ភាគទី៨: បង្ហាញឲ្យស្គាល់អង្គការរបស់ព្រះ
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ គោលដៅក្នុងការដឹកនាំការសិក្សាព្រះគម្ពីរ មិនត្រឹមតែបង្រៀនពត៌មានខាងលទ្ធិសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបណ្ដាសិស្សព្រះគម្ពីរឲ្យទៅជាសមាជិកក្រុមជំនុំគ្រីស្ទានផងដែរ។ (សាក. ៨:២៣) សៀវភៅស្តើង ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? អាចជួយយើងឲ្យធ្វើយ៉ាងនេះបាន។ សូមជូនសៀវភៅស្តើងមួយទៅសិស្សព្រះគម្ពីរនីមួយៗ ហើយលើកទឹកចិត្តពួកគេឲ្យអានសៀវភៅនេះ។ ម្យ៉ាងទៀត សូមចំណាយពេលពីរបីនាទីរាល់សប្ដាហ៍នៅឯការសិក្សាដើម្បីប្រាប់អំពីអង្គការព្រះយេហូវ៉ា។
២ កិច្ចប្រជុំនៃក្រុមជំនុំ: របៀបសំខាន់បំផុតដែលនាំឲ្យសិស្សព្រះគម្ពីរអបអរនឹងអង្គការរបស់ព្រះគឺដោយចូលរួមជាមួយនឹងយើងនៅឯកិច្ចប្រជុំនៃក្រុមជំនុំ។ (១កូ. ១៤:២៤, ២៥) ហេតុដូច្នេះ អ្នកប្រហែលជានឹងអាចចាប់ផ្ដើមប្រាប់សិស្សព្រះគម្ពីរឲ្យដឹងអំពីកិច្ចប្រជុំដោយពណ៌នាអំពីកិច្ចប្រជុំប្រចាំសប្ដាហ៍ទាំងប្រាំ ម្ដងមួយៗ។ សូមប្រាប់ចំណងជើងនៃសុន្ទរកថាសាធារណៈបន្ទាប់។ សូមបង្ហាញសៀវភៅដែលត្រូវសិក្សានៅឯការសិក្សាទស្សនាវដ្ដីប៉មយាម និងការសិក្សាសៀវភៅតាមក្រុមជំនុំ។ សូមពណ៌នាអំពីសាលាកិច្ចបំរើព្រះធិបតេយ្យ និងការប្រជុំអប់រំកិច្ចបំរើ។ កាលណាអ្នកមានសុន្ទរកថានៅឯសាលា ប្រហែលជាអ្នកអាចធ្វើការហាត់សាកជាមួយនឹងពួកគេ។ សូមប្រាប់ចំណុចលេចធ្លោជាងគេដែលត្រូវបានថ្លែងនៅឯកិច្ចប្រជុំ។ សូមប្រើរូបភាពនៅក្នុងប្រកាសនវត្ថុរបស់យើងដើម្បីជួយពួកគេឲ្យមើលឃើញក្នុងគំនិតរបស់គេនូវអ្វីៗដែលកើតមានឡើង។ សូមអញ្ជើញពួកគេឲ្យចូលរួមកិច្ចប្រជុំតាំងពីការសិក្សាដំបូងនោះឯង។
៣ នៅពេលដែលបុណ្យរំឭក សន្និបាតនានា ទស្សនកិច្ចអ្នកត្រួតពិនិត្យតាមមណ្ឌលជិតមកដល់នោះ សូមយកពេលពីរបីនាទីដើម្បីពន្យល់និងបង្កើនការអបអរសាទរចំពោះសំវិធានការទាំងនេះ។ បន្ដិចម្ដងៗ សូមឆ្លើយនឹងសំនួរដូចជា: ហេតុអ្វីបានជាយើងមានឈ្មោះថាស្មរបន្ទាល់ព្រះយេហូវ៉ា? ហេតុអ្វីបានជាយើងហៅកន្លែងដែលយើងប្រជុំថាសាលព្រះរាជាណាចក្រ? តើពួកអ្នកចាស់ទុំនិងអ្នកងារជំនួយមានករណីយកិច្ចអ្វីខ្លះ? តើការផ្សព្វផ្សាយនិងតំបន់ផ្សាយត្រូវបានរៀបចំយ៉ាងណា? តើប្រកាសនវត្ថុរបស់យើងបានត្រូវផលិតយ៉ាងដូចម្ដេច? តើអង្គការមានការគាំទ្រខាងហិរញ្ញវត្ថុយ៉ាងដូចម្ដេច? តើការិយាល័យសាខានិងគណៈអភិបាលមានតួនាទីណាខ្លះក្នុងកិច្ចការត្រួតពិនិត្យ?
