគម្ពីរតាមផ្ទះជាទៀងទាត់ក៏ដោយ។ ពិតមែនហើយ យើងចង់ធ្វើគំរូល្អដោយចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់ដែរ។—លក. [លូ.] ៦:៤០ ខ.ស; ភី. ៣:១៧
១០ សូមពន្យល់ខ្លះៗពីដំណើរការកិច្ចប្រជុំដើម្បីឲ្យសិស្សមានអារម្មណ៍ស្រួលកាលណាគាត់ចូលរួមកិច្ចប្រជុំជាលើកដំបូង។ ដោយហេតុថា មនុស្សខ្លះខ្លាចណាស់ពេលទៅកន្លែងថ្មីជាលើកដំបូង ប្រហែលជាការល្អឲ្យយើងទៅសាលប្រជុំជាមួយសិស្សកាលណាគាត់ចូលរួមប្រជុំជាលើកទីមួយនោះ។ គាត់នឹងមានអារម្មណ៍ស្រួលជាងបើអ្នកនៅជាមួយគាត់ពេលដែលគាត់ជួបសមាជិកឯទៀតនៃក្រុមជំនុំ។ ដូច្នេះហើយ សូមស្វាគមន៍គាត់ជាភ្ញៀវដោយរាក់ទាក់ឲ្យគាត់មានអារម្មណ៍ស្រួល។—ម៉ាថ. ៧:១២; ភី. ២:១-៤
១១ កុំបង្អែបង្អង់លើកទឹកចិត្តសិស្សឲ្យចូលរួមថ្ងៃសន្និបាតពិសេស សន្និបាតតាមមណ្ឌល ឬមហាសន្និបាត។ អ្នកប្រហែលជាអាចអញ្ជើញគាត់ជិះឡានឬម៉ូតូជាមួយអ្នក។
១២ ជួយសិស្សបណ្ដុះចិត្តអបអរស្មោះពីចិត្ត: នៅពេលដែលអ្នកចាប់អារម្មណ៍ស្ដាប់ឮយើងនិយាយអំពីការអបអរយ៉ាងជ្រាលជ្រៅចំពោះអង្គការរបស់ព្រះយេហូវ៉ា នោះអាចឲ្យគាត់មានចិត្តកតញ្ញូហើយនឹងជំរុញឲ្យគាត់ចង់ស្គាល់ព្រះយេហូវ៉ាយ៉ាងជិតស្និទ្ធជាង។ ចូរសរសើរក្រុមជំនុំរបស់យើងជានិច្ច ហើយកុំនិយាយដើមក្រុមជំនុំឲ្យសោះ។ (ទំនុក. ៨៤:១០; ១៣៣:១, ៣ខ) កាលណាអ្នកអធិស្ឋានពេលសិក្សាព្រះគម្ពីរជាមួយសិស្ស សូមលើកឡើងអំពីក្រុមជំនុំនិងសេចក្ដីត្រូវការឲ្យគាត់ចូលរួមជាមួយក្រុមជំនុំឲ្យបានទៀងទាត់។—អេភ. ១:១៥-១៧
១៣ យើងពិតជាចង់ឲ្យអ្នកថ្មីបណ្ដុះបណ្ដាលនូវជំរៅចិត្តកតញ្ញូចំពោះទំនាក់ទំនងជាមួយគ្នាដែលធ្វើឲ្យយើងសប្បាយចិត្តក្រៃលែង និងអារម្មណ៍សុខសាន្តដ៏ជ្រាលជ្រៅខាងវិញ្ញាណដែលយើងមានក្នុងចំណោមរាស្ត្ររបស់ព្រះ។ (១ធី. ៣:១៥; ១ពេ. ២:១៧; ៥:៩) ជាស្មរបន្ទាល់ព្រះយេហូវ៉ា សូមឲ្យយើងខំប្រឹងអស់ពីសមត្ថភាពដើម្បីណែនាំសិស្សព្រះគម្ពីរឲ្យស្គាល់អង្គការដែលគាំទ្រឈ្មោះយើង។
[ឃ្លាអក្សរធំនៅទំព័រ៣]
បណ្ដាសិស្សនឹងរីកចំរើនខាងវិញ្ញាណឆាប់រហ័សជាងកាលណាពួកគេឃើញហើយចូលរួមជាមួយអង្គការយើងដោយខ្លួនគេផ្ទាល់
[ឃ្លាអក្សរធំនៅទំព័រ៤]
កុំបង្អែបង្អង់អញ្ជើញសិស្ស ឲ្យចូលរួមកិច្ចប្រជុំ