៤ កាសែតវីដេអូដែលបង្ហាត់បង្ហាញ: របៀបម្យ៉ាងទៀតដែលសិស្សព្រះគម្ពីរអាចមើលឃើញអង្គការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ានោះគឺតាមរយៈកាសែតវីដេអូរបស់យើង។ សូមប្រើកាសែតវីដេអូ រហូតដល់ចុងផែនដីបំផុត កាសែតវីដេអូភាតរភាពទាំងមូលរបស់យើង និងកាសែតវីដេអូ មានសាមគ្គីភាពដោយសារការបង្រៀនពីព្រះ។ ស្ត្រីម្នាក់ដែលបានទទួលទស្សនាវដ្ដីយើងនិងប្រកាសនវត្ថុឯទៀត៥ឆ្នាំមកហើយមានការរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកដោយសារកាសែតវីដេអូ ស្មរបន្ទាល់ព្រះយេហូវ៉ា អង្គការដែលគាំទ្រឈ្មោះនោះ។ គាត់បានបណ្ដុះបណ្ដាលឲ្យមានទំនុកចិត្តទៅលើស្មរបន្ទាល់ដែលបានមកលេងគាត់ ប៉ុន្តែក្រោយពីបានទស្សនាកាសែតវីដេអូ គាត់មានអារម្មណ៍ថាគាត់អាចទុកចិត្តអង្គការរបស់ព្រះផងដែរ។ គាត់ចាប់ផ្ដើមសិក្សាព្រះគម្ពីរ ហើយសប្ដាហ៍បន្ទាប់មកគាត់ចូលរួមកិច្ចប្រជុំនានានៅឯសាលព្រះរាជាណាចក្រ។
៥ ដោយចំណាយពេលពីរបីនាទីរៀងរាល់សប្ដាហ៍ជាមួយនឹងសិស្សរបស់យើងហើយប្រើប្រកាសនវត្ថុដែលមាននោះ យើងអាចនាំឲ្យបណ្ដាសិស្សព្រះគម្ពីរស្គាល់បន្ដិចម្ដងៗនូវអង្គការតែមួយគត់ដែលព្រះយេហូវ៉ាកំពុងប្រើប្រាស់សព្វថ្ងៃនេះ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ហេតុអ្វីបានជាប្រាប់អំពីអង្គការព្រះយេហូវ៉ារៀងរាល់សប្ដាហ៍នៅឯការសិក្សាព្រះគម្ពីរនោះនាំឲ្យមានប្រយោជន៍?
២. តើយើងអាចលើកទឹកចិត្តបណ្ដាសិស្សព្រះគម្ពីរឲ្យចូលរួមកិច្ចប្រជុំនានារបស់យើងបានយ៉ាងដូចម្ដេច?
៣. តើលក្ខណៈពិសេសអ្វីខ្លះរបស់អង្គការរបស់ព្រះដែលយើងអាចពិភាក្សា?
៤, ៥. តើកាសែតវីដេអូរបស់យើងបង្កើនការយល់ដឹងនិងកតញ្ញូធម៌ចំពោះអង្គការរបស់ព្រះយ៉ាងដូចម្ដេចដែរ?